ចាប់ពី​ឆ្នាំ2018ទៅ កម្មករ​កាត់ដេរ​នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន​ហើយ

ភ្នំពេញ៖ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី រួមមាន​ភាគី​ក្រសួង​ការងារ ភាគី​ក្រុម​សហជីព​តំណាង​កម្មករ និង​ភាគី​និយោជក (ថៅកែ) បាន​ជួបប្រជុំគ្នា​មួយ​ដើម្បី​ធ្វើការ​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការដំឡើង​ប្រាក់ខែ​ឱ្យ​កម្មករ-កម្មការិនី​កាត់ដេរ និង​ដេរ​ស្បែកជើង​សម្រាប់​ឆ្នាំ 2018ខាងមុខ។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​ដើម្បី​ពិភាក្សា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2018ខាងមុខនេះ ភាគីនីមួយៗនៃ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​បានដាក់​សំណើ​ចុងក្រោយ​របស់ខ្លួន ដោយ​ក្នុងនោះ​ភាគី​សហជីព​ស្នើសុំ 170ដុល្លារ ភាគី​និយោជក​ស្នើសុំ​ត្រឹម 162ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល​សម្របសម្រួល​ដល់ 165ដុល្លារ។

ប៉ុន្តែ​យ៉ាងណា​នោះ ក្រុមការងារ​បច្ចេកទេស​ទាំងបី​មិនទាន់​ឯកភាពគ្នា​ទាំងស្រុង​នៅឡើយ​ទេ ដោយ​គណៈកម្មការ​ប្រឹក្សា​ការងារ​នឹង​កោះប្រជុំ​នៅ​រសៀល​ថ្ងៃទី5 ខែតុលា ឆ្នាំ2017នេះ ម្ដងទៀត ដើម្បី​ប្រជុំ​ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ភាគីនីមួយៗនេះ។

សូមជម្រាបថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​កាត់ដេរ នៅក្នុង​តំបន់​សេដ្ឋកិច្ច​កាលពី​ម្សិលមិញ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​កាត់ដេរ​នៅ​ឆ្នាំ2018នឹង​ទទួលបាន​យ៉ាងតិច​ក្នុង​ចន្លោះ​ពី160-170 ដុល្លារ ហើយ​បើ​បូករួម​ទាំង​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗទៀតផង​នោះ កម្មករ​កាត់ដេរ​ម្នាក់ ៗនឹង​ទទួលបាន​ប្រាក់ខែ​លើសពី 200ដុល្លារ​ក្នុង​មួយខែ។

ក្នុង​គោលនយោបាយ​លើកកម្ពស់​ជីវភាព​កម្ម​ករ រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ជា​ស្ត្រី​ដែលមាន​ផ្ទៃពោះ​លើសពី3ខែ បានចេញ​មុន​ម៉ោង​ធ្វើការ​របស់ខ្លួន​យ៉ាងតិច15នាទី ដើម្បី​គាំពារ​សុខមាលភាព​កម្ម​ករ​និយោជិត​ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​ក្នុង​ផ្ទៃ។

ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាក​ឆ្លងទន្លេ​ក៏មាន​ប្រាក់ខែ120%រយៈពេល3ខែ​ផងដែរ។ ទោះជា​សម្រាលកូន​ក្នុង​ប្រព័ន្ធ ឬ​ក្រៅ​ប្រព័ន្ធ និង​ទោះបីជា​កូន​នោះ​កើត​រស់ ឬ​ស្លាប់​ក្ដី ក៏​នៅតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​គាំពារ​ដែរ។ ក្នុងនោះ​បើ​សម្រាលកូន​បាន​មួយ​នាក់​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ 40ម៉ឺន​រៀល កូនភ្លោះ​ពីរ​នាក់​ទទួលបាន80ម៉ឺន​រៀល និង​កូនភ្លោះ​បីនាក់​ទទួលបាន120ម៉ឺន​រៀល ដែល​ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី1 ខែមករា ឆ្នាំ2018ខាងមុខនេះ​តទៅ៕

Advertisement