កម្ពុជា​មានលទ្ធភាព​នាំ​គ្រឿង​សមុទ្រ​រាប់សិប​តោន​ទៅ​ក្រៅប្រទេស

ភ្នំពេញ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា កម្ពុជា​ហាក់​មាន​កង្វះខាត​ក្នុងការ​ផ្ត​ត់​ផ្គង់​គ្រឿង​សមុទ្រ នៅលើ​ទីផ្សារ​របស់​ខ្លូន​នៅឡើយ ពិសេស​នៅ​រដូវ​បុណ្យទានម្តងៗ តម្លៃ​គ្រឿង​សមុទ្រ​ឡើងថ្លៃ​ខ្ពស់ តែថ្មីៗនេះ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​ដែល​បង្ហាញថា កម្ពុជា​អាច​នាំ​គ្រឿង​សមុទ្រ​ទៅ​ក្រៅប្រទេស​រាប់សិប​តោន​ក្នុងមួយឆ្នាំ។

យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​កម្ពុជា​បាន​នាំចេញ​ផល​នេសាទ​សមុទ្រ​ទៅកាន់​ប្រទេស​ចិន សិង្ហ​បុរី ជប៉ុន​កូរ៉េខាងត្បូង​អូស្ត្រាលី សហរដ្ឋអាមេរិក ថៃឡង់​ដ៏ និង​វៀតណាម​ក្នុង​ចន្លោះ​ពី 25តោន ទៅ30ពាន់​តោន ហើយ​ជប៉ុន គឺជា​ប្រទេស​ដែល​នាំចូល​ពី​កម្ពុជា​ធំជាងគេ។ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS ដែល​ធ្វើ​បច្ចុប្បន្នភាព ដោយ​រាជរដ្ឋាភិបាល​កាលពីដើមឆ្នាំ 2014 វិស័យ​ជលផល​ត្រូវបាន​ចាត់ទុកជា​ផលិតផល​អាទិភាព ដែលមាន​សក្តានុពល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​ពិភពលោក ខណៈដែល​ប្រទេស​កម្ពុជា​កំពុងមាន​តម្រូវការ និង​នាំចូល​ពី​ប្រទេសជិតខាង​ទៀតផង។

ក្នុង​យុទ្ធសាស្ត្រ​នាំចេញ​ផល​នេសាទ​នេះ កាលពី​ថ្ងៃទី29 ម្សិលមិញ​នេះ នៅក្នុង​ទី​រួម​ខេត្តកំពត​ក្រសួងពាណិជ្ជកម្ម​បាន​បើក​សម្ភោ​ធ​ផ្សារ​រួម​ដំបូង​គេ​ជា​ផ្លូវការ​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ដើម្បី​បង្កើន​ចង្វាក់​តម្លៃ និង​ពង្រីក​ការនាំចេញ​ជលផល​សមុទ្រ​កម្ពុជា​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

ផ្សារ​រួម​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​ហិរញ្ញប្បទាន​របស់​គម្រោង​ជលផល​សមុទ្រ នៃ​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការនាំចេញ​កម្ពុជា (CEDEP II) ដំណាក់កាល​ទី2 ក្នុង​ទំហំ​ទឹកប្រាក់ 5,000ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ជា​អ្នកសម្របសម្រួល និង​អនុវត្ត​ដោយ​អភិវឌ្ឍន៍​វិស័យ​ឯកជន សហការ​ជាមួយ​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO)។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា វិស័យ​ជលផល​គឺជា​និមិត្តរូប​តំណាងឱ្យ​ប្រភព​ដ៏​សំខាន់​នៃ​រូបិយប័ណ្ណ​ជាតិ ដែល​បានផ្ដល់​ផលចំណេញ​ដល់​ប្រជា​នេសាទ និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង6លាន​នាក់។ ឯកឧត្តម​បាន​បន្តទៀតថា ផ្សារ​រួម​នេះ​នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​សេវាកម្ម និង​ផ្តល់ព័ត៌មាន​រវាង​អ្នកលក់ និង​អ្នកទិញ​ផល​នេសាទ​សមុទ្រ ជាពិសេស​ផ្តល់ឱកាស​ជូន​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ធ្វើការ​ដាក់លក់​ជលផល​សមុទ្រ ដើម្បី​បង្កើន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ “ខ្ញុំ​សូម​ជូនពរ​ឲ្យ​ដំណើរ​ការលក់​ក្នុង​ផ្សារ​រួម​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​បានជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជា​នេសាទ និង​សមាជិក​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា” ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍។

ទន្ទឹមគ្នានេះ ឯកឧត្តម ចាន់ ជេ​ស្តា ក៏បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ផ្សារ​រួម​នៃ​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា និង​បានបង្ហាញ​ជំនឿ​ថា ផ្សារ​រួម​នេះ​នឹង​ជួយ​បង្កើត​ការងារ និង​ប្រាក់ចំណូល​បន្ថែម​ជូន​ប្រជាជន ព្រមទាំង​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​នៅក្នុង​ខេត្តកំពត​ផងដែរ។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម និង​អង្គការ UNIDO ព្រមទាំង​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា ដែល​បាន​សហការ​បង្កើត​ឲ្យ​មាន​ផ្សារ​រួម​នេះ​ឡើង។

អ្នកសេដ្ឋកិច្ច​និយាយថា បច្ចុប្បន្ន​កម្ពុជា​កំពុងមាន​តម្រូវការ​គ្រឿង​សមុទ្រ​នៅលើ​ទីផ្សារ​ខ្លួន ដែល​រដ្ឋាភិបាល​គួរ​កាត់បន្ថយ​ការនាំចេញ និង​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក ចែកចាយ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ឱ្យមាន​ចំនួន​ច្រើនឡើង​ដើម្បី​កាត់បន្ថយ ការ​នាំចូល​គ្រឿង​សមុទ្រ​ពី​ក្រៅប្រទេស ដែល​មួយចំនួន​ជា​គ្រឿង​សមុទ្រ​អ​សុវត្ថិភាព​ទៀតផង៕

Advertisement