ចូលរួម​ត្រេកអរ!! ផ្លែស្វាយ​ខ្មែរ​នឹង​លែងមាន​បញ្ហា​ទីផ្សារ​ទៀតហើយ!

កន្លងមក​ប្រជាកសិករ​ក្នុង​ខេត្ដ​កំពត​ជាច្រើន មាន​ក្ដីបារម្ភ​ជាខ្លាំង​ចំពោះ​ទីផ្សារ​ផ្លែស្វាយ​ក្រោយពី​ប្រមូល​ផល​រួច ខ្លាច​មានការ​កកស្ទះ​ក្នុង​ការលក់​ចេញ ប៉ុន្ដែថ្មីៗនេះ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត​បានបង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​មួយ​ដែល​បញ្ជាក់ថា ប្រជាកសិករ​ដែល​និយម​ដាំ​ដុះ​ដំណាំ​ស្វាយ​ក្នុង​ខេត្ដ​កំពត និង​ទូទាំងប្រទេស​នឹង​លែង​ជួប​បញ្ហា​រឿង​ទីផ្សារ​ទៀតហើយ។

លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ  បានលើកឡើង​ដោយ​ទទួលស្គាល់ថា កន្លងមក​ផ្លែស្វាយ​របស់​ប្រជាកសិករ​នៅ​ខេត្ដ​កំពត​ពិត​ធ្លាប់​ជួប​បញ្ហា​ទីផ្សារ​មែន ពិសេស​នៅពេល​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម។ ដូច្នេះហើយ​ទើប​សភាពាណិជ្ជកម្ម​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់​ចំពោះ​បញ្ហា​នេះ​ដោយបាន​រិះរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ទីផ្សារ​ជា​រឿង​សំខាន់បំផុត​សម្រាប់​ប្រជាកសិករ​ក្រោយពេល​ប្រមូល​ផល។ អ្វីដែល​បង្ក​ជា​ភាព​រាំងស្ទះ គឺ​ដោយសារតែ​ភាគី​វៀតណាម​សំអាង​លើ​របាំង​បច្ចេកទេស​នៃ​ការដាំដុះ ដូចជា​ការត្រួតពិនិត្យ​លើ​អនាម័យ​ជាដើម។

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ បាន​សង្កត់ធ្ងន់ថា៖« ដូច្នេះហើយ​ទើប​យើង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រៀបចំ​ឱ្យមាន​ការអប់រំ​ដល់​ប្រជាកសិករ​ឱ្យ​ងាក​មក​ដាំ​ដុះ​កសិផល ពិសេស​ដំណាំ​ស្វាយ​ដោយ​ប្រើ​ជីសរីរាង្គ​វិញ  ព្រោះ​សភាពាណិជ្ជកម្ម​ជា​អ្នកទទួលខុសត្រូវ​លើ​ទីផ្សារ ប្រសិនបើ​យើង​មិន​ចែករំលែក​ចំណេះដឹង​នេះ​ដល់​ប្រជាកសិករ​ទេ គាត់​នឹង​នៅតែ​បន្ដ​ប្រើ​ជីគីមី វា​នឹង​ធ្វើឱ្យ​ខូច​ទីផ្សារ​ផ្លែស្វាយ​របស់​យើង ព្រោះ​ផ្លែស្វាយ​របស់​យើង​មាន​ភាពល្បីល្បាញ​ណាស់​នៅ​ប្រទេស​ចិន ព្រោះ​ប្រជាជន​ចិន​មានការ​ពេញនិយម​ក្នុងការ​ទទួលទាន​ច្រើន»។

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ បាន​បន្ដទៀតថា ផ្លែស្វាយ​កន្លងមក​ត្រូវ​នាំចេញ​តាម​ច្រករបៀង ប៉ុន្ដែ​យើង​បាន​ជជែក​ជាមួយ​ភាគី​វៀតណាម​រួចរាល់​ហើយ ដើម្បី​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​អន្ដរជាតិ។ ជាងនេះទៅទៀត យើង​ក៏​កំពុងតែ​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​ដើម្បី​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ប្រទេស​ចិន​ផ្ទាល់​ទៀតផង ប្រសិនបើ​ផែនការ​នេះ​ធ្វើទៅបាន​ជោគជ័យ យើង​ជឿថា​ផ្លែស្វាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នឹង​ផ្គត់​ផ្គត់​ទៅ​ប្រទេស​ចិន​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ​ត្រូវ​បន្ត​បន្ថែម​ការដាំដុះ​ឡើង​ទៀត។

បច្ចុប្បន្ន​នៅក្នុង​ក្របខ័ណ្ឌ​ខេត្ដ​ទាំងមូល​មាន​ប្រជាកសិករ​ដាំ​ដុះ​ដំណាំ​ស្វាយ​លើ​ផ្ទៃដី​ក្នុង​រង្វង់6ពាន់​ហិកតា បច្ចុប្បន្ន​ផ្លែស្វាយ​កំពុងតែ​ក្លាយជា​ផ្លែឈើ​ពេញនិយម​សម្រាប់​ឈ្មួញ​វៀតណាម​ចុះមក​ប្រមូល​ទិញ​តាម​ចម្ការ​ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម។ ប្រភេទ​ស្វាយ​ដែល​ពេញនិយម​ជាងគេ គឺ​ស្វាយកែវ​រមៀត ដោយ​ក្នុងនោះ​វៀតណាម​ជា​អ្នកទទួលបន្ទុក​លើ​បច្ចេកទេស​ក្នុងការ​បេះ វេច​ខ្ចប់ និង​ដឹកជញ្ជូន​ដោយ​ខ្លួនឯង​ដោយ​ផ្ដល់​តម្លៃ​ឱ្យ កសិករ​កម្ពុជា​ក្នុង1គីឡូ​មានតម្លៃ1800រៀល។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា ហាក់ សុ​វណ្ណា  បាន​បញ្ជាក់ថា នៅពេល​ខាងមុខឆាប់ៗនេះ កសិករ​ដែល​និយម​ដាំ​ដំណាំ​ស្វាយ​ទូទាំងប្រទេស​នឹង​លែងមាន​ការព្រួយបារម្ភ​លើ​បញ្ហា​ទីផ្សារ​ទៀតហើយ​ក្រោយពី​កសិករ​អនុវត្ដ​តាម​បទដ្ឋាន​របស់​មន្ទីរ​ក​សិ​កម្ម​ណែនាំ​ក្នុង​ការពង្រឹង​បច្ចេកទេស​ដាំ​ដុះ ព្រោះ​វា​នឹង​កាន់តែ​បើកទូលាយ​ទីផ្សារ​នៅក្រៅ​ប្រទេស​បន្ថែមទៀត។

លោក​ឧកញ៉ា​បញ្ជាក់បន្ថែម​ថា៖«បច្ចុប្បន្ន​ក្រុមហ៊ុន​ក្នុងស្រុក​បានសម្រេច​សាងសង់​ឃ្លាំង​ត្រជាក់ និង​ឃ្លាំង​សម្រាប់​កែច្នៃ​ផ្លែស្វាយ ក្នុងករណី​ដែល​ផ្លែស្វាយ​មិនជា​ប់​ចំណាត់ថ្នាក់​ក្នុងការ​នាំចេញ យើង​នឹង​យកមក​កែច្នៃ​ធ្វើជា​ដំណាប់​ស្វាយ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំ​ចេញទៅ​បរទេស ឃ្លាំង​នេះ​មាន​ទីតាំងនៅ​ខេត្ដ​កំពង់ស្ពឺ។ នៅ​ឆ្នាំ2018 នឹងមាន​ក្រុមហ៊ុន​ក្នុងស្រុក​ផ្សេងទៀត​បង្កើត​ឃ្លាំង​ប្រភេទ​នេះ​បន្ថែមទៀត។ នៅពេល​យើង​មាន​ឃ្លាំង​ទាំងនោះ​ហើយ វា​នឹង​ក្លាយជា​ក្ដីសង្ឃឹម​របស់​កសិករ​យើង ព្រោះ​បើ​សរុប​ផ្ទៃដី​នៃ​ការដាំដុះ​ស្វាយ​ទូទាំងប្រទេស​របស់​កសិក​រ​យើង​មាន​ក្នុង​រង្វង់​ជិត1លាន​ហិកតា​ឯណោះ ដូច្នេះ​យើង​ត្រូវតែ​យក​ចិ​ត្ដ​ទុក​លើ​បញ្ហា​នេះ​ឱ្យបាន​ហ្មត់ចត់»៕

Advertisement