ដល់​ពេលដែល​ប្រទេស​អាស៊ាន​បើក​របាំង​ពន្ធគយ​ហើយ

ភ្នំពេញ៖ មកទល់​ឆ្នាំ2017នេះ ការងារ​ក្នុងប្រទេស​អាស៊ាន​កាន់តែ​មាន​ភាព​វិ​វ​ឌ្ឍ​ទៅមុខ​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​ប្រទេស​ជា​សមាជិក​អាស៊ាន​បានរួម​ឯកភាពគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​លើកលែង​ពន្ធ​ដល់​គ្នា​ទៅវិញទៅមក។ តើ​មាន​ប្រទេស​ណាខ្លះ​ហើយ ដែល​បាន​លើកលែង​ពន្ធ​នាំចេញ​នាំចូល​នេះ?

នៅ​ខែកញ្ញា ឆ្នាំ2017 កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​ទី49បានធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ា​សៃ ប្រទេស​ហ្វីលីពីន រួមមាន​តំណាង​ប្រតិភូ​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាមួយនឹង​ដៃគូ​ពិភាក្សា​របស់​អាស៊ាន​រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋ​កូរ៉េ នូ​វែ​ល​ហ្សេ​ឡង់ រុស្សី និង​សហរដ្ឋអាមេរិក។

កិច្ចប្រជុំ​នេះ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដោយ​ប្រទេស​ក្នុង​អាស៊ាន​បានរួម​គ្នា​លើកលែង​របាំង​ពន្ធ​ស្ទើរតែ 100% ទៅហើយ ដោយ​ក្នុងនោះ​ការលុបចោល​របាំង​ពន្ធគយ​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​លើ​ទំនិញ បាន​បង្ហាញថា ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ (ASEAN 6) បាន​លុបចោល 99.2% នៃ​បន្ទាត់​ពន្ធគយ។ ដោយឡែក​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) បាន​លុបបំបាត់​នូវ 90.9% នៃ​បន្ទាត់​ពន្ធគយ​សរុប​ដែល​គិត​ជា​មធ្យម​មាន96.01នៃ​បន្ទាត់​ពន្ធគយ​សរុប​ត្រូវបាន​លុបបំបាត់​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន។

ជាមួយ​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កាណាដា រួមបញ្ចូល​កិច្ចពិភាក្សា​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-កាណាដា (6th AEM-Canada Consultations including Dialogue with Canada – ASEAN Business Council (CABC)៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ស្វាគមន៍​ចំពោះ​ការបញ្ចប់​នូវ​ការសិក្សា​បឋម​រួម​ក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន-កាណាដា។ ក្រៅពីនោះ​ផងដែរ រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​កត់សម្គាល់​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ 2016-2020 ក្នុងការ​អនុវត្ត​សេចក្ដីប្រកាស​រួម​ស្ដីពី​ពាណិជ្ជកម្ម និង​វិនិយោគ​អាស៊ាន-កាណាដា ដែលមាន​គោលបំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី និង​គាំទ្រ​ដល់​កិច្ច​ផ្ដួចផ្ដើមផ្សេងៗដោយ​វិស័យ​ឯកជន។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លើក​ទី16 (16th AEM-MOFCOM (China) Consultations) កន្លងទៅ​បានបង្ហាញ​ឱ្យដឹងថា ពាណិជ្ជកម្ម​លើ​ទំនិញ​រវាង​អាស៊ាន និង​ចិន​មានតម្លៃ 368 ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2016 ស្មើនឹង 16.5% នៃ​ទំហំ​ពាណិជ្ជកម្ម​លើ​ទំនិញ​សរុប​របស់​អាស៊ាន។ ចំណែក​លំហូរ​វិនិយោគ​ដោយផ្ទាល់​ពី​បរទេស(FDI) ពី​ប្រទេស​ចិន​មក​អាស៊ាន មានតម្លៃ 9.2ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ2016 ស្មើនឹង 9.5% នៃ​លំហូរ​សរុប​របស់​អាស៊ាន៕

Advertisement