ក្រសួង​ការងារ​បន្ត​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល ខណៈ​សហជីព​កំណត់​ប្រាក់ខែ​ថ្មី​សម្រាប់​ឆ្នាំ2018

ភ្នំពេញៈ ជាថ្មី​ម្តងទៀត ក្រុមបច្ចេកទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានរៀបចំ​ប្រជុំពិភាក្សា​ត្រីភាគី​មួយ​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ខណៈ​ក្រុម​សហជីព​បាន​ឯកភាពគ្នា​កំណត់​ប្រាក់ខែ​អប្ប​បរិ​មា​ចំនួន176.25ដុល្លារ​សម្រាប់​ឆ្នាំ2018ខាងមុខ។

លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ និង​មានការ​ចូលរួម​ពី​ភាគី​កម្មករនិយោជិត ភាគី​និយោជក និង​ភាគី​រដ្ឋាភិបាល​ផង​នោះ ភាគីនីមួយៗបាន​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ2018ឲ្យ​បាន​សមស្រប​នឹង​គ្រប់​ជ្រុងជ្រោយ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ដើម្បី​ផ្តល់​ជា​មូលដ្ឋាន​ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រាប់ធ្វើ​ការប្រជុំ​សម្រេច និង​ធ្វើ​របាយការណ៍​លទ្ធផល​ជូន​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ និង​អនុវត្ត​ភារកិច្ចផ្សេងៗទៀត​តាម​ការ​ប្រគល់ឱ្យ​របស់​ឯកឧត្តម​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ។

ការពិភាក្សា​ត្រូវ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម និង​លក្ខណៈវិនិច្ឆ័យ​សេដ្ឋកិច្ច និង​ត្រូវបាន​យកមក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​ការងារ​ដើម្បី​ពិនិត្យ​សម្រេច ដោយ​ផ្អែកលើ​កត្តា​កំណើនសេដ្ឋកិច្ច​ជាង7ភាគរយ​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ និង​បន្ត​កំណើនសេដ្ឋកិច្ច​ទៅ​ឆ្នាំ​ខាងមុខ​ទៀត។

កាលពី​ថ្ងៃទី24 ខែកញ្ញា​កន្លងទៅថ្មីៗនេះ ក្រុម​សហជីព​បាន​ប្រជុំ និង​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ គឺ​សម្រេចយក​តួលេខ176.25ដុល្លា​អាមេរិក​សម្រាប់​ដាក់​ចរ​ចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។

លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែងថា ការដំឡើង​ប្រាក់ខែ​អប្បបរមា​ជា​រៀងរាល់ឆ្នាំ​របស់​កម្ពុជា​បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ភាព​ប្រកួតប្រជែង​កាន់តែខ្លាំង ហើយ​ទោះបីជា​មានការ​បង្កើន​ការដំឡើង​ប្រាក់ខែ​ក្តី ប៉ុន្តែ​ផលិតភាព​របស់​កម្មក​រ​ក្នុង​វិស័យនេះ​មិនបាន​កើនឡើង​នោះទេ។

ទោះជា​យ៉ាងណា​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ទោះបីជា​មានការ​បង្កើន​ប្រាក់ខែ​អប្បបរមា​មែន ក៏ប៉ុន្តែ​ការលើកលែង​ពន្ធ​រយៈពេល9ឆ្នាំ​របស់​រដ្ឋាភិបាល​លើ​ការវិនិយោគ​របស់​រោង​ចក្រថ្មីៗគឺជា​ការលើកទឹកចិត្ត និង​ជាការ​ប៉ះប៉ូវ​លើ​ការដំឡើង​ប្រាក់​ឈ្នូ​ល​អប្បបរមា​នេះ និង​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​គួរ​បង្ក​បរិយាកាស​ល្អប្រសើរ​បន្ថែមទៀត​ដល់​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​ដែល​បាន​វិនិយោគ​ជា​យូរ​មកហើយ​នៅ​កម្ពុជា​ផងដែរ។

ទាក់ទង​នឹង​ផលិតភាព​វិញ លោក ង៉ែត ជូ បាន​ថ្លែងថា ពិតណាស់​ផលិតភាព​នៅ​កម្ពុជា​នៅមានកម្រិត​ទាប​មែន ដែល​វា​ទាមទារ​ឲ្យ​អ្នកវិនិយោគ​បង្កើន​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​បន្ថែមទៀត ដើម្បី​ជំរុញ​ការបង្កើន​ផលិតភាព​ក្នុង​វិស័យ​មួយ​នេះ៕

Advertisement