2018 កម្ពុជា-ថៃ អាចធ្វើ​ដំណើរ​ទៅមក​តាម​រថភ្លើង​បាន​ហើយ

ភ្នំពេញ៖ ក្នុងជំនួប​ទ្វេភាគី​ដ៍​កម្រ​មួយ រវាង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​កម្ពុជា និង​ប្រតិភូ​ភាគី​រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ​ថៃ ក្នុងនោះ​ភាគី​ទាំងពី​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ក្នុង​ការតភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ និង​ការចាប់ផ្តើម​សាងសង់​ស្ពាន​ស្ទឹង​បត់-នង ដើម្បី​អាចធ្វើ​ដំណើរ​តាមផ្លូវ​ដែក​បាន​នៅ​ឆ្នាំ2018ខាងមុខ។

ក្នុងជំនួប​ជា​ផ្លូវការ​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​ក្តី​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​រដ្ឋមន្ត្រី​ថៃ​ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ជាមួយគ្នានេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ​បន្ថែម​ទៀត​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​បានបញ្ចប់ និង​កំពុង​ដំណើរ​ដែល​ក្រសួង​ទាំងពីរ​បាន​នឹង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា។

ឯកឧត្តម​រដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​ពិភាក្សា​លើ​ការបញ្ចប់​អនុស្សរណៈ​យោគយល់​ស្តីពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន និង​ការសាងសង់​ស្ថានីយ​រថភ្លើង​ថ្មី​ដែលមាន​ទីតាំង​ជា​យុទ្ធសាស្ត្រ​នៅតាម​ព្រំដែន​ដែល​ត្រូវបាន​ស្នើឡើង ទាក់ទង​នឹង​របៀបវារៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ដែល​ខាង​ប្រទេស​ថៃ​បាន​បរិច្ចាគ​ដល់​កម្ពុជា​នូវ​ក្បាលរថភ្លើង ដឹក​អ្នកដំណើរ​ដើរ​ដោយ​ប្រេងម៉ាស៊ូត។

ចំណុច​ផ្សេងទៀត​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​រួមមាន ការជូនដំណឹង​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អំពី​ការចាប់ផ្តើម​សាងសង់​ស្ពាន​ស្ទឹង​បត់-នង ដោយ​ការបុក​បង្គោល​គ្រឹះ នៅ​ខាង​ព្រំដែន​របស់​ភាគី​ថៃ និង​នាយករដ្ឋមន្ត្រី​ថៃ​មានបំណង​ស្នើសុំ​បង្កើត​សេវា​ឡានក្រុង​តាម​បណ្តោយ​ច្រករបៀង ទីក្រុង​បាងកក-ភ្នំពេញ-ហូជីមិញ។

ឯកឧត្តម​រដ្ឋមន្ដ្រី​ទាំង​ពីររូប បាន​យល់ព្រម​ជួបពិភាក្សា​ការងារ​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 ដើម្បី​បញ្ចប់​អនុស្សរណៈ​នៃ​ការយោគយល់​ឱ្យបាន​ចប់សព្វគ្រប់ និង​គម្រោង​សាងសង់​ស្ពាន​ស្ទឹង​បត់-នង។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុ​ជាមាន​ផ្លូវដែក​ចំនួន2ខ្សែ ទី1ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ព្រំដែន​កម្ពុជា-ថៃ មាន​ប្រវែង386គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ចន្លោះ​ពី​ឆ្នាំ1929 ដល់​ឆ្នាំ1942 និង​ខ្សែ​ទី2 ចេញពី​ភ្នំពេញ​ទៅ​កំពង់ផែ​សមុទ្រ​ក្រុងព្រះសីហនុ មាន​ចម្ងាយ​សរុប 266គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ពី​ឆ្នាំ 1960 ដល់​ឆ្នាំ1969៕

Advertisement