រដ្ឋាករទឹក​ប្រកាស​ឱ្យ​ពលរដ្ឋ​ទៅ​ដក​ប្រាក់​វិញ​នៅ​ថ្ងៃទី04 ខែកញ្ញា​នេះ

ភ្នំពេញ៖ បន្ទាប់ពី​មានការ​ស្នើ​សុំឱ្យ​សង​ប្រាក់​ដែល​ទូទាត់​លើស​ដល់​ប្រជាពលរដ្ឋ​វិញ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានប្រកាស​ជូនដំណឹង​ឱ្យ​សាធារណជន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល អាច​យក​វិក្កយបត្រ​ទៅ​ដក​ប្រាក់​វិញ​បាន​ហើយ​នៅ​ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017នេះ។

ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ខាងលើ​ឱ្យដឹងថា រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ​នឹងធ្វើ​ការទូទាត់​សង​ប្រាក់​លម្អៀង​លើស​ជូន​អតិថិជន​វិញ​ចាប់ពី​ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017នេះ​តទៅ​នៅតាម​បញ្ជរ​បេឡា​ទាំងអស់​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ម៉ោង08.00 ដល់​ម៉ោង 16.00 ដោយ​មិន​មានការ​សម្រាក​ពេល​ថ្ងៃត្រង់​ឡើយ។

សម្រាប់​លក្ខខណ្ឌ និង​ឯកសារផ្សេងៗដែល​សាធារណជន​អាច​យកទៅ​ដក​ប្រាក់​សំណង​វិញ​បាន​នេះ​គឺ ត្រូវ​ភ្ជាប់​ជាមួយ​នូវ៖

  1. វិក្កយបត្រ​បង់ប្រាក់​ថ្លៃ​ទឹក​ថ្មី(ក្រោយពី​មានការ​កែសម្រួល​តាម​កា​រ​គណនា​ចាស់)

2.សក្ខី​ប​ត្រ​ដែល​នឹង​ចែកជូន​ដោយ​ភ្នាក់ងារ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ។

ពាក់ព័ន្ធ​ករណីនេះ​អ្នកនាង សន សុភ​ក្ត្រ អាជីវករ​បោក​សម្លៀកបំពាក់​ខ្នាតតូច​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា កន្លងមក​ក្នុង​មួយខែ​អ្នកនាង​ចំណាយ​ថ្លៃ​ទឹក​អស់​ប្រមាណ​ជា4 ទៅ5ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់ពី​ប្រើ​រូបមន្ត​គណនា​ថ្មី​កាលពី​ខែ​មុននេះ ស្រាប់តែ​តម្លៃ​ទឹក​ប្រើប្រាស់​ត្រូវ​ចំណាយ​ទ្វេដង គឺ​ឡើង​ជិត​ដល់8ម៉ឺន​រៀល​ឯណោះ​ក្នុង​មួយខែ។ ករណីនេះ​អ្នកនាង សុភ​ក្ត្រ នឹង​ទៅ​ទូទាត់​យកប្រាក់​សំណង​វិញ​នៅថ្ងៃនេះ​ដែរ។

មហាជន​ទូទៅ​បានធ្វើ​ការរិះគន់​ខ្លះ​ដែរ​ថា នេះ​ជា​កំហុស​ដោយ​ចេតនា​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដូច្នេះ​គួរតែ​ធ្វើការ​ផ្តល់​សំណង​ទៅតាម​ផ្ទះ​របស់គាត់នីមួយៗវិញ​ដោយសារ​ពួកគាត់​ជាប់រវល់​ការងារ​ច្រើន និង​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​ទៅ​ទូទាត់​ប្រាក់​សំណង​ពី​រដ្ឋាករទឹក​នេះ។

សូមជម្រាបថា សម្រាប់​ព័ត៌មានផ្សេងៗពាក់ព័ន្ធ​នឹង​ការទូទាត់​សំណង​នូវ​ទឹកប្រាក់​ដែល​បាន​បង់​លើស​នេះ រដ្ឋាករទឹក​ក៏បានផ្តល់​លេខ​ទូរស័ព្ទ 023 430 541 ដើម្បីឱ្យ​អតិថិជន​ធ្វើការ​ទំនាក់ទំនង​សាកសួរ ឬ​អាច​ទៅ​សាកសួរ​ដោយផ្ទាល់​បាន​នៅតាម​បញ្ជរ​បេឡា​ទទួល​ប្រាក់​ណាមួយ​របស់​រដ្ឋាក​រ​ទឹកបាន​រៀងរាល់​ម៉ោង​ធ្វើការ៕

Advertisement