តើ​ប្រាក់ខែ​កម្មករ​នៅ​ប្រទេស​កម្ពុជា​ឈរ​លំដាប់​ទី​ប៉ុន្មាន​នៅ​តំបន់​អាស៊ី?

ភ្នំពេញ៖ សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វីលីពីន​ត្រូវគេ​ដឹងថា ជា​ប្រទេស​ដែលមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ក្នុងនោះ​ប្រាក់ខែ​ជា​មធ្យម​នៅ​ប្រទេស​សិង្ហ​បុរី​មាន​ចំនួន 747 ដុល្លារ​ក្នុង​មួយខែ​កាលពី​ឆ្នាំ2016 ខណៈដែល​ប្រាក់​ខែម​ធ​ម្យ​កម្ពុជា​បានត្រឹមតែ 140ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។

ប្រសិនបើ​អ្នកមាន​គម្រោង​ផ្លាស់​ទីលំនៅ​ទៅ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ស្វែងរក​ការងារ​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់ រស់នៅ​សមរម្យ​នោះ សូម​មើល​តារាង​ប្រាក់ខែ​អប្បបរមា​រវាង​ប្រទេសនីមួយៗដូចតទៅ៖

1. ប្រទេស​វៀតណាម​ប្រាក់ខែ​ជា​មធ្យម 131ដុល្លារ​ក្នុង​មួយខែ
2. ប្រទេស​ម៉ាឡេស៊ី​បាន​ប្រមាណ​ជា 236ដុល្លារ​ក្នុង​មួយខែ
3. ប្រទេស​ថៃ​ប្រហែល 189ដុល្លារ​ក្នុង​មួយខែ
4. ប្រទេស​ហ្វីលីពីន​ទទួលបាន 318ដុល្លារ​ក្នុង​មួយខែ
5. ប្រទេស​កម្ពុជា​ទទួលបាន 140ដុល្លារ​ក្នុង​មួយខែ
6. ប្រទេស​មី​យ៉ាន់​ម៉ា 61.6ដុល្លារ​ក្នុង​មួយខែ
7. ប្រទេស​ឡាវ 110ដុល្លារ​ក្នុង​មួយខែ
8. ប្រទេស​ឥណ្ឌូនេស៊ី​បាន 145ដុល្លារ​ក្នុង​មួយខែ
9. ប្រទេស​សិង្ហ​បុរី​ទទួលបាន​ចំណូល 747ដុល្លារ​ក្នុង​មួយខែ។

តែ​យ៉ាងណា​នោះ យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ(ILO) បានឱ្យដឹង​ដែរ​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​បាន​កើន​លើសពី​កម្រិត​នៅ​ប្រទេស​មួយចំនួន​គួរឱ្យកត់សម្គាល់។ ជាពិសេស​នៅ​ឆ្នាំ 2018 ប្រសិនបើ​បាន​ដូច​ការប្រកាស​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​មែន គឺ​កម្មករ​ទទួលបាន168ដុល្លារ​ក្នុង​មួយខែ ហើយ​បើ​បូក​បញ្ចូល​ការចំណាយ​របស់​និយោជក​ទៅលើ​វត្តមាន​ធ្វើការ​ទៀងទាត់(10ដុល្លារ) និង​ការឧបត្ថម្ភ​សោហ៊ុយ​ធ្វើដំណើរ (7ដុល្លារ) ទៀតផង​នោះ នៅ​ឆ្នាំ2018 កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន185ដុល្លារ​ក្នុង​មួយខែ ខណៈ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស និង​ស្រ៊ី​លង្កា មាន​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​មិន​ដល់100ដុល្លារ​ផង​ក្នុង​មួយខែ​ផង ។ សូម​មើល​ក្រាហ្វិក​ខាងក្រោម៖

គួរ​បញ្ជាក់ថា នៅ​ប្រទេស​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​មាន​ប្រាក់ខែ​អប្បបរមា​ថ្នាក់​តំបន់ តែ​ខុសគ្នា​ខ្លាំង​រវាង​ខេត្ត​ក្រីក្រ និង​រដ្ឋធានី។ ចំណែក​នៅក្នុង​ប្រទេស​ថៃ​ប្រាក់ខែ​អប្បបរមា​នៅ​ឆ្នាំ 2016 ដែល​ទិន្នន័យ​នៅលើ​តារាង​ត្រូវបាន​ផ្អែកលើ​អតីត​តម្លៃ​ឈ្នួល​របស់​ថៃ​ចំនួន 300 នាក់​ក្នុង​មួយថ្ងៃ​ដោយ​ជួល​កម្មករ​ម្នាក់​ធ្វើការ 22 ថ្ងៃ​ក្នុង​មួយខែ។

នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី​មាន​វិស័យសេដ្ឋកិច្ច​តិចតួច​ប៉ុណ្ណោះ​ដែលមាន​ប្រាក់កម្រៃ​អប្បបរមា​ទៀងទាត់​ដូចជា ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ និង​ស្បែកជើង​ជាដើម៕

Advertisement