កម្ពុ​ជាមាន​រថយន្ត​ចល័ត​ពិនិត្យ​គុណភាព​សាំង​តាម​ស្ថានីយ​ជា​លើកដំបូង

ភ្នំពេញ៖ ដើម្បី​ចៀស​វា​ការបន្លំ​គុណភាព​ពី​សាំង​ធម្មតា តែ​កុហក​អតិថិជន​ថា​ជា​សាំង​ស៊ុប​ពែរ​នោះ ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី31 ខែសីហា​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មន្ទីរ​ពិសោធ​ចល័ត (Mobile Lab) ផ្នែក​ប្រេងឥន្ធនៈ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ដើម្បី​ចៀសវាង​កុំឱ្យ​ឈ្មួញ​អ្នកលក់​សាំង​បន្លំ​អតិថិជន។

ការដាក់​ឱ្យប្រើ​មន្ទីរ​ពិសោធ​ចល័ត​ដ៏​ទំនើប​ដែល​អាច​ត្រួតពិនិត្យ​គុណភាព​សាំង ឬ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​ទូទាំងប្រទេស​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​រកឃើញថា មាន​ស្ថានីយ​មួយ​នៅ​រាជធានី​ភ្នំពេញ​បន្លំ​អតិថិជន​ដោយ​ចាក់​សាំង​ធម្មតា​ឱ្យ តែ​ប្រាប់ថា​ជា​សាំង​ស៊ុប​ពែរ និង​លក់​ក្នុងតម្លៃ​ថ្លៃ​ជាង​ប្រហែល200រៀល។

រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​នេះ​ម៉ាក​Ford ជា​ម៉ូ​ដែល​ឆ្នាំ2016 មានតម្លៃ​ប្រមាណ​ជា152,982.49 ដុល្លារ​អាមេរិក ហើយ​គឺជា​រថយន្ត​ទី2 បន្ទាប់ពី​រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ទី1ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ​កាលពី​ចុងឆ្នាំ 2016កន្លងទៅ។

នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា ការដាក់​ដំណើរការ​រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​នេះ គឺជា​ការបង្ហាញ​ពី​ការគិតគូរ យកចិត្តទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងនាម​ជា​អាជ្ញាធរ​ដែលមាន​បេសកកម្ម និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ-អាហរ័ណ និង​បង្ក្រាប​អំពើ​ក្លែងបន្លំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ឯកឧត្តម​បន្តថា រថយន្ត​នេះ​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​កាំកុងត្រូល​ក្នុង​ការចុះ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ ឬ​ដេប៉ូ​ចែកចាយ​នៅក្នុង​រាជធានី និង​តំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះ​វា​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប ដែល​អាច​វិភាគរ​កនូវ​ប៉ារ៉ាម៉ែត្រ​នៃ​ផលិតផល​ទំនិញ​ជា​ប្រេងឥន្ធនៈ​ទាំង​ផ្នែក​គុណភាព និង​បរិមាណ។

សូមបញ្ជាក់ថា បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​ថ្ងៃនេះ  មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ចុះ​ត្រួតពិនិត្យ​គុណភាព​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ​ដូចជា ប្រេងម៉ាស៊ូត ប្រេងសាំង (ស៊ុប​ពែរ និង​សាំង​ធម្មតា) និង​ប្រេងម៉ាស៊ីន​នៅតាម​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទូទាំងប្រទេស សំដៅ​ធានា​ភាពជឿជាក់​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ទំនិញ​ជា​ប្រេងឥន្ធនៈ​ប្រកបដោយ​គុណភាព និង​មាន​បរិមាណ​ត្រឹមត្រូវ ព្រមទាំង​ធានា​នូវ​ការធ្វើ​ធុរកិច្ច​ប្រកបដោយ​សមធម៌ និង​រក្សា​សណ្តាប់ធ្នាប់​ទីផ្សារ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៕

Advertisement