ការជួសជុល​រថយន្ត​នៅតាម​យានដ្ឋាន​គ្មាន​ស្តង់ដារ បង្ក​ហានិភ័យ​ខ្ពស់

ភ្នំពេញៈ ការយក​រថយន្ត​ទៅ​ជួសជុល​នៅតាម​យានដ្ឋាន​គ្មាន​ស្តង់ដា​នឹង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​អ្នកបើកបរ និង​ម្ចាស់​រថយន្ត​នានា​ក្នុងករណី​ដែល​ពួកគេ​ជួសជុល​មិនបាន​ត្រឹមត្រូវ។ នេះ​បើតាម​ការលើកឡើង​ពី​អ្នកជំនាញ​នានា។

អគ្គនាយក​ក្រុមហ៊ុន Great Wall Cambodia លោក ពាង ម៉ាន់ ដែល​បាន​នាំចូល​រថយន្ត​មកពី​ប្រទេស​ចិន​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី8 កញ្ញា​នេះ​ថា ជាង​ជួសជុល​រថយន្ត​នៅតាម​យានដ្ឋាន​ជួសជុល​រថយន្តថ្មីៗភាគច្រើន​មិនមាន​ចំណេះដឹង​តាម​ទាន់​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា និង​គ្រឿង Software របស់​រថយន្តទំនើបៗទាំង​នោះទេ ដោយសារ​ការ​ពិនិត្យមើល​រថយន្ត​បច្ចុប្បន្ន​សុទ្ធតែ​ធ្វើឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​គោល​ទាំងអស់។ ហេតុនេះ​ប្រសិនជា​ការយល់ដឹង​របស់​គាត់​មាន​កម្រិត និង​មិន​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ពួកគាត់​មិនអាច​ជួសជុល​រថយន្តទំនើបៗបានទេ។

លោក​បន្តថា “ជាង​ទាំងនោះ​អាច​ជួសជុល​គ្រឿង​ក្រោម​បាន ប៉ុន្តែ​លក្ខណៈ​បច្ចេកទេស​យានយន្ត ពួកគេ​មិនសូវ​យល់ដឹង​នោះទេ ប៉ុន្តែ​បើជា​ង​ដែលមាន​បទពិសោធ​ចាប់ពី10ឆ្នាំ​ឡើងទៅ ពួកគេ​មាន​ជំនាញ​ច្បាស់លាស់​ហើយ។ លោក​បន្តថា “ជាង​ជួសជុល​រថយន្ត​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ ពួកគេ​មាន​សមត្ថភាព​ខ្លាំង​ជាង​បើ​ធៀប​នឹង​ជាង​ជួសជុល​ជា​ជនជាតិ​បរទេស​ផង ដោយសារ​នៅ​ស្រុក​ខ្មែរ​មាន​រថយន្ត​ច្រើន​ប្រភេទ។

ទោះជា​យ៉ាងណា យានដ្ឋាន​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​នាំចូល​រថយន្តថ្មីៗទាំងនោះ គឺ​ផ្តល់​សេវាកម្ម​ជួសជុល និង​ថែទាំ​រថយន្ត​ដែល​ពួកគេ​នាំចូល និង​រថយន្ត​ដែលមាន​ម៉ាក​ដូចគ្នា​នឹង​រថយន្ត​នៃ​ក្រុមហ៊ុន​ដែល​ពួកគេ​នាំចូល​តែប៉ុណ្ណោះ។

អគ្គនាយក​ផ្នែក​បច្ចេកទេស​យានយន្ត​នៃ​ក្រុមហ៊ុន RMA Cambodia លោក​សេង វឹង បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា យានដ្ឋាន​ជួសជុល​រថយន្ត​បែប​ប្រពៃណី ជាង​ជួសជុល​រថយន្ត​ភាគច្រើន​រៀន​តាម​គ្នា និង​មិនសូវមាន​ការយល់ដឹង​ពី​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យាថ្មីៗនោះទេ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ធ្វើការ​ជួសជុលរ​ថ​យន្ត​បាន​ត្រឹមត្រូវ​នោះទេ។ ជាក់ស្តែង​ជាង​របស់លោក​បាន​ចុះ​ទៅយក​រថយន្តទំនើបៗពី​យានដ្ឋាន​ជួសជុល​រថយន្ត​ជាច្រើនលើក​មកហើយ ដោយសារតែ​ជាង​នៅតាម​យានដ្ឋាន​ទាំងនោះ មិន​ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ។

លោក​បន្តថា “ការជួសជុល​រថយន្ត​នៅ​យានដ្ឋាន​គ្មាន​ស្តង់ដារ​បង្ក​គ្រោះថ្នាក់​ណាស់​ដល់​ម្ចាស់​យានយន្ត ព្រោះ​ការជួសជុល​បច្ចុប្បន្ន​សុទ្ធ​តែ​ឆែក​មើល​តាម​ប្រព័ន្ធ​កុំ​ព្យ​ទ័​រ និង​ត្រូវ​ចេះ​ភាសា​អង់គ្លេស ដូច្នេះ​បើជា​ង​មិនចេះ​ជំនាញ​ទាំងនេះ ពួកគេ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​យានយន្ត​មិនបាន​ត្រឹមត្រូវ​នោះឡើយ។ លោក​បន្តថា “ខ្ញុំ​គិតថា វា​គ្រោះថ្នាក់​ណាស់​សម្រាប់​ម្ចាស់​យានយន្ត​ត្រូវយក​រថយន្ត​ទៅ​ជួសជុល​ដែល​ពេលខ្លះ​គ្រឿងបន្លាស់​របស់​ពួកគេ​មិន​ស៊ីគ្នា​នឹង​រថយន្ត​នោះឡើយ។

លោក សេង វឹង បាន​បន្តថា សម្រាប់​យានដ្ឋាន​របស់​យើង គឺ​ជាង​ជួសជុល​ទាំងអស់ សុទ្ធតែ​ទទួលបាន​ការបណ្តុះបណ្តាល​នៅក្រៅ​ប្រទេស និង​ក្នុងស្រុក​ជា

ប្រចាំ ព្រោះ​រថយន្តទំនើបៗមាន​បច្ចេកវិទ្យាថ្មីៗជាប់​រហូត ហេតុនេះ​យើង​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ជាប់​ជាប្រចាំ​ទើប​ជាង​ទាំងអស់​អាចមាន​សមត្ថ​ភាព​ជួសជុល​យានយន្តទំនើបៗបាន និង​ប្រកបដោយ​ស្តង់ដារ​ត្រឹមត្រូវ៕

Advertisement