ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​របស់ Bill Gates

«វ៉ាង​ចឺ» ឬ Shelly Wang បាន​ក្លាយជា​ពាក្យ ដែលមាន​គេ​ស្វែង​រកមើល​ព័ត៌មាន​ច្រើន​បំផុត ក្នុង​ពិភព​អន​ឡាញ​នៃ​ប្រទេស​ចិន ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​មាន​ចំណែក​ពាក់ព័ន្ធ​នឹង​ការ​លែងលះ​របស់​មហាសេដ្ឋី​លេខ4 របស់​ពិភពលោក។

សូម​ទស្សនា​រូប​សម្ផស្ស​ក្រមុំ​ចិន ដែល​ត្រូវបាន​គេ​ល្បី​ថា ជា​មនុស្ស​ជិតស្និទ្ធ​បំផុត​របស់លោក Bill Gates មហាសេដ្ឋី ស្ថាបនិក ម៉ៃ​ក្រូ​សូ​ហ្វ​ត៍ ដែល​ទើប​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​ភរិយា ដែល​គ្រង​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយគ្នា អស់​រយៈពេល 27ឆ្នាំ​មកហើយ​នោះ។

ព័ត៌មាន​ចចាមអារ៉ាម​នេះ ចេញ​មកពី​បណ្ដាញ​សង្គម​ធ្វី​ត​ធើរ​របស់ Fox News ដែលមាន​អ្នក​ផូ​ស្ត​សំណេរ​ថា «វ៉ាង ចឺ ក្រមុំ​ចិន អ្នកបកប្រែ​ភាសា ជាមួយ ប៊ី​ល ហ្គេ​ត​ស៍ មាន​សម្ព័ន្ធភាព លើសពី​ពាក្យ​ថា​ការងារ» និង​ក្លាយជា​រឿង ដែល​ធ្វើឱ្យ​រូបនាង «កើតរឿង​ធំ»។

ស្រី​ក្រមុំ​ជន​ជាតិចិន​ម្នាក់នេះ ជា​អ្នកបកប្រែ​ឱ្យ​មូលនិធិ ប៊ី​ល និង​មេ​លីន​ដា ហ្គេ​ត​ស៍ តាំងពី​ឆ្នាំ2015 មក នាង​ថែមទាំង​ធ្លាប់​ធ្វើជា​អ្នកបម្រើ​លើ​យន្តហោះ និង​ទើបតែ​បានទទួល​លិខិតអនុញ្ញាត ធ្វើជា​ជំនួយការ​អ្នកបើក​យន្តហោះ​ទៀតផង។

វ៉ាង ចឺ បច្ចុប្បន្ន​អាយុ 36ឆ្នាំ ជា​អ្នកស្រុក​ក្វាង​ចូ​វ និង​បាន​ផ្លាស់​មក​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​នៅ​វ័យ​ជំទង់។ នាង​ចាប់ផ្ដើម​ការងារ​នៅក្នុង​ហាង​លក់​ស៊ុ​គី​ស៊ុប​ឆ្នាំ​ភ្លើង​មួយ នៅក្នុង​រដ្ឋ​យូ​ថា​ហ៍ ទទួលខុសត្រូវ​ខាង​ការសិក្សា​ទីផ្សារ និង​មើល​ការខុសត្រូវ វេ​ប​សាយ​របស់​ក្រុមហ៊ុន។

ក្រោយ​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច ពី​មហាវិទ្យាល័យ Brigham Young ក៏បាន​ប្រែក្លាយ​ខ្លួន​មក​ធ្វើជា​អ្នកបកប្រែ​អាជីព​នៅក្នុង​ស្ថាប័ន​ជាច្រើន រួមទាំង​មហាវិទ្យាល័យ​យេ​ល មហាវិទ្យាល័យ ហា​វ៉ាដ និង​មូលនិធិ​របស់លោក ប៊ី​ល ហ្គេ​ត​ស៍ តែ​ការងារ​ដែល​ធ្វើឱ្យ​នាង​ក្លាយជា​មនុស្ស​ដែល​គេ​ស្គាល់​ច្រើន គឺ​ការ​បាន​ធ្វើជា​ប្រធាន​ក្រុម​អ្នកបកប្រែ ឱ្យ​វេទិកា​សិក្ខាសាលា TED Talk។

នាង​ជំនាញ​ភាសា​ចិន​កន្តាំង ចិន​ក្វាង​ទុង ភាសា​អង់គ្លេស និង​ថែមទាំង​យល់ដឹង​ពី​ភាសា​បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​ភាសា​ជប៉ុន​បន្តិចបន្តួច​ទៀតផង ក្រៅពីនេះ នាង​ថែមទាំង​ជា​គ្រូបង្រៀន​ព្យ៉ា​ណូ និង​រាំរែក​បែប​ចិន​បុរាណ ជា​ការងារ​បន្ទាប់បន្សំ​ទៀតផង។

ក្រៅពី​អាជីព​ការងារ ជា​អ្នកបកប្រែ​ភាសា​ហើយ វ៉ាង ចឺ ថែមទាំង​ជា​អ្នកបម្រើ​លើ​យន្តហោះ​ទៀតផង តែ​ក្នុងអំឡុង​ពេលដែល​មេរោគ​កូ​វីដ​ឆ្លង​រាលដាល ការងារ​អ្នកបម្រើ​លើ​យន្តហោះ ស្ទើរតែ​គ្មាន​សោះឡើយ ទើប​នាង​ប្រើពេល​ទំនេរ ទៅ​ប្រឡង​យក​លិខិតអនុញ្ញាត​បើកបរ​យន្តហោះ​បន្ថែម។

ក្រោយពី​មាន​លេចឮ​ព័ត៌មាន​ចចាមអារ៉ាម រឿង​សម្ព័ន្ធភាព​ជាមួយ​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ រួចមក មាន​អ្នក​ផូ​ស្ត​ដេញដោល​សួរ​នាង នៅក្នុង​ធ្វី​ត​ធើរ​ផ្ទាល់ខ្លួន ឡើង​ច្រើន​ឥត​គណនា ទោះជា​នាង​បាន​បដិសេធ​ហើយ​ថា «ជា​រឿង​ដែល​គ្មាន​មូលហេតុ​ពិតប្រាកដ​សោះឡើយ» ក៏ដោយ។

អតីត​ប្រធាន​ផ្នែក​ការងារ​របស់​នាង ដល់​ថ្នាក់​ត្រូវ​ជួយ​នាង​សរសេរ​ផូ​ស្ត ដើម្បី​អះអាង​បញ្ជាក់ថា វ៉ាង​ចឺ ជា​នារី​ស្មោះត្រង់​ម្នាក់ និង​មិន​ជឿថា នាង​ជា «ជន​ទី3» នៅក្នុង​សម្ព័ន្ធភាព​គ្រួសារ​របស់​មហាសេដ្ឋី​ជនជាតិ​អាមេរិក ប៊ី​ល ហ្គេ​ត​ស៍ ឡើយ ព្រមទាំង​បានបញ្ជាក់​បន្ថែមទៀតថា ទោះជា​វ៉ាង ចឺ ធ្វើ​ការឱ្យ​មូលនិធិ​របស់លោក​ប៊ី​ល ហ្គេ​ត​ស៍ ជាច្រើន​ការងារ​មែន តែ​នាង​មិនមែនជា «អ្នកបកប្រែ​ផ្ទាល់ខ្លួន» របស់លោក​ប៊ី​ល ហ្គេ​ត​ស៍ ទេ។ ក្នុង​ពេលធ្វើ​ការងារ អ្នក​ទាំងឡាយ តែង​ឃើញ​នាងក្រមុំ​ចិន​រូប​សម្ផស្ស​ស្រស់ស្អាត​រូបនេះ នៅ​ជិតស្និទ្ធ​ជាមួយ​មហាសេដ្ឋី​អាមេរិក ទើប​ធ្វើឱ្យមាន​ពាក្យ​ចចាមអារ៉ាម​លេចឮ​ឡើង ដោយ​គ្មាន​មូលហេតុ​ពិតប្រាកដ​ដូចខាងលើ៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement