Category: អន្តរជាតិ

  • ឆេះ​ស្ពាន​បុរាណ​អាយុកាល​ជាង ៩០០ ឆ្នាំ នៅ ប្រទេស​ចិន

    ឆេះ​ស្ពាន​បុរាណ​អាយុកាល​ជាង ៩០០ ឆ្នាំ នៅ ប្រទេស​ចិន

    ស្ពាន Wan’an ជា​ស្ពាន​ដែលមាន​ដំបូល​ធ្វើ​ពី​ឈើ ស្ថិតនៅក្នុង​ខេត្ត Fujian ប្រទេស​ចិន និង​មាន​ប្រវត្តិ​ជាង ៩០០ ឆ្នាំ ត្រូវបាន​លេប​ត្របាក់​ដោយ​អគ្គិភ័យ នាំឱ្យ​សមត្ថកិច្ច​ក្នុង​តំបន់​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ។

    ប្រភពព័ត៌មាន​ពី ប្រទេស​ចិន បានឱ្យដឹងថា ស្ពាន Wan’an នៅ​ទីរួមស្រុក Changqiao ស្រុក Pingnan នៃ​ខេត្ត Fujian ត្រូវបាន​ភ្លើង​ឆាបឆេះ​កាលពី​ព្រលប់​ថ្ងៃទី ០៦ សីហា និង​ត្រូវបាន​ពន្លត់​ក្រោយ​ភ្លើង​ឆេះ​បាន​ជាង ១ ម៉ោង។

    ស្ពាន​បុរាណ​នេះ​បាន​ស្រុត​រលំ បន្ទាប់ពី​ត្រូវ​អគ្គិភ័យ​ឆាបឆេះ។ សំណាងល្អ ពុំមាន​មនុស្ស​ស្លាប់ ឬ​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ។ អាជ្ញាធរ​ក្នុង​តំបន់ បាន​បង្កើត​ក្រុម​ស៊ើបអង្កេត​មួយ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​អគ្គិភ័យ។

    ស្ពាន​បុរាណ Wan’an មាន​ប្រវត្តិ​ជាង ៩០០ ឆ្នាំ ត្រូវបាន​កសាង​ក្នុង​រាជវង្ស​សុង​ខាងជើង។ ស្ពាន​នេះ​ធ្លាប់បាន​ឆេះ​ម្ដង​រួចហើយ​កាលពី​រជ្ជកាល ព្រះ​ចៅ​អធិរាជ​កាង​ស៊ី នៃ​រាជវង្ស ឈី​ង និង​ត្រូវបាន​សាងសង់​ឡើងវិញ​ក្នុង​ឆ្នាំ ១៧៤២ ក្នុង​រជ្ជកាល​ស្ដេច ឆៀន​ឡុង ហើយ​ត្រូវបាន​ជួសជុល​ច្រើនលើក​នៅក្នុង​រជ្ជកាល​ប​ន្ត​បន្ទាប់។

    ស្ពាន Wan’an ក៏​ជា​ស្ពាន​បុរាណ​មាន​ដំបូល​ធ្វើ​ពី​ឈើ​វែង​ជាងគេ​នាបច្ចុប្បន្ន​នៅ ប្រទេស​ចិន។ ស្ពាន​នេះ​ឆ្លងកាត់​ទន្លេ Changqiao នេះ មាន​ប្រវែង ៩៨.២ ម៉ែត្រ, ទទឹង ៤.៧ ម៉ែត្រ និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​សំខាន់​របស់ ចិន កាលពី​ឆ្នាំ ២០០៦។

    https://www.youtube.com/watch?v=r9rYySaGVUQ

  • សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​ច្បាប់​ចំណាយ​តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ

    សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​ច្បាប់​ចំណាយ​តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ

    សភា​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ០៧ សីហា បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការចំណាយ​លើ​សុខាភិបាល និង​អាកាសធាតុ តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ ដែល​នេះ​នឹង​នាំមក​នូវ​ជោគជ័យ​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី ចូ បៃ​ដិ​ន។

    គម្រោង​ប្រើប្រាស់​ថវិកា ៤៣០ ពាន់​លាន​ដុល្លារ​នេះ​នឹង​រួមមាន បណ្ដា​ខ្ទង់​វិនិយោគធំៗបំផុត​មិន​ធ្លាប់មាន​ពីមុនមក​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ ក្នុងនោះ ខ្ទង់​ប្រាក់ ៣៧០ ពាន់​លាន​ដុល្លារ​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ ៤០% នៅក្នុង​ឆ្នាំ ២០៣០។

    សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​គេ​ជឿថា នឹង​នាំមក​នូវ​ជ័យជម្នះ​យ៉ាងច្បាស់​លាស់​សម្រាប់​លោក បៃ​ដិ​ន នៅមុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​នា​ចុងឆ្នាំ​នេះ ព្រមទាំង​ស្ដារ​តួនាទី​នាំមុខគេ​របស់ សហរដ្ឋ​អាម៉េរិក នៅក្នុង​កិច្ចប្រឹងប្រែង​ទប់​ទល់នឹង​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក។

    ដោយមាន​សេចក្ដីព្រាងច្បាប់​នេះ ពលរដ្ឋ​អាម៉េរិក នឹង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ឡើងដល់ ៧,៥០០ ដុល្លារ នៅពេល​ទិញ​រថយន្ត​អគ្គិសនី បូករួម​នឹង​ការបញ្ចុះ​តម្លៃ ៣០% នៅពេល​ដំឡើង​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ។

    វា​ក៏​នឹង​ផ្ដល់​រាប់លាន​ដុល្លារ​សម្រាប់​កិច្ចប្រឹងប្រែង​ការពារ និង​ថែរក្សា​ព្រៃឈើ​របស់ សហរដ្ឋ​អាម៉េរិក។ ការលើកលែង​ពន្ធ​រាប់ពាន់​លាន​ដុល្លារ​ក៏​នឹង​ត្រូវបាន​ធ្វើឡើង​សម្រាប់​វិស័យ​ឧស្សាហកម្ម​មួយចំនួន​ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដោយ​ជួយ​ឱ្យ​ក្រុមហ៊ុន រោងចក្រ​ទាំងនោះ​ងាក​មកប្រើប្រាស់​ថាមពល​ស្អាត។

    សេចក្ដីព្រាងច្បាប់​នេះ​នឹង​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ថែទាំ​សុខភាព​របស់ ពលរដ្ឋ​អាម៉េរិក តាមរយៈ​កិច្ចព្រមព្រៀង​ធានារ៉ាប់រង។

    សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវបាន​បញ្ចូនទៅ​កាន់ សភា​ជាន់​ទាប​អាម៉េរិក ដើម្បី​ធ្វើការ​អនុម័ត​នៅ​ថ្ងៃទី ១២ សីហា​ខាងមុខ ក្រោយមក នឹងត្រូវ​បញ្ជូន​ទៅកាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ឱ្យទៅជា​ច្បាប់៕

  • សាធារណរដ្ឋកូរ៉េ ផ្ដល់ «ទិដ្ឋាការ​ហាត់​ការ» ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ សម្រាប់​និស្សិត​បរទេស

    សាធារណរដ្ឋកូរ៉េ ផ្ដល់ «ទិដ្ឋាការ​ហាត់​ការ» ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ សម្រាប់​និស្សិត​បរទេស

    កាលពី​ថ្ងៃទី ០៥ សីហា ក្រសួងយុត្តិធម៌​ របស់ សាធារណរដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) បានឱ្យដឹងថា និស្សិត​ដែល​មកពី​សាកលវិទ្យាល័យ​ល្បីឈ្មោះ​នៅ​បរទេស នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ហាត់​ការ​នៅក្នុង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ កូរ៉េខាងត្បូង ទៅតាម​កម្មវិធី​ទិដ្ឋាការ​ថ្មី ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​បណ្ដា​ក្រុមហ៊ុន​នៅ​ប្រទេស​នេះ។

    យោងតាម​ការប្រកាសរ​បស់ ក្រសួងយុត្តិធម៌​កូរ៉េខាងត្បូង កម្មវិធី​ផ្ដល់​ទិដ្ឋាការ​ហាត់​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ (D-10-3) សម្រាប់​និស្សិត​មកពី​សាកលវិទ្យាល័យធំៗនៅ​បរទេស នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ៨ សីហា​ខាងមុខ។

    ទិដ្ឋាការ D-10-3 នឹង​ផ្ដល់ជូន​និស្សិត​ដែល​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅក្នុង​សាកលវិទ្យាល័យ​ចំនួន ២០០ ដែល​ល្អ​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​វាយតម្លៃ ជ្រើសរើស​ដោយ​ទស្សនាវដ្ដី Time របស់ សហរដ្ឋ​អាម៉េរិក ឬ​មកពី​សាកលវិទ្យាល័យ​លំដាប់​កំពូល​ទាំង ៥០០ ដែល​ដាក់​ចំណាត់ថ្នាក់​ដោយ QS World University Rankings)។

    ក្រៅពី​និស្សិត​ដែលមាន​លក្ខខណ្ឌ​ដូចខាងលើ និស្សិត​ទាំងឡាយ​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ពី​បណ្ដា​សាកលវិទ្យាល័យ​លំដាប់កំពូលៗក្នុង​ពិភពលោក នៅក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ ក៏​នឹង​ទទួលបាន​វី​សា​ប្រភេទ D-10-3 នេះដែរ។

    ពលរដ្ឋ​បរទេស​ទាំង​ឡាយ​​ដែលមាន​ទិដ្ឋាការ​ប្រភេទ​ D-10-3 អាច​ចូល​ហាត់​ការងារ​នៅក្នុង​បណ្ដា​ក្រុមហ៊ុន ឬ​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ កូរ៉េខាងត្បូង ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់ ដែល​ទាក់ទង​នឹង​ជំនាញ​មួយចំនួន មាន​ដូចជា បច្ចេកវិទ្យា​បន្ទះ​អេឡិចត្រូនិក (semiconductor), ព័ត៌មានវិទ្យា, គ្រប់គ្រង​បច្ចេកវិទ្យា, បច្ចេកវិទ្យា​ណា​តូ, អេ​ឡិច​ត្រូ​និ​ច​ឌីជីថល និង​បច្ចេកវិទ្យា​ជីវសាស្ត្រ ជាដើម។

    រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏​នឹង​អាច​ពន្យារ​សុពលភាព​នៃ​ការ​ស្នាក់នៅ​សម្រាប់​ពលរដ្ឋ​បរទេស​ដែល​ហាត់​ការ​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ស្វែងរក​ការងារ​បានធ្វើ​នៅ កូរ៉េខាងត្បូង និង​ជួយ​ដល់​ការប្ដូរ​ពី​ទិ​ដ្ឋ​ការ D-10-3 ទៅជា​ទិដ្ឋាការ​ពលកម្ម ឬ​ទិដ្ឋាការ​បើក​ក្រុមហ៊ុន​ផងដែរ។

    ទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏បាន​កំណត់​ចំនួន​អ្នក​ហាត់​ការ​ដែលជា​ពលរដ្ឋ​បរទេស ក្នុង​អត្រា​មិនឱ្យ​លើសពី ២០% ធៀង​នឹង​បុគ្គលិក​សរុប​នៅក្នុង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក៕

  • មជ្ឈិមបូព៌ា បង្កើន​ការផលិត​ឧស្ម័ន​ដើម្បី​បំពេញតម្រូវការ​ពិភពលោក

    មជ្ឈិមបូព៌ា បង្កើន​ការផលិត​ឧស្ម័ន​ដើម្បី​បំពេញតម្រូវការ​ពិភពលោក

    មជ្ឈិមបូព៌ា ដែលជា​តំបន់​នាំចេញ​ប្រេង​រ៉ែ​លំដាប់​កំពូល​របស់​ពិភពលោក កំពុង​រក​វិធី​បង្កើន​ការផលិត និង​នាំចេញ​ឧស្ម័ន​ធម្មជាតិ នៅពេល​តម្រូវការ​ចំពោះ​ថាមពល​ប្រភេទ​នេះ​នឹង​កើនឡើង​នៅក្នុង​ប្រទេស ក៏ដូចជា​នៅ​ទូទាំង​សកលលោក​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

    ទំព័រ oilprice.com បាន​ចុះផ្សាយ​ថា កាតា ដែលជា​ប្រទេស​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ធំជាងគេ​មួយ​ក្នុង​ពិភពលោក បាន​នាំមុខគេ​ក្នុង​វិស័យ​ឧស្ម័ន​នៅ មជ្ឈិមបូព៌ា ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ គ្រា​ដែល​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់​ដែល​សម្បូរ​ឧស្ម័ន​ធម្មជាតិ​នេះ បែរជា​មិនបាន​យកចិត្តទុកដាក់​ក្នុងការ​វិនិយោគ​ទៅលើ​វិស័យនេះ។ ក៏ប៉ុន្តែ ពេលនេះ ប្រទេស​ទាំងនោះ​សុទ្ធតែ​កំពុង​ចាប់ផ្ដើម​ប្ដូរផ្លាស់​ឥរិយាបថ​ដើម្បី​ចាប់យក​ឱកាស ក្នុងពេល​តម្លៃ​ឧស្ម័ន​ធម្មជាតិ​កើនឡើង​ខ្ពស់។

    ក្រុម​អ្នក​ផលិត​ប្រេងធំៗក្នុង​អង្គការ OPEC មានដូចជា អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ជាដើម បាន និង​កំពុង​បង្កើន​បរិមាណ​ឧស្ម័ន​ក្នុងប្រទេស។

    ទីផ្សារ​ឧស្ម័ន​ទូទាំង​ពិភពលោក បាន​ប្រែប្រួល​ខ្លាំង​ចាប់តាំងពី រុស្ស៊ី ចូលលុកលុយ អ៊ុយ​ក្រែ​ន។ តម្រូវការ​ចំពោះ LNG ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​ខ្លាំង​នៅ អឺរ៉ុប នៅពេល​ទ្វីប​នេះ ស្វែងរក​វិធី​ដើម្បី​បញ្ចប់​ការពឹង​ផ្អែកលើ​ប្រេង និង​ឧស្ម័ន​របស់ រុស្ស៊ី។ នេះ​គឺជា​កត្តា​វិជ្ជមាន​សម្រាប់​បណ្ដា​ប្រទេស​ផលិត​ប្រេងឥន្ធនៈ​នៅ មជ្ឈិមបូព៌ា សម្រាប់​ការបង្កើន​បរិមាណ​ឧស្ម័ន LNG។

    នៅ ប្រទេស​កាតា កាលពី​ឆ្នាំមុន រដ្ឋាភិបាល​បានប្រកាស​គម្រោង LNG ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក នោះ​គឺ​គម្រោង North Field East (NFE) ដើម្បី​បង្កើន​ការផលិត LNG របស់​ប្រទេស​នេះ ពី ៧៧ លាន​តោន ឱ្យ​ឡើងដល់ ១១០ លាន​តោន​ជា​រៀងរាល់ឆ្នាំ។ គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ការផលិត​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២៥ ដោយ​ត្រូវ​ចំណាយ​ប្រាក់​វិនិយោគ​ប្រមាណ ២៨.៧៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ដំណាក់កាល​ទី​ពីរ​នៃ​ការពង្រីក​គម្រោង​ខាងលើ នោះ​គឺ​គម្រោង North Field South (NFS) ដែល​គ្រោង​នឹង​បង្កើន​ការផលិត​ពី ១១០ លាន​តោន ដល់​ឡើង ១២៦ លាន​តោន​ជា​រៀងរាល់ឆ្នាំ ដោយ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ ២០២៧។

    ក្រៅពី ប្រទេស​កាតា បណ្ដា​ប្រទេស​ក្នុង​តំបន់ មជ្ឈិមបូព៌ា ដទៃទៀត​ក៏​កំពុង​ពង្រីក​សកម្មភាព​ក្នុង​វិស័យ​ផលិត និង​នាំចេញ​ឧស្ម័ន​ធម្មជាតិ​រាវ​នេះដែរ ក្នុងនោះ ប្រទេស​ដែល​លេចធ្លោ​ជាងគេ​បន្ទាប់ពី កាតា គឺ អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង ប្រទេស​អូ​ម៉​ង់។

     

  • សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​លើ អតីត​ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន

    សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​លើ អតីត​ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន

    ក្រុមប្រឹក្សា​អឺរ៉ុប ដាក់បញ្ចូល​អតីត​ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន លោក Viktor Yanukovich និង​កូនប្រុស​របស់លោក គឺ Aleksandr ទៅក្នុង​បញ្ជី​ទណ្ឌកម្ម កាលពី​ថ្ងៃទី ០៤ សីហា។

    សហភាព​អឺរ៉ុប (EU) បាន​ចោល​ថា អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដើរតួនាទី​សំខាន់​ក្នុងការ «ធ្វើឱ្យ​ថយចុះ ឬ​គំរាមកំហែង​ដល់​ការ​បង្រួម​បង្រួម​ទឹកដី បូរណភាព​ទឹកដី និង​ឯករាជ្យភាព​របស់ អ៊ុយ​ក្រែ​ន» ក៏ដូចជា «ស្ថិរភាព និង​សន្តិសុខ» របស់​ប្រទេស​នេះ។

    ចំណែក Aleksandr ដែលជា​កូនប្រុស​របស់ អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Yanukovich ត្រូវបាន​ចោទថា «ធ្វើការ​ជួញដូរ​ជាមួយ​បណ្ដា​ក្រុម​ផ្ដាច់ខ្លួន» នៅ​តំបន់ Donbass។

    មុន​នោះ ក្រុមមនុស្ស​ដែលមាន​សញ្ជាតិ​អ៊ុយ​ក្រែ​ន​តែមួយ ដែល​ត្រូវបាន EU ដាក់ទណ្ឌកម្ម គឺជា​ក្រុមមនុស្ស​ដែល​ធ្វើការ​ក្នុង​រដ្ឋបាល​នៅតាម​តំបន់​ដែល រុស្ស៊ី បាន​ចូល​គ្រប់គ្រង បន្ទាប់ពី​យុទ្ធនាការ​យោធា​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។

    លោក Yanukovich ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ ប្រទេស​រុស្ស៊ី ក្រោយពី​ហេតុការណ៍​រដ្ឋប្រហារ​កា​លពី​ឆ្នាំ ២០១៤។ ឆ្នាំ ២០១៩ តុលាការ​អ៊ុយ​ក្រែ​ន បាន​កាត់ទោស​កំបាំងមុខ​ចំពោះ អតីត​ប្រធានាធិបតី Yanukovich ឱ្យ​ជាប់ពន្ធនាគារ ១៣ ឆ្នាំ ពីបទ​ក្បត់ជាតិ។

    កាលពី​ខែមីនា ឆ្នាំនេះ សារព័ត៌មាន​អ៊ុយ​ក្រែ​ន មួយចំនួន បាន​រាយការណ៍​ថា រុស្ស៊ី កំពុងមាន​គម្រោង​លើក​បន្តុប​លោក Yanukovich ជា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជាថ្មី ប៉ុន្តែ មិនបាន​បង្ហាញ​ភ័ស្ដុតាង​សម្រាប់​ការអះអាង​នេះ។

    អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Yanukovich មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើនេះ៕

  • មេដឹកនាំកំពូលៗ ៧ រូប របស់​ក្រុម​ភេរវ​ករ​ល្បីឈ្មោះ ដែល​ត្រូវបាន សហរដ្ឋ​អាម៉េរិក កម្ចាត់​ចោល

    មេដឹកនាំកំពូលៗ ៧ រូប របស់​ក្រុម​ភេរវ​ករ​ល្បីឈ្មោះ ដែល​ត្រូវបាន សហរដ្ឋ​អាម៉េរិក កម្ចាត់​ចោល

    មេដឹកនាំកំពូលៗ និង​ល្បីឈ្មោះ​ជាច្រើនរូប​របស់​ក្រុម​ភេរវ​ករធំៗ ត្រូវបាន​កម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក កម្ចាត់​ចោល រាប់​ចាប់តាំងពី​ឆ្នាំ ២០០៦ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បាញ់ប្រហារ​ពីលើ​អាកាស ឬ​ឆ្មក់​ចូល​ប្រហារ​ដល់​កន្លែង​លាក់ខ្លួន។

    មេដឹកនាំ​ក្រុម​ភេរវ​ករ​ដែល​ត្រូវបាន សហរដ្ឋ​អាម៉េរិក កម្ចាត់ រួមមាន​ដូចខាងក្រោម ៖

    ទី ១ ៖ Abu Musab al-zarqawi

    -តួនាទី ៖ មេដឹកនាំ Al Qaeda នៅ ប្រទេស​អ៊ីរ៉ាក់
    -ពេលវេលា​ដែល​ត្រូវបាន​កម្ចាត់ ៖ ០៧ ឧសភា ២០០៦
    -ទីតាំង​ដែល​ត្រូវបាន​កម្ចាត់ ៖ អ៊ីរ៉ាក់

    ទី​ ២ ៖ Osama bin Laden

    -តួនាទី ៖ អ្នកបង្កើត​អង្គការ​សកម្មប្រយុទ្ធ​អ៊ីស្លាម​ជ្រុលនិយម Al-Qaeda
    -ពេលវេលា​ដែល​ត្រូវបាន​កម្ចាត់ ៖ ១១ ឧសភា ២០១១
    -ទីតាំង​ដែល​ត្រូវបាន​កម្ចាត់ ៖ ប្រទេស​ប៉ា​គី​ស្ថាន

    ទី​ ៣ ៖ Hamza bin Laden

    -តួនាទី ៖ កូនប្រុស​ទី ១៥ របស់ Osama bin Laden ដែល​គេ​ចាត់ទុកថា​ជា​អ្នក​ស្នង​តួនាទី​ពី​ឪពុក
    -ពេលវេលា​ដែល​ត្រូវបាន​កម្ចាត់ ៖ ខែកញ្ញា ឆ្នាំ ២០១៩
    -ទីតាំង​ដែល​ត្រូវបាន​កម្ចាត់ ៖ ប្រទេស​ប៉ា​គី​ស្ថាន

    ទី​ ៤ ៖ Abu Bakr al-Baghdadi

    -តួនាទី ៖ មេដឹកនាំ​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) នៅ អ៊ីរ៉ាក់ និង ឡេ​វ៉ាន (ក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត)
    -ពេលវេលា​ដែល​ត្រូវបាន​កម្ចាត់ ៖ ២៦ តុលា ២០១៩
    -ទីតាំង​ដែល​ត្រូវបាន​កម្ចាត់ ៖ ប្រទេស​ស៊ី​រី

    ទី​ ៥ ៖ Abu Ibrahim al-Hashimi al-Qurayshi

    -តួនាទី ៖ មេដឹកនាំ​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ ភាគ​ខាងលិច​នៃ ប្រទេស​ស៊ី​រី
    -ពេលវេលា​ដែល​ត្រូវបាន​កម្ចាត់ ៖ ០២ កុម្ភៈ ២០២២
    -ទីតាំង​ដែល​ត្រូវបាន​កម្ចាត់ ៖ ប្រទេស​ស៊ី​រី

    ទី ៦ ៖ Maher al-Agal

    -តួនាទី ៖ មេដឹកនាំ​លំដាប់​កំពូល​ក្នុង​ការរៀបចំ​បណ្ដាញរ​បស់ អង្គការ​រដ្ឋ​អ៊ីស្លាម IS នៅ​ខាងក្រៅ​ប្រទេស​អ៊ីរ៉ាក់ និង ស៊ី​រី
    -ពេលវេលា​ដែល​ត្រូវបាន​កម្ចាត់ ៖ ១១ កក្កដា ២០២២
    -ទីតាំង​ដែល​ត្រូវបាន​កម្ចាត់ ៖ ប្រទេស​ស៊ី​រី

    ទី ៧ ៖ Ayman al-Zawahiri

    -តួនាទី ៖ សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ Al Qaeda, វេជ្ជបណ្ឌិត និង​ជា​ជំនួយការ​របស់ Osama bin Laden
    -ពេលវេលា​ដែល​ត្រូវបាន​កម្ចាត់ ៖ ៣១ កក្កដា ២០២២
    -ទីតាំង​ដែល​ត្រូវបាន​កម្ចាត់ ៖ ប្រទេស​ស៊ី​រី

  • ប្រទេសថៃ ៖ រថភ្លើង​មួយ​ខ្សែ​ត្រូវ​គេ​បាញ់ប្រហារ​ច្រើន​គ្រាប់​ ពេល​កំពុង​ធ្វើ​ដំណើរ​

    ប្រទេសថៃ ៖ រថភ្លើង​មួយ​ខ្សែ​ត្រូវ​គេ​បាញ់ប្រហារ​ច្រើន​គ្រាប់​ ពេល​កំពុង​ធ្វើ​ដំណើរ​

    រថភ្លើង​ដឹក​អ្នកដំណើរ បាងកក-ស៊ុន​ង៉ៃ កូ​ឡុ​ក (Bangkok – Sungai Kolok) ត្រូវ​រង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​នៅវេលា​ថ្ងៃត្រង់​ទី ០៤ សីហា នៅក្នុង​ស្រុក​រូ​សូ (Rueso) ខេត្ត ណា​រ៉ា​ធី​វ៉ា​ត់ (Narathiwat) ភាគខាងត្បូង​នៃ ប្រទេស​ថៃ។

    លោក Prachaniwat Buasri មកពី​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​ថៃ បានឱ្យដឹងថា រថភ្លើង​ត្រូវបាន​គេ​បាញ់​ច្រើន​គ្រាប់​ចំ​ពី​ខាងមុខ​ក្បាលម៉ាស៊ីន។ ស្នាម​គ្រាប់កាំភ្លើង​នៅលើ​កញ្ចក់​ផ្នែក​ខាងមុខ​របស់​ក្បាលរថភ្លើង​បង្ហាញថា ខ្មាន់កាំភ្លើង​មានបំណង​សម្លាប់​អ្នកបើកបរ ប៉ុន្តែ​សំណាងល្អ ពួកគេ​មិនបាន​រងរបួស។

    បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ខាងលើ​ក៏បាន​ផ្អាក​សេវាកម្ម​ដឹកជញ្ជូន​ពី បាងកក-ស៊ុន​ង៉ៃ កូ​ឡុ​ក ដើម្បី​ស៊ើបអង្កេត​រក​មូលហេតុ។

    ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ហេតុការណ៍​បាញ់ប្រហារ ការ​បំផ្ទុះ​គ្រាប់បែក បាន​កើតឡើង​ច្រើន​ករណី​នៅក្នុង​តំបន់​នានា​របស់ ប្រទេស​ថៃ។ កាលពី​ថ្ងៃទី ០៣ សីហា មាន​ករណី​ប្រយុទ្ធ​គ្នា​រវាង​បុរស ២ ក្រុម​នៅក្នុង​ខេត្ត អ៊ូ​ប៊ុន រ៉ាត់​ថា​នី (Ubon Ratchathani) បណ្ដាលឱ្យ​មនុស្ស ២ នាក់​បាត់​បង់ជីវិត និង ៧ នាក់​ត្រូវ​រងរបួស៕

  • ប្រទេស​ថៃ ៖ គំនិត​ផ្ដួចផ្ដើម​សន្តិភាព​ថ្មី​សម្រាប់​តំបន់​ភាគខាងត្បូង​ប្រទេស

    ប្រទេស​ថៃ ៖ គំនិត​ផ្ដួចផ្ដើម​សន្តិភាព​ថ្មី​សម្រាប់​តំបន់​ភាគខាងត្បូង​ប្រទេស

    ប្រភពព័ត៌មាន​នៅ រាជធានី​បាងកក បានឱ្យដឹងថា ការចរចា​សន្តិភាព​លើក​ទី ៥ រវាង អាជ្ញាធរ​ថៃ និង BRN ដែលជា​ក្រុម​ផ្ដាច់ខ្លួន​នៅ​តំបន់​ភាគខាងត្បូង​រប​ស់​ប្រទេស​នេះ ត្រូវបាន​ធ្វើឡើង​នៅ រាជធានី​គួ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី ១ ដល់ទី ២ សីហា ដោយមាន រាជរដ្ឋាភិបាល​ម៉ាឡេស៊ី ជា​អ្នកសម្របសម្រួល។

    ក្នុងការ​ចរចា​នេះ ភាគី​ថៃ បានស្នើ​ឱ្យមាន​បទ​ឈប់​ប្រើ​អំពើហិង្សា​ក្នុង​រយៈពេល ១០៨ ថ្ងៃ។ នេះ​គឺជា​ការប្រឹងប្រែង​ថ្មី​បំផុត​ដើម្បី​កាត់បន្ថយ​អំពើហិង្សា​នៅ​តំបន់​ចុង​ទក្សិណ​របស់ ប្រទេស​ថៃ បន្ទាប់ពី គំនិត​ផ្ដួចផ្ដើម​សន្តិភាព Ramadan ដែល​ក្នុងនោះ ភាគី​ទាំងពីរ​យល់ព្រម​ផ្អាក​រាល់​សកម្មភាព​អំពើហិង្សា​ក្នុង​រដូវ​បុណ្យ​តម​អាហារ​របស់​អ៊ីស្លាម​សាសនិក ចាប់ពី​ថ្ងៃទី ៣ មេសា ដល់ ១៤ ឧសភា។

    យោងតាម​ឧ​ត្ត​ម​សេនីយ៍ Wanlop Rugsanoh ប្រធាន​គណៈកម្មការ​នៃ​កិច្ច​ការចរចា​សន្តិភាព​របស់ ប្រទេស​ថៃ ដំណាក់កាល​មិនមាន​អំពើហិង្សា​ដែល​ត្រូវបាន​ស្នើ​នេះ​នឹង​អូស​បន្លាយពេល​ពីថ្ងៃ​ទី ១៥ សីហា ដល់ ៣០ វិច្ឆិកា និង​ត្រូវបាន​ហៅថា គំនិត​ផ្ដួចផ្ដើម​សន្តិភាព​រដូវ​បុណ្យ​ភ្ជុំ​ពុទ្ធសាសនា។ ប៉ុន្តែ គំនិត​នេះ​នឹងត្រូវ​កែសម្រួល​បន្តទៀត មុននឹង​មានការ​ឯកភាព។

    ឧ​ត្ត​ម​សេនីយ៍ Wanlop ក៏បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល​ថៃ ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចរចា​សន្តិភាព​ជាមួយនឹង​បណ្ដា​ក្រុម​បះបោរ​ផ្សេងទៀត រួមមាន​ទាំង អង្គការ​រំដោះ​ឯកភាព Patani (Pulo) ជា​ក្រុម​ដែល​ត្រូវបាន​គេ​ជឿថា ជា​អ្នក​នៅ​ពីក្រោយ​ករណី​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី ១៥ មេសា​កន្លងទៅ។

    យោងតាម អង្គការ​តាមដាន​តំបន់​ចុង​ទក្សិណ​របស់​ថៃ ចាប់តាំងពី​ការបះបោរ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ ២០០៤ មនុស្ស​ជាង ៧,០០០ នាក់​បាន​ស្លាប់ និង​ជាង ១៣,៥០០ នាក់​ផ្សេងទៀត ត្រូវ​រងរបួស នៅ​ក្នុងករណី​អំពើហិង្សា​ដែល​កើត​មាននៅ​ពាសពេញ​តំបន់​ភាគខាងត្បូង​រប​ស់ ប្រទេស​ថៃ រួមមាន​ខេត្ត Narathiwat, Pattani និង Yala៕

     

  • បណ្ដា​កោះ​គ្រប់គ្រង​ដោយ តៃវ៉ាន់ ដែល​នៅ​កៀក​នឹង ចិនដីគោក បំផុត

    បណ្ដា​កោះ​គ្រប់គ្រង​ដោយ តៃវ៉ាន់ ដែល​នៅ​កៀក​នឹង ចិនដីគោក បំផុត

    កោះ​ស្ថិតក្នុង​ការកាន់កាប់រ​បស់ អាជ្ញាធរ​ក្រុង​តៃប៉ិ ដែល​ស្ថិត​នៅក្បែរ​បំផុត​ធៀប​នឹង​ទឹកដី​ដែល​គ្រប់គ្រង​ដោយ អាជ្ញាធរ​ទីក្រុង​ប៉េកាំង រួមមាន កោះ​នៅក្នុង​ប្រជុំ​កោះ Kinmen, ប្រជុំ​កោះ Wuqiu និង​កោះ​នៅក្នុង​ប្រជុំ​កោះ Matsu។

    ទីមួយ ៖ ប្រជុំកោះ Kinmen

    Kinmen ឬ​ហៅថា Quemoy គឺជា​ប្រជុំ​កោះ​ដែល​គ្រប់គ្រង​ដោយ សាធារណរដ្ឋ​ចិន (ចិនតៃវ៉ាន់) និង​ស្ថិតនៅ​ភាគ​និរតី​នៃ​ឆ្នេរសមុទ្រ​របស់ សាធារណរដ្ឋ​ប្រជាមានិត​ចិន (ចិនដីគោក)។ វា​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ពី​ទីក្រុង Xiamen នៃ​ខេត្ត Fujian។ ប្រជា​កោះ Kinmen មាន​ចម្ងាយ​ពី​ឆ្នេរ​របស់ កោះ​តៃវ៉ាន់ ប្រហែល ១៨៧ គីឡូម៉ែត្រ ទៅ​ទិស​ខាងលិច ធៀប​នឹង ច្រក​សមុទ្រ​តៃវ៉ាន់។

    នៅលើ​ប្រជុំ​កោះ Kinmen នេះ ធ្លាប់មាន​ការប្រយុទ្ធ​គ្នាច្រើន​លើក​រវាង កងទ័ព​ចិនដីគោក និង កងទ័ព​ចិនតៃវ៉ាន់ ក្នុងនោះ ជម្លោះ​ប្រដាប់អាវុធ​កាលពី​ឆ្នាំ ១៩៥៨ មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ។

    ទី​ពីរ ៖ ប្រជុំកោះ Wuqiu

    Wuqiu (Wuchiu, Wuciou, Ockseu) គឺជា​ប្រជុំ​កោះ​ដែលមាន​កោះ​សំខាន់​ចំនួន ២ នោះ​គឺ Greater Qiu Islet និង Smaller Qiu Islet ដែល​ស្ថិតនៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។

    ចំពោះ​រដ្ឋបាល ទីរួមស្រុក Wuqiu ស្ថិតក្នុង​ការគ្រប់គ្រង​របស់ ចិនតៃវ៉ាន់ និង​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​ពី​កំពង់ផែ Taichung របស់ តៃវ៉ាន់ ប្រហែល ១៣៥ គីឡូម៉ែត្រ។ Wuqiu មាន​ចម្ងាយ​តែ ១៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ ធៀប​នឹង​កោះ Luci (Lusi) ដែល​គ្រប់គ្រង​ដោយ ចិនដីគោក។ ចំណែក កោះ Greater Qiu គឺជា​ទីតាំង​នៃ​បង្គោល​ភ្លើង​ហ្វា Wuqiu របស់ ចិនតៃវ៉ាន់។

    ទី​បី ៖ ប្រជុំកោះ Matsu

    Matsu (Lienchiang) គឺជា​ប្រជុំ​កោះ​ដែលមាន​កោះ​តូចធំ​ចំនួន ៣៦ នៅ សមុទ្រ​ចិន​ខាងកើត ដែល​គ្រប់គ្រង​ដោយ ចិនតៃវ៉ាន់ ហើយ​ស្ថិត​នៅក្បែរ និង​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​របស់ ចិនដីគោក។

    Lienchiang ត្រូវបាន​បំបែក​ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ សាធារណរដ្ឋ​ចិន ក្រោយ​សង្គ្រាម​ស៊ី​រិល កាលពី​ឆ្នាំ ១៩៤៩៕

  • កងទ័ព​តៃវ៉ាន់ បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ​ដើម្បី​បណ្ដេញ​យន្តហោះ​ចិន នៅក្បែរ​កោះ​ជួរមុខ

    កងទ័ព​តៃវ៉ាន់ បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ​ដើម្បី​បណ្ដេញ​យន្តហោះ​ចិន នៅក្បែរ​កោះ​ជួរមុខ

    អង្គភាព​ការពារ​កោះ​តៃវ៉ាន់ បាន​បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ ដើម្បី​បណ្ដេញ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅ​តំបន់​កោះ Kinmen របស់ តៃវ៉ាន់ ដែល​ស្ថិតនៅ​កៀក​នឹង ចិនដីគោក។

    Chang Zone-sung មេបញ្ជាការ​កងទ័ព​នៅ ប្រជុំ​កោះ Kinmen បានឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) មួយគូ​របស់ ចិនដីគោក បាន​ចូលមក​តំបន់​ប្រជុំ​កោះ Kinmen របស់ តៃវ៉ាន់ ចំនួន ២ លើក​ជា​បន្តបន្ទាប់ កាលពី​ព្រលប់​ថ្ងៃទី ០៣ សីហា។

    «ភ្លាមៗនោះ យើង​បាន​បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ​ដើម្បី​ព្រមាន និង​បណ្ដេញ ដោយសារ UAV ទាំងនេះ​បាន​ចូលមក​​កាន់​​តំបន់​ហាម​ឃាត់​របស់​កោះ។ យើង​ធ្វើ​សកម្មភាព​ទៅតាម​ដំណាក់កាល ហើយនឹង​ប្រតិកម្ម​បើសិន UAV ទាំងនោះ​បន្ត​បង្ហាញខ្លួន» ឧ​ត្ត​ម​សេនីយ៍​ទោ Chang បញ្ជាក់​ដូច្នេះ។

    យោងតាម​លោក Chang យន្តហោះ UAV ទាំងនេះ ត្រូវបាន​បញ្ជូនមក​ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ការពារ​សន្តិសុខ​របស់ តៃវ៉ាន់ នៅលើ​កោះ​ជួរមុខ​ដូច Kinmen ជាទី​ដែលមាន​ការការពា​រយ៉ា​ង​រឹងមាំ និង​ស្ថិត​នៅក្បែរ ចិនដីគោក បំផុត។

    អាជ្ញាធរ​ទីក្រុង​ប៉េកាំង មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើនេះ។

    កាលពី​សប្ដាហ៍​កន្លង អាជ្ញាធរ​តៃវ៉ាន់ បានឱ្យដឹងថា បាន​បាញ់​គ្រាប់​បញ្ចេញ​ពន្លឺ​ដើម្បី​ព្រមាន UAV ១ គ្រឿង​នៅក្បែរ​ប្រជុំ​កោះ Matsu របស់ តៃវ៉ាន់ ដែល​ស្ថិត​នៅក្បែរ​ខេត្ត Fujiang របស់ ចិនដីគោក។

    កងកម្លាំង​របស់ តៃវ៉ាន់ កំពុងស្ថិត​ក្នុងការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត នៅពេល ចិនដីគោក ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi ដែល​បាន​បណ្ដាលឱ្យ​ភាព​តានតឹង​នៅ ច្រក​សមុទ្រ​តៃវ៉ាន់ «ឡើង​កម្ដៅ​កាន់តែខ្លាំង»៕