Category: អន្តរជាតិ

  • FBI បាន​រកឃើញ​ឯកសារ «មហា​សម្ងាត់» នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ

    FBI បាន​រកឃើញ​ឯកសារ «មហា​សម្ងាត់» នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ

    បុគ្គលិក​ពិសេស​របស់ FBI បាន​ប្រមូលយក​ឯកសារ​សម្ងាត់​មួយ​ចំនួន នៅពេល​ធ្វើការ​ត្រួតពិនិត្យភ្លាមៗទៅលើ​គេហដ្ឋាន​ឯកជន​របស់លោក ដូ​ណា​ល់ ត្រាំ នៅ Mar-a-Lago ក្នុងនោះ​មាន​ទាំង​ឯកសារ «មហា​សម្ងាត់» ផងដែរ។

    សារព័ត៌មាន​អាម៉េរិក កាលពី​ម្សិលមិញ (១២ សីហា) បាន​រាយការណ៍​ថា កម្លាំង​ពិសេស​របស់ ការិយាល័យ​ស៊ើបអង្កេត​អាម៉េរិក (FBI) បាន​រក​ឃើញ​ឯកសារ​មួយចំនួន​ដែល​ត្រូវបាន​សម្គាល់ថា «មហា​សម្ងាត់» នៅក្នុងពេល​ចូល​ឆែកឆេរ​ផ្ទះ​របស់ អតីត​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​រដ្ឋ Florida។

    យោង​តាម​ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បុគ្គលិក​ពិសេស​របស់ FBI បាន​ប្រមូលយក​ឯកសារ​សម្ងាត់​ចំនួន ១១ ច្បាប់ នៅពេល​ធ្វើការ​ត្រួតពិនិត្យភ្លាមៗទៅលើ​គេហដ្ឋាន​ឯកជន​របស់លោក ដូ​ណា​ល់ ត្រាំ នៅ Mar-a-Lago ដែល​ហេតុការណ៍​នេះ​កំពុងតែ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​ក្នុងវិស័យ​​នយោបាយ និង​កាន់តែ​ធ្វើឱ្យ​បញ្ហា​​ប្រកាន់​បក្សពួក​​នៅ សហរដ្ឋ​អាម៉េរិក មាន​សភាព​ធ្ងន់ធ្ងរ។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺថា ឯកសារ​សម្ងាត់​ដែល FBI ប្រមូលបាន​ពី​ផ្ទះ​របស់លោក ត្រាំ ក៏មាន​ឯកសារ​មហា​សម្ងាត់ ហើយ​បើតាម​ការកំណត់ ឯកសារ​នោះ​ត្រូវបាន​អនុញ្ញាតឱ្យ​រក្សាទុក​នៅក្នុង​មូលដ្ឋាន​ពិសេស​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុង​គ្រា​ដែល ក្រសួងយុត្តិធម៌​អាម៉េរិក បាន​ស្នើឱ្យ​ចៅក្រម​តុលាការ​នៅក្នុង​រដ្ឋ Florida ប្រកាសជា​សាធារណៈ​​អំពី​ដីកា​ត្រួតពិនិត្យ កាលពី​ថ្ងៃទី ១២ សីហា លើកលែងតែ​មានការ​ជំទាស់​ពី​លោក ត្រាំ។

    បច្ចុប្បន្ន ទាំង​លោក ត្រាំ ដែល​កំពុង​មានបំណង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២៤ ទាំង បក្ស​សាធារណរដ្ឋ មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ៕

  • សេត​វិមាន ៖ ករណី​ផ្ទុះ​ធំ​ក្នុង​ព្រលានយន្តហោះ​យោធា​នៅ ឧបទ្វីប​គ្រី​មៀ មិនមែន​បង្កឡើង​ដោយ​អាវុធ​របស់ អាម៉េរិក

    សេត​វិមាន ៖ ករណី​ផ្ទុះ​ធំ​ក្នុង​ព្រលានយន្តហោះ​យោធា​នៅ ឧបទ្វីប​គ្រី​មៀ មិនមែន​បង្កឡើង​ដោយ​អាវុធ​របស់ អាម៉េរិក

    មន្ត្រី​ការពារជាតិ​អាម៉េរិក អះអាងថា ប្រទេស​នេះ​មិនទាន់​ផ្ដល់​អាវុធ​ដែល​អាចឱ្យ អ៊ុយ​ក្រែ​ន វាយប្រហារ​លើ​ព្រលានយន្តហោះ​យោធា​នៅលើ ឧបទ្វីប​គ្រី​មៀ (Crimea)។

    «យើង​មិនទាន់​ផ្ដល់​អ្វីមួយ​ដែល​អនុញ្ញាត ឬ​អាច​អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន វាយប្រហារ​លើ គ្រី​មៀ» មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១២ សីហា បានឱ្យដឹង​ដូច្នេះ។ «នោះ​មិនមែនជា ATACMS ព្រោះថា យើង​មិនទាន់​ផ្ដល់​មី​ស៊ី​ល​នេះ​ទៅឱ្យ​ពួកគេ»។

    ប្រព័ន្ធ​មី​ស៊ី​ល​យុទ្ធសាស្ត្រ​សម្រាប់​កងទ័ព​ថ្មើរជើង (ATACMS) MGM-140 គឺជា​មី​ស៊ី​ល​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​មធ្យម​ដែល​អាច​បាញ់​ចំ​គោលដៅ​ក្នុង​រយៈ​ចម្ងាយ ៣០០ គីឡូម៉ែត្រ ដោយ​បាញ់​ចេញពី​ប្រព័ន្ធ​មី​ស៊ី​ល​ប្រតិកម្ម​កម្រិត​ខ្ពស់ (HIMARS) M142 ឬ​ពី​ប្រព័ន្ធ​មី​ស៊ី​ល​ហ្វូង​ប្រតិកម្ម​រហ័ស (MLRS)។ អ៊ុយ​ក្រែ​ន ធ្លាប់​បានស្នើ​សុំឱ្យ សហរដ្ឋ​អាម៉េរិក ផ្ដល់ ATACMS ឱ្យ​ប្រទេស​នេះ។

    កាលពី​ថ្ងៃទី ០៩ សីហា មាន​ករណី​ផ្ទុះ​ដ៏​ធំ​នៅឯ​ព្រលានយន្តហោះ​យោធា Saki នៅលើ ឧបទ្វីប​គ្រី​មៀ។ ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា ឃ្លាំង​អាវុធ​នៅក្នុង​ព្រលានយន្តហោះ​នេះ​បាន​ផ្ទុះ បង្កឱ្យមាន​ការផ្ទុះធំៗ និង​បង្ក​ការខូចខាត​យ៉ាង​ដំណំ ប៉ុន្តែ មិនមែន​ដោយសារ​ការវាយប្រហារ​របស់ អ៊ុយ​ក្រែ​ន។ «ការមិន​គោរព​គោលការណ៍​សុវត្ថិភាព បង្ការ និង​ពន្លត់​អគ្គិភ័យ គឺជា​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុការណ៍​ផ្ទុះ​នេះ» ក្រសួងការពារជាតិ​រុស្ស៊ី ប្រកាស​ដូច្នេះ។

    មន្ត្រី​ម្នាក់​របស់ អ៊ុយ​ក្រែ​ន និយាយថា ហេតុការណ៍​ផ្ទុះ​នោះ​គឺជា​លទ្ធផល​នៃ​ការវាយប្រហារ​បែប​ទ័ពព្រៃ​ដែល​គាំទ្រ កងទ័ព​អ៊ុយ​ក្រែ​ន នៅលើ​ទឹកដី​ដែល រុស្ស៊ី កំពុង​កាន់កាប់។ ប៉ុន្តែ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន មិនទាន់​ប្រកាសសេចក្ដី​លម្អិត​នៃ​ហេតុការណ៍​ផ្ទុះ​នេះ​នៅឡើយ។

  • បស្ចិម​លោក​ផ្ដល់ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ​បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន

    បស្ចិម​លោក​ផ្ដល់ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ​បន្ថែមទៀត ដល់ អ៊ុយ​ក្រែ​ន

    ក្រុម​ប្រទេស​លោកខាងលិច ដែល​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ រដ្ឋធានី​កូ​ប៉ិន​ហាក (Copenhagen) របស់ ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ថ្ងៃទី ១១ សីហា បាន​ឯកភាពគ្នា​ក្នុងការ​ផ្ដល់ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ បន្ថែមទៀត ដល់ រដ្ឋាភិបាល​ទីក្រុង​កៀវ ដើម្បី​ជួយ​ទប់ទល់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង រុស្ស៊ី។

    យោងតាម​សេចក្ដីសម្រេច​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារជាតិ របស់​ប្រទេស​ចំនួន ២៦ នៅ អឺរ៉ុប កញ្ចប់​ជំនួយ​យោធា​តម្លៃ ១.៥ ពាន់​លាន​អឺរ៉ូ ដែល​បណ្ដា​ប្រទេស​នៅ អឺរ៉ុប ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការទិញ​សព្វាវុធ​ឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​កម្លាំង​ការពារជាតិ​របស់​នេះ។

    តួលេខ​ស្ដីពី​ខ្ទង់​ថវិកា​ការចូលរួមចំណែក​រប​ស់​ប្រទេសនីមួយៗ មិនត្រូវ​បាន​គេ​ប្រកាស​ជា​សាធារណៈ ប៉ុន្តែ បើ​យោងតាម​សារព័ត៌មាន​របស់ ដា​ណឺ​ម៉ាក រដ្ឋធានី​កូ​ប៉ិន​ហាក រួមចំណែក ១១០ លាន​អឺរ៉ូ។ ចក្រភព​អង់គ្លេស គឺជា​ប្រទេស​ដែល​ចូលរួមចំណែក​ច្រើនជាងគេ គឺ ៣០០ លាន​អឺរ៉ូ។

    កិច្ចប្រជុំ​បន្ទាប់​របស់​ក្រុម​ប្រទេស​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន គ្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ពាក់កណ្ដាល​ខែកញ្ញា ២០២២៕

  • អតីត​ប្រធានាធិបតីរបស់ ប្រទេស​​ស្រីលង្កា ទៅ​កាន់ ប្រទេស​ថៃ

    អតីត​ប្រធានាធិបតីរបស់ ប្រទេស​​ស្រីលង្កា ទៅ​កាន់ ប្រទេស​ថៃ

    កាលពី​ថ្ងៃទី ១១ សីហា អតីត​ប្រធានាធិបតី​របស់ ប្រទេស​ស្រីលង្កា លោក Gotabaya Rajapaksa បាន​ទៅ​ដល់ ទីក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់ពី​បាន​ចាក​ចេញពី សិង្ហ​បុរី។

    លោក Rajapaksa បានធ្វើ​ដំណើរ​ដល់​ព្រលានយន្តហោះ Don Muang នៅ រាជធានី​បាងកក តាមរយៈ​ជើងហោះហើរ​ពី សិង្ហ​បុរី។ អាជ្ញាធរ​ថៃ បានឱ្យដឹងថា លោក Rajapaksa នឹង​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ ប្រទេស​ថៃ និង​មិន​មានបំណង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ឡើយ។

    កាលពី​ថ្ងៃទី ១០ សីហា នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-o-cha ក៏​បានឱ្យដឹងថា នេះ​គឺជា​បញ្ហា​មនុស្សធម៌ និង​សង្កត់ធ្ងន់ថា លោក Rajapaksa នឹង​ស្នាក់នៅ​ក្នុងប្រទេស​នេះ​ជា​បណ្ដោះអាសន្ន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ក៏​នឹង​​មិន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទាំងអស់នៅ​ទី​នេះ។

    រដ្ឋមន្ត្រីការបរទេស​ថៃ Don Pramudwinai បាន​ថ្លែងថា រដ្ឋាភិបាល​ស្រីលង្កា គាំទ្រ​ដំណើរ​របស់លោក Rajapaksa មកកាន់ ប្រទេស​ថៃ ជាទី​ដែល​លោក​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់​នៅក្នុង​រយៈពេល ៩០ ថ្ងៃ ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​របស់គាត់។

    លោក Rajapaksa មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ ឬ​លើកឡើង​នូវ​ការអធិប្បាយ​ណាមួយ រាប់​ចាប់តាំងពី​ពេល​លោក​បាន​ចាក​ចេញពី ប្រទេស​ស្រីលង្កា៕

  • ទីក្រុង​ក្លាយទៅជា​ទន្លេ នៅ រដ្ឋធានី​របស់ កូរ៉េខាងត្បូង ក្រោយពី​ភ្លៀង​ធំ

    ទីក្រុង​ក្លាយទៅជា​ទន្លេ នៅ រដ្ឋធានី​របស់ កូរ៉េខាងត្បូង ក្រោយពី​ភ្លៀង​ធំ

    រដ្ឋធានី​សេ​អ៊ូ​ល របស់ កូរ៉េខាងត្បូង ទើបតែ​បាន​ឆ្លងកាត់​គ្រោះ​ជំនន់​ទឹកភ្លៀង​ធំ​បំផុត​ក្នុងអំឡុង ៨០ ឆ្នាំ​មកនេះ ធ្វើឱ្យ​ផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង ក្លាយទៅជា​ទន្លេ បណ្ដាលឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស​ជាច្រើន​នាក់។

    ភ្លៀង​ធំ​ដែល​បាន​ធ្លាក់​នៅក្នុង និង​ជុំវិញ​តំបន់ សេ​អ៊ូ​ល ចាប់ពី​ថ្ងៃទី ០៨ សីហា បាន​ពន្លិច​ផ្លូវថ្នល់​ជាច្រើន​ខ្សែ និង​រថយន្ត​ជាច្រើន​គ្រឿង បង្ក​ឱ្យ​កើតមាន​គ្រោះ​ជំនន់​ទឹកភ្លៀង​ដល់​តំបន់​ដែលមាន​ភូមិសាស្ត្រ​ទាប និង​បង្ខំ​ឱ្យ​ប្រជាជន​រាប់រយ​នាក់​ត្រូវ​ជម្លៀស​ខ្លួន។

    យោងតាម​អាជ្ញាធរ​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃទី ០៨ ដល់ ១០ សីហា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លា​ក់នៅ សេ​អ៊ូ​ល គឺ ៥២៥ ម​ម។ ចំណែក​តំបន់ Yangpyeong ដែលមាន​ចម្ងាយ​ពី សេ​អ៊ូ​ល ប្រហែល ៤៥ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត បរិមាណ​ទឹកភ្លៀង​សរុប​ក្នុងពេល​ដំណាលគ្នា​នឹង ទីក្រុង​សេ​អ៊ូ​ល គឺ ៥២៦.២ ម​ម។

    ក្រុមមន្ត្រី​របស់ កូរ៉េខាងត្បូង កាលពី​ម្សិលមិញ បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន ៩ នាក់​បាន​ស្លាប់, ៧ នាក់​បាត់​ខ្លួន, ១៧ នាក់​រងរបួស និង​ផ្ទះ អគារ​ជាង ២,៦០០ ខ្នង ត្រូវ​លិច​ក្នុង​ទឹកជំនន់ ក្រោយពី​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅក្នុង​សប្ដាហ៍​នេះ។

    នៅ​តំបន់​ខាងលើ មាន​ប្រជាជន​ប្រហែល ៥៧០ នាក់ មកពី ៣៩៨ គ្រួសារ ត្រូវ​ជម្លៀស​ខ្លួន ទៅកាន់​ទី​សុវត្ថិភាព។ នៅ​ទូទាំងប្រទេស អាជ្ញាធរ​បាន​ជម្លៀស​ខ្លួន​បណ្ដោះអាសន្ន​ចំពោះ​មនុស្ស​ប្រហែល ១,២០០ នាក់ មកពី ៧២៤ គ្រួសារ ដើម្បី​គេច​ពី​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ៕

  • ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    (សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ធុន​តូច ១ គ្រឿង កាលពី​រសៀល​ថ្ងៃទី ០៩ សីហា បាន​ហោះ​ធ្លាក់​មកលើ​ផ្លូវ​ល្បឿន​លឿន​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ California និង​បាន​ផ្ទុះ​ឆេះ ​គួរឱ្យ​រន្ធត់។

    យោងតាម នាយកដ្ឋាន​ជាតិ​គ្រប់គ្រង​អាកាសចរណ៍​របស់ សហរដ្ឋ​អាម៉េរិក យន្តហោះ​ដែល​ដឹក​មនុស្ស ២ នាក់​នេះ បាន​ធ្លាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន ៩១ នៅក្នុង​ទីក្រុង Corona ដែល​ស្ថិតក្នុង​ខណ្ឌ Riverside មាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត​របស់ Los Angeles។

    វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ​បង្ហាញថា យន្តហោះ​នេះ​ធ្លាក់​នៅ​កណ្ដាលផ្លូវ​ដែលមាន​រថយន្ត​ជាច្រើន​កំពុង​បរ​​ពេញ​ផ្លូវ និង​បាន​ផ្ទុះ​ឆេះ​នៅពេល​វា​រុល​ក្បាល​ទៅខាង​ស្ដាំដៃ​របស់​វា​ និង​បុក​ទៅនឹង​ជញ្ជាំង​ផ្លូវ។

    អង្គភាព​ពន្លត់​អគ្គិភ័យ Corona បានឱ្យដឹងថា មនុស្ស ២ នាក់​នៅលើ​យន្តហោះ​បាន​រួច​ផុតពី​ការគ្រោះ​ថ្នាក់​នេះ​ ហើយក៏​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​អ្វីដែល បើ​ទោះ​វា​បាន​ប៉ះទង្គិច​នឹង​រថយន្ត​ទ្រុង ១ គ្រឿង។ ក្នុង​ហេតុ​ការណ៍​នេះ​ក៏​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃនោះ​ដែរ។ អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​ត្រូវបាន​គ្រប់គ្រង​ទាន់ពេល​វេលា​ក្រោយពី​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ទៅដល់ ប៉ុន្តែ យន្តហោះ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្យាករ​អំពី​ពេលវេលា​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្យាករ​អំពី​ពេលវេលា​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ១០ សីហា បានឱ្យដឹងថា ប្រទេស​នេះ​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង រុស្ស៊ី រហូត​ដល់ពេល​ដណ្ដើម​បាន ឧបទ្វីប​គ្រី​មៀ (Crime) មកវិញ។

    «ការប្រយុទ្ធ​របស់ រុស្ស៊ី ប្រឆាំងនឹង អ៊ុយ​ក្រែ​ន និង ទ្វីបអឺរ៉ុប​សេរី ទាំងមូល គឺ​ចាប់ផ្ដើម​ពី គ្រី​មៀ ហើយក៏​នឹងត្រូវ​បញ្ចប់​ជាមួយនឹង​ការរំដោះ គ្រី​មៀ» លោក ហ្សេ​ឡែ​ន​ស្គី បាន​អះអាង​នៅក្នុង​ការ​ថ្លែង​តាមរយៈ​វីដេអូ​របស់លោក។

    «គ្រី​មៀ គឺជា​កម្មសិទ្ធិ​របស់ អ៊ុយ​ក្រែ​ន ហើយ​យើង​នឹងមិន​បោះបង់​ទឹកដី​នេះ​ជាដាច់ខាត» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បញ្ជាក់។ លោក ហ្សេ​ឡែ​ន​ស្គី យល់ថា នឹង​មិនមាន​សន្តិភាព​នៅ សមុទ្រ​ខ្មៅ និង មេ​ឌី​ទែ​រ​ណេ ឡើយ «បើសិន រុស្ស៊ី នៅតែ​ប្រើប្រាស់ គ្រី​មៀ ជា​មូលដ្ឋានទ័ព»។

    លោក ហ្សេ​ឡែ​ន​ស្គី ទទួលស្គាល់ថា ពិតជា​មានការ​លំបាក​ក្នុងការ​សន្និដ្ឋានថា នៅពេលណា​ទើប អ៊ុយ​ក្រែ​ន អាច​រំដោះ គ្រី​មៀ បាន ប៉ុន្តែ លោក​បាន​អះអាងថា «យើង​នឹង​នៅតែ​បន្ថែម​វិធានការថ្មីៗទៅក្នុង​យុទ្ធសាស្ត្រ​រំដោះ» តំបន់​នេះ។

    អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់ រុស្ស៊ី Medvedev បាន​ព្រមាន​ថា បើសិន ក្រុមមន្ត្រី​នៅ រដ្ឋធានី​កៀវ ប្ដេជ្ញា​ប្រើប្រាស់​កម្លាំងបាយ​ចំពោះ គ្រី​មៀ «ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ថ្ងៃ​កាត់ទោសភ្លាម»៕

  • យន្តហោះចម្បាំង​រុស្ស៊ី ជិត​ ១០ គ្រឿង ត្រូវ​បាន​បំផ្លាញ​​ ​ក្នុង​ករណី​ផ្ទុះ​នៅឯ​​ព្រលានយន្តហោះ​គ្រី​មៀ (Crimea)

    យន្តហោះចម្បាំង​រុស្ស៊ី ជិត​ ១០ គ្រឿង ត្រូវ​បាន​បំផ្លាញ​​ ​ក្នុង​ករណី​ផ្ទុះ​នៅឯ​​ព្រលានយន្តហោះ​គ្រី​មៀ (Crimea)

    រូបភាព​ពី​ផ្កាយរណប​បង្ហាញថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ រុស្ស៊ី ត្រូវ​ខូចខាត ក្នុង​គ្រា​ដែល​ឃ្លាំង​អាវុធ​ស្ថិតក្នុង​ស្ថានភាព​ដដែល នៅក្នុង​មូលដ្ឋាន Saki នៅ គ្រី​មៀ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​ជាច្រើន​ករណី​បានកើត​ឡើង។

    រូបភាព​ពី​ផ្កាយរណប​ដែល​ប្រកាស​កាលពី​ថ្ងៃទី ១០ សីហា ដោយ​ក្រុមហ៊ុន Planet Labs និង​ត្រូវបាន​ទំព័រ​យោធា​អាម៉េរិក War Zone វិភាគ បានបង្ហាញ​អំពី ឥទ្ធិពល​ពី​ករណី​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ​យោធា Saki ក្បែរ​តំបន់ Novofyodorovka លើ ឧបទ្វីប​គ្រី​មៀ មុន​នោះ​មួយថ្ងៃ។

    ការខូចខាត ភាគច្រើន​កើតមាន​នៅ​តំបន់​ភាគ​និរតី​នៃ​មូលដ្ឋានទ័ព Saki ជាទី​ដែលមាន​ព្រលានយន្តហោះ និង​លេណដ្ឋាន​ការពារ​យន្តហោះ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់​ព្រលានយន្តហោះ​នេះ មិន​រង​ការខូចខាត។

    «ពេល​ប្រៀបធៀប​ជាមួយនឹង​រូបភាព​មុនពេល​កើតមាន​ហេតុការណ៍​ផ្ទុះ ឃើញថា យន្តហោះ​ចម្បាំង Su-24 ចំនួន ៣ គ្រឿង និង Su-30 ១ គ្រឿង ត្រូវបាន​បំផ្លាញ​នៅលើ​ចំណត​សំខាន់​របស់​យន្តហោះ។ សំណង់​ទាំងឡាយ​ដែល​នៅក្បែរនោះ​ក៏​រង​ការខូចខាត​ក្នុង​កម្រិតផ្សេងៗគ្នា» អ្នកជំនាញ​ផ្នែក​យោធា Joseph Trevithick បានឱ្យដឹង​ដូច្នេះ។

    រូបភាព​ពី​ផ្កាយរណប​ក៏បាន​បង្ហាញថា មាន​រណ្ដៅធំៗចំនួន ៤ ដែលមាន​ទំហំ​ប្រហាក់ប្រហែលគ្នា នៅលើ​ចំណត​របស់​យន្តហោះ​ដែលមាន​លេណដ្ឋាន​ការពារ។ យ៉ាងហោចណាស់​ក៏មាន​យន្តហោះ​ចម្បាំង Su-30 និង Su-24 ចំនួន ៣ គ្រឿង ត្រូវបាន​បំផ្លាញ​ទាំងស្រុង​នៅ​ទីតាំង​នេះ ខណៈដែល Su-24 ១ គ្រឿង​ទៀត​ដែល​នៅក្បែរនោះ បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ។

    អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ដុត​កម្ទេច​មួយ​ភាគ​ធំ​នៃ​វាលស្មៅ​នៅ​កណ្ដាល​ព្រលានយន្តហោះ ប៉ុន្តែ ឃ្លាំង​អាវុធ​សំខាន់ និង​ទីលាន​ផ្គុំ​អាវុធ​សម្រាប់​យន្តហោះ​ចម្បាំង មិនបាន​រង​ផលប៉ះពាល់។

    សាក្សី​បានឱ្យដឹងថា បានឮ​សំឡេង​ផ្ទុះ​យ៉ាងតិច ១២ គ្រាប់ នៅវេលា​ម៉ោង​ប្រហែល ១៥ និង ២០ នាទី ថ្ងៃទី ០៩ សីហា ចេញពី​មូលដ្ឋាន​ទ័ពអាកាស Saki ក្បែរ Novofyodorovka នៅលើ ឧបទ្វីប​គ្រី​មៀ។

    ភាគី​ខាង​រុស្ស៊ី និយាយថា ករណី​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ​ខាងលើ គឺ​ដោយសារ​ការឆេះ​ឃ្លាំង​អាវុធ ពោលគឺ​មិនមែន​ដោយសារ​ការវាយប្រហារ​ពី អ៊ុយ​ក្រែ​ន ឡើយ។ ចំណែក អ៊ុយ​ក្រែ​ន វិញ​យល់ថា ករណី​ផ្ទុះ​ទាំងនោះ​អាច​បណ្ដាលមកពី​ភាព​អន់​ខ្សោយ​របស់ រុស្ស៊ី ឬ​ដោយសារ​ការ​ឆ្មក់​វាយប្រហារ​ពីស​ត្រូវ​របស់​ប្រទេស​នេះ៕

  • មេដឹកនាំ​ជាន់ខ្ពស់​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ធ្វើអត្តឃាត នៅពេល​ត្រូវបាន​ឡោមព័ទ្ធ

    មេដឹកនាំ​ជាន់ខ្ពស់​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ធ្វើអត្តឃាត នៅពេល​ត្រូវបាន​ឡោមព័ទ្ធ

    ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ SANA កាលពី​ម្សិលមិញ បានឱ្យដឹងថា Abu Salem Al-Iraqi ដែលជា​មេដឹកនាំ​ជាន់ខ្ពស់​មួយរូប​របស់ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) បានធ្វើ​អត្តឃាត​នៅក្នុង​យុទ្ធនាការ​សន្តិសុខ​ដែល អាជ្ញាធរ​ស៊ី​រី បាន​អនុវត្ត​មុន​នោះ​មួយថ្ងៃ នៅក្នុង​ខេត្ត Daraa ភាគខាងត្បូង​ប្រទេស​នេះ។

    SANA បាន​ចុះផ្សាយ​ថា Al-Iraqi ត្រូវបាន​ឡោមព័ទ្ធ និង​រងរបួស​ក្នុង​ផ្ទះមួយ​ខ្នង​នៅឯ​ទីរួមស្រុក Adwan ភាគ​ខាងលិច​របស់​ខេត្ត Daraa នៅពេល​កងកម្លាំង​សន្តិសុខ​របស់ ស៊ី​រី បាន​បើក​យុទ្ធនាការ​ពិសេស។ ក្រោយមក Al-Iraqi ក៏បាន​ធ្វើអត្តឃាត​ដោយ​ការ​បំផ្ទុះ​គ្រាប់​ផ្ទុះ​ដែល​ចង​ជុំវិញខ្លួន។

    យោងតាម​ប្រភពព័ត៌មាន​ខាងលើ Al-Iraqi គឺជា​មេដឹកនាំ​យោធា​របស់​អង្គការ​អ៊ីស្លាម​ជ្រុលនិយម IS (អង្គការ​រដ្ឋ​អ៊ីស្លាម) នៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី។ ជន​ដែលមាន​សញ្ជាតិ​អ៊ីរ៉ាក់ នេះ បានគេច​ខ្លួន​ទៅកាន់ Daraa បន្ទាប់ពី IS ត្រូវបាន​វាយបំបាក់​នៅ​តំបន់​ជំរំ Yarmouk ភាគខាងត្បូង​នៃ រដ្ឋធានី​ដា​ម៉ាស (Damascus)។

    អង្គការ​តាមដាន​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) បាន​បញ្ជាក់ថា Al-Iraqi ត្រូវបាន​កម្ចាត់​កាលពី​ថ្ងៃទី ០៩ សីហា។ យោងតាម SORH ជននេះ​បាន​លាក់ខ្លួន​ក្នុង​តំបន់​ខាងលើ​តាំងពី​ឆ្នាំ ២០១៨ និង​បាន​ចូលរួម​ក្នុងករណី​ធ្វើឃាត ក៏ដូចជា​ករណី​វាយប្រហារធំៗនានា​ដែល​បង្ក​ភាពវឹកវរ​ខ្លាំង​នៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី នាពេល​កន្លង៕

  • អ្នកទោស​ជាង ៨០០ នាក់​នៅ កុង​ហ្កោ «ហែក​គុក» គេចខ្លួន​បាត់ស្រមោល

    អ្នកទោស​ជាង ៨០០ នាក់​នៅ កុង​ហ្កោ «ហែក​គុក» គេចខ្លួន​បាត់ស្រមោល

    អ្នកទោស​ជាង ៨០០ នាក់ នៅក្នុង​ពន្ធនាគារ​ក្រុង Butembo ភាគខាងកើត​​របស់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កោ បាននាំគ្នា «ហែក​គុក» រត់គេចខ្លួន បន្ទាប់ពី​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​សម្រុកចូល​ពន្ធនាគា​រ បណ្ដាលឱ្យ​ប៉ូលិស ២ នាក់​ត្រូវ​បាត់បង់​ជីវិត។

    យោងតាម​សមត្ថកិច្ច​ក្នុង​តំបន់ ហេតុការណ៍​វឹកវរ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ០៩ សីហា។ ព័ត៌មានដំបូងៗបានឱ្យដឹងថា យ៉ាងហោចណាស់​មាន​ប៉ូលិស ២ នាក់ ​និង​មនុស្ស​ម្នាក់​ទៀត​​បាន​បាត់​បង់ជីវិត​។ អ្នកទោស​ជាង ៨០០ នាក់ ក្នុងចំណោម​អ្នកទោស​សរុប ៨៧២ នាក់ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ស្រុក Butembo បាន​រត់​គេចខ្លួនបាត់​ស្រមោល។

    បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​រក​ក្រុម​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ និង​ការ​ហែក​គុក​ខាងលើ។

    អំពើហិង្សា​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​ភាគខាងត្បូង​នៃ សាធារណរដ្ឋ​កុង​ហ្កោ ជាទី​ដែលមាន​ក្រុម​ប្រដាប់អាវុធ​ជាច្រើន ធ្វើ​សកម្មភាព​រាប់សិប​ឆ្នាំ​កន្លងមកហើយ៕