អតីត​ប្រធានាធិបតីរបស់ ប្រទេស​​ស្រីលង្កា ទៅ​កាន់ ប្រទេស​ថៃ

លោក Gotabaya Rajapaksa មក​ដល់​ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី ១១ សីហា​

កាលពី​ថ្ងៃទី ១១ សីហា អតីត​ប្រធានាធិបតី​របស់ ប្រទេស​ស្រីលង្កា លោក Gotabaya Rajapaksa បាន​ទៅ​ដល់ ទីក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់ពី​បាន​ចាក​ចេញពី សិង្ហ​បុរី។

លោក Rajapaksa បានធ្វើ​ដំណើរ​ដល់​ព្រលានយន្តហោះ Don Muang នៅ រាជធានី​បាងកក តាមរយៈ​ជើងហោះហើរ​ពី សិង្ហ​បុរី។ អាជ្ញាធរ​ថៃ បានឱ្យដឹងថា លោក Rajapaksa នឹង​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ ប្រទេស​ថៃ និង​មិន​មានបំណង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ឡើយ។

កាលពី​ថ្ងៃទី ១០ សីហា នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-o-cha ក៏​បានឱ្យដឹងថា នេះ​គឺជា​បញ្ហា​មនុស្សធម៌ និង​សង្កត់ធ្ងន់ថា លោក Rajapaksa នឹង​ស្នាក់នៅ​ក្នុងប្រទេស​នេះ​ជា​បណ្ដោះអាសន្ន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ក៏​នឹង​​មិន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទាំងអស់នៅ​ទី​នេះ។

រដ្ឋមន្ត្រីការបរទេស​ថៃ Don Pramudwinai បាន​ថ្លែងថា រដ្ឋាភិបាល​ស្រីលង្កា គាំទ្រ​ដំណើរ​របស់លោក Rajapaksa មកកាន់ ប្រទេស​ថៃ ជាទី​ដែល​លោក​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់​នៅក្នុង​រយៈពេល ៩០ ថ្ងៃ ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​របស់គាត់។

លោក Rajapaksa មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ ឬ​លើកឡើង​នូវ​ការអធិប្បាយ​ណាមួយ រាប់​ចាប់តាំងពី​ពេល​លោក​បាន​ចាក​ចេញពី ប្រទេស​ស្រីលង្កា៕

Advertisement