Category: អន្តរជាតិ

  • ទឹកជំនន់និង​ បំណាក់​ដី​​ដោយ​សារ​ភ្លៀង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៥០ នាក់​នៅ ឥណ្ឌា បាត់បង់​ជីវិត

    ទឹកជំនន់និង​ បំណាក់​ដី​​ដោយ​សារ​ភ្លៀង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៥០ នាក់​នៅ ឥណ្ឌា បាត់បង់​ជីវិត

    ក្នុង​រយៈពេល​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ គ្រោះទឹកជំនន់ និង​បាក់​ដី​បានសម្លាប់​មនុស្ស​យ៉ាងហោច ៥០ នៅក្នុង​តំបន់​ភាគ​ខាងជើង និង​ភាគ​ខាងកើត​របស់ ប្រទេស​ឥ​ណ្ឌា។

    ជំនន់​ទឹកភ្លៀង​បាន​ហូរ​ចូល​ភូមិឋាន កួច​យក​ផ្ទះសំបែង និង​បណ្ដាលឱ្យ​ប្រជាជន​ត្រូវ​ជាប់គាំង​នៅនឹងកន្លែង ខណៈដែល​ក្រុម​សង្គ្រោះ​ត្រូវ​រត់ប្រណាំង​នឹង​ពេលវេលា​ដើម្បី​ឈ្លៀសមនុស្ស​ដែល​នៅមាន​ជីវិត ទៅ​រក​ទីសុវត្ថិភាព​។

    ជនរងគ្រោះ​នៅក្នុង​គ្រោះទឹកជំនន់​នេះ​ភាគច្រើន​នៅក្នុង​រដ្ឋ Himachal Pradesh, Uttarakhand និង​រដ្ឋ Odisha បន្ទាប់ពី​បាតុភូត​ទឹកជំនន់ និង​បំណាក់​ដី​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​ជិត ៨០០,០០០ នាក់ ក្នុងនោះ​មាន​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ភៀសខ្លួន​ពី​ទីលំនៅ។ ភ្លៀង​ធ្លាក់​បង្ក​ជា​ទឹកជំនន់​បានធ្វើ​ឱ្យមាន​បញ្ហា​រអាក់រអួល​ដល់​បណ្ដាញ​អគ្គិសនី ទឹក និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់យ៉ាង​ធ្ងន់​ធ្ងរ។

    ជា​រៀងរាល់ឆ្នាំ រដូវភ្លៀង​នៅ ឥណ្ឌា បាន​បង្ក​ការខាតបង់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន ប៉ុន្តែ វា​ក៏​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ដ៏​សំខាន់​សម្រាប់​​ឧស្សាហកម្ម ជា​វិស័យ​ដែល​រួមចំណែក​ប្រមាណ ១៥% ទៅក្នុង​សេដ្ឋកិច្ច​របស់ ប្រទេស​ឥណ្ឌា៕

  • វៀតណាម ស្នើឱ្យ កម្ពុជា ជួយ​សហការ​ស៊ើបអង្កេត​ក​រ​ណី ជនជាតិ​វៀតណាម រត់គេច​ពី​កាស៊ីណូនៅ កម្ពុជា

    វៀតណាម ស្នើឱ្យ កម្ពុជា ជួយ​សហការ​ស៊ើបអង្កេត​ក​រ​ណី ជនជាតិ​វៀតណាម រត់គេច​ពី​កាស៊ីណូនៅ កម្ពុជា

    អាជ្ញាធរ​វៀតណាម ស្នើ កម្ពុជា ជួយ​សហ​ការ ​ស៊ើបអង្កេត​រក​​មូលហេតុ​ដែលនាំឱ្យ ជនជាតិ​វៀតណាម ៤២ នាក់ រត់គេច​ពី​កាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និង​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន នេះ​បើតាម​សារព័ត៌មាន​វៀតណាម VNexpress ស្រង់​ព័ត៌មាន​ពី ក្រសួងការបរទេស​វៀ​ត​ណា​ម ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី ២០ សីហា។

    វៀតណាម បាន​ទាក់ទង​ទៅកាន់ អាជ្ញាធរ​កម្ពុជា ដើម្បី​បញ្ជាក់​អំពី​ព័ត៌មាន​នេះ និង​ស្នើឱ្យ​ត្រួតពិនិត្យ​ទីតាំង​មួយ​នៅក្នុង ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang និយាយ​អំពី​ព័ត៌មាន​ស្ដីពី​ពលករ​វៀតណាម ៤២ នាក់ ដែល​បាន​រត់គេចខ្លួន​ពី​កាស៊ីណូ នៅ កម្ពុជា។

    លោកស្រី Hang ឱ្យដឹងថា វៀតណាម បានស្នើ​ឱ្យ កម្ពុជា ជួយ​តាមរក​អ្នក​ដែល​កំពុង​បាត់​ខ្លួន និង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ហេតុការណ៍​នេះ។ អ្នកនាំពាក្យ​រូបនេះ​ក៏បាន​ព្រមាន​អំពី​ស្ថានភាព ជនជាតិ​វៀតណាម ត្រូវគេ​មេខ្យល់​បោក​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ កម្ពុជា ក្នុង​រយៈពេល​កន្លង។ លោកស្រី Hang បញ្ជាក់ថា ជនជាតិ​វៀតណាម ជាង ៥០០ នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​នាំ​ត្រលប់ទៅ​កាន់​​ប្រទេស​ដោយ​សុវត្ថិភាព និង​រាប់ពាន់នាក់​ទទួលបាន​ជំនួយ​ក្នុង​ការ​ធ្វើ​លិខិតស្នាម។

    ការិយាល័យ​ការពារ​ព្រំដែន Long Binh ខេត្ត An Giang របស់ វៀតណាម កាលពី​ថ្ងៃទី ១៨ សីហា បាន​ចាប់ខ្លួន​មនុស្ស ៤០ នាក់ រួមមាន​ស្ត្រី ៥ នាក់ និង​បុរស ៣៥ នាក់ ព្រោះតែ​ឆ្លងដែន​ចូល​ទឹកដី​របស់ វៀតណាម ដោយ​ខុសច្បាប់។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​បានឱ្យដឹងថា មនុស្ស ៤២ នាក់ បាន​រត់គេចខ្លួន​ពី​កាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និង​ហែល​ឆ្លងទន្លេ Binh Di ត្រលប់ទៅ​​ប្រទេស។ ប៉ុន្តែ ម្នាក់​ត្រូវ​ទឹក​គួច​បាត់​ខ្លួន និង​ម្នាក់​ត្រូវបាន​ខាង​កាស៊ីណូ​ចាប់​ត្រលប់​មកវិញ។

    ក្រុម​ពលករ​វៀតណាម ដែល​រត់​គេច​ពីកាស៊ី​ណូ នៅ​ កម្ពុជា កំពុង​សម្រាក​នៅ​ក្នុង​ទីតាំង​មួយ​របស់​ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត An Giang កាលពី​ថ្ងៃទី ១៩ សីហា ២០២២

    ជនជាតិ​វៀតណាម ខាងលើ បាន​សារភាពថា មុន​នោះ​ពួកគេ​បាន​ចូល​ទឹកដី​របស់ កម្ពុជា ដោយ​ខុសច្បាប់ ដើម្បី​ទៅធ្វើ​ការ​ក្នុង​កាស៊ីណូ​មួយចំនួន។ ដោយសារតែ​ត្រូវ​ធ្វើការ​លើសពី​ការកំណត់​របស់​ច្បាប់ មិនបាន​សម្រាក​គ្រប់គ្រាន់ និង​មិន​ទទួលបាន​ប្រាក់ខែ ពួកគេ​ក៏​នាំគ្នា​រក​វិធី​ឆ្លងដែន​ត្រលប់​ទៅ វៀតណាម វិញ។

    សារព័ត៌មាន VNexpress បានឱ្យដឹងថា ថ្មីៗនេះ ជនជាតិ​វៀតណាម ជាច្រើន ត្រូវបាន​មេខ្យល់​បោក​យកមក កម្ពុជា ហើយ​លក់​ទៅឱ្យ​បន​ល្បែង​មួយចំនួន ឬ​ក្រុម​ជួញដូរ​ប្រាក់​ឌីជីថល​គ្រីប​តូ និង​ត្រូវ​រំលោភបំពាន​កម្លាំង​ពលកម្ម។ បើសិនជា​ចង់​ត្រលប់​ទៅ​ប្រទេស​វិញ ពួកគេ​ត្រូវតែ​បង់ប្រាក់​ចាប់ពី ៣,០០០ ដល់ ៣០,០០០ ដុល្លារ​អាម៉េរិក។

    ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ចោទថា បន​ល្បែង​ដែល​រំលោភ​កម្លាំង​ពលកម្ម រឹបអូស​ទ្រព្យសម្បត្តិ​បុគ្គល ភាគច្រើន​​​ស្ថិតនៅក្នុង​ ក្រុង​បាវិត ខេត្តស្វាយរៀង, ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ, ជ្រៃ​ធំ ខេត្តកណ្ដាល និង ភ្នំពេញ។ ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ ប៉ូលិស​វៀតណាម សហការ​ជាមួយ​សមត្ថកិច្ច​របស់ កម្ពុជា រំដោះ​ជនរងគ្រោះ​បាន​ជាង ២៥០ ករណី ដែល​ត្រូវបាន​ជនខិលខូច​បោក​មក​ធ្វើការ​នៅ កម្ពុជា ដោយ​ខុសច្បាប់៕

  • អាជ្ញាធរ​ចិន «បង្កើត​ភ្លៀង​ជំនួស​ព្រះ​ពិរុណ» នៅពេល​ទន្លេ​វែង​ជាងគេ​នៅ អាស៊ី រីងស្ងួត

    អាជ្ញាធរ​ចិន «បង្កើត​ភ្លៀង​ជំនួស​ព្រះ​ពិរុណ» នៅពេល​ទន្លេ​វែង​ជាងគេ​នៅ អាស៊ី រីងស្ងួត

    ក្រុម​យន្តហោះ​របស់​ចិន ត្រូវបាន​បញ្ជូនទៅ​បាញ់​សារធាតុ អ៊ីយ៉ូត​ប្រាក់ ទៅលើ​មេឃ ដើម្បី​បង្កើត​ភ្លៀង​សម្រាប់​តំបន់ក្បែរ​ៗ​ទន្លេ Yangtze ក្នុង​គ្រា​ដែល​តំបន់​នេះ​កំពុង​ជួប​គ្រោះរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ និង​កម្ដៅ​កើនឡើង​ខ្ពស់​ខ្លាំង។

    អាជ្ញាធរ​តំបន់​ជាច្រើន​នៅក្បែរ​ទន្លេ Yangtze ដែលជា​ទន្លេ​វែង​បំផុត​នៅ ទ្វីបអាស៊ី និង​ឈរ​លំដាប់​ទី ៣ នៅលើ​ពិភពលោក បាន​បង្កើត​យុទ្ធនាការ​អន្តរាគមន៍​ដើម្បី​កែប្រែ​អាកាសធាតុ ប៉ុន្តែ ពពក​ស្ដើង​ពេក ទើប​មិនទាន់​បង្កើតជា​ភ្លៀង​បាន។

    នៅក្នុង​ប្រកាស​កាល​ពី​​ថ្ងៃទី ១៧ សីហា ក្រសួង​ធនធានទឹក​របស់ ចិន បានឱ្យដឹងថា ស្ថានភាព​រាំងស្ងួត​នៅតាម​តំបន់​បណ្ដោយ​ទន្លេ Yangtze កំពុង​បង្ក​ផល​អាក្រក់​ដល់​សន្តិសុខ​ប្រភពទឹក​របស់​ប្រជាជន សត្វ​ចិញ្ចឹម និង​ផលដំណាំ»។

    គ្រោះរាំងស្ងួត​នៅ ប្រទេស​ចិន

    ក្នុង​ថ្ងៃ​ដដែល ខេត្ត Hubei គឺជា​តំបន់​ថ្មី​បំផុត​ដែល​ប្រកាសថា នឹង​បង្កើត​ពពក​សិប្បនិម្មិត​ដោយ​ប្រើប្រាស់​សារធាតុ អ៊ីយ៉ូត​ប្រាក់ ដើម្បី​បង្អុរ​ទឹកភ្លៀង។

    អ៊ីយ៉ូត​ប្រាក់ ដែល​ដាក់​នៅក្នុង​បំពង់​តូចៗ​ប៉ុន​ដើម​បារី នឹងត្រូវ​បាន​បាញ់​ទៅក្នុង​ពពក​ដែលមាន​បច្ចុប្បន្ន ដើម្បី​បង្កើតបានជា​ភាគល្អិត​នៃ​ទឹកកក។ ភាគល្អិត​ទាំងនេះ​ជួយ​ឱ្យ​ពពក​មាន​សំណើម​ជាង​មុន ហើយ​គ្រាប់​ទឹក​ក្នុង​ពពក​ក៏​ងាយស្រួល​ធ្លាក់​ជា​ភ្លៀង។

    បច្ចេកទេស​បង្កើត​ពពក​ភ្លៀង​ ឬ​ភ្លៀង​សិប្បនិម្មិត​នេះ​ត្រូវបាន​ប្រើប្រាស់​តាំងតែ​ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ហើយ ប្រទេស​ចិន មានកម្ម​វិធី​នេះ​ធំជាងគេ​បង្អស់។ ប្រទេស​ចិន ធ្លាប់បាន​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅមុន​ព្រឹត្តិការណ៍​អូឡាំពិក​ប៉េកាំង ២០០៨ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា អាកាសធាតុ​ស្ងួត មិនមាន​ភ្លៀង​នៅពេល​ព្រឹត្តិការណ៍​នេះកំពុង​​ត្រូវបាន​ធ្វើឡើង៕

  • មាន​ហេតុការណ៍​​ផ្ទុះ​ចំនួន ៤ នៅក្បែរ​ព្រលានយន្តហោះ​យោធា​រុស្ស៊ី នៅ គ្រី​មៀ

    មាន​ហេតុការណ៍​​ផ្ទុះ​ចំនួន ៤ នៅក្បែរ​ព្រលានយន្តហោះ​យោធា​រុស្ស៊ី នៅ គ្រី​មៀ

    យ៉ាងហោចណាស់​មាន​ហេតុ​ការណ៍​​ផ្ទុះ​ចំនួន ៤ ករណី​ បាន​កើតឡើង​នៅក្បែរ​ព្រលានយន្តហោះ Belbek នៅ គ្រី​មៀ (Crimea) ដែល​ក្រោយមក ក្រុមមន្ត្រី​រុស្ស៊ី អះអាង​ថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​របស់ អ៊ុយ​ក្រែ​ន។

    Mikhail Razvozhayev អភិបាល​តំបន់ Sevastopol នៅ ឧបទ្វីប​គ្រី​មៀ កាលពី​យប់​ថ្ងៃទី ១៨ សីហា បានឱ្យដឹងថា ករណី​ផ្ទុះ​មួយចំនួន​កើតឡើង​នៅ​តំបន់​ជុំវិញ​ព្រលានយន្តហោះ​យោធា Belbek ភាគ​ខាងជើង​ទីក្រុង ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ឬ​បង្ក​ការខូចខាត​ណា​មួយ​ឡើយ។

    ប្រភពព័ត៌មាន​ចំនួន ៣ នៅ ឧបទ្វីប​គ្រី​មៀ ក៏បាន​បញ្ជាក់ថា យ៉ាងហោចណាស់​មាន​ហេតុការណ៍​ផ្ទុះ​ចំនួន ៤ ករណី កើតឡើង​នៅក្បែរ​ព្រលានយន្តហោះ Belbek កាលពី​យប់មិញ។

    «ទិន្នន័យ​ដំបូង​បាន​បង្ហាញថា យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ១ គ្រឿង​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ រុស្ស៊ី បាញ់​ទម្លាក់​នៅក្បែរ​ព្រលានយន្តហោះ Belbek» អភិបាលក្រុង Razvozhayev ឱ្យដឹង​ដូច្នេះ។

    ក្រសួងការពារជាតិរ​បស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទៅនឹង​ព័ត៌មាន​នេះ​នៅឡើយ។

  • ឆេះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន អ៊ុយ​ក្រែ​ន

    ឆេះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន អ៊ុយ​ក្រែ​ន

    ឃ្លាំង​អាវុធ​មួយកន្លែង​របស់ រុស្ស៊ី ដែល​បាន​ឆេះ​កាលពី​យប់​មិញ ស្ថិតនៅ​ក្នុងភូមិ Timonovo ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន នេះ​បើតាម​អភិបាល​តំបន់ Belgorod (រុស្ស៊ី) លោក Vyacheslav Gladkov។

    លើ​បណ្ដាញ​សង្គម Telegram លោក Gladkov បានឱ្យដឹងថា ប្រជាពលរដ្ឋ​ក្នុង​​​កំពុង​ត្រូវបាន​ឈ្លៀស​ពី​ភូមិ Timonovo និង Soloti ទៅកាន់​ទី​សុវត្ថិភាព។

    កងកម្លាំង​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ​ក៏​កំពុង​ត្រូវបាន​ស្រាវជ្រាវ។

    ចាប់តាំងពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ទីតាំងសំខាន់ៗជាច្រើន​របស់ រុស្ស៊ី ដែល​ស្ថិត​នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ជាដើម ក្នុងនោះ​មាន​តំបន់ Belgorod, Bryansk និង Kursk។

    https://www.youtube.com/watch?v=gqt37VTsoKk

  • ក្រុមតំណាងរាស្ត្រ​កាណាដា គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់

    ក្រុមតំណាងរាស្ត្រ​កាណាដា គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់

    ប្រតិភូ​តំណាងរាស្ត្រ​របស់ ប្រទេស​កាណាដា មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ ក្នុង​ខែតុលា ដើម្បី​ស្វែងរក​ឱកាស​សហការ​ផ្នែក​សេដ្ឋកិច្ច​ក្នុង តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក។

    «គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​មិនមែន​ដើម្បី​បង្ក​ភាពរអាក់រអួល ឬ​បញ្ហា​ដល់ តៃវ៉ាន់ ក៏ដូចជា ចិនដីគោក។ ទស្សនកិច្ច​នេះ​គឺ​ផ្ដោតលើ​ពាណិជ្ជកម្ម មិត្តភាព ឱកាស​សម្រាប់ កាណាដា នៅ តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក» Judy Sgro តំណាងរាស្ត្រ​មកពី​បក្ស​សេរីភាព​កាណាដា ថ្លែង​កាលពី​ម្សិលមិញ​ដូច្នេះ។

    យោងតាម​លោកស្រី Sgro ប្រតិភូ​តំណាងរាស្ត្រ​កាណាដា គ្រោង​នឹង​ទៅដល់ កោះ​តៃវ៉ាន់ ក្នុង​ខែតុលា​ខាងមុខ។ ក្រុមមន្ត្រី​នៅ អូ​តា​វ៉ា តែងតែ​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ ២ លើក​ក្នុង ១ ឆ្នាំ ប៉ុន្តែ មួយរយៈ​ពេល​ចុង​ក្រោយនេះ​ត្រូវ​ផ្អាក​ដោយសារតែ​បញ្ហា​កូ​វីដ-១៩។

    រដ្ឋាភិបាល​កាណាដា របស់លោក​នាយករដ្ឋមន្ត្រី Justin Trudeau ប្រកាស​គោរព និង​គាំទ្រ​លើ​ការសម្រេចចិត្ត​របស់​ក្រុមតំណាងរាស្ត្រ​នេះ។ ចំណែក ស្ថានទូត​ចិន នៅ រដ្ឋធានី​អូ​តា​វ៉ា វិញ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ប៉ុន្តែ គ្រប់ពេល ប្រទេស​ចិន តែងតែ​ចាត់ទុក កោះ​តៃវ៉ាន់ ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន និង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ៕

  • ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជា​លើកដំបូង​នៅ​រដ្ឋធានី​ថ្មី នូ​សាន​តារា (Nusantara)

    ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជា​លើកដំបូង​នៅ​រដ្ឋធានី​ថ្មី នូ​សាន​តារា (Nusantara)

    កាលពី​ថ្ងៃទី ១៧ សីហា ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន​ជា​លើកដំបូង​នៅ រដ្ឋធានី​ថ្មី នូ​សាន​តារា ដែល​អាច​បើកទ្វារ​ដំណើរការ​នៅ​អំឡុង​ប្រធានាធិបតី Joko Widodo ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។

    មាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រហែល ២,០០០ គីឡូម៉ែត្រ នូ​សាន​តារា កំពុង​ត្រូវបាន​ស្ថាបនា​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​នយោបាយ​ថ្មី​របស់​ប្រទេស​ដែលមាន​ផ្ទៃក្រឡា​ធំជាងគេ​លំដាប់​ទី ៤ ក្នុង​ពិភពលោក​មួយ​នេះ។

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំណត់​គោលដៅ​បង្ហើយ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​អាច​បើកទ្វារ​រដ្ឋធានី​ថ្មី នូ​សាន​តារា នៅ​អំឡុង​ប្រធានាធិបតី Joko Widodo ចប់​អាណត្តិ​នៅ​ឆ្នាំ ២០២៤។

    មេដឹកនាំ​រដ្ឋធានី​ថ្មី​របស់ ឥណ្ឌូណេស៊ី លោក Bambang Susantono បានឱ្យដឹងថា «ចំណុច​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ការប្រើប្រាស់​ស្មារតី​នៃ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី ៧៧ ដើម្បី​ពង្រឹង​ការប្ដេជ្ញាចិត្ត និង​ស្មារតី​របស់​យើង នៅក្នុង​ការកសាង​រដ្ឋ​ធានី​ថ្មី»។

    យោងតាម​លោក Susantono រដ្ឋធានី​ថ្មី នូ​សាន​តារា ដែលមាន​ផ្ទៃក្រឡា​ប្រហែល ៥៦,១៨០ ហិកតា នឹង​ក្លាយជា​ទីកន្លែង​រស់នៅរ​បស់​ប្រជាជន​ប្រហែល ២ លាន​នាក់ នៅ​ឆ្នាំ ២០៤៥។

    ដំណើរការ​នៃ​ការអភិវឌ្ឍ​រដ្ឋធានី​ថ្មី​នឹង​ត្រូវបាន​អនុវត្ត​ជា ៣ ដំណាក់កាលសំខាន់ៗគឺ ឆ្នាំ ២០២៤, ២០៣៥ និង ២០៤៥។ នៅ​ឆ្នាំ ២០៤៥ នូ​សាន​តារា នឹង​ជា​តំបន់​សេដ្ឋកិច្ច​ដែល​អាចជួយ​ជំរុញ​ឱ្យ ឥណ្ឌូណេស៊ី ក្លាយជា​ប្រទេស​អភិវឌ្ឍ។

    រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​ពី​គម្រោង​រើ រដ្ឋធានី​ហ្សា​ការ​តា ចេញពី កោះ​ជ្វា ជា​កោះ​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក កាលពី​ខែមេសា ២០១៩។ ប្រធានាធិបតី Joko Wedodo ប្រកាសថា ស្រុក Penajam Paser ខាងជើង និង Kutai Kertanegara នៃ​ខេត្ត Kalimantan ខាងកើត ត្រូវបាន​ជ្រើសរើស​ជាទី​តាំងរបស់​រដ្ឋធានី​ថ្មី។

    នូ​សាន​តារា នឹង​ដើរតួនាទី​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​កំ​ពូ​ល​របស់ ឥណ្ឌា​ណេ​ស៊ី ខណៈដែល ហ្សា​ការ​តា ដែលជា​រដ្ឋធានី​បច្ចុប្បន្ន និង​ជាទី​ដែលមាន​មនុស្ស​ជាង ១០ លាន​នាក់​កំពុង​រស់នៅ នឹង​នៅតែ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ៕

  • អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង​មក អាស៊ី ជា​លើកដំបូង

    អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង​មក អាស៊ី ជា​លើកដំបូង

    ប្រទេស​អាល្លឺម៉ង់ បញ្ជូន​ក្រុម​យន្តហោះ​ចម្បាំង យន្តហោះ​ដឹកជញ្ជូន និង​យន្តហោះ​ផ្គត់ផ្គង់​ឥន្ធនៈ​មក​ធ្វើ​សមយុទ្ធ​យោធា​នៅ ទ្វីបអាស៊ី ជា​លើកដំបូង ដែល​នេះ​គឺជា​ការបង្ហាញ​អំពី​សមត្ថភាព​ប្រយុទ្ធ​នៅក្នុង​តំបន់។

    «កងទ័ពអាកាស​អាល្លឺម៉ង់ ជា​លើកដំបូង បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​យន្តហោះ​គាំទ្រ មកកាន់​តំបន់ ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក។ ក្រុម​យន្តហោះ​នេះ​បាន​ឆ្លងកាត់​ផ្លូវ​ចម្ងាយ ១០,០០០ គីឡូម៉ែត្រ ក្នុង​រយៈពេល ២៤ ម៉ោង» កងទ័ពអាកាស​របស់ ប្រទេស​អាល្លឺម៉ង់ ប្រកាស​កាលពី​ថ្ងៃទី ១៧ សីហា។

    នេះ​ក៏​ជាការ​បញ្ចេញ​ក្រុម​យន្តហោះ​​ចម្បាំង​ទ្រង់​ទ្រាយ​ធំ​បំផុត​របស់ ទ័ពអាកាស​អាល្លឺម៉ង់ នៅក្នុង​សម័យ​សន្តិភាព។ សកម្មភាព​នេះ​ត្រូវបាន​គេ​យល់ថា គឺជា​ការបង្ហាញ​សមត្ថភាព​ប្រយុទ្ធ និង​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត​របស់ អាល្លឺម៉ង់ នៅក្នុង​តំបន់។

    ក្រុម​យន្តហោះ​យោធា​របស់ អាល្លឺម៉ង់ ខាងលើ ដែល​រួមមាន យន្តហោះ​ចម្បាំង Eurofighter Typhoon ចំនួន ៦ គ្រឿង, យន្តហោះ​ដឹកជញ្ជូន A400M ៤ គ្រឿង និង​យន្តហោះ​ផ្គត់ផ្គង់​ប្រេង​ពហុមុខ​ងារ A330 ចំនួន ៣ គ្រឿង បានមក​ដល់ សិង្ហ​បុរី កាលពី​ថ្ងៃទី ១៦ សីហា ត្រៀមខ្លួន​ដើម្បី​ទៅ​ចូលរួម​ធ្វើ​សមយុទ្ធ Pitch Black នៅ អូស្ត្រាលី ចាប់ពី​ថ្ងៃទី ១៩ សីហា ដល់ ៩ កញ្ញា។

    ក្នុង​សមយុទ្ធ​ខាងលើ ក្រុម​ហោះហើរ​របស់ អាល្លឺម៉ង់ ក៏មាន​គម្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង សិង្ហ​បុរី និង​ធ្វើ​ទស្សនកិច្ច​នៅ កូរ៉េខាងត្បូង និង ជប៉ុន ផងដែរ៕

  • យានយន្ត​ក្នុង​វិស័យ​អាកាសចរណ៍​វៀតណាម នឹងត្រូវ​ប្ដូរ​ពី​ការប្រើ​ប្រេងសាំង មក​ប្រើ​អគ្គិសនី

    យានយន្ត​ក្នុង​វិស័យ​អាកាសចរណ៍​វៀតណាម នឹងត្រូវ​ប្ដូរ​ពី​ការប្រើ​ប្រេងសាំង មក​ប្រើ​អគ្គិសនី

    នាយកដ្ឋាន​អាកាសចរណ៍​វៀតណាម  គ្រោង​នឹង​តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​អាកាសចរណ៍ ត្រូវមាន​ផែនការ​ងាក​មកប្រើប្រាស់​យានយន្ត​ដែល​ដំណើរការ​ដោយ​អគ្គិសនី ជំនួស​យានយន្ត​ប្រើ​ប្រេងសាំង​នាបច្ចុប្បន្ន។

    នាយកដ្ឋាន​អាកាសចរណ៍​របស់ ប្រទេស​វៀតណាម បានឱ្យដឹងថា កំពុងតែ​ស្រង់​មតិ​សម្រាប់​សេចក្ដីព្រាង​សំណើ​របស់ខ្លួន ដែល​កំណត់​អំពី​ការការពារ​បរិស្ថាន​នៅក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល។ ក្រោយពី​ការ​ស្រង់​មតិ និង​ការអនុម័ត​ពី​រដ្ឋាភិបាល សារាចរ​ណែនាំ​នេះ​នឹងត្រូវ​អនុវត្ត​ចំពោះ​អង្គការ ស្ថាប័ន បុគ្គល​ដែលមាន​ទំនាក់ទំនង​ជាមួយ​សក​ម្ម​ភាព​អាកាសចរណ៍​ស៊ីវិល​នៅ វៀតណាម។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា នៅក្នុង​សេចក្ដីព្រាង​សំណើ​របស់ នាយកដ្ឋាន​អាកាសចរណ៍​របស់ ប្រទេស​វៀតណាម ក៏​មានការ​កំណត់ឱ្យ​បណ្ដា​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​អាកាសចរណ៍ ត្រូវមាន​ផែនការ​ផ្លាស់ប្ដូរ​យានយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល មកប្រើប្រាស់​យានយន្ត​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី។

    ក្នុង​សេចក្ដីព្រាង​សំណើ​ដែល​កំពុង​ស្រង់​មតិ​នេះ ក៏មាន​ការកំណត់​ទាក់ទង​នឹង​ការការពារ​បរិស្ថាន​នៅក្នុង​តំបន់​ព្រលានយន្តហោះ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​អាកាសចរណ៍ សុំ​អាជ្ញាប័ណ្ណ​បរិស្ថាន​ទៅតាម​ច្បាប់​គ្រប់គ្រង​បរិស្ថាន​របស់​ប្រទេស​នេះ​ផងដែរ៕

  • យន្តហោះធ្លាក់ចូលទៅក្នុងបឹង​ជម្រៅ​ជិត​ ៤០ ម៉ែត្រ បណ្ដាលឱ្យមនុស្ស ៧ នាក់ស្លាប់ និងរងរបួស

    យន្តហោះធ្លាក់ចូលទៅក្នុងបឹង​ជម្រៅ​ជិត​ ៤០ ម៉ែត្រ បណ្ដាលឱ្យមនុស្ស ៧ នាក់ស្លាប់ និងរងរបួស

    មនុស្ស ២ នាក់​បាន​បាត់​បង់ជីវិត និង ៥ នាក់​ទៀត​រងរបួស បន្ទាប់ពី​យន្តហោះ​ធុន​តូច ១ គ្រឿង បាន​ធ្លាក់​ទៅក្នុង​បឹង Powell ដែល​ស្ថិតនៅ​ចន្លោះ​រដ្ឋ Arizona និង​រដ្ឋ Utah របស់ សហរដ្ឋ​អាម៉េរិក។

    អា​ជ្ញ​ធារ​ក្នុង​តំបន់ កាលពី​ថ្ងៃទី ១៦ សីហា បានឱ្យដឹងថា យន្តហោះ​ធុន​តូច ១ គ្រឿង បាន​ធ្លាក់​ចូលទៅក្នុង​បឹង​មួយ​ដែល​ស្ថិតនៅ​ចន្លោះ​រដ្ឋ Arizona និង​រដ្ឋ Utah របស់ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស ២ នាក់​ស្លាប់ និង ៥ នាក់​ទៀត​រងរបួស។

    ស​ក្សី​បានឱ្យដឹងថា ពួកគេ​បានឃើញ​យន្តហោះ​ហោះ​សំដៅ​បឹង Powell នៅក្បែរ​ជ្រលង​ភ្នំ Face នៅវេលា​ម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី ១៣ សីហា។

    ក្រុមមន្ត្រី​នៃ​នាយកដ្ឋាន​អាកាសចរណ៍​អាម៉េរិក បាន​បញ្ជាក់ថា អ្នកបើកបរ​របស់​យ​ន្ត​ហោះ Cessna 207 បាន​រាយការណ៍​អំពី​បញ្ហា​ម៉ាស៊ីន មុនពេល​យន្តហោះ​ជួប​គ្រោះថ្នាក់។ អ្នកដំណើរ ៦ នាក់​នៅលើ​យន្តហោះ​ដែល​បាន​ធ្លាក់​នោះ​គឺជា ជនជាតិ​បារាំង។

    ​បឹង Powell នៅក្បែរ​ជ្រលង​ភ្នំ Face

    បច្ចុប្បន្ន សាកសព​យន្តហោះ​កំពុងស្ថិត​នៅក្រោម​ផ្ទៃ​ទឹក​បឹង​ដែលមាន​ជម្រៅ ៣៧ ម៉ែត្រ។ ចំណែក​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​ជាក់លាក់​ដែលនាំឱ្យ​កើតមាន​ហេតុការណ៍​នេះ៕