Category: អន្តរជាតិ

  • ក្រោយ​ពី​ត្រូវ​បាន​រំដោះ​ចេញ​ពី​កាស៊ី​ណូ​នៅ កម្ពុជា នារី​​តៃវ៉ាន់ រូប​នេះ រៀបរាប់​ដំណើរ​រឿង​ដែល​នាង​បាន​ឆ្លង​កាត់​

    ក្រោយ​ពី​ត្រូវ​បាន​រំដោះ​ចេញ​ពី​កាស៊ី​ណូ​នៅ កម្ពុជា នារី​​តៃវ៉ាន់ រូប​នេះ រៀបរាប់​ដំណើរ​រឿង​ដែល​នាង​បាន​ឆ្លង​កាត់​

    បន្ទាប់ពី​បង្ហោះ​សារ​ស្វែងរក​ការងារ​លើ Facebook នារី​ចិនតៃវ៉ាន់ ម្នាក់ ឈ្មោះ Yu Tang ត្រូវបាន​ស្ត្រី​ម្នាក់​សុំ​ស្គាល់ និង​អញ្ជើញ​ឱ្យ​ចេញទៅ​បរទេស​ដើម្បី​ធ្វើជា​អ្នកឆ្លើយ​ឆ្លងតាម​អ៊ី​ន​ធើ​ណិ​ត ជួយ​សម្រួល​ដល់​អតិថិ​ជន​នៅក្នុង​បន​ល្បែង​អន​ឡាញ ឬ​ហៅថា កាស៊ីណូ​អន​ឡាញ។

    Yu Tang ដែលជា​នារី​ម្នាក់​រស់នៅ​លើ កោះ​តៃវ៉ាន់ បានឱ្យដឹងថា ស្ត្រី​ជនជាតិ​តៃវ៉ាន់ ម្នាក់ កាលពី​ខែមេសា ២០២២ បាន​ណែនាំ​ឱកាស​ការងារ​ក្នុង​វិស័យ​ហ្គេម​អន​ឡាញ និង​កាស៊ីណូ​នៅ​បរទេស​ដល់​នាង។ ស្ត្រី​រូបនេះ​សន្យាថា ជួយ​បង់ថ្លៃ​សំបុត្រ​យន្តហោះ​ទាំង​ទៅ​ទាំង​មកដល់​នាង បើសិន​មិន​ពេញ​ចិត្តនឹង​ការងារ ហើយ​ថែមទាំង​សុំ​ជួប​ផ្ទាល់​ដើម្បី​ចរចា។

    Yu Tang យល់ព្រម​ទទួលយក​ការងារ បន្ទាប់ពី​បាន​ជួបចរចា​គ្នា ហើយ​ក្រោយមក នាង​ក៏​ត្រូវបាន​នាំទៅ​កាន់​ព្រលានយន្តហោះ ជា​កន្លែង​ដែល​នាង​បាន​ជួប​មនុស្ស​ជាច្រើន​ដែលមាន​ស្ថានភាព​ដូច​នាង។ ពួកគេ​បានធ្វើ​ដំណើរ​មកកាន់ ភ្នំពេញ។ ក្រុមមនុស្ស​ចេញមក​ទទួល​ដែល​ហៅ​ខ្លួនឯង​ថា​ជា «ក្រុមហ៊ុន​ទេសចរណ៍ ប៉ុន្តែ មើលរូប​រាង​ដូច​ទៅនឹង​ក្រុមសង្គមងងឹត» នាង Yu Tang រៀបរាប់។

    ពួកគេ​រក្សា​លិខិតឆ្លងដែន​របស់​ក្រុម​ដែលមាន Yu Tang ដោយ​ប្រាប់ថា ដើម្បី​ទិញ​ស៊ីម​កាត ប៉ុន្តែ ក្រោយមក​ក៏​នៅតែ​មិន​ព្រម​សង​មកវិញ។

    នាង Yu Tang បន្តថា «ពេលនោះ ពួកយើង​សង្ស័យថា ត្រូវគេ​នាំមក​លក់។ ខ្ញុំ​ដឹងថា បើ​ចង់​សុំ​ជំនួយ ខ្ញុំ​ត្រូវតែមាន​ស៊ីម​កាត»។ រាល់​ទិន្នន័យ​ដែល​កត់ត្រា​អំពី​ការជជែក​ជាមួយ​ក្រុម​មេខ្យល់ សុទ្ធតែ​ត្រូវ​ក្រុម​អ្នកគ្រប់គ្រង​នៅ កម្ពុជា លុបចោល។ Yu និង​អ្នករួមដំណើរ ត្រូវបាន​នាំទៅ​កាន់​កាស៊ីណូ​នៅ ក្រុងព្រះសីហនុ។

    នៅទីនេះ ក្រុម​អ្នកគ្រប់គ្រង​ប្រកាសថា ពួកគេ​ត្រូវតែ​ចូលរួម​ក្នុង​បណ្ដាញ​ឆបោក​អន​ឡាញ​តាម​ទូរស័ព្ទ ក៏ដូចជា​ត្រូវ​រក​ឱ្យបាន​មនុស្ស​ម្នាក់ទៀត​មក​ជំនួស​ដើម្បី​ជាការ​បង់ថ្លៃ ១៧,០០០ ដុល្លារ​អាម៉េរិក បើសិន​ចង់​មាន​សេរីភាព។ Yu បានឱ្យដឹងថា មនុស្សម្នា​ក់បាន​ជំទាស់​ត្រូវគេ​វាយ​ដល់​សន្លប់ ហើយ​មកដល់ពេលនេះ​នៅតែ​ស្ថិតក្នុង​បញ្ជី​ស្ដីពី ជនជាតិ​តៃវ៉ាន់ ដែល​បាន​បាត់​ខ្លួន។

    Yu រក​ទិញ​ស៊ីម​កាត់​បាន​មួយ និង​ចាប់ផ្ដើម​ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​ជួញដូរ​មនុស្ស។ នាង​រក​វិធី​ទាក់ទង​តាម Facebook ជាមួយ​អ្នកនយោបាយ​មួយក្រុម​នៅក្នុង​តំបន់ ដើម្បី​សុំ​ជំនួយ។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន The Guardian។

    មួយថ្ងៃ​ក្រោយមក ក្រុមប៉ូលិស និង​ទាហាន​បាន​ទៅដល់​កាស៊ីណូ​ទទួល​នាង។ Yu Tang ចោទថា ម្ចាស់​កាស៊ីណូ​បានស្នើ​បង់ប្រាក់​ឱ្យ​ក្រុមមន្ត្រី​នោះ ជា​ថ្នូរ​នឹង «ការធ្វើ​មិនដឹង មិនឮ» ប៉ុន្តែ ត្រូវបាន​បដិសេធ។ នាង​ក៏​ត្រូវបាន​រំដោះ និង​បាន​បញ្ជូន​ត្រលប់​មកកាន់ កោះ​តៃវ៉ាន់ វិញ។

    ប៉ូលិស​តៃវ៉ាន់ ចិនដីគោក ហុងកុង ម៉ា​កាវ កម្ពុជា និង​ប្រទេស​ដែល​ពាក់ព័ន្ធ កំពុងតែ​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ជនរងគ្រោះ និង​ចាប់ខ្លួន​ក្រុម​ជួញដូរ​មនុស្ស។

    ប៉ូលិស​តៃវ៉ាន់ ឱ្យដឹងថា ជនជាតិ​តៃវ៉ាន់ រាប់រយ​នាក់ ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ត្រូវ​ឃុំខ្លួន និង​រំលោភ​កម្លាំង​ពលកម្ម​នៅក្នុង​បណ្ដាញ​ឆបោក​តាម​អ៊ី​ន​ធើ​ណិ​ត​នៅ អាស៊ីអាគ្នេយ៍។ ក្រុម​សង្គម​ង​ងិ​ត​នេះ ធ្វើ​សកម្មភាព​បោកប្រាស់ ដោយ​ការ​សន្យាថា នឹង​ផ្ដល់​កន្លែង​ស្នាក់នៅ ប្រាក់ខែ​ខ្ពស់​ជាដើម នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ អាស៊ីអាគ្នេយ៍។ ពេលទៅដល់​កន្លែង ក្រុម​នេះ​តែង​ប្រមូលយក​ឯកសារសំខាន់ៗរបស់​ជនរងគ្រោះ និង​លក់​ទៅឱ្យ​ក្រុម​សង្គម​ង​ងិ​ត​ដទៃ។

    មន្ត្រី​តៃវ៉ាន់ ឱ្យដឹងថា ជនជាតិ​តៃវ៉ាន់ ជិត ៥,០០០ នាក់ ដែល​បានមក កម្ពុជា រហូតមក​ទល់នឹង​ពេលនេះ មិនទាន់​ត្រលប់​ទៅកាន់ តៃវ៉ាន់ នៅឡើយ។

    Yu Tang ឱ្យដឹងថា នាង​បានឃើញ​យ៉ាងហោច ៥០ នាក់ ត្រូវ​ឃុំ​នៅក្នុង​ការិយាល័យ​ដែល​នាង​ធ្វើការ និង​រស់នៅ។ មនុស្ស​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ចុះកិច្ចសន្យា​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​កម្ពុជា បង្ការ​មាន​អ្នក​មក​សួរ​អំពី​ស្ថានភាព​អ្នក​ដែល​ស្នាក់​នៅក្នុង​អគារ​របស់​ពួកគេ។

    ក្រោយពី​បាន​ត្រលប់​ទៅដល់ តៃវ៉ាន់ Yu Tang តែងតែ​ទាក់ទង​ទៅកាន់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ក្រុមមនុស្ស​ដែល​អាចជា​ជនរងគ្រោះ​កំពុង​ស្វែងរក​ជំនួយ ក៏ដូចជា​សហការ​ជាមួយ​សមត្ថកិច្ច។ មកដល់​បច្ចុប្បន្ន Yu បាន​ជួយ​ឱ្យ​មនុស្ស ៨ នាក់ ត្រលប់មក តៃវ៉ាន់។

    យ៉ាងហោច​មាន ៤៦ នាក់ បាន​ត្រលប់​ទៅកាន់ តៃវ៉ាន់ ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ មនុស្ស​មួយចំនួន​បាន​រាយការណ៍​ថា ពួកគេ ឬ​អ្នកផ្សេង​ត្រូវគេ​បង្ខំ​ឱ្យ​ចុះកិច្ចសន្យា ត្រូវគេ​វាយដំ រំលោភបំពាន ត្រូវ​បង្អត់អាហារ និង​ត្រូវគេ​គំរាម​ជា​ញឹកញាប់។ ជនរងគ្រោះ​ខាងលើ​និយាយថា ក្រុម​ជួញដូរ​មនុស្ស​ភាគច្រើន​គឺជា ជនជាតិ​តៃវ៉ាន់ ចិនដីគោក និង ថៃ។

    នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីទី បានឱ្យដឹងថា អាជ្ញាធរ​កម្ពុជា បាន​បំបែក​ផែនការ​បោកប្រាស់​តាម​អន​ឡាញ​ដែល​សំដៅលើ​ពលករ​បរទេស និង​បាន​ចាប់ខ្លួន​ជនជាតិ​ចិន និង តៃវ៉ាន់ រាប់រយ​នាក់​នាពេល​កន្លង។

    កាលពី​ចុង​សប្ដាហ៍​មុន ក្រសួងមហាផ្ទៃ​កម្ពុជា ក៏បាន​ប្រកាស​បើក​យុទ្ធនាការ​ស្រាវជ្រាវ​ទូទាំងប្រទេស ទាក់ទិន​នឹង​ស្ថានភាព​ជនបរទេស​ដែល​ធ្វើការ ឬ​រស់នៅក្នុង​សណ្ឋាគារ ផ្ទះជួល និង​កាស៊ីណូ​ជាដើម ដើម្បី​តាមរក​ជនល្មើស​ក្នុង​បណ្ដាញ​ជួញដូរ​មនុស្ស៕

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា សង្គ្រាម​នឹងត្រូវ​បញ្ចប់​នៅ ឧបទ្វីប​គ្រី​មៀ

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា សង្គ្រាម​នឹងត្រូវ​បញ្ចប់​នៅ ឧបទ្វីប​គ្រី​មៀ

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានប្រកាស​ជាថ្មី​ថា​នឹង​ដណ្ដើម គ្រី​មៀ មកវិញ តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល ទីក្រុង​កៀវ យល់ថា ត្រឹមត្រូវ» ហើយ​សង្គ្រាម​នេះ​នឹង​បញ្ចប់​នៅ ឧបទ្វីប​គ្រី​មៀ (Crimea)។

    «យើង​នឹង​ដណ្ដើមយក គ្រី​មៀ ដែលជា​ទឹកដី​របស់​យើង ត្រលប់​មកវិញ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​យើង​យល់ថា ត្រឹមត្រូវ ហើយ​​មិនបាច់​សុំ​យោបល់​ពី​ប្រទេស​ដទៃ» ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថ្លែង​នៅក្នុង​សន្និសីទ «មូលដ្ឋាន​គ្រី​មៀ» កាលពី​ថ្ងៃទី ២៣ សីហា។

    សន្និសីទ​ខាងលើ​មានការ​ចូលរួម​របស់​តំណាង​ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន ៦០ ដែល​រៀបចំឡើង​ដោយ អ៊ុយ​ក្រែ​ន ដើម្បី​ជាការ​គាំទ្រ​ដល់​ការប្រកាស​អធិបតេយ្យភាព​របស់ ទីក្រុង​កៀវ ចំពោះ ឧបទ្វីប​គ្រី​មៀ។ យោងតាម​លោក ហ្សេ​ឡែ​ន​ស្គី អ៊ុយ​ក្រែ​ន មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​គំនិត​ស្ដីពី «គ្រី​មៀ ជា​របស់ អ៊ុយ​ក្រែ​ន» ក្លាយជា​ការពិត។

    លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់​ជាថ្មី​ថា «យើង​ត្រូវតែ​រំដោះ គ្រី​មៀ…គ្រប់យ៉ាង​ចាប់ផ្ដើម​នៅ គ្រី​មៀ ហើយនឹង​ត្រូវតែ​បញ្ចប់​នៅ គ្រី​មៀ»។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែងថា «ចាប់តាំងពី​ថ្ងៃទី ២៤ កុម្ភៈ រុស្ស៊ី បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ ៧៥០ គ្រាប់ ចេញពី គ្រី​មៀ សំដៅលើ​ទីក្រុង​នា​ន​របស់ អ៊ុយ​ក្រែ​ន»។ ឧបទ្វីប​គ្រី​មៀ ដែល​ត្រូវបាន រុស្ស៊ី រឹបអូស​កាលពី​ឆ្នាំ ២០១៤ តាមរយៈ​ការធ្វើប្រជាមតិ ស្ថិតនៅ​ជាប់​នឹង​ខេត្ត Kherson ភាគខាងត្បូង​របស់ អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ន​ត្រូវ រុស្ស៊ី គ្រប់គ្រង៕

  • ឆេះ និង​ផ្ទុះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាប់​ជាមួយ អ៊ុយ​ក្រែ​ន

    ឆេះ និង​ផ្ទុះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅក្បែរ​ព្រំដែន​ជាប់​ជាមួយ អ៊ុយ​ក្រែ​ន

    ឃ្លាំង​ដាក់អាវុធ​មួយ​នៅ ភាគខាងត្បូង​ប្រទេស​រុស្ស៊ី ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ​បាន​ឆាបឆេះ ក្រោយមក ក្រុមមន្ត្រី​ក្នុង​តំបន់​និយាយថា មូលហេតុ​មកពី​អាកាសធាតុ​ក្ដៅ​ពេក។

    Vyacheslav Gladkov អភិបាល​តំបន់ Belgorod បានឱ្យដឹងថា ប្រជាជន​នៅ​ជុំវិញ​ភូមិ Timonovo ត្រូវបាន​ឈ្លៀស​នៅពេល​ឃ្លាំង​អាវុធ​ចាប់ផ្ដើម​ឆេះ។ មិនមាន​អ្នករងរបួស​នោះទេ បន្ទាប់ពី ហេតុការណ៍​បានកើត​ឡើង។

    នេះ​គឺជា​លើក​ទី​ពីរ​នៅក្នុង​រយៈពេល​មិន​ដល់ ១ សប្ដាហ៍ ដែល​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី មួយ​នេះ​ត្រូវ​ឆេះ។ កាលពី​សប្ដាហ៍​កន្លង ប្រជាជន​ក្នុងភូមិ Timonovo និង Soloti ដែលមាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី ប្រទេស​អ៊ុយ​ក្រែ​ន ក៏ត្រូវរ​ត់រក​ទី​សុវត្ថិភាព ដោយសារ​ហេតុការណ៍​ផ្ទុះ​ឆេះ​ឃ្លាំង​អាវុធ​នៅក្បែរនោះ។

    មួយរយៈ​ពេល​ចុង​ក្រោយនេះ អភិបាល Gladkov បាន​ទម្លាក់កំហុស​ជា​បន្តបន្ទាប់​ទៅលើ​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន ទាក់ទិន​នឹង​ករណី​ឆេះ និង​ផ្ទុះ​នានា​នៅក្នុង និង​ជុំវិញ​តំបន់ Belgorod ដែលមាន​ចម្ងាយ​ពី ទីក្រុង​មូ​ស្គូ ប្រហែល ៦៥០ គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។

    ទីក្រុង​កៀវ តែងតែ​ចៀសវាង​ការប្រកាស​ថា​ជា​ស្នាដៃ​របស់ កងកម្លាំង​អ៊ុយ​ក្រែ​ន ប៉ុន្តែ ក៏​តែងតែ​ចំអក​ឱ្យ ទីក្រុង​មូ​ស្គូ ថា មិនមាន​ការប្រុងប្រយ័ត្ន៕

  • ទិដ្ឋភាព​នាវា​ទេសចរណ៍​ប្រវែង​ជិត ៤០ ម៉ែត្រ លិច​នៅ​លម្ហ​សមុទ្រ​របស់ អ៊ីតាលី (វីដេអូ)

    ទិដ្ឋភាព​នាវា​ទេសចរណ៍​ប្រវែង​ជិត ៤០ ម៉ែត្រ លិច​នៅ​លម្ហ​សមុទ្រ​របស់ អ៊ីតាលី (វីដេអូ)

    ទិដ្ឋភាព​នៅក្នុង​វីដេអូ​បង្ហាញថា នាវា​ទេសចរណ៍​បណ្ដោយ​ជិត ៤០ ម៉ែត្រ លិច​បន្តិចម្ដងៗ រហូត​ដល់​​បាត់​ខ្លួន​ទាំង​ស្រុង​​នៅ​កណ្ដាល​សមុទ្រ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីតាលី បន្ទាប់ពី​ក្រុម​នាវិក​ត្រូវបាន​សង្គ្រោះ។

    នាវា​ទេសចរណ៍​លំដាប់​ប្រណិត My Saga ដែលមាន​ប្រវែង ៣៩.៤ ម៉ែត្រ បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី ២០ សីហា នៅលើ​សមុទ្រ Catanzaro Marina ភាគខាងត្បូង​នៃ ប្រទេស​អ៊ីតាលី។ អាកាសធាតុ​មិន​អំណោយផល​ល្អ ធ្វើឱ្យ​កប៉ាល់​សង្គ្រោះ​មិនអាច​អូស My Saga ទៅ​ដល់ទី​សុវត្ថិភាព។

    វីដេអូ​ដែល​ត្រូវបាន Sky News ចុះផ្សាយ​កាលពី​ថ្ងៃទី ២២ សីហា បង្ហាញថា នាវា​ទេសចរណ៍​ខ្នាត​ធំ​នេះ​ផ្ដេកខ្លួន​លើ​ផ្ទៃ​ទឹក នៅពេល​សមុទ្រ​មាន​រលកធំៗ។ កន្ទុយ​របស់ My Saga លិច​បន្តិចម្ដងៗ រហូតដល់​នាវា​នេះ​បាត់​ខ្លួនទាំង​ស្រុក​​ពីលើ​ផ្ទៃ​ទឹក។

    នាវាទេសចរណ៍ My Saga

    កងកម្លាំង​ប៉ូលិស​របស់ អ៊ីតាលី បាន​ជួយសង្គ្រោះ​សមាជិក​ក្រុម​នាវិក​បាន ៩ នាក់ ពី​នាវា​នេះ។ នៅពេល​ជួប​គ្រោះថ្នាក់ ពុំមាន​ទេសចរ​ណា​ម្នាក់​នៅលើ​នាវា​នេះឡើយ។

    ការស៊ើបអង្កេត​មួយ​កំពុង​ត្រូវបាន​ធ្វើឡើង​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​នាវា My Saga ជួប​គ្រោះថ្នាក់។

    យោងតាម Super Yacht Times នាវា​នេះ​ត្រូវបាន​សាងសង់​នៅ អ៊ីតាលី កាលពី​ឆ្នាំ ២០០៧ និង​កំពុងធ្វើដំណើរ​ពី ឧបទ្វីប Gallipoli របស់ តួ​ក​គី ឆ្ពោះទៅកាន់ Milazzo នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ីតាលី។ នាវា​នេះ​ដោត​ទង់ជាតិ​របស់ ប្រជុំ​កោះ Cayman ប៉ុន្តែ នាវិក​ទាំងអស់​គឺជា​ព​ល​រដ្ឋ​របស់ អ៊ីតាលី៕

  • ស្ថានភាព​គ្រោះរាំង​យ៉ាង​ស្ងួត​ធ្ងន់ធ្ងរ​នៅ អឺរ៉ុប កាន់តែ​អាក្រក់ឡើងៗ

    ស្ថានភាព​គ្រោះរាំង​យ៉ាង​ស្ងួត​ធ្ងន់ធ្ងរ​នៅ អឺរ៉ុប កាន់តែ​អាក្រក់ឡើងៗ

    ស្ថានីយ​សង្កេត​គ្រោះរាំងស្ងួត​សកល​របស់ សហភាព​អឺរ៉ុប រកឃើញថា ១៧% នៃ តំបន់​អឺរ៉ុប បច្ចុប្បន្ន​ស្ថិតក្នុងបញ្ជី​ដែល​ត្រូវ​​ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត​ស្ដីពី​ស្ថាន​ភាពរាំងស្ងួត។

    គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បាន និង​កំពុងតែ​វាយប្រហារ​លើ​តំបន់​ជាច្រើន​នៅ អឺរ៉ុប ហើយ​វា​ក៏​កំពុងតែ​វិ​វត្ត​ទៅរក​ភាពអាក្រក់​កាន់តែខ្លាំង។ បើទោះជា​ភ្លៀងធំៗបាន​ជួយផ្ដល់​ប្រយោជន៍​នៅ​តំបន់​មួយចំនួន ប៉ុន្តែ ឥទ្ធិពល​របស់​ភ្លៀង​ខ្យល់​ក៏បាន​បណ្ដាលឱ្យ​មានការ​ខាតបង់​ច្រើន​ផងដែរ។

    ក្នុង​របាយការណ៍​ប្រចាំខែ​នាពេលថ្មីៗបំផុត​នេះ ស្ថានីយ​សង្កេត​គ្រោះរាំងស្ងួត​សកល​របស់ សហភាព​អឺរ៉ុប (EU-GDO) បាន​បញ្ជាក់ថា បាតុភូត​ទន្លេ ដីធ្លី​ត្រូវ​រាំងស្ងួត​ហួតហែង​កំពុងតែ​កើតឡើង​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ចាប់ពី​ខែឧសភា និង​ស្ថាន​ភាពខ្វះ​ទឹកភ្លៀង​ដែល​បានអូសបន្លាយ​ពេល​យូរ។

    យោងតាម​របាយការណ៍ គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​​​ប៉ះពាល់​ដល់​តំបន់​នានា​នៅ អឺរ៉ុប ដែល​បាន​ចាប់​ផ្ដើម​កើត​ឡើង​ពី​ដើមឆ្នាំ​មក​នេះ នៅតែ​បន្ត​ពង្រីក​ខ្លួន និង​ក្លាយទៅជា​អាក្រក់​ជាង​មុន​ចាប់ពី​ដើមខែ​សីហា។

    ហានិភ័យ​នៃ​ការកើនឡើង​របស់​គ្រោះរាំងស្ងួត ត្រូវបាន​ព្យាករ​ថា បន្ត​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ អឺរ៉ុប មានដូចជា អ៊ីតាលី អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល បារាំង អាល្លឺម៉ង់ ហូ​ឡង់ បែលហ្ស៊ិក អៀឡង់ លុច​សំបួ រ៉ូ​ម៉ា​នី និង ហុង​គ្រី ក៏ដូចជា​បណ្ដា​ប្រទេស​ដែល​មិន​ស្ថិត​ក្នុង សហភាព​អឺរ៉ុប មានដូចជា អង់គ្លេស អ៊ុយ​ក្រែ​ន និង ម៉ុលដាវី ជាដើម។

    តាម​ការ​ព្យាករ ទឹកដី​នៅ តំបន់​អឺរ៉ុប ប្រមាណ ១៧% ស្ថិតក្នុង​បញ្ជី​ដែល​ត្រូវ​ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត និង​ខ្ពស់​ជាង​ឆ្ងាយ​បើ​​ធៀប​នឹង ១១% ដែល​បានលើកឡើង​កាលពី​ខែកក្កដា៕

  • ឡេ​តូ​នី បង្ក្រាប​ហ្វូង​​បាតុករ​​ដែល​ប្រឆាំងនឹង​ការកម្ទេច​រូបសំណាក​ជំ​នាក់​សូ​វៀត

    ឡេ​តូ​នី បង្ក្រាប​ហ្វូង​​បាតុករ​​ដែល​ប្រឆាំងនឹង​ការកម្ទេច​រូបសំណាក​ជំ​នាក់​សូ​វៀត

    ក្រោយ​ការប្រកាស​របស់ ឡេ​តូ​នី (Latvia) ដែលថា នឹង​កម្ទេច​បូជនីយដ្ឋាន​វិ​រ​ជន​សូ​វៀត បាតុកម្ម​មួយ​ដែល​គាំទ្រ រុស្ស៊ី ក៏ត្រូវ​បានធ្វើ​ឡើង​នៅ រដ្ឋធានី​រី​ហ្កា ប៉ុន្តែ ត្រូវបាន​បំបែក​ទៅវិញ។

    កាលពី​ថ្ងៃទី ២២ សីហា ប៉ូលិស​របស់ ប្រទេស​ឡេ​តូ​នី បាន​បំបែកហ្វូង​បាតុករ​នៅ រដ្ឋធានី​រី​ហ្កា ដែល​ធ្វើការ​ប្រឆាំង​តវ៉ា​ទៅនឹង​ការកម្ទេច​បូជនីយដ្ឋាន​វីរជន​សូ​វៀត។ មនុស្ស​យ៉ាងហោច ៦ នាក់ ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​បាតុកម្ម​នេះ។

    យោងតាម​សារព័ត៌មាន​ក្នុងស្រុក មនុស្ស​ប្រហែល ៥០ នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម និង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប។ មុន​នោះ អាជ្ញាធរ​រី​ហ្កា បាន​ហាម​គណបក្ស​សហព័ន្ធរុស្ស៊ី​ឡា​ត​វី (Latvian Russian Union) ធ្វើ​ពិធី​ជួបជុំ​នៅ​ឧទ្យាន​ជ័យ​ជ​ន្នះ បើ​ទោះ​បក្ស​នេះ​មាន​លិខិត​ចុះបញ្ជី​គណបក្ស​នៅ ឡេ​តូ​នី។

    ក្នុង​ថ្ងៃ​ដដែល ក្រសួងមហាផ្ទៃ​ឡេ​តូ​នី Kristaps Eklon និយាយថា ក្រសួង​នេះ រួម​នឹង​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់ ឡេ​តូ​នី បាន​ត្រៀម​រួចរាល់​ហើយ សម្រាប់​ការ​ទប់​ទល់នឹង​បាតុកម្ម​ដែល​ប្រឆាំងនឹង​បទបញ្ជា​កម្ទេច​បូជនីយដ្ឋាន​វីរជន​សូ​វៀត។ ចំណែក​អភិបាលក្រុង​រី​ហ្កា Martins Stakis ឱ្យដឹងថា បូជនីយដ្ឋាន​នេះ​នឹង​ត្រូវបាន​កម្ទេចចោល បន្ទាប់ពី​បាន​រុះរើ។

    បូជនីយដ្ឋាន​វិ​រ​ជន​សូ​វៀត ជាទី​សម្រាប់​គោរព និង​រម្លឹក​ដល់​គុណ​ក្នុងការ​រំដោះ ឡេ​តូ​នី និង រី​ហ្កា នៃ សហភាពសូវៀត ពី​កណ្ដាប់ដៃ​របស់ កងទ័ព​ឈ្លានពាន​ណា​ស៊ី​អាល្លឺម៉ង់ ត្រូវបាន​បើកទ្វារ​កាលពី​ឆ្នាំ ១៩៨៥ នៅក្នុង​ឧទ្យាន​ជ័យជម្នះ​រី​ហ្កា។

    សូម​រម្លឹក​ថា កាលពី​រដូវក្ដៅ​ឆ្នាំ ១៩៤៤ កងទ័ព​ក្រហម​សូ​វៀត បាន​បើក​ការវាយប្រហារ​សំដៅលើ​អង្គភាព​នៅ​ភាគ​ខាងជើង​របស់ កងទ័ព​ណា​ស៊ី​អាល្លឺម៉ង់ នៅក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​បាល់​ទិច។ ថ្ងៃទី ១៣ ឧសភា ១៩៤៥ កងទ័ព​ដែល​បរាជ័យ​របស់ ហ្វា​ស៊ី​ស​អាល្លឺម៉ង់ ក៏បាន​សុំ​ចុះចាញ់​នៅ Courland បញ្ចប់​យុទ្ធនា​ការរំដោះ​បណ្ដា​ប្រទេស​នៅ​តំបន់​បាល់​ទិច។ ទាហាន និង​មន្ត្រី​យោធា​សូ​វៀត ប្រហែល ១០០,០០០ នាក់ បាន​ពលី​ជីវិត​នៅក្នុង​យុទ្ធនាការ​យោធា​នោះ៕

  • អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា ទាហាន​ជិត ៩,០០០ នាក់ បាន​ពលី​ជីវិតក្នុង​សង្គ្រាម​ជាមួយ​ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា ទាហាន​ជិត ៩,០០០ នាក់ បាន​ពលី​ជីវិតក្នុង​សង្គ្រាម​ជាមួយ​ រុស្ស៊ី

    អគ្គមេបញ្ជាការ​នៃ កងទ័ព​អ៊ុយ​ក្រែ​ន ថ្លែងថា ទាហាន​ជិត ៩,០០០ នាក់របស់​ប្រទេស​នេះ បាន​បាត់​បង់ជីវិត​នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី ប៉ុន្តែ មិនបាន​និយាយ​លម្អិត។

    «កុមារ​ទាំងឡាយ​​មិនទាន់​យល់​នូវ​អ្វីដែល​កំពុង​កើតឡើង និង​ត្រូវ​ការការ​ការ​ពារ ព្រោះថា ឪពុក​របស់​ពួកគេ​បាន​ចេញទៅ​សមរភូមិ​មុខ និង​អាច​ស្ថិតក្នុង​ចំណោម​វិ​រ​បុរស​ជិត ៩,០០០ នាក់​ដែល​បាន​ពលី​ជីវិត» អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន លោក Valeriy Zaluzhnyy ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​គោរព​វិ​ញ្ញា​ណក្ខ​ន្ធ​អតីតយុទ្ធជន និង​​គោរព​ដល់​គ្រួសារ​របស់​ពួកគេ​នៅ រដ្ឋធានី​កៀវ កាលពី​ថ្ងៃទី ២២ សីហា។

    មន្ត្រី​ខាងលើ​មិនបាន​ឱ្យដឹង​ច្បាស់​ថា តួលេខ​នៃ​ទាហាន​ពលីជីវិត​​ខាងលើ គឺជា​ចំនួន​សរុប ឬ​គ្រាន់តែ​សំដៅលើ​ទាហាន​ជួរមុខ ឬ​យ៉ាង​ណា​នោះ​ទេ។ ក្នុង​ព្រឹត្តិការណ៍​ដដែល​នោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ប្រកាសថា បច្ចុប្បន្ន នៅក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ មាន​កម្លាំង​ប្រមាណ ១ លាន​នាក់​កំពុង​ចូលរួម​ការពារ​ទឹកដី។

    ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។ កងទ័ព​រុស្ស៊ី តែងតែ​ប្រកាស​អំពី​តួលេខ​អ្នកស្លាប់​របស់​សត្រូវ បន្ទាប់ពី​បាន​បើក​ការវាយប្រហារម្ដងៗ ប៉ុន្តែ​មិនទាន់បាន​បញ្ចេញ​តួលេខ​សរុប​ស្ដីពី ​ទាហាន​អ៊ុយ​ក្រែ​ន ដែល​បាន​បាត់បង់​ជីវិត និង​រងរបួស​ក្នុងអំឡុង ៦ ខែ​នៃ​សង្គ្រាម​នេះ។

  • ឆេះ​ព្រៃ​ជា​បន្តបន្ទាប់​នៅ ប្រទេស​ចិន ព្រោះតែ​កម្ដៅ​ព្រះអាទិត្យ

    ឆេះ​ព្រៃ​ជា​បន្តបន្ទាប់​នៅ ប្រទេស​ចិន ព្រោះតែ​កម្ដៅ​ព្រះអាទិត្យ

    អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ Chongqing និង​តំបន់​ក្បែរ​ខាង បាន​បណ្ដាលឱ្យមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យ​មនុស្ស​ជាង ១,០០០ នាក់ ត្រូវ​ភៀសខ្លួន​ទៅរក​កន្លែង​សុវត្ថិភាព។

    ខណ្ឌ​ចំនួន ៤ នៅក្នុង​ទីក្រុង Chongqing របស់ ប្រទេស​ចិន កើតមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ចាប់តាំងពី​ថ្ងៃទី ១៨ សីហា​ដល់​បច្ចុប្បន្ន បណ្ដាលឱ្យ​មនុស្ស​ប្រមាណ ១,៥០០ នាក់ មកពី ៥៤០ គ្រួសារ ត្រូវ​ភៀសខ្លួន។ ករណី​ឆេះ​ព្រៃ​ថ្មី​បំផុត​បានកើត​ឡើង​នៅក្នុង​ខណ្ឌ Banan កាលពី​ថ្ងៃទី ២១ សីហា ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​មួយ​ផ្សេងទៀត​នៅក្នុង​ខណ្ឌ Jiangjin ទើបតែ​ត្រូវបាន​ពន្លត់​រួចរាល់​ក្រោយពី​ឆេះ​បាន ៤ ថ្ងៃ។

    បុគ្គលិក​បង្ការ ពន្លត់​អគ្គិភ័យ និង​ក្រុម​សង្គ្រោះ​ជាង ៥,០០០ នាក់ រួម​នឹង​ឧទ្ធម្ភាគចក្រ ៧ គ្រឿង បាន​ចូលរួម​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ​នេះ។

    អាជ្ញាធរ​ក្រុង Chongqing កាលពី​ម្សិលមិញ បានឱ្យដឹងថា មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​គឺ ដោយសារ​អាកាសធាតុ​ហួតហែង និង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​អូសបន្លាយ​ពេល​យូរ៕

  • UAE ព្រមាន​ដាក់​ពន្ធនាគារ​ចំពោះ​មនុស្ស​គ្រប់រូប បើសិន​ទុក​ក្មេង​តូច​ម្នាក់ឯង​នៅក្នុង​ឡាន

    UAE ព្រមាន​ដាក់​ពន្ធនាគារ​ចំពោះ​មនុស្ស​គ្រប់រូប បើសិន​ទុក​ក្មេង​តូច​ម្នាក់ឯង​នៅក្នុង​ឡាន

    សមត្ថកិច្ច​នៅ អេ​មី​រ៉ាត់​អារ៉ាប់​រួម (UAE) ព្រមាន​ថា នឹង​ពិន័យ​ជា​ប្រាក់​ប្រហែល ១,៣០០ ដុល្លារ​អាម៉េរិក ហើយ​អាច​អម​ជាមួយនឹង​ទោស​ជាប់ពន្ធនាគារ ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ទុកក្មេង​តូច​នៅក្នុង​ឡាន​តែ​​ម្នាក់ឯង​ដោយ​មិនមាន​អ្នក​មើលថែ។

    សមត្ថកិច្ច UAE បានឱ្យដឹងថា ការទុកឱ្យ​ក្មេង​តូច​នៅក្នុង​ឡាន​ពិតជា​គ្រោះថ្នាក់​ណាស់ ពិសេស​គឺ​នៅក្នុងរ​ដូវ​ក្ដៅ ជា​ពេលដែល​សីតុណ្ហភាព​នៅ​ទូទាំងប្រទេស​នេះ ឡើងដល់ ៤៨ អង្សា​សេ។ ប៉ូលិស​ UAE ឱ្យ​ដឹង​ថា ការ​​​បណ្ដោយឱ្យ​ក្មេង​តូច​នៅក្នុង​ឡាន​ម្នាក់ឯង ដោយ​មិនមាន​អ្នក​មើលថែ ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ដែលតម្រូវ​ឱ្យ​មាន​ការ​​ដាក់ទោស។

    ទោស​ដែល​អ្នក​ល្មើស​នឹង​ការកំណត់​ខាងលើត្រូវ​ទទួល​ ​រួមមាន ការពិន័យ​ជា​ប្រាក់​យ៉ាងតិច ៥,០០០ ដា​ហាម (រូបិយប័ណ្ណ​របស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម) ស្មើនឹង ១,៣០០ ដុល្លារ​អាម៉េរិក​។ ការព្រមាន​របស់ អាជ្ញាធរ UAE ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ទុក​ក្មេង​តូច​ក្នុង​ឡាន​រហូតដល់​បាត់បង់​ជីវិត។

    សមត្ថកិច្ច UAE បាន​ក្រើនរម្លឹក​ដល់​អាណាព្យាបាល​គ្រប់រូប ឱ្យ​ពិនិត្យមើល​ក្នុង​រថយន្ត​ឱ្យបាន​គ្រប់ពេល មុនពេល​បិទ​សោ​រថយន្ត។ អ្នក​មើលថែ​ក្មេង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព និង​សុខភាព​របស់​ក្មេង​តូច៕

  • រូប​ភាព​ពី​ផ្កាយរណប៖ ទន្លេ​ជា​ច្រើន​​នៅលើ​ពិភពលោក កំពុង​រីក​ស្ងួត​ព្រោះតែ​អាកាសធាតុ

    រូប​ភាព​ពី​ផ្កាយរណប៖ ទន្លេ​ជា​ច្រើន​​នៅលើ​ពិភពលោក កំពុង​រីក​ស្ងួត​ព្រោះតែ​អាកាសធាតុ

    ទីភ្នាក់ងារសារព័ត៌មាន CNN (សហរដ្ឋ​អាម៉េរិក) បានបញ្ចេញ​​កម្រង​រូបថត​ពី​ផ្កាយរណប បង្ហាញថា បញ្ហា​អាកាសធាតុ​ប្រែប្រួល កំពុងតែ «លេប​ត្របាក់» ទន្លេ​ជា​ច្រើន​នៅក្នុង​ពិភពលោក។

    ស្ថានភាព​ខ្វះ​ទឹក និង​រលក​កម្ដៅ​ដែល​បាន និង​កំពុង​កើតឡើង កំពុងតែ​ធ្វើឱ្យ​ទឹក​នៅក្នុង​ទន្លេ​នានា​នៅ ទ្វីប​អាម៉េរិក អាស៊ី និង អឺរ៉ុប ត្រូវ​រីក​ស្ងួត។ ទន្លេ​ជាច្រើន​កំពុង​រួម​តូច ទាំង​ប្រវែង​ទទឹង ទាំង​ប្រវែង​បណ្ដោយ។ កំណាត់​ទន្លេ​ខ្លះ​ត្រូវ​រីង​ទឹក​គ្មាន​សល់ ដោយសារតែ​មិនមាន​ភ្លៀង។

    ខាងក្រោម​នេះ​គឺជា​រូបភាពទន្លេ​​មួយចំនួនកំពុង​រីងស្ងួត​ ​ដែល​ថត​បាន​ដោយ​ផ្កាយរណប ៖

    ១-ទន្លេ Colarado នៅ អាម៉េរិក​ខាងជើង

    -ទន្លេ Colarado ឆ្នាំ ២០០០
    -ទន្លេ Colarado ឆ្នាំ ២០២២

    ២-ទន្លេ Yangtze នៅ ប្រទេស​ចិន

    -ទន្លេ Yangtze ឆ្នាំ ២០២១


    ៣-ទន្លេ Rhine នៅ ប្រទេស​ស្វ៊ី​ស អាល្លឺម៉ង់ និង ហូ​ឡង់

    -ទន្លេ Rhine នៅ​ឆ្នាំ ២០២១
    -ទន្លេ Rhine នៅ​ឆ្នាំ ២០២២

    ៤-ទន្លេ Po នៅ​ភាគ​ខាងជើង​នៃ ប្រទេស​អ៊ីតាលី

    -ទន្លេ Po ឆ្នាំ ២០២១
    -ទន្លេ Po ឆ្នាំ ២០២២

    ៥-ទន្លេ Loire នៅ ប្រទេស​បារាំង

    -ទន្លេ Loire ឆ្នាំ ២០២១
    -ទន្លេ Loire ឆ្នាំ ២០២២

    ៦-ទន្លេ Danube ហូរ​ឆ្លងកាត់​ប្រទេស​ចំនួន ១០ នៅ ទ្វីបអឺរ៉ុប​ខាងលិច

    -ទន្លេ Danube ឆ្នាំ ២០២១
    -ទន្លេ Danube ឆ្នាំ ២០២២