Category: អន្តរជាតិ

  • សហរដ្ឋ​អាម៉េរិក រកឃើញ​ករណី​ស្លាប់​ដំបូង​ដែល​ពិត​ជា​ដោយសារ​ជំងឺ​អុត​ស្វា (Monkeypox)

    សហរដ្ឋ​អាម៉េរិក រកឃើញ​ករណី​ស្លាប់​ដំបូង​ដែល​ពិត​ជា​ដោយសារ​ជំងឺ​អុត​ស្វា (Monkeypox)

    ករណី​ស្លាប់​ដំបូង​ដោយសារ​ការ​ឆ្លង​ជំងឺ​អុត​ស្វា​ក្នុងឆ្នាំនេះ នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​បញ្ជាក់ថា កើតមាន​នៅក្នុង​រដ្ឋ California។

    ស្ថាប័ន​សុខាភិបាល​សាធារណៈ​នៃ​ទីក្រុង Los Angeles និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង បាន​បញ្ជាក់ថា ពលរដ្ឋ​ម្នាក់​ដែល​រស់នៅក្នុង​ទីក្រុង​នេះ​បាន​ស្លាប់​ដោយសារ​ការឆ្លង​ជំងឺ​អុត​ស្វា ក្រោយពី​បាន​ចូល​ពេទ្យ។

    ក៏ប៉ុន្តែ ស្ថាប័ន​សុខាភិបាល​របស់​ទីក្រុង​ខាងលើ​មិនបាន​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​អ្នកជំងឺ មានដូចជា​អាយុ ភេទ ឬ​ជាតិ​សាសន៍ ដោយ​លើក​មូល​ហេតុថា ដើម្បី «ការពារ​ព័ត៌មាន​សម្ងាត់ និង​សិទ្ធិ​ឯកជន»។

    មុន​នោះ បុរស​ម្នាក់​នៅក្នុង​រដ្ឋ Texas បាន​ស្លាប់​ដោយសារតែ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ទ្រុឌទ្រោម ក្រោយពី​ត្រូវបាន​ពិនិត្យឃើញថា​បាន​ឆ្លង​ជំងឺ​អុត​ស្វា។ ប៉ុន្តែ មូលហេតុ​ចម្បង​នៃ​ការស្លាប់​នេះ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ ដោយ​កំពុង​ត្រូវបាន​ស្រាវជ្រាវ។

    គិត​មកដល់​បច្ចុប្បន្ន ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជិត ២២ ពាន់​នាក់​ត្រូវបាន​រកឃើញ​នៅ សហរដ្ឋ​អាម៉េរិក ក្នុងនោះ California គឺជា​កន្លែង​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​ជាង ៤ ពាន់​ករណី។

    ការឆ្លង​ជំងឺ​អុត​ស្វា​កម្រ​ធ្វើឱ្យមាន​ការស្លាប់ ដោយ​ស្ទើរតែ​ទាំង​នៃ​ករណី​ឆ្លង​នឹង​បានជា​សះស្បើយ​ក្នុង​រង្វង់​ពី ២ ទៅ ៤ សប្ដាហ៍។ អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា អត្រា​នៃ​ការស្លាប់​ដោយសារ​អុត​ស្វា​គឺ​ប្រហែល​ពី ៣ ដល់ ៦%។

  • មហាក្សត្រី​ដាណឺម៉ាក បាន​ក្លាយជា​មហាក្សត្រ​ដែល​កំពុង​គ្រង​រាជ​យូរ​ជាង​គេ​បង្អស់​នៅ​ទ្វីប​អឺរ៉ុប

    មហាក្សត្រី​ដាណឺម៉ាក បាន​ក្លាយជា​មហាក្សត្រ​ដែល​កំពុង​គ្រង​រាជ​យូរ​ជាង​គេ​បង្អស់​នៅ​ទ្វីប​អឺរ៉ុប

    បន្ទាប់​ពី​ មហា​ក្សត្រី​អង់គ្លេស Elizabeth II បាន​យាង​ចូល​ទិវង្គតក្រោយ​ការ​គ្រង​រាជ​បាន​ ៧០ ឆ្នាំ មហា​ក្សត្រី​របស់​ ប្រទេស​ដាណឺម៉ាក Margrethe II ក៏​បាន​ក្លាយជា​ស្ដេច​ដែល​កំពុង​គ្រង​រាជ​សម្បត្តិ​យូរ​ជាង​គេ​នៅ​ អឺរ៉ុប ដោយ​ឡើង​សោយ​រាជ​បាន​ ៥០ ឆ្នាំ​។ មហា​ក្សត្រី​ Margrethe II ក៏ត្រូវ​​ជា​​អនុជ​អយ្យិកា​មួយ (​ប្អូន​ស្រីជីដូន​មួយ) ​របស់​ អតីត​មហា​ក្សត្រី​អង់គ្លេស Elizabeth II។

    កាលពី​ខែ​មករា ឆ្នាំ​ ២០២២ ប្រទេស​ដាណឺម៉ាក គ្រោង​នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​ ៥០ ឆ្នាំ នៃ​ថ្ងៃ​ឡើង​គ្រង​រាជ​របស់​ មហា​ក្សត្រី​ Margrethe II ប៉ុន្តែ ដោយ​សារ​កូវីដ-១៩ ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវ​បាន​ពន្យារ​ពេល​។

    ពិធី​គម្រប់​​ខួប​ ៥០ ឆ្នាំ​នៃ​ការ​ឡើង​សោយ​រាជ​របស់ មហា​ក្សត្រី​ Margrethe II ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ ជា​ថ្មី​ម្ដងទៀត ពិធី​នេះ​ក៏​ត្រូវ​រង​ផល​ប៉ះពាល់​ពី​ការ​សោយ​ទិវង្គត​របស់​ មហា​ក្សត្រី​អង់គ្លេស Elizabeth II (០៨ កញ្ញា ២០២២)។ សារព័ត៌មាន​ដាណឺម៉ាក បាន​ឱ្យ​ដឹង​ថា ពិធី​នេះ​ត្រូវ​បាន​សម្រួល​ដោយ​មហា​ក្សត្រី​ Margrethe II ផ្ទាល់​ ដើម្បី​សម្ដែង​ការ​គោរព​ចំពោះ​ អតីត​មហា​ក្សត្រី​អង់គ្លេស Elizabeth II ដែល​ត្រូវជា​ព្រះរៀម​អយ្យិកា​មួយ (​បងស្រី​ជីដូន​មួយ) ​របស់ទ្រង់​។

    មហា​ក្សត្រី​ Margrethe II បច្ចុប្បន្ន​មាន​ព្រះជន្ម​ ៨២ វស្សា។ ទ្រង់​បាន​ឡើង​គ្រង​រាជ​កាលពី​ឆ្នាំ​ ១៩៧២ ក្នុង​ព្រះជន្ម​ ៣១ វស្សា។ កាល​ពី​ទើបឡើង​គ្រង​រាជសម្បត្តិ នៅ​ ដាណឺម៉ាក មាន​ពលរដ្ឋ​តែ​ ៤៥% ប៉ុណ្ណោះ​ដែល​គាំទ្រ​ឱ្យ​មាន​របប​រាជានិយម។ ប៉ុន្តែ មក​ដល់​បច្ចុប្បន្ន តួលេខ​នេះ​បាន​ឡើង​ដល់​ជាង ៨០%​។

    ជោគជ័យ​ខាងលើ​គឺ​កើត​ឡើង​ដោយ​សារ​ការ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​របប​រាជានិយម ក្នុងនោះ​មាន​ទាំង​ការ​លើក​ទឹក​ចិត្ត​ដល់​បុត្រា​របស់​មហា​ក្សត្រី​ ​រៀប​អភិសេក​ជាមួយ​ពលរដ្ឋ​សាមញ្ញ​ដែល​មិន​ស្ថិត​ក្នុង​ខ្សែ​រាជវង្ស​ ឬ​ត្រកូល​ខ្ពង់​ខ្ពស់​។

    ក្រៅ​ពីនេះ មហា​ក្សត្រី Margrethe II ក៏​ត្រូវ​បាន​វាយ​តម្លៃ​ថាជា​វិចិត្រករ​ជំនាញ​ ធ្លាប់​គូរ​រូប​តំណាង​ដាក់​លើ​សៀវ​ភៅ​ និង​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ដែល​ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​នានា​ នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​។ ទ្រង់​ក៏​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់​ និង​គ្រឿង​តុបតែង​សម្រាប់​សាល​មហោស្រព​បាឡេ​រាជវង្ស​ដាណឺម៉ាកជា​ដើម​។ល។

    ក្នុង​នាម​ជា​ភាសាវិទូមួយ​អង្គ មហា​ក្សត្រី Margrethe II របស់ ដាណឺម៉ាក ក៏ធ្លាប់​បានយាង​​ចូល​រួម​ក្នុង​គម្រោង​បកប្រែភាសា​ផងដែរ​៕

    មហាក្សត្រី Margrethe II ក៏ត្រូវជាអនុជអយ្យិកាមួយ (ប្អូនស្រីជីដូនមួយ) របស់ អតីតមហាក្សត្រីអង់គ្លេស Elizabeth II (រូបខាងស្ដាំ)
  • ម៉ាស៊ីន​​យានអវកាសរបស់​ក្រុម​ហ៊ុន​ Blue Origin ផ្ទុះខ្ទេច​ ពេល​កំពុង​ហោះ​ឡើង

    ម៉ាស៊ីន​​យានអវកាសរបស់​ក្រុម​ហ៊ុន​ Blue Origin ផ្ទុះខ្ទេច​ ពេល​កំពុង​ហោះ​ឡើង

    ប្រព័ន្ធ​ម៉ាស៊ីន​រុញច្រាន​របស់​យានអវកាស New Shepard បាន​ផ្ទុះ​ក្នុងពេល​បាញ់​បង្ហោះ​កាលពី​ម្សិលមិញ ប៉ុន្តែ បន្ទប់​សម្រាប់​ដាក់​មនុ​ស្ស​បែរជា​ចុះចត​ដោយ​សុវត្ថិភាព។

    បន្ទប់​ដាក់​មនុ​ស្សរប​ស់​យានអវកាស New Shepard នៃ​ក្រុមហ៊ុន Blue Origin បាន​ដំណើរការ​ប្រព័ន្ធ​រំដោះខ្លួន​ពី​គ្រោះថ្នាក់​កាលពី​ថ្ងៃទី ១២ កញ្ញា បន្ទាប់ពី​ម៉ាស៊ីន​រុញច្រាន​មាន​បញ្ហា មុនពេល​ហោះ​ឡើងដល់​កម្ពស់ ៩,០០០ ម៉ែត្រ។ ប្រព័ន្ធ​រំដោះគ្រោះ​បន្ទាន់​បាន​ដំណើរការ​ដូច​ការគ្រោង​ទុក ដោយ​វា​បាន​រុញច្រាន​បន្ទប់​ដាក់​មនុស្ស​​របស់​យាន​ចេញទៅ​ឆ្ងាយ​ពី​ចំណុច​ផ្ទុះ និង​បាន​ចុះចត​ដោយ​សុវត្ថិភាព​តាមរយៈ​ឆត្រយោង។ Blue Origin នៅតែ​មិនទាន់​រកឃើញ​មូលហេតុ​នៃ​បញ្ហា​ដែល​នាំឱ្យមាន​ហេតុការណ៍​ផ្ទុះ​នេះនៅ​ឡើយ ប៉ុន្តែ គ្រឿង​ម៉ាស៊ីន​របស់​យាន​បាន​ខូចខាត​ទាំងស្រុង។

    យានអវកាស New Shepard ហោះ​ឡើង​ពី​ទីលាន​បាញ់​បង្ហោះ​នៅ Texas ខាងលិច របស់ Blue Origin កាលពី​ម៉ោង​ជិត ១០ កន្លះ ព្រឹក​ថ្ងៃទី ១២ កញ្ញា (ម៉ោង​ជិត ២១ កន្លះ នៅ កម្ពុជា)។

    នេះ​គឺជា​លើក​ទី​ពីរ​ដែល​កម្មវិធី New Shepard ជួប​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ។ ហេតុការណ៍​លើកទីមួយ​កើតឡើង​កាលពី​ឆ្នាំ ២០១៥ នៅពេល​ម៉ាស៊ីន​រុញច្រាន​ជាន់​ទី​មួយ​​របស់​យាន ធ្លាក់​បុកមក​លើ​ដី ជំនួស​ឱ្យ​ការ​ចុះចតថ្នមៗ ប៉ុន្តែ ទំនិញ​នៅតែ​បាន​ទៅ​ក្បែរ​គន្លង​គោចរ​តាម​ផែន​ការដែល​បានកំណត់។

    បេសកកម្ម​លើក​នេះ​របស់ New Shepard មាន​ឈ្មោះថា NS-23។ នេះ​គឺជា​ជើងហោះហើរ​ដឹក​តែ​ទំនិញ​ចំនួន ៣៦ កញ្ចប់​ ក្នុងនោះ​មាន ១៨ កញ្ចប់​គឺជា​របស់ ណា​សា។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​អំពី​វាសនា​របស់​ទំនិញ​ទាំងនេះ​នៅឡើយ។

    New Shepard គឺជា​ប្រព័ន្ធ​ហោះហើរ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ច្រើន​ដង ក្នុងនោះ​រួមមាន រ៉ុក្កែត​មួយ​ដើម និង​បន្ទប់​ជា​យានអវកាស​មួយគ្រឿង។ Blue Origin កំពុងដំណើរការ​ប្រព័ន្ធ​យានអវកាស ២ ក្រុម ក្នុងនោះ ១ ក្រុម​សម្រាប់​ទេសចរណ៍​អវកាស និង ១ ក្រុម​ទៀត​សម្រាប់​ដឹកទំនិញ។ គិត​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​ចំនួន ៦ លើក ដោយ​ចាប់ផ្ដើម​ពី​ខែកក្កដា ២០២១។ NS-23 គឺជា​ជើងហោះហើរ​ដឹកទំនិញ​ដំបូង​របស់ Blue Origin ចាប់ពី​ខែសីហា​ឆ្នាំ​កន្លង៕

  • អ៊ុយ​ក្រែ​ន ប្រកាសថា ដណ្ដើម​ទឹកដី​មកវិញ​បាន​ច្រើន​ពាន់​គីឡូម៉ែត្រ​ក្រឡា

    អ៊ុយ​ក្រែ​ន ប្រកាសថា ដណ្ដើម​ទឹកដី​មកវិញ​បាន​ច្រើន​ពាន់​គីឡូម៉ែត្រ​ក្រឡា

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​ដណ្ដើម​ទឹកដី​មកវិញ​បាន ៦,០០០ គីឡូម៉ែត្រ​ក្រឡា រាប់​ចាប់តាំងពី​ដើមខែ​កញ្ញា និង «កំពុង​ឆ្ពោះទៅមុខ​បន្តទៀត»។

    «ចាប់តាំងពី​ដើមខែ​កញ្ញា ទាហាន​របស់​យើង​បាន​រំដោះទឹកដី​អ៊ុយ​ក្រែ​ន ៦,០០០ គីឡូម៉ែត្រ​ក្រឡា នៅ​ភាគ​ខាងកើត និង​ខាងត្បូង។ យើង​កំពុង​ឆ្ពោះទៅមុខ​បន្តទៀត» លោក ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ១២ កញ្ញា។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏បាន​អំពាវនាវ​ដល់​ពិភពលោក «បង្កើន​ការផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន ពិសេស​គឺ​ការផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស»។

    ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល អ៊ុយ​ក្រែ​ន បើក​ការ​វាយបក​នៅក្នុង​ខេត្ត Kharkov ភាគ​ឦសាន​ប្រទេស ចូលទៅ​កាន់កាប់​ឡើងវិញ​ទីក្រុង Izyum, Kupiansk និង Balakliya។ ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​លោកខាងលិច វាយតម្លៃថា អ៊ុយ​ក្រែ​ន ដណ្ដើម​ទឹកដី​មកវិញ​បាន​ជិះ ១០% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវបាន រុស្ស៊ី កាន់កាប់​តាំងពី​ខែកុម្ភៈ ២០២២ ដែលជា​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការអះអាង​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏ដូចជា​ការវាយតម្លៃ​របស់​ក្រុម​អ្នកជំនាញ​ខាងលើ។

  • រាជសម្បត្តិ​តម្លៃ​ជាង ២៨ ពាន់​លាន​ដុល្លារ​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II

    រាជសម្បត្តិ​តម្លៃ​ជាង ២៨ ពាន់​លាន​ដុល្លារ​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II

    មហាក្សត្រី​អង់គ្លេស Elizabeth II បន្សល់​ទុកដល់​​មហាក្សត្រ​ថ្មី Charles នូវ​ទ្រព្យសម្បត្តិ​ឯកជន​ជាង ៥០០ លាន​ដុល្លារ​អាម៉េរិក និង​អចលនទ្រព្យ​ដែលមាន​តម្លៃ​ប្រមាណ ២៨ ពាន់​លាន​ដុល្លារ។

    មហាក្សត្រី​អង់គ្លេស Elizabeth II ត្រូវបាន​ចាត់ទុកថា​ជា​ស្ដេច​មួយអង្គ​ក្នុងចំណោម​ស្ដេច​ដែលមាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក ក្នុងនោះ​មាន​ទាំង​វិមាន និង​រាជដំណាក់។ល។ ដែល​ទ្រព្យ​ទាំងនេះ ភាគច្រើន​ត្រូវបាន​ប្រគល់​ថ្វាយ​មហាក្សត្រ​ថ្មី Charles III បន្ទាប់ពី​មហាក្សត្រី Elizabeth II បាន​យាង​ចូល​ទិវង្គត។

    បើទោះ​ហាក់ដូច​ជា​សាមញ្ញ ប៉ុន្តែ​ជាក់ស្ដែង រាជសម្បត្តិ​របស់ មហាក្សត្រី​អង់គ្លេស Elizabeth II និង​អ្វីដែល​នឹង​កើតឡើង​ចំពោះ​វា​ក្រោយពី​ទ្រង់​បាន​សោយ​ទិវង្គត​គឺមាន​ភាពស្មុគស្មាញ។ ភាគច្រើន​នៃ​រាជសម្បត្តិ​នេះ​ត្រូវបាន​គេ​ដឹងថា ស្ថិតក្នុង​ក្រុមហ៊ុន​របស់​រាជវង្ស ដែលមាន​តម្លៃ ២៨ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ត្រូវបាន​ចាត់ទុកថា​ជា «​ក្រុមហ៊ុន​គ្រួសារ»។ ក្រៅពីនេះ មហាក្សត្រី​អង់គ្លេស Elizabeth II មាន​រាជសម្បត្តិ​ផ្ទាល់​ព្រះអង្គ​ប្រហែល ៥០០ លាន​ដុល្លារ​ទៀត នេះ​បើតាម Forbes។

    ប្រាក់ចំណូល​របស់​មហា​ក្ស​ត្រី​អង់គ្លេស Elizabeth II បានមកពី​មូលនិធិ​មួយ​ដែល​ដក​ពី​ខ្ទង់​ថវិកា​ដែល​គេ​ហៅថា ប្រាក់​ឧ​ប​ត្ថ​ម្ភា​សម្រាប់​រាជវង្ស (Sovereign Grant) ដែល​ទទួលខុសត្រូវ​ក្នុងការ «ផ្ដល់ប្រាក់​បៀវត្ស៍» ដល់​សមាជិក​រាជវង្ស។

    មូលនិធិ​ខាងលើ​មាន​ប្រភពពី​កិច្ចព្រមព្រៀង​មួយ​កាលពី​រាជកាល​ស្ដេច George III នៅពេល​ទ្រង់​បោះបង់​ប្រភព​ចំណូល​ពី​សភា​អង់គ្លេស ដើម្បី​ទទួលយក​ខ្ទង់​ប្រាក់ឧបត្ថម្ភ​ប្រចាំឆ្នាំ​សម្រាប់​ព្រះអង្គ​ផ្ទាល់ និង​រាជកាល​ជំនាន់​ក្រោយ​របស់​រាជវង្ស។ ខ្ទង់​ប្រាក់​នេះ​ត្រូវបាន​ហៅថា ប្រាក់ឧបត្ថម្ភ​រាជវង្ស​តាំងពី​ឆ្នាំ ២០១២។

    ខ្ទង់​ប្រាក់ឧបត្ថម្ភ​សម្រាប់​រាជវង្ស​នេះ​ត្រូវបាន​កំណត់​ត្រឹម​ជាង ៨៦ លាន​ផោន (ជិត ៩៩.៥ លាន​ដុល្លារ​អាម៉េរិក) កាលពី​ឆ្នាំ ២០២១ និង ២០២២។ ខ្ទង់​ប្រាក់​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការយាង​បំពេញ​រាជកិច្ច ការថែទាំ​រាជសម្បត្តិ ដូចជា​រាជវាំង រាជដំណាក់​ជាដើម​របស់​មហាក្សត្រ។

    ប្រាក់ចំណូល​របស់ មហាក្សត្រី​អង់គ្លេស Elizabeth II មិនមែន​ត្រឹម​តែមាន​ប្រភពពី​ខ្ទង់​ប្រាក់ឧបត្ថម្ភ​ប្រចាំឆ្នាំ​នោះទេ តែ​ក៏មាន​មួយ​ភាគ​ធំ​មកពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​រាជវង្ស​ផងដែរ។

    ក្រុមហ៊ុន​របស់​រាជវង្ស​អង់គ្លេស គ្រប់គ្រង​ដោយ​សមាជិក​ជាន់ខ្ពស់រ​បស់​រាជវង្ស Windsor ដែល​កន្លង​មក​ដឹកនាំ​ដោយ មហាក្សត្រី​អង់គ្លេស Elizabeth II។ សមាជិក​ទាំងនេះ​ដឹកនាំ​ស្ថាប័ន​មួយ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ក្រុមហ៊ុន​សកល ដែល​ជួយ​​បញ្ចេញ​ប្រាក់​រាប់រយ​លាន​ដុល្លារ​ទៅក្នុង​ខឿនសេដ្ឋកិច្ច​របស់ អង់គ្លេស ជា​រៀងរាល់ឆ្នាំ តាមរយៈ​ព្រឹត្តិការណ៍​ទូរទស្សន៍ និង​ទេសចរណ៍។

    មហាក្សត្រី​អង់គ្លេស Elizabeth II និង​សមាជិក​រាជវង្ស ៧ អង្គ​ទៀត ​គឺជា​សមាជិក​របស់​ក្រុមហ៊ុន រួមមាន​ព្រះអង្គម្ចាស់ Charles ដែល​បច្ចុប្បន្ន​គឺជា​មហាក្សត្រ Charles III និង​មហេសី Camilla, រាជទាយាទ William និង​មហេសី, ព្រះ​នាង Anne (Anne Elizabeth Alice Louise) រាជ​បុត្រី​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II រួម​នឹង​ព្រះអង្គម្ចាស់ Edward រាជបុត្រា​ពៅ​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II និង Sophie ដែលជា​ព្រះ​នាង​របស់​តំបន់ Wessex។

    ឆ្នាំ ២០២១ ទ្រព្យ​ដែល​ក្រុមហ៊ុន​រាជវង្ស​នេះ​កាន់កាប់​ នោះ​គឺ​អចលនទ្រព្យ​តម្លៃ ២៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ប៉ុន្តែ ទ្រព្យ​ទាំងនេះ ក្នុងនោះ​មាន​ទាំង​រាជវាំង​ជាដើម មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ដាក់លក់​ឡើយ។

    រាជវង្ស​អង់គ្លេស មិន​ទទួលបាន​ប្រាក់ចំណេញ​ពី​សកម្មភាព​ជំនួញ​របស់​ក្រុមហ៊ុន​រាជវង្ស ប៉ុន្តែ ជំនួស​មកវិញ ក្រុមហ៊ុន​នេះ​ជំរុញ​សេដ្ឋកិច្ច​អង់គ្លេស​តាមរយៈ «បាតុភូត​កេរ្តិ៍​ឈ្មោះ» ពោលគឺ នៅពេល​ផលិតផល​ដែល​មាន​​បិទ​ស្លាក «ធានា​ដោយ​រាជវង្ស» ត្រូវបាន​លក់ ផលិត​ផល​នោះ​​នឹង​នាំមក​នូវ​ការរីកចម្រើន​របស់​រា​ជ​វង្ស Windsor។ តែម «ធានាដោយ​រាជវង្ស» គឺជា​សញ្ញា​ដើម្បី​សម្គាល់​មុខទំនិញ​ដែល​ត្រូវបាន​ផ្គត់ផ្គង់​សម្រាប់​រាជវង្ស ក្នុង​បំណង​បង្ហាញថា ផលិតផលនោះ​​មានគុណ​ភាព​ខ្ពស់។

    ប្រភព​ចំណូល​សម្រាប់​ឧ​ប​ត្ថ​ម្ភ​ដល់​រាជវង្សានុវង្ស​ក៏បាន​មកពី Crown Estate ដែលជា​បណ្ដុំ​នៃ​អចលនទ្រព្យ និង​ទ្រព្យ​នៅ អង់គ្លេស របស់ អតីត​មហាក្សត្រី Elizabeth II។ Crown Estate ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ថាប័ន​ឯករាជ្យ​មួយ។ កាលពី​ខែមិថុនា ២០២២ Crown Estate បានប្រកាស​បង្ហាញ​ប្រាក់ចំណូល ៣១២.៧ លាន​ដុល្លារ​សម្រាប់​ឆ្នាំសារពើពន្ធ​ ២០២១​-​២០២២ ខ្ពស់ជាង ៤៣ លាន​ដុល្លារ ធៀប​នឹង​ឆ្នាំមុន​នោះ។

    ក្រៅពី​ទ្រព្យ​ដែល «មិនអាច​ដាក់លក់» ខាងលើ អតីត​មហាក្សត្រី Elizabeth II ក៏​នៅមាន​ទ្រព្យ​ឯកជន​ផ្ទាល់​ព្រះអង្គ​ប្រហែល ៥០០ លាន​ដុល្លារ​អាម៉េរិក​ ទៀត ដែល​ភាគច្រើន​បានមកពី​ខ្ទង់​វិនិយោគ កម្រង​វិចិត្រ​សិល្បៈ​នានា គ្រឿង​សង្ហា​រិម និង​អចលនទ្រព្យ ក្នុងនោះ​ក៏មាន​រាជដំណាក់ Sandringham និង​វិមាន Balmoral​ ជា​ដើម​។ អតីត​មហាក្សត្រី Elizabeth II ក៏បាន​ទទួល​រាជសម្បត្តិ​ជិត ៧០ លាន​ដុល្លារ​ពី​ព្រះ​មាតា នៅពេល​ទ្រង់​បាន​ចូល​ទិវង្គត​កាលពី​ឆ្នាំ ២០០២។

    រាជសម្បត្តិ​ឯកជន​របស់ អតីត​មហាក្សត្រី Elizabeth II ភាគច្រើន​នឹងត្រូវ​បាន​មហាក្សត្រ​ថ្មី Charles III ទទួល​គ្រប់គ្រង។ ចំណែក​អចលនទ្រព្យ និង​ខ្ទង់​វិនិយោគ​ដែលមាន​តម្លៃ​ប្រមាណ ២៨ ពាន់​លាន​ដុល្លារ​ទៀត នៅតែ​ត្រូវបាន​គ្រប់គ្រង​​ដោយ​ក្រុមហ៊ុន​រាជវង្ស៕

  • បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​របស់ សហភាព​អឺរ៉ុប កើនឡើង​ខ្ពស់​ខ្លាំង ក្នុងពេល​កំពុង​ជួប​វិបត្តិ​ថាមពល

    បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​របស់ សហភាព​អឺរ៉ុប កើនឡើង​ខ្ពស់​ខ្លាំង ក្នុងពេល​កំពុង​ជួប​វិបត្តិ​ថាមពល

    សហភាព​អឺរ៉ុប (EU) ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​បាន​យ៉ាងច្រើន​នៅក្នុង​រដូវក្ដៅ​កន្លងទៅ ដែល​នេះ​ជួយ​ឱ្យ​ពួកគេ​សំច័យ​ប្រា​ក់បាន ២៩ ពាន់​លាន​អឺរ៉ូ ពី​ការ​នាំចូល​ឧស្ម័ន។ អាកាសធាតុ​ខ្លាំង បូករួម​នឹង​ការដំឡើង​ផ្ទាំង​សូ​ឡារ​មានការ​កើនឡើង​យ៉ាង​លឿន នាំឱ្យ​បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​របស់​ទ្វីបអឺរ៉ុប​កើនឡើង​ខ្ពស់​ខ្លាំង ជួយ​ដោះស្រាយបាន​មួយផ្នែក​នូវ​តម្រូវការ​ថាមពល​ក្នុង​តំបន់​នេះ។

    យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រឹក្សា Ember (អង់គ្លេស) ក្នុង​បណ្ដា​ខែ​ដែលមាន​តម្រូវការ​ថាមពល​ខ្ពស់​នៅក្នុង​រដូវក្ដៅ (ចាប់ពី​ខែឧសភា ដល់​សីហា) បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​នៅ EU សម្រេចបាន ៩៩.៤ តេ​រ៉ា​វ៉ា​ត់​ម៉ោង (TWh) កើន ២៨% ធៀប​នឹង ៧៧.៧ TWh កាលពី​រដូវក្ដៅ​ឆ្នាំ​កន្លង។

    បរិមាណ​អគ្គិសនី​ដែល​ផលិត​ពី​កម្ដៅ​ព្រះអាទិត្យ​ក្នុង​បរិមាណ​អគ្គិសនី​សរុប​នៅ EU បាន​កើន ១២.២% ក្នុងដំណាក់កាល​ពី​ខែឧសភា ដល់​ខែសីហា​នេះ ធៀប​នឹង ៩.៤% ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១ ដោយ​ខ្ពស់ជាង​បរិមាណ ១១.៧% របស់​អគ្គិសនី​ផលិត​ពី​កម្លាំង​ខ្យល់ និង​បរិមាណ ១១% របស់​វា​រី​អគ្គិសនី។ ចំណែក​បរិមាណ​របស់​អគ្គិសនី​ផលិត​ពី​ថាម​ពល​ធ្យូងថ្ម​គឺ ១៦.៥%។

    កំណត់ត្រា​ស្ដីពី​បរិមាណ​អគ្គិសនី​​ដែល​ផលិត​ពី​​កម្ដៅ​ព្រះអាទិត្យ​ត្រូវបាន​បំបែក​នៅក្នុង​ប្រទេស​ចំនួន ១៨ ក្នុងចំណោម ២៧ នៃ​សមាជិក​របស់ EU នៅក្នុង​រដូវក្ដៅ​ចុងក្រោយ​នេះ ក្នុងនោះ ប្រទេស​ហូ​ឡង់​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ ដោយ​រួមចំណែក ២២.៧% ធៀប​នឹង​បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​សរុប ខណៈដែល អាល្លឺម៉ង ជាប់​លេខ ២ (១៩.៣%) និង អេ​ស្ប៉ា​ញ ជាប់​លេខ ៣ (១៦.៧%)។

    ក្រុមហ៊ុន​ប្រឹក្សា Ember បានឱ្យដឹងថា សមាជិក EU ដែលមាន​បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​កើនឡើង​ខ្ពស់​ជាងគេ​រាប់​ចាប់ពី​ឆ្នាំ ២០១៨ គឺ ប៉ូឡូញ ដោយ​កើនឡើង ២៦ ដង បន្ទាប់មក​គឺ ហ្វាំ​ង​ឡង់ និង ហុង​គ្រី កើនឡើង ៥ ដង។

    ក្រុមអ្នកវិភាគ​របស់ Ember បាន​គណនា​ឃើញថា EU នឹងត្រូវ​ទិញ​ឧស្ម័ន​បន្ថែម ២០ ពាន់​លាន​ម៉ែត្រគុប​នៅក្នុង​រដូវក្ដៅ​នេះ បើសិន​មិនមានអគ្គិសនី​ដែល​ផលិត​ពី​​ថា​ពលព្រះ​អាទិត្យ។ បរិមាណ​ឧស្ម័ន​នេះ​​គឺ​​ស្មើនឹងទឹក​ប្រាក់​ ២៩ ពាន់​លាន​អឺរ៉ូ បើយោង​ទៅតាម​តម្លៃ​ឧស្ម័ន​ប្រចាំថ្ងៃ ចាប់ពី​ខែឧសភា ដល់​សីហា ២០២២។

    ទិន្នន័យ​ខាងលើ​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រភព​ថាមពល​កកើត​ឡើងវិញ​ពិត​ជាមាន​សារសំខាន់​នៅក្នុង​ការប្រឹងប្រែង​រប​ស់ អឺរ៉ុប ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ឧស្ម័ន​ហ្វូ​ស៊ី​ល​ដែល​នាំចូល​ពី​តំបន់​ដទៃ និង​ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​នាពេលខាងមុខ៕

  • សហរដ្ឋ​អាម៉េរិក រម្លឹក​ខួប ២១ ឆ្នាំ​នៃ «​ព្រឹត្តិការណ៍​ភេរវកម្ម ១១ កញ្ញា ២០០១»

    សហរដ្ឋ​អាម៉េរិក រម្លឹក​ខួប ២១ ឆ្នាំ​នៃ «​ព្រឹត្តិការណ៍​ភេរវកម្ម ១១ កញ្ញា ២០០១»

    ពលរដ្ឋ​អាម៉េរិក រម្លឹក​ឈ្មោះ​ជនរងគ្រោះ ធ្វើ​កិច្ចការ​មនុស្សធម៌ និង​ចូលរួម​ព្រឹត្តិការណ៍​នានា​​ដើម្បី​ជា​ការ​​រម្លឹក​ខួប​ទី ២១ ឆ្នាំ នៃ​ហេតុការណ៍​ភេរវកម្ម ១១ កញ្ញា ឆ្នាំ​ ២០០១ ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​ជិត ៣,០០០ នាក់​ត្រូវ​​បាត់​បង់ជីវិត។

    ពិធី​​រម្លឹក​ខួប ២១ ឆ្នាំ​នៃ​ព្រឹត្តិការណ៍ ១១ កញ្ញា ត្រូវបាន​ធ្វើឡើង​នៅក្នុង​តំបន់​ដែល​អគារ​ភ្លោះ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក បាន​ដួលរលំ​នៅក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​កាលពីឆ្នាំ​ ២០០១ (២១ ឆ្នាំមុន)។ សាច់ញាតិ​របស់​ជនរ​ង​គ្រោះ និង​ក្រុមមន្ត្រី​អាម៉េរិក ក៏បាន​ចូលរួម​ព្រឹត្តិការណ៍​រម្លឹក​ខួប​ដ៏​សោកសៅ​នេះ​នៅ​ទីកន្លែង ២ ទៀត គឺ មន្ទីរ​បញ្ច​កោណ និង​វាលស្រែ​នៅក្នុង​រដ្ឋ Pennsylvania។

    សហគមន៍​នានា​នៅ​ពាសពេញ​ទឹកដី​អាម៉េរិក បាន​រម្លឹក​ខួប​ព្រឹត្តិការណ៍ ១១ កញ្ញា ទៅតាម​រូបភាពផ្សេងៗ មានដូចជា ពិធីបួងសួង​ក្រោម​ពន្លឺ​ភ្លើងទៀន ពិធី​សាសនានានា និង​សកម្មភាព​រម្លឹក​ខួបផ្សេងៗទៀត។ល។

    កាលពី​ជាង ២ ទសវត្សរ៍​មុន ហេតុការណ៍​វាយប្រហារ​ភេរវកម្ម ១១ កញ្ញា បាន​ក្លាយជា​ព្រឹត្តិការណ៍​ដែលនាំឱ្យ សហរដ្ឋ​អាម៉េរិក ត្រូវ​ស្ដារ​គោលនយោបាយ​សន្តិ​សុខ​ជាតិ និង​ចាប់ផ្ដើម «សង្គ្រាម​ប្រឆាំង​ភេរវកម្ម» នៅ​ទូទាំង​ពិភពលោក។

    នៅមុន​ថ្ងៃ​រម្លឹក​ខួប​នៃ​ព្រឹត្តិការណ៍ ១១ កញ្ញា នៅក្នុង​ឆ្នាំនេះ កងទ័ព​អាម៉េរិក បាន​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ទៅ​ប្រហារ Ayman al-Zawahri ដែលជា​សមាជិក​សំខាន់​មួយរូប​​របស់​ក្រុម​ភេរ​វករ al-Qaeda និង​ជា​អ្នក​ដែល​ជាប់​ទាក់ទិន​នឹង​ហេតុការណ៍ ១១ កញ្ញា។

    ករណី ១១ កញ្ញា បាន​នាំឱ្យ ប្រជាជន​អាម៉េរិក សាមគ្គី​គ្នា​​ក្នុង​មួយរយៈ​ពេល ប៉ុន្តែ​ក៏បាន​បណ្ដាលឱ្យ​សហគមន៍​​អ៊ីស្លាម​សាសនិក​នៅ​ប្រទេស​នេះ រង​ការសង្ស័យ និង​ការរើសអើង​អស់​ជាច្រើន​ឆ្នាំ។

    ព្រឹត្តិការណ៍ ១១ កញ្ញា ក៏ត្រូវ​បាន​គេ​អះអាងថា បាន និង​កំពុង​ជះឥទ្ធិពល​អាក្រក់​ក្នុងសង្គម​​​អាម៉េរិក ទាំង​ក្នុង​វិស័យ​នយោបាយ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ រហូតដល់​បច្ចុប្បន្ន៕

  • ក្រឡាប់​រថយន្តក្រុង បណ្ដាលឱ្យ​មនុស្ស​ជាង ៥០ នាក់​ត្រូវស្លាប់ និង​រងរបួស នៅ អាហ្វ្រិក​កណ្ដាល

    ក្រឡាប់​រថយន្តក្រុង បណ្ដាលឱ្យ​មនុស្ស​ជាង ៥០ នាក់​ត្រូវស្លាប់ និង​រងរបួស នៅ អាហ្វ្រិក​កណ្ដាល

    មេដឹកនាំ​ខណ្ឌ Boali នៃ​ខេត្ត Ombella-M’poko របស់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បានឱ្យដឹងថា សាកសព​ជនរងគ្រោះ​មួយចំនួន​ស្ថិតនៅក្នុង​រថយន្ត ហើយ​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង ព្រោះ​មាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ច្រើន។

    អាជ្ញាធរ​ក្នុង​តំបន់​ខាងលើ​បាន​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​មួយ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី ១១ កញ្ញា (ពេលវេលា​ក្នុងស្រុក) បាន​បណ្ដាលឱ្យ​មនុស្ស​ចំនួន ១២ នាក់​បាត់​បង់ជីវិត និង​ជាង ៤០ នាក់​រងរបួស។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់ Kassango ក្នុង​ខណ្ឌ Boali នៃ​ខេត្ត Ombella-M’poko របស់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

    រថយន្តក្រុង​ដែល​ដឹក​មនុស្ស ៦៧ នាក់ ចេញដំណើរ​ពី​ទីក្រុង Beloko ដោយ​ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ ១ បាន​ជួប​គ្រោះថ្នាក់​នៅ​ទីតាំង​ដែលមាន​ចម្ងាយ​ជិត ១០០ គីឡូម៉ែត្រ ពី រដ្ឋធានី​បង់​ហ្គី។

    លោក Robert Yamo ដែលជា​មេដឹកនាំ​ខណ្ឌ Boali បានឱ្យដឹងថា រថយន្ត​ដឹក​លើស​ចំណុះ និង​រត់​លើស​ល្បឿន​កំណត់​គឺជា​មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ។ លោក Yamo បន្ថែមថា ដោយសារតែ​អ្នករងរបួស​ធ្ងន់ធ្ងរ​មាន​ចំនួន​ច្រើន ដូច្នេះ​តួលេខ​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្តទៀត

    កាលពី​ខែមិថុនា ២០២២ នៅត្រង់ចំណុច​គ្រោះថ្នាក់​ខាងលើ​ក៏មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង និង​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៩ នាក់​ត្រូវស្លាប់ និង​ជាង ១០ នាក់​រងរបួស៕

     

  • ទីក្រុង​ប៉ារីស ចាប់ផ្ដើម​យក​ថ្លៃ​ចត​ម៉ូតូ​ប្រើ​សាំង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន

    ទីក្រុង​ប៉ារីស ចាប់ផ្ដើម​យក​ថ្លៃ​ចត​ម៉ូតូ​ប្រើ​សាំង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន

    អាជ្ញាធរ​ទីក្រុង​ប៉ារីស ទើបតែ​បានចេញ​សម្រេច​មួយ​ដែល​តម្រូវឱ្យ​ម្ចាស់​ម៉ូតូ​ប្រើ​សាំង​នៅក្នុង​រដ្ឋធានី​របស់ បារាំង បង់ថ្លៃ​ចត ខណៈដែល​ម៉ូតូ​អគ្គិសនី​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ចំណត​ដោយ​មិន​គិតថ្លៃ។

    ការយកថ្លៃ​ចត​ម៉ូតូ​ថ្មី​នេះ គឺ​អនុវត្ត​ទៅតាម​ការសន្យា​ដែល​បានធ្វើ​ឡើង​ក្នុងការ​ឃោសនាបោះឆ្នោតរ​បស់ អភិបាលក្រុង​ប៉ារីស លោកស្រី Anne Hidalgo ហើយ​បើតាម​គ្រោង បទបញ្ជា​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ខែមករា​ឆ្នាំនេះ។ ក៏ប៉ុន្តែ ការអនុវត្ត​បទបញ្ជា​ត្រូវបាន​ពន្យារពេល នៅពេល​លោកស្រី Anne Hidalgo ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​បារាំង។

    ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អភិបាល​រដ្ឋធានី Hidalgo បានឱ្យ​សាងសង់​បណ្ដាញ​គន្លង​ផ្លូវ​ថ្មី​សម្រាប់​កង់ និង​ដំឡើងថ្លៃ​ចត​រថយន្ត ដើម្បី​ដឹកនាំ​ប្រជាជន​នៅ ប៉ារីស ងាក​ទៅរក​មធ្យោបាយ​ធ្វើដំណើរ​ដែល​ល្អ​សម្រាប់​បរិស្ថាន។ ក្រុម​តំណាងឱ្យ​អ្នកជិះ​កង់ និង​អ្នកដើរ​ដោយ​ថ្មើរជើង បាន​សម្ដែង​ការ​សាទរ​ចំពោះ​បទបញ្ជា​នេះ។

    ទោះជា​យ៉ាងណាក៏ដោយ សមាគម​អ្នកជិះ​ម៉ូតូ និង​ក្រុមប្រឆាំង​នៅ ប៉ារីស បាន​ជំទាស់​យ៉ាងខ្លាំង​ក្លា​ចំពោះ​គោលនយោបាយ​ខាងលើ និង​បាន​ហៅ​វា​ថា​ជា​ប្រភេទ​ពន្ធ​ថ្មី ហើយ​ថា វា​នឹងមិន​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ឡើយ។

    ចាប់ពី​ថ្ងៃទី ០១ កញ្ញា ថ្លៃ​ចត​ម៉ូតូ​នៅ​តំបន់​កណ្ដាល​ក្រុង​គឺ ៣ អឺរ៉ូ សម្រាប់​ការចត ១ ម៉ោង។ សម្រាប់​ការចត​នៅក្នុង​តំបន់​ជាយក្រុង​វិញ​គឺ​តម្រូវឱ្យ​បង់ថ្លៃ ២ អឺរ៉ូ សម្រាប់ ១ ម៉ោង។ ពលរដ្ឋ​ប៉ារីស ក៏​អាច​ទិញ​បណ្ណ​ចត​ម៉ូតូ​ប្រចាំឆ្នាំ​ក្នុងតម្លៃ ២២.៥០ អឺ​រ៉ូ/ឆ្នាំ ដើម្បី​សំច័យ​ប្រាក់៕

     

  • លោក គីម ជុង​អុន ៖ កូរ៉េខាងជើង នឹងមិន​បោះបង់​អាវុធ​នុយ​ក្លេ​អែរ​ជាដាច់ខាត

    លោក គីម ជុង​អុន ៖ កូរ៉េខាងជើង នឹងមិន​បោះបង់​អាវុធ​នុយ​ក្លេ​អែរ​ជាដាច់ខាត

    នៅក្នុង​កិច្ចប្រជុំ​សំខាន់​មួយ​របស់ សភា​កូរ៉េខាងជើង មេដឹកនាំ គីម ជុង​អុន បានប្រកាសថា ប្រទេស​របស់លោក​នឹងមិន​បោះបង់ចោល​អាវុធ​នុយ​ក្លេ​អែរ​ជាដាច់ខាត។

    ការអះអាង​ខាងលើ​របស់ មេដឹកនាំ​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​សំខាន់​របស់ សភា​កូរ៉េខាងជើង នា​សប្ដាហ៍​នេះ។ នេះ​បើតាម ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ចុះ​ផ្សា​ក្នុង​ថ្ងៃទី ០៩ កញ្ញា។

    លោក គីម ជុង​អុន យល់ថា គោលដៅ​របស់ សហរដ្ឋ​អាម៉េរិក គឺ​ការផ្ដួលរំលំ​របប​នៅ កូរ៉េខាងជើង។ មេដឹកនាំ​របស់ កូរ៉េខាងជើង អះអាងថា អាម៉េរិក សង្ឃឹមថា នឹងដាក់​សម្ពាធ បង្ខំ​ឱ្យ កូរ៉េខាងជើង បោះបង់​អាវុធ​នុយ​ក្លេ​អែរ តាមរយៈ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ប៉ុន្តែ លោក គីម បញ្ជាក់ថា កូរ៉េខាងជើង នឹងមិន​ចុះចាញ់ សូម្បីតែ​ក្រោយពី​ទណ្ឌកម្ម​លើ កូរ៉េខាងជើង ត្រូវបាន​អនុវត្ត​ក្នុង​រយៈពេល «រាប់រយឆ្នាំ»។

    មេដឹកនាំ​កូរ៉េខាងជើង ប្រកាសថា គោលនយោបាយ​ប្រើប្រាស់​កម្លាំង​អាវុធ​នុយ​ក្លេ​អែរ ត្រូវបាន​កត់ត្រា​នៅក្នុង​ច្បាប់​របស់​ប្រទេស​នេះ។

    លោក គីម ជុង​អុន ឱ្យដឹងថា ច្បាប់​ថ្មី​នេះ​អនុញ្ញាតឱ្យ កូរ៉េខាងជើង «ម្ចាស់ការ» ក្នុងការ​ឆ្លើយតប​ដោយ​អាវុធ​នុយ​ក្លេ​អែរ បើសិនជា​ត្រូវ​រង​ការវាយប្រហារ៕