Category: អន្តរជាតិ

  • ជប៉ុន ប្រារព្ធ​ពិធី​បូជា​ភ្លើង​សព​លោក ស្ហី​ន​ហ្សូ អា​បេ (Shinzo Abe) នៅថ្ងៃនេះ

    ជប៉ុន ប្រារព្ធ​ពិធី​បូជា​ភ្លើង​សព​លោក ស្ហី​ន​ហ្សូ អា​បេ (Shinzo Abe) នៅថ្ងៃនេះ

    ពិធី​បូជាសព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហី​ន​ហ្សូ អា​បេ គ្រោង​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង ១៤ ថ្ងៃទី ២៧ កញ្ញា​នេះ (ម៉ោង ១២ នៅ កម្ពុជា) នៅឯ​សាល​ប្រកួត​ក្បាច់គុន Nippon Budokan ក្នុង រាជធានី​តូ​ក្យូ។

    រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន Hirokazu Matsuno នឹង​ឡើង​ថ្លែងការណ៍​ចាប់​ចាប់​ពិធី​បូជាសព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហី​ន​ហ្សូ អា​បេ នៅថ្ងៃនេះ។ បន្ទាប់មក នាយករដ្ឋមន្ត្រី Fumio Kishida និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជប៉ុន រួម​នឹង​អតីត​នាយករដ្ឋមន្ត្រី Yoshihide Suga នឹង​អាន​សុន្ទរកថា រម្លឹក​វិញ្ញាណក្ខន្ធ​លោក អា​បេ។

    យោងតាម​ប្រពៃណី ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito និង​ព្រះ​មហេសី Masako, អតីត​ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito និង​មហេសី នឹងមិន​យាង​ចូលរួម​ពិធី​បូជាសព ប៉ុន្តែ​ទ្រង់​ចាត់​តំណាង​មក​ជំនួស។ សមាជិក​ផ្សេងទៀត​របស់​រាជវង្ស​ជប៉ុន មានដូចជា រាជទាយាទ Akishino និង​មហា​សី Kiko នឹងដាក់​កម្រ​ផ្កា​រំលែក​ទុក្ខ។ បន្ទាប់មកទៀត ភ្ញៀវសំខាន់ៗដែល​ចូលរួម​បុណ្យសព នឹង​ឡើង​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ​នៃ​គ្រួសារ​សព។

    ពិធី​បុណ្យសព​នេះ​នឹង​បញ្ចប់​ដោយ​ការ​ដង្ហែ​ធាតុ​របស់​សព​លោក អា​បេ និង​ដាក់​កម្រ​ផ្កា​ដើម្បី​ជាការ​គោរព​ដល់​វិញ្ញាណក្ខន្ធ។ បច្ចុប្បន្ន មិនមាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ទី​តម្កល់ ឬ​បញ្ចុះធាតុ​របស់​សព​លោក អា​បេ នៅឡើយ។ ប៉ុន្តែ មុន​នោះ មាន​ដំណឹង​ថា ធាតុ​លោក អា​បេ អាច​នឹង​ត្រូវបាន​ដង្ហែ​យកទៅ​កាន់​ស្រុកកំណើត​នៅឯ​ខេត្ត Yamaguchi និង​បញ្ចុះ​នៅក្នុង​ទី​បញ្ចុះសព​របស់​គ្រួសារ នៅក្បែរ​ផ្នូរ​របស់​ឪពុក​លោក គឺ​លោក Shintaro Abe។

    ពិធី​បុណ្យសព​របស់លោក អា​បេ គ្រោង​នឹង​អូសបន្លាយ​ពេល ១ ម៉ោង​កន្លះ ដោយមាន​ការចូលរួម​របស់​ភ្ញៀវ​ប្រមាណ ៧០០ នាក់ ក្នុងនោះ​មាន​មេដឹកនាំ និង​អតីត​មេដឹកនាំ​មកពី ៥០ ប្រទេស​ផងដែរ៕

  • ហ្វ៊ី​លី​ពី​ន បិទទ្វារ​ក្រុមហ៊ុន​ល្បែង​ជិត ២០០ កន្លែង និង​បណ្ដេញ​ជនជាតិ​ចិន ៤ ម៉ឺន​នាក់

    ហ្វ៊ី​លី​ពី​ន បិទទ្វារ​ក្រុមហ៊ុន​ល្បែង​ជិត ២០០ កន្លែង និង​បណ្ដេញ​ជនជាតិ​ចិន ៤ ម៉ឺន​នាក់

    ក្រុមមន្ត្រី​ហ្វ៊ី​លី​ពី​ន បានប្រកាសថា ប្រទេស​នេះ​នឹង​បិទទ្វារ​ក្រុមហ៊ុន​ល្បែង​បរទេស​ចំនួន ១៧៥ ស្ថាប័ន និង​បណ្ដេញ​បុគ្គលិក​ជនជាតិ​ចិន ប្រហែល ៤ ម៉ឺន​នាក់។

    «ការ​បោសសម្អាត​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ស្ដីពី​សកម្មភាព​សម្លាប់​ម​នុស្ស ចាប់ជំរិត និង​អំពើ​ឃោរឃៅ​របស់ ពលរដ្ឋ​ចិន ដែល​ធ្វើ​ទៅលើ​អ្នក​មកពី​ស្រុក​ជាមួយគ្នា​របស់​ពួកគេ» អ្នកនាំពាក្យ​របស់ ក្រសួងយុត្តិធម៌​ហ្វ៊ី​លី​ពី​ន Jose Dominic Clavano កាលពី​ថ្ងៃទី ២៦ កញ្ញា បានប្រកាស​ដូច្នេះ។

    លោក Clavano ឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​អាជ្ញាធរ​បិទទ្វារ​ក្រុមហ៊ុន​ទាំង ១៧៥ ស្ថាប័ន​ខាងលើ គឺ​ដោយសារ​អាជ្ញា​បណ្ណ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​អស់​សុពលភាព ត្រូវ​រឹបអូស ឬ​ដោយសារ​មិនបាន​ទូទាត់​បំណុល​ដល់​រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន។ ចំណែក​ការបណ្ដេញ​ពលរដ្ឋ​ចិន​ឱ្យទៅ​ស្រុក​វិញ នឹង​ចាប់ផ្ដើម​ធ្វើឡើង​ពី​ខែតុលា​ខាងមុខ។

    ស្ថានទូត​ចិន​ប្រចាំ​ហ្វ៊ី​លី​ពី​ន បានប្រកាសថា ទីក្រុង​ប៉េកាំង គាំទ្រ​សកម្មភាព​ខាងលើ​របស់ អាជ្ញាធរ​ហ្វ៊ី​លី​ពី​ន។ ស្ថាប័ន​នេះ​បាន​អះអាងថា រដ្ឋាភិបាល​ចិន ប្ដេជ្ញា​ប្រឆាំងនឹង​ល្បែងស៊ីសង ហើយ​ថា នឹង​ចាត់វិធានការ​តឹងរឹង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​នេះ»។

  • នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក មកដល់​ទឹកដី​កូរ៉េខាងត្បូង​ ជា​លើកដំបូង​ក្រោយ​អវត្តមាន​រយៈពេល ៤ ឆ្នាំ

    នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក មកដល់​ទឹកដី​កូរ៉េខាងត្បូង​ ជា​លើកដំបូង​ក្រោយ​អវត្តមាន​រយៈពេល ៤ ឆ្នាំ

    នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក USS Ronald Reagan ថ្ងៃនេះ​បាន​ចូល​ចត​នៅ​កំពង់ផែ​របស់ ប្រទេស​កូរ៉េខាងត្បូង ជា​លើកដំបូង​ក្រោយ​រយៈពេល ៤ ឆ្នាំ ដែល​នេះ​ត្រូវបាន​គេ​ជឿថា ដើម្បី​កំញើញ កូរ៉េខាងជើង។

    ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan របស់ សហរដ្ឋ​អាម៉េរិក ថ្ងៃនេះ​បាន​ចូល​ចត​ក្នុង​កំពង់ផែ Busan ដែល​មាន​ចម្ងាយ​ពី រដ្ឋធានី​សេ​អ៊ូ​ល ប្រហែល ៣៩០ គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ នេះ​គឺជា​លើកដំបូង​ដែល​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក មកកាន់ ទឹកដី​កូរ៉េខាងត្បូង រាប់​ចាប់តាំងពី​ឆ្នាំ ២០១៨។

    ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan រួមមាន នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan, នាវា​ល្បាត​សមុទ្រ​បំពាក់​មី​ស៊ី​ល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ USS Chancellorsville និង​នាវា​ពិឃាត USS Barry។

    តាម​ផែនការ ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan នឹងចូលរួម​ធ្វើ​សមយុទ្ធ​រួមជាមួយ កូរ៉េខាងត្បូង នៅលើ​សមុទ្រ​ខាងកើត​របស់​ប្រទេស​នេះ​នៅ​ចុងខែ។ នាវាមុជទឹក​នុយ​ក្លេ​អែរ USS Annapolis របស់ សហរដ្ឋ​អាម៉េរិក ក៏​គ្រោង​នឹង​បង្ហាញ​វត្តមាន​ផងដែរ។

    USS Ronald Reagan មកកាន់ Busan នាថ្ងៃនេះ

    «ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មកនេះ​គឺជា​ការសម្ដែង​ឱ្យឃើញ​អំពី​ភាពរឹងមាំ​របស់​សម្ព័ន្ធ​ភាព​អាម៉េរិក-កូរ៉េខាងត្បូង និង​ដើម្បី​កំញើញ​ការគំរាមកំហែង​ដោយ​មី​ស៊ី​ល និង​អាវុធ​នុយ​ក្លេ​អែរ​របស់ កូរ៉េខាងជើង» មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ កូរ៉េខាងត្បូង សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Yonhap ដូច្នេះ។

    USS Ronald Reagan មកកាន់ Busan បន្ទាប់ពី ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន និង​សមាស​ភាគី​កូរ៉េខាងត្បូង យូន សកយ៉ល (Yoon Suk-yeol) បញ្ជាក់​ជាថ្មី​អំពី​ការសន្យា​ដែលថា​នឹងដាក់​ពង្រាយ​សព្វាវុធ​យុទ្ធសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក «ឱ្យបាន​ទាន់ពេល និង​សហការ​នៅពេល​ចាំបាច់» នៅក្នុង​ជំនួប​កំពូល​នៅ សេ​អ៊ូ​ល កាលពី​ខែឧសភា ២០២២។

    កូរ៉េខាងជើង ថ្កោលទោស​ចំពោះ​សមយុទ្ធ​យោធា​រួមនានា​​រវាង សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ដោយ​ចាត់ទុកថា ទាំង​នោះ​គឺជា​​ការ​ត្រៀម​សម្រាប់​សង្គ្រាម​ប្រឆាំង កូរ៉េខាងជើង៕

  • ៤ តំបន់​​របស់ ​អ៊ុយ​ក្រែ​ន ធ្វើ​​ប្រជាមតិ​​ស្ដី​ពី​​ការ​ច្របាច់​បញ្ចូល​​​ខ្លួន​ទៅ​ក្នុង​​ទឹក​ដី​​រុស្ស៊ី

    ៤ តំបន់​​របស់ ​អ៊ុយ​ក្រែ​ន ធ្វើ​​ប្រជាមតិ​​ស្ដី​ពី​​ការ​ច្របាច់​បញ្ចូល​​​ខ្លួន​ទៅ​ក្នុង​​ទឹក​ដី​​រុស្ស៊ី

    ម្ចាស់ឆ្នោត​នៅក្នុង​តំបន់​ចំនួន ៤ របស់ អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ រុស្ស៊ី នឹង​បោះឆ្នោត​សម្ដែង​មតិ​ចំពោះ​ការច្របាច់បញ្ចូល​ទឹកដី​ទាំងនេះ​ទៅក្នុង​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃនេះ និង​ទៅតាម ២ ដំណាក់កាល។

    ទឹកដី​ផ្ដាច់ខ្លួន សាធារណរដ្ឋ​ប្រជាមានិត Donetsk (DPR) និង សាធារណរដ្ឋ​ប្រជាមានិត Lugansk (LPR) នៅក្នុង​តំបន់ Donbass រួម​នឹង​តំបន់​ដែល​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី នៅក្នុង​ខេត្ត Kherson និង​ខេត្ត Zaporizhzhia របស់ អ៊ុយ​ក្រែ​ន នឹងធ្វើ​ប្រជាមតិ​អំពី​បំណង​ច្របាច់​បញ្ចូល​ទឹកដី​ទាំងនេះ​ទៅក្នុង​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៧ កញ្ញា ២០២២។

    ដំណើរការ​បោះឆ្នោត​ត្រូវបាន​ចែកជា ២ ដំណាក់កាល នេះ​បើតាម​មន្ត្រី​ស្និទ្ធ​នឹង រុស្ស៊ី នៅក្នុង​តំបន់​ខាងលើ។ ថ្ងៃ​បោះឆ្នោត​ផ្ទាល់​នៅតាម​ទីតាំង​រៀបចំ​ការបោះឆ្នោត​នឹងធ្វើ​ឡើង​ក្នុង​ថ្ងៃទី ២៧ កញ្ញា។ ក្នុង​រយៈពេល ៤ ថ្ងៃមុន​នោះ សន្លឹកឆ្នោត​នឹងត្រូវ​បាន​ប្រមូល​ទៅតាម​តំបន់នីមួយៗ ដោយ​ក្រុមមន្ត្រី​រៀបចំ​ការបោះឆ្នោត​នឹង​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​សន្លឹកឆ្នោត។ មន្ត្រី​ស្និទ្ធ​នឹង​រុស្ស៊ី និយាយថា វិធីសាស្ត្រ​នេះ​គឺ​ដើម្បី​ការពារ​សន្តិសុខ។

    ការរៀបចំ​បោះឆ្នោត​ប្រជាមតិ​ខាងលើនេះ ត្រូវបាន​គាំទ្រ​ដោយ រដ្ឋាភិបាល​រុស្ស៊ី។ សន្លឹកឆ្នោត​នៅ Donetsk និង Lugansk ត្រូវបាន​បោះ​ពុ​ម្ភ​ជា​ភាសា​រុស្ស៊ី ដោយសារ​ថា ក្រុមមន្ត្រី​របស់​កងក​ម្លាំ​ង​ផ្ដាច់ខ្លួន តាំងពី​ឆ្នាំ ២០២០ បានកំណត់​យក​ភាសា​រុស្ស៊ី ជា​ភាសាផ្លូវការ។ ចំណែក​ខេត្ត Kherson និង Zaporizhzhia នឹង​បោះ​ពុ​ម្ភ​សន្លឹកឆ្នោត​ជា​ភាសា​រុស្ស៊ី-អ៊ុយ​ក្រែ​ន។

    ក្រោយពី​មានការ​ប្រកាស​អំពី​ការបោះឆ្នោត​ប្រជាមតិ​នៅ Donetsk, Lugansk, Kherson និង Zaporizhzhia រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២០ កញ្ញា បាន​ចោទថា នេះ​គឺជា​ការធ្វើប្រជាមតិ​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ។

    ទីក្រុង​កៀវ​សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​នេះ​នឹងមិន​ផ្លាស់ប្ដូរ​អាធិបតេយ្យ​ និង​បូរណភាព​ទឹក​ដី​ ហើយ​ថា កងទ័ពអ៊ុយក្រែន «មាន​សិទ្ធិ​រំដោះ​តំបន់​ទាំងនោះ និង​បន្តធ្វើ​ដូច្នេះ»។ អ៊ុយ​ក្រែ​ន ក៏​យល់ថា ការបោះឆ្នោត​ប្រជាមតិ​នេះ​នឹង​បំផ្លាញ​ឱកាស​ក្នុង​ការចរចា​សន្តិភាព​ជាមួយ រុស្ស៊ី។

    ចំណែក​បណ្ដា​ប្រទេស​លោកខាងលិច ក្នុងនោះ លេចធ្លោ​ជាងគេ​គឺ សហរដ្ឋ​អាម៉េរិក និង ណា​តូ ជាដើម ក៏បាន​រិះគន់​ចំពោះ​ផែនការ​លេប​យក​ទឹក​ដី​​អ្នក​ជិត​របស់ រុស្ស៊ី នេះ​ផងដែរ​៕

  • អ្នក​អវកាស​របស់ អាម៉េរិក និង រុស្ស៊ី ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)

    អ្នក​អវកាស​របស់ អាម៉េរិក និង រុស្ស៊ី ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)

    អវកាស​ចរ ២ រូប​របស់ រុស្ស៊ី និង អវកាស​ចរ ១ រូប​របស់ អាម៉េរិក កាលពី​ថ្ងៃទី ២១ កញ្ញា បានរួម​ដំណើរ​ជាមួយគ្នា ហោះ​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ នៅក្នុង​បេសកកម្ម​មួយ​ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី (Roscosmos)។

    អ្នក​អវកាស​ទាំង ៣ រូបនេះ​រួមមាន Sergey Prokopyev និង Dmitri Petelin មកពី Roscosmos និង Frank Rubio មកពី NASA។ ពួកគេ​ហោះ​ទៅកាន់ ISS ដោយ​ប្រើប្រាស់​រ៉ុក្កែត និង​យានអវកាស Soyuz ពី​ព្រលាន​យានអវកាស Baikonur នៅ កា​ហ្សា​ក​ស្ថាន កាលពី​ម៉ោង ១៩ និង ៥៤ នាទី ថ្ងៃទី ២១ កញ្ញា ត្រូវ​នឹង​ម៉ោង​ប្រហែល ២០ និង ៥៤ នាទី​នៅ កម្ពុជា។

    យាន Soyus បាន​ចូល​ចត​នៅ ISS វេលា​ម៉ោង ២៣ និង ០៦ នាទី​ថ្ងៃ​ដដែល (ម៉ោង​នៅ កម្ពុជា) ក្រោយ​ការបាញ់​បង្ហោះ​បាន​ប្រហែល ៣ ម៉ោង នេះ​បើតាម Space។

    ជើងហោះហើរ​នេះ​គឺជា​កិច្ចសហការ​ដ៏​កម្រ​រវាង រុស្ស៊ី និង សហរដ្ឋ​អាម៉េរិក រាប់​ចាប់តាំងពី ប្រធានាធិបតី ពូ​ទីន បាន​ចូលលុកលុយ អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។

    បច្ចុប្បន្ន ISS ពឹង​ផ្អែកលើ​ប្រព័ន្ធ​រុញច្រាន​របស់ រុស្ស៊ី ដើម្បី​រក្សា​កម្ពស់ ៤០០ គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ក្នុង​គ្រា​ដែល​ក្រុម​របស់ សហរដ្ឋ​អាម៉េរិក ទទួលខុសត្រូវ​ចំពោះ​បញ្ហា​អគ្គិសនី និង​ប្រព័ន្ធ​ទ្រទ្រង់​ជីវិត។

    រុស្ស៊ី និង អាម៉េរិក បានចាប់ផ្ដើម​សាងសង់​ស្ថានីយ​អវកាស​នៅ​អំ​ឡុងចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ហើយ​ប្រការនេះ​ត្រូវបាន​ចាត់ទុកថា​ជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រោយ​បញ្ចប់​សង្គ្រាមត្រជាក់ និង​ការរត់​ប្រណាំង​ផ្នែក​អវកាស​ដែល​អូសបន្លាយ​ពេល​អស់​រាប់​ទសវត្សរ៍៕

  • តេ​ឡេ​ស្កុប James Webb ថត​ពិភព​ណិ​ប​ទូ​ន (Neptune) បាន​ច្បាស់​បំផុត​ក្នុងអំឡុង ៣២ មកនេះ

    តេ​ឡេ​ស្កុប James Webb ថត​ពិភព​ណិ​ប​ទូ​ន (Neptune) បាន​ច្បាស់​បំផុត​ក្នុងអំឡុង ៣២ មកនេះ

    ណា​សា កាលពី​ថ្ងៃទី ២១ កញ្ញា បានប្រកាស​បង្ហាញ​រូបថត​ដំបូង​របស់​តេ​ឡេ​ស្កុប James Webb ស្ដីពី​​ណិ​ប​ទូ​ន ដែល​ជា​ពិភព​ទឹកកក​ខ្នាត​យក្ស​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

    រូបថត​ថ្មី​នេះ​នាំមក​នូវ​ទិដ្ឋភាព​ច្បាស់ ត្រជាក់​ភ្នែក​បំផុត​សម្រាប់​ក្រុម​តារាវិទូ ក៏ដូចជា​អ្នក​ចូលចិត្ត​វិស័យ​តារាសាស្ត្រ ស្ដីពី​ខ្សែក្រវ៉ាត់​ដ៏​ត្រជាក់​របស់​ភព​ណិ​ប​ទូ​ន ក្នុង​រយៈពេល ៣២ ឆ្នាំ​មកនេះ រាប់​ចាប់តាំងពី​យានអវកាស Voyager 2 បាន​ហោះ​កាត់​ភព​នេះ​ក្នុង​ដំណើរ​ចាក​ចេញពី​ប្រព័ន្ធ​ព្រះអាទិត្យ។

    ក្រៅពី​បណ្ដា​ខ្សែក្រវ៉ាត់​ចង្អៀត និង​ភ្លឺ​ដែល​ធ្លាប់​បានដឹង រូបថត​ថ្មី​របស់ James Webb ក៏​ថែមទាំង​បង្ហាញឱ្យឃើញ​ខ្សែក្រវ៉ាត់​ធូលី​ស្រអាប់​មួយចំនួន​ព័ទ្ធជុំវិញ​ពិភព​ណិ​ប​ទូ​ន​ផងដែរ។ អ្នកវិទ្យាសាស្ត្រ​មិន​ធ្លាប់​បានឃើញ​ពួកវា រាប់​ចាប់តាំងពី Voyager 2 បាន​ហោះ​ទៅ​ក្បែរ​ភព​នេះ​កាលពី​ឆ្នាំ ១៩៨៩។

    នៅក្នុង​រូបភាព​ដែល​ថត​បាន​ដោយ​តេ​ឡេ​ស្កុប​អវកាស Hubble ភព​ណិ​ប​ទូ​ន តែងតែមាន​ពណ៌​ទឹកសមុទ្រ។ ពណ៌​នេះ​កើតឡើង​នៅលើ ណិ​ប​ទូ​ន ដោយសារតែ​ឧស្ម័ន​មេតាន​ក្នុង​បរិយាកាស និង​មិន​បង្ហាញខ្លួន​នៅក្នុង​រូប​ដែល​ថត​បាន​ដោយ James Webb ព្រោះថា តេ​ឡេ​ស្កុប​ថ្មី​នេះ​ថត​ភព​ណិ​ប​ទូ​ន​ក្រោម​ពន្លឺ​ក្បែរ​អ៊ី​ន​ហ្វ្រា​រ៉េដ (near-infrared light)។

    ចំណុច​លេចធ្លោ​មួយ​ផ្សេងទៀត​គឺ​ផ្ទាំង​ពន្លឺ​មួយចំនួន​នៅ​ពាក់កណ្ដាល​ប៉ូល​ខាងត្បូង​របស់​ភព​ណិ​ប​ទូ​ន។ ពួកវា​គឺជា​ពពក​ទឹកកក​ស្ថិតនៅ​ទី​ខ្ពស់​ក្នុង​បរិយាកាស​ដែល​ចាំង​ប្លាត​​ពន្លឺព្រះអាទិត្យ មុននឹង​ត្រូវ​មេតាន​ក្នុង​ពពក​ស្រូបយក។

    រូបថត​ថ្មី​របស់ James Webb បង្ហាញថា មាន​ពពក​មួយ​ខ្សែ​នៅ​ទី​ខ្ពស់​ព័ទ្ធជុំវិញ​ព្យុះ​មួយ​នៅ​ប៉ូល​ខាងត្បូង​របស់​ភព​ណិបទូន។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រ​ក៏​ឃើញ​ពន្លឺ​ស្ដើង​មួយ​ខ្សែ វិល​ជុំវិញ​អេក្វាទ័រ ដែល​នេះ​អាចជា​ចលនា​របស់​បរិយាកាស។ តំបន់​ប៉ូល​ខាងជើង​របស់ណិ​ប​ទូ​ន ក៏មាន​ពន្លឺ​ដែល​គួរឱ្យ​ចង់ដឹង។

    James Webb បាន​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ឃើញ​រូបភាព​ស្ដីពី​ព្រះ​ចន្ទ​ទាំង ៧ របស់​ភព​ណិ​ប​ទូ​នផងដែរ។ ចំណុច​ភ្លឺ​លេចធ្លោ​ផ្នែក​ខាងលើ​របស់ ណិ​ប​ទូ​ន គឺជា​ព្រះ​ចន្ទ Triton។ ព្រះ​ចន្ទ​នេះ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ស្រទាប់​អាសូត (nitrogen) យ៉ាង​ក្រាស់ និង​កក ហើយ​ហាក់ដូច​ភ្លឺ​ជាង​ពិភព​ណិ​ប​ទូត​ទៅទៀត ព្រោះ​ចាំង​ប្លាត​ពន្លឺព្រះអាទិត្យ​ប្រមាណ ៧០%៕

     

  • ​រុស្ស៊ី ព្រមាន​ថា អ្នក​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​បទបញ្ជា​របស់ ពូ​ទីន នឹងត្រូវ​ចាប់​បញ្ចូល​ទៅក្នុង​ជួរ​កងទ័ព

    ​រុស្ស៊ី ព្រមាន​ថា អ្នក​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​បទបញ្ជា​របស់ ពូ​ទីន នឹងត្រូវ​ចាប់​បញ្ចូល​ទៅក្នុង​ជួរ​កងទ័ព

    សារព័ត៌មាន​រុស្ស៊ី បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ការសម្រេចចិត្ត​របស់ ប្រធានាធិបតី ពូ​ទីន ស្ដីពី​ការ​កេណ្ឌ​ទ័ព​ទៅធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹងត្រូវ​ចាប់​បញ្ចូល​ទៅក្នុង​ជួរ​កងទ័ព។

    បាតុកម្ម​នានា​បាន​កើតមានឡើង​នៅ​ពាសពេញ​ទឹកដី​រុស្ស៊ី កាលពី​ព្រលប់​ថ្ងៃ​ពុធ ដើម្បី​ប្រឆាំងនឹង​បទបញ្ជា របស់លោក ពូ​ទីន ស្ដីពី​ការ​កែន​ទ័ព​មួយផ្នែក​របស់ រុស្ស៊ី ដើម្បី​ទៅធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់ រុស្ស៊ី បាន​ព្រមាន​ថា អ្នក​ទាំងឡាយណា​ដែល​ចូលរួម​ធ្វើ «បាតុកម្ម​ខុសច្បាប់» នឹងត្រូវ​ចាប់យក​ទៅធ្វើ​ទាហាន នេះ​បើតាម Samuel Ramani សហការី​ម្នា​ក់នៅ វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​ការពារជាតិ និង​សន្តិសុខ របស់ ចក្រភព​អង់គ្លេស។

    មន្ត្រី​ផ្នែក​សារព័ត៌មាន​ជាន់ខ្ពស់​ម្នាក់​របស់ វិមាន​ក្រឹម​ឡាំង Vladimir Solovyov បាន​ចែករំលែក​អត្ថបទ​ផ្សាយ​លើ​ទំព័រ Telegram ស្ដីពី​វិធានការ​នានា​ដើម្បី​ចាត់ការ​ក្រុមបាតុករ។ លោក Vladimir Solovyov សរសេរថា «ពួកគេ (ប៉ូលិស) នឹង​ពិនិត្យ​លិខិតស្នាម​នៅនឹងកន្លែង ដើម្បី​កំណត់​អត្តសញ្ញាណ ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​ស្ថាប័ន​ផ្ទៃក្នុង»។

    ក្រោយមក នឹង​មានការ​ចាត់ជា​ប្រភេទ​នៃ​ការចូល​បម្រើកងទ័ព។ អ្នក​ដែល​មិនមាន​លក្ខខណ្ឌ​សមស្រប​ពេលនេះ នឹងត្រូវ​បញ្ចូល​ទៅក្នុង​ជួរ​កងទ័ព​លើក​បន្ទាប់ នេះ​បើតាម​លោក Vladimir Solovyov។

  • បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ព្រោះតែ​ផ្លុំ​អា​ម៉ូ​នី​កា​ដើម្បី​គោរព​រម្លឹក​វិញ្ញាណក្ខន្ធ អតីត​មហាក្សត្រី​អង់គ្លេស

    បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ព្រោះតែ​ផ្លុំ​អា​ម៉ូ​នី​កា​ដើម្បី​គោរព​រម្លឹក​វិញ្ញាណក្ខន្ធ អតីត​មហាក្សត្រី​អង់គ្លេស

    បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន ដោយសារតែ​បាន​ប្រើប្រាស់​ឧបករណ៍​ភ្លេង​អា​ម៉ូ​នី​កា លេង​បទ​គោរព​ទង់ជាតិ​អង់គ្លេស និង​បទ «ជូនពរ​សេរី​សួស្ដី​ដល់​ហុងកុង»។

    កាលពី​ថ្ងៃទី ១៩ កញ្ញា ចក្រភព​អង់គ្លេស បាន​ប្រារព្ធ​ព្រះ​រាជពិធី​បញ្ចុះ​ព្រះ​សព​អតីត​មហាក្សត្រី Elizabeth ទី ២ ដោយមាន​ការចូលរួម​ពី​ឥស្សរជន​នយោបាយ និង​ក្សត្រា ក្ស​ត្រី ប្រមាណ ៥០០ រូប មកពី​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។ នៅ ហុងកុង នៅពេល​មេឃងងឹត ខាងក្រៅ​ស្ថានទូត​អង់គ្លេស ក៏​នៅមាន​មនុស្សម្នា​មក​គោរព​វិញ្ញាណក្ខន្ធ​របស់ អតីត​មហាក្សត្រី​អង់គ្លេស។

    នៅក្នុង​អំឡុងពេល​ខាងលើ បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ជឿថា កំពុង​ប្រើប្រាស់​ឧបករណ៍​ភ្លេង​អា​ម៉ូ​នី​កា ផ្លុំ​បទ​ភ្លេង​មួយចំនួន​ដូចជា បទ​គោរព​ទង់ជាតិ​អង់គ្លេស និង​បទ “Glory to Hong Kong” (ជូនពរ​សេរី​សួស្ដី​ដល់​ហុងកុង) ដែលជា​បទ​ភ្លេង​បាតុកម្ម​នៅ​ទីក្រុង​នេះ​ជាដើម ត្រូវបាន​ចាប់ខ្លួន។

    ប៉ូលិស​ហុងកុង បានឱ្យដឹងថា នៅវេលា​ម៉ោង ៩ កន្លះ បុរស​រស់នៅក្នុង​តំបន់​ម្នាក់ អាយុ ៤៣ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​ផ្លូវ​តុលាការ​លេខ ១ ដោយ​ត្រូវបាន​ចោទថា ធ្វើ​សកម្មភាព​ញុះញង់ រំលោភ​លើ​មាត្រា​ទី ៩ នៃ​ក្រមព្រហ្មទណ្ឌ​របស់ ហុងកុង។ បច្ចុប្បន្ន បុរស​នេះ​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត។

  • បាតុករ​រុស្ស៊ី​​រាប់ពាន់នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​​​ប្រឆាំង​នឹង​​បទ​បញ្ជា​​កែន​ទ័ព​​​របស់ ​ពូ​ទីន​

    បាតុករ​រុស្ស៊ី​​រាប់ពាន់នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​​​ប្រឆាំង​នឹង​​បទ​បញ្ជា​​កែន​ទ័ព​​​របស់ ​ពូ​ទីន​

    ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចេញ​បទបញ្ជា​កេណ្ឌ​ទ័ព​ជា​លើកដំបូង​របស់​ប្រទេស​នេះ រាប់​ចាប់ពី​សង្គ្រាមលោកលើកទី ២ នាំឱ្យមាន​បាតុកម្ម​ប្រឆាំង​កើតឡើង។

    បាតុករ​ជាង ១,៣០០ នាក់ ដែល​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​បទបញ្ជា​កែន​ទ័ព​មួយផ្នែក​ដើម្បី​បញ្ជូនទៅ​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន របស់លោក ពូ​ទីន ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បាតុកម្ម​ជាច្រើន​នៅ​ពាសពេញ​ទឹកដី​រុស្ស៊ី។

    អង្គការ​ឃ្លាំមើល OVD-Info បាន​រកឃើញថា មនុស្ស​យ៉ាងតិច ១,៣៣២ នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​បាតុកម្ម​នានា​នៅក្នុង ៣៨ ទីក្រុង របស់ រុស្ស៊ី ក្រោយពី​សេចក្ដីថ្លែងការណ៍​របស់​លោក ពូ​ទីន កាលពី​ម្សិលមិញ។

    នេះ​គឺជា​បាតុកម្ម​ធំ​បំផុត​នៅ រុស្ស៊ី រាប់​ចាប់តាំងពី​មាន​បាតុកម្ម​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​ពិសេស​របស់លោក ពូ​ទីន នៅ អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ។

    បាតុកម្ម​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី ចលនា​ប្រជាធិបតេយ្យ​យុវជន Vesna ដែលជា​ចលនា​ប្រឆាំង​សង្គ្រាម បាន​អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម​ទូទាំងប្រទេស​រុស្ស៊ី ដើម្បី​ជំទាស់​នឹង​បទបញ្ជា​ប្រមូល​ទ័ព​របស់លោក ពូ​ទីន។

  • វៀតណាម ដាក់ឱ្យ​​ដំណើរ​ការ​​សាក​ល្បង​​រថ​យន្ត​​អគ្គិសនី​​ដឹក​​អ្នក​​ទេសចរណ៍

    វៀតណាម ដាក់ឱ្យ​​ដំណើរ​ការ​​សាក​ល្បង​​រថ​យន្ត​​អគ្គិសនី​​ដឹក​​អ្នក​​ទេសចរណ៍

    ក្រសួង​ដឹកជញ្ជូន​វៀតណាម ថ្មី​ៗ​នេះ​​ទើបតែ​បាន​ផ្ញើ​សំណើ​ទៅកាន់​អាជ្ញាធរខេត្ត Tien Giang ស្ដីពី​ការ​ដំណើរការ​សាកល្បង​រថ​យន្ត​អគ្គិសនី​ដឹក​អ្នក​ទេសចរណ៍​ដើរ​ទស្សនា​ក្នុង​តំបន់​នានា​របស់​ខេត្ត​នេះ។

    យោងតាម​ក្រសួង​ខាងលើ បច្ចុប្បន្ន​មាន ៣៥ តំបន់ ក្នុងនោះ​មាន​ខេត្ត Tien Giang ជាដើម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម យល់ព្រម​លើ​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​រថ​យន្ត​អគ្គិសនី ឬ​រថយន្ត​ម៉ាស៊ីន​សាំង ដើម្បី​ដឹក​អ្នក​ទេសចរណ៍​ដើរ​ទស្សនា​តាម​តំបន់​គោលដៅ។

    ដើម្បី​អនុវត្ត​កម្មវិធី​ស្ដីពី​ការប្ដូរ​ទៅប្រើ​ប្រាស់​ថាមពលបៃតង កាត់បន្ថយ​ឧស្ម័ន​កាបូន និង​ឧស្ម័ន​មេតាន​នៅក្នុង​វិស័យ​ដឹកជញ្ជូន ក្រសួង​ដឹកជញ្ជូន​របស់ វៀតណាម បានស្នើ​ឱ្យ​ខេត្ត Tien Giang បើក​ដំណើរការ​សាកល្បង​រថ​យន្ត​អគ្គិសនី និង​មិន​ប្រើប្រាស់​រថយន្ត​ប្រើ​ប្រេងសាំង ក្នុងការ​ដឹកជញ្ជូន​អ្នក​ទេសចរណ៍។

    យោងតាម​ក្រសួង​ដឹកជញ្ជូន​វៀតណាម គិត​មកដល់​បច្ចុប្បន្ន មាន​តំបន់​ជាច្រើន​បាន និង​កំពុងដំណើរការ​រថយន្ត​អគ្គិសនី​នៅក្នុង​ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ទៅតាម​តម្រូវការ​ជាក់ស្ដែង​នៃ​តំបន់នីមួយៗរបស់​ប្រទេស​នេះ៕