Category: អន្តរជាតិ

  • រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ក្រោយ​ការរង់ចាំ​រយៈពេល​បី​ឆ្នាំ

    រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ក្រោយ​ការរង់ចាំ​រយៈពេល​បី​ឆ្នាំ

    (សហរដ្ឋ​អាម៉េរិក)-ក្រោយ​ការរង់ចាំ​អស់​រយៈពេល 40 ខែ រ៉ុក្កែត​រុញច្រាន​ធុន​ធ្ងន់ Falcon Heavy របស់​ក្រុមហ៊ុន SpaceX បាន​ហោះ​ឡើង​ម្ដងទៀត​កាលពី​ថ្ងៃទី 01 វិច្ឆិកា ដោយ​ប្រើប្រាស់​កំណាត់​រុញច្រាន​ថ្មី​ទាំងស្រុង។

    រ៉ុក្កែត Falcon Heavy របស់​ក្រុមហ៊ុន SpaceX ដែល​រួមមាន​កំណាត់​រុញច្រាន​ចំនួន 3 ដំបូង​របស់ Falcon 9 ត​ភ្ជាប់​ជាមួយគ្នា បាន​ហោះ​ឡើង​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ 39A នៅ​មជ្ឈមណ្ឌល​អវកាស Kennedy (KSC) កាលពី​ព្រឹក​ថ្ងៃទី 01 វិច្ឆិកា ក្នុងពេល​មេឃ​ចុះ​អ័ព្ទ​ក្រាស់។ រ៉ុក្កែត​នេះ​ដឹកទំនិញ​ប្រភេទ​សម្ងាត់​ជាច្រើន​មុខ​ឡើងទៅ​កាន់​គន្លង​គោចរ​សម្រាប់​កងកម្លាំង​អវកាស​របស់ សហរដ្ឋ​អាម៉េរិក នៅក្នុង​បេសកកម្ម USSF-44។

    បេសកកម្ម USSF-44 គឺជា​ការហោះហើរ​ជើង​ទី 4 របស់ រ៉ុក្កែត Falcon Heavy រាប់​ចាប់តាំងពី​ធ្វើ​សកម្មភាព និង​ជា​លើកដំបូង​ចាប់តាំងពី​ខែមិថុនា 2019។

    ជើងហោះហើរ​ដំបូង​កាលពី​ខែកុម្ភៈ 2018 របស់ Falcon Heavy បាន​នាំយក​រថយន្ត Tesla Roadster ពណ៌​ក្រហម​របស់​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស រួម​នឹង​មនុស្ស​សិប្បនិម្មិត Starman ដែល​ត្រូវបាន​ដាក់ឱ្យ​អង្គុយ​នៅលើ​កៅអី​អ្នកបើកបរ ឡើងទៅ​កាន់​លំហ​អវកាស​អន្តរ​ភព។ ជើងហោះហើរ​បន្តបន្ទាប់​ចំនួន​ពីរ​ទៀត​របស់ Falcon Heavy ត្រូវបាន​ធ្វើឡើង​កាលពី​ខែមេសា 2019 ក្នុង​បេសកកម្ម​នាំយក​ផ្កាយរណប​ខ្នាត​ធំ Arabsat-6A ទៅកាន់​គន្លង​គោចរ និង​ខែមិថុនា 2019 នៅក្នុង​បេសកកម្ម STP-2៕

  • ពលរដ្ឋ​កូរ៉េខាងត្បូង បារម្ភ​អំពី «រថភ្លើង​អគ្គិសនី​ក្រោម​ដី​មាន​ហានិភ័យ​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ដូច​កូន​ផ្លូវ​នៅ Itaewon»

    ពលរដ្ឋ​កូរ៉េខាងត្បូង បារម្ភ​អំពី «រថភ្លើង​អគ្គិសនី​ក្រោម​ដី​មាន​ហានិភ័យ​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ដូច​កូន​ផ្លូវ​នៅ Itaewon»

    Lee អាយុ 30 ឆ្នាំ ជា​បុគ្គលិក​ការិយាល័យ មានការ​ពិបាក​ដកដង្ហើម​នៅពេល​ធ្វើដំណើរ​លើ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​លេខ 9 នៅ សេ​អ៊ូ​ល។

    «ខ្ញុំ​មិនអាច​ដកដង្ហើម​បាន។ នេះ​មិនមែនជា​លើកដំបូង​ដែល​ខ្ញុំ​ពិបាក​ដកដង្ហើម​នៅពេល​ទៅធ្វើ​ការ​ដោយ​ជិះ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នាពេល​ព្រឹក ប៉ុន្តែ​ការធ្វើដំណើរ​នៅ​ព្រឹក​នេះ​ពិត​ជាមាន​សភាព​ធ្ងន់ធ្ងរ អារម្មណ៍​ដូចជា​កំពុងស្ថិត​ក្នុង​ភាពច្របូកច្របល់» Lee ដែល​បានធ្វើ​ដំណើរ​ពី​ស្ថានីយ Dangsan ទៅកាន់ Sinnonhyeon និយាយ​ដូច្នេះ​នៅពេល​ចាក​ចេញពី​រថភ្លើង​កាលពី​ព្រឹក​ថ្ងៃទី 31 តុលា។

    នាង​បានឱ្យដឹងថា រថភ្លើង​ខ្សែ​លេខ 9 តែងតែ​លើស​ចំណុះ​នៅក្នុង​ម៉ោង​ប្រញាប់។ នៅពេល​មនុស្សម្នា​បន្ត​ប្រជ្រៀត​គ្នា​ចូលទៅក្នុង​ទូរថភ្លើង​ដែល​កំពុង​ពេញ​ណែន Lee ចេះតែ​គិតដល់​ហេតុការណ៍​ដែល​អាច​កើតឡើង​ដូច​ទៅនឹង​ករណី​ប្រជ្រៀត​គ្នា​ស្លាប់​រាប់រយ​នាក់​នៅ Itaewon រដ្ឋធានី​សេ​អ៊ូ​ល កាលពី​ថ្ងៃទី 29 តុលា 2022។

    ខាងក្នុង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ កូរ៉េខាងត្បូង

    «បើទោះជា​ខ្ញុំ​មិន​មានមុខ​ក្នុង​ហេតុការណ៍​នៅ Itaewon កាលពី​យប់នោះ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​ការស្លាប់​ដ៏​សាហាវ​អាច​កើតឡើង​នៅលើ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នេះ» Lee រៀបរាប់​ដូច្នេះ។

    កាលពី​ព្រលប់​ថ្ងៃទី 29 តុលាឆ្នាំ 2022 ហេតុការណ៍​ដ៏​មហា​អាក្រក់​មួយ​បានកើត​ឡើង នៅពេល​មនុស្សម្នា​ចូលរួម​ពិធីបុណ្យ Halloween ប្រជ្រៀត​ជាន់គ្នា​នៅក្នុង​ផ្លូវ​តូច​មួយ​នៅ​ទីប្រជុំជន Itaewon បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច 156 នាក់ និង​របួស 151 នាក់ គិត​ត្រឹម​ថ្ងៃទី 01 វិច្ឆិកា។

    ពលរដ្ឋ​កូរ៉េខាងត្បូង កន្លងមក​បាន​ស៊ាំ​ទៅនឹង​ស្ថានភាព​មនុស្ស​ច្រើន ការ​ប្រជ្រៀត​គ្នា​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង និង​ក្នុង​រថភ្លើង​ក្រោម​ដី នេះ​បើតាម Park Cheong-woong សាស្ត្រាចារ្យ​មួយរូប​មកពី​សាកលវិទ្យាល័យ Sejong។ ក៏ប៉ុន្តែ ហេតុការណ៍​ខាងលើ​កំពុងតែ​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទាំងមូល​នៅ កូរ៉េខាងត្បូង។

    ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​ជាង​រយ​នាក់​នៅ សេអ៊ូល កាល​ពី​ថ្ងៃទី 29 តុលា 2022

    Lee Song-Kyu ដែលជា​មេដឹកនាំ​របស់​សមាគម​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​របស់ កូរ៉េខាងត្បូង បាន​ព្រមាន​ថា ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​អាច​កើត​មាននៅ​គ្រប់​ព្រឹត្តិការណ៍ ឬ​កម្មវិធី​ប្រមូលផ្ដុំ​គ្នាធំ៕

  • កូរ៉េខាងជើង​បាញ់​ប្លោង​មី​ស៊ី​ល ធ្វើឱ្យ​កូរ៉េខាងត្បូង​ប្រកាសអាសន្ន

    កូរ៉េខាងជើង​បាញ់​ប្លោង​មី​ស៊ី​ល ធ្វើឱ្យ​កូរ៉េខាងត្បូង​ប្រកាសអាសន្ន

    កូរ៉េខាងត្បូង បានប្រកាស​អាសន្ន និង​ឈ្លៀស​ប្រជាជន​នៅលើ​កោះ Ulleungdo នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត បន្ទាប់ពី​បានឃើញ​មី​ស៊ី​ល​របស់ កូរ៉េខាងជើង ហោះ​សំដៅ​មក​កោះ​នេះ។

    អគ្គសេនាធិការ​រួម​កូរ៉េខាងត្បូង (JSC) នៅ​ថ្ងៃទី 02 វិច្ឆិកា ប្រកាសថា កូរ៉េខាងជើង បាញ់​ប្លោង​មី​ស៊ី​ល​មួយ​គ្រាប់​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ សំដៅ​ទៅកាន់​សមុទ្រ​ភាគ​ខាងកើត។ ករណី​បាញ់​ប្លោង​នេះ​កើតឡើង​នៅពេល​កងទ័ពអាកាសរ​បស់ សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​រួម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ចាប់ពី​ថ្ងៃទី 31 តុលា ដល់ 04 វិច្ឆិកា។

    ក្រុមមន្ត្រី​កូរ៉េខាងត្បូង បានប្រកាស​អាសន្ន​ថា​មានការ​វាយប្រហារ​តាម​អាសន្ន និង​ឈ្លៀសមនុស្ស​នៅលើ​កោះ Ulleungdo នៅ​ភាគ​ខាងកើត​របស់ ឧបទ្វីប​កូរ៉េ។ ក្រុមមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បានឱ្យដឹងថា មី​ស៊ី​ល​របស់ កូរ៉េខាងជើង ហោះ​សំដៅ​មកកាន់​កោះ Ulleungdo មុនពេល​ធ្លាក់​ទៅក្នុង​សមុទ្រ។

    មកដល់ពេលនេះ មន្ត្រី​កូរ៉េខាងជើង មិនទាន់​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​ការបាញ់​ប្លោង​គ្រាប់​មី​ស៊ី​ល​នេះ​នៅឡើយ។

    រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី 01 វិច្ឆិកា បានស្នើ​ឱ្យ អាម៉េរិក និង កូរ៉េខាងត្បូង បញ្ឈប់​សកម្មភាព​សម​យុទ្ធ និង​បាន​ព្រមាន​ថា បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ការពារ​ប្រទេសជាតិ។ កូរ៉េខាងជើង ក៏បាន​ព្រមាន​ថា នឹង​ពិនិត្យ​លទ្ធភាព​សម្រាប់​ការឆ្លើយតប​ខ្លាំងក្លា​ជាង​មុន។

    សម្មភាព​យោធា​របស់​ភាគី​នានា កំពុងតែ​ធ្វើឱ្យ ឧបទ្វីប​កូរ៉េ «ឡើងក​ម្ដៅ» នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មី​ស៊ី​ល​ជាច្រើនលើក ដោយ​លើក​មូល​ហេតុថា ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់ អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន។ ចំណែក សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ថ្កោលទោស​ករណី​បាញ់​ប្លោង​មី​ស៊ី​ល​របស់ ព្យុងយ៉ាង ដោយ​ចាត់ទុកថា នោះ​គឺជា​សកម្មភាព​បង្កហេតុ និង​នាំឱ្យមាន​អស្ថិរភាព ព្រមទាំង​បង្កើន​ការធ្វើ​សមយុទ្ធ​រួម៕

  • ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) ព្យាករ​ថា តម្រូវការ​ប្រេង​រ៉ែ​នឹង​ផ្ទុះ​ការកើនឡើង​ជាថ្មី

    ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) ព្យាករ​ថា តម្រូវការ​ប្រេង​រ៉ែ​នឹង​ផ្ទុះ​ការកើនឡើង​ជាថ្មី

    របាយការណ៍​ថ្មី​របស់ ក្រុម​ប្រទេស​ផលិត​ប្រេង (OPEC) យល់ថា តម្រូវការ​ប្រេង​ហ្វូ​ស៊ី​ល នឹង​នៅតែ​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ខាងមុខ ដោយ​ឡើងដល់​ជិត 110 លាន​ធុង/ថ្ងៃ​នៅក្នុង​ឆ្នាំ 2040។

    OPEC យល់ថា តម្រូវការ​ប្រើប្រាស់​ប្រេង​នឹង​កើនឡើង​ខ្ពស់​នៅពេល​ចំនួន​ប្រជាជន និង​សេដ្ឋកិច្ច​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ រីកចម្រើន​ខ្លាំង។ អង្គការ​នេះ​អះអាងថា តម្រូវការ​ប្រេង​ក្នុង​ឆ្នាំ 2025 នឹង​ឡើងដល់ 105.5 លាន​ធុង​ជា​រៀងរាល់ថ្ងៃ ច្រើនជាង​ប្រហែល 2 លាន​ធុង/ថ្ងៃ ធៀប​នឹង​ការ​ព្យាករ​ដែល​បានលើកឡើង​កាលពី​ឆ្នាំ​កន្លង។ ឆ្នាំ 2021 ពិភពលោក​បាន​ប្រើប្រាស់​ប្រេង 97 លាន​ធុង/ថ្ងៃ។

    ការដែល​តម្រូវការ​ប្រេង​នៅ ប្រទេស​ចិន បន្ថយល្បឿន​មកវិញ រួម​នឹង​ការចាកចោល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​របស់​ប្រទេស​​លោក​ខាង​លិច​ នឹង​នាំឱ្យ​កំណើន​នៃ​តម្រូវការ​ប្រេង​រ៉ែ​ត្រូវ​ធ្លាក់ចុះ ហើយនឹង​ចុះ​ទាប​បំផុត​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ខាងមុខ។ ក៏ប៉ុន្តែ OPEC នៅតែ​យល់ថា តម្រូវការ​ប្រេង​របស់​ពិភព​លោ​ល​នឹង​ឡើងដល់​ជិត 110 លាន​ធុង/ថ្ងៃ ចាប់ពី​ឆ្នាំ 2040 កើនឡើង​ជិត 2 លាន​ធុង/ថ្ងៃ ធៀប​នឹង​ការ​ព្យាករ 108.2 លាន​ធុង/ថ្ងៃ​ដែល​ពួកគេ​បាន​ព្យាករ​កាលពី​ឆ្នាំ 2021។

    OPEC ព្យាករ​ថា ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក​នឹង​កើន 1.6 ពាន់​លាន​នាក់​បន្ថែមទៀត​ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2045។ 96% នៃ​កំណើន​របស់​ប្រជាជន​ថ្មី​នេះ​គឺ​ស្ថិតនៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។ ដូច្នេះ បើ​ទោះ​តម្រូវ​ប្រេង​របស់​បណ្ដា​ប្រទេស​អ្នកមាន​ក្នុង​ក្រុម OECD នៅ​ឆ្នាំ 2045 នឹង​ថយចុះ 10.7 លាន​ធុង/ថ្ងៃ ក៏​តម្រូវការ​ប្រេង​ក្នុង​បណ្ដា​ប្រទេស​នៅក្រៅ​ក្រុម​នេះ កើន 23.6 លាន​ធុង/ថ្ងៃ។

    យោងតាម OPEC ថាមពល​ហ្វូ​ស៊ី​ល រួមមាន​ប្រេង​រ៉ែ ធ្យូងថ្ម និង​ឧស្ម័ន​ធម្មជាតិ​នឹង​នៅតែ​គ្រប់គ្រង​ទីផ្សារ​ច្រើន​ទសវត្សរ៍​ទៀត។ ថាមពល​នេះ​នឹង​កាន់កាប់​ប្រហែល 70% ក្នុងចំណោម​ថាមពល​សរុប​របស់​ពិភពលោក​នៅ​ឆ្នាំ 2045 ដោយ​ថយចុះ​បន្តិច​ធៀប​នឹង 80% នាបច្ចុប្បន្ន។ ការថយចុះ​នេះ​បណ្ដាលមកពី​ការកាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម។ ចំណែក​ប្រេង​ឧស្ម័ន​វិញ នឹងមិន​មានការ​ប្រែប្រួល​ឡើយ។

    OPEC គិតថា វិស័យ​ឧស្សាហកម្ម​ថាមពល​ហ្វូ​ស៊ី​ល​នឹងត្រូវ​ការ​ខ្ទង់​ប្រាក់​វិនិយោគ 12.1 ទ្រី​លាន ( 12,100,000,000,000) ដុល្លារ​អាម៉េរិក រហូតដល់​ឆ្នាំ 2045 ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ និង​ធានា​សន្តិសុខ​ថាមពល​របស់​ពិភពលោក។ តួលេខ​នេះ​ខ្ពស់ជាង 3 សែន​លាន ( 300,000,000,000) ដុល្លារ ធៀប​នឹង​ការ​ព្យាករ​កាលពី​ឆ្នាំមុន។

    ក៏ប៉ុន្តែ អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) បានឱ្យដឹងថា ខ្ទង់​ប្រាក់​វិនិយោគ​ថ្មី​សម្រាប់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ត្រូវតែ​ផ្អាក​ជា​​បណ្ដោះ​អាសន្ន បើ​សិន​ពិភពលោក​ចង់ឱ្យ​កម្ដៅ​របស់​ផែនដី​ស្ថិតក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន៕

  • កូរ៉េខាងត្បូង ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​នៅ​សេ​អ៊ូ​ល

    កូរ៉េខាងត្បូង ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​នៅ​សេ​អ៊ូ​ល

    អាជ្ញាធរ​កូរ៉េខាងត្បូង ផ្ដល់​សំណង​ឡើងដល់ 14,000 ដុល្លារ ក្នុង​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់ និង​ផ្ដល់ជំនួយ​ជា​ប្រាក់​សម្រាប់​ពិធី​បុណ្យសព និង​យានយន្ត​ដឹកជញ្ជូន​សព។

    រដ្ឋាភិបាល​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 31 តុលា បានប្រកាស​អំពី​ខ្ទង់​ប្រាក់​សំណង​សម្រាប់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​នៅ​ក្រុង Itaewon។ យោងតាម​គោលការណ៍​ក្នុងការ​ផ្ដល់ជំនួយ​រប​ស់ ក្រសួងសន្តិសុខមាតុភូមិរបស់កូរ៉េ​ខាង​ត្បូង គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​ក្នុង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ​នឹង​ទទួលបាន​ប្រាក់​សំណង 20 លាន​វ៉ុ​ន (ប្រហែល 14,100 ដុល្លារ​អាម៉េរិក)។ អ្នក​ដែល​រងរបួស​នឹង​ទទួលបាន​ពី 5 លាន​វ៉ុ​ន (ប្រហែល 3,520 ដុល្លារ​អាម៉េរិក) ដល់ 10 លាន​វ៉ុ​ន (ប្រហែល 7,000 ដុល្លារ​អាម៉េរិក)។

    ក្រសួង​សន្តិសុខ​មាតុភូមិ​កូរ៉េខាងត្បូង បានប្រកាសថា នឹង​ផ្ដល់ជំនួយ​បន្ថែម​ដល់​គ្រួសារ​ដែលមាន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ សម្រាប់​ការធ្វើ​ពិធី​បុណ្យសព និង​ការដឹកជញ្ជូន។ ខ្ទង់​ប្រាក់​ជំនួយ​នេះ​មាន​ចំនួន 15 លាន​វ៉ុ​ន (ប្រហែល 10,500 ដុល្លារ​អាម៉េរិក) សម្រាប់​ជនរងគ្រោះ​ម្នាក់។

    កូរ៉េខាងត្បូង បាន​កំណត់ថា ខណ្ឌ Yongsan នៅ រដ្ឋធានី​សេ​អ៊ូ​ល ជា​កន្លែង​ដែលមាន​ទីប្រជុំជន Itaewon គឺជា «តំបន់​គ្រោះមហន្តរាយ»។ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol ក៏បាន​ប្រកាស​កាន់ទុក្ខ​ចាប់ពី​ថ្ងៃទី 30 តុលារ ដល់ 05 វិច្ឆិកា​ផងដែរ។

    ក្រុម​បុព្វជិត​កំពុង​សូត្រ​ធម៌​​​ជូន​ជន​រងគ្រោះ​ កាល​ពី​ថ្ងៃទី 31 តុលា

    រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យសព និង​បញ្ជូន​បុគ្គលិក​ទៅកាន់​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ជួយ​ជ្រោមជ្រែង។ អ្នក​ដែល​រងរបួស​នឹង​ទទួលបាន​ប័ណ្ណធានា​រ៉ាប់រង​ពីរ​ដ្ឋ និង​មាន​បុគ្គលិក​ម្នាក់​របស់​រដ្ឋ ទៅ​ជួយ​សម្រាលទុក្ខ បើសិនជា​ត្រូវការ។

    ក្រុមមន្ត្រី​កូរ៉េខាងត្បូង ក៏បាន​ប្រកាសថា គ្រួសារ​ទាំងឡាយ​ដែល​រង​ផលប៉ះពាល់​ពី​ហេតុការណ៍​ប្រជ្រៀត​គ្នា​នេះ នឹង​ទទួលបាន​ការលើកលែង​ពន្ធ ព្រមទាំង​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយផ្សេងៗ មានដូចជា​ការកាត់បន្ថយ ការលើកលែង ឬ​ពន្យារពេល​នៃ​ការទូទាត់​ថ្លៃ​សេវា​ទូរស័ព្ទ​ជាដើម។

    ហេតុការណ៍ប្រជ្រៀត​​ជាន់​គ្នា​​ខាងលើ​​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី 29 តុលា​ នៅ​ពេល​មនុស្ស​ប្រមាណ​ 100,000 នាក់​ចូលរួម​ពិធីបុណ្យ​ Halloween នៅ​ទីប្រជុំជន Itaewon ក្នុង​ រដ្ឋធានីសេអ៊ូល។ ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 156 នាក់ និង​ជាង 150 នាក់​ផ្សេងទៀត​រងរបួស ក្នុងនោះ​មាន​មនុស្ស​ជាច្រើន​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ៕

  • មូលហេតុ​ចម្បង​ដែល​អាច​នាំឱ្យ​ស្ពាន​យោល​បុរាណ​របស់ ឥណ្ឌា ត្រូវ​បាក់

    មូលហេតុ​ចម្បង​ដែល​អាច​នាំឱ្យ​ស្ពាន​យោល​បុរាណ​របស់ ឥណ្ឌា ត្រូវ​បាក់

    ក្រុមមន្ត្រី​ខ្វះ​ការតាមដាន​លើ​ការថែទាំ កត្តា​លើស​ចំណុះ និង​ការ​អង្រួន​ជាដើម អាចជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ ស្ពាន​យោល​អាយុកាល​ជាង 100 ឆ្នាំ​នៅ ប្រទេស​ឥណ្ឌា ត្រូវ​បាក់។

    អាជ្ញាធរ​ឥណ្ឌា បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​ពិសេស​មួយ (SIT) រួមមាន​សមាជិក 5 នាក់ ដើម្បី​ស្វែងយល់​អំពី​មូលហេតុ​ពិត​ដែលនាំឱ្យ​ស្ពាន​ប្រវត្តិសាស្ត្រ​ឆ្លងកាត់​ទន្លេ Machchhu នៅក្នុង​ទីរួមស្រុក Morbi រដ្ឋ Gujarat ត្រូវ​បាក់​កាលពី​ព្រលប់​ថ្ងៃទី 30 តុលា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 141 នាក់​បាត់​បង់ជីវិត។

    ក្នុង​គ្រា​ដែល​ការស៊ើបអង្កេត​កំពុង​ត្រូវបាន​ធ្វើឡើង ក្រុម​អ្នកជំនាញ​នៅ ឥណ្ឌា បានបង្ហាញ​អំពី​មូលហេតុ​មួយចំនួន​ដែល​អាច​នាំទៅរក​មហន្ត​រាយ​របស់​ស្ពាន ដែល SIT អាច​នឹង​លើក​យកមក​ស្រាវជ្រាវ​លម្អិត។

    ក្រុម​អ្នកជំនាញ​និយាយថា បញ្ហា​មួយចំនួន​ដែល​អាច​នឹង​ត្រូវបាន SIT ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជា​អាទិភាព រួមមាន ទីមួយ ៖ ស្ពាន​នេះ​ត្រូវបាន​បើក​ដំណើរការ​មុនពេល​បញ្ចប់​ការជួសជុល, ទី​ពីរ ៖ ការថែទាំ​មិនបាន​ល្អ, ទី​បី ៖ លើស​ចំណុះ និង​ទី​បួន ៖ កម្លាំង​ពី​ខាងក្រៅ (ដោយសារ​ការ​អង្រួន​របស់​មនុស្ស) ជាដើម។ល។

  • មុនពេល​បាក់ និង​សម្លាប់​មនុស្ស​ជាង​រយ​នាក់ ស្ពាន​យោល​នៅ​ឥណ្ឌា ត្រូវបាន​ជួសជុល​ដោយ «ក្រុមហ៊ុន​ផលិត​នាឡិកា»

    មុនពេល​បាក់ និង​សម្លាប់​មនុស្ស​ជាង​រយ​នាក់ ស្ពាន​យោល​នៅ​ឥណ្ឌា ត្រូវបាន​ជួសជុល​ដោយ «ក្រុមហ៊ុន​ផលិត​នាឡិកា»

    ស្ពាន​យោល Morbi ត្រូវបាន​ក្រុមហ៊ុន​ផលិត​នាឡិកា​ជួសជុល​ក្នុង​រយៈពេល 6 ខែ មុនពេល​បាក់ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 141 នាក់​ត្រូវ​បាត់បង់​ជីវិត។

    ស្ពាន​យោល​ឆ្លងកាត់​ទន្លេ Machchhu ក្នុង​ទីរួមស្រុក Morbi រដ្ឋ Gujarat បាន​បាក់​កាលពី​ព្រលប់​ថ្ងៃទី 30 តុលា ក្រោយពី​បើក​ឱ្យ​ឆ្លងកាត់​ឡើងវិញ​បាន 4 ថ្ងៃ។ ស្ពាន​ដែលមាន​ទទឹង 1.25 ម៉ែត្រ និង​បណ្ដោយ​ជាង 230 ម៉ែត្រ​នេះ ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ 1877 ហើយ​ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន​ដើម្បី​ជួសជុល​ក្នុង​រយៈពេល 6 ខែ។

    ការជួសជុល​ស្ពាន​នេះ​ត្រូវបាន​ក្រុមហ៊ុន Oreva ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅក្នុង​រដ្ឋ Gujarat ទទួលខុសត្រូវ​ទៅតាម​កិច្ចសន្យា 15 ឆ្នាំ​ជាមួយនឹង​អាជ្ញាធរ​ឥណ្ឌា។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ហេតុអ្វី​បានជា Oreva ដែលជា​អ្នកជំនាញ​ខាង​ផលិត​នាឡិកា និង​ម៉ូតូ​អគ្គិសនី បែរជា​ទទួលបាន​សិទ្ធិ​ជួសជុល​ស្ពាន​នេះ។

    សារព័ត៌មាន​ឥណ្ឌា បានឱ្យដឹងថា Oreva បាន​ជួល​ក្រុមហ៊ុន​ម៉ៅការ​សំណង់​មួយ​គឺ Devprakash Solutions ទទួលបន្ទុក​បញ្ហា​បច្ចេកទេស​ក្នុងការ​ជួសជុល។ ក្រោយពី​បាន​បើក​ឱ្យប្រើ​ប្រាស់​ឡើងវិញ​កាលពី​ថ្ងៃទី 26 តុលា Oreva ទទួលបាន​សិទ្ធិ​យក​ថ្លៃ​ពី​អ្នក​ឆ្លងកាត់ 0.21 ដុល្លារ​អាម៉េរិក/ម្នាក់។

    Sandipsinh Zala ដែលជា​មន្ត្រី​មួយរូប​របស់​រដ្ឋ Gujarat បាន​ថ្លែងថា Oreva បាន​បើក​ឱ្យប្រើ​ប្រាស់​ស្ពាន​នេះ​ដោយ​ចិត្ត​ឯង នៅពេល​រដ្ឋ​មិនទាន់​អនុញ្ញាត។ Sandeep Singh ដែលជា​មន្ត្រី​មួយរូប​ផ្សេងទៀត​បានឱ្យដឹងថា តាម​ធម្មតា «មាន​មនុស្ស​តែ 20 ទៅ 25 នាក់ ឆ្លងកាត់​ស្ពាន​ក្នុងពេល​តែមួយ» ដើម្បី​ការពារ​សុវត្ថិភាព។

    ក្រុមមន្ត្រី​ឥណ្ឌា ឱ្យដឹងថា នៅពេល​ស្ពាន Morbi បាក់ គឺមាន​មនុស្ស​ជិត 500 នាក់ ក្នុងនោះ​មាន​ទាំង​ស្ត្រី និង​កុមារ កំពុងស្ថិត​នៅលើ​ស្ពាន និង​នៅ​ជុំវិញ​ស្ពាន ដើម្បី​ចូលរួម​ពិធីបុណ្យ​ពន្លឺ Diwali របស់​សាសនា​ហិណ្ឌូ។

    ក្រុមមន្ត្រី​ស្រាវជ្រាវ​បាន​ប្រមូល​សំណាក​របស់​ស្ពាន​នេះ និង​បាន​រកឃើញថា មូលហេតុ​នៃ​ករណី​បាក់​គឺ​ដោយសារ​មនុស្ស​ច្រើន​លើស​ចំណុះ។

    ចំណែក Jaysukhbhai Patel ប្រធាន​ក្រុមហ៊ុន Oreva និយាយថា ក្រុមហ៊ុន​យក​ថ្លៃ​អ្នក​ឆ្លងកាត់​ស្ពាន​គឺ​ដើម្បី​បញ្ចៀស​បញ្ហា​មនុស្ស​ឆ្លងកាត់​ច្រើន ប៉ះពាល់​ដល់​គុណភាព​របស់​ស្ពាន។

    ប៉ូលិស​ឥណ្ឌា បាន​បើក​ការស៊ើបអង្កេត និង​បាន​ចាប់ខ្លួន​អ្នកទទួលខុសត្រូវ​ក្នុងការ​ជួសជុល ថែទាំ និង​គ្រប់គ្រង​ស្ពាន​នេះ ចំនួន 9 នាក់ ប៉ុន្តែ​មិនទាន់​ប្រកាស​អំពី​អត្តសញ្ញាណ​របស់​មនុស្ស​ទាំងនេះ​នៅឡើយ៕

  • ទស្សនា​​វីដេអូស្ដីពី «រថភ្លើង​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក» «លូនដូច​ពស់​» នៅក្នុងរូង និង​លើ​ភ្នំ

    ទស្សនា​​វីដេអូស្ដីពី «រថភ្លើង​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក» «លូនដូច​ពស់​» នៅក្នុងរូង និង​លើ​ភ្នំ

    ប្រទេស​ស្វ៊ី​ស បាន​ប្រារព្ធ​ខួប 175 ឆ្នាំ​នៃ​វិស័យ​ផ្លូវដែក​ដោយ​ការបញ្ចេញ​រថយន្ត​ដឹក​អ្នកដំណើរ​បំបែក​កំណត់ត្រា Guinness ពិភពលោក ដោយមាន​ប្រវែង​ជិត 2 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក Rhaetian (RhB) របស់ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី 29 តុលា បាន​បំបែក​កំណត់ត្រា​ពិភពលោក ស្ដីពី​រថភ្លើង​ដឹក​អ្នកដំណើរ​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក នៅពេល​រថភ្លើង​មួយ​ខ្សែ​ប្រវែង 1.91 គីឡូម៉ែត្រ បានបញ្ចប់​ដំណើរ​រយៈ​ចម្ងាយ 25 គីឡូម៉ែត្រ​នៅលើ​ជួរ​ភ្នំ Alps ដោយ​ចេញដំណើរ​ពី Preda ទៅកាន់ Filisur ឆ្លងកាត់​ស្ពាន​គោក និង​ផ្លូវ​ក្រោម​ដី​ជាច្រើន​កន្លែង​នៅលើ​ភ្នំ។

    ខ្សែ​រថភ្លើង​ដែលមាន​ទូ​ដឹក​ភ្ញៀវ​ចំនួន 100 នេះ មាន​បុគ្គលិក​បើកបរ​ចំនួន 7 នាក់ និង​វិស្វករ​ចំនួន 21 នាក់។ វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 35 គីឡូម៉ែត្រ/ម៉ោង។

    RhB បានឱ្យដឹងថា ជើង​រថភ្លើង​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ឯតទគ្គ​កម្ម​ពិភពលោក Guinness ហើយ​ព្រឹត្តិការណ៍​នេះ​ក៏​ជាការ​រម្លឹក​ខួប​អនុស្សាវរីយ៍ 175 ឆ្នាំ​នៃ​វិស័យ​ផ្លូវដែក​របស់ ប្រទេស​ស្វ៊ី​ស ផងដែរ។

  • ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង ថា ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​ជាង 150 នាក់​នៅ អ៊ី​ថេ​វ៉ុ​ន មិនមាន​ពលរដ្ឋ​ខ្មែរ​ទេ

    ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង ថា ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​ជាង 150 នាក់​នៅ អ៊ី​ថេ​វ៉ុ​ន មិនមាន​ពលរដ្ឋ​ខ្មែរ​ទេ

    ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង 9:15 នាទី​យប់ ថ្ងៃទី 30 ខែតុលា ឆ្នាំ 2022 ស្ថានទូត​បានទទួល​ព័ត៌មាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មក​ថា មាន​ជនបរទេស​ចំនួន 25 នាក់ ដែល​បានទទួល​មរណភាព​ក្នុង​ឧប្បត្តិហេតុ​នៅ​តំបន់ អ៊ី​ថេ​វ៉ុ​ន នៅ​យប់​ថ្ងៃទី 29 រំលង​ចូល​អា​ធ្រា​ត​ថ្ងៃទី 30 ខែតុលា​នេះ ហើយ​ក្នុងចំណោម​ជនបរទេស​ដែល​អាជ្ញាធរ​បាន​រកឃើញ​អត្តសញ្ញាណ គឺ​មិនមាន​ជនជាតិខ្មែរ​ទេ។

    លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​បង្ហោះ​សារ​ឱ្យដឹងថា នឹង​បន្ត​តាមដាន​ព័ត៌មាន​ខាងលើ​បន្តទៀត​ដោយ​យកចិត្តទុកដាក់។

    យោងតាម​ព័ត៌មាន​ថ្មី​បំផុត នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា តួលេខ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​នៅ តំបន់ អ៊ី​ថេ​វ៉ុ​ន បាន​កើន​ឡើងដល់ 154 នាក់ ក្នុងនោះ​មាន​អ្នករងរបួស 133 នាក់ ហើយ​ក្នុងចំណោម​នោះ​ក៏មាន 37 នាក់​រងរបួស​ធ្ងន់ធ្ង​រ។ ក្រសួងការបរទេស​កូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់ មាន 26 នាក់​ជា​ជនបរទេស មកពី 15 ប្រទេស។

  • ទិដ្ឋភាព​នៃ​ហេតុការណ៍​បាក់​ស្ពាន​យោល​នៅប្រទេស​ឥណ្ឌា ដែល​បានសម្លាប់​មនុស្ស​ជាង​រយ​នាក់

    ទិដ្ឋភាព​នៃ​ហេតុការណ៍​បាក់​ស្ពាន​យោល​នៅប្រទេស​ឥណ្ឌា ដែល​បានសម្លាប់​មនុស្ស​ជាង​រយ​នាក់

    ក្រុមមន្ត្រី​ឥណ្ឌា បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​បាក់​ស្ពាន​យោល​ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 132 បាត់បង់ជីវិត​​កាលពី​ថ្ងៃទី 30 តុលា 2022។

    ស្ពាន​យោល​នៅ​ទីរួមស្រុក Morbi ក្នុង​រដ្ឋ Gujarat បាន​បាក់​នៅវេលា​ម៉ោង 18 និង 42 នាទី ថ្ងៃទី 30 តុលា ត្រូវ​នឹង​ម៉ោង 20 និង 12 នាទី​នៅ កម្ពុជា។ ក្រុមមន្ត្រី​ឥណ្ឌា ឱ្យដឹងថា មាន​មនុស្ស​ជិត 500 នាក់ ក្នុងនោះ​មាន​ទាំង​កុមារ និង​ស្ត្រី កំពុង​ប្រមូល​ផ្ដុំគ្នា​នៅលើ​ស្ពាន និង​ជុំវិញ​ស្ពាន ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ពន្លឺ Diwali របស់​សាសនា​ហិណ្ឌូ នៅពេល​ហេតុការណ៍​បាក់​ស្ពាន​កើតឡើង។ ជនរងគ្រោះ​ជាច្រើន​នាក់​បាន​ធ្លាក់​ចូលក្នុង​ទឹកទន្លេ Machchhu ដែល​នៅក្រោម​ស្ពាន​យោល​នេះ។

    ក្រុមមន្ត្រី​បាន​បញ្ជូន​ក្រុម​សង្គ្រោះ ក្នុងនោះ​មាន​ទាំង​កប៉ាល់ អ្នក​មុជទឹក​ជាដើម​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន។ ក្រុម​ទាហាន​របស់ ឥណ្ឌា ក៏​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​បេសកកម្ម​ជួយសង្គ្រោះ​នេះ។

    អាជ្ញាធរ​ក្នុង​តំបន់​បាន​រៀប​ផែនការ​ទប់​ប្រភពទឹក​ដែល​ហូរ​ចូល​ទន្លេ Machchhu ពី​ទំនប់​មួយ​នៅក្បែរនោះ និង​ប្រើប្រាស់​ម៉ាស៊ីន​បូម​រំលស់​ទឹក​ក្នុង​ទន្លេ​ដើម្បី​បង្កើនល្បឿន​បេសកកម្ម​សង្គ្រោះ។

    មកដល់​បច្ចុប្បន្ន តួលេខ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​នេះ​បាន​កើន​ឡើងដល់ 132 នាក់​ហើយ នេះ​បើតាម​សារព័ត៌មាន Times of India។

    ក្រុម​អ្នកជួយ​សង្គ្រោះ
    ស្ពាន​យោល​ដែល​បាន​បាក់
    គ្រឿង​ចក្រ​ដែល​ចូល​រួម​បេសក​កម្ម​ជួយ​សង្គ្រោះ
    គ្រឿង​ចក្រ​ដែល​ចូល​រួម​បេសក​កម្ម​ជួយ​សង្គ្រោះ
    ក្រុម​អ្នកជួយ​សង្គ្រោះកំពុង​ប្រមូល​សាកសព​
    សាកសព​របស់​ជន​រង​គ្រោះ
    ញាតិ​របស់​ជន​រងគ្រោះ​ក្នុងករណី​បាក់​ស្ពាន