Category: អន្តរជាតិ

  • «ការសង្គ្រោះ​ក្មេង​ធ្លាក់ចូល​បំពង់​​សសរ​បេតុង​​​ជម្រៅ 35 ម៉ែត្រ» នឹង​អូសបន្លាយ​ពេល​ដល់​រសៀល​ថ្ងៃនេះ

    «ការសង្គ្រោះ​ក្មេង​ធ្លាក់ចូល​បំពង់​​សសរ​បេតុង​​​ជម្រៅ 35 ម៉ែត្រ» នឹង​អូសបន្លាយ​ពេល​ដល់​រសៀល​ថ្ងៃនេះ

    អាជ្ញាធរ​វៀតណាម បានឱ្យដឹងថា រយៈពេល​នៃ​ការសង្គ្រោះ​ក្មេង​ដែល​បាន​ធ្លាក់ចូល​ក្នុង​សសរ​បេតុង​ប្រហោង​ក្នុង​នឹងត្រូវ​បន្លាយពេល​ដល់​រសៀល​ថ្ងៃទី 03 មករា 2023។

    វេលា​ថ្ងៃ​ត្រង់នេះ បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​អំពី​ពេលវេលា​នៃ​ការសង្គ្រោះ​ក្មេងប្រុស​អាយុ 10 ឆ្នាំ ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​បំពង់​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ នៅ​ខេត្ត Dong Thap ភាគ​ត្បូង​ប្រទេស​វៀតណាម។ អភិបាលរង​ខេត្ត​នេះ​បាន​បញ្ជាក់ថា តាម​ផែនការ ក្នុង​រសៀល​ថ្ងៃទី 03 មករា​នេះ ក្រុម​សង្គ្រោះ​នឹង​ទាញ​បំពង់​សសរ​បេតុង​ប្រវែង 35 ម៉ែត្រ ចេញពី​ដី។

    យោងតាម​មន្ត្រី​ខាងលើ តាំងពី​ព្រលប់​ម្សិលមិញ​ដល់​វេលា​ថ្ងៃ​ត្រង់នេះ ក្រុម​សង្គ្រោះបាន និង​កំពុង​ដុតដៃដុតជើង​អនុវត្ត​វិធីសាស្ត្រ​បច្ចេកទេស បញ្ចូល​បំពង់​ដែកថែប​ទៅ​ក្រោម​ដី​ជុំវិញ​បំពង់​សសរ​បេតុង​ដែល​ជនរងគ្រោះ​កំពុង​ជាប់​ក្នុងនោះ។

    បន្ទាប់ពី​បញ្ចូល​បំពង់​ដែកថែប​ទៅក្នុង​ដី​រួច ក្រុម​សង្គ្រោះ​នឹង​បូម​យក​ដី​ចេញ។ ការងារ​នេះ​ត្រូវអនុវត្ត​រហូត​ដល់ក​ម្លាំ​ង​សម្ពាធ​ត្រូវ​ថយចុះ ទើប​អាច​ទាញ​បំពង់​សសរ​បេតុង​នេះ​ចេញពី​ក្រោម​ដី។ ក្រោយមក នឹង​កំណត់​ទីតាំង​របស់​ក្មេងរងគ្រោះ រួច​ចាប់ផ្ដើម​កាត់​បំពង់​សសរ​នោះ ដើម្បី​យក​ក្មេងរងគ្រោះ​ចេញមកក្រៅ។

    សមត្ថកិច្ច​នៅ​​ខេត្ត Dong Thap បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ បេសកកម្ម​ជួយសង្គ្រោះ​កុមារ​នេះ​ ទទួលបាន​ជោគជ័យ​ក្នុង​ជំហាន​ដំបូង។

    ករណី​ធ្លាក់​ក្មេង​ចូល​បំពង់​សសរ​បេតុង​ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​ប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ ក្មេងរងគ្រោះ​មានឈ្មោះ​ថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និង​ក្មេង 3 នាក់​ទៀត បាន​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​ដើម្បី​រើស​អេតចាយ។ ប៉ុន្តែ Hao Nam ក៏បាន​ធ្លាក់​ទៅក្នុង​បំពង់​សសរ​បេតុង​ប្រហែល​ដែល​ត្រូវបាន​ដាំ​ទៅក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ។

    ប្រហែល​កន្លះ​ម៉ោង​ក្រោយពី​កុមារ​នេះ​បាន​ជួប​គ្រោះថ្នាក់ កម្លាំង​សង្គ្រោះ​ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​ចាប់ផ្ដើម​ដំណើរការ​ជួយសង្គ្រោះ៕

  • ករណី​ក្មេង​ធ្លាក់ចូល​បំពង់​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ – ដំណើរការ​ជួយសង្គ្រោះ​ជិតបាន​​បញ្ចប់​ហើយ

    ករណី​ក្មេង​ធ្លាក់ចូល​បំពង់​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ – ដំណើរការ​ជួយសង្គ្រោះ​ជិតបាន​​បញ្ចប់​ហើយ

    ក្រោយ​រយៈពេល 72 ម៉ោង​នៃ​ការជួយ​សង្គ្រោះ សសរ​បេតុង​ប្រហោង​ក្នុង​ជិត​ត្រូវបាន​អូស​ឡើង​ពីក្រោម​ដី ខណៈ​ដែល​មនុស្សម្នា​កំពុង​បួងសួង​សូមឱ្យ​ក្មេងរងគ្រោះ​នេះ​រួច​ពី​ការស្លាប់។

    មកដល់​ម៉ោង 11 និង 30 នាទី ថ្ងៃទី 03 មករា 2023 ក្រុម​សង្គ្រោះបាន​ដាំ​បំពង់​ដែក​ធំ​ដែលមាន​មុខកាត់ 1.5 ម៉ែត្រ​សម្រាប់​ឱប​យក​បំពង់​សសរ​ប្រហោង​ក្នុង 25 សម ដែល​ក្មេងរងគ្រោះ​ធ្លាក់ចូល។ កម្លាំង​សង្គ្រោះ​កំពុង​ដុតដៃដុតជើង​យក​ដី​ចេញពី​ខាងក្នុង​បំពង់​ដែក ដើម្បី​ត្រៀម​សម្រាប់​ការ​ទាញ​បំពង់​សសរ​បេតុង​ឡើង​មកលើ។

    នៅពេល​សសរ​បេតុង​ប្រហោង​ក្នុង​ត្រូវបាន​ទាញ​ឡើង​ផុតពី​ដី កម្លាំង​សង្គ្រោះ​នឹង​រក​ទីតាំង​របស់​ក្មេងរងគ្រោះ រួចហើយ​​កាត់​សសរ​នោះ ដើម្បី​យក​ក្មេង​ចេញមកក្រៅ។

    ដូច្នេះ ក្រោយ​ការជួយ​សង្គ្រោះ 72 ម៉ោង សសរ​បេតុង​ដែល​ក្មេង​រង​គ្រោះ​កំពុង​ជាប់​ ជិត​ត្រូវបាន​ទាញ​ឡើង​ផុតពី​ដី​ហើយ។ មនុស្សម្នា​កំពុង​បួងសួង​សូមឱ្យ​ក្មេងរងគ្រោះ​ឈ្មោះ Thai Ly Hao Nam (កើត​ឆ្នាំ 2012 នៅ​ខេត្ត Dong Thap ភាគខាងត្បូង​ប្រទេស​វៀតណាម) បាន​រួច​ផុតពី​ការស្លាប់៕

  • បេក្ខភាព​​ជាង 3 ម៉ឺន​នាក់ អង្គុយ​ប្រលង​ចូល​ធ្វើ​ប៉ូលិស​​​​នៅ ប៉ាគីស្ថាន

    បេក្ខភាព​​ជាង 3 ម៉ឺន​នាក់ អង្គុយ​ប្រលង​ចូល​ធ្វើ​ប៉ូលិស​​​​នៅ ប៉ាគីស្ថាន

    (ប៉ា​គី​ស្ថាន)- បេក្ខ​ជន បេក្ខនារី​ប្រមាណ 32,000 នាក់​ អង្គុយ​ពេញ​ណែន​លើ​កន្លែង​សម្រាប់​ទស្សនិកជន​នៅក្នុង​កីឡដ្ឋាន Jinnah កាលពី​ថ្ងៃ​ចុងឆ្នាំ ដើម្បី​ចូលរួម​សម័យ​ប្រលង​​ចូល​បម្រើការ​នៅក្នុង​ជួរ​ប៉ូលិស​របស់ អ៊ី​ស្លា​ម៉ា​បាដ។

    សារព័ត៌មាន Hidustan Times កាលពី​ថ្ងៃទី 02 មករា 2023 ដកស្រង់​សម្ដី​របស់​ប៉ូលិស​នៅ អ៊ី​ស្លា​ម៉ា​បាដ ឱ្យដឹងថា បេក្ខជន​ប្រុស​ស្រី​យ៉ាងតិច 32,000 នាក់ មកពី​គ្រប់ទិសទី​របស់​ប្រទេស​ប៉ាគីស្ថាន​ បានមក​កាន់​កីឡដ្ឋាន Jinnah កាលពី​ថ្ងៃទី 31 ធ្នូ 2022 ដើម្បី​ចូលរួម​សម័យ​ប្រលង​ជ្រើសរើស​តំណែង​នានា​ចំនួន 1,667 កន្លែង​ក្នុង​ជួរ​ប៉ូលិស។

    វីដេអូ និង​រូបភាព​ដែល​ត្រូវបាន​គេ​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា កន្លែង​ទស្សនិកជន​របស់​កីឡដ្ឋាន Jinnah ដែល​ធំជាងគេ​នៅ ប៉ា​គី​ស្ថាន ពេញ​ណែន​ដោយ​មនុស្ស។ បេក្ខភាព​ទាំងអស់​អង្គុយ​​ប្រលង ក្រោម​ការត្រួតពិនិត្យរ​បស់​មន្ត្រីនគរបាល។

    ក្នុង​ជួរ​នគរបាល​នៅ អ៊ី​ស្លា​ម៉ា​បាដ នៅ​ខ្វះ​មុខតំណែង​ជាច្រើន​ក្នុងអំឡុង 5 ឆ្នាំ​កន្លង ហើយ​សម័យ​ប្រលង​កន្លង​មក​មិន​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​យុវវ័យ​ប៉ា​គី​ស្ថាន។ មូល​ហេតុដែល​នាំឱ្យមាន​បេក្ខភាព​ច្រើន​លើសលុប​ចូលរួម​ប្រលង​នៅ​ឆ្នាំនេះ ត្រូវបាន​គេ​យល់ថា ដោយសារ​បញ្ហា​អត់​ការងារ​ធ្វើ​មាន​អត្រា​ខ្ពស់ ពិសេស​ក្នុងចំណោម​យុវវ័យ​ប៉ា​គី​ស្ថាន ក្នុងអំឡុង​សេដ្ឋកិច្ច​មាន​ឱនភាព។

    យោងតាម​វិទ្យាស្ថាន​សេដ្ឋកិច្ច​អភិវឌ្ឍ​ប៉ា​គី​ស្ថាន (PIDE) យុវវ័យ​ជាង 31% កំពុង​គ្មាន​ការងារ​ធ្វើ ក្នុងនោះ​មាន 51% គឺជា​នារី។ ការប្រលង​ជាប់​ចូល​បម្រើការ​នៅក្នុង​ស្ថាប័ន​ប៉ូលិស នឹង​ជួយ​ឱ្យ​ពួកគេ​មានការ​ងារ​ស្ថិរភាព​នៅក្នុង​កាលៈទេសៈ​លំបាក​ដូច​បច្ចុប្បន្ន។

    សេដ្ឋកិច្ច​របស់ ប៉ា​គី​ស្ថាន ប្រែជា​អាក្រក់ ក្រោយពី​មាន​គ្រោះទឹកជំនន់​ដែល​បានធ្វើឱ្យ 1/3 នៃ​ផ្ទៃដី​ប្រទេស​នេះ​ស្ថិតក្នុង​ទឹក​កាលពី​ឆ្នាំ​កន្លង។ ប្រទេស​នេះ​ក៏​កំពុងតែ​ប្រឈម​នឹង​អស្ថិរភាព​នយោបាយ នៅពេល​អតីត​នាយករដ្ឋមន្ត្រី Inran Khan ត្រូវបាន​សភា​បោះឆ្នោត​ទម្លាក់​កាលពី​ខែមេសា 2022៕

  • អ៊ុយ​ក្រែ​ន​ប្រកាសថា ដណ្ដើមបាន 40% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវ​រុស្ស៊ី​កាន់កាប់

    អ៊ុយ​ក្រែ​ន​ប្រកាសថា ដណ្ដើមបាន 40% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវ​រុស្ស៊ី​កាន់កាប់

    ឧ​ត្ត​ម​សេនីយ៍ Zaluzhny ប្រកាសថា កងទ័ព​អ៊ុយ​ក្រែ​ន ដណ្ដើមបាន​ទឹកដី 40% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី រឹបអូស ក្រោយពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ 2022។

    «កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន រំដោះ​បាន 40% នៃ​ទឹកដី​ដែល រុស្ស៊ី គ្រប់គ្រង​ក្នុង​សង្គ្រោះ» មេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន ឧ​ត្ត​ម​សេនីយ៍ Valery Zaluzhny ប្រកាស​កាលពី​ថ្ងៃទី 02 មករា 2023 និង​បានឱ្យដឹងថា សមរភូមិ​មុខ​បច្ចុប្បន្ន​មាន​ប្រវែង 1,500 គីឡូម៉ែត្រ។

    យោងតាម​លោក Zaluzhny ទាហាន​របស់ អ៊ុយ​ក្រែ​ន បាន​ឆ្លងកាត់​ការ​ហ្វឹក​ហាក់​នៅលើ​ទឹកដី​របស់​ប្រទេស​ចំនួន 17 នៅ អឺរ៉ុប។ ក្នុង​ប្រកាស លោក Zaluzhny ក៏បាន​បន្ថែមថា «ក្នុង​ឆ្នាំ 2022 មនុស្ស​ជាង 600,000 នាក់ ត្រូវបាន​ឈ្លៀស​ចេញពី​តំបន់​មាន​សង្គ្រាម»។

    ទាក់ទិន​នឹង​ការអះអាង​របស់​មេបញ្ជាកា​រ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ខាងលើ ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ 2022 ហើយ​មកដល់​បច្ចុប្បន្ន​មិនទាន់មាន​សញ្ញា​ថមថយ​នៅឡើយ ក្រោយ​ការប្រយុទ្ធ​គ្នា​ជាង 10 ខែ​កន្លង៕

  • ​វៀតណាមកំពុង​សង្គ្រោះ​ក្មេង​ដែលធ្លាក់​ចូល​បំពង់​សសរ​បេតុង​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ​

    ​វៀតណាមកំពុង​សង្គ្រោះ​ក្មេង​ដែលធ្លាក់​ចូល​បំពង់​សសរ​បេតុង​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ​

    (វៀតណាម) – ពេញ​មួយ​យប់​ថ្ងៃទី 02 មករា និង​វេលា​ទៀបភ្លឺ​ថ្ងៃទី 03 មករា 2023 កម្លាំង​សង្គ្រោះ​របស់ វៀតណាម នៅតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជួយសង្គ្រោះ​ក្មេង​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​ប្រហោង​សសរ​បេតុង​ជម្រៅ 35 ម៉ែត្រ នៅ​ខេត្ត Dong Thap ភាគខាងត្បូង​ប្រទេស។

    កម្លាំង​សង្គ្រោះ​ដែលមាន​សមាជិក​ប្រហែល 350 នាក់ ចែកជា​ច្រើន​ក្រុម ធ្វើការ​ទាំងថ្ងៃទាំងយប់ ក្នុង​គោលដៅ​ដក​បំពង់​សសរ​បេតុង​ដែល​ក្មេង​ម្នាក់​បាន​ធ្លាក់​ចូល​កាលពី​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​ 2022។

    មកដល់​ម៉ោង​ជិត 03 ទៀបភ្លឺ ថ្ងៃទី 03 មករា 2023 កម្លាំង​សង្គ្រោះ​បានរៀបចំ​បំពង់​ដែក​ធំ​សម្រាប់​សកម្មភាព​ដក​ស​សរ​បេតុង​ប្រហោង​ក្នុង​ចេញពី​ដី។

    គិត​ចាប់តាំងពី​មាន​ហេតុការណ៍​ក្មេង​ធ្លាក់​ចូលក្នុង​សសរ​បេតុង​ប្រហោងក្នុង មកដល់​ម៉ោង 03 ទៀបភ្លឺ​ថ្ងៃទី 03 មករា​នេះ គឺមាន​រយៈពេល​ជាង 60 ម៉ោង​ទៅហើយ ការជួយ​សង្គ្រោះ​មិនទាន់បាន​ជោគជ័យ​នៅឡើយ។

    សូមបញ្ជាក់ថា ហេតុការណ៍​ធ្លាក់​ក្មេង​ខាងលើនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី 31 ធ្នូ 2022 នៅពេល​ជនរងគ្រោះ និង​ក្មេង 3 នាក់​ផ្សេងទៀត​បាន​ចូលទៅក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​នៅ​ខេត្ត Dong Thap ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ដើម្បី​រើស​អេតចាយ។ ពេល​កំពុង​ដើរ​ក្នុង​ការដ្ឋាន ក្មេង​ម្នាក់​ក៏បាន​ធ្លាក់​ចូលទៅក្នុង​បំពង់​សសរ​បេតុង​មានមុខ​កាត់ 25 សម ដែល​បាន​ដាំ​ក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​នេះ។

    កាលពី​ថ្ងៃទី 19 ធ្នូ 2022 ប្រទេស​វៀតណាម ក៏មាន​ករណី​ស្រដៀង​គ្នា​នេះ​កើតឡើង​ម្ដង​រួចហើយ ដែល​ហេតុការណ៍​នោះ​បានកើត​ឡើងលើ​ក្មេងស្រី​អាយុ 5 ឆ្នាំ​ម្នាក់។ ជនរងគ្រោះ​បាន​ធ្លាក់ចូល​ទៅក្នុង​រន្ធ​​តូច​មួយ​ក្នុង​ការដ្ឋាន​សំណង់ និង​ជាប់​ក្នុង​រយៈពេល​រាប់សិប​នាទី មុនពេល​ត្រូវបាន​ក្រុម​សង្គ្រោះ​ទាញ​ឡើងមក​បាន៕

    ដំណើរ​ការ​សង្គ្រោះ
    សសរបេតុង​ប្រហោង​ក្នុង​ជា​ប្រភេទ​សសរ​ដែល​ជន​រង​គ្រោះ​បាន​ធ្លាក់​ចូល​

     

  • អ្នកវិទ្យាសាស្ត្រ​រកឃើញ​ «សត្វល្អិត​​ដែល​ចូលចិត្ត​ចាប់​វីរុស​ជា​អាហារ»

    អ្នកវិទ្យាសាស្ត្រ​រកឃើញ​ «សត្វល្អិត​​ដែល​ចូលចិត្ត​ចាប់​វីរុស​ជា​អាហារ»

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ជា​លើកដំបូង​នូវ​សត្វល្អិត ហាល់តេរី (Halteria) មួយ​ប្រភេទ​ដែល​យក​វីរុស​មក​ធ្វើជា​ចំណី។

    ដោយសារតែ​វីរុស​មានមុខ​នៅ​គ្រប់​ទីកន្លែង ដូច្នេះ​សត្វ​នានា​តែង​លេប​ដោយ​ពួកវា។ ប៉ុន្តែ អ្នកស្រាវជ្រាវ John DeLong នៅ​សាកលវិទ្យាល័យ Nebraska-Lincoln មានបំណង​ស្វែងយល់ថា តើ​មាន​សត្វល្អិត​ណាមួយ​ដែល​ស៊ី​វីរុស​ជា​អាហារដែរ​ ឬ​ទេ ហើយ​ថា តើ​របប​អាហារ​នេះ​ជួយ​ដល់​ការរីកលូតលាស់​របស់​ពួកវា ឬ​អត់។

    «វីរុស​កកើតឡើង​ពី​អាស៊ីត​នុយ​ក្លេ​អ៊ី​ក ដោយមាន​អាសូត និង​ផូស្វ័រ» DeLong ឱ្យដឹង​ដូច្នេះ។ «ប្រាកដ​ណាស់​ថា មាន​សត្វល្អិត​ប្រភេទ​ណាមួយ​នោះ ចេះ​ស៊ី​វីរុស​រស់»។

    ដើម្បី​ជួយ​ដល់​ទ្រី​ស្តី​នេះ DeLong និង​សហការី បាន​យក​ទឹក​ពី​​បឹង រួច​បំបែក​សត្វល្អិត បាក់តេរី ចេញ​ទៅតាម​ប្រភេទ ហើយ​ដាក់វីរុស​ក្លរ៉ូ (chlorovirus) ដែលជា​វីរុស​ទឹកសាប​មាន​ជំនាញ​ក្នុងការ​បំផ្លាញ​សារាយ​បៃតង ចូលទៅក្នុង​ឧបករណ៍​ពិសោធន៍​ដែលមាន​សត្វល្អិត​ទាំង​​នោះ។ ពួកគេ​តាមដាន​បរិមាណ​វីរុស និង​បាក់តេរី​ផ្សេងទៀត​ដើម្បី​ឱ្យដឹងថា សត្វល្អិត ឬ​បាក់តេរី​ទាំងនោះ​ស៊ី​វីរុស ឬទេ។

    រូប​ភាព​មីក្រូទស្សន៍​បង្ហាញ​ពី​វីរុស​ក្លរ៉ូ (chlororirus) ដែល​កំពុង​ស៊ីសារាយ

    ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​រកឃើញថា សត្វល្អិត​ពិសេស​មួយ​ប្រភេទ​ហាក់​ចូលចិត្ត​ស៊ី​វីរុស​ជា​អាហារ នោះ​គឺ​សត្វល្អិត​មានឈ្មោះ​ថា ហាល់​តារី (Halteria)។ ក្នុង​សំណាក​ទឹក​ដែល​មិនមាន​ប្រភព​អាហារ​ផ្សេងទៀត​ក្រៅពី​វីរុស​ក្ល​រ៉ូ គេ​ឃើញថា បរិមាណ ហាល់​តេ​រី កើនឡើង​ប្រហែល 15 ដង ក្នុង 2 ថ្ងៃ ខណៈ​បរិមាណ​វីរុស​ក្ល​រ៉ូ បែរជា​ថយចុះ​ជិត 100 ដង។ ក្នុង​សំណាក​ទឹក​ដែល​មិនមាន​វីរុស ហាល់​តេ​រី ក៏​មិន​រីកចម្រើន។

    ជំហាន​បន្ទាប់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​សារធាតុ​បញ្ចេញ​ពន្លឺ​ដើម្បី​ភ្ជាប់​ទៅនឹង DNA របស់​វីរុស​ក្ល​រ៉ូ។ ពួកគេ​ឃើញថា លើ​ហាល់​តេ​រី មាន​ពន្លឺ ដែល​ប្រការនេះ​​ជួយ​បញ្ជាក់ថា ហាល់​តេ​រី ពិតជា​កំពុង​រំលាយ​វីរុស​ក្នុង​ពោះ​របស់​ពួក​វា​។

    របកគំហើញ​ខាងលើ​បង្ហាញថា ហាល់​តេ​រី គឺជា​សត្វល្អិត​ស៊ី​វីរុស​ជា​អាហារ​​ដំបូង​​គេ​ដែល​ត្រូវបាន​មនុស្ស​រក​​ដឹង ប៉ុន្តែ​នេះ​អាច​មិនមែនជា​ករណី​តែមួយគត់​ឡើយ។ ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​កំពុង​រៀប​គម្រោង​ស្វែងយល់​លម្អិត​ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ពិសោធ​​របស់​ពួក​គេ​៕

  • អ្នកដំណើរ​ចិន​ជិត​ពាក់កណ្ដាល​លើ​យន្តហោះ​ពីរ​ជើង​ទៅកាន់​អ៊ីតាលី វិជ្ជមាន​នឹង​កូ​វីដ-19

    អ្នកដំណើរ​ចិន​ជិត​ពាក់កណ្ដាល​លើ​យន្តហោះ​ពីរ​ជើង​ទៅកាន់​អ៊ីតាលី វិជ្ជមាន​នឹង​កូ​វីដ-19

    ក្នុងចំណោម​អ្នកដំណើរ 212 នាក់​នៅលើ​យន្តហោះ​ពីរ​គ្រឿង​ធ្វើដំណើរ​ពី ប្រទេស​ចិន ទៅកាន់ Milan ក្នុង​សប្ដាហ៍​នេះ មាន 97 នាក់​វិជ្ជមាន​នឹង​កូ​វីដ-19 ធ្វើឱ្យ អ៊ីតាលី ត្រូវ​រឹតបន្តឹង​ការធ្វើ​តេស្ត។

    ជើងយន្តហោះ​ចំនួន 2 ដែល​ដឹក​អ្នកដំណើរ​ពី ប្រទេស​ចិន កាលពី​ថ្ងៃទី 26 ធ្នូ បាន​ចុះចត​នៅ​ព្រលានយន្តហោះ Malpensa ក្នុង​ទីក្រុង Milan ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី។ ក្នុង​ជើងយន្តហោះ​ដំបូង មាន 35 នាក់​វិជ្ជមាន​នឹង​កូ​វីដ-19 ក្នុងចំណោម​អ្នកដំណើរ​ទាំង 92 នាក់។ ចំណែក​នៅក្នុង​ជើងយន្តហោះ​ទី​ពីរ មាន 62 នាក់​វិជ្ជមាន​ក្នុងចំណោម​អ្នកដំណើរ 120 នាក់ នេះ​បើតាម Guido Bertolaso មេដឹកនាំ​ផ្នែក​សុខាភិបាល​នៅ​តំបន់ Lombardy។

    អ្នកដំណើរ​ដែល​វិជ្ជមាន​នឹង​កូ​វីដ-19 ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈ​អាជ្ញាធរ​អ៊ីតាលី កំពុង​បង្កើន​ការស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល។ កាលពី​ថ្ងៃទី 28 ធ្នូ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អ៊ីតាលី បានប្រកាសថា «អ្នកដំណើរ​គ្រប់រូប​ដែល​មកពី ប្រទេស​ចិន និង​ឆ្លងកាត់ ប្រទេស​អ៊ីតាលី» ត្រូវតែ​ធ្វើតេស្តរ​កកូ​វីដ-19។

    ក្រៅពី អ៊ីតាលី ប្រទេសមួយ​ចំនួន​ដូចជា សហរដ្ឋ​អាម៉េរិក ជប៉ុន ឥណ្ឌា និង ម៉ាឡេស៊ី ជាដើម ក៏​តម្រូវឱ្យ​ធ្វើតេស្ត​ចំពោះ​អ្នកដំណើរ​មកពី​ប្រទេស​ចិន។

    ករណី​ខាងលើ​បាន​កើតឡើង​ក្រោយពី អាជ្ញាធរ​ចិន កាលពី​ថ្ងៃទី 26 ធ្នូ សម្រេច​ទម្លាក់​​កម្រិត​នៃ​ការគ្រប់គ្រង​កូ​វីដ-19 ដោយ​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ដើម ចំពោះ​អ្នកដំណើរ​មកពី​បរទេស និង​កាត់បន្ថយ​វិធានការ​ទប់ស្កាត់​កូ​វីដ-19 ផ្សេងទៀត ដើម្បី​អនុញ្ញាតឱ្យ ពលរដ្ឋ​ចិន ចេញទៅ​បរទេស​បាន​ងាយស្រួល​ជាង​មុន៕

  • សាស្ត្រាចារ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន ហែក​សញ្ញាបត្រ​បណ្ឌិត ដើម្បី​ប្រឆាំងនឹង តា​លី​បង់

    សាស្ត្រាចារ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន ហែក​សញ្ញាបត្រ​បណ្ឌិត ដើម្បី​ប្រឆាំងនឹង តា​លី​បង់

    នៅក្នុងពេល​ទឹកភ្នែក​រៀបនឹង​ស្រក់ ដៃញ័រៗដោយ​ការ​ខឹងខ្លាំង សាស្ត្រាចារ្យ Mashal ក៏​ហែក​ចោល​សញ្ញាបត្រ​បណ្ឌិត​រប​ស់​ខ្លួន​នៅពេល​សម្ភាស​លើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ប្រឆាំងនឹង​​បទបញ្ជា​របស់ របប​តា​លី​បង់ ដែល​ហាម​និស្សិត​ស្រី​រៀន​នៅ​មហាវិទ្យាល័យ។

    «ចាប់ពីពេលនេះ ខ្ញុំ​លែង​ត្រូវការ​សញ្ញាបត្រ​ទាំងនេះ​ទៀតហើយ ព្រោះថា ប្រទេស​នេះ​មិនមែនជា​កន្លែង​សម្រាប់​ការអប់រំ។ ខ្ញុំ​មិន​ទទួលស្គាល់​ថ្នាល​អប់រំ​នេះ​បើសិន​ប្អូនស្រី និង​ម្ដាយ​របស់ខ្ញុំ​មិនអាច​ទៅ​រៀន» សាស្ត្រាចារ្យ Ismail Mashal ស្ថាបនិក​របស់​សាកលវិទ្យាល័យ​ឯកជន Mashal និង​បង្រៀន​នៅ​សាកលវិទ្យាល័យ​កា​ប៊ុល ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង Tolo News កាលពីដើម​សប្ដាហ៍​នេះ។

    នៅក្នុង​ការផ្សាយ​ផ្ទាល់​ខាងលើ លោក Mashal បង្ហាញ​សញ្ញាបត្រ​ជាច្រើន​របស់លោក ក្នុងនោះ​មាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត និង​វិញ្ញាបនបត្រ​គរុកោសល្យ ហើយ​ហែក​ពួកវា​ជា​ពីរ ក្នុងពេល​ដៃ​របស់លោក​ញ័រ និង​ទឹកភ្នែក​រលីងរលោង។

    វីដេអូ​ខាងលើ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​ត្រូវបាន Sabnam Nasimi អតីត​ទីប្រឹក្សា​គោលនយោបាយ​នៅក្នុង ​អតីត​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ចែករំលែក​លើ​បណ្ដាញ​សង្គម។

    អាជ្ញាធរ​តា​លី​បង់ កាលពី​ថ្ងៃទី 20 ធ្នូ បានចេញ​បទបញ្ជា​មិន​កំណត់​ពេលវេលា ហាម​សិស្ស​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន រៀន​នៅ​មហាវិទ្យាល័យ ក្រោយ​រយៈពេល​ប្រហែល 9 ខែ​ដែល​ពួកគេ​បាន​ហាម​កុមារី​ទៅ​រៀន​នៅ​មធ្យមសិក្សា។ បទបញ្ជា​របស់ តា​លី​បង់ បានធ្វើឱ្យ​ក្ដី​ស្រមៃ​ក្នុងការ​សិក្សា​របស់​ស្ត្រី និង​ក្មេងស្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​រលាយ​អស់​​គ្មាន​សល់។

    តា​លី​បង់ ថែមទាំង​បាន​ហាម​ស្ត្រី​ទៅកាន់​ឧទ្យាន ព្រឹត្តិការណ៍​ពិព័រណ៍ កន្លែង​ហាត់ប្រាណ ក៏ដូចជា​បន្ទប់​ងូតទឹក​សាធារណៈ​ទៀតផង៕

  • លោក បៃ​ដិ​ន អនុម័ត​កញ្ចប់​ថវិកាជាតិតម្លៃ 1.7 ទ្រី​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​បញ្ហា​រដ្ឋាភិបាល​ជាប់គាំង

    លោក បៃ​ដិ​ន អនុម័ត​កញ្ចប់​ថវិកាជាតិតម្លៃ 1.7 ទ្រី​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​បញ្ហា​រដ្ឋាភិបាល​ជាប់គាំង

    ច្បាប់​ថវិកា​តម្លៃ 1.7 ទ្រី​លាន​ដុល្លារ​ដែល​ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​ទៅឱ្យ​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​សម្រេច​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​សេណា​រី​យ៉ោ​ស្ដីពី រដ្ឋាភិបាល​អាម៉េរិក ត្រូវ​បិទទ្វារ​នៅ​ឆ្នាំក្រោយ។

    ច្បាប់​ថវិកា​ខាងលើ​ដែល​ត្រូវបាន​សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​រួចហើយ ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​សេត​វិមាន នៅ​រសៀល​ថ្ងៃទី 28 ធ្នូ ដើម្បី​ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​ចុងក្រោយ ប៉ុន្តែ​ពេលនោះ លោក បៃ​ដិ​ន និង​គ្រួសារ​កំពុង​ឈប់សម្រាក​នៅ St. Croix លើ​ប្រជុំ​កោះ Virgin របស់ អាម៉េរិក ក្បែរ​តំបន់​សមុទ្រ កា​រ៉ា​ប៊ី។

    បុគ្គលិក​របស់ សេត​វិមាន បាន​នាំយក​ឯកសារ​កម្រាស់ 4,000 ទំព័រ​នេះ​ទៅជូន​ដល់ដៃ​ប្រធានាធិបតី​នៅ St. Croix ហើយក៏​ត្រូវបាន​ចុះ​ហត្ថា​លេខា​កាលពី​ថ្ងៃទី 29 ធ្នូ 2022។ បើសិន​មិន​ត្រូវបាន​លោក បៃ​ដិ​ន ចុះហត្ថលេខា​យឺត​បំផុត​ត្រឹម​ថ្ងៃទី 31 ធ្នូ​នោះទេ រដ្ឋាភិបាល​អាម៉េរិក នឹងត្រូវ​បិទទ្វារ ខណៈ​ត្រូវ​រង់ចាំ​ការចាត់ចែង​ថវិកាជាតិសម្រាប់​ឆ្នាំ​ក្រោយ។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ​នៅក្នុង​ឆ្នាំនេះ ដែល​លោក បៃ​ដិ​ន ទទួល​ឯកសារ​សំខាន់​ដែល​ត្រូវការ​ចុះហត្ថលេខា​តាមផ្លូវ​អាកាស។ កាលពី​ខែឧសភា ពេល​លោក បៃ​ដិ​ន ស្ថិតនៅ អាស៊ី ជំនួយការ​របស់លោក​ក៏បាន​នាំយក​សេចក្ដីព្រាងច្បាប់​ដែល​សភា​ជាន់​ទាប​ទើបតែ​បានអនុម័ត ស្ដីពី​កញ្ចប់​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ 40 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅ​ជូន​លោក​ដើម្បី​ចុះ​ហត្ថលេខា​។

    កញ្ចប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ 2023 ខាងលើ​ចែងថា ប្រា​ក់ជាង 772 ពាន់​លាន​ដុល្លារ​នឹង​ចំណាយ​សម្រាប់​កម្មវិធី​ក្រៅ​វិស័យ​ការពារជាតិ និង​ប្រហែល 858 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ។ ច្បាប់​នេះ​ក៏​ហាម​ការប្រើប្រាស់ TikTok នៅលើ​ឧបករណ៍​របស់​ស្ថាប័នរដ្ឋ​ផងដែរ។

    កញ្ចប់​ថវិកាជាតិ​លើក​នេះ​ក៏​បន្ថែម​ប្រហែល 45 ពាន់​លាន​ដុល្លារ​សម្រាប់​ជា​ជំនួយ​បន្ទាន់​ដល់ អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​ណា​តូ។ ទន្ទឹមនឹងនេះ​ក៏មាន​ខ្ទង់​ថវិកា​សម្រាប់​លើកកម្ពស់​ប្រព័ន្ធ​បោះឆ្នោត ការពារ​ស្ត្រី​មាន​ផ្ទៃពោះ និង​កែសម្រួល​ច្បាប់​សន្សំ​សំច័យ​សម្រាប់​ការចូលនិវត្តន៍។

    រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន ក៏​បង្កើន​ការចំណាយ​សម្រាប់​ដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ ការអប់រំ​នៅ​មហាវិទ្យាល័យ ថែទាំ​កុមារ សុខភាព​ផ្លូវចិត្ត អាហារ​សម្រាប់​អ្នកក្រីក្រ និង​បង្កើន​ការចំណាយ​សម្រាប់​ប៉ូលិស​នៅ​រដ្ឋធានី​ផងដែរ៕

  • សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ​ឱ្យ​កោះ​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ​ឱ្យ​កោះ​តៃវ៉ាន់

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក យល់ព្រម​លក់​ប្រព័ន្ធ​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ Volcano ឱ្យ តៃវ៉ាន់ ក្នុងតម្លៃ​ប្រមាណ​ជា 180 លាន​ដុល្លារ​អាម៉េរិក។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 28 ធ្នូ បានឱ្យដឹងថា ក្រុមហ៊ុន​ការពារជាតិ Northrup Grumman និង Oshkosh គឺជា​អ្នកផ្គត់ផ្គង់​សំខាន់​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​លក់​ប្រព័ន្ធ​ពង្រាយ​គ្រាប់មីន​ប្រឆាំង​រថក្រោះ Volcano របស់ សហរដ្ឋ​អាម៉េរិក និង កោះ​តៃវ៉ាន់។

    Volcano គឺជា​ប្រព័ន្ធ​ពង្រាយ​មីន​ស្វ័យប្រវត្ត​ដែល​អភិវឌ្ឍ​ដោយ កងទ័ព​អាម៉េរិក អំឡុង​ទសវត្សរ៍​ឆ្នាំ 1980។ ប្រព័ន្ធ​នេះ​​ដាក់​នៅលើ​រថយន្ត​ដឹកទំនិញ ឬ​ឧទ្ធម្ភាគចក្រ អាច​ពង្រាយ​មីន​ប្រឆាំង​រថក្រោះ 960 គ្រាប់ ឬ​ប្រឆាំងនឹង​ទ័ពថ្មើរជើង​នៅលើ​តំបន់​ប្រវែង 1,100 ម៉ែត្រ និង​ទទឹង 120 ម៉ែត្រ ដោយ​ប្រើពេល​ខ្លី។ គ្រាប់មីន​ទាំងនេះ​មាន​ប្រព័ន្ធ​ស្វ័យ​កម្ទេច ទៅតាម​ពេលវេលា​ដែល​បាន​កំណត់។

    កងទ័ព​តៃវ៉ាន់ បានឱ្យដឹងថា ការទិញ​ដូរ​នេះ​នឹងត្រូវ​អនុវត្ត​ក្នុង​រង្វង់​មួយខែ ហើយ​ប្រព័ន្ធ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រយុទ្ធ​របស់ តៃវ៉ាន់។

    ឥរិយាបថ​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​នៃ​ទំនាក់ទំនង​រវាង ចិនដីគោក និង​ចិន​ដី​កោះ មានការ​កើនឡើង​ខ្ពស់​នៅក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពេលដែល ទីក្រុង​ប៉េកាំង បង្កើន​ការដាក់​សម្ពាធ​ផ្នែក​យោធា​លើ ទីក្រុង​តៃប៉ិ។

    ប្រព័ន្ធពង្រាយគ្រាប់មីនប្រឆាំងរថក្រោះ Volcano

    កាលពី​ដើមខែ​នេះ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ក៏បាន​អនុម័ត​ការលក់​គ្រឿងបន្លាស់​តម្លៃ 428 លាន​ដុល្លារ ដើម្បី​ជួយ​ឱ្យ កងទ័ព​តៃវ៉ាន់ ថែទាំ​យន្តហោះ​យោធា មានដូចជា​យន្តហោះ F-16, យន្តហោះ​ក្នុងស្រុក F-CK-1 និង​ប្រភេទ​យន្តហោះ​ផលិត​ក្នុងស្រុក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ អាម៉េរិក ជាដើម។

    អាម៉េរិក មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ កោះ​តៃវ៉ាន់ ប៉ុន្តែ​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់​របស់​កោះ​នេះ។ ចំណែក ចិនដីគោក វិញ នៅតែ​ចាត់ទុកថា កោះ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ​ដណ្ដើម​មកកាន់​កាប់ បើសិនជា​ចាំបាច់៕