Category: អន្តរជាតិ

  • ទីក្រុង​របស់​ជប៉ុន​ស្នើឱ្យ​​ប្រជាជន​សរសេរ​ឈ្មះ​លើ​ថង់​សំរាម

    ទីក្រុង​របស់​ជប៉ុន​ស្នើឱ្យ​​ប្រជាជន​សរសេរ​ឈ្មះ​លើ​ថង់​សំរាម

    អាជ្ញាធរ​ក្រុង Ichikikushikino ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​សរសេរ​ឈ្មោះ​នៅលើ​ថង់​សំរាម​មុនពេល​បុគ្គលិក​អនាម័យ​ចុះទៅ​ប្រមូល ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការបែងចែក​ប្រភេទ​សំរាម ប៉ុន្តែ​សំណើ​នេះ​បង្កឱ្យមាន​ការបារម្ភ​អំពី​សិទ្ធិ​ឯកជន។

    ក្រុមមន្ត្រី​របស់​ទីក្រុង Ichikikushikino នៃ​ខេត្ត Kagoshima ភាគ​និរតី​​ប្រទេស​ជប៉ុន បាន​ដាក់ចេញ​ការកំណត់​នេះ​តាំងពី​ឆ្នាំ 1996។ កាលណោះ សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ករណី​ប្រជាជន​ដាក់​ធុង​ហ្កា​ស ឬ​ថ្មពិល​ចូលក្នុង​ថង់​សំរាម​រួម បង្កឱ្យមាន​អគ្គិភ័យ​នៅ​កន្លែង​កែច្នៃ​សំរាម។ បើសិន​ថង់​សំរាម​មិនមាន​ឈ្មោះ​ម្ចាស់ ឬ​មិន​ត្រូវបាន​បែងចែក​ប្រភេទ​ត្រឹមត្រូវ វា​នឹង​ត្រូវគេ​បិទ​ស្លាក «ខុសច្បាប់» និង​ត្រូវ​ទុក​នៅ​កន្លែង​ដើម។

    ម៉ោង 08 ព្រឹក ថង់​សំរាម​ដែលមាន​ឈ្មោះ​ត្រូវ​បានដាក់​នៅ​កន្លែង​ប្រមូល​ក្នុង​ទីក្រុង Ichikikushikino ហើយ​នៅក្បែរនោះ​មាន​ផ្ទាំង​ប​ដា​មួយ​សរសេរថា «សូម​សរសេរ​ឈ្មោះ​លើ​ថង់​សំរាម»។

    មនុស្ស​មួយចំនួន​បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ការកំណត់​ខាងលើ។ ស្ត្រី​វ័យ 70 ឆ្នាំ​ម្នាក់​ដែល​បានមក​រស់នៅក្នុង​ទីក្រុង Ichikikushikino កាលពី​ប៉ុន្មាន​ឆ្នាំមុន បានឱ្យដឹងថា គាត់​មិន​ធ្លាប់​ត្រូវគេ​តម្រូវឱ្យ​សរសេរ​ឈ្មោះ​លើ​ថង់​សំរាម​នោះទេ នៅពេល​រស់នៅក្នុង​ទីក្រុង Kanto។

    «មើល​ទៅលើ​ថង់​សំរាម គេ​ដឹងថា​ខ្ញុំ​បាន​បរិភោគ​អ្វី។ ខ្ញុំ​បាន​បែងចែក​ប្រភេទ​សំរាម​រួចហើយ ហេតុអ្វី​ត្រូវ​សរសេរ​ឈ្មោះ​ទៀត?» លោកយាយ​ខាងលើ​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ Mainichi កាលពី​ចុង​សប្ដាហ៍​កន្លង។

    ស្ត្រី​ម្នាក់ទៀត​និយាយថា ការកំណត់​នេះ «ប្រៀបបាន​ទៅនឹង​ការតាមដាន​របស់​អ្នកដទៃ​មកលើ​ការរស់នៅ​របស់ខ្ញុំ»។

    ក៏ប៉ុន្តែ ការកំណត់​ខាងលើ​ក៏​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ពួកគេ​យល់ថា នេះ​គឺជា​ការទប់ស្កាត់​ករណី​អគ្គិភ័យ ហើយ​វា​នឹង​ជួយ​ឱ្យ​សមត្ថកិច្ច​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ម្ចាស់​សំរាម​ដែល​បាន​បង្កបញ្ហា។

    អាជ្ញាធរ Ichikikushikino ឱ្យដឹងថា បរិមាណ​សំរាម​ប្រចាំ​ថ្ងៃជា​មធ្យម​របស់​ប្រជាជន​ក្នុង​ទីក្រុង​នេះ​នៅតែមាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​នៅ​ទូទាំងប្រទេស ខណៈដែល​ការកែច្នៃ​សំរាម​មាន​អត្រា​តែ 9.3% ប៉ុណ្ណោះ ទាប​ជាង​ឆ្ងាយ​ធៀប​នឹង 20% នៅ​ទូទាំងប្រទេស៕

  • រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​ប្រទេស​តួ​ក​គី សម្លាប់​មនុស្ស​យ៉ាងតិច 3 នាក់

    រញ្ជួយ​ដី​នៅ​ភាគខាងត្បូង​ប្រទេស​តួ​ក​គី សម្លាប់​មនុស្ស​យ៉ាងតិច 3 នាក់

    គ្រោះ​រញ្ជួយ​ដី​កម្លាំង 6.4 រិច​ទ័​រ ដែល​កើតឡើង​នៅក្បែរ​ទីក្រុង Antakya ភាគខាងត្បូង​ប្រទេស​តួ​ក​គី បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 3 នាក់ និង​ជាង 200 នាក់​រងរបួស។

    រញ្ជួយ​ដី​នេះ​កើតឡើង​នៅក្នុង​ទីរួមស្រុក Defne នៃ​ខេត្ត Hatay ភាគខាងត្បូង​ប្រទេស​តួ​ក​គី ជិត​ព្រំដែន​ជាមួយ​ស៊ី​រី នៅវេលា​ម៉ោង 20 និង 04 នាទី ថ្ងៃទី 20 កុម្ភៈ (រំលងអធ្រាត្រ​ថ្ងៃទី 21 កុម្ភៈ​នៅ​កម្ពុជា) ដែលមាន​ចំណុចកណ្ដាល​ស្ថិតក្នុង​ជម្រៅ 10 គីឡូម៉ែត្រ។ មជ្ឈមណ្ឌល​រញ្ជួយ​ដី​មេ​ឌី​ទែ​រ៉ា​ណេ (EMSC) នៅ​អឺរ៉ុប បាន​បញ្ជាក់ថា រញ្ជួយ​ដី​នេះ​មាន​កម្លាំង 6.4 រិច​ទ័​រ ខណៈ​ស្ថាប័ន​សង្កេត​ភូមិសាស្ត្រ​អាម៉េរិក (USGS) ឱ្យដឹងថា វា​មាន​កម្លាំង 6.3 រិច​ទ័​រ។

    រញ្ជួយ​ដី​ខាងលើ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល​ពី 160 ទៅ 300 គីឡូម៉ែត្រ ធៀប​នឹង​តំបន់​ដែល​បាន​កើតមាន​គ្រោះ​រញ្ជួយ​ដី​ពីរលើក កម្លាំង 7.7 និង 7.8 រិច​ទ័​រ នៅ​តួ​ក​គី និង​ស៊ី​រី កាលពី​ដើមខែ។

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តួ​ក​គី ឱ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស 3 នាក់​បាន​ស្លាប់ និង 213 នាក់​រងរបួស ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ប្រភព​ខ្លះ​បាន​និយាយថា អគារ​មួយចំនួន​បាន​បាក់​រលំ​ទាំងស្រុង។

    គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​ប្រហែល​ពីរ​សប្ដាហ៍​បន្ទាប់ពី​ភាគខាងត្បូង​ប្រទេស​តួ​ក​គី និង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដែល​បានសម្លាប់​មនុស្ស​ជាង 47,000 នាក់ និង​កម្ទេច​ផ្ទះ​រាប់សែន​ខ្នង៕

  • ជប៉ុន​សន្យា​ផ្ដល់ជំនួយ​បន្ថែម 5.5 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    ជប៉ុន​សន្យា​ផ្ដល់ជំនួយ​បន្ថែម 5.5 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី Kishida បាន​អះអាងថា ជ​ប៉ុន្តែ នឹង​ជួយ​អ៊ុយ​ក្រែ​ន​ក្នុងការ​ទប់ទល់​នឹង​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី ទន្ទឹមនឹងនេះ លោក​ក៏បាន​សន្យា​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ 5.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​ទៅឱ្យ​ទីក្រុង​កៀវ​​ទៀត​ផង​។

    «យើង​បាន​សម្រេចចិត្ត​ផ្ដល់​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ដែលមាន​តម្លៃ 5.5 ពាន់​លាន​ដុល្លារ​អាម៉េរិក» នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida ថ្លែង​កាលពី​ថ្ងៃទី 20 កុម្ភៈ​ដូច្នេះ។ «ត្រូវតែ​ជួយ​ដល់​មនុស្ស​ដែល​ត្រូវ​សង្គ្រាម​ដកហូត​លទ្ធភាព​នៃ​ការចិញ្ចឹម​ជីវិត និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ»។

    ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​បានឱ្យដឹងថា ប្រទេស​នេះ​បាន​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ 600 លាន​ដុល្លារ​អាម៉េរិក​ទៅឱ្យ​អ៊ុយ​ក្រែ​ន ក៏ដូចជា​ផ្ដល់ជំនួយ​មនុស្សធម៌​បន្ទាន់​តម្លៃ​រាប់រយ​លាន​ដុល្លារ​ផងដែរ។ ជប៉ុន​ក៏បាន និង​កំពុង​ដាក់ទណ្ឌកម្ម​មួយចំនួន​លើ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    ទំនាក់ទំនង​រវាង​ជប៉ុន និង​រុស្ស៊ី ក្នុង​ឆ្នាំ​កន្លង​ប្រែជា​អាក្រក់ឡើង។ ប្រទេស​ទាំងពីរ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នៅឡើយ បន្ទាប់ពី​សង្គ្រាមលោកលើកទី​ពីរ ដោយសារតែ​ការខ្វែងគំនិត​គ្នា​ទាក់ទិន​នឹង​ប្រជុំ​កោះ Kuril ជា​តំបន់​ដែល​ទីក្រុង​តូ​ក្យូ​ហៅថា ដែនដី​ខាងជើង បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។ កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ​បាន​ជាប់គាំង​តាំងពី​ខែមីនា 2022៕

  • (រញ្ជួយ​ដី​នៅ​តួ​ក​គី) – ក្មេង​ជំទង់​ថត​វីដេអូ​ផ្ដាំផ្ញើ​ចុងក្រោយ ពេល​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក

    (រញ្ជួយ​ដី​នៅ​តួ​ក​គី) – ក្មេង​ជំទង់​ថត​វីដេអូ​ផ្ដាំផ្ញើ​ចុងក្រោយ ពេល​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក

    ក្នុងពេល​ជាប់​នៅ​ខាង​ក្រោមផ្ទះ​ដែល​បាន​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី Taha Erdem អាយុ 17 ឆ្នាំ បាន​ថត​វីដេអូ​ផ្ដាំផ្ញើ​ពាក្យសម្ដី​ចុងក្រោយ និយាយ​អំពី​ការ​ស្ដាយក្រោយ និង​កិច្ច​ការដែល​នឹងធ្វើ បើសិនជា​នៅមាន​ជីវិត។

    Taha Erdem និង​ក្រុមគ្រួសារ​កំពុង​គេង​លក់​ពេល​រញ្ជួយ​ដី​កម្លាំង 7.8 រិច​ទ័​រ​កើតឡើង​នៅក្នុង​ទីក្រុង Adiyaman កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី 06 កុម្ភៈ 2023។

    Taha Erdem បាន​ភ្ញាក់​ដឹងខ្លួន​ព្រោះតែ​រញ្ជួយ​ដី។ ក្នុង​រង្វង់ 10 វិនាទី អគារ​កម្ពស់ 4 ជាន់​ក៏បាន​បាក់​រលំ​សង្កត់​លើ Taha រួមទាំង​ម្ដាយ ឪពុក និង​ប្អូនប្រុស ប្អូនស្រី​របស់គាត់។ ពេល​ត្រូវ​ជាប់​ក្រោម​ថ្ម និង​ដែក និង​មិនឃើញ​ឪពុកម្ដាយ Taha ក៏​យក​ទូរស័ព្ទ​ថត​វីដេអូ​ដើម្បី​ផ្ដាំផ្ញើ​ពាក្យសម្ដី​ចុងក្រោយ ដោយ​សង្ឃឹមថា មាន​គេ​រកឃើញ​នៅពេល​គាត់​បាន​ស្លាប់។

    «ខ្ញុំ​គិតថា នេះ​គឺជា​វីដេអូ​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ថត» Taha និយាយ​ពេល​កំពុង​ស្ថិតក្នុង​គំនរ​បាក់បែក ខណៈ​គ្រោះ​រញ្ជួយ​ដី​នៅតែ​កើតឡើង។

    Taha Erdem និង​ឪពុក​ម្ដាយ​ ក្រោយ​ពី​ត្រូវបាន​ជួយ​សង្គ្រោះ​

    Taha រៀបរាប់​អំពី​របួស​របស់គាត់ និង​វិប្បដិសារី ក៏ដូចជា​ប្រការ​ដែល​គាត់​ចង់​ធ្វើ បើសិនជា​នៅមាន​ជីវិត។ ក្នុង​វីដេអូ​នេះ​ក៏មាន​សំឡេង​ស្រែក​របស់​ជនរងគ្រោះ​ដទៃទៀត​ដែរ។

    «ខ្ញុំ​នៅមាន​ការសោកស្ដាយ​ជាច្រើន​ប្រការ។ សូម​ព្រះ​អម្ចាស់​លើកលែងទោស​ដល់​ខ្ញុំ… នៅតែមាន​រញ្ជួយ​ដី។ មិនមែន​ដៃ​ខ្ញុំ​ញ័រ​ទេ ប៉ុន្តែ​វា​ជា​រញ្ជួយ​ដី» Taha បន្ថែម។ Taha គិតថា សមាជិក​ទាំងអស់​រប​ស់​គ្រួសារ​គាត់​បាន​ស្លាប់ ហើយ​គាត់​នឹង​បាន​ទៅ​ជួប​ពួកគេឆាប់ៗនេះ។

    ក៏ប៉ុន្តែ Taha គឺជា​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​ត្រូវបាន​សង្គ្រោះដំបូង។ Taha ត្រូវបាន​អ្នកភូមិ​ទាញ​ចេញពី​គំនរ​បាក់បែក​ក្រោយពី​បាន​ជាប់​ប្រហែល​ពីរ​ម៉ោង។ ប្រហែល 10 ម៉ោង​ក្រោយពី​មាន​គ្រោះ​រញ្ជួយ​ដី ឪពុកម្ដាយ និង​ប្អូន​ពីរ​នាក់​របស់ Taha ក៏​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកភូមិ។

    គិត​មកដល់​វេលា​ម៉ោង 10 ថ្ងៃទី 20 កុម្ភៈ ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី កាលពី​ថ្ងៃទី 06 កុម្ភៈ បាន​កើន​ឡើងដល់​ជាង 46,000 នាក់៕

  • អាម៉េរិក​ព្រមាន​អំពី «បន្ទាត់​ក្រហម» បើសិន​ចិន​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី

    អាម៉េរិក​ព្រមាន​អំពី «បន្ទាត់​ក្រហម» បើសិន​ចិន​ផ្ដល់​អាវុធ​ឱ្យ​រុស្ស៊ី

    ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការសហប្រជាជាតិ Thomas-Greenfield បាន​ព្រមាន​ថា ចិន​នឹង​ឆ្លង «បន្ទាត់​ក្រហម» បើសិន​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី​ប្រើប្រាស់​នៅ​អ៊ុយ​ក្រែ​ន។

    «យើង​ត្រូវតែ​យល់ច្បាស់​ថា បើសិន​ចិន ឬ​ប្រទេស​ណាមួយ​មានគំនិត បំណង​ផ្ដល់​អាវុធ​ឱ្យកម្លាំង​រុស្ស៊ី​ប្រើប្រាស់​នៅ​សមរភូមិ​អ៊ុយ​ក្រែ​ន នោះ​គឺជា​ប្រការ​ដែល​មិនអាច​ទទួលយកបាន។ នោះ​គឺជា​បន្ទាត់​ក្រហម» អគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការសហប្រជាជាតិ Thomas-Greenfield បាន​ប្រាប់ CNN កាលពី​ថ្ងៃទី 19 កុម្ភៈ​ដូច្នេះ។

    នៅពេល​ត្រូវបាន​សួរថា ចិន​នឹងត្រូវ​ទទួលរង​ផលវិបាក​អ្វីខ្លះ បើសិន​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី លោកស្រី Thomas-Greenfield ថ្លែងថា វ៉ា​ស៊ី​ង​តោន​មិន​ប្រកាស​មុន​អំពី​ផែនការ ប៉ុន្តែ​បាន​ជូនដំណឹង​ដល់ទី​ក្រុង​ប៉េកាំង​រួចហើយ។

    រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken មុន​នោះ​ក៏បាន​ឱ្យដឹងថា ចិន​ទំនងជា​កំពុង​ពិនិត្យ​លទ្ធភាព​ផ្ដល់​អាវុធ​ទៅឱ្យ​រុស្ស៊ី​ប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ លោក Antony ក៏បាន​ព្រមាន​ចិន​ថា រាល់​ឥរិយាបថ​ផ្ដល់​អាវុធ​ទៅឱ្យ​មូ​ស្គូ គឺ​សុទ្ធតែ​នឹង «បង្កបញ្ហា​ធ្ងន់ធ្ងរ»។

    ចិន​មិនទាន់​ប្រតិកម្ម​ចំពោះ​មតិ​របស់​អាម៉េរិក ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​អះអាង​ជាច្រើនលើក​មកហើយ​ថា ខ្លួន​ចង់​ជួយ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​សន្តិវិធី។

    ចិន​គឺជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​មួយ​លើ​ពិភពលោក​ដែលមាន​ទំនាក់ទំនង​ស្និទ្ធស្នាល​នឹង​រុស្ស៊ី ហើយ​ជា​ប្រទេស​ដែល​មិន​ដាក់ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ ទាក់ទិន​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។

    ប្រទេស​លោកខាងលិច​ជាច្រើន​បានដាក់​សម្ពាធ​ដើម្បីឱ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន ជំ​រុញឱ្យ​រុស្ស៊ី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ ទីក្រុង​ប៉េកាំង​គាំទ្រ​ដំណោះស្រាយ​សន្តិភាព​សម្រាប់​សង្គ្រាម​នេះ ប៉ុន្តែ​ក៏បាន​អះអាង​ជាច្រើនលើក​អំពី​ទំនាក់ទំនង​ល្អជា​មួយ​មូ​ស្គូ និង​មានបំណង​លើកកម្ពស់​ទំនាក់ទំនង​នេះ​ឱ្យ​ឡើងដល់​ចំណុច​ខ្ពស់​ថ្មី​មួយ​ថែមទៀត​ផងដែរ៕

  • ក្លឹបអាម៉េរិកបាត់បាឡុងក្នុងថ្ងៃដែលកងទ័ពបាញ់ទម្លាប់វត្ថុហោះហើរលើដែនអាកាស

    ក្លឹបអាម៉េរិកបាត់បាឡុងក្នុងថ្ងៃដែលកងទ័ពបាញ់ទម្លាប់វត្ថុហោះហើរលើដែនអាកាស

    ក្លឹប​បា​ឡុង​ហោះ​មួយ​នៅ Illinois សហរដ្ឋ​អាម៉េរិក​ ប្រកាសថា បាន​បាត់​បា​ឡុង​មួយ​នៅ Alaska ក្នុង​ថ្ងៃ​ដែល​យន្តហោះ​ចម្បាំង​អាម៉េរិក​បាន​បាញ់​ទម្លាក់​វត្ថុ​ហោះហើរ​ចម្លែក​នៅក្បែរ​តំបន់​នេះ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា មាន​ទំនាក់ទំនង​ជាមួយគ្នា ឬ​អត់​នៅឡើយ។

    សារព័ត៌មាន​អាម៉េរិក និង​អង់គ្លេស នៅ​ថ្ងៃទី 18 កុម្ភៈ​នេះ​បាន​រាយការណ៍​ថា សមាគម​បា​ឡុង​ហោះ Bottlecap នៅ​រដ្ឋ Illinois ភាគ​ខាងជើង (NIBBB) បានប្រកាសថា ក្លឹប​នេះ​បាន​បាត់​សញ្ញា​បា​ឡុង​ហោះ Pico មួយ​សប្ដាហ៍​មុន​នោះ។ លើក​​ចុងក្រោយ​ដែល​បា​ឡុង Pico បញ្ជូន​សញ្ញា​គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី 11 កុម្ភៈ ពេលដែល​វា​ស្ថិតនៅ​ក្បែរ​កោះ​តូច​មួយ​នៅ​ឆ្នេរសមុទ្រ​ភាព​ខាងលិច​របស់ Alaska។

    ក្នុង​ថ្ងៃទី NIBBB បាត់ដាន​បា​ឡុង​ហោះ Pico យន្តហោះ​ចម្បាំង​អាម៉េរិក F-22 បាន​បាញ់​ទម្លាក់​វត្ថុ​ហោះហើរ​លើ​អាកាស​មិន​ស្គាល់​អត្តសញ្ញាណ​នៅលើ​តំបន់ Yukon របស់​កាណាដា ដែល​ជាប់​នឹង​រដ្ឋ Alaska របស់​អាម៉េរិក។ NIBBB មិនបាន​ភ្ជាប់​ហេតុការណ៍​ទាំងពីរ​នេះ​ជាមួយគ្នា​នោះទេ។ ក្រុមមន្ត្រី​អាម៉េរិក​ក៏​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ចំពោះ​ព័ត៌មាន​នេះ។

    បាឡុង​បែប​នេះ​អាច​ជា​ប្រភេទ​ដែល​ត្រូវ​បាន​អាម៉េរិក​បាញ់ទម្លាក់​កាល​ពី​សប្ដាហ៍​កន្លង ពេល​វា​ហោះចូល​ដែន​អាកាស​អាម៉េរិក

    បា​ឡុង​ហោះ Pico មាន​បំពាក់​ម៉ាស៊ីន​បញ្ជូន​រលកសញ្ញា​ខ្នាតតូច​តម្លៃ​ប្រហែល 12 ដុល្លារ និង​អាច​ហោះ​ដល់​កម្ពស់​ប្រហែល 14,300 ម៉ែត្រ។ Pico បាន​ហោះ​ក្នុង​រយៈពេល​ជាង 4 ខែ មុនពេល NIBBB បាត់ដាន។

    កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 10-12 កុម្ភៈ បាន​បាញ់​ទម្លាប់​បា​ឡុង​ហោះ​ចំនួន 3 គ្រឿង​ជា​បន្តបន្ទាប់។ ប្រធានាធិបតី​អាម៉េរិក កាលពី​ថ្ងៃទី 16 កុម្ភៈ បាន​និយាយថា វត្ថុ​ហោះហើរ​ទាំង 3 នេះ​អាច​ជាប់ទាក់ទង​នឹង​បណ្ដា​ក្រុមហ៊ុន​ឯកជន ក្រុម​កំសាន្ត ឬ​ក្រុម​ស្រាវជ្រាវ។

    បា​ឡុង​ហោះ ឬ​វត្ថុ​ហោះហើរ​មិន​ស្គាល់​អត្តសញ្ញាណ​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​ករណី​បា​ឡុង​ហោះ​របស់​ចិន​ដែល​ធ្វើ​សកម្មភាព​លើ​ដែនអាកាស​អាម៉េរិក 7 ថ្ងៃ និង​ត្រូវបាន​បាញ់​ទម្លាក់​កាលពី​ថ្ងៃទី 04 កុម្ភៈ។ អាម៉េរិក​និយាយថា នេះ​គឺជា​ឧបករណ៍​ឈ្លបយកការណ៍ ប៉ុន្តែ​ចិន​និយាយថា នេះ​គឺជា​បា​ឡុង​ស្រាវជ្រាវ​អាកាសធាតុ​របស់ខ្លួន​ដែល​បាន​វង្វេងទិស។

    ទាហានជើងទឹកអាម៉េរិក ស្រង់សាកសពបាឡុងហោះរបស់ចិន នៅលើសមុទ្រ Carolina ខាងត្បូង កាលពីថ្ងៃទី 05 កុម្ភ 2023

    អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg ក្នុង​សប្ដាហ៍​នេះ​បាន​ព្រមាន​ថា ចិន និង​រុស្ស៊ី កំពុង​បង្កើន​សកម្មភាព​ចារកម្ម និង​តាមដាន ក្នុងនោះ​ក៏មាន​ការប្រើប្រាស់​បា​ឡុង​ហោះ​ផងដែរ៕

  • មនុស្ស​ជាង 45,000 នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី

    មនុស្ស​ជាង 45,000 នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី

    ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី​នៅ​ប្រទេស​តួ​ក​គី និង​ស៊ី​រី បាន​កើន​ឡើងដល់​ជាង 45,000 នាក់ ខណៈ​កម្លាំង​សង្គ្រោះបាន​រកឃើញ​សាកសព​ និង​​អ្នក​នៅមាន​ជីវិត​ជា​បន្តបន្ទាប់​ក្រោយ​រយៈពេល 11 ថ្ងៃ​កន្លង។

    កាលពី​ថ្ងៃទី 17 កុម្ភៈ មន្ត្រី​នៅ​ប្រទេស​តួ​ក​គី បានប្រកាសថា ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​នេះ​គឺ 39,672 នាក់។ តួលេខ​នេះ​អាច​នឹង​កើនឡើង​បន្តទៀត ដោយសារតែ​នៅមាន​ជនរងគ្រោះ​កំពុង​ជាប់​ក្រោម​គំនរ​បាក់បែក​របស់​ផ្ទះ​រាប់សែន​ខ្នង​ក្រោយពី​បាន​បាក់​រលំ​ក្នុងពេល​​រញ្ជួយ​ដី​កើត​ឡើង។

    ដោយឡែក ប្រទេស​ស៊ី​រី វិញ បានឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​នេះ​បាន​កើន​ដល់​ជាង 5,800 នាក់ ដែល​នេះ​បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី និង​ស៊ី​រី កើនឡើង​ដល់​ជាង 45,470 នាក់។

    ក្រុម​អ្នកជំនាញ​និយាយថា មូលហេតុ​នាំ​គ្រោះ​រញ្ជួយ​ដី​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅ​តួ​ក​គី និង​ស៊ី​រី ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 06 កុម្ភៈ 2023 បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ច្រើន គឺ​ដោយសារ​វា​កើតឡើង​នៅពេល​ព្រឹក​ព្រលឹម ហើយ​ប្រទេស​តួ​ក​គី​សម្បូរ​ដោយ​សំណង់​គុណភាព​ទាប ងាយ​ដួលរលំ៕

  • វីដេអូ​ស្ដីពី​សាកសព​កប៉ាល់ Titanic ដែល​មិន​ធ្លាប់​ត្រូវបាន​បញ្ចេញក្នុង​អំឡុង 100 ឆ្នាំ​កន្លង

    វីដេអូ​ស្ដីពី​សាកសព​កប៉ាល់ Titanic ដែល​មិន​ធ្លាប់​ត្រូវបាន​បញ្ចេញក្នុង​អំឡុង 100 ឆ្នាំ​កន្លង

    វីដេអូ​បង្ហាញ​ពី​សាកសព​កប៉ាល់ Titanic ដែល​ស្ថិតនៅ​បាតសមុទ្រ​អា​ត្ល​ង់​ទិច ត្រូវបាន​ចែករំលែក​ជា​សាធារណៈកាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយពី​ជាង​មួយ​សតវត្សរ៍​ដែល​កប៉ាល់​នេះ​បាន​លិច​ដោយសារ​បុក​នឹង​ភ្នំ​ទឹកកក។

    ប៉ុន្មាន​ខែក្រោយ​ពី​ក្រុម​អ្នក​មុជ​ទឹកបាន​រកឃើញ​សាកសព​កប៉ាល់ Titanic កាលពី​ឆ្នាំ 1985 ទិដ្ឋភាព​ស្ដីពី​សាកសព​កប៉ាល់​នេះ​ក៏​ត្រូវបាន​ផ្ដិត​យក​ជា​ទម្រង់​វីដេអូ ដោយ​វិទ្យាស្ថាន​សាគរវិទ្យា Woods Hole (WHOI) ក្នុងនោះ ក្បាល​កប៉ាល់ ជាន់របស់​កប៉ាល់ និង​ឧបករណ៍​នានា​របស់​កប៉ាល់ ​ត្រូវបាន​បង្ហាញ​ច្បាស់​ជាងគេ។ ភាគច្រើន​នៃ​វីដេអូ 80 នាទី ដែល​ថត​ក្នុង​ជម្រៅជាង 3 គីឡូម៉ែត្រ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នេះ​ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​ក្នុងអំឡុង​មួយ​ទសវត្សរ៍​កន្លង។ ក្នុង​វីដេអូ​ដែល​ទើប​ត្រូវបាន​ចែករំលែក​ឱ្យឃើញថ្មីៗនេះ បានបង្ហាញ​ពី​របស់របរ​ខាងក្នុងកប៉ាល់ ក៏ដូចជា​មច្ឆជាតិ​ក្នុង​សមុទ្រ​ដែល​កំពុង​ហែលក្បែរៗនោះ។

    យោងតាម CNN បើទោះជា​សមត្ថកិច្ច​បាន​ធ្វើការ​ស្វែងរក​បន្ទាប់​ពី​ដឹងថា កប៉ាល់ Titanic បាន​លិច ប៉ុន្តែ រហូតដល់​ខែកញ្ញា 1985 ទើប​ក្រុម​អ្នកស្វែងរក​ដែល​ដឹកនាំ​ដោយ Robert Ballard សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​បារាំង IFEMER រកឃើញ​សាកសព​កប៉ាល់នេះ។ ឆ្នាំ 1985 WHOI បាន​អភិវឌ្ឍ​បច្ចេកទេស​ថត​វីដេអូ​ថ្មី និង​ផ្ដិត​យក​ទិដ្ឋភាព​ដំបូង​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ជាង 3,780 ម៉ែត្រ។

    ឆ្នាំ 1986 WHOI ក៏​បញ្ជូន​មនុស្ស​មួយក្រុម​ដំបូង​ទៅកាន់​ទីតាំង​របស់​សាកសព​កប៉ាល់ ដោយ​ប្រើ​នាវាមុជទឹក​ចំនួន 3 គ្រឿង។ វីដេអូ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 16 កុម្ភៈ 2023 បានបង្ហាញ​អំពី​ដំណើរ​ផ្សងព្រេង​កាលពី​ឆ្នាំ 1986 របស់​ក្រុម WHOI។ នេះ​គឺជា​ការ​ផ្សេង​ព្រេង​លើកដំបូង​របស់​មនុស្ស​ដែល​បាន​ចុះទៅ​មើល​សាកសព​​កប៉ាល់​ដែល​បាន​លិច​កាលពី​ឆ្នាំ 1912។

    Titanic ត្រូវបាន​គេ​ជឿថា​ជា​កប៉ាល់​ដែល​នឹងមិន​អាច​លិច នៅពេល​ត្រូវបាន​សាងសង់។ វា​ជា​កប៉ាល់​ដឹក​ភ្ញៀវ​ធំ​បំផុត​លើ​ពិភពលោក​ក្នុងសម័យ​នោះ។ Titanic បាន​បុក​នឹង​ភ្នំ​ទឹកកក​អណ្ដែត​កាលពី​ថ្ងៃទី 14 មេសា 1912 នៅលើ​សមុទ្រ​អា​ត្ល​ង់​ទិច ក្នុងការ​ធ្វើដំណើរ​លើក​ដំបូង​ពី Southampton អង់គ្លេស ទៅកាន់ New York សហរដ្ឋ​អាម៉េរិក។ មនុស្ស​ជាង 1,500 នាក់​បាន​ស្លាប់​ក្នុងករណី​លិច​កប៉ាល់​នេះ។

    ក្រុម​របស់ WHOI រកឃើញថា កប៉ាល់ Titanic បាន​បាក់​ជា​ពីរ​កំណាត់​ និង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Newfoundland របស់​កាណាដា​ កាលពី​ថ្ងៃទី 01 កញ្ញា 1985។

    វីដេអូ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 16 កុម្ភៈ 2023

    WHOI ប្រកាស​បង្ហាញ​វីដេអូ​ពិសេស​ថ្មី​នេះ​នៅក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ដែល​ខ្សែភាពយន្ត Titanic របស់លោក James Cameron បានទទួល​ពានរង្វាន់។ ខ្សែភាពយន្ត​នេះ​ទទួលបាន​ពាន Oscar ចំនួន 11 ក្នុងនោះ​ក៏មាន​ពានរង្វាន់​ខ្សែភាពយន្ត​ល្អមើល​បំផុត​ផងដែរ៕

  • Huawei នឹង​អាច​ត្រូវ​សហរដ្ឋ​អាម៉េរិក «ហាម​ចូល​ស្រុក» ទាំងស្រុង

    Huawei នឹង​អាច​ត្រូវ​សហរដ្ឋ​អាម៉េរិក «ហាម​ចូល​ស្រុក» ទាំងស្រុង

    អាជ្ញាធរ​អាម៉េរិក​ត្រូវបាន​គេ​ជឿថា កំពុង​ពិនិត្យ​លទ្ធភាព​រាំងខ្ទប់​ទាំងស្រុង​នៅលើ​ទឹកដី​នេះ​ចំពោះ​ក្រុមហ៊ុន​ចិន Huawei ជំនួស​ឱ្យ​ការហាមឃាត់​តែមួយ​ផ្នែក​ដូច​បច្ចុប្បន្ន។

    យោងតាម Bloomberg មន្ត្រី​មួយចំនួន​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ក្រសួងពាណិជ្ជកម្ម​អាម៉េរិក បាន​គាំទ្រ​ចំពោះ​ការហាម​រាល់​វត្តមាន​របស់​ផលិតផល សេវាកម្ម​របស់ Huawei។ បញ្ហា​ថ្មី​នានា​កំពុង​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងដំណាក់កាល​ដំបូង ហើយ​អាច​ត្រូវបាន​ប្រកាស​នៅក្នុង​ខែមេសា ឬ​ឧសភា​ខាងមុខ។

    Huawei ត្រូវបាន​សហរដ្ឋ​អាម៉េរិក​ដាក់ចូល​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ចាប់តាំងពី​ឆ្នាំ 2019។ ប៉ុន្តែ ក្រុមហ៊ុន​ចិន​នេះ​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ទិញ​គ្រឿងបន្លាស់ និង​បច្ចេកវិទ្យា​ពី​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក បើសិន​ទទួលបាន​ការអនុញ្ញាត។

    Huawei ធ្លាប់ជា​អ្នកទិញ និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​បច្ចេកវិទ្យា​ធំជាងគេ​មួយ​របស់​ពិភពលោក។ មកដល់ពេលនេះ ក្រុមហ៊ុន​អាម៉េរិក​មួយចំនួន​នៅតែ​បន្ត​ធ្វើជា​ដៃគូ​សហការ​របស់ Huawei មានដូចជា Intel និង AMD ជាដើម។

    ការសម្រេចចិត្ត​ថ្មី​នាពេលខាងមុខ​របស់​អា​ជ្ញា​ធរ​អាម៉េរិក ត្រូវបាន​វាយតម្លៃថា នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ Huawei ប៉ុន្តែ​មិន​បង្ក​ការខាតបង់​ធំធេង​ដល់​បណ្ដា​ដៃគូ​នៅ​សហរដ្ឋ​អាម៉េរិក។

    ក្រុមប្រឹក្សាសន្តិសុខ​ជាតិ និង​ក្រសួងពាណិជ្ជកម្ម​អាម៉េរិក មិនទាន់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ដំណឹង​នេះ ខណៈដែល​តំណាង​របស់ Intel, Qualcomm និង AMD បាន​បដិសេធ​ការអធិប្បាយ។

    សហរដ្ឋ​អាម៉េរិក កំពុង​បន្ត​រឹង​បន្តឹង​ការផ្គត់ផ្គង់​បច្ចេកវិទ្យា​របស់​អាម៉េរិក ទៅឱ្យ​ចិន។ កាលពី​សប្ដាហ៍​កន្លង អាម៉េរិក​បាន​បញ្ចុះបញ្ចូល​ហូ​ឡង់ និង​ជប៉ុន ឱ្យ​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន​ផលិត​បន្ទះ​អេឡិចត្រូនិក (semiconductor) ទំនើប​ទៅកាន់​ប្រទេស​ចិន៕

  • យាន​របស់​ណា​សា​នៅ​ភព​អង្គារ ថត​បាន​រូបភាព «ផ្ទៃមុខ​ខ្លាឃ្មុំ​កំពុង​ញញឹម»

    យាន​របស់​ណា​សា​នៅ​ភព​អង្គារ ថត​បាន​រូបភាព «ផ្ទៃមុខ​ខ្លាឃ្មុំ​កំពុង​ញញឹម»

    សណ្ឋាន​ដី​ចម្លែក​នៅ​តំបន់​មួយ​លើ​ភព​ព្រះ​អង្គារ​បង្កើតបានជា​រូបរាង​ដូច​ទៅនឹង​មុខមាត់​របស់​ខ្លាឃ្មុំ ពេល​មើល​ពីលើ​យានអវកាស​ស្រាវជ្រាវ MRO របស់​ណា​សាដែល​កំពុង​ហោះហើរ​ជុំវិញ​ភព​ក្រហម​នេះ។

    ក្នុង​រូបថត​មួយ​ដែល​ត្រូវបាន​សាកលវិទ្យាល័យ Arizona (UA) ចែករំលែក​កាលពី​សប្ដាហ៍​កន្លង​បង្ហាញថា សណ្ឋាន​ដី​ដែលមាន​រូបរាង​ដូច​ទៅនឹង​ផ្ទៃមុខ​របស់​ខ្លាឃ្មុំ​កំពុង​ញញឹម ត្រូវបាន​បង្កើតឡើង​ដោយ​ស្នាម​បំណាក់​ដី​រាង​រង្វង់​មូល (រូប​ដូច​ក្បាល) និង​មាត់​រណ្ដៅ​អាចម៍ផ្កាយ (ភ្នែក) បូករួម​នឹង​កូនភ្នំ​ដែល​ដួលរលំ​រាង​ជា​អក្សរ V (ច្រមុះ និង​មាត់)។

    ស្នាម​ដំណាក់​ដី​រាង​រង្វង់​មូល​អាច​កើតឡើង​ដោយសារ​បាតុភូត​ស្រុត​របស់​ស្រទាប់​ដីល្បាប់​លើ​មាត់​រណ្ដៅ​អាចម៍ផ្កាយ​ដែល​បាន​លប់​ដោយ​កំ​អែ​ភ្នំភ្លើង ឬ​ភក់។ ចំណែក​កន្លែង​ដែល​ដូច​ច្រមុះ ទំនង​ជា​​រណ្ដៅ​​ដែល​បញ្ចេញ​ចំហាយ​ឧស្ម័ន នេះ​បើតាម​ក្រុម​អ្នកជំនាញ​មកពី UA។

    កាមេរ៉ា HiRISE របស់ MRO ថត​បាន​រូបភាព​ចម្លែក​នេះ​នៅពេល​ហោះ​ក្នុង​រយៈកម្ពស់​ប្រហែល 251 គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃដី​ភព​អង្គារ។ យានអវកាស MRO បាន​ហោះ​ទៅដល់​ពិភព​អង្គារ​កាលពី​ឆ្នាំ 2006 និង​ហោះ​មួយ​ជុំ​ភព​នេះ​ដោយ​ចំណាយពេល​តែ 112 នាទី​ប៉ុណ្ណោះ។

    ភារកិច្ច​របស់ MRO គឺ​ស្រាវជ្រាវ​អំពី​អាកាសធាតុ ភូគព្ភសាស្ត្រ និង​ស្វែងរក​ទីតាំង​ល្អ​សម្រាប់​ការ​ចុះចត​ក្នុង​អនាគត ក៏ដូចជា​​ប្រមូល​ទិន្នន័យ​ពី​បេសកកម្ម​នានា​នៅ​លើដី​របស់​​ភព​អង្គារ​ដើម្បី​បញ្ជូន​បន្ត​មកកាន់​ផែនដី។

    មកដល់ពេលនេះ យាន MRO បាន​បំពេញបេសកកម្ម​បាន​ជិត 17 ឆ្នាំហើយ ពោល​គឺ​យូរ​ជាង​ការរំពឹងទុក។ ណា​សា​ក៏មាន​បំណង​បន្ត​ប្រើប្រាស់​យាន​នេះ​ឱ្យ​បានយូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕