Category: អន្តរជាតិ

  • “WHO” រកឃើញថ្នាំកាត់បន្ថយការស្លាប់របស់អ្នកជំងឺកូវីដ-19 និងសូមអង្វរកុំស្តុកទុកលក់យកចំណេញ ព្រោះមានលក់ទូទាំងពិភពលោក

    “WHO” រកឃើញថ្នាំកាត់បន្ថយការស្លាប់របស់អ្នកជំងឺកូវីដ-19 និងសូមអង្វរកុំស្តុកទុកលក់យកចំណេញ ព្រោះមានលក់ទូទាំងពិភពលោក

    “អង្គការសុខភាពពិភពលោក” បានរកឃើញថ្នាំដែលអាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺកូវីដ-19បាន និងសូមអង្វរ កុំស្តុកថ្នាំប្រភេទនេះទុក ដើម្បីលក់យកចំណេញ តែយ៉ាងណាក្ដី ផេច “Drama-addict” បានឱ្យដឹងថា បញ្ហាខ្វះខាតថ្នាំប្រភេទនេះ អាចមិនកើតមានឡើងទេ ក្រោយពីរកឃើញថា មានលក់នៅគ្រប់ប្រទេសទូទាំងពិភពលោក។

    ថ្ងៃទី24 មិថុនា ម្សិលមិញ ផេច “World Health Oganization(WHO)” របស់អង្គការសុខភាពពិភពលោក បានចេញមកបង្ហើបឱ្យដឹងថា ក្រោយពីរកឃើញថា ថ្នាំ “dexamethasone” អាចកាត់បន្ថយអត្រាការស្លាប់របស់អ្នកជំងឺវីរុសកូវីដ-19 បាននោះ ទើបសូមអំពាវនាវ កុំឱ្យមានការស្តុកទុកថ្នាំប្រភេទនេះ ដើម្បីទុកលក់យកចំណេញ។

    បន្ទាប់មក ផេច“Drama-addict” បានចេញមកផូស្តសំណេរមួយ តាមក្រោយអង្គការសុខភាពពិភពលោកថា ថ្នាំ“dexamethasone” អាចកាត់បន្ថយអត្រាការស្លាប់របស់ឆ្នកឆ្លងមេរោគកូវីដ-19 បានពិតប្រាកដមែន ហើយគ្រូពេទ្យទូទាំងពិភពលោក កំពុងតែយកថ្នាំមួយនេះ មកប្រើរួមគ្នាក្នុងការព្យាបាលអ្នកជំងឺ ព្រមទាំងបានដាស់តឿនទៀតផងថា សូមកុំទិញថ្នាំប្រភេទនេះយកមកស្តុកទុក។

    ផេច“Drama-addict” បានបន្ថែមទៀតថា បញ្ហាការស្តុកថ្នាំប្រភេទនេះ អាចនឹងមិនកើតមានទេ ដោយសារតែថ្នាំប្រភេទនេះមានលក់នៅទូទាំងពិភពលោក តាំងពីហាងលក់ថ្នាំធម្មតា រហូតដល់ឱសថស្ថានធំៗ និងថែមទាំងបានព្រមានទៀតផងថា មិនគួរទិញថ្នាំប្រភេទនេះមកទទួលទានដោយខ្លួនឯងទេ ព្រោះវាមានផលប៉ះពាល់ច្រើនណាស់ គួរតែស្ថិតក្នុងការមើលថែទាំរបស់គ្រូពេទ្យ ហើយបើសិនជាទិញយកមកប្រើខ្លួនឯង អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • យន្ត​ហោះ​ប៉ាគីស្ថាន​​ធ្លាក់​ដែល​បណ្ដាល​ឱ្យ​មនុស្ស​98​នាក់​ស្លាប់​ ក៏​ព្រោះ​តែ​អ្នក​បើក​បរ​គិត​តែ​ជជែក​គ្នា​​រឿង​COVID-19

    យន្ត​ហោះ​ប៉ាគីស្ថាន​​ធ្លាក់​ដែល​បណ្ដាល​ឱ្យ​មនុស្ស​98​នាក់​ស្លាប់​ ក៏​ព្រោះ​តែ​អ្នក​បើក​បរ​គិត​តែ​ជជែក​គ្នា​​រឿង​COVID-19

    ប្រទេស​ប៉ាគីស្ថាន​បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ប្រទេស​នេះ​ដែល​បាន​ធ្លាក់​​ចំ​តំបន់​ប្រជុំ​ជន​កាល​ពី​ខែ​មុន​និង​បណ្ដាល​ឱ្យ​មនុស្ស​98​ស្លាប់​នោះ​ គឺ​ដោយ​សារ​អ្នក​បើក​បរ​យន្ត​ហោះ​ គិត​តែ​និយាយគ្នា​​អំពី​បញ្ហា​ជំងឺ​COVID-19 ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ព្រមាន​ពី​អង្គ​ភាព​គ្រប់​គ្រង​ដែន​អាកាស​​។

    យោង​តាម​របាយ​ការណ៍​បឋម​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​24​កន្លង​ទៅ​បាន​ឱ្យ​ដឹង​ថា ករណី​ធ្លាក់​យន្ត​ហោះ​នៅ​តំបន់​ប្រជុំ​ជន​នៃ​ប្រទេស​ប៉ាគីស្ថាន​កាលពី​ខែ​ឧសភា​ គឺ​កើត​ឡើង​ដោយ​សារ​កំហុស​របស់​អ្នក​បើក​បរ ព្រោះ​ពួកគេ​គិត​តែ​នាំ​គ្នា​និយាយ​រឿង​COVID-19 ដោយ​មិន​បាន​គោរព​តាម​ការ​ណែនាំ​ក្នុងការ​រក្សា​សុវត្ថិ​ភាព​របស់​បុគ្គលិក​គ្រប់​គ្រង​ការ​ហោះ​ហើរ​​នៅ​លើ​ដី​។

    >វីដេអូស្ដែង​ៗបង្ហាញ​ពី​​ការ​ធ្លាក់​យន្ត​ហោះ​នៅ​ប៉ាគីស្ថាន ដែល​បាន​សម្លាប់​មនុស្ស​​ប្រមាណជិត​​​​100​នាក់​​! 2នាក់​នៅ​មាន​ជីវិត

    សូម​រំឭក​ថា កាល​ពី​ថ្ងៃទី​22​ឧសភា យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អន្តរ​ជាតិ​ប៉ាគីស្ថាន​ (PIA) ដែល​ដឹក​អ្នក​ដំណើរ​99​នាក់​ បាន​ជួប​គ្រោះ​សោកនាដកម្ម​នៅ​ពេល​បាន​ធ្លាក់​នៅ​លើ​តំបន់​ប្រជុំជន​ក្បែរ​ព្រលាន​យន្ត​ហោះ​ Karachi ខណៈ​ម៉ាស៊ីន​ទាំង​ពីរ​របស់​វា​សុទ្ធ​តែ​មាន​បញ្ហា​។ ក្រៅ​ពី​អ្នក​ដំណើរ​2​នាក់​ដែល​បាន​គេច​ផុត​ពី​ការ​ស្លាប់​ប្រកប​ដោយ​ភាព​អស្ចារ្យ​​ មនុស្ស​ចំនួន​97​នាក់​ផ្សេង​ទៀត​បានបាត់​បង់​ជីវិត​គ្មាន​សល់​។ ហេតុ​ការណ៍​នេះ​ក៏បាន​សម្លាប់​​​កុមារា​ម្នាក់​នៅ​តំបន់​កើត​ហេតុ​​ផងដែរ​ នេះ​បើ​តាម​ New York Times។

    រដ្ឋមន្ត្រី​ក្រសួង​អាកាស​ចរណ៍​ប៉ាគីស្ថាន​ Ghulam Sarwar Khan បាន​ឱ្យ​ដឹង​ថា ក្រុម​បុគ្គលិក​គ្រប់​គ្រង​ដែន​អាកាស​ បាន​ព្រមាន​ចំនួន​3លើក​ទៅកាន់​ក្រុម​អ្នក​បើក​បរ​ PIA ថា យន្ត​ហោះ​កំពុង​តែ​ហោះ​ក្នុង​រយៈ​កម្ពស់​ខ្ពស់​ខណៈ​ដែល​វា​ត្រៀម​ចុះ​ចត​លើក​ទី1នៅ​ព្រលាន​ Karachi និង​បាន​ស្នើ​មិន​ឱ្យ​យន្ត​ហោះ​ចុះ​ចត​។

    ប៉ុន្តែ​ ក្រុម​អ្នក​បើក​បរ​ ចេះ​តែ​នាំ​គ្នា​និយាយ​អំពី​COVID-19 និង​ចេះ​តែ​បន្ត​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រមាន​។ ជាង​នេះ ពួក​គេ​ថែម​ទាំង​មិន​អើ​ពើ​ដល់​ការ​ព្រមាន​ដោយស្វ័យ​ប្រវត្តិ​ពី​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​កាប៊ីន​យន្ត​ហោះ​ និង​មិន​បាន​ដាក់​បញ្ចេញ​ឧបករណ៍​ចុះ​ចត​ បណ្ដាល​ឱ្យ​ម៉ាស៊ីន​ទាំង​2​របស់​យន្ត​ហោះ​ត្រូវ​កកិត​នឹង​ផ្លូវ​ពេល​ចុះ​ចត​លើក​ទី1 នាំ​ឱ្យ​មាន​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ។

    ក្រោយពី​បរាជ័យ​ក្នុង​ការ​ចុះ​ចត​លើក​ទី1 ក្រុម​អ្នកបើក​បរ​ក៏បាន​ហោះ​ទៅលើ​អាកាស​ដើម្បី​ស្វែង​រក​វិធី​ចុះ​ចត​ជា​ថ្មី​។ ប៉ុន្តែ ដោយ​សារ​ម៉ាស៊ីន​ខូចខាត​ធ្ងន់​ធ្ងរ ទើប​ក្រោយ​មក​ យន្តហោះ​នេះ​ក៏បាន​ធ្លាក់​តែ​ម្ដង​។

    រដ្ឋមន្ត្រី​ប៉ាគីស្ថាន បន្ថែម​ថា អ្នក​បើក​បរឈ្មោះ​​ Sajjad Gul គឺជា​អ្នក​មាន​បទពិសោធន៍​ច្រើន​ ហើយ​យន្ត​ហោះ​ក៏​មិន​មាន​កំហុស​បច្ចេក​ទេស​អ្វី​នោះ​ដែរ​។ ប៉ុន្តែ អ្នក​បើក​បរ​រូប​នេះត្រូវ​បាន​គេ​ជឿ​ថា មាន​ការ​ជឿជាក់​ហួស​ហេតុ​លើក​បទ​ពិសោធន៍​របស់​ខ្លួន​ ទើប​បណ្ដាល​ឱ្យ​មាន​សោកនាដ​កម្ម​នេះ​កើត​ឡើង​៕

    ប្រភព៖ SCMP

  • ប្រធានាធិបតី​ហុងដូរ៉ាស​ត្រូវ​ដាក់​អុកស៊ីសែន ក្រោយ​ពី​បាន​ឆ្លង​COVID-19

    ប្រធានាធិបតី​ហុងដូរ៉ាស​ត្រូវ​ដាក់​អុកស៊ីសែន ក្រោយ​ពី​បាន​ឆ្លង​COVID-19

    វេជ្ជបណ្ឌិត​យោធា​បាន​និយាយ​ថា ប្រធានាធិបតី​របស់​ប្រទេស​ហុងឌូរ៉ាស លោក Juan Orlando Hernandez ត្រូវ​ដាក់​អុកស៊ីសែន​​ ក្រោយ​ពី​​ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ​កាល​ពីសប្ដាហ៍​មុន​ដោយ​សារ​តែ​បាន​ឆ្លង​វីរុស​COVID-19។

    លោក Juan Orlando Hernandez អាយុ​51​ឆ្នាំ កាលពី​សប្ដាហ៍​មុនបាន​ចូល​មន្ទីរ​ពេទ្យ​យោធា​នៅទីក្រុង​ Tegucigalpa នៃ​ប្រទេស​ហុង​ឌូរ៉ាស់​ ដើម្បី​ព្យាបាល​COVID-19។ លោក​វេជ្ជបណ្ឌិត​ Juan Diaz នៅមន្ទីរពេទ្យ​យោធា​នេះ​ កាល​ពី​ថ្ងៃទី​23​ បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ត្រូវ​ដក​ដង្ហើម​តាម​បំពង់​អុកស៊ីសែន​ ហើយ​ព្រមាន​ថា មេដឹក​នាំ​រូប​នេះ​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​​សុខ​ភាព​ និង​ត្រូវ​ការ​បន្ត​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​។

    វេជ្ជ​បណ្ឌិត​ Juan Diaz បន្ត​ថា ស្ថាន​ភាព​សុខភាព​របស់​ប្រធានាធិបតី​មិន​ទាន់​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ ប៉ុន្តែ​ពេល​ខ្លះ​មាន​អាការក្ដៅខ្លួន​ខ្លាំង​និង​ពិបាកដកដង្ហើម​។ លោក​ថ្លែង​ថា បន្ទាប់​ពី​មាន​អាការ​ក្អ ក្ដៅ​ខ្លួន​ និង​ពិបាក​ដកដង្ហើមជាដើម ក្រុម​វេជ្ជ​បណ្ឌិត​បាន​សម្រួល​កម្រិត​ថ្នាំ​ និង​ដាក់​អុកស៊ីសែន។​ ប៉ុន្តែ មក​ដល់​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា​ នៅ​បន្តដកដង្ហើម​តាម​​បំពង់​​អុកស៊ីសែន​ឬ​អត់នៅឡើយ។

    អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ហុងឌូរ៉ាស់​ Francis Contreras កាលពីថ្ងៃទី​17​មិថុនា​បាន​ប្រកាស​ថា លោក Hernandez រួម​នឹង​ភរិយា​ និង​ជំនួយ​ការ​​ពីរ​នាក់​បាន​ឆ្លងវីរុស​COVID-19។

    សូម​រំឭកថា កន្លង​មក​មាន​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​ច្រើន​បាន​ឆ្លងវីរុស​នេះ​ ក្នុង​នោះ​មាន​នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ នាយករដ្ឋមន្ត្រី​រុស្សី នាយករដ្ឋមន្ត្រី​ប្រទេស​អាមេនី (Armenia) និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​នៃ​ប្រទេស​ផ្សេង​ៗ​ទៀត​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • លោក ត្រាំ ប្រកាសដាច់ខាត មិនអនុញ្ញាតឱ្យក្រុមបាតុករកាន់កាន់ទីក្រុង បង្កើត “តំបន់គ្រប់គ្រងខ្លួនឯង” ក្នុងក្រុងវ៉ាស៊ីនតោនឡើយ!

    លោក ត្រាំ ប្រកាសដាច់ខាត មិនអនុញ្ញាតឱ្យក្រុមបាតុករកាន់កាន់ទីក្រុង បង្កើត “តំបន់គ្រប់គ្រងខ្លួនឯង” ក្នុងក្រុងវ៉ាស៊ីនតោនឡើយ!

    លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារ(ទី23 មិថុនា) ថា រឿងដែលកើតឡើងនៅស៊ីអ៊ែតថល នឹងគ្មានថ្ងៃកើតឡើងនៅក្នុងទីក្រុងចម្បងរបស់ប្រទេសមួយនេះឡើយ និងមិនអនុញ្ញាតឱ្យមាន “តំបន់គ្រប់គ្រងខ្លួនឯង” ឬតំបន់គ្មានប៉ូលិស នៅក្នុងវ៉ាស៊ីនតោន ឌីស៊ី ដូចករណីដែលក្រុមបាតុករនៅស៊ីអ៊ែតថល បានដណ្ដើមកាន់កាប់ផ្លូវកណ្ដាលក្រុង ធ្វើជាតំបន់គ្រប់គ្រងខ្លួនឯងនោះឡើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Fox news។

    តាំងពីនៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក កើតហេតុការណ៍ពលរដ្ឋអាមេរិកាំង បាននាំគ្នាចេញមកប្រមូលផ្ដុំគ្នាតវ៉ាទាមទារ បង្ហាញការមិនពេញចិត្តចំពោះករណីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ មកនោះ ទោះជាតំបន់ខ្លះ ស្ថានការណ៍ស្ទើរតែលែងឃើញមានហេតុការណ៍តវ៉ាបែបហិង្សាហើយក្ដី តែក៏នៅតែមានរបាយការណ៍នៅក្នុងទីក្រុងមួយចំនួន ដែលនៅតែមានក្រុមបាតុករប្រមូលផ្ដុំគ្នា និងអាជ្ញាធរក្នុងតំបន់នៅតែមិនអាចចូលទៅគ្រប់គ្រងស្ថានការណ៍បាននៅឡើយ។

    កាលពីថ្ងៃចន្ទ (ទី22 មិថុនា) ក្រុមអ្នកតវ៉ា បានបិទឃាំងតំបន់មួយ ដែលពួកគេហៅថា “តំបន់គ្រប់គ្រងខ្លួនឯងវិមានខ្មៅ” ឬ “BHAZ” នៅក្បែរសេតវិមាន និងព្យាយាមផ្ដួលរំលំរូបសំណាកលោក អ៊ែនឌ្រូវ៍ ជែកសុន ប្រធានាធិបតី ទី7 នៃសហរដ្ឋអាមេរិក ដែលស្ថិតនៅក្នុងសួនច្បារសាធារណៈ ឡា ហ្វាយិតត៍។

    អតីតប្រធានាធិបតី ជែកសុន ដែលមានរូបនៅលើប្រដាសប្រាក់ 20ដុល្លាររបស់សហរដ្ឋអាមេរិក បានក្លាយជាគោលដៅនៃការតវ៉ាទាមទារក្នុងគ្រានេះ ដោយសារតែមានគោលនយោបាយបំផ្លាស់ទីជនជាតិដើមអាមេរិកាំង ចេញពីដែនដីបុព្វបុរសរបស់ពួកគេ។

    សកម្មភាពនេះ ស្រដៀងនឹងករណីនៅឯទីក្រុងស៊ីអ៊ែតថល ដែលមានក្រុមបាតុករ ចូលដណ្ដើមកាន់កាប់ទីតាំងសាលាក្រុង និងតំបន់ក្បែៗនោះ ដែលស្ថិតនៅកណ្ដាលទីក្រុង ដើម្បីធ្វើសកម្មភាពផ្សេងៗ និងបានប្រកាសខ្លួនជា តំបន់គ្រប់គ្រងខ្លួនឯង(Capitol Hill Autonomous Zone) ឬ CHAZ តាំងពីជាង2សប្ដាហ៍មុន។

    យ៉ាងណាក្ដី អាជ្ញាធររបស់ទីក្រុង បានប្រកាសកាលពីថ្ងៃចន្ទ (ទី22មិថុនា) ថា នឹងប្រើវិធានការផ្សេងៗដើម្បីចូលទៅរុះរើទីតាំងគ្មានប៉ូលិសនេះចោល ក្រោយកើតហេតុការណ៍បាញ់សម្លាប់គ្នា និងអំពើហិង្សាផ្សេងៗជាច្រើនដងនៅក្នុងតំបន់នោះ។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរ នៅព្រឹកថ្ងៃអង្គារ(ទី23មិថុនា) ថា “នឹងគ្មានតំបន់គ្រប់គ្រងខ្លួនឯងនៅក្នុងវ៉ាស៊ីនតោន ឌីស៊ី ជាដាច់ខាត ដរាបណាដែលខ្ញុំនៅតែជាប្រធានាធិបតី! បើពួកគេនៅតែព្យាយាម ពួកគេនឹងត្រូវជួបនឹងការប្រើកម្លាំងយ៉ាងខ្លាំងក្លា!!”។

    ទាំងអស់នេះ លោកត្រាំ នៅបានព្រមានទៅដល់ក្រុមបាតុករដែលកំពុងបង្កការខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋថា នឹងត្រូវចាប់ខ្លួន ឬមិនទេក៏ជាប់គុក ព្រមទាំងបានរិះគន់ ពួកអភិបាលរដ្ឋផ្សេងៗថា មិនបានដំណើរការយ៉ាងធ្ងន់ធ្ងរគ្រប់គ្រាន់ ទៅលើពួកដែលមានចេតនាបំផ្លាញអនុស្សាវរីយ៍ខាងប្រវត្តិសាស្ត្រទាំងឡាយ ដោយលោកបាននិយាយថា “រដ្ឋជាច្រើនទន់ជ្រាយ មនុស្សជាច្រើនទន់ជ្រាយ ហើយពួកគេបណ្ដោយឱ្យវាកើតឡើង”

    លោកត្រាំ ថែមទាំងបាននិយាយដល់ពួកដែលដើរប្រមាញ់ស្ដូបអនុស្សាវរីយ៍ទាំងឡាយ ដែលជាប្រធានបទក្នុងការជជែកគ្នាផ្សេងៗទាំងនោះថា “ពួកគេជាមនុស្សអាក្រក់ ពួកគេមិនស្រឡាញ់ប្រទេសរបស់យើងទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្នុងចំណោម​មនុស្ស​1លាន​នាក់​គឺមាន​1,200​នាក់​ត្រូវ​ឆ្លង​COVID-19! អ្នក​ស្លាប់​បាន​កើន​ដល់​ជិត​កន្លះ​លាន​​នាក់​

    ក្នុងចំណោម​មនុស្ស​1លាន​នាក់​គឺមាន​1,200​នាក់​ត្រូវ​ឆ្លង​COVID-19! អ្នក​ស្លាប់​បាន​កើន​ដល់​ជិត​កន្លះ​លាន​​នាក់​

    អត្រា​នៃ​ការ​ឆ្លង​វីរុស​COVID-19​បាន​កើន​ដល់​1200​នាក់​ក្នុង​ចំណោម​មនុស្ស​1លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ខណៈ​ដែល​អ្នក​​ជំងឺ​COVID-19សរុប​ បាន​ឡើង​ដល់​​ជាង​9.3​លាន​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221ក្នុង​សកល​លោក​ បាន​រាយ​ការណ៍​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ចំនួន​9,334,732​នាក់​ និង​អ្នក​ស្លាប់​សរុប​478,747​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​163,819​នាក់​ និង​អ្នក​ស្លាប់​5,470​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជាសះស្បើយ​ក៏បាន​កើន​ឡើង​ដល់​5,014,146​នាក់​។

    ប្រទេស​​ដែល​មាន​អ្នកជំងឺ​COVID-19លើស​ពី 1,000,000​នាក់​ គឺ​មាន​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ប្រេស៊ីល​។

    គិត​មក​ដល់​បច្ចុប្បន្ន​ បើ​យោង​តាម​តួលេខ​ខាង​លើ រួម​ជាមួយ​នឹង​​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក​ គេ​ឃើញ​ថា​អត្រា​នៃ​ការ​ឆ្លង​​វីរុស​COVID-19 បាន​កើន​ឡើង​ដល់​1,200​នាក់​ ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​1,000,000​នាក់​គឺ​មាន​1,200​នាក់​ត្រូវ​ឆ្លង​​​មេរោគ​បង្ក​ជំងឹ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។ ចំណែកអត្រា​នៃ​ការស្លាប់​ដោយ​សារ​COVID-19 ក៏​បាន​កើន​ដល់​61​នាក់​នៅក្នុង​ចំណោម​មនុស្ស​1,000,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • Kim Jong-un ចេញ​បទបញ្ជា​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ខណៈ​កូរ៉េទាំង​ពីរ​កំពុង​មានបញ្ហា​​តាន​តឹង​

    Kim Jong-un ចេញ​បទបញ្ជា​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ខណៈ​កូរ៉េទាំង​ពីរ​កំពុង​មានបញ្ហា​​តាន​តឹង​

    មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក​ Kim Jong-un បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​យោធា​កូរ៉េខាង​ជើង​ ហើយ​បាន​សម្រេច​ឱ្យ​ផ្អាក​ផែន​ការ​ធ្វើ​សកម្ម​ភាព​យោធា​ប្រឆាំង​កូរ៉េខាង​ត្បូង​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ KCNA បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​បឋម​របស់​ក្រុម​ប្រឹក្សាភិបាល​យោធា​មជ្ឈឹម​នៃ​បក្ស​ពលករ​កូរ៉េខាង​ជើង​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃទី​23​មិថុនា​​ក្រោម​​រូប​ភាព​អនឡាញ​។ KCNA ចេញផ្សាយ​ថា សេចក្ដី​លម្អិត​នឹង​ត្រូវ​បានសម្រេច​នៅក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សាភិបាល​យោធាមជ្ឈិម​ “នា​ពេល​ដ៏ខ្លី​ខាងមុខ”។

    “នៅក្នុង​កិច្ច​ប្រជុំ​បឋម ក្រុម​ប្រឹក្សាភិបាល​យោធា​បក្ស​ពល​ករ​កូរ៉េខាង​ជើង​ ក្ដាប់​បាន​ស្ថាន​ករណ៍​បច្ចុប្បន្ន​ និង​បាន​ផ្អាកផែន​ការ​ធ្វើ​សកម្ម​ភាព​យោធា​ប្រឆាំង​កូរ៉េខាង​ត្បូង​” នេះ​បើ​តាម​ KCNA។

    KCNA បន្តថា៖ “កិច្ច​ប្រជុំ​នេះ​បាន​ពិនិត្យ​ទៅ​លើ​របៀប​វារៈ​​ក្នុង​គោលនយោបាយ​យោធា​ដែលត្រូវ​លើក​ឡើង​នៅ​​មុន​កិច្ច​ប្រជុំ​លើក​ទី​5​របស់​ក្រុម​ប្រឹក្សាភិបាល​យោធា​មជ្ឈិម​​នៃ​សម័យ​ប្រជុំ​លើក​ទី7 រួម​នឹង​​ការ​​ពិនិត្យ​របាយការណ៍​​​និង​​សេចក្ដី​សម្រេច​នានា​ដែល​នឹង​ត្រូវ​ដាក់​​ជូន​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​5​ រួម​ទាំង​ពិនិត្យ​លើ​ឯកសារ​មួយ​ចំនួន​ស្ដីអំពី​ការ​លើក​កម្ពស់​ការ​កំញើញ​របស់​កូរ៉េខាង​ជើង​”។

    លោក​ Kim Jong-un និង​លោក​ស្រី​ Kim Yo-jong

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​ទំនាក់​ទំនង​រវាង​កូរ៉េខាង​ត្បូង​និង​កូរ៉េខាង​ជើង​កំពុង​មាន​ភាព​តានតឹង​។ បន្ទាប់​ពី​​បាន​ចោទ​ប្រកាន់​ថា​ កូរ៉ខាង​ត្បូង​​មិន​បាន​ហាម​ឃាត់​ក្រុម​មនុស្ស​​​រត់​ចោល​ស្រុក​​ពង្រាយ​ខិត្ត​ប័ណ្ណ​ចូល​ទឹក​ដី​​កូរ៉េខាង​ជើង​ ទីក្រុង​ព្យុង​យ៉ាង​ក៏បាន​ប្រកាស​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ទីក្រុង​សេអ៊ូល​។

    កាល​ពី​សប្ដាហ៍​មុន​ កូរ៉េខាង​ជើង​បាន​បំផ្ទុះ​គ្រាប់​បែក​កម្ទេច​អគារ​ការិយាល័យ​ទំនាក់​ទំនង​រួម​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​នៅ​ព្រំ​ដែន​នៃប្រទេស​ទាំង​ពីរ​ និង​បាន​បញ្ជូន​ទាហាន​មក​កាន់​តំបន់​គ្មាន​យោធា​។ កង​ទ័ព​កូរ៉េខាង​ជើង​ក៏​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​​បំពង​សំឡេង​ឡើង​វិញ​​នៅ​ក្បែរ​តំបន់​គ្មាន​យោធា ព្រម​ទាំង​បាន​ប្រកាស​អំពី​ផែនការ​បង្ហោះ​ខិត្តប័ណ្ណ​ចំនួន​12​លាន​សន្លឹក​ចូល​ទៅកាន់​ទឹក​ដី​កូរ៉េខាង​ត្បូង​ផងដែរ​។

    Kim Jong-un ចេញ​បទបញ្ជា​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ខណៈ​កូរ៉េទាំង​ពីរ​កំពុង​មានបញ្ហា​​តាន​តឹង​
    លោក​ស្រី Kim Yo-jong

    ប្អូន​ស្រី​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង លោកស្រី​ Kim Yo-jong ដែល​ជា​អ្នក​កាន់កាប់​តំណែង​ជាន់​ខ្ពស់​ក្នុង​បក្ស​ពលករ​កូរ៉េខាង​ជើង​ បាន​ព្រមាន​ថា​ អាច​នឹង​មាន​ការ​ប្រឆាំង​កូរ៉េខាង​ត្បូង​ដោយ​សកម្មភាព​យោធា​។ កង​ទ័ព​កូរ៉េខាង​ជើង​ ក្រោយ​មក​ក៏​បាន​ប្រកាស​ថា កំពុង​ពិនិត្យ​ទៅលើ​ “ផែន​ការ​សកម្ម​ភាព​” និង​ធ្វើ​ឱ្យ​ព្រំដែន​ជួរ​មុខ​ក្លាយ​ជា​ “បន្ទាយ​ទាហាន​”៕

    ប្រភព៖ Reuters

  • អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “អាច​មិន​ទាន់​ដួល​រលំ”

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “អាច​មិន​ទាន់​ដួល​រលំ”

    រូប​ភាព​បាន​ពី​ផ្កាយ​រណបបង្ហាញ​ថា ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ត្រូវ​រង​ការ​ខូច​ខាត ប៉ុន្តែ​នៅ​តែ​ឈរ​ត្រង់​នៅ​ឡើយ ដែល​នេះ​គឺខុស​គ្នា​ដាច់​ស្រលះ​ទៅ​នឹង​រូប​ភាព​ដែល​បាន​មក​ពី​កូរ៉េខាង​ជើង​។

    បណ្ដា​រូប​ភាព​ដែល​បាន​មក​ពី​​ផ្កាយ​រណប​ពាណិជ្ជ​កម្ម​ដែល​ថត​ទៅ​លើ​តំបន់​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េខាង​ខាង​ជើង​និង​កូរ៉េខាង​ត្បូង​នៅ​ទីក្រុង​ Kaesong ក្នុង​តំបន់​ក្បែរ​ព្រំ​ដែនកូរ៉េខាង​ជើង​កាល​ពី​ថ្ងៃទី​22​មិថុនា​បាន​បង្ហាញ​ថា អគារ​កម្ពស់​4​ជាន់​នេះ​នៅឈរ​ត្រង់​ដូច​ដើម​ ប៉ុន្តែ​ត្រូវ​រង​ការ​ខូច​ខាត​ច្រើន​។

    កូរ៉េខាង​ជើង​ កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ចេញ​រូប​ភាព​ស្ដីអំពី​គំនរ​បាក់​បែក​នៅកន្លែង​កើត​ហេតុ​មួយ​ដែល​បង្ហាញ​ថា​ អគារ​នេះ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​។

    ក្រុម​អ្នក​វិភាគ​នៅ​ 38 North ជា​កន្លែង​តាម​ដាន​ស្ថាន​ការណ៍​នៅ​កូរ៉េខាង​ជើង​ កាលពី​សប្ដាហ៍​កន្លង​ទៅ​បាន​បញ្ចេញ​មតិ​ថា “ជាក់​ស្ដែង​ នេះ​មិន​មែនជា​ការ​បំផ្ទុះ​ដែលមាន​ការ​​គ្រប់​គ្រង​នោះ​ទេ​ ព្រោះ​ថា​ អគារ​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​ដួល​រលំ​រាប​ដល់​ដី​ និង​បង្កការ​ខូច​ខាត​ដល់​អគារ​នៅ​ក្បែរ​ខាង​”។ នៅក្នុង​រូប​ភាព​ដែល​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​កូរ៉េខាង​ជើង​ក៏​ឃើញ​មាន​អគារ​មជ្ឈមណ្ឌល​​គាំពារ​មួយ​ដែល​មាន​កម្ពស់​ច្រើន​ជាន់នៅ​ពី​ខាង​ក្រោយ​អគារ​ការិយល័យ​ទំនាក់​ទំនង​ ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​​ផងដែរ​។

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
    ទិដ្ឋ​ភាព​អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “មុន​” ការ​បំផ្ទុះ​គ្រាប់​បែក

    កាល​ពី​ថ្ងៃទី16​មិថុនា​កន្លង​ទៅ​ ការិយាល័យ​ទំនាក់​ទំនង​រួម​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ត្រូវ​បាន​បំផ្ទុះ​ឱ្យ​ដួល​រលំ​ បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​បន្ទោស​ជា​ច្រើន​លើក​ទៅ​លើ​កូរ៉េខាង​ត្បូង​ថា មិន​បាន​ទប់​ស្កាត់​សកម្ម​ភាព​បាច់​ខិត្ត​ប័ណ្ណចូល​ទឹក​ដី​កូរ៉េខាង​ជើង​។ ក្រោយ​មក កូរ៉េខាង​ជើង​ក៏បាន​ប្រកាស​ថា ការ​បំផ្លាញ​ការិយាល័យ​នេះ​គឺគ្រាន់​តែ​ជា​ “ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ” ហើយ​ភាព​តាន​តឹង​នឹង​កើន​ឡើង​ “ហួស​ពី​ការ​ស្មាន​”។

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “ក្រោយ​” ការ​បំផ្ទុះ​គ្រាប់​បែក

    ភាគីកូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា កូរ៉េខាង​ជើង​បាន​ចាប់​ផ្ដើម​ដាក់​ប្រដាប់​បំពង​សំឡេង​នៅ​ក្បែរ​តំបន់គ្មាន​យោធា​​ (DMZ)។ ប្រព័ន្ធ​បំពងសំឡេង​ទាំង​នេះ​ធ្លាប់​ត្រូវ​បាន​ដក​ចេញ​រួច​មក​ហើយ​បន្ទាប់​ពី​កូរ៉េ​​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​2018​ ដើម្បី​កាត់​បន្ថយ​ “សកម្ម​ភាព​បង្កជម្លោះ​ទាំង​ស្រុង​”។

    មន្ត្រី​យោធាកូរ៉េខាង​ត្បូង​ម្នាក់​បាន​ថ្លែងថា “យើង​ក៏កំពុង​តែ​ពិចារណា​ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រដាប់​បំពង​សំឡេង​របស់​យើង​។ ប៉ុន្តែ​កូរ៉េខាង​ជើង​មិន​ទាន់​ចាប់​ផ្ដើម​ឃោសនា​តាម​ប្រព័ន្ធ​បំពង​សំឡេង​ទាំង​នោះ​នៅ​ឡើយ​។ ចំណែក​យើង​ខ្ញុំ​វិញ​គឺ​បាន​ត្រៀម​រួច​រាល់​ហើយសម្រាប់​ការ​ឆ្លើយ​តប​”។

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
    រូប​ភាព​​អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ដែល​ត្រូវ​បាន​កូរ៉េខាង​ជើង​អះអាង​ថា ត្រូវ​បាន​កម្ទេច​ចោល​ទាំង​ស្រុង

    អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េខាង​ត្បូង​មិន​ទាន់​ញ្ចេញ​មតិ​ជុំវិញ​សកម្ម​ភាព​របស់​កូរ៉េខាង​ជើង​នៅ​ឡើយដែរ​ ប៉ុន្តែ​បាន​រំឭក​ថា កូរ៉េខាង​ជើង​នឹង​ទទួល​រង​ផល​អាក្រក់​បើ​សិន​នៅ​តែ​បន្តសកម្ម​ភាព​ខាង​លើ​ ដោយ​មិន​អើពើ​ដល់​កិច្ច​ប្រឹង​ប្រែងរួម​​ក្នុងការ​ជំរុញ​ឱ្យ​មាន​សន្តិ​ភាព​ពេញ​លេញ៕

    ប្រភព៖ Reuters

  • កូរ៉េខាងជើង ប្រកាសផែនការសងសឹកកូរ៉េខាងត្បូង ដោយការរោយខិត្តប័ណ្ណឃោសនា 12លានសន្លឹក តាមរយៈប៉ោងប៉ោង 3ពាន់គ្រាប់

    កូរ៉េខាងជើង ប្រកាសផែនការសងសឹកកូរ៉េខាងត្បូង ដោយការរោយខិត្តប័ណ្ណឃោសនា 12លានសន្លឹក តាមរយៈប៉ោងប៉ោង 3ពាន់គ្រាប់

    សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានប្រកាសព័ត៌មានថា ជិតដល់ពេលសងសឹកហើយ ដោយខ្លួននឹងត្រៀមបញ្ជូនខិត្តប័ណ្ណឃោសនា ទៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន 12លានសន្លឹក តាមរយៈប៉ោងប៉ោងចំនួន 3ពាន់ប៉ោងប៉ោង។

    កូរ៉េខាងជើង បានអះអាងលើពាក្យគំរាមរបស់ខ្លួនដែលថា នឹងបញ្ជូនខិត្តប័ណ្ណឃោសនានយោបាយ ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតបនឹងអ្វីដែលខាងកូរ៉េខាងត្បូង មិនអាចរារាំងជនជាតិកូរ៉េខាងជើងដែលភៀសខ្លួនចូលទៅ និងសកម្មជននយោបាយមិនឱ្យបញ្ជូនខិត្តប័ណ្ណប្រឆាំងរបបក្រុងព្យុងយ៉ាងចូលទៅក្នុងប្រទេសរបស់ខ្លួនបាន ទាំងដែលរឿងទាំងនេះ ជាកិច្ចការហាមឃាត់នៅក្នុងកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល នាឆ្នាំ2018។

    ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង(KCNA) បានរាយការណ៍ថា កូរ៉េខាងជើងនឹងបញ្ជូនខិត្តប័ណ្ណចំនួន 12លានសន្លឹក ដែលឆ្លុះបញ្ចាំងពីកំហឹង និងការស្អប់ខ្ពើមរបស់ប្រជាជនគ្រប់ភេទ គ្រប់វ័យ… “ឧបករណ៍ និងវិធីការបញ្ជូនខិត្តប័ណ្ណ ដែលរួមទាំងប៉ោងប៉ោងចំនួនជាង 3ពាន់គ្រប់ ច្រើនប្រភេទ ដែលអាចចែកចាយខិត្តប័ណ្ណចូលជ្រៅទៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ បានត្រៀមរួចរាល់អស់ហើយ ចំណែកពេលវេលាកាត់ទោសសងសឹក ក៏កំពុងតែជិតចូលមកដល់ដែរ”។ តែរបាយការណ៍នោះ មិនបានបញ្ជាក់ថា កូរ៉េខាងជើងនឹងចាប់ផ្ដើមរោយខិត្តប័ណ្ណនៅពេលណាឡើយ តែអ្នកសង្កេតការណ៍ជឿថា ប្រហែលជាក្នុងអំឡុងពេលប៉ុន្មានថ្ងៃទៀត ឬអាចនឹងនៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃគម្រប់ខួប 70ឆ្នាំ នៃសង្គ្រាមកូរ៉េ។

    កូរ៉េខាងជើង ប្រកាសផែនការសងសឹកកូរ៉េខាងត្បូង ដោយការរោយខិត្តប័ណ្ណឃោសនា 12លានសន្លឹក តាមរយៈប៉ោងប៉ោង 3ពាន់គ្រាប់កាលពីថ្ងៃសៅរ៍(ទី20មិថុនា) ក្រសួងរួបរួមជាតិកូរ៉េខាងត្បូង បានទាមទារឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបញ្ជូនខិត្តប័ណ្ណឃោសនានេះ ដោយបានបញ្ជាក់ថា វាជាការល្មើសកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូលកាលពី 2ឆ្នាំមុន តែ ទីស្នាក់ការរួបរួមកូរ៉េខាងជើង ដែលទទួលខុសត្រូវសម្ព័ន្ធភាពរវាងប្រទេសទាំង2 បានបដិសេធថា កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូលនោះ គឺជាឯកសារដែលលែងមានវិញ្ញាណបាត់ទៅហើយ និងសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ថែមទាំងបានបង្ហាញគំរូរបស់ខិត្តប័ណ្ណ ដែលបង្ហាញពីរូបភាពផ្ទៃមុខរបស់លោកប្រធានាធិបតី មូន ជេអ៊ីន ជាមួយនឹងពាក្យស្ដីបន្ទោស ចោទប្រកាន់ និងកម្ទេចបារីទៀតផង។

    កូរ៉េខាងជើង បានត្រឡប់មកហៅកូរ៉េខាងត្បូងថា ជាសត្រូវវិញ និងកាត់ផ្ដាច់ទំនាក់ទំនងឆ្លងព្រំដែន ដោយ​សារ​តែមិនពេញចិត្តរឿងខិត្តប័ណ្ណ ហើយកាលសប្ដាហ៍កន្លងទៅ ក៏ទើបតែបំផ្ទុះទីស្នាក់ការទំនាក់ទំនងរួមនៅក្នុងទីក្រុង កែសុង ដែលបានបើកសម្ពោធប្រើប្រាស់បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពី 2ឆ្នាំមុន ដែលទោះជារដ្ឋបាលកូរ៉េខាងត្បូងខំព្យាយាមជំរុញច្បាប់ហាមបញ្ជូនខិត្តប័ណ្ណចូលទៅក្នុងកូរ៉េខាងជើងទៀត និងបានប្ដឹងពីបទអាជ្ញាទៅលើក្រុមជនកូរ៉េខាងជើងដែលភៀសខ្លួនទៅនៅកូរ៉េខាងត្បូង 2ក្រុមដែលបានធ្វើកិច្ចការនេះក៏ដោយ តែក្រុងព្យុងយ៉ាង ប្រាប់ថា ហួសពេលហើយ…៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ហុងកុង ចេញច្បាប់ប្រតិបត្តិ ឱ្យសាលារៀន “បង្ហូតទង់ជាតិ-ច្រៀងភ្លេងជាតិ” ជំរុញឱ្យកូនសិស្សស្គាល់អត្តសញ្ញាណជាតិ

    ហុងកុង ចេញច្បាប់ប្រតិបត្តិ ឱ្យសាលារៀន “បង្ហូតទង់ជាតិ-ច្រៀងភ្លេងជាតិ” ជំរុញឱ្យកូនសិស្សស្គាល់អត្តសញ្ញាណជាតិ

    ស៊ីនហួ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍(ទី18 មិថុនា) រដ្ឋបាលតំបន់គ្រប់គ្រងពិសេសហុងកុងរបស់ចិន បានចេញច្បាប់ប្រតិបត្តិសម្រាប់សាលារៀន ស្ដីពីការបង្ហូត ឬលើកទង់ជាតិចិន និងទង់ប្រចាំហុងកុង និងប្រគំភ្លេង និងច្រៀងចម្រៀងភ្លេងជាតិ។

    អ្នកនាំពាក្យនាយកដ្ឋានការសិក្សា(EDB) បានបញ្ជាក់ថា នាយកដ្ឋាន បានបញ្ជូនទិន្ន័យចុងក្រោយបំផុតទៅឱ្យសាលារៀនផ្សេងៗ ពាក់ព័ន្ធនឹងប្រភពធនធានផ្នែករូបមន្តក្បួនការរៀនសូត្រ ការបង្រៀន និងវិធានការគាំទ្រដែលពាក់ព័ន្ធរួចហើយ។

    អ្នកនាំពាក្យថ្លែងថា សាលាបឋម និងមធ្យមសិក្សា ត្រូវតែបង្ហាញទង់ជាតិប្រទេសចិន និងទង់ប្រចាំតំបន់គ្រប់គ្រងពិសេសហុងកុង រួមទាំងប្រគំបទភ្លេង និងច្រៀងភ្លេងជាតិចិន ក្នុងខណៈដែលមានការរៀបចំធ្វើកិច្ចការងារអបអរសាទរក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី ថ្ងៃបង្កើតតំបន់គ្រប់គ្រងពិសេសហុងកុងរបស់ចិន និងថ្ងៃបុណ្យជាតិចិន។

    អ្នកនាំពាក្យបានបន្ថែមទៀតថា នាយកដ្ឋានសូមណែនាំដោយទទូច ឱ្យសាលារៀនរៀបចំធ្វើកិច្ចការងារខាងលើ ក្នុងថ្ងៃសំខាន់ និងក្នុងឱកាសពិសេសផ្សេងៗ និងត្រូវជំរុញធ្វើឱ្យបានយ៉ាងជាប់លាប់។

    ដើម្បីជួយសាលារៀនក្នុងការបណ្ដុះបណ្ដាលកូនសិស្សឱ្យស្គាល់ និងចេះគោរពទង់ជាតិចិន ច្រៀងភ្លេងជាតិចិន រួមទាំងយល់ដឹងពីប្រវត្តិសាស្ត្រ និងចិត្តវិញ្ញាណនៃភ្លេងជាតិចិន ទើបនាយកដ្ឋានបានរំឭកឡើងវិញនូវរូបមន្ត ប្រមូលរួបរួមប្រភពទិន្នន័យដែលពាក់ព័ន្ធ និងបន្ថែមវិធានការគាំទ្រលើផ្នែករូបមន្តប្រតិបត្តិ។

    ច្បាប់ភ្លេងជាតិ បានទទួលការប្រកាសនៅក្នុងច្បាប់ផ្លូវរដ្ឋ និងត្រូវបានប្រកាសប្រើនៅក្នុងទីក្រុងហុងកុង តាំងពីថ្ងៃទី12 មិថុនា កន្លងមកថ្មីៗ ដោយអ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា ទង់ជាតិ ភ្លេងជាតិ និងត្រារបស់ផែនដី គឺជាសញ្ញាសម្គាល់ និងជានិមិត្តសញ្ញារបស់ជាតិ ដែលប្រជាជនគ្រប់រូបគួរតែផ្ដល់នូវការគោរព។

    ទាំងអស់នេះ អ្នកនាំពាក្យនៅបានបញ្ជាក់ទៀតថា សាលារៀន គួរតែផ្ដល់ចំណេះ ការយល់ដឹងដល់សិស្សពាក់ព័ន្ធនឹងទង់ជាតិ ភ្លេងជាតិ និងត្រាផែនដីរបស់ចិន ដោយធ្វើជាផ្នែកមួយនៃការសិក្សាមុខវិជ្ជាគុណធម៌ តួនាទីពលរដ្ឋ និងជាតិ ព្រមទាំងជួយជំរុញឱ្យសិស្សរឭកដឹងពីអត្តសញ្ញាណជាតិ… ព្រមទាំងបានបន្ថែមថា ការបណ្ដុះបណ្ដាលអំពីអត្តសញ្ញាណរបស់ជាតិដល់សិស្សនោះ គឺជាគោលដៅមួយក្នុងការរៀនយល់ដឹងដ៏សំខាន់របស់ការសិក្សាក្នុងកម្រិតបឋម និងមធ្យមសិក្សា៕

    ប្រភព៖ សារព័ត៌មានបរទេស

  • WHO ថា “COVID-19 កំពុង​បង្កើន​ល្បឿន” ខណៈ​ជិត​9.2​លាន​នាក់​បាន​ឆ្លង​វីរុស​

    WHO ថា “COVID-19 កំពុង​បង្កើន​ល្បឿន” ខណៈ​ជិត​9.2​លាន​នាក់​បាន​ឆ្លង​វីរុស​

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​​ជិត​9.2​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​473,000​នាក់​​ដោយ​សារ​COVID-19 ក្នុង​គ្រា​ដែល​ស្ថាន​ភាព​វិបត្តិ​សុខ​ភាព​នៅ​ទ្វីប​អាមេរិក​កំពុង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221ក្នុង​ពិភពលោក​បាន​រាយ​ការណ៍​ថា COVID-19 បា​នឆ្លង​ទៅ​មនុស្ស​សរុប​ចំនួន​9,170,913​នាក់​ និង​បាន​សម្លាប់​មនុស្ស​ចំនួន​473,277​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​138,848​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​3,750​នាក់​ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​4,903,232​នាក់​។

    “រោគ​រាត​ត្បាត​កំពុង​តែ​បង្កើន​ល្បឿន​” នេះ​បើ​តាម​​ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ (WHO) លោក​ Tedros Adhanom Ghebreyesus ​ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​​អនឡាញ​មួយ​ដែល​ធ្វើ​​ឡើង​ដោយ​អារ៉ាប់​រួម​ (UAE) កាល​ពី​ថ្ងៃទី​22​មិថុនា​2020​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​4,584,212​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​ចំនួន​2,326,847​នាក់​ ទ្វីប​អាស៊ី​មាន​1,940,674​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​ចំនួន​318,321​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​