Category: អន្តរជាតិ

  • ប្រធានាធិបតី​អ៊ុយ​ក្រែន​ ធ្វើ​តាម​បញ្ជា​​ដ៏​គួរ​ឱ្យ​អស់សំណើច​របស់​ខ្មាន់​កាំភ្លើង​ ដើម្បី​​រំដោះ​ចំណាប់​ខ្មាំង20​នាក់​

    ប្រធានាធិបតី​អ៊ុយ​ក្រែន​ ធ្វើ​តាម​បញ្ជា​​ដ៏​គួរ​ឱ្យ​អស់សំណើច​របស់​ខ្មាន់​កាំភ្លើង​ ដើម្បី​​រំដោះ​ចំណាប់​ខ្មាំង20​នាក់​

    ខ្មាន់​កាំភ្លើង​ម្នាក់​បាន​ប្រើប្រាស់​អាវុធ​ជា​ច្រើន​ប្រភេទ​ក្នុង​ការ​ចាប់​មនុស្ស​ចំនួន​20​នាក់​ធ្វើ​ជាចំណាប់​ខ្មាំង​​នៅ​លើ​រថយន្ត​ក្រុង​មួយគ្រឿង​នៅ​​ប្រទេស​អ៊ុយ​ក្រែន​ ហើយ​ក្រោយ​មក​ក៏​បាន​ដោះ​លែង​មនុស្ស​ទាំង​នេះ​បន្ទាប់​ពី​ប្រធានាធិបតី​ Volodymyr Zelensky បាន​ធ្វើ​តាម​បញ្ជា​​ដ៏គួរ​ឱ្យចង់​សើច​​របស់​ខ្មាំង​កាំភ្លើង​ដោយ​ផ្ទាល់​។

    យោង​តាម​សារ​ព័ត៌មាន Reuters ករណី​បំភិត​បំភ័យ​ខាង​លើ​នេះ​ បាន​កើត​ឡើង​កាល​ពីថ្ងៃទី​21​កក្កដា នៅ​ពេល​ដែល​ខ្មាំង​កាំភ្លើង​ម្នាក់​ឈ្មោះ Maksim Krivosh អាយុ44​ឆ្នាំ​ បាន​ឡើង​លើ​រថយន្ត​ក្រុង​​មួយ​គ្រឿង​ដែ​ល​មាន​អ្នក​ដំណើរ​ប្រមាណ​ជា​20​នាក់​​ នៅ​ទីក្រុង​ Lutsk ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​​នៃ​ប្រទេស​អ៊ុយ​ក្រែន​។

    រូប​ភាព​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ក្នុង​បណ្ដាញ​សង្គម​ ​ឱ្យ​ឃើញ​ថា ខ្មាំង​កាំភ្លើង​ឈ្មោះ Krivosh នេះ​ ប្រើ​ប្រាស់កាំភ្លើង​ AK មួយ​ដើម កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់​បែប​យ៉ាង​តិច​2​គ្រាប់​ ក្នុង​នោះមាន​1​គ្រាប់​ទំនង​ជា​របស់ក្លែង​ក្លាយ​។

    ក្រោយពី​បាន​គ្រប់​គ្រង​លើ​ចំណាប់​ខ្មាំង​នៅ​លើ​រថយន្ត​ ជន​ដៃ​ដល់​ Krivosh ក៏​បាន​ទាម​ទារ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ ធ្វើ​តាម​ការ​បញ្ជា​ដ៏​ចម្លែក​​របស់​ខ្លួន​ ក្នុង​នោះ​ជន​នេះ​បាន​ទាម​ទារ​ឱ្យ​ប្រធានាធិបតី Zelensky “ឃោសនា​ផ្សាយ​ពាណិជ្ជ​កម្ម​” ឱ្យ​ខ្សែ​ភាព​យន្ត​រឿង​ Earthlings ​ជា​ភាព​យន្ត​ឯកសារ​មួយ​គួរ​ឱ្យ​ខ្លាច​របស់​សហរដ្ឋ​អាមេរិក​​ ដែល​ត្រូវ​បាន​​ផលិត​ឡើង​កាល​ពី​ឆ្នាំ​2005​ ស្ដី​អំពី​ការ​ពឹង​ផ្អែក​របស់​មនុស្ស​ជាតិ​ទៅ​លើ​សត្វ​នានា​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

    ប្រធានាធិបតី​អ៊ុយ​ក្រែន​ ធ្វើ​តាម​បញ្ជា​​ដ៏​គួរ​ឱ្យ​អស់សំណើច​របស់​ខ្មាន់​កាំភ្លើង​ ដើម្បី​​រំដោះ​ចំណាប់​ខ្មាំង20​នាក់​
    ប្រធានាធិបតី​អ៊ុយ​ក្រែន​ ធ្វើ​តាម​បញ្ជា​​ដ៏​គួរ​ឱ្យ​អស់សំណើច​របស់​ខ្មាន់​កាំភ្លើង​ ដើម្បី​​រំដោះ​ចំណាប់​ខ្មាំង20​នាក់​

    ប្រធានាធិបតី​អ៊ុយ​ក្រែន​ ក្រោយ​មក​ក៏​បាន​ថត​វីដេអូ​​ខ្លី​មួយ​ឈុត និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ប្រើ​ប្រាស់​សារ​ដែល​មាន​ខ្លឹម​សារ​ថា “ភាព​យន្ត​ Earthlings ឆ្នាំ​2005។ នេះ​ជា​ខ្សែ​ភាព​យន្ត​​ដែល​អ្នក​គ្រប់​គ្នា​គួរ​តែ​ទស្សនា”។ ក្នុង​គ្រា​​នោះ​ដែរ ខ្មាន់​កាំភ្លើង​បាន​គ្រប់​គ្រង​ចំណាប់​ខ្មាំង​អស់​រយៈ​ពេល​9​ម៉ោង​។

    បើ​ទោះ​ជា​ការ​ធ្វើ​តាម​ការ​ទាមទារ​របស់​ជន​ចាប់​ជំរឹត​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​សកម្ម​ភាព​​មួយ​ដែល​បង្ក​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាសក៏ដោយ​ ប៉ុន្តែ​វា​ហាក់​មាន​ប្រសិទ្ធ​ភាព​ក្នុង​ករណី​នេះ​។ ក្រោយ​ពី​ប្រធានាធិបតី​ Zelensky បង្ហោះ​វីដេអូ ខ្មាន់​កាំភ្លើង​ក៏​បាន​ដោះ​លែង​ចំណាប់​ខ្មាំង​ចំនួន​3​នាក់​ទៅ​លើ​ប៉ូលិស​។ បន្ទាប់​មក​ទៀត ខ្មាន់​កាំភ្លើង​ក៏​បាន​ដោះ​លែង​មនុស្ស​ទាំង​អស់ជា​បន្ត​បន្ទាប់​។

    ប្រធានាធិបតី​អ៊ុយ​ក្រែន​ ធ្វើ​តាម​បញ្ជា​​ដ៏​គួរ​ឱ្យ​អស់សំណើច​របស់​ខ្មាន់​កាំភ្លើង​ ដើម្បី​​រំដោះ​ចំណាប់​ខ្មាំង20​នាក់​
    រថយន្ត​ក្រុង​ និង​អ្នក​ដំណើរ​ចំនួន​20​ ដែល​ត្រូវ​បាន​ជន​ល្មើស​ចាប់​ជា​ចំណាប់​ខ្មាំង

    ក្រោយពី​ក្រុម​ប៉ូលិស​អ៊ុយ​ក្រែន​ក៏បាន​គ្រប់​គ្រង​ស្ថាន​ការណ៍​ និង​​​ចាប់​ខ្លួន​ជន​សង្ស័យ​​បាន​ដោយ​ជោគ​ជ័យ​។
    ប្រធានាធិបតី​ Zelensky ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សមត្ថ​កិច្ច​ និង​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ចូល​រួម​រំដោះ​ចំណាប់​ខ្មាំង​ ដោយ​បញ្ជាក់​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​មិន​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​។ លោក Zelensky ក៏​បានលុប​វីដេអូ​ “ឃោសនា” ឱ្យ​ខ្សែ​ភាព​ Earthlings នោះ​ចេញ​ពី​បណ្ដាញ​សង្គម​ផងដែរ​។

    ភាគី​ខាង​ប៉ូលិស​អ៊ុយ​ក្រែន​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាង​នេះ ធ្លាប់​ជាប់​ពន្ធ​នាគារ​ចំនួន10ឆ្នាំ​ ព្រោះ​តែ​បាន​បំពាន​ច្បាប់​ជា​ច្រើន​ករណី តាំង​ពី​រឿង​កេង​បន្លំ ឆក់​ប្លន់ ចាប់​ជំរឹត​ រួម​នឹង​​ការ​រក្សា​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​។ល។

    ប្រភព៖ RT

  • លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

    លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ ម៉ាស់​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លងវីរុស​COVID-19 ព្រម​ទាំង​បាន​អំពាវ​នាវ​ឱ្យ​​ពលរដ្ឋ​​ពាក់​ម៉ាស់ ចំណែក​ខ្លួន​លោក​ផ្ទាល់​​​ក៏​នឹង​ធ្វើ​ដូច្នេះ​ដែរ​។

    “យើង​ស្នើ​ឱ្យ​គ្រប់​គ្នា​ពាក់​ម៉ាស់​នៅ​ពេល​មិន​អាច​រក្សា​គម្លាត​ពី​គ្នា​ក្នុងសង្គម​។ បើ​ទោះជា​អ្នក​ចូលចិត្ត​ ឬ​មិន​ចូល​ចិត្ត​ក៏ដោយ ប៉ុន្តែ​វា (ម៉ាស់​) ​នឹង​បញ្ចេញ​ប្រសិទ្ធ​ភាព​”​ លោក​ Trump ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​21​កក្កដា​កន្លង​ទៅ​។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ឱ្យ​ដឹង​ថា លោក​បាន​ស៊ាំ​ជាមួយ​នឹង​ការ​ពាក់​ម៉ាស់​បន្តិច​ម្ដង​ៗ​ ហើយ​ថា​ លោក​នឹង​ពាក់​វា​នៅ​ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ឬ​ជិះ​ជណ្ដើរ​ប្រអប់​។ លោក​ Trump បន្ត​ថា “ខ្ញុំ​រីករាយ​នឹង​ប្រើ​ប្រាស់​វា។ អ្វី​ៗ​ទាំង​អស់​ដែល​មាន​ផល​ប្រយោជន៍​ គឺសុទ្ធ​តែ​ជា​ប្រការ​ល្អ”។ ម្ចាស់​សេត​វិមាន​ក៏​បាន​អំពាវ​នាវ​ដល់​យុវជន​​ក្មេង​ៗ​នៅ​អាមេរិក ឱ្យ​ចៀស​វាង​ចូល​បារ​ដែល​មាន​មនុស្ស​ច្រើន​ ជា​កន្លែង​ដែល​COVID-19 ងាយ​នឹង​ឆ្លង​រាល​ដាល​។

    ការ​ប្ដូរ​ផ្លាស់​គំនិត​ស្ទើរ​តែ​360​អង្សា​របស់​លោក​ Trump ចំពោះ​ COVID-19 បានមាន​​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​របស់​លោក​​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​​ដល់​ទៅ​​​144,888​នាក់​ ក្នុង​ចំណោម​អ្នក​ផ្ទុក​វីរុស​ចំនួន​4,023,947​នាក់​​ បើ​​គិត​មក​ដល់​ថ្ងៃ​នេះ​ (22​កក្កដា)។

    លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​
    លោក​ Trump ទទួល​ស្គាល់ថា ម៉ាស់​ពិត​ជា​មាន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ខណៈសហរដ្ឋ​អាមេរិក​មាន​​​​​144,888​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​

    នៅ​ទូទាំង​ពិភពលោក​ ​បច្ចុប្បន្ន​មាន​មនុស្ស​ចំនួន​618,265​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ខណៈ​ដែល​ចំនួន​អ្នក​ផ្ទុក​វីរុស​នេះ​បាន​កើន​ដល់​15,071,024​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ចំនួន​238,058នាក់​ និង​អ្នក​ស្លាប់​ចំនួន​​5,992​នាក់​ នេះ​បើ​តាម​ស្ថិតិ​របស់ ​Worldometers៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • តួលេខ​នៃ​ផល​ប៉ះពាល់​នានា​ទាក់​ទិន​នឹង​ “មហា​​គ្រោះ​ទឹក​ជំនន់​” កម្រ​ជួប​នៅ​ប្រទេស​ចិន

    តួលេខ​នៃ​ផល​ប៉ះពាល់​នានា​ទាក់​ទិន​នឹង​ “មហា​​គ្រោះ​ទឹក​ជំនន់​” កម្រ​ជួប​នៅ​ប្រទេស​ចិន

    ប្រទេស​ចិន​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ទឹក​ជំនន់​ដ៏ធ្ងន់ធ្ងរ​កម្របាន​ជួប​ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​រាប់​សិប​លាន​នាក់​ និង​នាំ​ឱ្យខាត់​បង់​ផ្នែក​សេដ្ឋ​កិច្ច​ប្រមាណជា​12​ពាន់​លានដុល្លារ​អាមេរិក​ ប៉ុន្តែ​តួលេខ​នេះ​នឹង​កើន​ឡើង​បន្ត​ទៀត​នា​ពេល​ខាងមុខ។

    ទឹក​ជំនន់​នៅ​ប្រទេស​ចិន បាន​បណ្ដាល​ឱ្យ​ទឹក​នៅក្នុង​ទន្លេ​ជាង​400​ក្នុង​ប្រទេស​នេះ​ ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រកាស​អាសន្ន​ចាប់​ពី​ដើម​ខែ​មិថុនា​ ក្នុង​នោះកម្រិត​ផ្ទៃ​ទឹក​ក្នុង​ទន្លេ​ចំនួន​33​បាន​ឡើង​ដល់​កម្ពស់​​ដែល​មិន​ធ្លាប់​មាន​ទាល់​តែ​សោះ​នៅក្នុងប្រវត្តិសាស្ត្រ​។

    គិត​ដល់​ពាក់កណ្ដាល​ខែ​កក្កដា ប្រជាជនចិន​ជិត​38​លាន​នាក់​នៅក្នុងខេត្ត​ក្រុង​​ចំនួន​27​​របស់​ចិន​ ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​ភ្លៀង​និង​ទឹក​ជំនន់​ ធ្វើ​ឱ្យ​មនុស្ស​ចំនួន​141​នាក់​​បាត់​ខ្លួន​ និង​បាត់​បង់​ជីវិត​។ ចំនួន​នេះ​ក៏​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ផងដែរ។

    ក្រសួង​គ្រប់​គ្រង​ស្ថាន​ការណ៍​បន្ទាន់​របស់​ចិន​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​9កក្កដាថា មនុស្ស​ប្រមាណជា​ជាង​1.7​លាន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ ផ្ទះ​ចំនួន​22,000​ខ្នង​ត្រូវ​បាក់​រលំ ខណៈ​ដែល​ការ​ខាត​បង់​ផ្ទាល់​ផ្នែក​សេដ្ឋ​កិច្ច​គឺ​ប្រមាណជា​8.8​ពាន់​លាន​ដុល្លារ​អាមេរិក​។ 3ថ្ងៃ​ក្រោយ​មក ចំនួន​អ្នក​ត្រូវ​ជម្លៀស​ខ្លួន​បាន​កើន​ឡើង​ដល់​ជិត​2.3​លាន​នាក់​ ក្នុង​នោះ​មាន​ពលរដ្ឋ​ចំនួន​1.3​លាន​នាក់​ត្រូវ​ការ​ជំនួយ​បន្ទាន់​ ចំណែក​ចំការ​ចំនួន​209,000​ហិកតា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ ហើយ​ការ​ខាត​បង់​ផ្ទាល់​ផ្នែក​សេដ្ឋ​កិច្ច​ក៏​បាន​កើនឡើង​ដល់​12​ពាន់​លាន​ដុល្លារ​អាមេរិក។

    ក្នុង​រយៈ​ពេល​ត្រឹម​តែ​1​សប្ដាហ៍​កន្លង​ទៅនេះ ទីក្រុង​ចំនួន​4នៅ​ប្រទេស​ចិន​ បាន​ប្រកាស​អាសន្ន​ ដោយសារ​ទឹក​ជំនន់​ឡើង​ខ្ពស់​។ ដោយឡែក​នៅ​ខេត្ត Jiangxi ពលរដ្ឋ​ចំនួន​5.5​លាន​នាក់​ត្រូវ​រង​ផល​ប៉ះពាល់​ និង​ជិត​500,000​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ នេះ​បើ​គិត​មក​ត្រឹម​​ថ្ងៃទី​13​កក្កដា​។

    Channel News Asia ដក​ស្រង់​ការ​ព្យាករ​ពី​ក្រុម​អ្នក​ជំនាញ​ ឱ្យ​ដឹង​ថា ដំណាក់​កាល​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​បំផុត​នៅក្នុង​គ្រោះ​ទឹក​ជំនន់​នេះ​ អាច​មិន​ទាន់​មក​ដល់​នៅឡើយ​។ តាម​បទ​ពិសោធន៍ គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ចិន​ តែង​​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​បំផុត​ចាប់​ពី​ចុង​ខែកក្កដា​រហូត​ដល់​ពាក់​កណ្ដាល​ខែសីហា។

    ប្រទេស​ចិន​គឺជា​ទឹក​ដី​មួយដែល​រង​គ្រោះ​ទឹក​ជំនន់​ធំៗ​ច្រើន​ជា​ងគេ​ក្នុង​ពិភពលោក​។ នៅក្នុង​គ្រោះ​ទឹក​ជំនន់​ធំបំផុត​ចំនួន​10​នៅ​ទូទាំង​​ពិភពលោក​ក្នុង​រយៈ​ពេល​100​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​7​ករណី​កើត​ឡើង​នៅ​លើ​ទឹក​ដី​ចិន​ ក្នុង​នោះ​​មាន5ករណី​នៅឯ​ទន្លេ​ Yangtze និង​2ករណី​នៅ​ឯ​ទន្លេ​ Huang He៕

    ប្រភព៖ CNA

  • រដ្ឋមន្ត្រី​ប្រទេស​​ប្រេស៊ីល​2រូប​ទៀត ​បាន​ឆ្លង​COVID-19

    រដ្ឋមន្ត្រី​ប្រទេស​​ប្រេស៊ីល​2រូប​ទៀត ​បាន​ឆ្លង​COVID-19

    រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​ពល​រដ្ឋ​ និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​អប់រំ​​របស់​ប្រទេស​ប្រេស៊ីល​ បាន​ប្រកាស​លទ្ធផល​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 នៅ​ក្នុងថ្ងៃ​ជាមួយ​គ្នា​ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​​រក​វីរុស​ ហើយ​បច្ចុប្បន្ន​កំពុង​បង្ខាំង​ខ្លួន​និង​ព្យាបាល​​ដាច់​​ដោយ​ឡែក​។

    រដ្ឋមន្ត្រី​ក្រសួង​សិទ្ធិ​ពល​រដ្ឋ​ លោក​ Onyx Lorenzoni ដែល​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ប្រធានាធិបតី​ Jair Bolsonaro បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ Twitter កាលពី​ថ្ងៃទី​20​កក្កដា​ ឱ្យ​ដឹង​ថា លោក​មាន​អាការរោគ​ស្រាល​ និង​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់ hydroxychloroquine។

    លោក​ Onyx Lorenzoni បន្ត​ថា “ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទទួល​ផល​ប៉ះពាល់​ល្អ​ (បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រាស់​ថ្នាំ​hydroxychloroquine​​)។ ក្រៅ​ពី​ថ្នាំ​ chloroquine លោក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​លេប​ថ្នាំ​ azithromycin និង ivermectin ទៀត​ផង។

    រីឯ​លោក​ Milton Ribeiro ដែល​ទើប​​ត្រូវ​បាន​តែង​តាំង​ជា​​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ក៏​បាន​ប្រកាស​ថា បាន​ឆ្លងវីរុស​COVID-19 និង​កំពុង​សម្រាក​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​ផងដែរ​។

    ចំណែក​ប្រធានាធិបតី​ប្រេស៊ីល លោក Bolsonaro ដែល​កំពុង​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​​បន្ទាប់​ពី​បាន​ឆ្លង​COVID-19 ក៏​កំពុង​ប្រើ​ប្រាស់​ថ្នាំ​​ប្រឆាំងជំងឺ​គ្រុន​ចាញ់​ hydroxychloroquine ដើម្បី​ព្យាបាល​ បើ​ទោះ​ប្រសិទ្ធភាព​របស់​ថ្នាំ​នេះ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​តេស្តជា​ផ្លូវការ​​​ក្នុងការ​ព្យាបាល​COVID-19 ក៏ដោយ​។ លោក Bolsonaro បាន​បង្ហោះ​សារ​នៅ​លើ​ Twitter កាល​ពី​ថ្ងៃទី​20​កក្កាដា​ ដើម្បី​ការ​ពារ​ការ​ប្រើប្រាស់​ថ្នាំ​ hydroxychloroquine ថា “ប្រការ​ដែល​គួរ​ចងចាំ​ នោះ​គឺថា ការ​ប្រើ​ថ្នាំដែល​​ “មិន​មែនជា​ថ្នាំ​​​ប្រែន​” បាន​នាំ​មក​នូវ​លទ្ធ​ផល​ល្អ​​ប្រសើរ​នៅក្នុង​វេជ្ជសាស្ត្រ ឱ្យ​តែ​អ្នកជំងឺ​យល់​ព្រម​”។

    មុន​នោះ​មួយ​ថ្ងៃ​ ប្រធានាធិបតី​ប្រេស៊ីល បាន​បង្ហាញ​វត្តមាន​នៅ​ក្បែរ​អ្នក​គាំទ្រ​នៅ​ឯទីក្រុង Brasilia ព្រម​ទាំង​បាន​លើក​ប្រអប់ថ្នាំមួយប្រអប់​បង្ហាញ​សាធារណជន​ទៀត​ផងដែរ។

    យោង​តាម​ស្ថិតិ​ថ្មីបំផុត​របស់​ក្រសួង​សុខាភិបាល​ប្រេស៊ីល ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ជាង​2.1​លាន​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​ឡើង​ដល់​ជាង​80,000​នាក់​។

    ក្រៅ​ពី​មន្ត្រី​ជាន់​ខ្ពស់​ខាង​លើ ប្រេស៊ីល​ក៏​នៅ​មាន​មន្ត្រី​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​បាន​ឆ្លង​វីរុស​នេះ​ ក្នុង​នោះ​ក៏មានលោក Augusto Heleno ដែល​ជា​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ Bolsonaro និង​រដ្ឋមន្ត្រី​ក្រសួង​ថាម​ពលប្រេស៊ីល​ លោក​ Bento Costa Lima ផងដែរ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ផែន​ទី​3D​ស្ដី​អំពី​ចក្រវាលមហា​ធំធេង​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ហើយ​

    ផែន​ទី​3D​ស្ដី​អំពី​ចក្រវាលមហា​ធំធេង​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ហើយ​

    ក្រុម​តារា​រូប​វិទូ​ ថ្ងៃ​នេះ (20​កក្កដា) ​បាន​ប្រកាស​បង្ហាញ​អំពី​ផែន​ទី​3Dមួយ​ដែល​ស្ដីអំពី​ចក្រវាលទាំង​មូល​​​ ដែល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​បាន​វិភាគ​ទៅ​លើ​កាឡាក់​ស៊ី​ចំនួន​ជាង​4​លាន​ បូក​រួម​ជាមួយ​នឹង​​ Quasar (quasi-stellar object) ជា​ច្រើន​ដែល​នៅ​សែន​ឆ្ងាយ​ និង​​មាន​ពន្លឺ​ខ្លាំង​ក្លា​ផងដែរ។

    ការ​ប្រឹងប្រែង​ពី​សំណាក់​អ្នក​វិទ្យា​សាស្ត្រ​រាប់​រយ​នាក់​ មក​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ចំនួន​30​នៅ​ពាស​ពេញ​ពិភពលោក​ បាន​នាំ​មក​នូវ​ “រឿង​រ៉ាវដ៏ពេញ​លេញ​មួយ​ស្ដីអំពី​ការរីក​មាឌ​របស់​ចក្រវាល​” នេះ​បើ​តាម​សាស្ត្រាចារ្យ​ Will Percival មក​ពី​សាកល​វិទ្យា​ល័យ​ Waterloo ក្នុង​ខេត្ត​ Ontario ប្រទេស​កាណាដា។

    នៅក្នុង​គម្រោង​មួយ​ដែល​បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ជាង​20​ឆ្នាំ​មុន​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​ធ្វើ​ការ​វាស់​វែង​ដោយ​ប្រើ​រង្វាស់​សុក្រឹត​បំផុត​​ ទៅ​លើ​ប្រវត្តិ​នៃ​ការ​រីក​មាឌ​ក្នុង​រយៈ​ពេល​វែង​ជា​ទី​បំផុត​។ ផែន​ទី​ចក្រវាល​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​ការ​សង្កេត​ថ្មី​ៗ​បំផុត​ក្នុង​រយៈ​ពេល​ជាង​6​ឆ្នាំ​​របស់​​អង្គការ​សង្កេត​តារា​ Sloan Digital Sky Survey (SDSS) នៅក្នុង​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា eBOSS ជាមួយ​នឹង​ទិន្ន​ន័យ​ដែល​បាន​មក​ពី​កែវយឹតអុបទិក​មួយ​ដែល​មាន​ទីតាំង​នៅ​ New Mexico សហរដ្ឋ​អាមេរិក​។

    មនុស្ស​ជាតិ​បាន​យល់​ដឹង​ច្រើន​អំពី​ចក្រវាល​នៃយុគ​សម័យ​ដំបូង​ក្រោយ​ការ​ផ្ទុះ​ Big Bang តាម​រយៈ​រូប​មន្ត​នៃ​ទ្រីស្ដី និង​ការ​សង្កេត​ទៅ​លើ​រលក​មីក្រូវ៉េវ​នៃ​ចក្រវាល​ ដែល​ជា​រលក​វិទ្យុសកម្មអេឡិចត្រូម៉ាញេទិកពី​អវកាស​ជំនាន់​ដំបូង​​។ ការ​សិក្សា​ស្រាវជ្រាវ​អំពី​កាឡាក់ស៊ី និង​ទិន្នន័យ​នៃ​កា​រវាស់​វែង​គម្លាត​រវាង​វត្ថុ​អវកាស​នានា​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​យល់​កាន់​តែ​ច្បាស់​អំពី​ការ​រីកមាឌ​របស់​ចក្រវាល​​ក្នុង​រយៈ​ពេល​រាប់​ពាន់​លាន​ឆ្នាំ​ផងដែរ​។ សាស្ត្រាចារ្យ​ Kyle Dawson មក​ពី​សាកលវិទ្យា​ល័យ Utah ដែល​ជា​អ្នកប្រកាស​ឧទ្ទេសនាមផែន​ទី​នេះ​ បាន​ឱ្យ​ដឹង​ថា អ្នកវិទ្យា​សាស្ត្រ​នៅ​តែ​មាន​ចន្លោះ​ប្រហោង​មួយ​ត្រូវការ​បក​ស្រាយ​បំពេញ​បន្ថែម​។ ប៉ុន្តែ លោក​ថ្លែង​ថា “តាម​រយៈ​ការ​សង្កេត​ជា​ប្រចាំ​ក្នុង​រយៈ​ពេល​5​ឆ្នាំ​មកនេះ យើង​បាន​ធ្វើ​ការ​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នោះ​”។

    ផែន​ទី​3Dធំបំផុត​ស្ដី​អំពី​ចក្រវាល​ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ហើយ​

    តារា​រូប​វិទូ​ Jean-Paul Kneib មក​ពី​មន្ទីរ​ស្រាវ​ជ្រាវ​របស់​ស្វីស​ (EPFL) ដែលជា​ស្ថាបនិក​នៃ​គម្រោង​ eBOSS ឆ្នាំ​2012​ បាន​ឱ្យ​ដឹង​ថា គោលដៅ​របស់​ក្រុម​ស្រាវជ្រាវ​នេះ​គឺដើម្បី​បង្កើត​ “ផែនទី3D ពេញ​លេញ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ចក្រវាលទាំង​មូល”​។ ជា​លើក​ដំបូង ពួកគេ​ប្រើប្រាស់​អាចម៍​ផ្កាយ ឬវត្ថុ​អវកាស​​ទាំង​ឡាយ​ដើម្បី​បង្ហាញ​អំពី​ការ​ពង្រាយ​ខ្លួន​របស់​វត្ថុ​ធាតុ​ក្នុង​ចក្រវាលនៅ​ក្នុង​កាឡាក់ស៊ី​នានា​ដែល​កំពុង​បង្កបង្កើត​ផ្កាយ​ និង​ Quasar ដែល​នៅឆ្ងាយ​សែន​ឆ្ងាយ​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​មនុស្ស។

    ផែន​ទី​នេះ​ក៏​បង្ហាញ​អំពី​សរសៃ​វត្ថុ​ធាតុ​ និង​លម្ហ​អវកាស​នានា​ដែល​កំណត់​រចនាសម្ព័ន្ធ​ចក្រវាល​តាំងពី​យុគ​សម័យ​ដែល​វា​មាន​អាយុ​ត្រឹម​តែ​380,000​​ឆ្នាំ​។

    ផែន​ទី​នេះ​ក៏​បាន​បង្ហើប​អំពី​ការ​រីក​មាឌ​របស់​ចក្រវាល​ ដែល​ចាប់​ផ្ដើម​បង្កើន​ល្បឿន​នៅក្នុង​ពេល​វេលា​​មួយ​ផងដែរ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​យល់​ថា ប្រការ​នេះ​ទំនង​ជា​បណ្ដាល​មក​ពី​វត្តមាន​របស់​ថាម​ពល​ងងឹត​ ប៉ុន្តែ​ប្រភព​របស់​វា​នៅមិន​ទាន់​ត្រូវ​បាន​យល់​ច្បាស់​នៅ​ឡើយ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​

    ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​

    វៀតណាម-ទារិកាម្នាក់​ឈ្មោះ​ Dieu Nhi ដែល​ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ទារិកា​​ភ្លោះ​ជាប់​គ្នា​ពី​រ​នាក់​ដែល​ទើប​តែ​ទទួល​បាន​ការ​វះកាត់​ផ្ដាច់​ចេញ​ពី​គ្នា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ ពេល​នេះ​អាច​ញញឹម​ និង​លើក​ដៃ​បាន​ហើយ​ នៅ​ពេល​អនុប្រធានាធិបតី​វៀត​ណាម​ចូល​ទៅ​សួរសុខ​ទុក្ខ។

    >ព័ត៌មាន​ទាក់​ទង
    វៀតណាម​វះកាត់ទារិកាភ្លោះជាប់គ្នា​ដោយ​ជោគ​ជ័យ! វេជ្ជបណ្ឌិត​និង​ជំនួយ​ការ​​93​នាក់​ចូលរួម​ក្នុងការ​វះកាត់​នេះ​

    ទារិកា​ឈ្មោះ Dieu Nhi បាន​ដឹង​ខ្លួន​ឡើង​វិញ​ និង​អាច​កម្រើក​អវយវៈ​មួយ​ចំនួន​ដូច​ជា​ការលើក​ដៃ​ និង​ញញឺម​ជា​ដើម​ នៅ​ពេល​ដែល​​អនុប្រធានាធិបតី​វៀតណាម លោក​ស្រី​​ Dang Thi Ngoc Thinh លើក​របស់​បរ​ក្មេង​លេង​ បង្ហាញ​ និង​និយាយ​លេង​ជាមួយ​នាង​។ ចំណែក​ទារិកា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​វះកាត់​ផ្ដាច់​ចេញ​ពី​ Dieu Nhi នៅ​មាន​សុខ​​ខ្សោយ​នៅ​ឡើយ​ និង​នៅ​គេង​ដោយ​ស្ងៀម​ស្ងាត់​។ ទារិកា​ទាំង​នេះ​ កំពុង​ទទួល​ការ​ថែ​ទាំ​នៅក្នុង​បន្ទប់​ជាមួយ​គ្នា​ ប៉ុន្តែគេង​គ្រែ​ដោយ​ឡែក​​ ក្រោយ​ពី​បាន​ទទួល​ការ​វះកាត់​ផ្ដាច់​ចេញ​ពី​គ្នា​កាល​ពី​ថ្ងៃទី​15​កក្កដា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៃ​ទី​ក្រុង​ហូជីមិញ​។

    ក្រោយ​រយៈ​ពេល​5​ថ្ងៃ​​នៃ​ការ​វះកាត់ ទារិកា​ទាំង​ពីរ​នៅ​តែ​បន្ត​ដក​ដង្ហើម​ដោយ​ប្រើ​ម៉ាស៊ីនជំនួយ​ និង​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ ថ្នាំ​បន្ថយការ​ឈឺ​ចាប់ និង​ត្រូវ​បញ្ចូល​ជីវ​ជាតិ​អាហារ​ទៅ​តាម​សរសៃ​ឈាម​។ អត្រា​នៃ​ការ​រស់រាន​មាន​ជីវិត​គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​។ ចំណែក​​អាការ​​ក្ដៅ​ខ្លួន​ក្រោយ​ពី​ការ​វះកាត់​ក៏​បាន​បាត់​ ហើយ​ក៏​មិន​បាន​​ឆ្លង​មេរោគ​ក្នុង​ និង​ក្រោយ​ការ​វះកាត់​នោះ​ដែរ​។

    វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​ថ្លែង​ថា នៅ​ពេល​វះកាត់​ ក្រុម​វេជ្ជ​បណ្ឌិត​បាន​យក​ពោះ​វៀន​មួយ​ផ្នែក​របស់​ទារិកា​ Dieu Nhi ​តភ្ជាប់​ទៅ​ឱ្យ​ទារិកា​ Truc Nhi ដូច្នេះ តិច​ឬ​ច្រើន​ក៏​នឹង​មាន​ប្រតិកម្ម​ជា​ការ​រលាក​ខ្លះ​ៗ​។ វេជ្ជបណ្ឌិត​បន្ត​ថា អត្រា​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​បែប​នេះ​គឺ​មាន​ប្រមាណ​ពី​70ទៅ​75​%។ នៅ​បរទេស ក៏​ធ្លាប់​មាន​ករណី​វះកាត់​បែប​នេះ​ដែរ ហើយ​ក្រោយ​ការ​វះកាត់​បាន​1សប្ដាហ៍​ ពោះ​វៀន​ក៏​បែក​ធ្លាយ​ ទារក​ក៏​បាន​ស្លាប់​ ដូច្នេះ​ហើយ​ ក្រុម​វេជ្ជ​បណ្ឌិត​វៀត​ណាម​មិន​ហ៊ាន​អះអាង​អ្វី​ជា​មុន​ឡើយ។

    ទារិកា​ភ្លោះ​​ជាប់​គ្នា​ដែល​​ទទួល​ការ​វះកាត់​​កាល​ពី​5​ថ្ងៃ​មុន​ ពេល​នេះ​អាច​​​កម្រើក​ដៃ​ និង​​ញញឺមបាន​​ហើយ​មន្ទីរពេទ្យ​កុមារ​ជាតិ​ទីក្រុង​ហូជីមិញ​ បាន​ទទួល​យក​ទារិកា​ Truc Nhi និង Dieu Nhi ពី​មន្ទីរ​ពេទ្យ​​មួយ​ឈ្មោះ​ Hung Vuong បន្ទាប់​ពី​បាន​ចាប់​កំណើត​មិន​គ្រប់​ខែ​ដោយ​ការ​វះកាត់​​។ ទារិកា​ទាំង​ពីរ​នេះ​ ពេល​នោះ​មាន​ទម្ងន់​3.2​គីឡូក្រាម​ មាន​អាការ​ខ្សោយ​ដង្ហើម​ដោយ​សារ​សួត​រីក​ចម្រើន​មិន​ទាន់​ពេញ​លេញ​។ ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឧបករណ៍​ជំនួយ​ដង្ហើម​ និង​ចញ្ចឹម​ក្នុង​កែវ​រយៈ​ពេល​1ខែ។

    មក​ដល់​អាយុ​13​ខែ ទើប​ក្រុម​វេជ្ជបណ្ឌិត​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ទារិកា​ភ្លោះ​ជាប់​គ្នា​នេះ​ កាលពីថ្ងៃទី​15​កក្កដា​កន្លង​ទៅ​។ ក្នុងរយៈ​ពេល​13​ម៉ោង​នៃ​ការ​វះកាត់ ទារិកា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​វះកាត់​ធំៗ​ចំនួន​4លើក​ជាប់​ៗ​គ្នា​ រួម​មាន​ ការ​វះកាត់​បំបែក​ចេញ​ពី​គ្នា តភ្ជាប់​ប្រព័ន្ធ​រំលាយ​អាហារ​ ប្រព័ន្ធ​ទឹក​នោម​ គ្រោង​ឆ្អឹង​ល្អាង​ត្រគាក និង​បង្កើត​រន្ធ​គូទ​ជា​ដើម​។

    នៅក្នុង​ការ​វះកាត់​នោះ ក្រុម​វេជ្ជ​បណ្ឌិត​ គ្រូពេទ្យ​ និង​គិលានុបដ្ឋាយិកា​ឆ្នើម​ៗ​បំផុត​ចំនួន​93​រូប​ មក​ពី​មន្ទីរ​ពេទ្យ​នានា​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​​​ បាន​ចូល​រួម​ជួយ​ជ្រោម​ជ្រែងដោយ​ពេញ​ចិត្ត​ជា​ទី​បំផុត៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋអាមេរិក កំពុងត្រៀមហាម សមាជិកបក្សកុម្មុយនីស្តចិន ចូលប្រទេស…

    សហរដ្ឋអាមេរិក កំពុងត្រៀមហាម សមាជិកបក្សកុម្មុយនីស្តចិន ចូលប្រទេស…

    ទីភ្នាក់ងារសារព័ត៌មាន ស៊ាងហៃ អ៊ីស្ត បានរាយការណ៍ថា “មន្ទីរសេតវិមាន” កំពុងស្ថិតក្នុងការពិចារណា ហាមសមាជិកបក្សកុម្មុយនីស្តចិនទាំងអស់ ធ្វើដំណើរចូលប្រទេសអាមេរិក កណ្ដាលភាពតានតឹងដែលកំពុងតែឡើងកម្ដៅ រវាងចិន-សហរដ្ឋអាមេរិក។

    សារព័ត៌មាន នីវយ៉ក ថាមស៍ បានបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងធ្វើសេចក្ដីព្រាងបទបញ្ជាប្រធានាធិបតី ដើម្បីលុបចោលទិដ្ឋាការ(Visa) ចូលសហរដ្ឋអាមេរិក របស់សមាជិកបក្សកុម្មុយនីស្តចិន។

    បច្ចុប្បន្ន បក្សកុម្មុយនីស្ត មានសមាជិកជាង 90លាននាក់ គិតជាភាគរយគឺ 6.5%នៃចំនួនប្រជាជនចិនទាំងអស់ ដោយបុគ្គលមួយចំនួន បានចូលជាសមាជិកបក្ស ដើម្បីរំពឹងផលប្រយោជន៍ក្នុងការមានការងារធ្វើ តែមិនមានកិច្ចការងាររួមជាមួយបក្សឡើយ។

    ក្រោយពីមានរបាយការណ៍ខាងលើ លទ្ធផលបង្ហាញថា មានប្រជាជនចិនក្នុងចំនួនដ៏ច្រើន បានស្វែងរកពាក្យថា “退党” ដែលមានន័យថា “សុំឈប់ពីបក្ស”។

    មុននេះ កាលពីថ្ងៃទី10 កក្កដា 2020 សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលោក ឈឹន វៀនកួ លេខាធិការបក្សប្រចាំតំបន់គ្រប់គ្រងខ្លួនឯង(ស្វយ័ត)ស៊ីនចៀងអ៊ុយគូរ រួមទាំងមន្ត្រីចំនួន 3នាក់ទៀត ដោយបានចោទថា លោកឈឹន គឺជាអ្នកធ្វើសេចក្ដីព្រាងនយោបាយប្រឆាំងក្រុមជនជាតិដើមភាគតិចនៅក្នុងប្រទេសចិន។

    ចំណែកអ្នកនាំពាក្យនៃក្រសួងការបរទេសចិនវិញ បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ដោយបានបញ្ជាក់ថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ ជា “រឿងគួរឱ្យអាណិតណាស់”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់

    វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់

    ទីភ្នាក់ងារព័ត៌មាន ដេលី មេល បានរាយការណ៍ពីស្ថានការណ៍គ្រោះធម្មជាតិនៅក្នុងប្រទេសចិនថា រដ្ឋបាលក្នុងតំបន់នៃទីក្រុងវូហាន មណ្ឌលហ៊ូពេយ ភាគកណ្ដាលនៃប្រទេសចិន បានប្រកាសលើកកម្ពស់ស្ថានការណ៍ប្រកាសអាសន្នគ្រោះទឹកជំនន់ ខ្ពស់បំផុតកម្រិតបន្ទាត់ក្រហម ក្រោយពីបរិមាណទឹកនៅក្នុងទន្លេយ៉ាងហ្ស៊ី ដងទន្លេដ៏ធំបំផុតរបស់ប្រទេស បានកើនខ្ពស់ឡើងជាបន្តបន្ទាប់ដោយសារទឹកភ្លៀង ដែលនៅតែធ្លាក់ចុះមកជាប់ៗគ្នាឥតឈប់ឈរ តាំងពីខែមិថុនាកន្លងមក។

    រដ្ឋបាលក្នុងតំបន់បានព្យាករថា ទឹកនៅក្នុងទន្លេយ៉ាងហ្ស៊ី នឹងកើនឡើងមកដល់កម្រិត 28ម៉ែត្រ ខ្ពស់ជាងផ្លូវថ្នល់នៅក្នុងទីក្រុងវូហាន ដែលជាមធ្យមស្ថិតក្នុងកម្រិត 24ម៉ែត្រលើកម្រិតទឹកសមុទ្រ និងមានសញ្ញាថា នឹងនៅតែស្ថិតក្នុងកម្រិតនេះ រយៈពេលយូរថ្ងៃទៀត បណ្ដាលឱ្យក្រុមអាជ្ញាធរ នៃអង្គភាពសម្រាលគ្រោះភ័យ ក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកស្រុកវូហាន ត្រូវប្រញាប់នាំគ្នាប្រមូលផ្ដុំកម្លាំង រៀបចំដាក់បាវខ្សច់ ធ្វើជារបាំងការពារទឹកនៅក្នុងតំបន់ដែលនៅមិនទាន់ត្រូវទឹកលិច រួមទាំងមជ្ឈមណ្ឌលជួយសង្គ្រោះបណ្ដោះអាសន្នផងដែរ។

    ខណៈពេលជាមួយគ្នា វិបត្តិគ្រោះធម្មជាតិក្នុងគ្រានេះ បានធ្វើឱ្យមានអ្នកស្លាប់រួចហើយយ៉ាងតិច 141នាក់ និងមានប្រជាជនជាង 15លាននាក់ ដែលរស់នៅតាមបណ្ដោយដងទន្លេយ៉ាងហ្ស៊ី ក្នុងមណ្ឌលអាន់ហ៊ុយ ចៀងស៊ី និងជើចៀង ត្រូវភៀសខ្លួនគេចពីសេចក្ដីស្លាប់។

    វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់សម្រាប់ស្ថានការណ៍របស់ទំនប់ទឹក 3ជ្រុង ដែលកំពុងប្រឈមនឹងចំនួនទឹកដ៏ច្រើនមហាសាលនោះ មានបរិមាណទឹកខ្ពស់ជាងកម្រិតប្រកាសអាសន្នយ៉ាងតិចបំផុត 10ម៉ែត្រស្រេចទៅហើយ ជាមួយនឹងបរិមាណទឹកដែលនៅតែហូរចូលមកក្នុងអាងស្តុកទឹកលើសពីចំណុចខ្ពស់បំផុត 50,000ម៉ែត្រគូប ក្នុង1វិនាទី។

    វូហាន-ស៊ាងហៃ “ប្រកាសសភាវអាសន្ន” វិបត្តិទឹកជំនន់ អ្នកស្រុកនាំគ្នាជួយធ្វើទំនប់បាវខ្សាច់ខណៈដែលទន្លេសាប ផូយ៉ាង ក្នុងមណ្ឌលចៀងស៊ី ដែលកំពុងហូរចូលទៅក្នុងដងទន្លេយ៉ាងហ្ស៊ីយ៉ាងគំហុកនោះ មានបរិមាណទឹកខ្ពស់ជាងកម្រិតប្រកាសអាសន្ន 2.5ម៉ែត្រ។ ចំណែកទីក្រុងស៊ាងហៃ បាននិងកំពុងប្រកាសអាសន្នទឹកជំនន់ខ្ពស់បំផុតកម្រិតបន្ទាត់ក្រហម ដោយសារតែទន្លេសាបថៃ នៅបរិវេណត្រីកោណមាត់ទន្លេយ៉ាងហ្ស៊ី កំពុងកើនឡើងលើសកម្រិតសុវត្ថិភាព ជិត 1ម៉ែត្រទៅហើយ។

    ចំណែកសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ភ្លៀងដែលបង្អុរចុះមកយ៉ាងខ្លាំង និងឥតឈប់ឈរ បានហុចផលប៉ះពាល់ បណ្ដាលឱ្យដងទន្លេស៊ីងចៀង នៅក្នុងទីតាំងរបស់មណ្ឌលស្វយ័ត អ៊ឹនស៊ឺ ក្រុមកុលសម្ព័ន្ធ ធូចៀ និងមៀវ មណ្ឌលហ៊ូពេយ មានបរិមាណទឹក ហៀរខ្នងទំនប់ និងទីតាំងភាគច្រើនក្នុងតំបន់ទីក្រុង ត្រូវទឹកលិចបាត់ស្ទើរតែទាំងស្រុង ផ្លូវថ្នល់មួយចំនួនមានកម្ពស់ទឹកជ្រៅជាច្រើនម៉ែត្រ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ថៅកែ​មន្ទីរ​ពេទ្យ​ លក់​លិខិត​បញ្ជាក់​ “លទ្ធ​ផល​អវិជ្ជមាន​នឹង​COVID-19 ក្លែង​ក្លាយ”​ ចំណេញប្រាក់​​រាប់​សែន​ដុល្លារ​

    ថៅកែ​មន្ទីរ​ពេទ្យ​ លក់​លិខិត​បញ្ជាក់​ “លទ្ធ​ផល​អវិជ្ជមាន​នឹង​COVID-19 ក្លែង​ក្លាយ”​ ចំណេញប្រាក់​​រាប់​សែន​ដុល្លារ​

    សារ​ព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី​16​កក្កដា បាន​ចេញ​ផ្សាយ​ថា អាជ្ញាធរ​ប្រទេស​បង់ក្លាដែស​ ទើប​តែ​បាន​ចាប់​ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់​ ទាក់​ទិន​នឹង​ការ​​លក់​លទ្ធផល​អវិជ្ជមាននឹង​​ COVID-19 ក្លែង​ក្លាយ​រាប់​ពាន់​សន្លឹក​ទៅ​ឱ្យ​អ្នកដែល​មាន​តម្រូវ​​ការ​។

    ថៅ​កែ​ម្នាក់​របស់​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​បង់ក្លា​ដែស​ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​បន្លំ​អតិថិជន​ ដោយ​សារ​បាន​ចេញ​លទ្ធ​ផលអវិជ្ជ​មាន​នៃ​ការ​ធ្វើ​តេស្ត​COVID-19 ដើម្បី​បោក​ប្រាស់​អ្នកជំងឺ​ និង​ទទួល​ប្រាក់​ចំណេញ​ប្រមាណ​ជា​350,000​ដុល្លារ​អាមេរិក​។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ទំនុក​ចិត្ត​របស់​ប្រជាជន​ទៅ​លើ​វិស័យ​សុខាភិបាល​នៃ​ប្រទេស​នេះ​។

    Ashique Billah ដែល​ជា​អ្នក​នាំ​ពាក្យ​នៃ​​ប៉ូលិស​បង់ក្លាដែស​ បាន​ឱ្យ​ដឹង​ថា Mohammad Shahed គឺជា​ម្ចាស់​​បណ្ដាញ​មន្ទីរ​ពេទ្យ​ Regent នៅក្នុង​រដ្ឋធានី​ Dhaka។ ថៅ​កែ​មន្ទីរ​ពេទ្យ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​កំពុង​ព្យាយាម​រក​វិធី​ឆ្លងទន្លេ​គេចខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​។

    អ្នក​នាំ​ពាក្យ​ខាង​លើ​បាន​បញ្ជាក់​ថា “មន្ទីរ​ពេទ្យ​របស់​គាត់​នោះ​បាន​ធ្វើ​តេស្ត​រក​វីរុស​COVID-19 ចំនួន​10,500​​លើក​ ក្នុង​នោះ​មាន​លទ្ធផល​ចំនួន​4,200​គឺ​ត្រឹម​ត្រូវ​ ចំណែក​លទ្ធ​ផល​ចំនួន​6,300​ផ្សេង​ទៀត​ត្រូវ​បាន​ប្រគល់​ឱ្យ​អតិថិ​ជន​ ប៉ុន្តែ​មិន​បាន​ធ្វើ​តេស្ត​នោះ​ទេ​”។

    យោង​តាម​ New York Times លិខិត​​បញ្ជាក់​​លទ្ធ​ផល​អវិជ្ជមាន​ក្លែង​ក្លាយ​នេះ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​59​ដុល្លារ​ក្នុង​មួយ​ច្បាប់​។

    ម្ចាស់​មន្ទីរ​ពេទ្យ​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ​ថា បាន​យក​ថ្លៃ​សេវា​ធ្វើ​តេស្ត​ និងព្យាបាល​អ្នកជំងឺ​COVID-19​​ បើ​ទោះ​លោក​ធ្លាប់​បាន​យល់​ព្រម​ជាមួយ​រដ្ឋាភិបាល​ថា​ មន្ទីរ​ពេទ្យ​នានា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ Dhaka នឹង​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​។

    សូម​បញ្ជាក់​ថា Shahed មិន​មែនជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បង់ក្លាដែស​ ដោយ​សារ​សកម្ម​ភាព​​បន្លំ​​ផ្នែក​សុខាភិបាល​​នៅក្នុង​វិបត្តិ​សុខ​ភាព​នេះ​ឡើយ។ កាល​ពី​សប្ដាហ៍​មុន​ ម្ចាស់​គ្លី​និកឯកជន​​​​ដែល​ផ្ដល់​សេវា​កម្ម​ធ្វើ​តេស្ត​រក​វីរុស​COVID-19 មួយ​កន្លែង​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចេញ​លិខិត​បញ្ជាក់​ការ​ធ្វើ​តេស្ត​​COVID-19 ដោយ​មិន​បាន​ធ្វើ​តេស្ត​អ្វី​សោះ។

    ក្រុម​អ្នកជំនាញ​ការ​មាន​ការ​ព្រួយ​បារម្ភ​ថា អំពើ​បោកប្រាស់​នេះ​អាច​ធ្វើ​ឱ្យ​ប្រជា​ជន​បង់ក្លាដែស​មិន​បាន​ទទួល​ការ​ធ្វើតេស្ត​រក​វីរុស​COVID-19 ដោយ​ត្រឹម​ត្រូវ​ ដែល​នេះ​នឹង​នាំឱ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​វីរុស​ដែល​ពួកគេ​នឹក​ស្មាន​មិន​ដល់​។

    រាប់​ចាប់​ពី​ខែ​មីនា​រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​បង់ក្លាដែស​ បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ជា​មធ្យម​ចាប់​ពី​13,000​ដល់​17,000​នាក់​ក្នុង​1​ថ្ងៃ​ៗ​ ប៉ុន្តែ​តួលេខ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​ជាង​168​លាន​នាក់មួយ​នេះ។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ Johns Hopkins មនុស្ស​ចំនួន​ជាង​193,500​នាក់​នៅ​បង់ក្លាដែស​​ បាន​ឆ្លង​COVID-19​ ក្នុង​នោះ​មាន​ជាង​2,400​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ​។ ប៉ុន្តែ​មាន​ការ​សង្ស័យ​ថា តួលេខ​ពិត​ប្រាកដ​ អាច​ខ្ពស់​ជាង​នេះ​ ដោយ​សារ​សមត្ថ​ភាព​នៃ​ការ​ធ្វើ​តេស្ត​​​របស់​ប្រទេស​នេះ​ នៅមាន​កម្រិត​នៅ​ឡើយ​៕

    ប្រភព៖ New York Times

  • ជាង​143,000​នាក់​ស្លាប់​ដោយ​សារ​COVID-19​ នៅ​សហរដ្ឋ​អាមេរិក លោក​ Trump ចេញ​មុខ​ទទួល​ខុស​ត្រូវ​

    ជាង​143,000​នាក់​ស្លាប់​ដោយ​សារ​COVID-19​ នៅ​សហរដ្ឋ​អាមេរិក លោក​ Trump ចេញ​មុខ​ទទួល​ខុស​ត្រូវ​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​​ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​លោក​ក៏​នៅ​តែ​ជឿ​ជាក់​ថា វីរុស​រាត​ត្បាត​នេះ​នឹង​បាត់​ខ្លួន​ទៅ​វិញ​ដោយ​ឯក​ឯង​។

    យោង​តាម​ស្ថិតិ​របស់​ Worldometers គិត​ដល់​ដំណាច់​ថ្ងៃទី​19​កក្កដា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ជាង​​143,000​នាក់​ ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​វីរុស​នេះ​ក៏​បាន​កើន​ដល់​ជិត​4​លាន​នាក់​ផង​ដែរ​។ ជា​មធ្យម​ ក្នុង​1សប្ដាហ៍​ គឺ​មាន​មនុស្ស​​ប្រមាណ​ជា​5,000​នាក់បាន​​​​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​។

    ទាក់​ទិន​នឹង​បញ្ហា​COVID-19 កាល​ពី​ថ្ងៃទី​17​កក្កដា លោក​ Trump បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​ COVID-19 នៅ​ប្រទេស​របស់​លោក​។ “ខ្ញុំ​តែង​តែ​ទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង​ ព្រោះ​ថា ជា​ចុង​ក្រោយ​ វា​នៅ​តែ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​” លោក​ Trump ឆ្លើយ​តប​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជា​មួយ​ Fox News។

    ប៉ុន្តែ លោក​ក៏​យល់​ថា អភិបាល​រដ្ឋ​នានា​ក៏​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រក្សា​ទុក​សម្ភារៈ​សុខាភិបាល​ និង​ការ​ចេញ​បទ​បញ្ជា​រក្សា​គម្លាត​សង្គម ដូច​ជា​បង្ខំ​ឱ្យ​ពាក់​ម៉ាស់​ជា​ដើម​។ ម្ចាស់​សេត​វិមាន​ឱ្យ​ដឹង​ថា លោក​មិន​គាំទ្រ​ចំពោះ​បទ​បញ្ជា​ឱ្យ​ពាក់​ម៉ាស់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ​ ព្រោះ​ថា លោក​ចង់​ឱ្យ​ប្រជា​ជន​ “មាន​សេរី​ភាព​ក្នុង​ព្រំ​ដែន​កំណត់​ណាមួយ​”។ ជាង​នេះ​ទៀត លោក​ Trump នៅតែ​យល់​ថា តួលេខ​នៃ​ការ​ឆ្លង​វីរុស​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នេះ​ក៏ដោយ​សារ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ បាន​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​។ លោក​ Trump ថែម​ទាំង​អះអាង​ថា​ “ជា​ចុង​ក្រោយ​ COVID-19 នឹង​បាត់​ខ្លួន​ទៅ​វិញ​ដោយ​ឯកឯង​​មិន​ខាន”។

    គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​និង​ដែន​ដី​ចំនួន​221ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​14,622,597​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​608,403​នាក់​ ក្នុង​នោះ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន​238,295​នាក់​ និង​អ្នក​ស្លាប់​5,161​នាក់​ ត្រូវ​បាន​រកឃើញ​ក្នុងរយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​ 8,726,028​នាក់​៕

    ប្រភព៖ Reuters