Category: អន្តរជាតិ

  • បក្ខភាពអនុប្រធានាធិបតីដែលទើបត្រូវបានជ្រើសរើសដោយលោក Joe Biden មានដើមកំណើតអាស៊ី-អាហ្វ្រិក

    បក្ខភាពអនុប្រធានាធិបតីដែលទើបត្រូវបានជ្រើសរើសដោយលោក Joe Biden មានដើមកំណើតអាស៊ី-អាហ្វ្រិក

    ការដែលត្រូវបានលោក Joe Biden ជ្រើសរើសជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតខាងមុខ លោកស្រី Kamala Harris បានក្លាយជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ីនិងអាហ្វ្រិកដំបូងគេ ដែលបានក្លាយជាបេក្ខភាពអនុប្រធានាធិបតី តំណាងឱ្យគណបក្សមួយនៅសហរដ្ឋអាមេរិក។

    បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យអាមេរិក លោក Joe Biden កាលពីថ្ងៃទី11សីហា បានប្រកាសជ្រើសរើសស្ត្រីតំណាងរាស្ត្រម្នាក់ឈ្មោះ Kamala Harris អាយុ55ឆ្នាំ ឱ្យធ្វើជាបេក្ខភាពអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោត “ប្រជែងចូលកាន់កាប់” សេតវិមាននាឆ្នាំ2020នេះ។

    លោកស្រី Harris កើតឆ្នាំ1964 នៅទីក្រុង Oakland រដ្ឋ California និងមានឈាមជ័រជាជនជាតិអាស៊ីនិងអាហ្វ្រិក។

    ម្ដាយរបស់លោកស្រី Harris ឈ្មោះ Shyamala Gopalan ដែលជាកូនស្រីម្នាក់របស់អ្នកការទូតឥណ្ឌា និងធ្លាប់រៀនចប់មហាវិទ្យាល័យ Delhi ក្នុងវ័យ19ឆ្នាំ។ ដើម្បីចៀសវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំ លោកស្រី Gopalan ក៏បានទៅសិក្សានៅសហរដ្ឋអាមេរិក នៅសាកលវិទ្យាល័យ Califoria ក្នុងតំបន់ Berkeley។ នៅទីនេះ លោកស្រី Gopalan បានជួបលោក Donald Harris ជាបុរសមកពី Jamaica និងជានិស្សិតស្រាវជ្រាវផ្នែកសេដ្ឋកិច្ច។

    ក្នុង​រូប​ថត​ខាងលើ លោកស្រី Harris (ខាងឆ្វេងបង្អស់) ថតជាមួយសមាជិកគ្រួសារ។

    បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ California លោកស្រី Harris ក៏បានចាប់ផ្ដើមធ្វើជាមេធាវីនៅមុនពេលឆ្លងកាត់តំណែងផ្សេងៗនៅ California។ លោកស្រីគឺជាស្ត្រីអ្នកនយោបាយដ៏លេចធ្លោម្នាក់នៅក្នុងរដ្ឋនេះ ហើយក៏ជាសមាជិកម្នាក់ដែលមានការគាំទ្រច្រើននៅក្នុងបក្សប្រជាធិបតេយ្យនៅក្នុងការស្ទង់មតិនានាផងដែរ។

    លោកស្រី Harris បានជាប់ឆ្នោតជាតំណាងរាស្ត្រនៃសភាជាន់ខ្ពស់សហរដ្ឋអាមេរិកកាលពីឆ្នាំ2016 ដែលនេះគឺជាតំណាងរាស្ត្រអាមេរិកាំងដើមកំណើតអាស៊ីដំបូងគេដែលត្រូវបានជ្រើសរើសជាអ្នកតាក់តែងច្បាប់នៅក្នុងស្ថាប័ននេះ។

    លោកស្រី Harris ក៏ធ្លាប់ជាបេក្ខភាពប្រធានាធិបតីឆ្នាំ2020 របស់បក្សប្រជាធិបតេយ្យ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតបឋមក្នុងការជ្រើសរើសតំណាងរបស់បក្សនេះសម្រាប់ទៅប្រកួតប្រជែង​ដណ្ដើម​យក​តំណែងប្រធានាធិបតីនៅក្នុងខែវិច្ឆកាខាងមុខ។ លោកស្រីក៏ធ្លាប់បានចូលរួមតតាំងជាមួយនឹងបេក្ខភាពប្រធានាធិបតីដទៃទៀតរបស់បក្សប្រជាធិបតេយ្យ ក្នុងនោះក៏មានលោក Joe Biden ផងដែរ នៅមុនពេលដកថយកាលពីខែធ្នូ2019 ដោយសារអត្រានៃសំឡេងឆ្នោតបានថយចុះ និងបញ្ហាខ្វះហិរញ្ញវត្ថុដើម្បីប្រជែងរកសម្លេងឆ្នោត។

    លោកស្រី Harris មានទំនាក់ទំនងល្អជាមួយនឹងអតីតប្រធានាធិបតី Barack Obama ដែលជាមនុស្សម្នាក់ធ្លាប់បានបញ្ចេញសំឡេងគាំទ្រអតីតប្រធានាធិបតី Joe Biden ក្នុងការ “រត់ប្រណាំង” ចូលសេតវិមាន។ លោក Obama និងលោកស្រី Harris នៅក្នុងរូបដែលបានថតកាលពីឆ្នាំ2013 ដែលកាលណោះលោកស្រីនៅជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋ California នៅឡើយ។

    លោកស្រី Harris ក៏ជាមិត្តជិតស្និទ្ធរបស់ Beau Beden ដែលជាកូនប្រុសរបស់លោក Joe Beden និងធ្លាប់ជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋ Delaware ផងដែរ។ លោក Beau បានស្លាប់កាលពីឆ្នាំ2015 ដោយសារជំងឺដុះសាច់ក្នុងខួរក្បាល។

    លោកស្រី Harris ទទួលទានអាហារថ្ងៃត្រង់នៅក្នុងអាហារដ្ឋានមួយនៅពេលកំពុងចូលរួមការឃោសនារកសំឡេងឆ្នោតសម្រាប់តំណែងប្រធានាធិបតី នៅឯទីក្រុង Charleston ក្នុងរដ្ឋ South Carolina កាលពីខែកុម្ភៈ2019។

    លោកស្រី Harris ចូលរួមធ្វើការទាមទារដំឡើងប្រាក់ខែឱ្យបាន15ដុល្លារ/ម៉ោង ជូនកម្មករនៅ Las Vegas នៃរដ្ឋ Nevada កាលពីខែមិថុនា2019។

    លោកស្រី Harris អាំងសាច់ក្នុងពេលចូលរួមពិធីតាំងពិព័ណ៍មួយនៅ Des Moines រដ្ឋ Iowa ដែលស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយកាលពីខែសីហា2019។

    លោកស្រី Harris គាំទ្រសហគមន៍ LGBTQ (ជាសហគមន៍របស់មនុស្សភេទទី3) នៅក្នុងព្យុហយាត្រាមួយដែលមានឈ្មោះថា Pride នៅក្នុងទីក្រុង San Francisco នៃរដ្ឋ California។

    លោកស្រី Harris បានរៀបការជាមួយមេធាវី Douglas Emhoff កាលពីឆ្នាំ2014។ អ្នកទាំង2 មិនទាន់មានកូនជាមួយគ្នាទេ ប៉ុន្តែលោក Emhoff មានកូន2នាក់ជាមួយនឹងអតីតភរិយារបស់លោក។ គិតមកដល់ខែសីហា2019 គ្រួសាររបស់លោកស្រី Harris មានទ្រព្យសរុបប្រមាណជា5.8លានដុល្លារអាមេរិក។

    ក្រោយពីត្រូវបានជ្រើសរើសជាបេក្ខភាពអនុប្រធានាធិបតីពីសំណាក់លោក Biden លោកស្រី Harris បានក្លាយជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ី និងអាហ្វ្រិកដំបូងគេដែលបានក្លាយជាបេក្ខភាពអនុប្រធានាធិបតីដែលតំណាងឱ្យបក្សធំមួយនៅសហរដ្ឋអាមេរិក។ ដោយសារជាមនុស្សម្នាក់នៅមានកម្លាំងមាំមួន មានបទពិសោធន៍ច្រើនផ្នែកច្បាប់ និងនយោបាយ លោកស្រី Harris ត្រូវបានរំពឹងថានឹងនាំមកនូវ “ជំនោរថ្មី” សម្រាប់យុទ្ធនាការរកសំឡេងឆ្នោតរបស់បេក្ខភាពប្រធានាធិបតី Joe Biden នៃគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក៕

    ប្រភព៖ Reuters, AP

  • ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំ

    ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំ

    ឪពុកបង្កើត រួមជាមួយនឹងម្ដាយចុងចំនួន3នាក់របស់ក្មេងប្រុសនេះ ត្រូវបានចាប់ខ្លួនក្រោយពីក្រុមអ្នក​ជួយ​សង្គ្រោះ​បានប្រទះឃើញជនរងគ្រោះត្រូវចងនឹងច្រវាក់នៅក្នុងក្រោលសត្វចិញ្ចឹម ព្រមទាំងមានរូបរាងស្គាំងស្គម និងបាក់កម្លាំងទៀតផង។

    បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមមេធាវីសិទ្ធិមនុស្ស កាលពីថ្ងៃទី9សីហា បុគ្គលិកជួយសង្គ្រោះមួយក្រុមបាននាំគ្នាទៅកាន់​ក្រោលសត្វចិញ្ចឹមនៅឯទីលំនៅរបស់កុមារនេះ ដែលស្ថិតក្នុងតំបន់ Badariya នៃប្រទេសនីហ្សេរីយ៉ា ហើយក៏បានរកឃើញជនរងគ្រោះកំពុងជាប់ច្រវាក់នៅទីនោះ។ ស្ថានភាពរបស់កុមាររូបនេះ ពិតជាគួរឱ្យអាណិតអាសូរ​ខ្លាំងណាស់ ដោយរូបរាងកាយ​មានសភាពទ្រុឌ​ទ្រោម​ ស្គមស្គាំង ដោយសារត្រូវបង្អត់អាហារ និងមិនអាចក្រោកឈរដោយខ្លួនឯងបាន។

    យោងតាម BBC កុមារនេះត្រូវបានចងទៅនឹងគំនរឈើមួយ និងទុកឱ្យរស់នៅជាមួយសត្វមាន់​ និងពពែអស់រយៈពេល2ឆ្នាំ។ Hamza Attahiru Wala ដែលជាប្រធានក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា គ្រួសាររបស់ក្មេងប្រុសនេះ រួមមានឪពុកបង្កើត និងម្ដាយចុង3នាក់ កំពុងរស់នៅយ៉ាងសុខស្រួល និងមានជីវភាពល្អ ជាមួយនឹងកូនៗចំនួន17នាក់ផ្សេងទៀតនៅក្នុងផ្ទះ។ ពួកគេបានឱ្យដឹងថា ម្ដាយបង្កើតរបស់កុមាររងគ្រោះនេះ បានស្លាប់កាល​ពី​2​ឆ្នាំ​មុនមកម្លេះ។

    ដោយសារតែត្រូវបង្អត់អាហារ កុមាររងគ្រោះក៏ត្រូវបង្ខំចិត្ត ហូបស្មៅ និងអាហារផ្សេងៗដែលជារបស់សត្វពពែដើម្បីចម្អែក​ក្រពះ​។

    ឪពុកចិត្តឃោរឃៅ ដាក់ច្រវាក់កូន​អាយុ​12​ឆ្នាំ​ឱ្យរស់​នៅក្នុងក្រោលសត្វ និង​យកចំណី​ពពែជាអាហារអស់​រយៈពេលជាង​2ឆ្នាំក្រោយពីបានរំដោះជនរងគ្រោះ ក្រុមអ្នកជួយសង្គ្រោះក៏បាននាំកុមារនេះទៅកាន់មន្ទីរពេទ្យនៅ Birnin Kebbi ជាកន្លែងដែលក្មេងនេះត្រូវបញ្ជូនចូលបន្ទប់ថែទាំពិសេស។

    Nafi’u Abubakar ដែលជាមន្ត្រីផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមជួយសង្គ្រោះ បានថ្លែងថា៖ “ក្រុមរបស់យើង បានចាប់ខ្លួន Jibrin Aliyu ដែលជាឪពុកបង្កើតរបស់កុមាររងគ្រោះ រួមនឹងប្រពន្ធ3នាក់របស់បុរសនេះ ក្រោមបទល្មើស “ដាក់ច្រវាក់ និងឃុំឃាំងកូនរបស់ខ្លួនក្នុងក្រោលសត្វជាង2ឆ្នាំ។ យើងកំពុងតែបន្តស៊ើបអង្កេតលើ​ករណី​នេះ”។

    បងប្រុសម្នាក់របស់កុមាររងគ្រោះបាននិយាយប្រាប់អ្នកយកព័ត៌មានថា កុមាររងគ្រោះនេះមានជំងឺឆ្កួតជ្រូក (តំបន់ខ្លះហៅថា ជំងឺប្រកាច់ជ្រូក) ហើយគ្រួសារក៏ចងកុមារនេះឱ្យនៅមួយកន្លែងដើម្បីកុំឱ្យដើរវង្វេងបាត់ពីផ្ទះ។ បុរសដែលជាបងប្រុសរបស់កុមាររងគ្រោះបាននិយាយបន្ត​ថា ប្អូនរបស់ខ្លួនត្រូវចងតែពេលថ្ងៃប៉ុណ្ណោះ។ ក្រុមគ្រួសារនេះក៏បានអះអាងថា ធ្លាប់បានលក់ផ្ទះ លក់មធ្យោបាយធ្វើដំណើរផ្សេង​ៗ​ដើម្បីយកប្រាក់មកព្យាបាលជំងឺឱ្យកុមារនេះទៀតផង៕

    ប្រភព៖ Mail

  • George Floyd! វីដេអូ​ថ្មី​ បង្ហើប​អំពី​ទិដ្ឋ​ភាព​មិនធ្លាប់​បាន​ឃើញ​​ក្នុងគ្រា​ប៉ូលិស​ចាប់​ខ្លួន​​បុរស​ស្បែក​ខ្មៅ​រូប​នេះ​

    George Floyd! វីដេអូ​ថ្មី​ បង្ហើប​អំពី​ទិដ្ឋ​ភាព​មិនធ្លាប់​បាន​ឃើញ​​ក្នុងគ្រា​ប៉ូលិស​ចាប់​ខ្លួន​​បុរស​ស្បែក​ខ្មៅ​រូប​នេះ​

    ព័ត៌មាន​ស្ដីអំពី​ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​យក​ជង្គង់​​សង្កត់ក​​រហូត​ដល់​ស្លាប់​កាល​ពីថ្ងៃទី​25​ឧសភា​ នៅ​ក្នុង​ទី​ក្រុង​ Minneapolis នៃ​រដ្ឋ​ Minnesota ដោយ​សារ​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ប្រាស់​លុយ​ក្លែង​ក្លាយ ពេល​នេះ​នៅ​លើ​ទំព័រសារ​ព័ត៌មាន​នានា​ មាន​ការ​ចុះ​ផ្សាយ​វីដេអូ​ថ្មី​បំផុត​ដែល​បង្ហើប​ឱ្យ​ឃើញអំពី​ទិដ្ឋ​ភាព​មិនធ្លាប់​បាន​ដឹង​​​ក្នុងគ្រា​ប៉ូលិស​ចាប់​ខ្លួន​​បុរស​ស្បែក​ខ្មៅ​រូប​នេះ។

    លោក Floyd អាយុ​46​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​4​នាក់​ចាប់​ខ្លួន​​កាលពី​ថ្ងៃទី​25​ឧសភា​ ក្រោម​បទ​ចោទ​ថា​បាន​ប្រើ​ប្រាស់​ប្រាក់​ក្លែង​ក្លាយ​។ មន្ត្រី​ប៉ូលិស​ម្នាក់​ឈ្មោះ Derek Chauvin បាន​យក​ជង្គង់​​សង្កត់​ទៅ​លើ​កគល់​ក​ផ្នែក​ខាង​ក្រោយ​របស់​​​ Floyd ក្នុង​រយៈ​ពេល​9​នាទី​ បើ​ទោះ​ជា​បុរស​នេះ​បាន​ស្រែក​អង្វរ​ និង​និយាយ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​”​ យ៉ាង​ណា​ក៏​ដោយ​។ លោក​ Floyd បាន​បាត់​បង់​ជីវិត​ នៅក្នុង​មន្ទីរពេទ្យ​។

    ករណី​នេះ​បាន​ធ្វើ​ឱ្យ​មាន​បាតុកម្ម​រាប់​មិន​អស់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក រួម​នឹង​បាតុកម្ម​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស​​ ក្នុង​នោះ​មាន​ទាំង​បាតុកម្ម​អហិង្សា និង​ហិង្សា​ផងដែរ​។

    វីដេអូថ្មី​នេះ បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ទាំង​មូល​នៃ​សកម្ម​ភាព​17​នាទី​ចុង​ក្រោយ​របស់​ជីវិត​លោក​ Floyd។ សូម​ទស្សនា​វីដេអូខាងក្រោម​៖

    ប្រភព៖ Nypost

  • កូនភព Ceres លាក់មហាសមុទ្រនៅក្រោមស្រទាប់ដី! នេះជារបកគំហើញថ្មីរបស់អាមេរិកនិងអឺរ៉ុប

    កូនភព Ceres លាក់មហាសមុទ្រនៅក្រោមស្រទាប់ដី! នេះជារបកគំហើញថ្មីរបស់អាមេរិកនិងអឺរ៉ុប

    លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា វត្ថុអវកាសធំបំផុតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយដែលស្ថិតនៅចន្លោះពិភពព្រះអង្គារនិងពិភពព្រហស្បតិ៍ គឺជា “ពិភពមហាសមុទ្រ” មួយ។

    ការរកឃើញនេះត្រូវបានអង្គការ NASA ប្រកាសឱ្យដឹងកាលពីថ្ងៃទី10សីហាកន្លងទៅ ក្រោយពីបានវិភាគទៅលើរូបភាពគុណភាពច្បាស់កម្រិតខ្ពស់ស្ដីអំពីផ្ទៃខាងលើរបស់កូនភព Ceres ដែលថតដោយយានរុករក Dawn។ មុននេះ Ceres តែងត្រូវបានគេចាត់ទុកថាជាដុំថ្មអាចម៍ផ្កាយដ៏សោះកក្រោះមួយនៅក្នុងលម្ហអវកាសតែប៉ុណ្ណោះ។

    ក្រុមអ្នកវិទ្យាសាស្ត្រដែលធ្វើការលើរឿងនេះ រួមមានអ្នកជំនាញមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ ពួកគេបានផ្ដោតការពិនិត្យទៅលើមាត់ភ្នំភ្លើង Occator ដែលមានអាយុកាល20លានឆ្នាំ។ តាមរយៈការប្រើប្រាស់រូបភាពអ៊ីនហ្វ្រារ៉េដដែលយានរុករកថតបានពីលើកម្ពស់ប្រហែល35គីឡូម៉ែត្រធៀបនឹងផ្ទៃរបស់កូនភព ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់ hydrohalite ដែលជាសមាសធាតុមាននៅក្នុងទឹកកកសមុទ្រ។ សមាសធាតុ hydrohalite នេះ កន្លងមកត្រូវបានគេរកឃើញនៅលើភពផែនដីតែប៉ុណ្ណោះ។

    អ្នកស្រាវជ្រាវ Maria Cristina De Sanctis មកពីមន្ទីរតារាវិទ្យាជាតិនៃប្រទេសអ៊ីតាលី បានបកថ្លែងថា៖ “ពេលនេះយើងអាចនិយាយបានថា Ceres គឺជាពិភពមហាសមុទ្រ ដោយមានបឹងផ្ទុកទឹកសមុទ្រនានានៅខាងក្រោមផ្ទៃរបស់វា។ Hydrohalite គឺជាសញ្ញាដ៏ច្បាស់លាស់មួយបញ្ជាក់ថា កូនភពនេះមានទឹក”។

    កូនភព Ceres លាកមហាសមុទ្រនៅក្រោមស្រទាប់ដី! នេះជារបកគំហើញថ្មីរបស់អាមេរិកនិងអឺរ៉ុប
    កូនភព Ceres មាន​ទី​តាំង​ស្ថិត​នៅ​ក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយចន្លោះពិភពព្រះអង្គារនិងពិភពព្រហស្បតិ៍

    ក្រុមអ្នកវិទ្យាសាស្ត្រឱ្យដឹងដែរថា អណ្ដូងរ៉ែអំបិលទាំងឡាយនៅលើផ្ទៃរបស់កូនភព Ceres ទំនងជាត្រូវបានកកើតឡើងបន្តិចម្ដងៗក្នុងអំឡុង2លានឆ្នាំកន្លងមកហើយ។ ប្រការនេះក៏បង្ហាញថា ទឹកសមុទ្រនៅតែអាចត្រូវបានរុញឡើងពីខាងក្នុងកូនភព។ ដោយការវិភាគទៅលើរូបភាពនៃមាត់ភ្នំភ្លើង Occator អ្នកវិទ្យាសាស្ត្រក៏បានរកឃើញដំបូក និងកូនភ្នំជាច្រើន ដែលនេះទំនងជាត្រូវបានបង្កើតឡើងនៅពេលទឹកបាញ់ចេញពីក្រោមដី ដោយសារឥទ្ធិពលនៃការប៉ះទង្គិចជាមួយអាចម៍ផ្កាយផ្សេងៗ ហើយក្រោយមកក៏ត្រូវកកជាទឹកកក។

    អ្នកវិទ្យាសាស្ត្រ De Sanctis សង្កត់ធ្ងន់ថា៖ “ធាតុរ៉ែទាំងឡាយដែលត្រូវបានរកឃើញនៅលើកូនភព Ceres មានដូចជា hydrohalite ជាដើម ពិតជាមានសារសំខាន់ទាក់ទិននឹងតារាជីវសាស្ត្រ ដោយសារពួកវាចាំបាច់សម្រាប់វត្តមាននៃជីវិត”។

    លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Nature Astronomy, Nature Geoscience និងទស្សនាវដ្ដី Nature Comunications៕

    ប្រភព៖ AFP

  • ញាប់ញ័រ! លោកត្រាំ គេចចេញពីបន្ទប់ថ្លែងព័ត៌មាន ក្រោយមានហេតុការណ៍បាញ់គ្នានៅក្រៅសេតវិមាន

    ញាប់ញ័រ! លោកត្រាំ គេចចេញពីបន្ទប់ថ្លែងព័ត៌មាន ក្រោយមានហេតុការណ៍បាញ់គ្នានៅក្រៅសេតវិមាន

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ត្រូវបានក្រុមអង្គរក្សប្រធានាធិបតី ឬអង្គភាព Secret service នាំខ្លួនចេញពីបន្ទប់ថ្លែងព័ត៌មានយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃម្សិលមិញ(ទី10សីហា) បន្ទាប់ពីមានកើតហេតុការណ៍បាញ់ប្រហារគ្នានៅខាងក្រៅមន្ទីរសេតវិមាន។

    លោក ដូណាល់ ត្រាំ កំពុងឈរនៅលើផូឌៀម និងថ្លែងបញ្ជាក់ពីរឿងទីផ្សារភាគហ៊ុន ក្នុងខណៈដែលមន្ត្រីអង្គភាព Secret service ម្នាក់ បានចូលមកបញ្ឈប់ និងអញ្ជើញលោកប្រធានាធិបតីចេញពីបន្ទប់ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ស្ទីវេន មនូឈីន និងអគ្គនាយកផ្នែកថវិកា រ៉ាស់ វ៉ត ក៏ត្រូវបាននាំចេញពីបន្ទប់ថ្លែងព័ត៌មានដូចគ្នាដែរ។

    ជាច្រើននាទីបន្តមកទៀត មេដឹកនាំសហរដ្ឋអាមេរិក បានត្រឡប់ចូលមកក្នុងបន្ទប់ថ្លែងព័ត៌មានសាជាថ្មីម្ដងទៀត និងបានថ្លែងបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានបាញ់កាំភ្លើងដើម្បីរារាំងបុគ្គលម្នាក់ដែលមានអាវុធក្នុងដៃ និងក្រោយមក បាននាំបុគ្គលម្នាក់នោះទៅមន្ទីរពេទ្យហើយ។

    លោកត្រាំ បានប្រាប់អ្នកសារព័ត៌មានទាំងអស់ថា “មានការបាញ់គ្នាមួយ បានកើតឡើងនៅខាងក្រៅមន្ទីរសេតវិមាន ហើយពេលនេះមើលទៅដូចជាអាចគ្រប់គ្រងស្ថានការណ៍បានហើយ តែមានការបាញ់គ្នាកើតឡើងមែន និងមានមនុស្សម្នាក់ត្រូវបាននាំខ្លួនទៅមន្ទីរពេទ្យ ខ្ញុំមិនទាន់ដឹងថា អាការគេ យ៉ាងណាទៅហើយទេ”

    លោកត្រាំ ថែមទាំងប្រាប់ទៀតថា ចំណុចដែលមានការបាញ់គ្នានោះ ស្ថិតនៅជិតរបងខាងក្រៅមន្ទីរសេតវិមាន។

    អង្គភាព Secret service បានថ្លែងឱ្យដឹងតាមរយៈប្រព័ន្ធធ្វីតធើរថា “យើងកំពុងស៊ើបសួរមន្ត្រីអង្គភាព Secret service ដែលពាក់ព័ន្ធនឹងហេតុការណ៍បាញ់គ្នានេះ…បុរសដែលជាជនសង្ស័យ និងមន្ត្រីអង្គភាព Secret service ត្រូវបាននាំខ្លួនទៅមន្ទីរពេទ្យទាំង 2នាក់ តែយើងសូមអះអាងថា គ្មាននរណាសម្រុកចូលមកក្នុងទីតាំងមន្ទីរសេតវិមាន និងគ្មានអ្នកដែលត្រូវបានការពារណាម្នាក់បានទទួលគ្រោះថ្នាក់ឡើយ”

    ទ្វារបន្ទប់ថ្លែងព័ត៌មានរបស់មន្ទីរសេតវិមាន ត្រូវបានចាក់សោបិទដោយស្វ័យប្រវត្តិភ្លាមៗ ក្រោយពីមន្ត្រីអង្គភាព Secret service បាននាំលោកត្រាំចេញផុត។

    មេដឹកនាំសហរដ្ឋអាមេរិក បានថ្លែងកោតសរសើរក្រុមអង្គរក្ស ដែលបានប្រតិបត្តិតួនាទីឃុំគ្រងការពាររូបលោកយ៉ាងឆាប់រហ័ស និងបានបញ្ជាក់ថា ខាងអង្គភាព Secret service នឹងថ្លែងព័ត៌មានលម្អិតអំពីរឿងនេះឱ្យបានដឹង នៅពេលក្រោយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • រុស្ស៊ី​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​​វ៉ាក់​សាំង​​ទប់​ស្កាត់​វីរុស​​COVID-19 នៅ​ហ្វីលីពីន

    រុស្ស៊ី​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​​វ៉ាក់​សាំង​​ទប់​ស្កាត់​វីរុស​​COVID-19 នៅ​ហ្វីលីពីន

    ប្រទេសរុស្ស៊ី​នឹង​ផ្ដើមប្រើ​ប្រាស់​​​សាកល្បង​​វ៉ាក់សាំង​ទប់​ស្កាត់​ COVID-19 នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ចាប់ពី​ពាក់កណ្ដាល​ខែ​សីហា​2020 ក្នុង​នោះ​ ប្រធានាធិបតី​ហ្វីលីពីន​នឹង​អាចក្លាយ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​គេ​បង្អស់​។

    ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន​ លោក Kirill Dmitriev ដែលជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី (RDIF) បាន​ឱ្យ​ដឹង​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ដៃ​គូ​របស់​រុស្ស៊ី​ក្នុង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វ៉ាក់​សាំង​ទប់​ស្កាត់​COVID-19 រដ្ឋាភិបាល​ហ្វីលីពីន​បាន​បង្ក​ភាព​ងាយស្រួល​​ជា​ច្រើន​ដើម្បី​ជួយ​ឱ្យ​ការ​សាកល្បង​វ៉ាក់សាំង​ អាច​ធ្វើ​ឡើង​បាន​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន​។ បច្ចុប្បន្ន ដំណាក់​កាល​នៃ​ការ​ត្រៀម​សម្រាប់​ការ​សាកល្បង​នានា​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​ហើយ​។ តាម​គម្រោង​ ការ​សាកល្បង​ប្រើប្រាស់​វ៉ាក់សាំង​COVID-19នេះ​ នឹង​ត្រូវ​​ផ្ដើម​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃទី​15​សីហា​ខាង​មុខ​។

    ទាក់​ទិន​នឹង​ការ​សាក​ល្បង​ប្រើប្រាស់​វ៉ាក់​របស់​រុស្ស៊ី​ខាងលើនេះ ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte បាន​ឱ្យ​ដឹង​ថា លោក​មាន​ក្ដី​សង្ឃឹម​យ៉ាង​ច្រើន​ទៅលើ​លទ្ធផល​នៃ​ការ​ប្រើប្រាស់​សាកល្បង​វ៉ាក់​សាំង​របស់​រុស្ស៊ី​។ ទន្ទឹមនឹង​នេះ លោក​ក៏​បាន​ថ្លែង​ថា ខ្លួន​លោក​ផ្ទាល់​បាន​ត្រៀម​​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង​គេ​បង្អស់​ក្នុង​ការ​សាក​ល្បង​ប្រើប្រាស់វ៉ាក់​សាំង​នេះនៅ​ហ្វីលីពីន​​។ តាមផែន​ការ​ បើ​សិនជា​ទទួល​បាន​ជោគ​ជ័យ​ វ៉ាក់​សាំង​នេះ​ក៏​នឹង​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ជាមួយ​នឹង​តម្លៃ​សមរម្យ។


    លោក Kirill Dmitriev ដែលជា​ប្រធាន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី RDIF (Russian Direct Investment Fund)

    មូលនិធិ​វិនិយោគ​ផ្ទាល់​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Gamaleya កំពុង​តែ​ញាប់​ដៃញាប់​ជើង​ក្នុង​កិច្ច​​សហការ​នានា​សម្រាប់​ដំណាក់​កាល​ផលិត​វ៉ាក់​សាំង​COVID-19 ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រើប្រាស់​សាកល្បង​នៅ​លើ​មនុស្ស​។ ការ​សាកល្បង​ប្រើវ៉ាក់​សាំង​នៅ​លើ​មនុស្ស​ បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​នៅ​សាកល​វិទ្យា​ល័យ​ Sechenov កាល​ពី​ថ្ងៃទី​18​មិថុនា​ ជាមួយនឹង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​38​នាក់​ ហើយ​សុវត្ថិ​ភាព​របស់​វ៉ាក់សាំង​នេះ​ក៏​ត្រូវ​បានទទួល​ស្គាល់​។ អ្នក​ស្ម័គ្រចិត្ត​ទាំង​អស់ សុទ្ធ​តែ​មាន​លទ្ធភាព​ទប់​ទល់​នឹង​វីរុស​COVID-19 បន្ទាប់​ពី​បាន​ចាក់​វ៉ាំង​សាំង​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចិន​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​អាមេរិកាំង​ចំនួន​11​រូប​ ដើម្បី​សង​សឹក​​

    ចិន​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​អាមេរិកាំង​ចំនួន​11​រូប​ ដើម្បី​សង​សឹក​​

    ក្រសួង​ការ​បរទេស​ចិន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​តំណាង​រាស្ត្រ​2​រូប​មក​ពី​សភា​ជាន់​ខ្ពស់​ រួម​នឹង​មន្ត្រី​អាមេរិកាំង​ចំនួន​9​រូប​ផ្សេង​ទៀត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។

    អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក Zhao Lijian​ បាន​ឱ្យ​ដឹង​ថា​ បទ​បញ្ជាដាក់​ទណ្ឌកម្ម​នេះ​សំដៅ​ទៅ​លើ​មន្ត្រី​អាមេរិកាំង​ចំនួន​11​រូប​​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ដែលទីក្រុង​វ៉ាស៊ីង​តោន​បាន​ដាក់​ទណ្ឌកម្ម​ទៅលើ​លោក​ស្រី​ Carrie Lam ដែលជា​ប្រធាន​តំបន់​ពិសេស​ហុង​កុង​ រួម​ជាមួយ​នឹង​មន្ត្រី​10​រូប​ផ្សេង​ទៀត​នៅ​ទីក្រុង​នេះ​ និង​នៅ​ប្រទេស​ចិន​ដី​គោក។

    ក្រុម​មន្ត្រី​អាមេរិកាំង​ដែល​ត្រូវ​បាន​ប្រទេស​ចិន​ដាក់​ទណ្ឌកម្ម​លើក​នេះ​ មាន​ដូច​ជា​សមាជិក​សភា​ជាន់​ខ្ពស់​ Ted Cruz និង​ Marco Rubio រួម​នឹង​​ប្រធាន​អង្គ​ភាព​តាម​ដាន​បញ្ហា​សិទ្ធិ​មនុស្ស​ Kenneth Roth និង​លោក​ Michael Abramowitz ដែលជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Freedom House។​ នេះ​បើតាម​សម្ដី​របស់​លោក Zhao Lijian​ ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​​នា​​ថ្ងៃ​នេះ​នៅ​រដ្ឋធានី​ប៉េកាំង​។

    លោក Zhao Lijian​ បាន​ប្រកាស​ថា “ដើម្បី​ឆ្លើយតប​ទៅនឹង​ឥរិយាបថ​ខុស​ឆ្គង​របស់​សហរដ្ឋអាមេរិក​ ប្រទេស​ចិន​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​បុគ្គល​ដែល​បាន​ធ្វើ​សកម្ម​ភាព​មិន​ល្អ​នៅក្នុង​បញ្ហា​ដែល​ទាក់ទិន​នឹងហុងកុង​”។

    សមាជិក​សភា​ជាន់​ខ្ពស់​អាមេរិកាំង​ លោក សមាជិក​សភា​ជាន់​ខ្ពស់​ Ted Cruz

    សូម​រំឭក​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ ទីក្រុង​ប៉េកាំង​ក៏​ធ្លាប់​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​លើ​លោក Cruz និង​លោក​ Rubio រួម​នឹង​ក្រុម​មន្ត្រី​អាមេរិកាំង​មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ​ ក្រោយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន​បាន​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ចិន​​ដោយ​ចោទ​ថា “រើស​អើង​” ចំពោះ​ជនជាតិ​អ៊ុយ​ហ្គួនៅតំបន់​ស៊ីន​ជាំង​។

    ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ទីក្រុង​ប៉េកាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយពី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​7សីហា បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ប្រធានតំបន់​ពិសេស​ហុង​កុង​ លោក​ស្រី​ Carrie Lam រួម​ជាមួយ​នឹង​មន្ត្រី​ហុង​កុងនិង​មន្ត្រី​ចិន​ដីគោក​ចំនួន​​10​រូប​ផ្សេង​ទៀត​ ដោយចោទ​ថា “ធ្វើ​ឱ្យ​ថយ​ចុះ​នូវ​ស្វ័យភាព​ និង​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ឬ​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ពលរដ្ឋ​ហុង​កុង​”។

    លោក​ស្រី​ Carrie Lam ប្រធានតំបន់​ពិសេស​ហុង​កុង​

    ទំនាក់ទំនង​រវាង​អាមេរិកាំង​ និង​ចិន​ ក្នុង​មួយ​រយៈ​ពេល​​ចុង​ក្រោយ​នេះ បាន​ប្រែ​ទៅ​ជា​តាន​តឹង​ឡើង​ៗ ពិសេស​​នៅ​ពេល​ដែល​ទីក្រុង​ប៉េកាំង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្តិ​សុខ​ហុងកុង​កាល​ពី​ចុង​ខែ​មីថុនា​។ ពលរដ្ឋ​ហុង​កុង​ដែល​បំពាន​លើ​ច្បាប់​ថ្មី​នេះ​ អាច​ត្រូវ​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ ហើយ​សិទ្ធិ​ប្ដឹង​ផ្ដល់ និង​កាត់ទោស​លើ​ “​ករណី​ធ្ងន់​ធ្ងរ” គឺស្ថិត​ក្រោម​ការ​ចាត់​ចែង​របស់​រដ្ឋ​អំណាច​ថ្នាក់កំពូលនៅ​ប្រទេសចិន​​។

    ប្រទេស​ចិន​បាន​អះអាង​ថា ច្បាប់​សន្តិសុខ​ថ្មី​សម្រាប់​ហុងកុង​នេះ​ សំដៅ​ទៅ​លើ​តែ​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ ចំណែក​ផល​ប្រយោជន៍ សេរីភាព​របស់​ពលរដ្ឋ​ហុងកុង​ ក៏ដូចជា​ផលប្រយោជន៍​របស់​ក្រុម​អ្នក​វិនិយោគ​បរទេស​នៅ​តែ​​ទទួល​បាន​ការ​ធានា។ ក៏ប៉ុន្តែ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​ បាន​រិះគន់​ទៅ​លើ​ច្បាប់​ថ្មី​នេះ​ ហើយ​បាន​ហៅ​ច្បាប់​នេះ​ថា ជា​ការ​បំផ្លិច​បំផ្លាញ​ស្វ័យភាព សេរី​ភាព​របស់​កុង​ហុង​ ព្រម​ទាំង​បាន​ធ្វើ​ឱ្យ​គោលការណ៍​ “ប្រទេស​មួយ​ របប​ពីរ​” ត្រូវ​ថម​ថយឥទ្ធិពល​។

    មេដឹកនាំ​សារ​ព័ត៌មាន​ Next Digital និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Giordano ​លោក​ Jimmy Lai (Lai Chee-Ying)

    នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ ក្រុម​ប៉ូលិស​ហុង​កុង​ក៏​បាន​ចាប់​ខ្លួន​មេដឹកនាំ​សារ​ព័ត៌មាន​ Next Digital និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Giordano ​ឈ្មោះ Jimmy Lai (Lai Chee-Ying) ដោយ​បាន​ចោទ​ប្រកាន់​ថា បាន​ឃុប​ឃិត​ជាមួយ​កម្លាំង​បរទេស​ ដោយ​យោង​ទៅ​លើ​ច្បាប់​សន្តិសុខ​ហុង​កុង​៕

    ប្រភព៖ Reuters

  • អាជ្ញាធរ Niger កំពុងតាមប្រមាញ់ក្រុមភេរវករ “បាញ់សម្លាប់-ដុតរថយន្ត” សម្លាប់ក្រុមមន្ត្រីមនុស្សធម៌បារាំង

    អាជ្ញាធរ Niger កំពុងតាមប្រមាញ់ក្រុមភេរវករ “បាញ់សម្លាប់-ដុតរថយន្ត” សម្លាប់ក្រុមមន្ត្រីមនុស្សធម៌បារាំង

    នៅព្រឹកថ្ងៃទី10 សីហា ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ(ទី9សីហា)ម្សិលមិញ វេលាម៉ោងប្រមាណជា11.30នាទី ម៉ោងនៅក្នុងស្រុករបស់ Niger ប្រទេសមួយក្នុងតំបន់អាហ្វ្រិកខាងលិច មានកើតហេតុការណ៍ក្រុមខ្មាន់កាំភ្លើង 1ក្រុមបានបើកម៉ូតូដេញតាមបាញ់រះរថយន្តក្រុមមន្ត្រី របស់អង្គការ ACTED ជាស្ថាប័នឯកជនមិនស្វែងរកប្រាក់កម្រៃ ដែលផ្ដល់ការជួយសង្គ្រោះផ្នែកមនុស្សធម៌ នៅក្នុងទីក្រុងឃូរេ តំបន់ធីរ៉ាបេរី បណ្ដាលឱ្យមានមនុស្សស្លាប់ 8នាក់ ជាបុគ្គលិកអង្គការជនជាតិបារាំង 6នាក់ អ្នកនាំផ្លូវជនជាតិណៃជើរ 1នាក់ និងអ្នកបើករថយន្តម្នាក់ទៀត។ ចំណែកទីភ្នាក់ងារព័ត៌មានBBC បានរាយការណ៍ឱ្យដឹងថា សាកសពជនរងគ្រោះ បានដេកស្លាប់រប៉ាត់រប៉ាយនៅជុំវិញរថយន្តដែលភេរវករបានដុតបំផ្លាញចោល ខណៈដែលប្រធានាធិបតី នៃប្រទេសបារាំង លោក អេមម៉ានូអែល ម៉ាក្រុង បានថ្លែងថ្កោលទោសក្រុមអ្នកបង្កហេតុ ចំណែកប៉ូលិសណៃជើរ កំពុងប្រញាប់ប្រញាល់ស៊ើបអង្កេត និងតាមប្រមាញ់ជនល្មើស ដែលទោះជានៅមិនទាន់ដឹងច្បាស់ថា ជាស្នាដៃរបស់ក្រុមណាក៏ដោយ តែនៅក្នុងតំបន់នោះ មានកងកម្លាំងបំពាក់អាវុធ ក្រុមបូកូហារ៉ាម កំពុងពួនសម្ងំនៅទីនោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ជាក់ពីករណីមន្ទីរពិសោធន៍យោធា ដែលកំពុងដំណើរការយ៉ាងសម្ងាត់នៅបរទេស

    ចិនទាមទារឱ្យសហរដ្ឋអាមេរិក បញ្ជាក់ពីករណីមន្ទីរពិសោធន៍យោធា ដែលកំពុងដំណើរការយ៉ាងសម្ងាត់នៅបរទេស

    ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅថា ចិនបានជំរុញឱ្យសហរដ្ឋអាមេរិក ឆ្លើយតបនឹងក្ដីកង្វល់របស់សហគមន៍អន្តរជាតិឱ្យបានច្បាស់លាស់ និងបញ្ជាក់ពីករណីដែលសហរដ្ឋអាមេរិក បានរៀបចំកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅឯបរទេស។

    លោក វ៉ាង វឹនពីន អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីអំពីកិច្ចការងារខាងយោធារបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យកើតមានក្ដីកង្វល់យ៉ាងខ្លាំង និងនាំមកនូវសំណួរ និងសំឡេងជំទាស់ដ៏ច្រើន។

    កាលពីពេលថ្មីៗនេះ សារព័ត៌មាននៅក្នុងសាធារណរដ្ឋកូរ៉េ (ROK) បានរាយការណ៍ជាច្រើនលើកថា ទាហានសហរដ្ឋអាមេរិកដែលប្រចាំការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានរៀបចំធ្វើកិច្ចការងារមួយ ដែលល្មើសនឹងអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ (BWC) រហូតធ្វើឱ្យមនុស្សនៅក្នុងសង្គមជាច្រើនក្រុម បានចេញមកទាមទារឱ្យបិទបន្ទប់ប្រតិបត្តិការរបស់កងទ័ពសហរដ្ឋអាមេរិកនោះ និងបណ្ដេញកងយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចំណែកពាក់ព័ន្ធនឹងការល្មើសនេះ ចេញពីប្រទេស។

    លោក វ៉ាង បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានរៀបចំធ្វើកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅក្នុងប្រទេសជាច្រើន ដែលបង្កឱ្យកើតមានក្ដីសង្ស័យ និងការតតាំងយ៉ាងទូលំទូលាយ។ ដោយសារតែកិច្ចការងារទាំងនោះមិនបានបញ្ជាក់ច្បាស់ ទើបមានប្រទេសដែលពាក់ព័ន្ធជាច្រើន មិនដឹងថា តើបន្ទប់ប្រតិបត្តិការខាងយោធារបស់សហរដ្ឋអាមេរិកនោះ កំពុងធ្វើអ្វី? ទាំងដែលសហរដ្ឋអាមេរិកជាប្រទេសដែលដំណើរការខាងកិច្ចការងារយោធានៅក្នុងប្រទេសផ្សេងៗច្រើនជាងគេបំផុត តែបែរជាគ្មានការបញ្ជាក់ឱ្យបានច្បាស់លាស់អំពីរឿងនេះនៅក្នុងឯកសារវិធានការសាងភាពជឿជាក់ (CBM) ដែលសហរដ្ឋអាមេរិកបានផ្ញើទៅឱ្យអង្គការអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ។

    លោក វ៉ាង បានថ្លែងថា ការដំណើរការទាំងអស់នោះ មិនមានសុវត្ថិភាព កិច្ចការងារជាច្រើនយ៉ាងរបស់ពួកគេ មានចំណែកពាក់ព័ន្ធនឹងមេរោគ ដែលមានភាពប្រថុយប្រថានខ្ពស់យ៉ាងជិតដិត ដែលបើសិនជាមានឧប្បត្តិហេតុណាមួយកើតឡើង នឹងកើតមានផលប៉ះពាល់ដ៏អាក្រក់ទៅដល់ប្រទេសដែលពាក់ព័ន្ធ ប្រទេសជិតខាង និងទូទាំងពិភពលោក។

    ក្រៅពីនេះ សហរដ្ឋអាមេរិក នៅខ្វះភាពយុត្តិធម៌ ដែលយើងអាចមើលឃើញបានថា មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលជាអ្នកនាំមុខគេ ក្នុងការបង្កើតបន្ទប់ប្រតិបត្តិការខាងជីវសាស្ត្រទូទាំងពិភពលោក និងប្រមែប្រមូលធនធានខាងជីវសាស្ត្រនៅក្នុងប្រទេសផ្សេងៗយ៉ាងគ្មានដែនកំណត់ និងមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលប្រឆាំងនឹងការចរចារឿងរបៀបការត្រួតពិនិត្យសមាជិកអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ “ដែលទោះជាសហរដ្ឋអាមេរិក ចង់អធិប្បាយប៉ុនណា ក៏មិនអាចពិសោធភាពបរិសុទ្ធរបស់ខ្លួនឯងក្នុងរឿងនេះបានដែរ”។

    លោក វ៉ាង បានថ្លែងទៀតថា “យើងទាមទារឱ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវក្នុងរឿងនេះ ចាត់ការរឿងក្ដីកង្វល់របស់សហគមន៍អន្តរជាតិយ៉ាងពិតប្រាកដ បញ្ជាក់ពីកិច្ចការងារបែបជីវសាស្ត្រខាងយោធានៅក្នុងប្រទេសផ្សេងៗទាំងនោះឱ្យបានច្បាស់លាស់ ប្រតិបត្តិតាមកាតព្វកិច្ចរបស់អនុសញ្ញាខាងលើយ៉ាងពិតប្រាកដ និងបញ្ឈប់ការធ្វើខ្លួនជាអ្នកប្រឆាំង រារាំងការចរចាស្ដីពីការត្រួតពិនិត្យរបស់អនុសញ្ញានោះ”៕
    ប្រភព៖ សាព័ត៌មានបរទេស

  • តួលេខ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    តួលេខ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

    ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​ហ្វីលីពីន​ ឥណ្ឌូនេស៊ី និង​សិង្ហបុរី​ គឺជា​ចំណុច​ក្ដៅ​នៃ​ការ​រាត​ត្បាត​របស់​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី COVID-19 ខណៈ​ដែល​តួលេខ​សរុប​នៃ​អ្នកជំងឺ​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​តំបន់​នេះ​ បាន​កើន​ដល់​ជាង​324,400​នាក់​។

    ខាងក្រោម​នេះ​គឺជា​ចំណាត់​ថ្នាក់​ ក៏​ដូច​ជា​តួលេខ​នៃ​អ្នកជំងឺ​ និង​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​អាស៊ី​អាគ្នេយ៍​៖

    1.ហ្វីលីពីន​បច្ចុប្បន្នជា​សម្បុក​វីរុស​ធំជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​មាន​អ្នកជំងឺ​សរុប​129,913នាក់ និង​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19នេះ​ ឡើង​ដល់​​2,270​នាក់​។

    2.ឥណ្ឌូនេស៊ី​បាន​ធ្លាក់​មក​នៅ​លំដាប់​ទី​2 ជាមួយ​នឹង​អ្នកជំងឺ​សរុប​125,396​នាក់ និង​អ្នក​ស្លាប់​សរុប​5,723​នាក់​។

    3.សិង្ហបុរីវិញ រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​55,104​នាក់​ និង​អ្នក​ស្លាប់​​27​នាក់​។

    4.ម៉ាឡេស៊ី​ រកឃើញ​អ្នកជំងឺ​9,083នាក់​ និង​ស្លាប់​​125​នាក់​។

    5.ប្រទេស​ថៃ រកឃើញ​អ្នកជំងឺ​3,351​នាក់​ និង​ស្លាប់​​58​នាក់​។

    6.វៀតណាម​រកឃើញ​អ្នកជំងឺ​841​នាក់​ និង​ស្លាប់​11​នាក់​។

    7.មីយ៉ាន​ម៉ា​រកឃើញ​អ្នកជំងឺ​360​នាក់​ និង​ស្លាប់​​6​នាក់​។

    8.កម្ពុជា​ឈរលំដាប់​ទី​8 ដោយ​​បាន​រកឃើញ​​អ្នកជំងឺ​COVID-19 សរុប​ចំនួន​​251​នាក់​។

    9.ប៊្រុយ​ណេ​មាន​អ្នក​ជំងឺ​142​នាក់​ និង​ស្លាប់​3​នាក់​។

    10.ទីម័រ​ខាង​កើត​មាន​អ្នកជំងឺ​25​នាក់​។

    11.ប្រទេស​ឡាវមាន​អ្នកជំងឺ​20​នាក់​។

    ដូច្នេះ យោង​តាម​តួលេខ​ខាង​លើ​នេះ គេ​ឃើញ​ថា នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​អ្នកជំងឺ​COVID-19 សរុប​ឡើង​ដល់​324,486​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​8,474​នាក់​៕

    ប្រភព៖ Worldometers