Category: អន្តរជាតិ

  • រដ្ឋមន្ត្រីបារាំង ចេញមុខការពារសិទ្ធិអាក្រាតកាយពេលលម្ហែនៅលើឆ្នេរសមុទ្រ ក្រោយពីមានមន្ត្រីមួយចំនួនស្នើឱ្យពលរដ្ឋបិទបាំងដើមទ្រូង

    រដ្ឋមន្ត្រីបារាំង ចេញមុខការពារសិទ្ធិអាក្រាតកាយពេលលម្ហែនៅលើឆ្នេរសមុទ្រ ក្រោយពីមានមន្ត្រីមួយចំនួនស្នើឱ្យពលរដ្ឋបិទបាំងដើមទ្រូង

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង ថ្មីៗនេះបានចេញមុខជំទាស់ទៅនឹងសំណើរបស់មន្ត្រីកងអាវុធហត្ថដែលបានស្នើឱ្យពលរដ្ឋជាស្ត្រី បិទបាំងដើមទ្រូងនៅពេលដេកលម្ហែកាយហាលថ្ងៃនៅលើឆ្នេរសមុទ្រភាគខាងត្បូងប្រទេសនេះ។

    កាលពីសប្ដាហ៍មុន នៅឯស្រុក Sainte-Marie-la-Mer ក្បែរឆ្នេរសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) មន្ត្រីអាវុធហត្ថរបស់បារាំងមួយក្រុមបានស្នើឱ្យក្រុមស្ត្រីអាក្រាតកាយមួយចំនួនដែលកំពុងដេកហាលថ្ងៃ ឱ្យបិទបាំងដើមទ្រូងឡើងវិញ បន្ទាប់ពីមានការត្អូញត្អែរពីក្រុមគ្រួសារមួយ។

    ក្រុមមន្ត្រីអាវុធហត្ថខាងលើបានទទួលស្គាល់ថា ការស្នើនេះហាក់មិនត្រឹមត្រូវ ប៉ុន្តែពួកគេឱ្យដឹងថា នេះគ្រាន់តែជាដំណោះស្រាយមួយដើម្បីសម្រួលស្ថានការណ៍នាពេលនោះតែប៉ុណ្ណោះ ព្រមទាំងបានអះអាងថា មិនមានច្បាប់ណាមួយហាមមិនឱ្យពលរដ្ឋអាក្រាតកាយដេកហាលថ្ងៃនៅទីរួមស្រុកនេះទេ។

    យ៉ាងណាក៏ដោយ សកម្មភាពរបស់ក្រុមមន្ត្រីអាវុធហត្ថខាងលើ បានធ្វើឱ្យមានរលកប្រតិកម្ម និងរិះគន់ជាច្រើនលើបណ្ដាញសង្គម ដែលនៅទីនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានដាក់សំណួរថា តើទម្លាប់អាក្រាតកាយក្នុងពេលដេកហាលថ្ងៃនេះ វាបានដើរហួសព្រំដែនហើយឬនៅ?

    អ្នកលេងបណ្ដាញសង្គមម្នាក់បានសរសេរថា “តើ Sainte-Marie-la-Mer ពេលនេះ បានក្លាយទៅជាអារ៉ាប់ប៊ីសាអូឌីតហើយមែនទេ?” ខណៈដែលអ្នកផ្សេងបញ្ចេញមតិអំពី “ការរឹតត្បិត” និងការកំណត់ “របៀបរបប” ស្លៀកពាក់ដែលហាក់កំពុងកើនឡើងនៅប្រទេសបារាំង។

    ក្រោយពីហេតុការណ៍ខាងលើបានកើតឡើង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានចេញមុខការពារសិទ្ធិអាក្រាតកាយលម្ហែប្រាណនៅលើឆ្នេរសមុទ្ររបស់ពលរដ្ឋបារាំង។

    លោក Gerald Darmanin បានសរសេរនៅលើបណ្ដាញសង្គមថា “ពិតជាមានកំហុសឆ្គង នៅពេលស្ត្រីទាំងនោះត្រូវបានព្រមានដោយសារតែវិធីស្លៀកពាក់របស់ខ្លួន”។ លោក Gerald Darmanin បន្តថា “សេរីភាពគឺជាប្រការដែលមិនអាចកាត់ថ្លៃបាន។ ចំណែកការដែលក្រុមមន្ត្រីទាំងនោះ បានទទួលស្គាល់ថាមានកំហុស នោះគឺជារឿងធម្មតា”។

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin
    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin

    រីឯអ្នកនាំពាក្យរបស់កងកម្លាំងអាវុធហត្ថបារាំង លោកស្រី Maddy Scheurer បានថ្លែងថា៖ “គ្រប់គ្នានឹងតែងតែឃើញខ្ញុំស្លៀកពាក់ឈុតខោអាវយោធា។ ប៉ុន្តែ ការអាក្រាតកាយហាលថ្ងៃគឺជាសកម្មភាពស្របច្បាប់នៅឆ្នេរសមុទ្រ Sainte-Marie-la-Mer។ ក្រុមមន្ត្រីអាវុធហត្ថ2រូបនោះ បានធ្វើសកម្មភាពប្រកបដោយកំហុសឆ្គង បើទោះក្នុងបំណងល្អណាមួយក៏ដោយ”។

    ការលែងខ្លួនហាលថ្ងៃនៅប្រទេសបារាំង មិនមែនជាសកម្មភាពខុសច្បាប់ និងមិនត្រូវបានគេចាត់ទុកថាជាការទាក់ទាញអារម្មណ៍ផ្លូវភេទនោះទេ បើទោះបីជាត្រូវបានហាមឃាត់នៅក្នុងតំបន់មួយចំនួនក៏ដោយ។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទម្លាប់អាក្រាតកាយខាងលើហាក់មានការថយចុះ។

    ការស្ទង់មតិជាច្រើនបានបង្ហាញថា នារីវ័យក្មេងកាន់តែមានការព្រួយបារម្ភអំពីបញ្ហារំលោភបំពានផ្លូវភេទ និងការ “វិភាគរិះគន់” ទៅលើរូបរាងកាយរបស់ពួកគេនៅលើឆ្នេរសមុទ្រ។ យោងតាមការស្ទង់មតិទៅលើជនជាតិអឺរ៉ុបចំនួន5,000នាក់ ក្នុងនោះមានជនជាតិបារាំង1,000នាក់ របស់ Ifop បច្ចុប្បន្នមានស្ត្រីអាយុក្រោម50ឆ្នាំមិនដល់20%ផង ដែលនៅតែចូលចិត្តអាក្រាតកាយពេលនៅលើឆ្នេរសមុទ្រ ដែលតួលេខនេះតិចជាងបើធៀបនឹង28%កាលពី10ឆ្នាំមុន និង43%កាលពីឆ្នាំ1984។

    ទិន្នន័យខាងលើក៏បានបង្ហាញថា ការនិយមលែងខ្លួនពេលលម្ហែកាយនៅឆ្នេរសមុទ្ររបស់ជនជាតិបារាំងបច្ចុប្បន្ន មានការថយចុះច្រើន បើធៀបនឹងប្រទេសផ្សេងៗនៅអឺរ៉ុប ក្នុងនោះ ស្ត្រីជនជាតិអេស្ប៉ាញប្រមាណជា50% បានឱ្យដឹងថា ពួកគេតែងតែងអាក្រាតកាយនៅពេលហាលថ្ងៃលើឆ្នេរខ្សាច់ ខណៈដែលជនជាតិអាល្លឺម៉ង់វិញគឺ34%៕

    ប្រភព៖ AFP

  • លោក លី ខឺឈាង ប្រជុំ MLC សន្យា ចែករំលែកទិន្នន័យទន្លេមេគង្គ និងរៀបចំវ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គ មុនគេ

    លោក លី ខឺឈាង ប្រជុំ MLC សន្យា ចែករំលែកទិន្នន័យទន្លេមេគង្គ និងរៀបចំវ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គ មុនគេ

    ក្រុមទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី24 សីហា) នៅក្នុងកិច្ចប្រជុំមេដឹកនាំគម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង ឬMLC លើកទី3 តាមរយៈប្រព័ន្ធវីដេអូ ខន់ហ្វឺរេន លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានប្រកាសចែករំលែកទិន្នន័យជលវិទ្យាប្រចាំឆ្នាំរបស់ដងទន្លេមេគង្គឡានឆាង ឱ្យទៅក្រុមប្រទេសតាមដងទន្លេមេគង្គ ចាប់តាំងពីឆ្នាំនេះតទៅ។

    លោកនាយករដ្ឋមន្ត្រីចិន បញ្ជាក់ថា ក្រៅពីចិននឹងដំណើរការតាមផែនប្រតិបត្តិការរយៈពេល 5ឆ្នាំ ក្រោមគម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង(2018-2022)ហើយ ចិននឹងរៀបចំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី រៀបចំវេទិកាសហការស្ដីពីធនធានទឹកឱ្យបានជាប់ជាប្រចាំ និងសាងផ្លាតហ្វ៉ម ចែករំលែកទិន្នន័យកិច្ចសហការផ្នែកធនធានទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលនៃអាកាសធាតុ និងគ្រោះធម្មជាតិ ទឹកជំនន់ និងរាំងស្ងួត។

    គម្រោងកិច្ចសហការទន្លេមេគង្គ-ឡានឆាង ជាគម្រោងកិច្ចសហការ ដែលកើតឡើងពីចំណុចចាប់ផ្ដើមរបស់ប្រទេសថៃក្នុងឆ្នាំ2012 ប្រកបដោយប្រទេសជាសមាជិក 6ប្រទេស មានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ដោយមានគោលបំណង ដើម្បីបង្កើនកម្រិតសមត្ថភាពខាងការប្រកួតប្រជែង និងសាងភាពរីកចម្រើនធំធាត់ខាងសេដ្ឋកិច្ច រួមទាំងកាត់បន្ថយគម្លាតខាងសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសសមាជិកដងទន្លេមេគង្គ។ ក្រៅអំពីនេះ ចិននឹងដំណើរការគ្រោងការកិច្ចសហការផ្សេងៗទៀត ដូចជា សុវត្ថិភាពរបស់ទំនប់ទឹក ការប្រកាសអាសន្នទឹកជំនន់ និងកែសម្រួលការចាត់ការគ្រប់គ្រងធនធានទឹក។

    លោក លី បានបញ្ជាក់ទៀតថា សមាជិកទាំង 6ប្រទេសរបស់គម្រោងកិច្ចសហការមេគង្គ-ឡានឆាង សុទ្ធតែទទួលផលពីដងទន្លេមេគង្គតែមួយដូចគ្នា អាចនិយាយបានថា មានជោគវាសនារួមគ្នា ព្រោះទឹកមិនត្រឹមតែជាសារៈសំខាន់នៃកិច្ចសហការនោះទេ តែនៅបានជួយបង្កើនអត្ថន័យខាងចិត្តវិញ្ញាណដល់យន្តការនេះ ក្នុងការរិះរកវិធីរស់នៅរួមគ្នាយ៉ាងមិត្តភាព និងទទួលបានផលប្រយោជន៍រួមគ្នាទៀតផង។

    លោកនាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា ចិនរីករាយផ្ដល់ជំនួយដល់គ្រប់ប្រទេសក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែល្អប្រសើរឡើង។ ទាំងអស់នេះ គ្រប់ប្រទេស គួរតែគោរពសិទ្ធិ និងផលប្រយោជន៍ដែលត្រឹមត្រូវតាមច្បាប់ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ធនធានទឹកយ៉ាងសមហេតុសមផល ថែទាំផលប្រយោជន៍ និងចំណុចកង្វល់រវាងគ្នានឹងគ្នា និងរួមពិភាក្សាលើចំណុចផ្សេងៗដែលពាក់ព័ន្ធ។

    កាលពីពេលមុននេះ ចិនត្រូវបានអ្នកជំនាញការលោកខាងលិចវាយប្រហារ ពាក់ព័ន្ធនឹងផលប៉ះពាល់ពីទំនប់ទឹករបស់ចិន ដែលមានចំពោះ
    ដងទន្លេមេគង្គ(ចិនហៅថា ទន្លេឡានឆាង) ដែលចង្អុលបង្ហាញថា ទំនប់ចិនបានទប់ស្កាត់ទឹកទុកក្នុងបរិមាណដ៏ច្រើនមហាសាល ក្នុងអំឡុងពេលដែលប្រទេសតាមដងទន្លេមេគង្គ ជួបបញ្ហាសភាវរាំងស្ងួតយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ2019 ខណៈដែលចិនបានប្រកែកថា ការសិក្សាស្រាវជ្រាវទាំងនោះ មិនបានឆ្លុះបញ្ចាំងពីបរិមាណខ្សែទឹកក្នុងរដូវរាំងស្ងួតយ៉ាងពិតប្រាកដឡើយ។

    កន្លងមក ចិនព្យាយាមបង្កើនតួនាទីដែលល្អប្រសើររបស់ខ្លួនក្នុងគម្រោងកិច្ចសហការមេគង្គ-ឡានឆាងកាន់តែច្រើនឡើង ដោយក្នុងកិច្ចប្រជុំគម្រោងកិច្ចសហការមេគង្គ-ឡានឆាងលើកនេះ ចិនបានសន្យាថា នឹងផ្ដល់ភាពសំខាន់ទៅលើការរៀបចំចាត់ចែងបែងចែកវ៉ាក់សាំងការពារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ឱ្យដល់ប្រទេសតាមដងទន្លេមេគង្គ មុនគេ នៅពេលដែលវ៉ាក់សាំងនេះ បានទទួលការអភិវឌ្ឍរហូតបានសម្រេចជោគជ័យ និងត្រូវបាននាំយកមកប្រើបានយ៉ាងពិតប្រាកដ។

    ក្រៅពីនេះ ចិន នឹងរៀបចំបង្កើតមូលនិធិពិសេសមួយឡើង ដើម្បីជំរុញផ្នែកសុខភាពសាធារណៈ ក្រោមគម្រោងកិច្ចសហការរបស់មូលនិធិពិសេសទន្លេឡានឆាង-ទន្លេមេគង្គ(LMC Special Fund) ហើយនឹងដំណើរការរៀបចំចែករំលែកឧបករណ៍ការពារជំងឺរាតត្បាត និងការឧបត្ថម្ភគាំទ្រខាងតិចនិកដល់ក្រុមប្រទេសតាមបណ្ដោយដងទន្លេមេគង្គជាបន្តទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ្នកការទូតកូរ៉េខាងត្បូងអះអាងថា លោក គីម ជុង អ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ ប្អូនស្រីត្រៀមឡើងកាន់តំណែងជំនួស

    អ្នកការទូតកូរ៉េខាងត្បូងអះអាងថា លោក គីម ជុង អ៊ុន ធ្លាក់ខ្លួនឈឺធ្ងន់ ប្អូនស្រីត្រៀមឡើងកាន់តំណែងជំនួស

    ទីភ្នាក់ងារព័ត៌មាន ដេលី មេល បានរាយការណ៍ថា កើតមានព័ត៌មានអង្រួនកៅអីតំណែងរបស់លោក គីម ជុង អ៊ុន មេដឹកនាំខ្ពស់បំផុតរបស់កូរ៉េខាងជើងជាថ្មីម្ដងទៀត នៅពេលអ្នកការទូតសំខាន់ម្នាក់របស់កូរ៉េខាងត្បូង បានចេញមកអះអាងព័ត៌មានដែលខ្លួនបានទទួលមកថា លោក គីម ជុងអ៊ុន កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដល់ថ្នាក់សន្លប់បាត់ស្មារតី(ខូម៉ា) ហើយលោកស្រី គីម យ៉ូ ចង វ័យ 33ឆ្នាំ នឹងបានឡើងបំពេញតួនាទីជាអ្នកដឹកនាំប្រទេសជំនួស។

    លោក ឆាង សុងមីន អតីតជំនួយការរបស់លោក គីម ទែជុង អតីតប្រធានាធិបតីដែលបានទទួលមរណភាពទៅហើយរបស់កូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងថា លោក គីម ជុងអ៊ុន មានអាការជំងឺកាន់តែធ្ងន់ធ្ងរឡើងៗជារឿយៗ រហូតមកដល់ពេលនេះកំពុងស្ថិតក្នុងអាការខូម៉ា លែងដឹងខ្លួន បើទោះបីជាប្រទេសកូរ៉េខាងជើង បានបញ្ចេញរូបភាពការប្រជុំបក្សកុម្មុយនីស្ត ដែលមានលោកគីម អង្គុយដឹកនាំការប្រជុំក៏ដោយ និងពេលនេះកំពុងតែងតាំងឱ្យប្អូនស្រី គឺលោកស្រី គីម យ៉ូចង ចូលមកមានមុខតំណែងតួនាទីកាន់តែច្រើនឡើងទៀតផង។

    តែទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់ថា មិនអាចអះអាងឱ្យបានច្បាស់លាស់ថា រូបភាពនោះ ជារូបភាពអាប់ឌែតថ្មី ឬយ៉ាងណានោះទេ តែអ្វីដែលសំខាន់ គឺលោកគីម ជុងអ៊ុន មិនបានចេញបង្ហាញខ្លួន ជួបជាមួយសាធារណជនសោះឡើយ នៅក្នុងឆ្នាំនេះ។

    លោក ឆាង សុងមីន បានប្រាប់ថា “ការត្រៀមបន្តវេនតំណែង និងអំណាចយ៉ាងពេញលេញ បានចាប់ផ្ដើមដំណើរការហើយ លោកស្រី គីម យ៉ូចង ត្រូវបានកំណត់ទុកមុន រួចស្រេចទៅហើយ ព្រោះមិនអាចពន្យារអំឡុងពេលដ៏សំខាន់នេះ ក្នុងរយៈពេលវែងបានឡើយ”

    កាលពីពេលមុននេះ នាខែឧសភា នៅពេលមានលេចឮព័ត៌មានក្នុងលក្ខណៈដូចគ្នានេះថា លោកគីម ជុងអ៊ុន កើតជំងឺធ្ងន់ធ្ងរ ឬដល់ថ្នាក់ស្លាប់បាត់ទៅហើយនោះ ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង បានបញ្ចេញរូបភាពលោកគីម ទៅចូលរួមកាត់ខ្សែបូ បើកសម្ពោធរោងចក្រផលិតជី ចេញមកដើម្បីលប់ព័ត៌មានខាងលើនោះម្ដងរួចមកហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជិត24លាននាក់បានឆ្លងCOVID-19 នៅទូទាំងសកលលោក! កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសនិងដែនដីដែលមានអ្នកឆ្លងវីរុស

    ជិត24លាននាក់បានឆ្លងCOVID-19 នៅទូទាំងសកលលោក! កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសនិងដែនដីដែលមានអ្នកឆ្លងវីរុស

    ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជិត24លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះជិត816,000នាក់ ខណៈកម្ពុជាមានអ្នកជំងឺសរុបជាង270នាក់។

    ប្រទេសនិងដែនដីជាង200នៅក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកជំងឺCOVID-19 សរុបចំនួន23,806,794នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់816,950នាក់ ក្នុងនោះមានអ្នកជំងឺថ្មីជាង202,450នាក់ និងអ្នកស្លាប់ថ្មីជាង3,810នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ ខណៈដែលជាង16,356,800នាក់បានជាសះស្បើយ។ នេះបើតាមស្ថិតិរបស់ទំព័រ Worldometers។

    សហរដ្ឋអាមេរិកនៅតែជាសម្បុកវីរុសធំជាងគេបង្អស់ក្នុងពិភពលោក ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប5,915,630នាក់ អ្នកស្លាប់សរុប181,114នាក់ អ្នកបានជាសះស្បើយសរុប3,217,981នាក់ អ្នកកំពុងព្យាបាល2,516,535នាក់ ក្នុងនោះមានអ្នកជំងឺ16,483នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

    ប្រទេសឥណ្ឌាឈរលំដាប់ទី3ក្នុងពិភពលោក និងលំដាប់ទី1នៅអាស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ ឥណ្ឌាបានរកឃើញអ្នកឆ្លងវីរុសសរុប3,164,881នាក់ អ្នកស្លាប់សរុប58,546នាក់ ជាសះស្បើយ2,403,101​នាក់ ​កំពុង​ព្យាបាល​703,234​នាក់ និងកំពុងប្រឈមនឹងការបាត់បង់ជីវិត8,944នាក់។

    នៅតំបន់អាស៊ីអាគ្នេយ៍វិញ ហ្វីលីពីនគឺជាប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទី1 ដោយមានអ្នកជំងឺសរុប194,252នាក់ និងស្លាប់សរុប3,010នាក់។ ឈរលំដាប់ទី2ក្នុងតំបន់នេះ គឺឥណ្ឌូនេស៊ី ដោយមាន​អ្នក​ជំងឺ​សរុប​155,412​នាក់ ​និងស្លាប់សរុប6,759នាក់។ សិង្ហបូរីជាសម្បូកវីរុសធំជាងគេលំដាប់ទី3 ជាមួយនឹងអ្នកជំងឺ​សរុប​56,404​នាក់ និង​ស្លាប់​សរុប​27​នាក់​។

    កម្ពុជាឈរលំដាប់ទី182ក្នុងចំណោមប្រទេសដែលមានអ្នកជំងឺCOVID-19 ក្នុងពិភពលោក និងឈរលំដាប់ទី8ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានរកឃើញអ្នកឆ្លងវីរុសសរុប273នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន263នាក់ និងអ្នកកំពុងព្យាបាលចំនួន10នាក់។ តំបន់ដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេរួមមាន ទីក្រុងភ្នំពេញ171នាក់ ទីក្រុងព្រះសីហនុ40នាក់ និងខេត្តកំពង់ចាម16នាក់៕

  • តំបន់លម្ហែសម្រាប់​ក្រុម​អ្នកចូលចិត្តអាក្រាត​កាយ​ធំ​ជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19

    តំបន់លម្ហែសម្រាប់​ក្រុម​អ្នកចូលចិត្តអាក្រាត​កាយ​ធំ​ជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19

    COVID-19 កំពុងតែវាយលុកតំបន់លម្ហែកាយសម្រាប់អ្នកចូលចិត្តអាក្រាតកាយនៅលើឆ្នេរសមុទ្រ Cap D’Agde នៃទីរួមស្រុក Adge របស់ប្រទេសបារាំង។

    ក្រុមមន្ត្រីសុខាភិបាលបានឱ្យដឹងថា ភូមិ Cap D’Agde នៅតំបន់ Herault របស់ប្រទេសបារាំង បានរកឃើញមនុស្សជិត100នាក់ បានឆ្លងវីរុសCOVID-19 បើគិតចាប់ពីពេលវីរុសបានបង្ហាញវត្តមានរហូតមកដល់ថ្ងៃទី24សីហានេះ។

    អត្រានៃករណីវិជ្ជមានCOVID-19 នៅលើក្រុមមនុស្សដែលមកដើរលម្ហែដោយអាក្រាតកាយក្នុងតំបន់នេះ គឺខ្ពស់ជាងដល់ទៅ4ដង បើធៀបនឹងក្រុមមនុស្សដទៃដែលកំពុងរស់នៅក្នុងភូមិ Cap D’Agde។ ទេសចរជាង50នាក់ត្រូវបានរកឃើញថា បានឆ្លងវីរុសCOVID-19 ក្រោយពីបានមកកាន់តំបន់សម្រាប់អ្នកចូលចិត្តអាក្រាតកាយ Cap D’Agde នាពេលថ្មីៗនេះ។ អត្រានៃករណីឆ្លងវីរុសថ្មីពីតំបន់អាក្រាតកាយនេះ ត្រូវបានគេជឿថា នឹងកើនឡើងច្រើនជាបន្តទៀត បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តនឹងត្រូវបានធ្វើឡើងរួចរាល់នាពេលដ៏ខ្លីខាងមុខ។

    ភូមិ Cap D’Agde ដែលស្ថិតក្នុងទីរួមស្រុក Adge (បារាំង) ដើមឡើយគ្រាន់តែជាតំបន់ដាំដើមអូលីវតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាតំបន់ទេសចរណ៍ដ៏សែនទាក់ទាញសម្រាប់ក្រុមមនុស្សដែលចូលចិត្តដើរលម្ហែដោយអាក្រាតកាយ មកពីជុំវិញពិភពលោក។ នៅក្នុងរដូវដែលមានទេសចរច្រើន Cap D’Agde អាចទទួលភ្ញៀវបានដល់ទៅ400,000នាក់។

    តំបន់លម្ហែសម្រាប់អ្នកចូលចិត្តអាក្រាតកាយធំជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19
    តំបន់លម្ហែសម្រាប់អ្នកចូលចិត្តអាក្រាតកាយធំជាងគេក្នុងពិភពលោក កំពុងរងការរាតត្បាតពីCOVID-19

    ការកើនឡើងនៃចំនួនអ្នកជំងឺCOVID-19 នៅតំបន់ Cap D’Agde បានកើតមានក្នុងគ្រាដែលប្រទេសបារាំងកំពុងប្រឈមនឹងរលកCOVID-19 បន្ទាប់នាពេលថ្មីៗនេះ។ គិតមកដល់ថ្ងៃទី24សីហា បារាំងបានរកឃើញអ្នកឆ្លងវីរុសសរុបចំនួន242,899នាក់ អ្នកស្លាប់សរុប30,513នាក់ ក្នុងនោះមានអ្នកជំងឺកំពុងទទួលការព្យាបាលចំនួន127,413នាក់ ដែលក្នុងនេះដែរក៏មាន383នាក់កំពុងប្រឈមនឹងការស្លាប់ខ្ពស់ជាងគេ។ បារាំងកំពុងឈរលំដាប់ទី3 ក្នុងចំណោមប្រទេសដែលបានរកឃើញអ្នកជំងឺCOVID-19 ច្រើនជាងគេនៅទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសអង់គ្លេស និងអ៊ីតាលី និងឈរលំដាប់ទី19 នៅទូទាំងពិភពលោក។

    គិតមកដល់ពេលនេះ ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសសរុប23,593,497នាក់ ក្នុងនោះមាន812,627នាក់បានបាត់បង់ជីវិត និង16,090,981នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ6,689,889នាក់កំពុងទទួលការព្យាបាល ក្នុងនោះមាន61,418នាក់ (1%) កំពុងស្ថិតក្នុងស្ថានភាពអាក្រក់៕

    ប្រភព៖ AFP, Worldometers

  • សារព័ត៌មានរដ្ឋចិន៖ ពិធីជប់លៀងយ៉ាងកុះករ ណែនអាងទឹក គឺជាការផ្ដល់កម្រៃជីវិតដល់អ្នកទីក្រុងវូហាន

    សារព័ត៌មានរដ្ឋចិន៖ ពិធីជប់លៀងយ៉ាងកុះករ ណែនអាងទឹក គឺជាការផ្ដល់កម្រៃជីវិតដល់អ្នកទីក្រុងវូហាន

    ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រដ្ឋបាលក្រុងប៉េកាំង ប្រទេសចិន ចាប់ផ្ដើមបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ-19 ដោយការអនុញ្ញាតឱ្យមនុស្សនៅក្នុងទីក្រុង មិនចាំបាច់ពាក់ម៉ាស់អនាម័យការពារទេ ពេលនៅកណ្ដាលថ្ងៃ ឬក្នុងទីកន្លែងដែលធំស្រឡះ ក្រោយពីលែងរកឃើញមានអ្នកឆ្លងថ្មីនៅក្នុងក្រុងប៉េកាំង រយៈពេល 13ថ្ងៃជាប់ៗគ្នាកន្លងមក។

    តាមរយៈលទ្ធផលនៃការតាមដានអង្កេត របស់អ្នកយកព័ត៌មានរ៉យទ័រ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី21 សីហា មនុស្សម្នាភាគច្រើន នៅតែពាក់ម៉ាស់ការពារនៅឡើយ។ នៅពេលសាកសួរ មនុស្សភាគច្រើនប្រាប់ថា ពាក់ហើយ មានអារម្មណ៍ថា មានសុវត្ថិភាព និងអ្នកខ្លះទៀតនិយាយថា ត្រូវតែពាក់ម៉ាស់ការពារគ្រប់ពេលវេលា ដោយសារតែរងសម្ពាធពីសង្គមជុំវិញខ្លួន។

    ការបន្ធូរបន្ថយវិធានការ មិនចាំបាច់ពាក់ម៉ាស់ការពារនេះ គឺជាលើកទី2 ហើយរបស់ទីក្រុងប៉េកាំង។ លើកទី1 ត្រូវបានធ្វើឡើង កាលពីខែមេសា តែលុះមកដល់ខែមិថុនា ដែលមានការចាប់ផ្ដើមរកឃើញ មេរោគត្រឡប់មកជាថ្មីម្ដងទៀតនោះ ទើបត្រឡប់មកប្រើវិធានការតឹងរ៉ឹងជាថ្មីឡើងវិញ។

    ចំណែកនៅទីក្រុងវូហាន ទីក្រុងដែលរកឃើញការឆ្លងរាលដាលរបស់មេរោគកូវីដ-19 មុនគេនៅក្នុងពិភពលោកនោះ នៅតែស្ថិតជាប្រធានបទនៃការជជែកគ្នាយ៉ាងទូលំទូលាយដដែល នៅពេលមានរូបភាពនៃការប្រារព្ធពិធីជប់លៀងនៅក្នុងអាងហែលទឹក ដែលមានមនុស្សពេញណែនយ៉ាងកកកុញរាប់ពាន់នាក់។

    វេបសាយ Fox News របស់សហរដ្ឋអាមេរិក បានរាយការណ៍ពីខ្លឹមសារអត្ថបទ របស់សារព័ត៌មានដែលអះអាងថាជារបស់រដ្ឋបាលចិន ហ្គ្លោបល ថាមស៍ ថា បានព្យាយាមសរសេរដោះសា និងជួយស្ដារភាពមិនត្រឹមត្រូវរបស់ចិន អំពីការប្រារព្ធពិធីជប់លៀងដ៏កកកុញមួយនោះ ដោយបានរិះគន់ថា ប្រជាជនចិនសប្បាយរីករាយហួសហេតុ និងធ្វេសប្រហែសជ្រុលពេកទេដឹង? ទាំងទីក្រុងវូហាន គឺជាប្រភពដែលធ្វើឱ្យមេរោគឆ្លងរាលដាលទូទាំងពិភពលោកនោះ។

    អត្ថបទរបស់សារព័ត៌មាន ហ្គ្លោបល ថាមស៍ ដែលសរសេរ កាលពីថ្ងៃទី18 សីហា បានធ្វើការវាយបកទៅលើបណ្ដាអ្នកវាយប្រហារបក្សកុម្មុយនីស្តរបស់ចិនថា ជាពួកគ្មានបានការ ច្រណែននឹងវូហាន ដែលក្លាយជាជើងឯកនៃវិធានការបិទទីក្រុង ដែលអាចគ្រប់គ្រងមេរោគបាន និងថា ការប្រារព្ធពិធីជប់លៀងដ៏ធំនេះ គឺជាការផ្ដល់កម្រៃជីវិតជូនប្រជាជនក្នុងទីក្រុងវូហាន។

    ហ្គ្លោបល ថាមស៍ បានសរសេរបន្ថែមទៀតថា “វូហាន ជាទីក្រុងដែលរកឃើញមេរោគកូវីដ-19មុនគេ និងបានប្រឈមនឹងជំងឺនេះយ៉ាងធ្ងន់ធ្ងរ តែឥលូវនេះ បានត្រឡប់មកទទួលស្វាគមន៍ការហូរចូលមករបស់អ្នកទេសចរឡើងវិញហើយ។ សេដ្ឋកិច្ចចាប់ផ្ដើមល្អប្រសើរឡើង អ្នកទីក្រុងវូហានមិនមែនត្រឹមតែមើលឃើញ សញ្ញាក្នុងការបានវិលត្រឡប់មករស់នៅយ៉ាងប្រក្រតីឡើងវិញប៉ុណ្ណោះទេ តែថែមទាំងជាការដាស់តឿន ដល់ប្រទេសជាច្រើនទៀត ឱ្យបានដឹងផងដែរថា ការប្រើវិធានការតឹងរ៉ឹង សមល្មមនឹងទទួលបានកម្រៃត្រឡប់មកវិញហើយ…”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាចម៍ផ្កាយមួយដុំនឹងហោះមកដល់ផែនដីនៅចុងឆ្នាំ2020នេះ

    អាចម៍ផ្កាយមួយដុំនឹងហោះមកដល់ផែនដីនៅចុងឆ្នាំ2020នេះ

    អាចម៍ផ្កាយមួយដុំដែលត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឱ្យថា 2018VP1 នឹងហោះមកដល់ផែនដីនៅចុងឆ្នាំ2020នេះ ប៉ុន្តែលទ្ធភាពដែលវាអាចហោះមកបុកផែនដី មានត្រឹមតែ 0,41% ប៉ុណ្ណោះ។

    មជ្ឈមណ្ឌលស្រាវជ្រាវវត្ថុអវកាសក្បែរផែនដី (CNEOS) នៃមន្ទីរពិសោធន៍កម្លាំងរុញច្រានរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានឱ្យដឹងថា អាចម៍ផ្កាយដែលមានឈ្មោះថា 2018VP1 នឹងហោះកាត់មុខផែនដីនៅមុនថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ពោលគឺនៅថ្ងៃទី2វិច្ឆិកា។ យោងតាម NASA មានសេណារីយោចំនួន3នៃការប៉ះទង្គិចដែលអាចកើតឡើង ដែលនេះគឺយោងទៅតាមការសង្កេតចំនួន21លើក ក្នុងរយៈពេល12,968ថ្ងៃកន្លងមក។ ក៏ប៉ុន្តែ លទ្ធភាពនៃការប៉ះទង្គិចផ្ទាល់ជាមួយនឹងផែនដី គឺមានមិនដល់ 0.41% នោះទេ។

    2018VP1 ត្រូវបានរកឃើញជាលើកដំបូងដោយមជ្ឈមណ្ឌលសង្កេតអវកាស Palomar ក្នុងរដ្ឋ California សហរដ្ឋអាមេរិក កាលពីឆ្នាំ2018 ប៉ុន្តែអាចម៍ផ្កាយនេះមិនស្ថិតក្នុងក្រុម “វត្ថុអវកាសអាថ៌កំបាំងដែលអាចបង្កគ្រោះថ្នាក់” ដល់ផែនដីនោះទេ ដោយសារតែវាមានទំហំតូច។ ទិន្នន័យពី NASA បានឱ្យដឹងថា អាចម៍ផ្កាយនេះមានអង្កត់ផ្ចិតប្រវែង2ម៉ែត្រ។

    កាលពីដើមសប្ដាហ៍មុន អាចម៍ផ្កាយមួយដុំបានហោះកាត់ផែនដីក្នុងរយៈចម្ងាយ2,945គីឡូម៉ែត្រនៅពីលើតំបន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ដែលនេះបានក្លាយជាវត្ថុអវកាសដែលហោះក្បែរផែនដីបំផុតក្នុងប្រវត្តិសាស្ត្រ។ អាចម៍ផ្កាយដែលមានឈ្មោះថា 2020 GC នេះ ត្រូវបានរកឃើញដោយ Zwicky Transient Facility ដែលជាកាមេរ៉ារ៉ូបូត ជំនាញខាងស្កេនផ្ទៃអាកាស។ 2020 GC មានទំហំប៉ុនរថយន្តប្រភេទ sedan ប៉ុណ្ណោះ ដូច្នេះវាមិនបង្កគ្រោះថ្នាក់ដល់ផែនដីរបស់យើងទេ ព្រោះថា វានឹងត្រូវបំបែកជាបំណែកតូចៗនៅក្នុងបរិយាកាសផែនដី៕

    ប្រភព៖ Independent

     

  • អ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាង៖ វីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងនៅជាមួយយើងរហូតទៅ…

    អ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាង៖ វីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងនៅជាមួយយើងរហូតទៅ…

    សមាជិកក្រុមទីប្រឹក្សាខាងវិទ្យាសាស្ត្រ សម្រាប់ហេតុការណ៍អាសន្ន ឬ SAGE ដែលផ្ដល់ការណែនាំទៅដល់រដ្ឋបាលសហរាជអាណាចក្រ ឬ UK បានថ្លែងបញ្ជាក់ថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងស្ថិតនៅ “ជារៀងរហូត បើមិនក្នុងរូបបែបណាមួយ ក៏ក្នុងរូបបែបណាមួយដែរ”។

    ស៊ើរ ម៉ាក វ៉លផត សមាជិកក្រុម SAGE បានប្រាប់ថា “មនុស្សនឹងត្រូវតែចាក់វ៉ាក់សាំងការពារ ជាដំណាក់កាលៗ ជាប់ជាប្រចាំ”។
    លោកបានបង្ហាញពីការយល់ឃើញបែបនេះ បន្ទាប់ពីលោក ថេដ្រូស អាដហាណូម ហ្គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់ថា លោកសង្ឃឹមថា ការឆ្លងរាលដាលដ៏ធំនេះ នឹងចប់អស់ក្នុងអំឡុងពេល 2ឆ្នាំ ដូចគ្នានឹងកាលពីសតវត្សរ៍កន្លងទៅ ដែលប្រើពេលវេលា 2ឆ្នាំ មុននឹងជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ រលាយបាត់អស់ទៅវិញ។

    ស៊ើរ ម៉ាក ប្រាប់ថា មេរោគក្នុងពេលបច្ចុប្បន្ននេះ អាចចម្លងសាយភាយបានយ៉ាងងាយ ដោយសារតែប្រជាជនក្នុងពិភពលោក កាន់តែកើនច្រើនឡើង ហើយមនុស្សក៏ធ្វើដំណើរទៅមកកាន់តែច្រើនឡើងដែរ។ លោកបានប្រាប់ទៀតថា ពេលនេះ ចំនួនប្រជាជនក្នុងពិភពលោក ក៏ច្រើនជាងកាលពីឆ្នាំ1918 ដែរ។

    ស៊ើរ ម៉ាក បានផ្ដល់សម្ភាសតាមកម្មវិធីវិទ្យុ Today របស់ BBC Radio 4 ថា ត្រូវតែផ្ដល់វ៉ាក់សាំង ដល់មនុស្សទូទាំងពិភពលោក ទើបអាចគ្រប់គ្រងការឆ្លងរាលដាលដ៏ធំនេះបាន តែវីរុសកូរ៉ូណាប្រភេទថ្មី មិនមែនជាមេរោគនៃជំងឺអុតស្វាយ ដែលអាចកម្ចាត់ឱ្យអស់បាន ដោយវ៉ាក់សាំងនោះទេ។ លោកថ្លែងថា “នេះ គឺជាមេរោគវីរុស ដែលនឹងនៅជាមួយយើងរហូតតទៅ បើមិនក្នុងរូបបែបណាមួយ ក៏ក្នុងរូបបែបណាមួយដែរ និងសឹងតែប្រាកដច្បាស់ទៅហើយថា មនុស្សនឹងត្រូវតែនាំគ្នា ចាក់វ៉ាក់សាំងការពារម្ដងហើយ ម្ដងទៀត ដដែលៗ ដូច្នេះ វាក៏ដូចជំងឺគ្រុនផ្ដាសាយអ៊ីចឹង មនុស្សត្រូវតែទទួលយកការចាក់វ៉ាក់សាំងជាដំណាក់ៗ ជាប្រចាំ”

    កាលពីពេលមុននេះ លោក ហ្គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់ថា ក្នុងខណៈដែលត្រូវប្រើពេលវេលា 2ឆ្នាំ ក្នុងការចាត់ការជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ តិចណូឡូជី ដែលទំនើបទាន់សម័យជាងនាពេលនេះ នឹងអាចបញ្ឈប់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះបាន ក្នុងអំឡុងពេលដែលខ្លីជាង។

    ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីឆ្នាំ1918 បានសម្លាប់មនុស្សយ៉ាងតិច 50លាននាក់។

    ពេលនេះ កូវីដ-19 បានសម្លាប់មនុស្សអស់ជាង 8សែននាក់ និងធ្វើឱ្យមានអ្នកឆ្លងមេរោគនេះជាង 23លាននាក់។

    ស៊ើរ ម៉ាក បានដាស់តឿនថា អាចទៅរួច ដែលកូវីដ-19 នឹងឆ្លងរាលដាល “យ៉ាងមិនអាចគ្រប់គ្រងបាន” ជាថ្មីម្ដងទៀត តែយើងអាចប្រើវិធានការទប់ទល់ដែលចំមុខសញ្ញា ជាងកាលពីពេលមុនបាន ជំនួសឱ្យការបិទទីក្រុង ឬប្រទេសយ៉ាងទូលំទូលាយជាទូទៅ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់​សាំង​​COVID-19 ជាបន្ទាន់និងជា​បណ្ដោះ​អាសន្ន

    ចិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់​សាំង​​COVID-19 ជាបន្ទាន់និងជា​បណ្ដោះ​អាសន្ន

    ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ចំពោះវ៉ាក់សាំងCOVID-19 នានាដែលអភិវឌ្ឍដោយបណ្ដាក្រុមហ៊ុនក្នុងស្រុក ដែលវាមិនទាន់ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។

    ប្រការនេះត្រូវបានធ្វើឡើងដោយយោងទៅតាមច្បាប់គ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសចិន ដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងទាំងឡាយណាដែលមិនទាន់ទទួលបានការអនុម័តឱ្យប្រើជាផ្លូវការ ទៅលើក្រុមហ៊ុនមនុស្សទាំងឡាយណាដែលមានហានិភ័យឆ្លងខ្ពស់ ក្នុងរយៈពេលកំណត់ណាមួយ។

    Zheng Zhongwei ដែលជាមេដឹកនាំរបស់ក្រុមអ្នកអភិវឌ្ឍវ៉ាក់សាំងCOVID-19 របស់ប្រទេសចិន បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ CCTV កាលពីថ្ងៃទី22សីហាថា៖ “យើងបានគូសវាសជាគម្រោងជាច្រើន រួមមានទាំងសំណុំបែបបទដែលទទួលស្គាល់ដោយផ្នែកសុខាភិបាល គម្រោងតាមដានផលវិបាក គម្រោងសង្គ្រោះ គម្រោងផ្ដល់សំណងជាដើម ដើម្បីធានាឱ្យបានប្រាកដថា ការប្រើប្រាស់បន្ទាន់នេះត្រូវបានគ្រប់គ្រង និងតាមដានបានល្អ”។

    លោក Zheng ឱ្យដឹងថា ប្រទេសចិនបានផ្ដល់ការអនុញ្ញតឱ្យប្រើប្រាស់បន្ទាន់ និងបណ្ដោះអាសន្ននូវវ៉ាក់សាំងCOVID-19 ចាប់តាំងពីថ្ងៃទី22កក្កដា នៅពេលដែលបេក្ខភាពវ៉ាក់សាំងនានាកំពុងប្រើប្រាស់សាកល្បង។ អ្នកដែលត្រូវបានចាក់វ៉ាក់សាំងកាលណោះបានឱ្យដឹងថា ពួកគេទទួលបានផលវិបាកតិចតួចណាស់។

    យោងតាមច្បាប់គ្រប់គ្រងវ៉ាក់សាំងរបស់ប្រទេសចិន នៅពេលដែលមានករណីបន្ទាន់ផ្នែកសុខាភិបាលប្រកបដោយភាពធ្ងន់ធ្ងរកើតឡើង វ៉ាក់សាំងនានាដែលកំពុងប្រើប្រាស់សាកល្បង អាចត្រូវបានយកមកប្រើប្រាស់ជាទ្រង់ទ្រាយមានកំណត់ដើម្បីការពារបុគ្គលិកសុខាភិបាល និងការិយាល័យប្រឆាំងរោគឆ្លង បុគ្គលិកព្រំដែន និងក្រុមមនុស្សដែលធ្វើសកម្មភាពសំខាន់ៗក្នុងទីក្រុង។ នេះបើតាមការបកស្រាយរបស់លោក Zheng។

    សារព័ត៌មាន Global Times មុននេះបានចេញផ្សាយថា បុគ្គលិកនានារបស់ក្រុមហ៊ុនរដ្ឋដែលកំពុងត្រៀមខ្លួនចេញទៅក្រៅប្រទេស និងក្រុមគ្រូពេទ្យជួរមុខ ទទួលបានជម្រើសចំនួនពីរក្នុងការចាក់វ៉ាក់សាំងដែលមិនទាន់ទទួលបានការអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ ដែលអភិវឌ្ឍដោយក្រុមហ៊ុនផលិតឱសថជាតិ (sinopharm) ដើម្បីប្រើប្រាស់ជាបន្ទាន់ និងបណ្ដោះអាសន្ន។ កាលពីថ្ងៃទី20និង21សីហា ក្រុមហ៊ុន Sinopharm បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទៅលើការប្រើប្រាស់សាកល្បងវ៉ាក់សាំងCOVID-19 នៅក្នុងដំណាក់កាលទី3 ជាមួយនឹងប្រទេសប៉េរូ ប្រទេសម៉ូណាកូ និងអាហ្សង់ទីន។

    លោក Zheng បន្តថា ដើម្បីត្រៀមសម្រាប់ជំហានបន្ទាប់ ក្នុងបំណងទប់ស្កាត់ការផ្ទុះឆ្លងរាលដាលនៅក្នុងរដូវរំហើយ និងរដូវត្រជាក់ ការប្រើប្រាស់វ៉ាក់សាំងនេះនឹងត្រូវបានពង្រីកវិសាលភាពទៅដល់ក្រុមមនុស្សដែលធ្វើការនៅក្នុងផ្សារលក់ស្បៀងអាហារ ប្រព័ន្ធដឹកជញ្ជូន និងបណ្ដាវិស័យឧស្សាហកម្មសេវាកម្មនានាផងដែរ។

    Tao Lina ដែលជាអ្នកជំនាញផ្នែករោគឆ្លងនៅទីក្រុងសៀងហៃ បានឱ្យដឹងកាលពីថ្ងៃទី23សីហាថា ចំនួនមនុស្សដែលត្រូវបានចាក់វ៉ាក់សាំងនៅក្នុងករណីបន្ទាន់ អាចឡើងដល់រាប់សែននាក់នៅពាសពេញប្រទេសចិនដោយមិនគិតថ្លៃ។

    អ្នកស្រី Wu មេដឹកម្នាក់របស់ក្រុមហ៊ុនរដ្ឋចិនមួយ ដែលកំពុងធ្វើការក្នុងគម្រោងនានាទាក់ទិននឹងការសាងសង់នៃគំនិតផ្ដួចផ្ដើមស្ដីអំពីខ្សែក្រវាត់មួយផ្លូវមួយនៅបណ្ដាប្រទេសក្នុងទ្វីបអាស៊ី និងអាហ្វ្រិក បានប្រាប់ថា បុគ្គលិកទាំងអស់របស់អ្នកស្រីត្រូវបានចាក់វ៉ាក់សាំងដោយមិនគិតថ្លៃរួចរាល់ហើយ នៅក្នុងទម្រង់ស្ម័គ្រចិត្ត។ អ្នកស្រី Wu បន្តថា អ្នកស្រីក៏បានចាក់វ៉ាក់សាំងនេះកាលពីថ្ងៃទី7សីហា ហើយពុំមានផលវិបាកណាមួយកើតឡើងនោះឡើយ គឺដូចទៅនឹងបុគ្គលិកផ្សេងៗទៀតរបស់អ្នកស្រីដែរ។

    Yang Xiaoming ដែលជាប្រធានក្រុមហ៊ុន Sinopharm បានអះអាងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពទប់ទល់នឹងរាល់វីរុសប្រភេទ nCoV ដែលត្រូវបានរកឃើញយ៉ាងហោចត្រឹមពាក់កណ្ដាលខែកក្កដា ហើយវាអាចបង្កផលវិបាកអាក្រក់តិចជាងវ៉ាក់សាំងផ្សេងៗដែលកំពុងត្រូវបានស្រាវជ្រាវ។

    Yang Xiaoming ឱ្យដឹងថា មនុស្សជាង20,000នាក់នៅអារ៉ាប់រួម (UAE) ដែលបានប្រើប្រាស់វ៉ាក់សាំងរបស់ Sinopharm នៅក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី3 បានបង្ហាញថា វាមានសុវត្ថិភាពខ្ពស់។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងក៏កំពុងត្រូវបានតាមដានបន្តទៅទៀត។

    “ការប្រើប្រាស់សាកល្បងដំណាក់កាលទី3នៅ UAE មកដល់ពេលនេះ មិនទាន់មានករណីទទួលផលវិបាកណាមួយនៅឡើយ។ ក្រុមអ្នកស្ម័គ្រចិត្តចូលរួមបានលឿនជាងការរំពឹងទុក ហើយវ៉ាក់សាំងនេះពិតជាគួរឱ្យទន្ទឹងរង់ចាំ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សហអាមេរិកត្រូវបង្ខំជម្លៀស​យន្ត​ហោះ​យុទ្ធ​​សាស្ត្រ​រាប់សិបគ្រឿង ដោយសារភ្លើងឆេះព្រៃ

    សហអាមេរិកត្រូវបង្ខំជម្លៀស​យន្ត​ហោះ​យុទ្ធ​​សាស្ត្រ​រាប់សិបគ្រឿង ដោយសារភ្លើងឆេះព្រៃ

    ទិដ្ឋន័យនៅលើទំព័រតាមដានដំណើរហោះហើររបស់យន្តហោះ ADSB Exchange កាលពីយប់ថ្ងៃទី19សីហា បានបង្ហាញថា យន្តហោះរាប់សិបគ្រឿងបានហោះចេញពីអាកាសយានដ្ឋានយោធា Travis នៅក្នុងរដ្ឋ California សហរដ្ឋអមេរិក និងហោះទៅកាន់មូលដ្ឋានទ័ពអាកាសផ្សេងៗនៅភាគខាងជើង។ យ៉ាងហោចណាស់មានយន្តហោះចាក់ប្រេង KC-10 Extender យន្តហោះដឹកទំនិញយុទ្ធសាស្ត្រ C-17 Globmaster III និង C-5M Galaxy ចំនួន10គ្រឿង បានបង្ហាញខ្លួននៅលើអាកាសក្នុងអំឡុងពេលមិនដល់1ម៉ោង។

    Armada Farr ដែលជាអ្នកនាំពាក្យនៃមូលដ្ឋានទ័ពអាកាស Travis បានឱ្យដឹងថា “យន្តហោះជិត30គ្រឿងត្រូវបានជម្លៀស។ យន្តហោះមួយចំនួនត្រូវនៅកន្លែងដដែលដោយសារតែកំពុងស្ថិតក្នុងអំឡុងពេលថែទាំ ឬមិនមានមានលទ្ធភាពយន្តហោះដោយសុវត្ថិភាព”។ វីដេអូដែលបានចែករំលែកនៅលើបណ្ដាញសង្គម Facebook បង្ហាញថា យន្តហោះ C-17 ជាច្រើនគ្រឿងកំពុងចតនៅក្នុងព្រលានយន្តហោះ Travis នៅល្ងាចថ្ងៃទី19សីហា ហើយនៅខាងក្រោយគឺជាផ្ទៃអាកាសដែលពេញទៅដោយផ្សែងនៃភ្លើងឆេះព្រៃ។

    ការិយាល័យសារព័ត៌មាននៃមូលដ្ឋាន Travis បានឱ្យដឹងថា “មេបញ្ជាការនៃមូលដ្ឋានទ័ពបានចេញបញ្ជាឱ្យជម្លៀសបុគ្គលិកដែលមិនមានភារកិច្ចចាំបាច់ ទៅតាមការស្នើរបស់នាយកដ្ឋានគ្រប់គ្រងអគ្គិភ័យស្រុក Solano ដើម្បីទប់ទល់នឹងភ្លើងព្រៃនៅក្បែរទីក្រុង Fairfield និង Vacaville”។

    ភ្លើងឆេះព្រៃចំនួន23កន្លែងត្រូវបានរាយការណ៍កាលពីថ្ងៃទី19សីហា នៅពាសពេញរដ្ឋ California។ តំបន់ឈូងសមុទ្រ San Francisco មានភ្លើងឆេះព្រៃចំនួន15ករណី ក្នុងនោះភាគច្រើនមិនអាចគ្រប់គ្រងបាន។ មនុស្សរាប់ពាន់នាក់ត្រូវបានស្នើឱ្យជម្លៀសខ្លួនចេញពីស្រុក Napa និងពីបណ្ដាកូនភ្នំនៅលើជ្រលង Silicon នៃស្រុក Santa Cruz និងស្រុក San Mateo។

    នៅភាគខាងត្បូង California ភ្លើងព្រៃជាច្រើនកន្លែងត្រូវបានរាយការណ៍ថាកើតឡើងនៅក្នុងស្រុក Ventura និង Riverside ដែលបានកម្ទេចព្រៃឈើចំនួនជាង17,000ហិកតា នៅតំបន់អភិរក្ស Mojave។ កាលពីថ្ងៃទី19សីហា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់បានបាត់បង់ជីវិតនៅពេលកំពុងចូលរួមពន្លត់ភ្លើងព្រៃនៅឯស្រុក Fresno។

    ខាងក្រោមនេះគឹជាទិដ្ឋភាពនៃភ្លើងឆេះព្រៃដែលមើលពីលើអាកាស៖

    ប្រភព៖ Sci Tech Daily,Aviationist