Category: អន្តរជាតិ

  • គម្រោងទិញនាវាមុជទឹកចិនរបស់ប្រទេសថៃ ត្រូវបានផ្អាកជាបណ្ដោះ​អាសន្ន​

    គម្រោងទិញនាវាមុជទឹកចិនរបស់ប្រទេសថៃ ត្រូវបានផ្អាកជាបណ្ដោះ​អាសន្ន​

    ប្រទេសថៃ បានត្រៀមប្រាក់ជិត724លានដុល្លារដើម្បីទិញនាវាមុជទឹកចំនួន2គ្រឿងពីប្រទេសចិន ប៉ុន្តែការគម្រោងនេះត្រូវបានផ្អាកទៅវិញ ក្រោយពីត្រូវប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងក្លា ព្រោះតែបញ្ហាសេដ្ឋកិច្ចដែលកើតឡើងដោយសារ COVID-19។

    រាជរដ្ឋាភិបាលថៃ កាលពីឆ្នាំ2016 បានសម្រេចចិត្តចំណាយប្រាក់ចំនួន36ពាន់លានបាត (1.1ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល11ឆ្នាំ ដើម្បីទិញនាវាមុជទឹក S26T របស់ចិន។ កិច្ចព្រមព្រៀសទិញដូរនេះត្រូវបានចុះ​ហេត្ថ​លេខា​រវាង​ទី​ក្រុង​ប៉េកាំង​ និងទីក្រុងបាងកកកាលពីខែឧសភា2017 ក្រោយពីរាជរដ្ឋាភិបាលថៃបានអនុម័តយល់ព្រមចំណាយ​ថវិកា​440​លាន​ដុល្លារសម្រាប់ទិញនាវាមុជទឹកដំបូងចំនួន1គ្រឿង។ នាវាដែលបានបញ្ជាទិញនេះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែកញ្ញា2018 ហើយតាមគម្រោង នឹងត្រូវប្រគល់មកឱ្យកងទ័ពជើងថៃនៅពាក់កណ្ដាលឆ្នាំ2023។

    មកដល់ដើមខែកញ្ញាកន្លងទៅ អនុគណៈកម្មធិការមួយរបស់សភាថៃ បានអនុម័តយល់ព្រមទិញនាវាមុជទឹកចិនចំនួន2គ្រឿងបន្ថែមទៀត ដែលមានតម្លៃសរុប 22.5ពាន់លានបាត ស្មើនឹង724លានដុល្លារអាមេរិក។ ក៏ប៉ុន្តែ ការសម្រេចនេះបានជួបនឹងប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជន ខណៈដែលប្រទេសនេះកំពុងជាប់ដៃទប់ទល់នឹងបញ្ហាឱនភាពសេដ្ឋកិច្ចដោយសារ COVID-19។

    គំរូនាវា​មុជទឹក​ S26T របស់​កង​ទ័ព​ជើង​ទឹក​ចិន
    គំរូនាវា​មុជទឹក​ S26T របស់​កង​ទ័ព​ជើង​ទឹក​ចិន

    អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលថៃ លោក Anucha Burapachaisri ថ្ងៃនេះបានប្រកាសថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prayut Chan-ocha បាន “ស្នើឱ្យកងទ័ពជើងទឹកថៃ ពិចារណាដើម្បីផ្អាក” កិច្ចព្រមព្រមទិញនាវាមុជទឹកចំនួន2គ្រឿងនេះ។

    លោក Anucha Burapachaisri បានថ្លែងថា៖ “កងទ័ពជើងទឹកនឹងចរចាជាមួយភាគីចិនដើម្បីផ្អាកកិច្ចព្រមព្រៀងរយៈពេល1ឆ្នាំទៀត”។

    បច្ចុប្បន្ន រាជរដ្ឋាភិបាលថៃ កំពុងប្រឈមនឹងរលកនៃបាតុកម្ម ដែលទាមទារឱ្យនាយករដ្ឋមន្ត្រី Prayut ចុះចេញពីតំណែង ដើម្បីកែទម្រង់រដ្ឋាភិបាល។ សេដ្ឋកិច្ចប្រទេសថៃ ក៏កំពុងឆ្លងកាត់ដំណាក់កាលអាក្រក់បំផុតនៅក្នុងរយៈពេលជាង20មកនេះ នៅពេលដែលសេដ្ឋកិច្ចដាំក្បាលចុះ12.2% នៅក្នុងឆមាសដំបូងនៃឆ្នាំនេះ ដោយសារវិស័យសំខាន់ៗដូចជា ទេសចរណ៍ និងការនាំចេញត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីវិបត្តិសុខភាព។

    ជាយូរណាស់មកហើយ កងទ័ពជើងទឹកថៃមិនមាននាវាមុជទឹកសូម្បីតែ1គ្រឿង រាប់ចាប់ពីឆ្នាំ1951។ កងទ័ពជើងទឹកធ្លាប់បានចំណាយពេលជាច្រើនឆ្នាំដើម្បីបញ្ចុះបញ្ចូលឱ្យរាជរដ្ឋាភិបាលទិញនាវាមុជទឹកចាស់ៗចំនួន6គ្រឿងពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែ ក្រោយមក គម្រោងនេះត្រូវបានជំនួសដោយកិច្ចព្រមព្រៀងទិញនាវាមុជទឹក S26T ពីប្រទេសចិនទៅវិញ។

    គំរូនាវា​មុជទឹក​ S26T របស់​កង​ទ័ព​ជើង​ទឹក​ចិន
    គំរូនាវា​មុជទឹក​ S26T របស់​កង​ទ័ព​ជើង​ទឹក​ចិន

    S26T ប្រើប្រាស់ប្រព័ន្ធរុញច្រានដោយខ្យល់ ដែលគេហៅថា AIP ទន្ទឹមនឹងប្រព័ន្ធម៉ាស៊ីនម៉ាស៊ូត-អគ្គិសនី។ នាវានេះត្រូវបានអភិវឌ្ឍពីម៉ូដែលនាវាមុជទឹក Type-039A ដែលផលិតឡើងដោយកងទ័ពជើងទឹកចិន។ នាវា S26T ដែលមានប្រវែង75ម៉ែត្រនេះ ដើរតួជាប្រព័ន្ធបាញ់រ៉ុកកែតរយៈចម្ងាយឆ្ងាយ និងជំនាញខាងធ្វើប្រតិបត្តិការនៅក្នុងតំបន់សមុទ្រទឹករាក់៕

    ប្រភព៖ AFP

  • TikTok ត្រូវតែសុំច្បាប់ចិន បើសិនជាចង់លក់ទៅឱ្យក្រុមហ៊ុនណាមួយ

    TikTok ត្រូវតែសុំច្បាប់ចិន បើសិនជាចង់លក់ទៅឱ្យក្រុមហ៊ុនណាមួយ

    ប្រទេសចិនទើបតែបានចេញច្បាប់កំណត់ថ្មីមួយអំពីការនាំចេញផលិតផលបច្ចេកវិទ្យា នាំឱ្យក្រុមហ៊ុន ByteDance ជួបការលំបាកធ្ងន់ធ្ងរនៅពេលត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាលចិន ទើបមានសិទ្ធិលក់ TikTok។

    យោងតាមប្រភពព័ត៌មានរបស់ Bloomberg បច្ចេកវិទ្យា AI interface technology ដូចជាបច្ចេកវិទ្យាកំណត់សម្គាល់សំឡេង និងកំណត់សម្គាល់អក្សរ ក៏ដូចជាបណ្ដាបច្ចេកវិទ្យាវិភាគទិន្នន័យដើម្បីបង្ហាញអំពីខ្លឹមសារដែលត្រូវបានធ្វើឱ្យទៅជាឯកជនភាព (personalized) ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃបណ្ដាផលិតផលដែលត្រូវត្រួតពិនិត្យ មុននឹងនាំចេញ។ នេះគឺជាសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី21សីហា។ ច្បាប់នេះបានកំណត់ថា ការលក់ផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យាដូចបានរៀបរាប់ខាងដើម ទៅឱ្យបរទេស គឺត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរចិន ដើម្បី “ការពារសន្តិសុខសេដ្ឋកិច្ចជាតិ”។

    ដូច្នេះ ការកំណត់ថ្មីខាងលើនេះ រួមបញ្ចូលទាំងបណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកបច្ចេកវិទ្យាដែល ByteDance កំពុងប្រើប្រាស់នៅក្នុង TikTok នឹងត្រូវបានបង្គាប់ឱ្យសុំច្បាប់រដ្ឋាភិបាល បើសិនជាចង់លក់ទៅឱ្យក្រុមហ៊ុនដទៃ។ Bloomgerg បានឱ្យដឹងថា ការកំណត់ថ្មីនេះ គឺក្នុងបំណងពន្យារពេលការលក់ ពោលគឺមិនមែនហាមទាំងស្រុងនោះឡើយ។

    កន្លងមក រដ្ឋាភិបាលរបស់លោក Donald Trump បានឱ្យដឹងថា ByteDance ត្រូវតែលក់ TikTok នៅសហរដ្ឋអាមេរិក ព្រោះតែព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។ ក្រុមហ៊ុន Microsoft និង Oracle ថ្មីៗនេះ ក៏បានផ្ញើឯកសារចុះឈ្មោះចូលរួមដេញថ្លៃទិញ TikTok នៅសហរដ្ឋអាមរិកផងដែរ។ ជាងនេះ ក្រុមហ៊ុន Centricus Asset Management និង ក្រុមហ៊ុន Triller ក៏បានបង្ហើបអំពីបំណងទិញយក TikTok នៅប្រទេសមួយចំនួន ក្នុងតម្លៃ20ពាន់លានដុល្លារអាមេរិក។

    លោក​ Chang Yiming ស្ថាបនិក​នៃ​ក្រុមហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ​របស់​ TikTok
    លោក​ Chang Yiming ស្ថាបនិក​នៃ​ក្រុមហ៊ុន​ ByteDance ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ​របស់​ TikTok

    ក្រុមហ៊ុន ByteDance បានឱ្យដឹងថា ខ្លួនបានទទួលដំណឹងស្ដីអំពីការកំណត់ថ្មីរបស់រដ្ឋាភិបាលចិនរួចហើយ។ ភាគី ByteDance បញ្ជាក់ថា ក្រុមហ៊ុននេះនឹង “គោរពតាមដោយពេញលេញ” ចំពោះការកំណត់ថ្មីនេះ។

    អ្នកជំនាញការទាក់ទិននឹងបញ្ហាខាងលើដែលសុំមិនបញ្ចេញឈ្មោះ យល់ថា ការកំណត់ថ្មីរបស់ទីក្រុងប៉េកាំង នឹងធ្វើឱ្យមានភាពយឺតយ៉ាវ ហើយអាចបំផ្លាញរាល់ការជួញដូរទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។ ដំណើរការនៃការត្រួតពិនិត្យ និងស្រាវជ្រាវទៅលើករណីសុំច្បាប់សម្រាប់ការជួញដូរដែលពាក់ព័ន្ធនឹងច្បាប់កំណត់ថ្មីនេះ ក៏នឹងត្រូវចំណាយពេលច្រើន ដូច្នេះ កិច្ចព្រមព្រៀងរបស់ TikTok ជាមួយនឹងក្រុមហ៊ុនដទៃនឹងអាចត្រូវពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតសកលក្នុងខែវិច្ឆិកានៅសហរដ្ឋអាមេរិក៕

    ប្រភព៖ Bloomberg

  • ក្រុមហ៊ុនចិនចំនួន11ផ្សេងទៀតត្រូវបានសហរដ្ឋអាមេរិកបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ដោយ​សារ​មាន​កង​ទ័ព​ចិន​នៅ​ពី​ក្រោយ

    ក្រុមហ៊ុនចិនចំនួន11ផ្សេងទៀតត្រូវបានសហរដ្ឋអាមេរិកបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ដោយ​សារ​មាន​កង​ទ័ព​ចិន​នៅ​ពី​ក្រោយ

    មន្ទីរបញ្ចកោណ ទើបតែបានរកឃើញក្រុមហ៊ុនចំនួន11ផ្សេងទៀតដែលត្រូវបានគ្រប់គ្រង ឬជាកម្មសិទ្ធិរបស់កងទ័ពចិន ហើយក្រុមហ៊ុនទាំងនេះនឹងអាចត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនាពេលខាងមុខ។

    ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ2020នេះ បានរកឃើញក្រុមហ៊ុនចិនធំៗចំនួន20ដែលកំពុងរកស៊ីនៅលើទឹកដីអាមេរិក មានទំនាក់ទំនងជាមួយកងទ័ពចិន។ ក្រុមហ៊ុនទាំងនេះ សុទ្ធតែត្រូវបានគ្រប់គ្រងផ្ទាល់ ឬប្រយោលដោយកងទ័ពរំដោះប្រជាជនចិន (PLA) ដែលពួកគេរកស៊ីខាងពាណិជ្ជកម្ម ផលិត ឬនាំចេញ។ល។

    កាលពីថ្ងៃទី28សីហា មន្ទីរបញ្ចកោណបានរកឃើញក្រុមហ៊ុនចិនចំនួន11ផ្សេងទៀតដែលធ្វើសកម្មភាពក្រោមការគ្រប់គ្រងរបស់កងទ័ពចិន ក្នុងនោះមានទាំងក្រុមហ៊ុន China Three Gorges Corporation (ដែលគ្រប់គ្រងទំនប់ The Three Gorges Dam) ក្រុមហ៊ុន Sinochem (ផលិតប្រេងឥន្ធនៈ ផលិតនិងជួញដូរសារធាតុគីមី និងជីសម្រាប់ដំណាំជាដើម) ក្រុមហ៊ុន Chia Spacesat (ស្រាវជ្រាវ ផលិត និងប្រើប្រាស់ផ្កាយរណប)។ល។

    យោងតាមច្បាប់ឆ្នាំ1999របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមានសិទ្ធចាត់វិធានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនដែលស្ថិតក្នុងបញ្ជីខ្មៅនេះ។ ទាក់ទងនឹងបញ្ហាខាងលើ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីងតោន មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​នៅ​ឡើយ។

    បញ្ជីខ្មៅខាងលើនេះ អាចជាកត្តាមួយធ្វើឱ្យភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង2នេះ កាន់តែកើនឡើងខ្លាំងបន្ថែមពីលើបញ្ហចម្រូងចម្រាសដែលមានស្រាប់ទាក់ទិននឹង COVID-19 រួមនឹងបញ្ហាធំៗជាច្រើនផ្សេងទៀត មានដូចជា បច្ចេកវិទ្យា ហុងកុង ស៊ីនជាំង និងសមុទ្រចិនខាងត្បូងជាដើម។

    កាលពីថ្ងៃទី28សីហា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនចំនួន24ស្ថាប័ន ដែលត្រូវបានសហរដ្ឋអាមេរិកជឿថាជាប់ទាក់ទិននឹងសកម្មភាពបង្កើតកោះសិប្បនិម្មិត និងកសាងមូលដ្ឋានទ័ពចិននៅលើសមុទ្រចិនខាងត្បូង ក្នុងនោះក៏មានក្រុមហ៊ុន China Communications Construction ដែលទទួលខុសត្រូវលើគម្រោងជាច្រើនដែលស្ថិតក្នុងផែនការខ្សែក្រវាត់មួយ-ផ្លូវមួយរបស់ចិនផងដែរ។ ក្រុមហ៊ុនចិនទាំងអស់ដែលត្រូវបានដាក់ចូល​ទៅ​ក្នុងបញ្ជីខ្មៅ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រភពពីសហរដ្ឋអាមេរិក បើសិនជាមិនមានការអនុញ្ញាត៕

    ប្រភព៖ Reuters

  • បន្ទាប់ពីលោក Shinzo Abe លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រីជប៉ុន តើអ្នកណានឹងឡើងមកស្នងតំណែងនេះ?

    បន្ទាប់ពីលោក Shinzo Abe លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រីជប៉ុន តើអ្នកណានឹងឡើងមកស្នងតំណែងនេះ?

    ដំណឹងនៃការលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុនរបស់លោក Shinzo Abe បាននិងកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទាំងនៅក្នុងនិងក្រៅប្រទេស ហើយបញ្ហានេះក៏បាននាំឱ្យប៉ះពាល់ដល់ផ្សារមូលបត្រនៅប្រទេសជប៉ុនផងដែរ ក៏ប៉ុន្តែ លោក Shinzo Abe នឹងស្ថិតនៅក្នុងតំណែងនេះរហូតដល់មានអ្នកឡើងមកជំនួស។

    លោក Shinzo Abe គឺជាមេដឹកនាំដែលកាន់កាប់តំណែងបានយូរបំផុតនៅប្រទេសជប៉ុន ហើយលោកក៏ធ្លាប់ត្រូវបង្ខំចិត្តលាលែងពីតំណែងម្ដងរួចហើយកាលពីខែកញ្ញា2007 ក្រោយពីបានឡើងគ្រប់គ្រងប្រទេសបានមួយឆ្នាំ ដោយសារតែជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ។ ក្រោយមក លោកក៏បន្តចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងបានជាប់ឆ្នោតចាប់ពីឆ្នាំ2012 រហូតដល់បច្ចុប្បន្ន ប៉ុន្តែលោក Abe នៅតែបន្តព្យាបាលជំងឺដដែល។

    ក្រុមអ្នកសារព័ត៌មានដែលធ្លាប់បានជួបសម្ភាសជាមួយលោកកាលពីពេលថ្មីៗនេះបានឱ្យដឹង សុខភាពរបស់លោក Abe មានសភាពទ្រុឌទ្រោមខ្លាំង ហើយសំឡេងនិយាយរបស់លោកក៏មានសភាពខ្សោយផងដែរ។

    កាលពីថ្ងៃទី17សីហា លោក Abe ធ្លាប់ទៅកាន់មន្ទីរពេទ្យនៅទីក្រុងតូខ្យូដោយមិនបានប្រាប់មុន ព្រមទាំងបានស្ថិតនៅក្នុងមន្ទីរពេទ្យជាង7ម៉ោងទៀតផងដើម្បីពិនិត្យសុខភាព។ ក្រោយមក លោកក៏បានបន្តទៅពេទ្យម្ដងទៀតដើម្បីពិនិត្យជំងឺបន្ថែម។

    លោក​ Shinzo Abe មាន​បញ្ហា​សុខ​ភាព​តាំង​តែ​ពី​យូរណាស់​មក​ហើយ ដូច្នេះ​លោក​មិន​ចង់​ឱ្យ​បញ្ហា​នេះ​ប៉ះពាល់​ដល់​កិច្ច​ការ​ដឹក​នាំ​ប្រទេស​ជាតិ​របស់​លោក​

    ដំណឹងស្ដីអំពីការលាលែងរបស់លោក Abe បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ទាំងនៅក្នុងជួរបក្សកាន់អំណាច ទាំងទីផ្សារហិរញ្ញវត្ថុ បណ្ដាលឱ្យតម្លៃភាគហ៊ុនជប៉ុនត្រូវដាំក្បាលចុះ គួរឱ្យព្រួយបារម្ភ។

    Tomomi Inada ដែលជាតំណាងរាស្ត្រជាន់ខ្ពស់ម្នាក់ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Abe បានឱ្យដឹងថា នាយករដ្ឋមន្ត្រីបានប្រកាសអំពីគម្រោងនេះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយរបស់បក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច។ លោកស្រី Tomomi Inada ថ្លែងថា៖ “ខ្ញុំបានដឹងអំពីគម្រោងរបស់គាត់។ ពិតជាបន្ទាន់ និងគួរឱ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំពិតជានឹកស្មានមិនដល់ទាល់តែសោះ”។

    រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Taro Aso

    លោកស្រី Tomomi Inada បន្តថា លោក Abe នឹងបន្តគ្រប់គ្រងតំណែងរហូតដល់អ្នកស្នងតំណែងរបស់លោកត្រូវបានជ្រើសរើស។ ការជ្រើសរើសអ្នកស្នងតំណែងនេះអាចត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជ្រើសរើសពីសំណាក់តំណាងរាស្ត្រ និងសមាជិករបស់បក្សប្រជាធិបតេយ្យសេរី។ ក្នុងចំណោមរដ្ឋមន្ត្រីនិងមន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាលជប៉ុន គេឃើញមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Taro Aso និងប្រធានការិយាល័យគណៈរដ្ឋមន្ត្រី Yoshihide Suga គឺ ជាបេក្ខភាពដែលមានសក្ដានុពលជាងគេ ដែលអាចឡើងស្នងតំណែងជំនួសលោក Abe បាន។

    ប្រធានការិយាល័យគណៈរដ្ឋមន្ត្រី លោក​ Yoshihide Suga

    ទាក់ទិននឹងការលាលែងរបស់លោក Shinzo Abe កូរ៉េខាងត្បូង ថ្មីៗនេះបានប្រកាសថា ប្រទេសនេះមានការសោកស្ដាយជាខ្លាំងនៅពេលបានទទួលដំណឹងនេះ ហើយថា កូរ៉េខាងត្បូងនឹងនៅតែបន្តសហការជាមួយនាយករដ្ឋមន្ត្រីថ្មីដែលនឹងឡើងមកជំនួសលោក Shinzo Abe នាពេលដ៏ខ្លីខាងមុខ៕

    ប្រភព៖ Reuters

  • មូលហេតុ​ដែល​នាំ​ឱ្យ​នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង​

    មូលហេតុ​ដែល​នាំ​ឱ្យ​នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង​

    នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រកាសថានឹងលាលែងពីតំណែង ដោយសារតែជំងឺ​ផ្ទាល់​ខ្លួន​ ព្រមទាំងមិនចង់ឱ្យបញ្ហាសុខភាពនេះ​ប៉ះពាល់ដល់ការងារសំខាន់របស់រាជរដ្ឋាភិបាល។

    លោក Shinzo Abe ដែលបច្ចុប្បន្នមានអាយុ65ឆ្នាំ បានថ្លែងថា៖ “ខ្ញុំបានសម្រេចចិត្តថានឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី”។ លោកបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងនោះលោកបានបញ្ជាក់ថា ជំងឺរលាកពោះវៀនធំរបស់លោក បានរើឡើងជាថ្មី។ “ខ្ញុំមិនចង់ឱ្យបញ្ហាជំងឺនាំឱ្យមានការសម្រេចចិត្តខុសក្នុងកិច្ចការសំខាន់ៗ។ ខ្ញុំមិនអាចធ្វើជានាយករដ្ឋមន្ត្រីបានទេ បើសិនមិនអាចសម្រេចចិត្តបានល្អសម្រាប់ប្រជាជន”។

    លោក Shinzo Abe បានឱ្យថា សុខភាពរបស់លោកបានទ្រុឌទ្រោមចាប់តាំងពីពាក់កណ្ដាលខែមុន ហើយការព្យាបាលជំងឺពោះវៀនធំគឺត្រូវការពេលវេលាច្រើន និង​ញឹកញាប់ ដែលនេះនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ការដឹកនាំប្រទេសរបស់​លោក​។

    លោក Shinzo Abe បានថ្លែងសុំទោសអស់ពីចិត្តចំពោះប្រជាពលរដ្ឋជប៉ុន ព្រោះមិនបានបំពេញកាតព្វកិច្ច​ជាអ្នកដឹកនាំ ហើយថា លោកមិនមានសិទ្ធិក្នុងការជ្រើសរើសអ្នកស្នងតំណែងនេះនោះឡើយ។

    លោក Shinzo Abe បានសង្កត់ធ្ងន់ថា លោកជឿជាក់ថា អ្នកឡើងស្នងតំណែងបន្ទាប់​ពី​លោក នឹងត្រូវដោះស្រាយបញ្ហាវិសោធនកម្មរដ្ឋធម្មនុញបែបលទ្ធិសន្តិភាពនិយម ជាបញ្ហាដែលលោកមិនអាចដោះស្រាយបាននៅក្នុងពេលដឹកនាំប្រទេសច្រើន​ឆ្នាំ​កន្លង​មក​នេះ៕

  • អ្នកវិភាគស្ថានការណ៍ បារម្ភ! ចិនបាញ់មីស៊ីល សម្លុតអាមេរិក អាចក្លាយជាការបញ្ឆេះសង្គ្រាមដោយមិនបានតាំងចិត្ត

    អ្នកវិភាគស្ថានការណ៍ បារម្ភ! ចិនបាញ់មីស៊ីល សម្លុតអាមេរិក អាចក្លាយជាការបញ្ឆេះសង្គ្រាមដោយមិនបានតាំងចិត្ត

    សកម្មភាពរបស់ក្រុងប៉េកាំង ដែលបាញ់មីស៊ីលចូលទៅក្នុងសមុទ្រចិនខាងត្បូង អាចនឹងរុញច្រានឱ្យសហរដ្ឋបង្កើនអាវុធមីស៊ីលប្រចាំការកាន់តែច្រើនឡើង និងប្រើគោលជំហរកាន់តែរឹងត្អឹងឡើងជាមួយក្រុងប៉េកាំង បង្កើនភាពប្រថុយប្រថានក្នុងការកើតទំនាស់ប្រដាប់អាវុធឡើងដោយអចេតនា។

    ការវាយតម្លៃខាងលើ កើតមានឡើង ក្រោយពីចិនបានបាញ់មីស៊ីលតុងហ្វឹង ប្រកបដោយDF-26B និង DF-21D ដែលមានរហស្សនាមថា “អ្នកពិឃាតនាវាចម្បាំងផ្ទុកយន្តហោះ” ចូលទៅក្នុងទីតាំងមួយ ដែលស្ថិតចន្លោះមណ្ឌលហៃណាន និងបណ្ដុំកោះផារ៉ាសែល កាលពីថ្ងៃពុធ(ទី26សីហា) 1ថ្ងៃក្រោយពីយន្តហោះស៊ើបការណ៍ U-2 របស់សហរដ្ឋអាមេរិក 1គ្រឿង បានហោះចូលទៅតំបន់ហាមហោះហើរ ដោយមិនបានទទួលការអនុញ្ញាត ក្នុងអំឡុងពេលដែលកងទ័ពជើងទឹករបស់ក្រុងប៉េកាំងកំពុងធ្វើសមយុទ្ធក្នុងសមុទ្រពួហៃ ខាងក្រៅត្រើយខាងជើងនៃប្រទេស។

    ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍(ទី27សីហា) បាននិយាយថា ការបាញ់គ្រាប់មីស៊ីលនោះ បានគំរាមកំហែងសន្តិភាព និងសន្តិសុខក្នុងភូមិភាគ ព្រមទាំងប្រាប់ថា ទង្វើរបស់ក្រុងប៉េកាំង ក្នុងនោះរួមទាំងការសាកល្បងគ្រាប់មីស៊ីលផង គឺជាការបំផ្លិចបំផ្លាញស្ថិរភាពក្នុងស្ថានការណ៍នៅក្នុងសមុទ្រចិនខាងត្បូងកាន់តែខ្លាំងឡើងថែមទៀត។

    DF-26 ដែលមានកម្រិតចម្ងាយ 4,000គីឡូម៉ែត្រ អាចបំពាក់បានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតា វាយប្រហារគោលដៅបានទាំងនៅលើផ្ទៃដី និងក្នុងសមុទ្រ។ ជាអាវុធហាមឃាត់ ក្រោមសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែកម្រិតមធ្យម ដែលចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត មុនចប់សង្គ្រាមត្រជាក់ និងនៅពេលដែលសហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញានោះ កាលពីឆ្នាំទៅ ពួកគេអាងលើការអភិវឌ្ឍអាវុធទាំងនោះរបស់ចិន ដើម្បីភាពត្រឹមត្រូវរបស់ពួកគេក្នុងការដកខ្លួន។

    ចំណែក DF-21 មានកម្រិតចម្ងាយប្រមាណ 1,800គីឡូម៉ែត្រ ដែលសារព័ត៌មានចិនធ្លាប់បានបញ្ជាក់ថា មីស៊ីល DF-21 ដែលជាម៉ូដែលទាន់សម័យបំផុតនេះ គឺជាមីស៊ីលតតាំងនាវាចម្បាំងផ្ទុកយន្តហោះ ដំបូងគេក្នុងពិភពលោក។

    មួយទៀត ទាំង DF-26 និង DF-21 សុទ្ធតែមានសក្ដានុពលក្នុងការវាយប្រហារកងនាវាផ្ទុកយន្តហោះចម្បាំងទាំងអស់។

    លោក ដេរេក ក្រូស្ម៊ែន អ្នកជំនាញការផ្នែកសន្តិសុខ នៃស្ថាប័នវិភាគ Rand របស់សហរដ្ឋអាមេរិក មើលឃើញថា ការបាញ់មីស៊ីលនេះ រឹតតែធ្វើឱ្យសហរដ្ឋអាមេរិកលែងទុកចិត្តចេតនារម្មណ៍របស់ចិនកាន់តែខ្លាំងឡើង ហើយក្រុងវ៉ាស៊ីនតោន នឹងលើកកម្ពស់គោលជំហរដែលមានចំពោះក្រុងប៉េកាំងកាន់តែខ្លាំងក្លាឡើងលើគ្រប់វិស័យ ទាំងក្នុងខាងការទូត សេដ្ឋកិច្ច និងសន្តិសុខ។

    លោកថ្លែងថា “វាដូចជាមិនអាចទៅរួចទេ ដែលសហរដ្ឋអាមេរិកនឹងចុះញ៉ម ដោយសារតែពេលនេះ គ្រប់ការព្យាយាមរបស់រដ្ឋបាល គឺតស៊ូ និងតតាំងទៅចិនវិញ ទាំងក្នុងកម្រិតភូមិភាគ និងពិភពលោក យ៉ាងណាក៏ដោយ វាមានភាពអាចទៅរួចកាន់តែខ្លាំងឡើង ដែលអាចកើតមានការប្រយុទ្ធគ្នាដោយអាវុធ ដោយសារតែការគណនាខុសឆ្គង”

    ទោះជាលោកក្រូស្ម៊ែន ប្រាប់ថា សង្គ្រាមរវាងចិននឹងអាមេរិក នៅតែមិនអាចទៅរួចក្ដី តែលោកបានព្រមានថា វាមានឱកាសក្នុងការគណនាខុសឆ្គង។ លោកថា “បើចិនបាញ់មីស៊ីល DF-21 ម្ដងទៀត ហើយវាទៅកាន់តែជិតក្បែរនាវាចម្បាំងផ្ទុកយន្តហោះរបស់អាមេរិក ដែលកំពុងបណ្ដែតខ្លួននៅក្នុងភូមិភាគនោះ ទាហានអាមេរិកអាចឆ្លើយតបវិញដោយកម្លាំង ព្រោះគិតថា មីស៊ីលទាំងនោះ គឺជាការបាញ់ខុសគោលដៅ”។ លោកក្រូស្ម៊ែន បានបញ្ជាក់ថា “ហើយស្ថានការណ៍ អាចនឹងរាលដាលធំឡើងពីចំណុចត្រង់ហ្នឹង”

    ចំណែកលោក ឈឹន កាំង ជំនួយការអគ្គនាយកស្ថាប័នអាស៊ីខាងកើត នៃមហាវិទ្យាល័យជាតិសិង្ហបុរី បានផ្ដល់ការយល់ឃើញថា ការដែលចិនបាញ់មីស៊ីលចូលទៅក្នុងសមុទ្រចិនខាងត្បូង ជាទីតាំងដែលកំពុងមានភាពផុយស្រួយ រឹតតែជំរុញឱ្យសហរដ្ឋអាមេរិកដាក់អាវុធមីស៊ីលប្រចាំការកាន់តែច្រើនឡើង។ លោកថ្លែងថា “ចិនអួតមីស៊ីលម៉ូដែល DF ក្នុងពិធីព្យុហយាត្រាខាងយោធាកាលពីពេលកន្លងៗមកនៅក្នុងក្រុងប៉េកាំង ហើយការបាញ់ពីទីតាំងដ៏ឆ្ងាយលើកនេះ គឺជាការបង្ហាញឱ្យឃើញថា វាមិនមែនជារបស់លេង ដែលចេះតែនាំយកមកតាំងបង្ហាញទេ”

    ការបាញ់មីស៊ីលនាពេលថ្មីៗបំផុតរបស់ចិននេះ កើតឡើងក្នុងខណៈដែលសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងចិន កំពុងធ្លាក់ចុះទៅរកកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដោយទាំង 2ភាគី បានបើកឆាកសង្គ្រាមប្រឈមមុខដាក់គ្នាលើគ្រប់ផ្នែក ទាំងផ្នែកពាណិជ្ជកម្ម យោធា និងនយោបាយ៕

    ប្រភព៖សាព័ត៌មានបរទេស

  • រដ្ឋមន្ត្រីចិន៖ “មិនប្រាកដថា COVID-19 មានប្រភពពីប្រទេសចិន” ខណៈពិភពលោករកឃើញអ្នកឆ្លងវីរុសនេះជាង24.5លាននាក់

    រដ្ឋមន្ត្រីចិន៖ “មិនប្រាកដថា COVID-19 មានប្រភពពីប្រទេសចិន” ខណៈពិភពលោករកឃើញអ្នកឆ្លងវីរុសនេះជាង24.5លាននាក់

    សកលលោកទាំងមូល បានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជាង24.5លាននាក់ អ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់ជាង834,000នាក់ ក្នុងគ្រាដែលរដ្ឋមន្ត្រីចិនអះអាងថា មិនទាន់ប្រាកដថា COVID-19 កើតចេញពីប្រទេសចិន។

    យោងតាមទំព័រ Worldometers ប្រទេសនិងដែនដីជាង200 ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា បានរកឃើញមនុស្សចំនួន24.585.039នាក់បានឆ្លងរោគ និង834,441នាក់បានស្លាប់ដោយសារCOVID-19 ក្នុងនោះមានអ្នកជំងឺចំនួន289,858នាក់ និងអ្នកស្លាប់ចំនួន6,218នាក់បានកើតឡើងនៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ អ្នកជំងឺដែលបានជាសះស្បើយ បានកើនដល់ជាង17លាននាក់។

    ទាក់ទិននឹងបញ្ហាCOVID-19 រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងកាលពីពេលថ្មីៗនេះថា មិនទាន់ប្រាកដថា COVID-19 មានប្រភពពីប្រទេសចិននៅឡើយ។ លោក Wang Yi សង្ស័យចំពោះការយល់ឃើញរបស់ក្រុមមន្ត្រីសុខាភិបាល និងរដ្ឋាភិបាលបរទេស ដែលបានអះអាងថា COVID-19 កើតចេញពីប្រទេសចិន។។

    លោក Yi ថ្លែងថា ប្រទេសចិនគឹជាប្រទេសដំបូងគេដែលបានរាយការណ៍អំពីវត្តមានរបស់ COVID-19 ទៅឱ្យអង្គការសុខភាពពិភពលោក (WHO) ក៏ប៉ុន្តែ “ប្រការនេះមិនមែនមានន័យថា វីរុសនេះមានប្រភពចេញពីទឹកដីចិននោះឡើយ”។

    “នៅក្នុងរយៈពេលច្រើនខែមកនេះ យើងបានឃើញរបាយការណ៍ជាច្រើនបង្ហាញថា វីរុសបានបង្ហាញវត្តមាននៅតំបន់ផ្សេងៗក្នុងពិភពលោក អាចមុនប្រទេសចិនទៅទៀត” លោក Yi ថ្លែងបែបនេះនៅចំពោះមុខក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Oslo របស់ប្រទេសន័រវែសកាលពីថ្ងៃទី 27សីហា2020។

    នាយកដ្ឋានសុខាភិបាលរបស់ទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្ដាលប្រទេសចិន បានរាយការណ៍ករណីឆ្លងវីរុសCOVID-19 ដំបូងបង្អស់នៅក្នុងខែធ្នូ2019 និងករណីស្លាប់ដំបូងនៅដើមខែមករា2020។

    រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បញ្ជាក់ថា៖ “បញ្ហា COVID-19 មានប្រភពដំបូងនៅទីណា ហើយវាកើតឡើងបែបណា នោះគួរទុកឱ្យក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកសុខាភិបាលជាអ្នកធ្វើការ ហើយគេមិនគួរធ្វើនយោបាយកម្មទៅលើCOVID-19 ឬរើសអើងនោះទេ។ អ្នកណាជាអ្នកជំងឺទី0 បញ្ហានេះមិនទាន់ច្បាស់លាស់នៅឡើយ”។ ប្រសាសន៍របស់លោក Yi ហាក់សំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលជាមនុស្សម្នាក់តែងតែប្រើប្រាស់កន្សោមពាក្យ “វីរុសចិន” នាពេលកន្លងមក។

    លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានធ្វើដំណើរទៅកាន់ប្រទេសន័រវែស បន្ទាប់ពីបានធ្វើទស្សនកិច្ចប្រទេសហូឡង់ និងអ៊ីតាលី កាលពីដើមសប្ដាហ៍។ នេះគឺជាដំណើរទស្សនកិច្ចដំបូងរបស់រដ្ឋមន្ត្រីការបរទេសចិនទៅកាន់ប្រទេសន័រវែស ចាប់តាំងពីឆ្នាំ2006។ ន័រវែសគឺជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងជាសមាជិករបស់អង្គការ NATO។ ប្រទេសនេះនឹងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ពីឆ្នាំ2021 និង2022។ រីឯប្រទេសចិនវិញ គឺជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សានេះ៕

    ប្រភព៖ Reuters

  • Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង

    Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង

    លោក Donald Trump បានថ្លែងថា នឹងស្នើឱ្យធ្វើតេស្តរកសារធាតុញៀន នៅមុនកម្មវិធីជជែកតវ៉ាទល់មុខគ្នាជាមួយនឹងលោក Joe Biden ដោយសង្ស័យថា គូប្រជែងរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀនដើម្បីបង្កើតសមត្ថភាព។

    ឆ្លើយតបទៅនឹង Washington Examiner នៅសេតវិមាន កាលពីថ្ងៃទី26សីហា ប្រធានាធិបតីអាមេរិក បានឱ្យដឹងថា លោកមានការភ្ញាក់ផ្អើលនៅពេលបានឃើញការប្រសើរឡើងនៃសមត្ថភាពក្នុងការជជែកតវ៉ារបស់បេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden នៅក្នុងការជជែកតវ៉ាទល់មុខគ្នាជាមួយតំណាងរាស្ត្រ Bernie Sanders មកពីសភាជាន់ខ្ពស់ កាលពីខែមីនា។ លោក Trump សង្ស័យថា នេះអាចជាលទ្ធផលដែលកើតឡើងពីគ្រឿងញៀន ប៉ុន្តែលោកមិនបានបញ្ចេញភស្តុតាងណាមួយទាក់ទិននឹងការសន្និដ្ឋាននេះទេ។

    លោក Trump ថ្លែងថា៖ “គ្មាននរណាគិតថា គាត់ទទួលបានជោគជ័យនោះឡើយ ព្រោះតែសមត្ថភាពនៃការជជែកតវ៉ារបស់គាត់ អន់ណាស់។ និយាយដោយត្រង់ទៅចុះ ការជជែកតវ៉ាដែលល្អបំផុតរបស់គាត់ គឺការទប់ទល់នឹង Bernie។ ឆ្លៀតឱកាសនេះ យើងនឹងស្នើឱ្យមានការធ្វើតេស្តរកគ្រឿងញៀន”។

    លោក Trump បន្ថែមថា៖ “គាត់មិនមែនជា Winston Churchill នោះទេ ហើយនោះគឺជាការជជែកតវ៉ាធម្មតា និងគួរឱ្យធុញ។ ប៉ុន្តែ ដូចដែលអ្នកដឹងហើយថា មិនមានអ្វីដែលមិនអាចកើតឡើងនោះឡើយ។ ហើយយើងនឹងអំពាវនាវឱ្យធ្វើតេស្តរកគ្រឿងញៀន”។

    លោក Joe Biden បានចូលរួមក្នុងកម្មវិធីជជែកតវ៉ាទល់មុខគ្នាជាមួយនឹងគូប្រជែងចំនួន11លើកនៅក្នុងការប្រកួតដណ្ដើមតំណែងជាបេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្សប្រជាធិបតេយ្យ និងការជជែកតវ៉ាជាមួយនឹងតំណាងរាស្ត្រ Bernie Sanders ដែលបានធ្វើឡើងកាលពីថ្ងៃទី15មីនា។

    “គំនិតរបស់ខ្ញុំ នោះគឺថា ប្រសិនបើអ្នកបានមើលឡើងវិញនូវការជជែកតវ៉ាគ្នានោះ គាត់ពិតជាអន់ខ្លាំងណាស់។ ជាងនេះ គាត់ថែមទាំងនិយាយមិនបានប្រទាក់ក្រឡាគ្នាទៀតផង តែនៅតែអាចឈ្នះ Bernie បាន។ ហើយយើងកំពុងតែអំពាវនាវឱ្យធ្វើតេស្តរកគ្រឿងញៀន” នេះជាប្រសាសន៍របស់លោក Trump ហើយលោកបានបន្តថា លោកពិតជាមានទំនុកចិត្តលើខ្លួនឯង ព្រោះថា “ពូកែក្នុងវិស័យនេះ”។

    លោក Trump និងលោក Biden នឹងត្រូវឡើងជជែកតវ៉ាទល់មុខគ្នាជាលើកដំបូងនៃការ “រត់ប្រណាំង” ទៅកាន់សេតវិមានក្នុងឆ្នាំនេះ នៅឯសាកលវិទ្យាល័យ Case Western Reserve ក្នុងទីក្រុង Cleveland រដ្ឋ Ohio នៅថ្ងៃទី29កញ្ញាខាងមុខ។ ក៏ប៉ុន្តែ ទាក់ទងនឹងបញ្ហាធ្វើតេស្តរកគ្រឿងញៀនខាងលើនេះ លោក Trump មិនបានថ្លែងច្បាស់ថានឹងធ្វើការស្នើពិនិត្យរកគ្រឿងញៀននៅពេលណា ក៏ដូចជាធ្វើទៅលើអ្នកណាឱ្យបានច្បាស់លាស់នោះដែរ។

    Trump ទាមទារឱ្យ Biden ធ្វើតេស្តរកគ្រឿងញៀន មុនពេលជជែកតវ៉ាទល់មុខគ្នាជាលើកដំបូង
    លោក Biden កំពុងនាំមុខលោក Trump 10% សម្រាប់ការគាំទ្រនៅទូទាំងប្រទេស ពោលគឺ 52% ទល់នឹង 42%

    ភាគីខាងលោក Biden មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មានខាងលើនេះនៅឡើយ។ លទ្ធផលនៃការស្ទង់មតិថ្មីបំផុតរបស់ Morning Consult ដែលជាក្រុមហ៊ុនមួយមានទីស្នាក់ការនៅ Washington D.C សហរដ្ឋអាមេរិក កាលពីថ្ងៃទី24សីហា បានបង្ហាញថា ពិន្ទុរបស់លោក Biden កំពុងនាំមុខលោក Trump 10% សម្រាប់ការគាំទ្រនៅទូទាំងប្រទេស ពោលគឺ 52% ទល់នឹង 42%៕

    ប្រភព៖ The Hill

  • វៀតណាមជំទាស់នឹងសមយុទ្ធយោធារបស់ចិននៅប្រជុំកោះ Paracel នៃ​សមុទ្រចិនខាងត្បូង

    វៀតណាមជំទាស់នឹងសមយុទ្ធយោធារបស់ចិននៅប្រជុំកោះ Paracel នៃ​សមុទ្រចិនខាងត្បូង

    ក្រសួងការបរទេសវៀតណាម បានអះអាងថា ការធ្វើសមយុទ្ធយោធារបស់ចិននៅលើប្រជុំកោះ Paracel ដែលវៀតណាមហៅថា Hoang Sa នេះថាជាការរំលោភលើអធិបតេយ្យរបស់វៀតណាម ហើយបានស្នើឱ្យទីក្រុងប៉េកាំងបញ្ឈប់ជាបន្ទាន់នូវលំហាត់សមយុទ្ធយោធានេះ។

    អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃនេះ (26សីហា) ថា៖ “ការដែលចិនធ្វើលំហាត់សមយុទ្ធជាបន្តបន្ទាប់នៅតំបន់ប្រជុំកោះ Hoang Sa គឺបានរំលោភលើអធិបតេយ្យរបស់វៀតណាម ធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ផ្ទុយទៅនឹងស្មារតីដែលបានប្រកាសស្ដីអំពីដំណោះស្រាយរបស់ភាគីពាន់ព័ន្ធនៅសមុទ្រខាងកើត (សមុទ្រចិនខាងត្បូង) (DOC) និងមិនមានផលប្រយោជន៍សម្រាប់ដំណើរការចរចាស្ដីអំពីគោលការណ៍ដោះស្រាយរវាងប្រទេសពាក់ព័ន្ធនៅសមុទ្រខាងកើត (COC) និងការរក្សាសន្តិភាព ស្ថិរភាព រួមនឹងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រខាងកើត”។

    ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅពេលប្រទេសចិនធ្វើលំហាត់សមយុទ្ធយោធានៅលើដែនសមុទ្រក្នុងតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រជុំកោះ Paracel ដែលកំពុងមានជម្លោះរវាងប្រទេសទាំង2។

    កាលពីថ្ងៃទី23សីហា នាយកដ្ឋានគ្រប់គ្រងដែនសមុទ្ររបស់ខេត្ត Hainan ប្រទេសចិន បានប្រកាសអំពីការធ្វើលំហាត់សមយុទ្ធយោធាមួយរបស់កងទ័ពនៃប្រទេសនេះ ចាប់ពីថ្ងៃទី24សីហា ដល់ថ្ងៃទី29សីហានៅតំបន់ប្រជុំកោះ Paracel និងតំបន់ភាគអាគ្នេយ៍នៃកោះ Hainan។ នេះគឺជាលើកទី2ហើយដែលចិនបានធ្វើសមយុទ្ធយោធានៅតំបន់ប្រជុំកោះ Paracel ក្នុងអំឡុង2ខែកន្លងមកនេះ។

    ចំណុច​ក្រហម​គឺជា​តំបន់​ដែល​ចិន​ធ្វើ​សមយុទ្ធ​យោធា ចាប់​ពី​ថ្ងៃទី​24​-29​សីហា​

    លោកស្រី Hang បានថ្លែងថា៖ “វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ហើយត្រូវលុបចោល និងមិនត្រូវបង្កការរំលោភបំពានសាជាថ្មីទៀតនោះទេ”៕

    ប្រភព៖ VNEXPRESS

  • លី អ៊ិង ស្ត្រីនៅលីវ-មានជាងគេបំផុត អ្នកនៅក្រោយខ្នងភាពជោគជ័យ មូលនិធិជែក ម៉ា

    លី អ៊ិង ស្ត្រីនៅលីវ-មានជាងគេបំផុត អ្នកនៅក្រោយខ្នងភាពជោគជ័យ មូលនិធិជែក ម៉ា

    សារព័ត៌មាន សៅឆាយណា ម៉នីង ផូស្តិ៍ រាយការណ៍យ៉ាងស៊ីជម្រៅ អំពីប្រវត្តិ លី អ៊ិង ស្ត្រីអ្នកវិនិយោគទុនជនជាតិចិន អ្នកដែលបានទទួលរហស្សនាមថា ជា “វ៉រេន បាហ្វហ្វេតត៍ របស់ចិន”។

    ឆ្នាំ2010 ខណៈដែលលី អាយុ 29ឆ្នាំ ជែក ម៉ា សហស្ថាបនិកក្រុមហ៊ុនអាលីបាបា ហូលឌីងស៍ និងម្ចាស់ទីភ្នាក់ងារព័ត៌មានសៅឆាយណា ម៉នីង ផូស្តិ៍ បានបបួលលី 3ដង ដើម្បីឱ្យនាង ផ្លាស់ពីស៊ីលីខន វ៉ាលលេយ៍ មកមើលការខុសត្រូវមូលនិធិ យុនហ្វឹង ដែលជាភាគហ៊ុនក្រៅផ្សារហ៊ុនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងហាយ-ថេក និងប្រភពថាមពលថ្មី។

    ទីបំផុត លីយល់ព្រមមករួមការងារ និងក្លាយជាសហស្ថាបនិកជាមួយម៉ា និងដេវីដ អ៊ូ។

    លី ត្រូវចាត់ការប្រាក់រាប់ពាន់លាន និងមានម្ដងនោះ លីធ្លាប់ប្រកួតប្រជែងជាមួយ យ៉ាង ហ៊ុយអាន់ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាសេដ្ឋីនីមានជាងគេបំផុតនៅក្នុងប្រទេសចិន។

    ទោះជាមិនដែលមានការបង្ហើបឱ្យដឹងអំពីតម្លៃខ្លួនមែន តែសារព័ត៌មានចិនសន្និដ្ឋានថា លីអាចមានទ្រព្យសម្បត្តិជាង 10,000យន់ ឬប្រមាណជា 1,500លានដុល្លារ និងមិនសូវមានទិន្នន័យបែកខ្ចរខ្ចាយច្រើន ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនប៉ុន្មានឡើយ។ គេគ្រាន់តែបានដឹងច្បាស់ថា លីជាអ្នកនិយមចូលចិត្តរថយន្តសូភើរ ខារ៍ និងមានរថយន្តទំនើបៗជាច្រើនគ្រឿង ទាំងបេនថ៍លីយ៍ មើរស៊ីដេស ម៉ាយបាក់ និងរថយន្តបើកដំបូលរ៉ូលស៍ រ៉យ ហ្វ៊ែនថម។

    ដំណើរផ្លូវឆ្ពោះទៅរកភាពជាសេដ្ឋីនី របស់ស្ត្រីម្នាក់ដែលមានបំផុតនៅក្នុងប្រទេសចិន

    លី ធំធាត់ឡើងនៅក្នុងមណ្ឌលហ្សឹនជិន របស់ប្រទេសចិន និងរៀនសូត្រនៅក្នុងប្រទេសចិន រហូតដល់ថ្នាក់មធ្យមទី2 បន្ទាប់ពីនោះ លីត្រូវបានឪពុកម្ដាយណែនាំឱ្យទៅរៀនបន្តនៅសហរដ្ឋអាមេរិក ដែលនាងហាក់ដូចជាមិនសូវជាយល់ស្របប៉ុន្មានឡើយនាពេលដំបូងៗក្នុងរឿងផ្លាស់ប្ដូរកន្លែងរស់នៅ តែនៅពេលឪពុកម្ដាយសំណូមពរថា មិនចាំបាច់រៀនថ្នាក់មធ្យមសិក្សាដំបូងៗនោះ លីក៏យល់ព្រម។

    ការរៀនសូត្ររបស់លី ឈានទៅមុខលឿនជាងមិត្តភក្តិខ្លាំងណាស់ ខណៈដែលអាយុបាន 17ឆ្នាំ នាងមានលទ្ធផលការរៀនល្អបំផុត រហូតក្លាយជាមុខសញ្ញារបស់មហាវិទ្យាល័យល្បីៗជាច្រើន ដែលចង់បានសិស្សពូកែៗទៅចូលសិក្សា មានទាំង អេមអៃធី យែល និងស្ទែនហ្វ៉ត ដែលពេលនោះ លីជ្រើសរើសរៀននៅ អេមអៃធី និងបញ្ចប់ការសិក្សាក្នុងរយៈពេល 3ឆ្នាំ។

    ពេលអាយុបាន 20ឆ្នាំ លីបានទទួលបរិញ្ញាត្រី ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ សេដ្ឋសាស្ត្រ និងបរិញ្ញាទោ ផ្នែកវិស្វកម្មអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រ។
    លី ចូលធ្វើការដំបូងជាមួយមែកឃិនហ្ស៊ី អ៊ែនដ៍ ខាំផានី ក្នុងឋានៈជាទីប្រឹក្សាស្ថាប័ន ក្នុងស៊ីលីខន វ៉ាលលេយ៍។

    13ឆ្នាំ តមក លីផ្លាស់ទៅធ្វើការជាមួយក្រុមហ៊ុនវិនិយោគទុនលំដាប់ជួរមុខគេនៅក្នុង វ៉លស្ទ្រីត ដូចជា អ៊ិកាណុ យូធី និងខេឌីស៊ីប៊ី ដែលបានឡើងមុខតំណែងខ្ពស់ឡើងៗ យ៉ាងឆាប់រហ័ស។ រហូតដល់ ជែក ម៉ា មើលឃើញពីភាពប៉ិនប្រសប់ និងសមត្ថភាពពិសេសរបស់លី និងពេញចិត្តលើប្រវត្តិរូបសង្ខេប និងប្រវត្តិការងារ ដែលល្អលើសលប់ ទើបម៉ា ទំនាក់ទំនងស្នើឱ្យមកចូលរួមធ្វើការងារជាមួយអាលីបាបា គ្រុប ជាច្រើនដង និងអញ្ជើញមករួមការងារជាមួយមូលនិធិយុនហ្វឹង។

    លី ជាអ្នកចាត់ការទូទៅ របស់គណៈកម្មការ និងទទួលខុសត្រូវការងារពាក់ព័ន្ធនឹងការវិនិយោគទុនផ្នែកហាយ-ថេក និងប្រភពថាមពលថ្មី។ ស្នាដៃរបស់លី ហុចផលឱ្យក្រុមហ៊ុនទទួលបានជោគជ័យយ៉ាងស្រស់បំព្រង និងធ្វើឱ្យមូលនិធិយុនហ្វឹង មានប្រាក់ដើមទុនដំណាក់កាលដំបូងរីកធំធាត់ឡើងជាច្រើនម៉ឺនលានយន់ មុននឹងលាឈប់កាលពីឆ្នាំកន្លងទៅ ដែលប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លីបង្កើតក្រុមហ៊ុនរបស់ខ្លួនឯង។

    ស្ត្រីពូកែម្នាក់នេះ ជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ តែនៅពេលបង្ហាញខ្លួនក្នុងទីសាធារណៈលើកដំបូង គ្រប់គ្នាត្រូវភ្ញាក់ផ្អើលនឹងរូបសម្ផស្សដ៏ស្រស់ស្អាត និងភាពឆ្លាតវាងវៃរបស់នាង និងក្រៅពីនោះ លីនៅបានទទួលការសរសើរតម្កើងថា ជាស្ត្រីនៅលីវ និងមានបំផុតម្នាក់ នៅក្នុងប្រទេសចិនទៀតផង៕

    ប្រភព៖ សារព័ត៌មានបរទេស