Category: អន្តរជាតិ

  • ចាក់​ភ្នាល់​ជាង​1​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ជាប់​ឆ្នោត​របស់​​បេក្ខ​ភាព​ Joe ​Biden

    ចាក់​ភ្នាល់​ជាង​1​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ជាប់​ឆ្នោត​របស់​​បេក្ខ​ភាព​ Joe ​Biden

    មនុស្សម្នាក់ដែលមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណ បានចាក់ភ្នាល់ប្រាក់យ៉ាងច្រើនសន្ធឹកកាលពីថ្ងៃទី29តុលា នៅលើគេហទំព័រចាក់ភ្នាល់ធំជាងគេបង្អស់ក្នុងពិភពលោក ដែលមានឈ្មោះថា Betfair Exchage។

    សារព័ត៌មាន CNN បានចេញផ្សាយថា នៅលើទំព័រ Betfair Exchange មានមនុស្សម្នាក់បានចាក់ភ្នាល់1លានផោន (1.29លានដុល្លារអាមេរិក) ទៅលើបេក្ខភាពមកពីបក្សប្រជាធិបតី Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក។ ការចាក់ភ្នាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី29តុលា ប៉ុន្តែអត្តសញ្ញាណរបស់មនុស្សនេះនៅតែត្រូវបានគេរក្សាការសម្ងាត់។ បើសិនជាឈ្នះ អ្នកភ្នាល់រូបនេះនឹងទទួលបានប្រាក់ចំណេញ 540,000ផោន (697,626ដុល្លារអាមេរិក) ទន្ទឺមនឹងការទទួលបានសំណងជាប្រាក់ដើមរបស់ខ្លួនត្រលប់មកវិញ។

    ក្រុមអ្នកលេងល្បែងភ្នាល់យល់ថា លោក Biden មានឱកាស65%ដើម្បីឈ្នះ ខណៈលោក Trump មានត្រឹមតែ35%។ ជាងនេះ សារព័ត៌មាន FiveThirtyEight ថែមទាំងយល់ថា លោក Trump មានឱកាសឈ្នះត្រឹមតែ10%ប៉ុណ្ណោះ។

    ជនជាតិអាមេរិកាំងមិនត្រូវបានអនុញ្ញាតឱ្យលេងល្បែងភ្នាល់ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនោះទេ។ ប៉ុន្តែ នៅប្រទេសអង់គ្លេសវិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែក្លាយជាព្រឹត្តិការណ៍ចាក់ភ្នាល់ធំជាងគេមិនធ្លាប់មានពីមុនមក។

    នេះគឺជាទឹកប្រាក់ភ្នាល់ធំជាងគេទីបីក្នុងប្រវត្តិរបស់ Betfair ហើយវាស្ថិតនៅពីក្រោយការភ្នាល់1.1លានផោនសម្រាប់ Rafael Nadal នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់វាយកូនបាល់ tennis ឆ្នាំ2010 និងជាង1លានផោនសម្រាប់ការប្រកួតប្រដាល់រវាង Floyd Mayweather Jr. និង Connor McGregor កាលពីឆ្នាំ2017។

    ប្រាក់ភ្នាល់កំពុងតែរត់ទៅរក Betfair ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានកន្លងមក។ គិតត្រឹមថ្ងៃចន្ទទី2តុលា ប្រាក់ភ្នាល់បានកើនឡើងដល់274លានផោន (ប្រមាណជា 351,396,000ដុល្លារអាមេរិក)។ ខ្ទង់ប្រាក់ភ្នាល់នីមួយៗតែងត្រូវការពេលច្រើនថ្ងៃទើបត្រូវបានគេកត់ត្រា ដូច្នេះ ខ្ទង់ប្រាក់ភ្នាល់ទៅលើការបោះឆ្នោតប្រធានាធីបតីអាមេរិក អាចមានច្រើនជាងពេលនេះ។ Betfair ប៉ាន់ប្រមាណឃើញថា ខ្ទង់ប្រាក់ភ្នាល់នេះអាចឡើងដល់400លានដុល្លារអាមេរិក ពោលគឺខ្ពស់​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​ការភ្នាល់លើការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ2016។

    ខ្ទង់ប្រាក់ភ្នាល់ដែលធំជាងគេក្នុងវិស័យនយោបាយនៅលើ Betfair Exchange កន្លងមក គឺមានត្រឹម 555,000ផោន សម្រាប់លោក Trump កាលពីឆ្នាំ2016។ មួយខែមុនការបោះឆ្នោតឆ្នាំនោះ ក៏មានមនុស្សម្នាក់បានភ្នាល់550,000ផោនផងដែរសម្រាប់បេក្ខភាព Hillary Clonton៕

    ប្រភព៖ CNN

  • ឱកាសដែលកូវីដ-19 នឹងឆ្លងរាតត្បាតធំ ជុំទី2 នៅក្នុងប្រទេសចិន មានទាបបំផុត…អ្នកជំនាញការ បង្ហើបឱ្យដឹងពីគន្លឹះបង្ក្រាបកូវីដ យ៉ាងជោគជ័យ

    ឱកាសដែលកូវីដ-19 នឹងឆ្លងរាតត្បាតធំ ជុំទី2 នៅក្នុងប្រទេសចិន មានទាបបំផុត…អ្នកជំនាញការ បង្ហើបឱ្យដឹងពីគន្លឹះបង្ក្រាបកូវីដ យ៉ាងជោគជ័យ

    ក្រុមសារព័ត៌មានចិន បានរាយការណ៍កាលពីចុងសប្ដាហ៍កន្លងទៅថា ប្រទេសលោកខាងលិច កំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ-19 យ៉ាងធ្ងន់ធ្ងរ។ ប្រទេសអឺរ៉ុប កំពុងតម្រង់ជួរគ្នា “បិទប្រទេស” ជាថ្មីម្ដងទៀត ខណៈដែលតួលេខការឆ្លងមេរោគទូទាំងពិភពលោក ក្នុងអំឡុង 1សប្ដាហ៍មកនេះ បានហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ដល់ទៅ 2000,000នាក់។ ចំណែកខាងប្រទេសចិនវិញ អ្នកជំនាញការខាងជំងឺសួត និងប្រព័ន្ធដង្ហើម ដ៏ល្បីឈ្មោះម្នាក់ លោកវេជ្ជបណ្ឌិត ចុង ណាន់សាន បានអះអាងថា ឱកាសដែលនឹងកើតការឆ្លងរាលដាលធំ នៅក្នុងប្រទេសចិន មានទាបបំផុត ហើយលោកព្រមទាំងបានបង្ហើបឱ្យដឹងពីគន្លឹះក្នុងការគ្រប់គ្រងកូវីដ-19 បានយ៉ាងជោគជ័យទៀតផង នោះគឺការព្យាយាមខ្លាំងបំផុត លើការផ្ដុំវិធានការគ្រប់គ្រងដើមហេតុឱ្យបាន។

    លោកវេជ្ជបណ្ឌិត ចុង ណានសាន វ័យ 84ឆ្នាំ បានថ្លែងថា “កិច្ចប្រជុំកំពូលសុខភាពចិន និងការជំរុញផ្នែកវេជ្ជសាស្ត្របុរាណចិន” នៅឯទីក្រុង ស៊ឺ យ៉ាចួង មណ្ឌលហ៊ូពេយ ដែលរៀបចំឡើងកាលពីថ្ងៃចុងសប្ដាហ៍(30-31តុលា) បានឱ្យដឹងថា ទោះជាខណៈនេះ ចិននៅតែរកឃើញការឆ្លងរាលដាលនៅក្នុងតំបន់ផ្សេងៗបន្តិចបន្តួចក្ដី តែរយៈពេលនៃការរាលដាលនីមួយៗ កាន់តែខ្លីឡើង…។

    “យើងបានប្រមូលសន្សំបទពិសោធដ៏មានតម្លៃ រដ្ឋបាលកណ្ដាលបានប្រើយុទ្ធសាស្ត្រទប់ស្កាត់ជំងឺរាតត្បាត ពីចំណុចកណ្ដាលនៃការរាលដាល និងបានព្យាយាមប្រមូលផ្ដុំវិធានការគ្រប់គ្រងពីដើមហេតុនៅគ្រប់ទីកន្លែង ដែលរកឃើញការឆ្លង…នេះគឺគន្លឺះសម្ងាត់ នៃការសម្រេចបានជោគជ័យយ៉ាងស្រស់បំព្រង ក្នុងការគ្រប់គ្រងជំងឺរាតត្បាតដោយសារវីរុសកូរ៉ូណាក្នុងគ្រានេះ” លោកចុង ណានសាន បានថ្លែងដូច្នេះ កាលពីថ្ងៃសៅរ៍(ទី31តុលា) ហើយយើងជឿជាក់ថា ប្រទេសចិន នឹងលែងមានអ្នកឆ្លងមេរោគក្នុងចំនួនច្រើន ដល់ថ្នាក់រាប់ម៉ឺននាក់ទៀតហើយ។

    ខណៈនេះ ការរាតត្បាតដ៏ធំរបស់ជំងឺកូវីដ-19 ទូទាំងពិភពលោក ជុំទី2 បានបើកឆាកឡើងហើយ គួបផ្សំនឹងអាកាសធាតុត្រជាក់ក្នុងរដូវរងា ដែលជំងឺគ្រុនផ្ដាសាយចូលចិត្តឆ្លងរាលដាល ជាពិសេសនៅក្នុងតំបន់ប៉ូលផែនដីខាងជើង នឹងរឹតតែធ្វើឱ្យស្ថានការណ៍ឆ្លងរាតត្បាតកាន់តែអាក្រក់ឡើង។

    លោកវេជ្ជបណ្ឌិត ចុង នៅបានលើកឡើងពីតួលេខប្រៀបធៀប 1ឈុតមកបង្ហាញថា អត្រាការឆ្លងមេរោគរបស់អ្នកជំងឺកូវីដ-19 ក្នុងប្រទេសចិនគឺ ក្នុងមនុស្ស 1លាននាក់ មានអ្នកឆ្លងមេរោគត្រឹមតែ 3នាក់ប៉ុណ្ណោះ ខណៈដែលសហរដ្ឋអាមេរិក មានដល់ទៅ 500នាក់។

    លោកវេជ្ជបណ្ឌិត ចុង បានដាស់តឿនថា “ខណៈនេះសភាពបរិស្ថាននៅក្នុងប្រទេសចិន មានសុវត្ថិភាពខ្លាំងណាស់ តែក៏សូមដាស់តឿនថា នៅក្នុងប្រទេសចិន នៅតែកើតមានការឆ្លងរាលដាលបន្តិចបន្តួច ប្រមាណជា 8លើក តែរយៈពេលនៃការឆ្លង 1លើកៗ កាន់តែខ្លីឡើង តែវាអាចនឹងកើតឡើងមកទៀត ដូច្នេះ ចូរកុំប្រហែសខ្លួនឱ្យសោះ”៕

    លោកវេជ្ជបណ្ឌិត ចុង ណានសាន(កណ្ដាល) វ័យ 84ឆ្នាំ អ្នកជំនាញការល្បីឈ្មោះផ្នែកជំងឺសួត និងប្រព័ន្ធដង្ហើម នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីសុខភាពចិន និងការជំរុញផ្នែកវេជ្ជសាស្ត្របុរាណចិន នៅឯទីក្រុងស៊ឺ យ៉ាចួង មណ្ឌលហ៊ូពេយ ដែលរៀបចំឡើងកាលពីថ្ងៃចុងសប្ដាហ៍(30-31តុលា)

    ប្រភព៖ សារព័ត៌មានបរទេស

  • ពលរដ្ឋ​អាមេរិកាំង​នៅ​មូលដ្ឋាន មិន​មែនជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ឡើយ

    ពលរដ្ឋ​អាមេរិកាំង​នៅ​មូលដ្ឋាន មិន​មែនជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ឡើយ

    ពលរដ្ឋអាមេរិកាំង មិនបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ប៉ុន្តែ ប្រតិភូតំណាងម្ចាស់ឆ្នោតឯណោះទេដែលមានតួនាទីបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ ដោយយោងទៅលើលទ្ធផលនៃការបោះឆ្នោតនៅមូលដ្ឋានរបស់បណ្ដារដ្ឋ។

    ពលរដ្ឋអាមេរិកាំងគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ មានសិទ្ធិទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនេះត្រូវបានគេហៅថា “សំឡេងឆ្នោតប្រជាប្រិយ (popular vote)។ ក៏ប៉ុន្តែ តាមច្បាប់ ប្រតិភូដែលជាតំណាងរបស់ម្ចាស់ឆ្នោតប្រជាប្រិយ (electoral vote/electoral college) ឯណោះទេ ទើបជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។

    បេក្ខភាពនីមួយៗត្រូវការសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន270សំឡេង ទើបក្លាយជាប្រធានាធិបតី។ ក្រុមមេដឹកនាំប្រទេស បានបង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ក៏ព្រោះតែពួកគេមានការព្រួយបារម្ភ ខ្លាចបណ្ដារដ្ឋដែលមានប្រជាជនតិចជាង អាចមិនមានអ្នកតំណាងប្រកបដោយយុត្តិធម៌។ ម្យ៉ាងទៀត ពួកគេក៏យល់ថា “មនុស្សធម្មតា” ទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលស័ក្ដិសម។ ដូច្នេះ ពួកគេក៏បង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ដែលបច្ចុប្បន្នមានចំនួន538រូប ដោយរួមទាំងតំណាងរាស្ត្រមកពីសភាជាន់ខ្ពស់ និងជាន់ទាបរបស់រដ្ឋចំនួន50នៃសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក រដ្ឋធានីវ៉ាស៊ីងតោន មានប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន3រូប។

    ដើម្បីទទួលបានតំណែងប្រធានាធិបតី បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងតិច270សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោត។ ដើម្បីទទួលបានសំឡេងឆ្នោតពីប្រតិភូតំណាង ជាទូទៅ បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេពីពលរដ្ឋមូលដ្ឋាននៅក្នុងរដ្ឋនីមួយៗ។

    បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ California បេក្ខភាពនឹងទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​55​សំឡេង​ពី​ប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ Texas បេក្ខភាពនឹងទទួលបានសន្លឹកឆ្នោតគាំទ្រ35សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ នេះគឺជាប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង”។

    ក៏ប៉ុន្តែ ជួនកាល បេក្ខភាពដែលទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋច្រើនជាងគេនៅទូទាំងប្រទេស (popular vote) ប៉ុន្តែ មិនទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីប្រតិភូតំណាងម្ចាស់ឆ្នោតផងដែរ។ ករណីនេះបានកើតឡើងកាលពីឆ្នាំ2016 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋ (popular vote) ច្រើនជាងគេ ប៉ុន្តែ បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Donald Trump មានប្រៀបជាងនៅក្នុងបណ្ដារដ្ឋដែលមានប្រជាជនតិចជាង ហើយក៏មានប្រៀបជាងនៅក្នុងការបោះឆ្នោតរបស់ប្រតិភូតំណាងម្ចាស់ឆ្នោត ដោយសារតែប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង” នេះ។

    លទ្ធផលនៃការបោះឆ្នោតប្រជាប្រិយ (popular vote) និងការបោះឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត មានលទ្ធផល​ខុស​គ្នា​តែ​5​ដង​ប៉ុណ្ណោះ​ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕

    ប្រភព៖ Next

  • Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត

    Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត

    លោក Joe Biden បន្តនាំមុខគេនៅក្នុងការស្ទង់មតិនានានៅទូទាំងប្រទេស រួមទាំងបណ្ដាតំបន់សំខាន់ៗនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែលោក Donald Trump វិញ ក៏បានអះអាងថា លោកនឹងជាប់ឆ្នោតម្ដងទៀត។

    លទ្ធផលមធ្យមភាគនៃការស្ទង់មតិនានានៅទូទាំងសហរដ្ឋអាមេរិកដែលត្រូវបានចុះផ្សាយ​ដោយ  ​RealClearPolitics​ (RCP) ក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត បានបង្ហាញថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងទទួលបានការគាំទ្រដល់ទៅ50.7% ខ្ពស់ជាង6.8% បើធៀបនឹងតួលេខគាំទ្រត្រឹម43.9% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ RCP ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ2000 គឺជាគេហទំព័រគួរជាទីទុកចិត្ត ស្ដីអំពីព័ត៌មាននយោបាយ និងមានជំនាញខាងប្រមូលទិន្នន័យស្ទង់មតិនៅសហរដ្ឋអាមេរិក។

    លទ្ធផលនៃការស្ទង់មតិរបស់ RCP ក៏ស្រដៀងទៅនឹងគេហទំព័រស្ទង់មតិលំដាប់កំពូលៗផ្សេងទៀត ដូចជា FiveThirtyEight ជាដើម ដោយក្នុងនោះបានបង្ហាញថា លោក Biden កំពុងនាំមុខលោក Trump ដល់ទៅ8.4% នៅទូទាំងប្រទេស។

    តួលេខនៃការនាំមុខទូទាំងប្រទេសរបស់លោក Biden ខ្ពស់ជាងជាងទ្វេដងបើធៀបនឹង Hillary Clinton ដែលជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យកាលពីឆ្នាំ2016។ នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ក៏ទំនងជាកំពុងតែមានប្រៀបជាងលោក Donald Trump ផងដែរ។

    យោងតាម RCP នៅក្នុងរដ្ឋ Florida លោក Biden កំពុងនាំមុខលោក Trump 1.7%។ ការស្ទង់មតិរបស់សាកលវិទ្យាល័យ Siena/New York Times បានបង្ហាញថា អត្រានៃការគាំទ្រលោក Biden ខ្ពស់ជាងលោក Trump 3% ប៉ុន្តែការស្ទង់មតិរបស់ Washington Post/ABC News បែរជាបង្ហាញថា លោក Trump កំពុងនាំមុខគូប្រជែងចំនួន2%។

    រដ្ឋ Florida ដែលមានតំណាងម្ចាស់ឆ្នោត29នាក់ ត្រូវបានគេចាត់ទុកថា ជា “ឧបករណ៍វាស់ស្ទង់” ដ៏គួរទុកចិត្តនៅក្នុងការបោះឆ្នោតកាលពីពេលកន្លេងទៅថ្មីៗនេះ។ នៅពេលបេក្ខភាពណាមួយទទួលបានសំឡេងឆ្នោតនាំមុខនៅក្នុងរដ្ឋនេះ បេក្ខភាពនោះតែងតែជាប់ឆ្នោតជាប្រធានាធិបតី។ លោក Trump ធ្លាប់ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ2016នៅទីនេះ។

    Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោតPennsylvania ជាកន្លែងដែលមានតំណាងម្ចាស់ឆ្នោត20នាក់ លោក Biden ក៏កំពុងនាំមុខលោក Trump 2.9% នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់ RCP។ ប្រធានាធិបតី Trump ក៏បានជាប់ឆ្នោតនៅក្នុងរដ្ឋនេះកាលពីឆ្នាំ2016 ដោយទទួលបានការគាំទ្រខ្ពស់ជាងគូប្រជែង0.7%។

    ចំណែក Michigan និង Wisconsin គឺជារដ្ឋដែលលោក Trump ធ្លាប់បាននាំមុខក្នុងការបោះឆ្នោតឆ្នាំ2016 ប៉ុន្តែពេលនេះ លទ្ធផលស្ទង់មតិរបស់ RCP បង្ហាញថា លោក Trump កំពុងនៅពីក្រោមលោក Biden។

    យ៉ាងណាក៏ដោយ លោក Trump យល់ថា លទ្ធផលនៃការស្ទង់មតិដែលមិនអំណោយផលដល់រូបលោក គឺសុទ្ធតែ “មិនត្រឹមត្រូវ” ហើយថា លោកនឹងជាប់ឆ្នោតជាថ្មី។ ការបោះឆ្នោតកាលពីឆ្នាំ2016 បានបង្ហាញថា លទ្ធផលនៃការស្ទង់មតិ​នានា​កាល​ពី​4​ឆ្នាំ​មុន​ បាន​ត្រូវជាមួយនឹងលទ្ធផលនៃការបោះឆ្នោតទូទៅ ប៉ុន្តែ លោកស្រី Clinton ​បាន​ចាញ់​លោក​ Trump​ ដោយ​សារ​តែ​សន្លឹក​ឆ្នោត​ដែល​បាន​មក​ពីក្រុមអ្នកតំណាងម្ចាស់ឆ្នោត មានចំនួនតិចជាង៕

    ប្រភព៖ AFP

  • បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ Covid-19​ នៅ​កម្ពុជា​ និង​ពិភព​លោក

    បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ Covid-19​ នៅ​កម្ពុជា​ និង​ពិភព​លោក

    ពិភពលោកទាំងមូល បានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុបជាង47លាននាក់ ក្នុងនោះកម្ពុជាបាន​រក​ឃើញ​ចំនួន​292​នាក់។

    គិតមកដល់ថ្ងៃទី3វិច្ឆិកា ឆ្នាំ2020នេះ ប្រទេសទាំងឡាយនៅទូទាំងសកលលោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCovid19 សរុបចំនួន47,313,006នាក់ ក្នុងនោះមានអ្នកជំងឺចំនួន​1,211,003​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​អ្នក​ជំងឺ​​34,025,787​នាក់​បាន​ជាសះស្បើយ និង12,076,216នាក់កំពុងទទួលការព្យាបាល។

    ប្រទេសដែលកំពុងរងការរាតត្បាតខ្លាំងជាងគេពីវីរុសCovid-19 គឺសហរដ្ឋអាមេរិក ដោយ​មាន​អ្នក​ឆ្លង​ដល់​ទៅ​9,567,071​នាក់​ ក្នុង​នោះមានអ្នកស្លាប់236,983នាក់ និងកំពុងព្យាបាល 3,159,248នាក់។ ឈរលំដាប់ទីពីរគឺប្រទេសឥណ្ឌា ដោយមានអ្នកជំងឺសរុបចំនួន8,266,914នាក់ ក្នុងនោះអ្នកស្លាប់បានកើនដល់​123,139​នាក់ និងអ្នកជំងឺកំពុងព្យាបាលមានចំនួន542,346នាក់។ ចំណែកប្រទេសដែលមានអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទីបី គឺប្រទេសប្រេស៊ីល ដោយមានអ្នកជំងឺសរុប5,554,206នាក់ អ្នកស្លាប់សរុប​160,272​នាក់​ និង​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន​412,992​នាក់។

    ដោយឡែក នៅប្រទេសកម្ពុជាឯណេះវិញ ក្រសួងសុខាភិបាលទើបបានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស​Covid-19 សរុប292នាក់ ក្នុងនោះមានអ្នកជំងឺ283នាក់បានជាសះស្បើយ ខណៈ9នាក់ផ្សេងទៀតកំពុងទទួល​ការ​ព្យាបាល។ គិត​មក​ដល់​ថ្ងៃ​ទី​3​វិច្ឆិកា​នេះ ​កម្ពុជា​មិនទាន់មានអ្នកជំងឺCovid-19ណាម្នាក់ត្រូវបានគេរាយការណ៍​ថា​ បានបាត់បង់ជីវិតនៅឡើយ៕

    ប្រភព៖ Worldometers, ក្រសួងសុខាភិបាល

     

  • ទិដ្ឋ​ភាព​​ព្យុះ​​ Molave​ ដែល​កំពុង​​វាយ​​ប្រហារ​ប្រទេស​វៀតណាម​ (វីដេអូ និង​រូបថត)

    ទិដ្ឋ​ភាព​​ព្យុះ​​ Molave​ ដែល​កំពុង​​វាយ​​ប្រហារ​ប្រទេស​វៀតណាម​ (វីដេអូ និង​រូបថត)

    នៅពេល​នេះ ព្យុះ​ Molave កំពុង​បោក​បក់​ចូល​ដី​គោក​​ភាគ​កណ្ដាល​ប្រទេស​វៀត​ណាម ដោយ​ចំណុច​កណ្ដាល​របស់​ព្យុះ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Quang Nam និង​ខេត្ត Quang Ngai។

    ខ្យល់​បោក​បក់​បាន​លាត​សន្ធឹង​នៅលើ​ខេត្ត​ជា​ច្រើន​ក្នុង​តំបន់​ខ្ពង់​រាប​ Tay Nguyen បណ្ដាល​ឱ្យ​ដើម​ឈើ ផ្ទាំង​បដា​ធំៗ ផ្ទះសម្បែង​ជាដើម ​ត្រូវ​ប៉ើងដំបូល​​ ឬ​​ដួល​រលំ​​ជាបន្ត​បន្ទាប់​។

    ខាងក្រោម​គឺជា​រូប​ភាពមួយ​ចំនួន​ស្ដី​អំពី​ឥទ្ធិពល​របស់​ព្យុះ Molave នៅ​វៀត​ណាម​៖








    ប្រភព៖ VNE

  • ក្រពើ ប្រវែង 4ម៉ែត្រ 1ក្បាល ខាំត្របាក់ស្មាបុរសអាមេរិកាំងម្នាក់កំពុងហែលទឹកលេងក្នុងបឹង តែ…

    ក្រពើ ប្រវែង 4ម៉ែត្រ 1ក្បាល ខាំត្របាក់ស្មាបុរសអាមេរិកាំងម្នាក់កំពុងហែលទឹកលេងក្នុងបឹង តែ…

    កាលពីថ្ងៃទី27 តុលា សារព័ត៌មាន ដេលី មេល បានរាយការណ៍ពីភាពគួរឱ្យស្រៀវពោះវៀនរបស់លោក ចន ប្រាហេ បុរសអាមេរិកាំងម្នាក់ ដែលសម្រេចចិត្តនៅហែលត្រាំក្នុងទឹកបន្តទៀត ជាមួយសត្វក្រពើធំ ប្រវែង 4ម៉ែត្រ 1ក្បាល ក្រោយពីវា បានហែលចូលមកខាំត្របាក់ស្មារបស់គេ ដែលកំពុងហែលទឹកនៅក្នុងបឹងទឹកសាបមួយ នៅក្នុង អេវើរ ក្លេដស៍ តំបន់ដែលសម្បូរទៅដោយបឹងធំៗ ក្នុងរដ្ឋម៉ៃអាមី។

    តែយ៉ាងណាក៏ដោយ លោកប្រាហេ បានប្រាប់ថា ក្រពើ 1ក្បាលនេះ មានឈ្មោះថា “អេលវីស” ថែមទាំងជា “មិត្តភក្តិ” ខុសពូជគ្នាជាមួយរូបលោកទៀតផង និងគ្មានចេតនាធ្វើបាបរូបលោកឡើយ។

    លោកប្រាហេ ប្រាប់ថា “ខ្ញុំជាអ្នកមុជទឹកជ្រៅ ទឹករាក់ និងជាអ្នកមុជទឹកឯករាជ្យ ដើម្បីការសម្រាកលម្ហែអារម្មណ៍ និងស្រឡាញ់សត្វ…ខ្ញុំតែងហែល និងមុជក្នុងទឹកជ្រៅ លេងជាមួយហ្វូងត្រីឆ្លាម ក្រពើ និងសត្វសមុទ្រគ្រប់ប្រភេទ ដើម្បីភាពសប្បាយរីករាយ”

    បន្ទាប់ពីផូស្តឃ្លីបវីដេអូនេះ នៅលើហ្វេសប៊ុករួចមក លោកប្រាហេ បានសរសេរប្រាប់ថា “សត្វក្រពើខ្លួនវែងប្រវែង 13ហ្វ៊ុត បានហែលចូលមកខាំត្របាក់ ព្រោះគិតថាខ្លួនវាធំជាង ទើបចង់ប្រឡែងលេងជាមួយខ្ញុំ ខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចអីបន្តិចសោះ វាគ្រាន់តែចង់អួត ឬចង់ដឹងចង់ស្គាល់ប៉ុណ្ណឹងឯង…បើវាចង់ត្របាក់ស៊ីខ្ញុំមែន ថ្មើណេះ ប្រហែលខ្ញុំមិនបានមកនៅក្នុងហ្វេសប៊ុកអ៊ីចឹងទេ…វានៅតែជាមិត្តភក្តិរបស់ខ្ញុំ ខ្ញុំនឹងត្រឡប់ទៅជួបវា ឆាប់ៗនេះ…”

    “…កន្លងមក ខ្ញុំមានសម្ព័ន្ធភាពច្រើនណាស់ជាមួយក្រពើ 1ក្បាលនេះ ខ្ញុំគិតថា អាចមកពីនៅម្ដុំៗហ្នុង មានមនុស្សច្រើន ទើបវាមានអារម្មណ៍ចង់បង្ហាញភាពលេចធ្លោរបស់វា ឱ្យគេឃើញ តែជាធម្មតា វាស្លូតណាស់…”

    មិត្តភក្តិរបស់លោកប្រាហេ បាននាំគ្នាបង្ហាញការយល់ឃើញថា រូបគេអាចនឹងត្រូវស្លាប់ ឬរងរបួសធ្ងន់ដោយសារតែក្រពើ 1ក្បាលនេះបាត់ទៅហើយ។ ដូចជាលោក ម៉ាក អាហ្ស៊ីស បានសរសេរថា “វាមិនមែនជាពេលវេលាដ៏ឆ្លាតវៃរបស់ឯងទេ បើវាចង់ខាំបណ្ដាច់ដៃម្ខាងរបស់ឯង វាច្បាស់ជាធ្វើបាន…”

    ចំណែកមិត្តភក្តិម្នាក់ទៀត បាននិយាយពីបុរសចិត្តត្រជាក់ម្នាក់ទៀត ដែលស្ថិតនៅក្នុងទឹក ទាំងមានសត្វក្រពើហែលនៅក្បែរខ្លួន តែលោកប្រាហេ បានឆ្លើយថា “ម្នាក់នោះ គាត់ជាអ្នកមុជទឹកអាជីព ជាអ្នកប្រយុទ្ធជំនាន់ទី5ហើយ គាត់ធំឡើងនៅលើផ្ទៃទឹកមួយនេះ ទើបគាត់ស្និទ្ធស្នាល និងចំណានជាមួយក្រពើ ចំណែកខ្ញុំ ជំនាញជាមួយត្រីឆ្លាមខ្លាំងជាង តែនឹងព្យាយាមធ្វើឱ្យដូចគាត់…”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សហរដ្ឋ​អាមេរិក៖​ អំពើ​ហិង្សា​ផ្ទុះ​ឡើង ​ទូ​ ATM ​ជា​ច្រើន​ត្រូវ​គេ​បំផ្ទុះ​គ្រាប់​បែក​

    សហរដ្ឋ​អាមេរិក៖​ អំពើ​ហិង្សា​ផ្ទុះ​ឡើង ​ទូ​ ATM ​ជា​ច្រើន​ត្រូវ​គេ​បំផ្ទុះ​គ្រាប់​បែក​

    ហេតុការណ៍ប៉ូលិសបាញ់សម្លាប់ជនជាតិអាមេរិកាំងស្បែកខ្មៅម្នាក់ បាននាំឱ្យមានបាតុកម្មកើតឡើង និងបង្កជាអំពើហិង្សានៅ Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ទូ ATM ជាច្រើនត្រូវបានជនមិនស្គាល់មុខបំផ្ទុះគ្រាប់បែក ខណៈដែលហាងទំនិញជាច្រើនត្រូវបានវាយបំផ្លាញ និងលួចប្លន់។

    សមត្ថកិច្ចរាប់រយនាក់មកពីអង្គភាពការពារជាតិ Pennsylvania កាលពីថ្ងៃទី27តុលា ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Philadelphia បន្ទាប់ពីទីក្រុងនេះរងអំពើហិង្សាពេញមួយយប់ ព្រោះតែករណីប៉ូលិសបាញ់សម្លាប់ពលរដ្ឋស្បែកខ្មៅម្នាក់។

    Tom Wolf ដែលជាអភិបាលរដ្ឋ Pennsylvania បានស្នើឱ្យកងកម្លាំងនៃអង្គភាពការពារជាតិ និងកម្លាំងអនុវត្តច្បាប់ ចូលមកការពារជីវិត ទ្រព្យសម្បត្តិ និងសិទ្ធិនៃការជួបជុំ និងបាតុកម្មដោយសន្តិវិធី។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកមូលហេតុដំបូងនៃអំពើហិង្សានេះ គឺបណ្ដាលមកពីករណីប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ កាលពីថ្ងៃទី​26​តុលា ដោយសារតែបុរសនេះមានអាវុធនៅក្នុងដៃនៅពេលប៉ះទង្គិចជាមួយនឹងប៉ូលិស។ បុរសស្បែកខ្មៅនេះ មានអាយុ27ឆ្នាំ ឈ្មោះ Walter Wallace Jr.។

    មន្ត្រីអនុវត្តច្បាប់បានឱ្យដឹងថា Wallace ត្រូវបានប៉ូលិស2នាក់បាញ់ចំនួន14គ្រាប់។ ក្នុងហេតុការណ៍នេះ កម្លាំងប៉ូលិសត្រូវបានគេចោទថា បានប្រើអំពើហិង្សាលើពលរដ្ឋស្បែកខ្មៅ។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកគ្រួសាររបស់ Wallace បានឱ្យដឹងថា Wallace មានបញ្ហាសុខភាពផ្លូវចិត្ត និងកំពុងព្យាបាលដោយថ្នាំពេទ្យ។ “កូនខ្ញុំជាមនុស្សមានបញ្ហាផ្លូវចិត្ត ហេតុអ្វីបានជាអស់លោកប្រើប្រាស់កាំភ្លើងបាញ់សម្លាប់វាទៅវិញ?” លោក Walter Wallace Sr ឪពុករបស់ជនរងគ្រោះ និយាយដូច្នេះ។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកក្រោយហេតុប៉ូលិសបាញ់សម្លាប់ Wallace បាតុកម្មដោយសន្តិវិធីមួយក៏ត្រូវបានធ្វើឡើង ប៉ុន្តែបន្ទាប់មក បាតុ​កម្ម​នេះ​បានក្លាយជាអំពើហិង្សា ឆក់ប្លន់ ព្រមទាំងមានអំពើបំផ្ទុះគ្រាប់បែកទៅលើទូ ATM យ៉ាងហោច10កន្លែងផងដែរ។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកអំពើហិង្សាបានបណ្ដាលឱ្យមន្ត្រីនគរបាលយ៉ាងតិច30នាក់ត្រូវរងរបួស និងបាតុករជាង90នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី26តុលា។ ក្រុមមន្ត្រីនៃរដ្ឋ Pennsylvania បានព្រមានថា នឹងអាចមានអំពើហិង្សាបែប​នេះកើតឡើងម្ដងទៀតមិនខាន។ អំពើហិង្សានេះបានកើតមានឡើងនៅក្នុងគ្រាដែលការបោះឆ្នោតជាតិ (3វិច្ឆិកា) នៅ​សហរដ្ឋអាមេរិក កាន់តែខិតជិតមកដល់៕

    ប្រភព៖ Reuters

  • ព្យុះ Molve កំពុងវាយ​ប្រហារ​លើ​ភាគកណ្ដាលប្រទេសវៀតណាម

    ព្យុះ Molve កំពុងវាយ​ប្រហារ​លើ​ភាគកណ្ដាលប្រទេសវៀតណាម

    ព្រឹកព្រលឹមថ្ងៃទី28តុលានេះ ព្យុះ Molave បានចូលមកដល់ឆ្នេរសមុទ្រវៀតណាម ចាប់ពីខេត្ត Quang Nam ដល់ខែ Phu Yen នៅភាគកណ្ដាលប្រទេសវៀតណាម បណ្ដាលឱ្យមានភ្លៀងធំ និងខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យដើមឈើ និងផ្ទាំងផ្សាយពាណិជ្ជកម្មជាដើម ត្រូវដួលរលំ។

    សារព័ត៌មានវៀតណាមបានរាយការណ៍ថា ព្យុះនេះបានបង្កឱ្យមានរលកសមុទ្រកម្ពស់ដល់6ម៉ែត្រ នៅពេលដែលវាចូលមកដល់ដីគោក។

    ព្យុះ Molve កំពុងវាយលុកភាគកណ្ដាលប្រទេសវៀតណាម

    ព្យុះ Molave បានចាប់ផ្ដើមបង្ហាញខ្លួននៅលើលម្ហសមុទ្រហ្វីលីពីនកាលពីថ្ងៃទី25តុលា2020 និងធ្វើដំណើរឆ្ពោះត្រង់មកកាន់ប្រទេសវៀតណាម។

    Molave បានវាយប្រហារលើប្រទេសហ្វីលីពីន ជាមួយនឹងកម្លាំងខ្យល់125គម/ម៉ោង បណ្ដាលឱ្យមនុស្សយ៉ាងតិច2នាក់បានស្លាប់ និង19នាក់បាត់ខ្លួន។

    ព្យុះ Molve កំពុងវាយលុកភាគកណ្ដាលប្រទេសវៀតណាមរហូតដល់ថ្ងៃទី26តុលា Molave បានចូលមកដល់សមុទ្រចិនខាងត្បូង ហើយក៏បានបង្កើនកម្លាំងឡើងដល់កម្រិតទី17។ នេះបើតាមសារព័ត៌មានវៀតណាម។

    ស្ថាប័នឧតុនិយមវៀតណាមបានព្យាករថា ព្យុះ Molave នឹងវាយប្រហារចូលដីគោកក្នុងខេត្ត Quang Ngai នៅវេលាម៉ោង10ព្រឹកនេះ ជាមួយនឹងកម្លាំងខ្យល់កម្រិតទី15 (150គម/ម៉ោង)៕

    ប្រភព៖ VNE

  • ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក Macron

    ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក Macron

    មនុស្សរាប់ម៉ឺននាក់នៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស បាននាំគ្នាធ្វើបាតុកម្ម និងអំពាវនាវឱ្យពលរដ្ឋឈប់ប្រើប្រាស់ផលិតផលរបស់បារាំង ព្រមទាំងបានដុតរូបថតប្រធានាធិបតី Emmanuel Macron ទៀតផង។

    ភាគីខាងប៉ូលិសបានឱ្យដឹងថា មនុស្សជាង40,000នាក់បានចូលរួមធ្វើបាតុកម្មដែលដឹកនាំដោយ Islami Andolon Bangladesh (IAB) ដែលជាបក្សឥស្លាមធំជាងគេមួយនៅក្នុងប្រទេសបង់ក្លាដែស។ បាតុកម្មនេះបានចាប់ផ្ដើមចេញពីវិហារឥស្លាមជាតិ Baitul Mukarram ដែលជាវិហារឥស្លាមធំជាងគេបង្អស់របស់ប្រទេសនេះ។

    ក្រុមបាតុករបាននាំគ្នាស្រែកហ៊ោថា “ឈប់ប្រើផលិតផលរបស់បារាំង” និងអំពាវនាវឱ្យដាក់ទណ្ឌកម្មលោក Macron។ បាតុករម្នាក់ឈ្មោះ Ataur Rahman ដែលជាសមាជិកជាន់ខ្ពស់របស់ IAB បាននិយាយថា៖ “Macron គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចដែលគោរពបីសាច Satan (Satan គឺជាបីសាច ឬជាអង្គភាពមួយនៅក្នុងបណ្ដាសាសនាអាប្រាហាំ (Abrahamic religions) ដែលមានជំនាញខាងល្បួងមនុស្សឱ្យចូលទៅក្នុងអំពើបាប ឬអំពើកុហកបោកប្រាស់)។

    ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក MacronRahman បានអំពាវនាវឱ្យរដ្ឋាភិបាលបង់ក្លាដែស “អូសក្បាល” អគ្គរដ្ឋទូតបារាំង ខណៈដែលមេដឹកនាំម្នាក់ទៀត ឈ្មោះ Hasan Jamal និយាយថា ក្រុមសកម្មជននឹង “កម្ទេចអគារនោះជាបំណែក” បើសិនអគ្គរដ្ឋទូតបារាំងមិនចាកចេញ។

    Nesar Uddin ដែលជាមេដឹកនាំវ័យក្មេងម្នាក់របស់ក្រុមខាងលើ បានឱ្យដឹងថា៖ “បារាំងគឺជាសត្រូវរបស់ពួកឥស្លាមបរិស័ទ (ម៉ូស្លីម)។ ក្រុមអ្នកតំណាងរបស់ពួកគេ ក៏ជាសត្រូវរបស់យើង”។

    ក្រុមប៉ូលិសរាប់រយនាក់ បានប្រើប្រាស់របងដែកដើម្បីទប់ស្កាត់ក្រុមបាតុករ ប៉ុន្តែ មិនមានការប្រើអំពើហិង្សានោះទេ។ បាតុករត្រូវបានរារាំងមិនឱ្យទៅក្បែរស្ថានទូតបារាំង ក៏ប៉ុន្តែ ពួកគេបាននាំគ្នាហែក្បួនទៅកាន់ផ្លូវផ្សេងៗ និងស្រែកហ៊ោថា “ឈប់ប្រើផលិតផលបារាំង”។ល។

    ទាក់ទងបញ្ហាគ្រូបង្រៀនបារាំងត្រូវគេកាត់ក្បាល! 40,000នាក់ធ្វើបាតុកម្មប្រឆាំងបារាំង និងដុតរូបថតលោក Macronប្រធានាធិបតីបារាំង បានធ្វើឱ្យក្រុមអ្នកកាន់សាសនាឥស្លាម មានការខឹងសម្បាខ្លាំង ដោយសារតែលោកបានគាំទ្រដល់ការបោះពុម្ភផ្ទាំងគំនូរត្លុកដែលប្រមាថដល់ព្យាការី Mohammed ដែលជាប្រការត្រូវបានហាមដាច់ខាតនៅក្នុងសាសនាឥស្លាម។ ការគាំទ្ររបស់ប្រធានាធិបតីបារាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគ្រូបង្រៀងផ្នែកប្រវត្តិសាស្ត្រម្នាក់របស់បារាំង ត្រូវបានកាត់ក្បាលដោយបុរសម្នាក់ដែលគេសង្ស័យថាជាសមាជិករបស់ក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយម ព្រោះតែបានគ្រូម្នាក់នោះបានឱ្យសិស្សមើលរូបត្លុកខាងលើ។

    ប្រធានាធិបតីបារាំងក៏បាននិយាយថា ម៉ូស្លីមសាសនា គឺជាសាសនាមួយដែលកំពុងជួបវិបត្តិទូទាំងសកលលោក ហើយបានសន្យាថា នឹងប្រឆាំងទៅនឹង “លទ្ធិ ឥស្លាមផ្ដាច់ខ្លួន”៕

    ប្រភព៖ AFP