Category: អន្តរជាតិ

  • យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល វាយប្រហារ​លើ​តំបន់ ហ្គា​ហ្សា ទៀតហើយ

    យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល វាយប្រហារ​លើ​តំបន់ ហ្គា​ហ្សា ទៀតហើយ

    អ៊ីស្រាអែល ប្រកាសថា បាន​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីតាំង​ផលិត​រ៉ុក្កែត របស់​ក្រុម ហា​ម៉ាស នៃ​ចលា​នា ប៉ា​លេ​ស្ទី​ន បន្ទាប់ពី​កងជីវពល​នេះ​បង្ហោះ​ប៉ោង​ប៉ោង​បំពាក់​ជាតិ​ផ្ទុះ​ចូលទៅ​ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល។

    ក្រសួងការពារជាតិ​អ៊ីស្រាអែល បានប្រកាសថា កងទ័ព​ប្រទេស​នេះ​បាន​វាយប្រហារ​ទៅលើ​ទីតាំង​ជាច្រើន ក្នុងនោះ​មាន​ទាំង​មូលដ្ឋាន​អភិវឌ្ឍ​រ៉ុក្កែត​របស់​ក្រុម​ប្រដាប់អាវុធ ហា​ម៉ាស នៅ​ទីក្រុង Khan Younis ក្នុង​តំបន់ ហ្គា​ហ្សា កាលពី​យប់​ថ្ងៃទី 6 កញ្ញា និង​បាន​បន្ថែមថា នេះ​គឺជា​ការសង​សឹក​ទៅនឹង​ករណី​បង្ហោះ​ប៉ោង​ប៉ោង​ភ្ជាប់​ជាតិ​ផ្ទុះ​បង្ក​អគ្គិភ័យ​ចំនួន​បី​លើក​ទៅលើ​តំបន់​ភាគខាងត្បូង​រប​ស់ អ៊ីស្រាអែល។

    វីដេអូ​ក្នុង​បណ្ដាញ​សង្គម​បង្ហាញថា ករណី​ផ្ទុះ​ជាច្រើន រួម​ជាមួយនឹង​អណ្ដាតភ្លើង បានកើត​ឡើង​ដោយសារ​ការបាញ់ប្រហារ​ពី​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល។ សាក្សី​មួយចំនួន​និយាយថា ស្របពេលនោះ​ក៏មាន​សំឡេង​កាំភ្លើង​ធំ​បន្លឺឡើង ទំនងជា​បាញ់​សំដៅ​យន្តហោះ​ចម្បាំង​ដែល​កំពុង​ហោះ​ពីលើ​តំបន់ ហ្គា​ហ្សា។

    អ៊ីស្រាអែល បាន​វាយប្រហារ​តាម​អាកាស​ជាច្រើនលើក​ទៅលើ​តំបន់ ហ្គា​ហ្សា រាប់​ចាប់ពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ ហា​ម៉ាស ក្រោយ​ការប្រយុទ្ធ​គ្នា 11 ថ្ងៃ ដែល​បាន​បណ្ដាលឱ្យ​ជនជាតិ​ប៉ា​លេ​ស្ទី​ន 260 និង​ជនជាតិ​អ៊ីស្រាអែល 13 បាន​ស្លាប់​កាលពី​ខែឧសភា។

    មូលហេតុ​ដែលនាំឱ្យ អ៊ីស្រាអែល បើក​ការវាយប្រហារ​សងសឹក ត្រូវបាន អ៊ីស្រាអែល អះអាងថា មកពី​ការ​បង្ហោះ​ប៉ោង​ប៉ោង​ដែលមាន​ភ្ជាប់​ជាតិ​ផ្ទុះ និង​ការបាញ់​រ៉ុក្កែត ចូល​ទឹកដី អ៊ីស្រាអែល ពី​សំណាក់​កងជីវពល ហា​ម៉ាស៕

  • មេរដ្ឋប្រហារ​យោធា​នៅ​ ហ្គីណេ​ ស្បថ​ថា​ មិន​ធ្វើបាប​សមាជិក​រដ្ឋាភិបាល​ចាស់​ ខណៈ​រង​ការ​ថ្កោល​ទោស​ពី​អន្តរ​ជាតិ

    មេរដ្ឋប្រហារ​យោធា​នៅ​ ហ្គីណេ​ ស្បថ​ថា​ មិន​ធ្វើបាប​សមាជិក​រដ្ឋាភិបាល​ចាស់​ ខណៈ​រង​ការ​ថ្កោល​ទោស​ពី​អន្តរ​ជាតិ

    Mamady Doumbouya មេបញ្ជាការ​កងទ័ពរ​ដ្ឋ​ប្រហារ​របស់ ហ្គី​ណេ សន្យាថា បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ និង​មិន​ធ្វើបាប​សមាជិក​រដ្ឋាភិបាល​ចាស់ ខណៈ​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​គំរាម​ដាក់ទណ្ឌកម្ម។

    «នឹងមាន​ការចរចា​មួយ​ដើម្បី​បង្កើត​បទបញ្ជា​សម្រាប់​ដំណើរការ​នៃ​ការប្រគល់អំណាច ក្រោយមក​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ» Mamady Doumbouya មេបញ្ជាការ​កងកម្លាំង​ពិសេស​របស់ ហ្គី​ណេ បានឱ្យដឹង​ដូច្នេះ​កាលពី​ម្សិលមិញ ប៉ុន្តែ មិនបាន​បញ្ជាក់​លម្អិត​អំពី​ពេលវេលា​នៃ​ការចរចា ឬ​កាលកំណត់​នៃ​ការប្រគល់អំណាច។

    មេបញ្ជាការ​កងទ័ពរ​ដ្ឋ​ប្រហារ​រូបនេះ​បាន​សន្យាថា នឹងមិន​ធ្វើបាប​សមាជិក​ទាំងឡាយ​របស់​រដ្ឋាភិបាល​ចាស់ ទន្ទឹមនឹងនេះ លោក​ក៏បាន​សន្យា​ជាមួយ​ក្រុម​អ្នកវិនិយោគ​ថា សកម្មភាព​ជំនួញ​នឹងមិន​រង​ផលប៉ះពាល់។

    ហ្គី​ណេ ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក បើទោះជា​មាន​ធនធានធម្មជាតិ​សម្បូរបែប។ កន្លងមក ប្រទេស​នេះ​តែងតែ​ជួប​បញ្ហា​អស្ថិរភាព​នយោបាយ។ ភាព​តានតឹង​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន បន្ទាប់ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី​បី​ដ៏​ចម្រូងចម្រាស​របស់​ប្រធានាធិបតី Alpha Conde។ មួយ​ថ្ងៃមុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ 2020 កងទ័ព​បាន​បិទ​ច្រកចូល​ក្នុង​ខណ្ឌ Kaloum បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការបះបោរ​នៅ​ភាគ​ខាងកើត​រដ្ឋធានី។

    វរសេនីយឯក Mamaby Doumbouya មេរដ្ឋប្រហារ​យោធា​នៅ​ ហ្គីណេ លើក​ដៃ​ស្វាគមន៍​ហ្វូង​មនុស្ស​ នៅ​ពេល​លោក​មក​ដល់វិមាន​ប្រជាជន (Palais du Peuple/Palace of the People) នៅ​ក្នុង​រដ្ឋធានី​ Conakry កាលពី​ថ្ងៃទី 6 កញ្ញា​ ឆ្នាំ​ 2021សារព័ត៌មាន AFP បាន​រាយការណ៍​ថា Doumbouya មេបញ្ជាការ​កងកម្លាំង​ពិសេស​របស់ ហ្គី​ណេ ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី 5 កញ្ញា ដែល​បាន​ចាប់ខ្លួន​ប្រធានាធិបតី Conde វ័យ 83 ឆ្នាំ បានប្រកាស​រំលាយ​រដ្ឋធម្មនុញ្ញ ដាក់​បម្រាម​គោចរ រំលាយ​រដ្ឋាភិបាល និង​ផ្លាស់ប្ដូរ​អភិបាលខេត្ត និង​ក្រុមមន្ត្រី​ជាន់ខ្ពស់ ជំនួស​ដោយ​មនុ​ស្សរប​ស់​កងទ័ព។

    ប្រទេស​ជាច្រើន​បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​នេះ។ «អំពើហិង្សា និង​ច្បាប់​ទាំងឡាយណា​ក្រៅពី​រដ្ឋធម្មនុញ្ញ សុទ្ធតែ​ធ្វើឱ្យប៉ះពាល់​ដល់​ក្ដីសង្ឃឹម​ដែលថា ហ្គី​ណេ នឹង​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​រីកចម្រើន» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស សហរដ្ឋអាមេរិក Ned Price និយាយ​ដូច្នេះ និង​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​គោរព​ច្បាប់។

    សហភាព​អាហ្វ្រិក និង​អង្គការសហប្រជាជាតិ សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ប្រធានាធិបតី Conde។ សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​រដ្ឋ​អាហ្វ្រិក​ខាងលិច (Economic Community of West African States) បាន​គំរាមថា​នឹងដាក់​ទណ្ឌកម្ម បើសិន ហ្គី​ណេ មិន​ស្ការ​រដ្ឋធម្មនុញ្ញ​ឡើងវិញ៕

  • តំណាងរាស្ត្រ អាមេរិក ថា តា​លី​បង់ កំពុង​ឃាត់​យន្តហោះ 6 គ្រឿង​ដែល​ដឹក​ពលរដ្ឋ​អាមេរិក

    តំណាងរាស្ត្រ អាមេរិក ថា តា​លី​បង់ កំពុង​ឃាត់​យន្តហោះ 6 គ្រឿង​ដែល​ដឹក​ពលរដ្ឋ​អាមេរិក

    កងកម្លាំង តា​លី​បង់ កំពុង​ឃាត់​យន្តហោះ​ចំនួន 6 គ្រឿង ដែល​ដឹក​ពលរដ្ឋ​អាមេរិកាំង និង​ជនភៀសខ្លួន អា​ហ្វ​ហ្គា​នី​ស្ថាន នៅឯ​ព្រលានយន្តហោះ​ក្រុង Mazar-i-Sharif ដើម្បី​ធ្វើជា​ចំណាប់ខ្មាំង នេះ​បើតាម​សម្ដី​របស់​តំណាងរាស្ត្រ សហរដ្ឋអាមេរិក។

    «យើង​មាន​យន្តហោះ​ចំនួន 6 គ្រឿង នៅឯ​ព្រលានយន្តហោះ Mazar-i-Shari ដែលមាន​ពលរដ្ឋ​អាមេរិកាំង នៅលើ​នោះ។ តា​លី​បង់ កំពុង​ឃាត់ខ្លួន​ពួកគេ​ធ្វើជា​ចំណាប់ខ្មាំង​នៅពេលនេះ» តំណាងរាស្ត្រ​បក្ស​សាធារណៈរដ្ឋ Michael McCaul ដែលជា​សមាជិក​នៃ​គណៈកម្មការ​កិច្ចការបរទេស​របស់​សា​ភា​ជាន់​ទាប បាន​អះអាង​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី 5 កញ្ញា។ ទី​រួម​ខេត្ត Mazar-i-Shari របស់​ខេត្ត Balkh គឺជា​ទីក្រុង​ធំ​ទី​បួន​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

    McCoul អះអាងថា ជើងយន្តហោះ​នានា ត្រូវបាន​ក្រសួងការបរទេស អាមេរិក អនុញ្ញាតឱ្យ​ចេញដំណើរ ប៉ុន្តែ «តា​លី​បង់ នឹងមិន​អនុញ្ញាតឱ្យ​ហោះ​ចេញពី​ព្រលានយន្តហោះ»។

    «យន្តហោះ​ទាំងនេះ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ។ យើង​ដឹង​អំពី​មូលហេតុ តា​លី​បង់ ចង់​ដោះដូរ​អ្វីមួយ។ នេះ​ពិតជា​ករណី​ចាប់​ជា​ចំណាប់ខ្មាំង។ ពួកគេ​នឹងមិន​អនុញ្ញាតឱ្យ​ពលរដ្ឋ​អាមេរិកាំង ចាកចេញ រហូត​ទាល់តែ អាមេរិក ទទួលស្គាល់​ទាំងស្រុង» លោក McCaul ឱ្យដឹង​ដូច្នេះ។

    តំណាងរាស្ត្របក្សសាធារណៈរដ្ឋ លោក Michael McCaul

    ក្រសួងការបរទេស សហរដ្ឋអាមេរិក មុន​នោះបាន​រាយការណ៍​ប្រាប់​សភា​ថា បណ្ដា​ជើងហោះហើរ​ជួល​ពី​ឯកជន​ដែល​បាន​ត្រៀម​រួចរាល់​ក្នុង​ការដឹក​ពលរដ្ឋ​អាមេរិកាំង និង​ពលរដ្ឋ​ដែលមាន​ប័​ណ្ឌ​បៃតង ពី អា​ហ្វ​ហ្គា​នី​ស្ថាន ទៅកាន់ Doha ប្រទេស​កាតា កំពុង​ត្រូវបាន តា​លី​បង់ រារាំង នៅឯ Mazar-i-Sharif។ ប្រភពព័ត៌មាន​ពីស​ភា​និយាយថា «ជា​មូលដ្ឋាន តា​លី​បង់ កំពុង​ចាប់​ឃាត់ខ្លួន​ពួកគេ​ជា​ចំណាប់ខ្មាំង ដើម្បី​ទាមទារ​អ្វី​ច្រើន​ទៀត​ពី​ពលរដ្ឋ​អាមេរិកាំង»។

    Ascend ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​បណ្ដុះបណ្ដាល​ជំនាញ​ដឹកនាំ​របស់​ស្ត្រី​វ័យក្មេង បានឱ្យដឹងថា យន្តហោះ​ពីរ​គ្រឿង​បាន​ស្ថិតនៅក្នុង​ព្រលានយន្តហោះ​អស់​រយៈពេល 6 ថ្ងៃ​មកហើយ ដើម្បី​រង់ចាំ​ការអនុញ្ញាតឱ្យ​ចាក​ចេញពី​សំណាក់​ក្រុម តា​លី​បង់។ ពលរដ្ឋ​នានា​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​ព្រលានយន្តហោះ។

    តំណាងរាស្ត្រ McCaul និយាយថា «ពលរដ្ឋ​អាមេរិកាំង រាប់រយ​នាក់» កំពុង​រង់ចាំ​ជម្លៀស​ពី អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី សហរដ្ឋអាមេរិក ដកទ័ព​ទាំងស្រុង​ចេញពី​ប្រទេស​នេះ​កាលពី​ថ្ងៃទី 30 សីហា។ ចំណែក​ប្រធានការិយាល័យ​សេត​វិមាន Ron Klain ឱ្យដឹងថា «ពលរដ្ឋ​អាមេរិកាំង ប្រមាណ 100 នាក់» កំពុងស្ថិត​នៅក្នុង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ជម្លៀស​ពួកគេ៕

  • តា​លី​បង់ រង​ការ​ចោទថា បានសម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​នគរបាល

    តា​លី​បង់ រង​ការ​ចោទថា បានសម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​នគរបាល

    ក្រុម​តា​លី​បង់ ថ្មីៗនេះ រង​ការចោទប្រកាន់ បន្ទាប់ពី​បាន​ចូល​គ្រប់គ្រង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងនោះ​ក៏មាន​ទាំង​ករណី​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​នគរបាល​នៃ​រដ្ឋាភិបាល​ចាស់​ផងដែរ។

    ស្ត្រី​ជា​នគរបាល ដែល​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា​ឈ្មោះ Banu Negar ត្រូវបាន​បាញ់សម្លាប់​នៅ​ចំពោះមុខ​សមាជិកគ្រួសារ នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួកគេ ដែល​ស្ថិតក្នុង​ទីក្រុង Firozhah ជាទី​រួម​ខេត្ត​របស់​ខេត្ត Ghor នៅ​ភាគ​កណ្ដាល​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន នេះ​បើតាម​ការចុះផ្សាយ​ក្នុងថ្ងៃនេះ របស់ BBC។

    សារព័ត៌មាន BBC ដកស្រង់​ប្រភពព័ត៌មាន​ចំនួន​បី ឱ្យដឹងថា សមាជិក​ក្រុម តា​លី​បង់ បាន​វាយតប់ និង​បាញ់សម្លាប់ Negar។ អ្នកផ្ទះ​របស់ Negar ក៏បានផ្ដល់​រូបថត​បង្ហាញ​អំពី​ស្នាម​ឈាម​ប្រឡាក់​ពាសពេញ​បន្ទប់ រួមមាន​ទាំង​សាកសព​ដែល​ផ្ទៃមុខ​ត្រូវ​ខ្ទេចខ្ទី​មើល​មិន​យល់។

    អ្នក​ស្រី​ Banu Negar

    សមាជិកគ្រួសារ​ស្ត្រី​រងគ្រោះ​និយាយថា Negar ធ្វើការ​នៅឯ​មន្ទីរឃុំឃាំង​ក្នុង​តំបន់ និង​កំពុងមាន​ផ្ទៃពោះ 8 ខែ។

    តា​លី​បង់ បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាក់ទង​នឹង​ការស្លាប់​របស់ Negar និង​ថា ពួកគេ​កំពុង​ស្រាវជ្រាវ​លើ​រឿងនេះ។

    ក្រុមមន្ត្រី​តា​លី​បង់ កាលពី​ខែ​មុន បាន​សន្យាថា​នឹង​គោរព​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​ច្បាប់​សាសនា​អ៊ីស្លាម Sharia ដ៏​តឹងរ៉ឹង។ ពួកគេ​ក៏បាន​អំពាវនាវ​ឱ្យ​ក្មេងស្រី​ចូលរៀន និង​ស្ត្រី​ត្រលប់​ចូលធ្វើការ​វិញ​ផងដែរ៕

  • កងទ័ព ហ្គី​ណេ ប្រកាសថា «រដ្ឋប្រហារ​យោធា ត្រូវបាន​រំលត់»

    កងទ័ព ហ្គី​ណេ ប្រកាសថា «រដ្ឋប្រហារ​យោធា ត្រូវបាន​រំលត់»

    ប្រទេស​ហ្គី​ណេ៖ ក្រសួងការពារជាតិ ហ្គី​ណេ ប្រកាសថា ការវាយប្រហារ​ចូល​គ្រប់គ្រង​វិមាន​ប្រធានាធិបតី ពី​សំណាក់​កងកម្លាំង​បះបោរ ត្រូវបាន​កម្ចាត់​រួចហើយ។

    សារព័ត៌មាន Al Jazeera បាន​រាយការណ៍​ថា ក្រុម​យោធាបះបោរ​​ដែល​​បាន​ធ្វើ​រដ្ឋប្រហារ ត្រូវបាន​រំសាយ៖ «កងកម្លាំង​ការពារ​ប្រធានាធិបតី ដែល​ទទួលបាន​ការគាំទ្រ​ពី​កងកម្លាំង​ការពារជាតិ និង​ក្រុម​សន្តិសុខ​ដែលមាន​ភក្ដីភាព បាន​ទប់ស្កាត់​ការគំរាមកំហែង និង​រុញច្រាន​ក្រុម​រដ្ឋប្រហារ»។

    យោងតាម​ក្រសួងការពារជាតិ ហ្គី​ណេ កងទ័ព​ប្រទេស​នេះ​កំពុងតែ​អនុវត្ត «សកម្មភាព​ធានា​សន្តិសុខ ស្ការ​ស្ថិរភាព និង​សន្តិភាព»។ ក្រសួង​នេះ​បាន​បញ្ជាក់ថា ខ្លួន​កំពុង​គ្រប់គ្រង​ស្ថានការណ៍។ ក្រសួងការពារជាតិ​កំពុង​ដាក់ពង្រាយ​ទាហាន​នៅ​ទីក្រុង Conakry និង​ចេញ​បទបញ្ជា​ហាម​មិនឱ្យ​ប្រជាជន​ចេញ​ក្រៅ​ផ្ទះ។

    ក៏ប៉ុន្តែ មកដល់​បច្ចុប្បន្ន គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុម​ណាមួយ​កំពុង​គ្រប់គ្រង​ប្រទេស​នៅ អាហ្វ្រិក​ខាងលិច​នេះ​​នៅ​ឡើយ។ មុន​នោះ វីដេអូ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញថា វិមាន​ប្រធានាធិបតី Alpha Conde ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កងទ័ព​រដ្ឋប្រហារ ហើយ​ប្រធានាធិបតី Conde រួម​ជាមួយនឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់ ត្រូវបាន​ចាប់ខ្លួន។

    ប្រធានាធិបតី​ Alpha Conde

    ប៉ុន្តែ ប្រភពព័ត៌មាន​មួយចំនួន​បានឱ្យដឹងថា ប្រធានាធិបតី Alpha Conde នៅមាន​សុវត្ថិភាព​នៅឡើយ។ កងកម្លាំង​ស្មោះត្រង់​នឹង​ប្រធានាធិបតី Alpha Conde ក្រោយមក​ក៏បាន​ចាប់ខ្លួន​ទាហាន 25 នាក់​ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​យោធា។

    រដ្ឋប្រហារ​យោធា​នេះ ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី 5 កញ្ញា ដោយ​កងកម្លាំង​ពិសេស​របស់​កងទ័ព ហ្គី​ណេ ក្រោម​ការដឹកនាំ​របស់​វរសេនីយឯក Mamady Doubouya។ ក្រោយ​រដ្ឋប្រហារ ក្រុម​បះបោរ​បានប្រកាស​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា រដ្ឋាភិបាល​ត្រូវបាន​រំសាយ ចំណែក​រដ្ឋធម្មនុញ្ញ​ក៏ត្រូវ​បាន​រំលាយ ព្រមទាំង​បានចេញ​បម្រាម​គោចរ​ទូទាំងប្រទេស «រហូតដល់​មាន​ប្រកាស​ថ្មី»។ កងកម្លាំង​រដ្ឋប្រហារ​ក៏បាន​ឱ្យដឹងថា នឹង​កោះហៅ​រដ្ឋមន្ត្រី​នានា និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ដទៃទៀត នៅ​ថ្ងៃទី 6 កញ្ញា​នេះ។

    វរសេនីយឯក Mamady Doumbouya និយាយថា សកម្មភាព​រដ្ឋប្រហារ​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​ប្រទេស ហ្គី​ណេ ដោយ​សង្កត់ធ្ងន់ថា សេដ្ឋកិច្ច​នៅ​ប្រទេស​ដែលមាន​ប្រជាជន​ជាង 12.7 លាន​នាក់​នេះ នៅតែ​មិន​រីកចម្រើន ចាប់តាំងពី​ដណ្ដើមបាន​ឯករាជ្យ​ពី​បារាំង កាលពី​ឆ្នាំ 1958៕

  • តា​លី​បង់ ចេញ​បទបញ្ជា បង្ខំ​ឱ្យ​ស្ត្រី​គោរព​ច្បាប់​សាសនា​អ៊ីស្លាម​ដ៏​តឹងរ៉ឹង

    តា​លី​បង់ ចេញ​បទបញ្ជា បង្ខំ​ឱ្យ​ស្ត្រី​គោរព​ច្បាប់​សាសនា​អ៊ីស្លាម​ដ៏​តឹងរ៉ឹង

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​កាន់អំណាច តា​លី​បង់ បានស្នើ​ឱ្យ​នារី​ដែល​កំពុង​សិក្សា​នៅតាម​សាកលវិទ្យាល័យ​ឯកជន ប្រើប្រាស់​កន្សែង niqab បិទមុខ​ទុក​តែ​ភ្នែក ហើយ​សិ​ក្ស​ប្រុស និង​សិស្សស្រី ត្រូវ​រៀន​ក្នុង​បន្ទប់​ដាច់ដោយឡែក​ពីគ្នា។

    បទបញ្ជា​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ចុង​សប្ដាហ៍​មុន បាន​ហាម​មិនឱ្យ​សិស្ស​ប្រុស-ស្រី រៀន​ក្នុង​បន្ទប់​រួមគ្នា ឬ​យ៉ាងហោច​ក៏ត្រូវ​មាន​វាំងនន​ឃាំង​សិស្ស​ប្រុស និង​សិស្សស្រី​ដាច់ដោយឡែក។

    គ្រូបង្រៀន​នៅក្នុង​ថ្នាក់រៀន​ដែលមាន​សិស្សស្រី គឺ​ត្រូវតែ​ជា​អ្នកគ្រូ ឬ​លោកគ្រូ​ដែលមាន​វ័យ​ចំណាស់​ប្រកបដោយ «ភាពចាស់ទុំ» ក្នុងករណី​ខ្វះ​គ្រូបង្រៀន។

    ស្ត្រី​អាហ្វហ្គានីស្ថាន​ ក្នុង​សម័យ​ តាលីបង់​ (1996-2001)

    ក្នុង​បទបញ្ជា​នោះ សិស្សស្រី​ត្រូវតែ​ចេញពី​ថ្នាក់រៀន​មុន​សិស្ស​ប្រុស 5 នាទី ចៀសវាង​ជួប​មុខ​គ្នា​ពេលចេញ​ក្រៅ។ សិស្សស្រី​ត្រូវតែ​អង្គុយ​រង់ចាំ​នៅក្នុង​បន្ទប់​រង់ចាំ រហូតដល់​សិស្ស​ប្រុស​ចេញ​អស់ពី​សាលារៀន។

    សាស្ត្រា​ច​រ្យ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា៖ «ជាក់ស្ដែង នោះ​គឺជា​បទបញ្ជា​ដែល​បង្ក​ការលំបាក​ច្រើន។ យើង​មិនមាន​គ្រូបង្រៀន និង​បន្ទប់រៀន​គ្រប់គ្រាន់​ដើម្បី​បែងចែក​សិស្ស​ប្រុស និង​សិស្សស្រី»។ ប៉ុន្តែ សាស្ត្រាចារ្យ​រូបនេះ​បន្ថែមថា ការដែល តា​លី​បង់ អនុញ្ញាតឱ្យ​ស្ត្រីភេទ​ទៅ​សាលារៀន​គឺជា «ជំហាន​ល្អ​មួយ»។

    ក្នុងអំឡុងពេល​កាន់អំណាច ចាប់ពី​ឆ្នាំ 1996 ដល់ 2001 តា​លី​បង់ បាន​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម Sharia ដ៏​តឹងរ៉ឹង ដោយ​បង្ខំ​ឱ្យ​ស្ត្រី​ត្រូវ​បិទមុខ មិន​អនុញ្ញាតឱ្យ​ស្ត្រី​ទៅ​រៀន និង​មិនឱ្យ​ចេញទៅ​ខាងក្រៅ​ផ្ទះ​បើសិន​មិនមាន​ញាតិ​ជា​បុរស​ដើរ​ជាមួយ។ ប៉ុន្តែ ពេលនេះ តា​លី​បង់ បាន​អះអាងថា នឹង​ផ្លាស់ប្ដូរ ហើយ​សន្យាថា​គោរព​សិទ្ធិ​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​ច្បាប់​សាសនា​អ៊ីស្លាម បើទោះជា​មនុស្ស​ជាច្រើន​នៅតែ​មិន​ទុក​ចិត្តនឹង​ការសន្យា​នេះ។

    ស្ត្រី​ អាហ្វហ្កានីស្ថាន​ ក្នុង​សម័យ​គាំទ្រ​ដោយ​ សហរដ្ឋ​អាមេរិក​ មាន​សិទ្ធិ​ស្ទើរ​តែ​គ្រប់​យ៉ាង​ក្នុង​ការ​ងារ​សង្គម​ និង​ការ​រស់​នៅ​

    មុនពេល តា​លី​បង់ បាន​ឡើងកាន់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី 15 សីហា ក្នុងអំឡុង 20 ឆ្នាំ​កន្លង អត្រា​នៃ​ការចូល​សិក្សា​នៅ​មហាវិទ្យាល័យ​នៃ​ប្រទេស​នេះ បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ពិសេស​គឺ​សិស្ស​ជា​ស្ត្រីភេទ។ ក្នុងអំឡុង អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតក្រោម​ការគាំទ្រ​រប​ស់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ស្ត្រី​នៅ​ប្រទេស​នេះ​ក៏មាន​សិទ្ធិ​ចូលរួម​ការស្រាវជ្រាវ និង​ចូលរួម​កិច្ចពិភាក្សា​នានា​ជាមួយ​មិត្ត​រួមការ​ងារ​ជា​បុរស​ផងដែរ៕

  • រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ ហ្គីណេ! ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន

    រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ ហ្គីណេ! ប្រធានាធិបតី ត្រូវបាន​ចាប់ខ្លួន

    ហ្គីណេ (Guinea) ដែលជា​ប្រទេសមួយ​នៅ​ទ្វីបអាហ្វ្រិក​ខាងលិច កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ដ៏​ធំ នៅពេល​កងទ័ព​ប្រកាស​ធ្វើ​រដ្ឋប្រហារ​យោធា ចាប់ខ្លួន​ប្រធានាធិបតី និង​រំសាយ​រដ្ឋាភិបាល។

    «ក្រោយពី​ចាប់ខ្លួន​ប្រធានាធិបតី យើង​សម្រេច​រំសាយ​រដ្ឋាភិបាល» Mamadi Doumbouya មេបញ្ជាការ​កងកម្លាំង​ពិសេស​ក្នុង​ជួរ​កងទ័ព​របស់ ហ្គីណេ​ បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ កាលពី​ម្សិលមិញ​ដូច្នេះ។ Doumbouya ក៏បាន​ប្រកាសថា ព្រំដែន​គោក និង​អាកាស​របស់​ប្រទេស​នេះ ក៏ត្រូវ​បាន​បិទ​ផងដែរ។

    វរសេនីយ​ឯក Mamadi Doumbouya

    បន្ទាប់ពី​ចូលកាន់​កាប់​ស្ថានីយទូរទស្សន៍​ជាតិ កងកម្លាំង​របស់ Doumbouya បាន​សន្យាថា នឹង​ស្ការ​ប្រជាធិបតេយ្យ​ឡើងវិញ និង​បាន​ហៅ​ខ្លួនឯង​ថា​ជា គណៈកម្មការ​បង្រួបបង្រួម និង​អភិវឌ្ឍ​ជាតិ។

    យ៉ាងនេះ​ក្ដី វរសេនីយឯក Doumbouya មិនបាន​ឱ្យដឹងថា ប្រធានាធិបតី កំពុងស្ថិត​នៅទីណា​នោះទេ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន។

    វរសេនីយ​ឯក Doumbouya

    មូលហេតុ​នៃ​រដ្ឋប្រហារ​យោធា​នេះ ត្រូវបាន Doumbouya និយាយថា គឺ​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាង 12.7 លាន​នាក់​នៅ ហ្គីណេ និង​បាន​ចោទប្រកាន់​ប្រធានាធិបតី Conde ថា មិនបាន​ប្រឹងប្រែង​ស្ដារ​សេដ្ឋកិច្ច ហើយ​ស្ថានភាព​ប្រទេសជាតិ​មិនបាន​កែលម្អ ក្រោយ 72 ឆ្នាំ​ដែល​ដណ្ដើមបាន​ឯករាជ្យ​ពី​បារាំង។

  • តា​លី​បង់ ថា បន្ទាយ​ចុងក្រោយ​របស់​ក្រុមប្រឆាំង​ដែល​នៅ​សេសសល់ បានទទួល​បរាជ័យ

    តា​លី​បង់ ថា បន្ទាយ​ចុងក្រោយ​របស់​ក្រុមប្រឆាំង​ដែល​នៅ​សេសសល់ បានទទួល​បរាជ័យ

    ប្រភពព័ត៌មាន​ពី តា​លី​បង់ បានប្រកាសថា ក្រុម​នេះ​បាន​ចូល​កាន់កាប់​ជ្រលង​ភ្នំ Panjshir ដែលជា​បន្ទាយ​ចុងក្រោយ​របស់ រណ​សិ​រ្យ​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ ក្រុម​ប្រឆាំងនឹង តា​លី​បង់ បាន​ច្រានចោល​ការប្រកាស​នេះ។

    ប្រភពព័ត៌មាន​ចំនួន​បី ពី តា​លី​បង់ បាន​និយាយថា កងកម្លាំង​នេះ កាលពី​ថ្ងៃទី 3 កញ្ញា បាន​គ្រប់គ្រង​ជ្រលង​ភ្នំ Panjshir ដែល​ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី​កា​ប៊ុល បញ្ចប់​ដំណាក់កាល​វាយ​កាន់កាប់​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងស្រុង។

    «ដោយ​ព្រះ​គុណ​ពី​ព្រះ​អាល់​ឡោះ​ដ៏​ខ្ពង់ខ្ពស់ យើង​កំពុង​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងស្រុង។ ក្រុម​ជនបង្ក​ភាពវឹកវរ ត្រូវបាន​កម្ចាត់ ហើយ Panjshir បច្ចុប្បន្ន ស្ថិតក្រោម​បញ្ជា​របស់​យើង» មេបញ្ជាការ​ម្នាក់​របស់ តា​លី​បង់ និយាយ​ដូច្នេះ។

    គណនី Facebook នានា កំពុង​ចែករំលែក​ព័ត៌មាន​អំពី​បរាជ័យ​របស់ រណសិរ្ស​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន (NRFA) នៅ Panjshir ខណៈដែល​ស្នូរ​កំ​ភ្លើង​អបអរ​ជ័យជំនះ​របស់ តា​លី​បង់ ក៏​កំពុង​លាន់​កងរំពង​នៅ​ពាសពេញ​រដ្ឋធានី​កា​ប៊ុល។

    ក៏ប៉ុន្តែ អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Amrullah Saleh ដែលជា​មេដឹកនាំ​កងទ័ព NRFA មួយរូប បានឱ្យដឹងថា កងកម្លាំង​របស់ខ្លួន មិនបាន​ចុះចាញ់​នោះឡើយ។

    «ពិត​ហើយ​ដែលថា យើង​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក។ យើង​កំពុង​ត្រូវបាន តា​លី​បង់ វាយ​ដណ្ដើម​ទឹកដី។ ប៉ុន្តែ យើង​នៅតែ​ប្រឹងប្រែង​ការពារ​ខ្លួន និង​តតាំង​ប្រឆាំង​តបត» លោក Saleh ថ្លែង​ដូច្នេះ។

    មេបញ្ជាការ​មួយចំនួន​ផ្សេងទៀត​របស់​ក្រុម NRFA ក៏បាន​ច្រានចោល​ព័ត៌មាន​ដែលថា ជ្រលង​ភ្នំ Panjshir បាន​ធ្លាក់​ក្នុង​ដៃ តា​លី​បង់។ «ព័ត៌មាន​អំពី​ការប្រយុទ្ធ​ដណ្ដើម​គ្រប់គ្រង Panjshir កំពុង​ត្រូវបាន​ចែករំលែក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ ប៉ា​គី​ស្ថាន។ នោះ​គឺជា​រឿង​កុហក» Ahmad Massoud មេដឹកនាំ​សង្គ្រាម​ប្រឆាំង តា​លី​បង់ នៅ Panjshir អះអាង​ដូច្នេះ។

    មុន​នោះ មាន​ព័ត៌មាន​ផ្សាយ​ថា មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​នៅ​ជ្រលង​ភ្នំ Panjshir។ Panjshir គឺជា​តំបន់​ដែល​ត្រូវបាន​កងកម្លាំង​ប្រឆាំង តា​លី​បង់ NRFA យកមក​ធ្វើជា​បន្ទាយ និង​ទឹកដី​ចុងក្រោយ​សម្រាប់​តតាំង​នឹង តា​លី​បង់។ កំពូលភ្នំ​ទាំងឡាយ​ដែល​ព័ទ្ធជុំវិញ​ជ្រលង​ភ្នំ Panjshir គឺ​ឧបសគ្គ​ធំ​ដែល​រារាំង​រាល់​កម្លាំង​​ទាំង​ឡាយ​ណា​​ដែល​ចង់វាយ​ដណ្ដើម​កាន់កាប់​តំបន់​នេះ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ​ COVID-19 ថ្មី​ នៅ​ កម្ពុជា​ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 03​ កញ្ញា​ ឆ្នាំ​ 2021 រួម​មាន​​៖ – ឆ្លង​ថ្មី​ = 422 នាក់​, – ជាសះស្បើយ​ថ្មី​ = 376 នាក់​, – ស្លាប់​ថ្មី​ = 13 នាក់​។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2021 តួលេខ​ COVID-19 សរុប​ នៅ​ កម្ពុជា រួម​មាន​​៖ – ឆ្លងសរុប = 94,839 នាក់, – ជាសះស្បើយ​សរុប​ = 90,273​ នាក់ និង​ – អ្នកស្លាប់​សរុប​ = 1,950 នាក់។

    តួលេខ​ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន​​៖ – អ្នកឆ្លងសរុប= 220,647,541​ នាក់, – អ្នកជាសះស្បើយ= 197,149,966 នាក់,​ – អ្នកស្លាប់= 4,567,424 នាក់ និង​កំពុង​ព្យាបាល​ = 18,930,151 នាក់៕

  • គុយបា ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 2 ឆ្នាំ​ឡើងទៅ

    គុយបា ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 2 ឆ្នាំ​ឡើងទៅ

    អាជ្ញាធរ​ប្រទេស​គុយបា បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ចាប់ពី​អាយុ 2 ឆ្នាំ​ឡើងទៅ ដែល​នេះ​គឺជា​គន្លឹះ​មួយ​ដើម្បី​អាច​បើក​ដំណើរការ​សាលារៀន​ឡើងវិញ នៅ​ខែតុលា​ខាងមុខ។

    កុមារ និង​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 2 ឆ្នាំ ដល់ 18 ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​មួយ​ក្នុងចំណោម​ពីរ​ប្រភេទ​ដែល​អភិវឌ្ឍ​ដោយ​ប្រទេស​គុយបា នោះ​គឺ​វ៉ាក់សាំង Abdala និង Soberana ក្នុងនោះ ក្រុម​គោលដៅ​ដែលមាន​វ័យ​ចាប់ពី 12 ដល់ 18 ឆ្នាំ នឹងត្រូវ​បាន​ចាក់​មុន បន្ទាប់មក​គឺ​ក្រុម​កុមា​រវ័យ​ក្រោម 12 ឆ្នាំ។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល​តួលេខ​អ្នក​ឆ្លង COVID-19 នៅ គុយបា បាន​កើន​ដល់​ជាង 672,000 នាក់ និង​ស្លាប់​ជាង 5,500 នាក់។

    វ៉ាក់សាំង​ Abdala ដែល​អភិវឌ្ឍ​ដោយ​ គុយបា

    វីរុស​បំប្លែង​ខ្លួន​ថ្មី Delta កំពុង​រាតត្បាត​ប្រទេស​កោះ​ដែលមាន​ប្រជាជន 11.2 លាន​នាក់​នេះ។ ជិត​ពាក់កណ្ដាល​ក្នុងចំណោម​ជាង 5,500 នាក់​ដែល​បាន​ស្លាប់ និង​ជិត 1/3 នៃ​ករណី​ឆ្លង​សរុប​នៅ គុយបា ត្រូវបាន​រកឃើញ​នៅក្នុង​ខែសីហា​កន្លងទៅ។

    សាលារៀន​ស្ទើរតែ​ទាំងអស់​នៅ គុយបា បាន​បិទទ្វារ​ចាប់ពី​ខែមីនា ឆ្នាំ 2020 ហើយ​សិស្ស​ត្រូវ​តាមដាន​មេរៀន​តាមរយៈ​ទូរទស្សន៍​ជាតិ។ ឆ្នាំ​សិក្សា​ថ្មី​របស់ គុយបា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 6 កញ្ញា ប៉ុន្តែ សិស្សសាលា​របស់​ប្រទេស​នេះ​នឹងត្រូវ​បន្ត​រៀន​ពី​ចម្ងាយ​រហូតដល់​ពួកគេ​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 គ្រប់គ្នា។

    រដ្ឋាភិបាល គុយបា ឱ្យដឹងថា ពួកគេ​មាន​ផែនការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ជាបណ្ដើរៗចាប់ពី​ខែតុលា​តទៅ បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ក្មេង​ជំទង់​បានបញ្ចប់៕