Category: អន្តរជាតិ

  • ខ្សែ​ឆត្រយោង​ទាក់​គ្នា​នៅលើ​អាកាស បណ្ដាលឱ្យ​ទាហាន​ម្នាក់​ស្លាប់ នៅ ប្រេ​ស៊ី​ល

    ខ្សែ​ឆត្រយោង​ទាក់​គ្នា​នៅលើ​អាកាស បណ្ដាលឱ្យ​ទាហាន​ម្នាក់​ស្លាប់ នៅ ប្រេ​ស៊ី​ល

    ទាហាន​ឆត្រយោង​ពីរ​នាក់​បាន​ប៉ះទង្គិច​គ្នា បណ្ដាលឱ្យ​ខ្សែ​ឆត្រយោង​ត្រូវ​ទាក់​ជាប់ និង​ធ្លាក់​មក​ដី​ពី​ក​ម្អ​ស់​ជាង 100 ម៉ែត្រ នៅ Rio de Janeiro នាំឱ្យ​ទាហាន​មួយរូប​បាត់បង់​ជីវិត ខណៈ​មួយរូប​ទៀត​រងរបួស​ធ្ងន់ធ្ងរ។

    គ្រោះថ្នាក់​ខាង​បាន​កើតឡើង​នៅពេល​ទាហាន​លោត​ឆត្រយោង​ពីរ​នាក់​គឺ Nascimento de Souza និង Francisco Damiao Vieira Neto ចូលរួម​ក្នុង​ព្រឹត្តិការណ៍​លោត​ឆត្រយោង​ស៊ីវិល​មួយ​នៅ​ទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី 13 វិច្ឆិកា។

    វីដេអូ​ដែល​ត្រូវបាន​សារព័ត៌មាន​អាម៉េរិក ចុះផ្សាយ​កាលពី​ចុង​សប្ដាហ៍​មុន បង្ហាញថា នៅពេល​កំពុង​បញ្ជា​ឆត្រ​នៅលើ​កម្ពស់​ជាង 100 ម៉ែត្រ ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ខាងលើ​ទំនងជា​បាត់បង់​ម្ចាស់ការ បណ្ដាលឱ្យ​ប៉ះទង្គិច​ទៅលើ​ឆត្រ​របស់​ម្នាក់ទៀត។

    ឧបទ្ទវ​ហេតុនេះ​បណ្ដាលឱ្យ​ខ្សែ​ឆត្រយោង​ត្រូវ​ទាក់​ជាប់​គ្នា។ ដោយ​បាត់បង់​កម្លាំង​យោង ឆត្រ​ទាំងពីរ​ក៏​ធ្លាក់​យ៉ាង​រហ័ស​មក​ដី នាំឱ្យ Souza ត្រូវ​បាត់បង់​ជីវិត ចំណែក Neto ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ដោយសារ​រង​របួស​ធ្ងន់ធ្ងរ។

    កងវរសេនាតូច​ឆត្រយោង​ដែលជា​កន្លែងធ្វើការ​រប​ស់ Souza បានឱ្យដឹងថា ព្រឹត្តិការណ៍​លោត​ឆត្រយោង​ដែល​គាត់​បាន​ចូលរួម ត្រូវបាន​បង្កើតឡើង​ដោយ​ក្លិប​អ្នក​លោត​ឆត្រយោង​ស៊ីវិល Resende។

    បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​ថា តើ​ក្រុមមន្ត្រី​ប្រេ​ស៊ី​ល បាន​ស្រាវជ្រាវ​លើ​ឧបទ្ទវហេតុ​នេះដែរ ឬ​យ៉ាងណា​នោះទេ។

    សូម​រំលឹកថា នៅ កម្ពុជា កាលពី​ខែមករា ឆ្នាំ 2021 ក៏មាន​ករណី​ស្រដៀង​គ្នា​នេះ​កើតឡើង​ផងដែរ។ កាលណោះ នៅពេល​លោត​ពីលើ​យន្តហោះ ចុះមក​ក្រោម ឆត្រ​របស់​គ្រូបង្វឹក វរសេនីយ៍ត្រី លឹម សាយ បាន​ព័ន្ធ​គ្នា​ជាមួយនឹង​ឆត្រ​របស់​សិស្ស​ម្នាក់ទៀត បណ្ដាលឱ្យ​ធ្លាក់​មក​ដី​ពេញទំហឹង ធ្វើឱ្យ​អ្នក​ទាំងពីរ​រងរបួស​ធ្ងន់ តែ​ជា​អកុសល លោកគ្រូ លឹម សាយ បាន​ស្លាប់ ​នៅ​ពេល​​​កងកម្លាំង​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ៕

  • (វីដេអូ)-ក្រុម​អ្នកចូលរួម​ព្យុហយាត្រា​ណូអែល នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​រថយន្តបុក របួស​រាប់សិប​នាក់

    (វីដេអូ)-ក្រុម​អ្នកចូលរួម​ព្យុហយាត្រា​ណូអែល នៅ សហរដ្ឋ​អាម៉េរិក ត្រូវ​រថយន្តបុក របួស​រាប់សិប​នាក់

    ព្រឹក​ថ្ងៃទី 22 វិច្ឆិកា (ម៉ោង​នៅ កម្ពុជា) ការិយាល័យ​ស្នងការ​ប៉ូលិស Waukesha បានឱ្យដឹងថា មនុស្ស​ចំនួន​ជាង​ 20 នាក់ បាន​រងរបួស នៅពេល​រថយន្ត (SUV) មួយគ្រឿង បើក​បុក​រះ​លើ​ហ្វូងមនុស្ស​ដែល​កំពុង​ចូលរួម​ព្យុហយាត្រា​រដូវ​បុណ្យ​ណូអែល នៅ​ទីក្រុង​នៃ​រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក ដែល​បាន​ធ្វើឡើង​មុន​នោះ។

    ស្នងការ​ប៉ូលិស​ក្រុង Waukesha លោក Dan Thompson បាន​បញ្ជាក់ថា រថយន្ត​ជាប់​សង្ស័យ​នៅក្នុង​ហេតុ​ការណ៍​នេះ​ត្រូវបាន​ឃាត់ទុក​រួចហើយ ដូច្នេះ​ពុំមាន​ការគំរាមកំហែង​ទៀត​ទេ។ មុននេះ រថយន្ត SUV ពណ៌​ក្រហម​មួយគ្រឿង បាន​បុក​រះ​ទៅលើ​ហ្វូងមនុស្ស​ដែល​កំពុង​ធ្វើ​ព្យុហយាត្រា​ណូអែល នៅក្នុង​ក្រុង។

    សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ​ជន​ទាំងឡាយ​ដែលជា​ប់​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ ប៉ុន្តែ​មិនទាន់បាន​បង្ហើប​ឱ្យដឹង​សេចក្ដីលម្អិត​នៅឡើយ ដោយ​អះអាងថា កំពុង​បន្ត​ការស្រាវជ្រាវ។

  • Joe Biden ថ្លែងថា សហរដ្ឋ​អាម៉េរិក មិន​លើកទឹកចិត្ត​ឱ្យ កោះ​តៃវ៉ាន់ «ប្រកាស​ឯករាជ្យ»

    Joe Biden ថ្លែងថា សហរដ្ឋ​អាម៉េរិក មិន​លើកទឹកចិត្ត​ឱ្យ កោះ​តៃវ៉ាន់ «ប្រកាស​ឯករាជ្យ»

    «សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ​គោលជំហរ​រប​ស់​ខ្លួន​ស្ដីពី កោះ​តៃវ៉ាន់ មិន​លើកទឹកចិត្ត​ឱ្យ​កោះ​នេះ​ប្រកាស​ឯករាជ្យ​នោះទេ» ប្រធានាធិបតី​អាម៉េរិក លោក Joe Biden បានឱ្យដឹង​ដូច្នេះ បន្ទាប់ពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​ចិន និង​សហរដ្ឋ​អាម៉េរិក។

    «យើង​នឹងមិន​ប្ដូរផ្លាស់​គោលនយោបាយ។ យើង​មិន​លើកទឹកចិត្ត​ឱ្យ​ប្រកាស​ឯករាជ្យ ប៉ុន្តែ លើកទឹកចិត្ត​ឱ្យ​ពួកគេ​ធ្វើឱ្យបាន​ត្រឹមត្រូវ​ទៅតាម​អ្វីដែល​បានចែង​នៅក្នុង «ច្បាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់»។ នោះ​គឺជា​អ្វីដែល​យើង​កំពុង​ធ្វើ» លោក Joe Biden ឆ្លើយ​នឹង​សំណួរ​របស់​អ្នកយកព័ត៌មាន នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ New Hampshire កាលពី​ថ្ងៃទី 16 វិច្ឆិកា។

    ការ​ថ្លែង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ជំនួប​កំពូល​តាម​អន​ឡាញ រវាង​ប្រធានាធិបតី​ចិន Xi Jinping និង​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Joe Biden។ នៅពេល​ត្រូវបាន​សួរថា ជំនួប​នោះបាន​ទទួល​ផ្លែផ្កា​អ្វីខ្លះ​ទាក់ទង​នឹង​បញ្ហា កោះ​តៃវ៉ាន់ លោក Biden ឆ្លើយថា បាន «និយាយ​ច្បាស់» ហើយ អំពី​ការគាំទ្រ​ច្បាប់​ដែល​កំពុងមាន​ជា​ធរមាន ដែល សហរដ្ឋ​អាម៉េរិក អនុវត្ត​ជាមួយ កោះ​តៃវ៉ាន់។

    បញ្ហាស្ដីពី កោះតៃវ៉ាន់ គឺជាប្រធានបទដែលត្រូវបានមេដឹកនាំអាម៉េរិក-ចិន លើកយកមកពិភាក្សាច្រើនជាងគេ នៅក្នុងជំនួបកំពូលដែលអូសបន្លាយពេលប្រហែល 3 ម៉ោង កាលពីថ្ងៃទី 15 វិច្ឆិកា។

    យោងតាម «ច្បាប់​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់» សហរដ្ឋ​អាម៉េរិក ចាត់ទុក តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់ ចិនដីគោក ប៉ុន្តែ នៅតែ​រក្សា​ទំនាក់ទំនង​វប្បធម៌ ពាណិជ្ជកម្ម និង​យោធា​ជាមួយ​កោះ​នេះ រួមទាំង​ការលក់​អាវុធ​ផងដែរ។ ប៉ុន្តែ អាម៉េរិក គ្រាន់តែ​ជួយ​កោះ​នេះ កសាង​កម្លាំង​ការពារ​ខ្លួន ដោយ​មិន​សន្យា​ជួយ​ការពារ​កោះ​នេះ ដើម្បី​បញ្ចៀស​ការបង្ក​កំហឹង​ដល់ ចិនដីគោក។

    កាលពី​ខែតុលា នៅពេល​ត្រូវបាន​សួរថា តើ សហរដ្ឋ​អាម៉េរិក នឹង​ចេញមុខ​ជួយ​ការពារ កោះ​តៃវ៉ាន់ ដែរ​ទេ នៅពេល​មានការ​វាយប្រហារ​ពី កងទ័ព​ចិនដីគោក លោក Biden ឆ្លើយថា «ពិតណាស់ យើង​មានការ​សន្យា​ដូច្នេះ»។ មុន​នោះ កាលពី​ខែសីហា ប្រធានាធិបតី​អាម៉េរិក ក៏បាន​លើកឡើង​ដូចគ្នានេះដែរ។ នៅក្នុង​ករណី​ទាំងពីរ​នេះ ទីប្រឹក្សា​សេត​វិមាន ក្រោយមក​ក៏ត្រូវ​ចេញមុខ​បកស្រាយ​ថា សហរដ្ឋ​អាម៉េរិក មិន​ផ្លាស់ប្ដូរ​គោលនយោបាយ​ស្ដីពី កោះ​តៃវ៉ាន់ នោះឡើយ។

    បញ្ហា​ស្ដីពី កោះ​តៃវ៉ាន់ គឺជា​ប្រធានបទ​ដែល​ត្រូវបាន​មេដឹកនាំ​អាម៉េរិក-ចិន លើក​យកមក​ពិភាក្សា​ច្រើនជាងគេ នៅក្នុង​ជំនួប​កំពូល​ដែល​អូស​បន្លាយពេល​ប្រហែល 3 ម៉ោង កាលពី​ថ្ងៃទី 15 វិច្ឆិកា។ ជំនួប​កំពូល​នេះ​ក៏បាន​លើកឡើង​អំពី​បញ្ហា ច្រក​សមុទ្រ​តៃវ៉ាន់ ឧបទ្វីប​កូរ៉េ អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ង់ ទីផ្សារ​ថាមពល​សកល អាកាសធាតុ ពាណិជ្ជកម្ម ការពារជាតិ និង​ជំងឺ​រាតត្បាត COVID-19 ផងដែរ៕

  • ជំនួប​កំពូល អាម៉េរិក-ចិន! ប្រធានាធិបតី Biden អំ​នាវ​ឱ្យមាន​ការទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ

    ជំនួប​កំពូល អាម៉េរិក-ចិន! ប្រធានាធិបតី Biden អំ​នាវ​ឱ្យមាន​ការទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ

    ប្រធានាធិបតី​អាម៉េរិក យល់ថា ត្រូវការ «របង​ការពារ» ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ប្រដាប់អាវុធ ខណៈ​​ដែល​ប្រធានាធិបតី​ចិន សង្កត់​ធ្ងន់ថា ត្រូវតែ​កែសម្រួល​ទំនាក់ទំនង នៅក្នុង​ជំនួប​កំពូល​នា​ព្រឹក​នេះ។

    ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Joe Biden និង​ប្រធានាធិបតី ចិន Xi Jinping បានចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃទី 16 វិច្ឆិកា (ព្រលប់​ថ្ងៃទី 15 វិច្ឆិកា នៅ​ភាគ​ខាងកើត​សហរដ្ឋ​អាម៉េរិក)។ វីដេអូ​ដែល​ផ្ដល់​ដោយ​សេត​វិមាន​បង្ហាញថា លោក Biden អង្គុយ​ក្បែរ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken និង​អ្នកបកប្រែ​ម្នាក់ ហើយ​នៅក្បែរនោះ​គឺ​អេក្រង់​ទូរទស្សន៍​ដែល​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ជាមួយនឹង​លោក Xi Jinping នៅ​ទីក្រុង​ប៉េកាំង។

    នៅក្នុង​ជំនួប​នេះ លោក Biden ថ្លែងថា ត្រូវការ «របង​ការពារ» ដើម្បី​ធានាថា ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ មិន​នាំទៅរក​ជម្លោះ​ប្រដាប់អាវុធ បើទោះជា​មាន ឬ​មិនមាន​ចេតនា។ លោក​បន្តថា ប្រទេស​ទាំងពីរ​នឹងមាន «ជំនួប​ពិភាក្សា​ត្រង់​ទៅ ត្រង់​មក»។

    កន្លងមក លោក Biden បានប្រកាសថា នឹង​សង្កត់ធ្ងន់​លើ​បញ្ហា​សិទ្ធិមនុស្ស សេដ្ឋកិច្ច និង​ធានា​ឱ្យបាន​នូវ​សេរីភាព យុត្តិធម៌​សម្រាប់​តំបន់​មហាសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក។

    ចំណែក​លោក Xi Jinping វិញ បាន​ថ្លែងថា៖ «ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក និង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រទេស​ចិន និង សហរដ្ឋ​អាម៉េរិក ត្រូវការ​បង្កើន​ទំនាក់ទំនង និង​សហការគ្នា»។

    លោក Xi Jinping បន្តថា៖ «ចិន និង អាម៉េរិក គួរតែ​គោរព​គ្នា រួមរស់​នៅក្នុង​សន្តិភាព​ជាមួយគ្នា និង​សហការគ្នា​​ដើម្បី​​​ស្វែង​រក​​ផល​ប្រយោជន៍​រួម»។

    ក្រោយ​ការ​ថ្លែង​ដំបូង មេដឹកនាំ​ទាំងពីរ​បន្ត​ពិភាក្សា​សម្ងាត់ ហើយ​ក្រុម​អ្នកយកព័ត៌មាន​ត្រូវបាន​ស្នើឱ្យ​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ។

    នេះ​គឺជា​ជំនួប​កំពូល​អន​ឡាញ​ដំបូង​រវាង​មេដឹកនាំ​ទាំងពីរ រាប់​ចាប់ពី​ពេល​លោក Biden បាន​ឡើងកាន់​អំណាច។

    មុន​ជំនួប​កំពូល​នេះ ជំនួយការ​ផ្នែក​សារព័ត៌​មាននៅ​សេត​វិមាន Jen Psaki បានឱ្យដឹងថា «ជំនួប​នឹងត្រូវ​បានធ្វើ​ឡើង​ច្រើន​ម៉ោង ហើយ​មេដឹកនាំ​ទាំងពីរ​រូប​នឹង​ពិភាក្សា​អំពី​វិធីសាស្ត្រ​គ្រប់គ្រង​ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំងពីរ​ប្រកបដោយ​ការទទួលខុសត្រូវ ក៏ដូចជា​កិច្ចសហការ​ក្នុង​វិស័យ​ដែល​ប្រទេស​ទាំងពីរ​យកចិត្តទុកដាក់​រួម។ រីឯ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន Hua Chunying ឱ្យដឹងថា មេដឹកនាំ​ទាំងពីរ​នឹង​ពិភាក្សា​អំពី​ការយល់ឃើញ និង​ទំនាក់ទំនង​ទ្វេភាគី រួម​នឹង​បញ្ហា​​ដែល​​ទាក់​ទង​​នឹង​​ផលប្រយោជន៍​របស់​ចិន និង សហរដ្ឋ​អាម៉េរិក។

    ក្រុមអ្នកតាមដាន​ស្ថានការណ៍​អន្តរជាតិ មិន​រំពឹង​ច្រើន​ទៅលើ​ជំនួប​កំពូល​រវាង អាម៉េរិក-ចិន លើក​នេះ​ទេ ប៉ុន្តែ បាន​វាយ​តម្លៃ​ថា ​ព្រឹត្តិការណ៍​នេះ​ពិត​ជាមាន​សារសំខាន់​នៅពេល​មេដឹកនាំ​ទាំងពី​រូប​សុទ្ធតែ​មានបំណង​ផ្សះផ្សា​ទំនាក់ទំនង​ដែល​បាន​ប្រេះស្រាំ​អស់​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ៕

  • រុស្ស៊ី បង្ហោះ​រ៉ុក្កែត បាញ់​កម្ទេច​​ផ្កាយ​រណប​​ជា 1,500 បំណែក ធ្វើឱ្យ​ក្រុម​អ្នក​​អវកាស​​​ភ័យ​ស្លន់ស្លោ ខណៈ អាម៉េរិក ប្រតិកម្ម​ខ្លាំងក្លា

    រុស្ស៊ី បង្ហោះ​រ៉ុក្កែត បាញ់​កម្ទេច​​ផ្កាយ​រណប​​ជា 1,500 បំណែក ធ្វើឱ្យ​ក្រុម​អ្នក​​អវកាស​​​ភ័យ​ស្លន់ស្លោ ខណៈ អាម៉េរិក ប្រតិកម្ម​ខ្លាំងក្លា

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​ចោទប្រកាន់ រុស្ស៊ី ថា មាន «ទង្វើ​ប្រកបដោយ​គ្រោះថ្នាក់ និង​គ្មាន​ការទទួលខុសត្រូវ» ​នៅ​ពេល​សាកល្បង​ប្រើ​អាវុធ​បាញ់​កម្ទេច​ផ្កាយរណប​ជា 1,500 បំណែក នៅលើ​គន្លង​គោចរ ធ្វើឱ្យ​ក្រុម​អ្នក​អវកាស​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ត្រូវ​រក​កន្លែង​សុវត្ថិភាព។

    យោងតាម​សារព័ត៌មាន Guardian សហរដ្ឋ​អាម៉េរិក បាន​ចោទប្រកាន់ រុស្ស៊ី ថា «ធ្វើ​ទង្វើ​ប្រកបដោយ​គ្រោះថ្នាក់ និង​មិនមាន​ការទទួលខុសត្រូវ» បន្ទាប់ពី​ទីក្រុង​មូ​ស្គូ បានធ្វើការ​សាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប​នៅ​ទី​អវកាស។

    រុស្ស៊ី បាន​បាញ់​បង្ហោះ​រ៉ុក្កែត​សំដៅ​ផ្កាយរណប​មួយគ្រឿង​របស់ខ្លួន កាលពី​ចុង​សប្ដាហ៍​កន្លង ធ្វើឱ្យ​ផ្កាយរណប​ត្រូវ​បែកខ្ចាយ​ជា 1,500 បំណែក នៅលើ​កន្លង​គោចរ​ដែល​គេ​អាច​មើលឃើញ និង​បំណែកតូចៗរាប់រយ​ផ្សេងទៀត​ដែល​មិនអាច​មើលឃើញ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​កំពុងធ្វើការ​នៅលើ ISS ភ្លាមនោះ​ត្រូវបាន​ណែនាំ​ឱ្យចូល​ជ្រក​ក្នុង «សម្បក​សង្គ្រោះ​ជីវិត» ពិសេស បន្ទាប់ពី​បំណែក​នានា​របស់​ផ្កាយរណប​បាន​ហោះ​ខ្ទាត​ចេញទៅ​ក្នុង​ទី​អវកាស។ «សម្បក​សង្គ្រោះ​ជីវិត» ពិសេស​នេះ អាច​ផ្ដាច់ខ្លួន​ចេញពី ISS និង​នាំ​អ្នក​អវកាស​ត្រលប់​មកកាន់​ផែនដី។

    Ned Price អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាម៉េរិក កាលពី​ថ្ងៃទី 15 វិច្ឆិកា បានប្រកាសថា៖ «ការសាកល្បង​នេះ​នឹងធ្វើ​ឱ្យ​ក្រុម​អវកាស​ចរ​នៅលើ ISS ក៏ដូចជា​សកម្មភាព​ហោះហើរ​ក្នុង​អវកាស​ផ្សេងទៀត​របស់​មនុស្ស ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់»។

    «សហរដ្ឋ​អាម៉េរិក នឹងធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ដែល​គ្មាន​ការទទួលខុសត្រូវ​រប​ស់ រុស្ស៊ី» លោក Ned Price អះអាង​ដូច្នេះ។

    បំណែក​របស់​ផ្កាយ​រណប​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​ហោះ​ហើរ​នៅក្នុង​ទីអវកាស​

    ក្រៅពី​ក្រសួងការបរទេស ក្រសួងការពារជាតិរ​បស់ សហរដ្ឋ​អាម៉េរិក និង អង់គ្លេស ក៏បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បំណែក​ផ្កាយរណប​ដែល រុស្ស៊ី បាន​កម្ទេច​នេះដែរ។

    ការសាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប កម្រ​នឹង​ត្រូវបាន​គេ​ធ្វើឡើង ហើយ​វា​តែង​ត្រូវបាន​សហគមន៍​អ្នក​អវកាស​​​រិះគន់ ​ដោយ​សារ​តែ​វា​បង្ក​ហានិភ័យ​ដល់​ការហោះហើរ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ កាលពី​ឆ្នាំ 2020 សហរដ្ឋ​អាម៉េរិក ក៏​ធ្លាប់បាន​រិះគន់ រុស្ស៊ី ម្ដង​រួចហើយ បន្ទាប់ពី​ប្រទេស​នេះ​បង្ហោះ​រ៉ុក្កែត​សំដៅ​កម្ទេច​ផ្កាយរណប​មួយគ្រឿង នៅក្នុង​ក្របខណ្ឌ​នៃ​ការសាកល្បង​អាវុធ។

    កងទ័ព និង​ក្រសួងការពារជាតិ​រប​ស់ រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​អំពី​ការចោទប្រកាន់​ពី​សំណាក់ សហរដ្ឋ​អាម៉េរិក ចំពោះ​បញ្ហា​ខាងលើ​នៅឡើយ។

    យោងតាម​របាយការណ៍​របស់ Spaceflight Now ក្រុម​អវកាស​ចរ​របស់ NASA រួមមាន Raja Chari, Tom Marshburn, Kayla Barron និង អវកាស​ចរ Matthias Maurer របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាននាំគ្នា​ឈ្លៀស​ខ្លួន​ទៅកាន់​យានអវកាស SpaceX Crew Dragon ដើម្បី​ធានា​សុវត្ថិភាព។ ចំណែក​អ្នក​អវកាស Shkaplerov និង Pyotr Dubrov របស់ រុស្ស៊ី និង​អ្នក​អវកាស Mark Vande Hei របស់ NASA ក៏បាន​ឡើង​យានអវកាស Soyuz របស់ រុស្ស៊ី ផងដែរ។

    គិត​មកដល់​បច្ចុប្បន្ន មាន​ប្រទេស​ចំនួន 3 បានធ្វើការ​សាកល្បង​អាវុធ​ប្រឆាំង​ផ្កាយរណប រួមមាន សហរដ្ឋ​អាម៉េរិក (មួយ​លើក កាលពី​ឆ្នាំ 1959), រុស្ស៊ី (4 លើក ក្នុងនោះ 3 លើក​ក្នុង​ឆ្នាំ 2020 និង 1 លើក​ក្នុង​ឆ្នាំ 2021) និង ប្រទេស​ចិន (1 លើក​ក្នុង​ឆ្នាំ 2007)៕

  • ប្រធានាធិបតី​អាម៉េរិក អនុម័ត​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​ខ្ទង់​លាន​​​លាន​​ដុល្លារ

    ប្រធានាធិបតី​អាម៉េរិក អនុម័ត​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​ខ្ទង់​លាន​​​លាន​​ដុល្លារ

    ប្រធានាធិបតី Joe Biden បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់ សហរដ្ឋ​អាម៉េរិក ដែលមាន​តម្លៃ 1.2 លាន​លាន (1,200 ពាន់​លាន/1.2 ទ្រី​លាន) ដុល្លារ ដែលជា​កញ្ចប់​ថវិកា​ធំ​បំផុត​ក្នុងអំឡុង​ជាង​ពាក់កណ្ដាល​សតវត្ស​រ៍ម​ក​នេះ។

    សេចក្ដីព្រាងច្បាប់​ដែល​ត្រូវបាន​លោក Biden ចុះហត្ថលេខា​នៅ​សេត​វិមាន កាលពី​ថ្ងៃទី 15 វិច្ឆិកា​កន្លង​ទៅនឹង​ផ្ដល់​ថវិកា​ចំនួន 1.2 លាន​លាន​ដុល្លារ ដើម្បី​ជួសជុល​ស្ពាន ផ្លូវ ប្ដូរ​ប្រព័ន្ធ​បំពង់​បង្ហូរទឹក កសាង​ប្រព័ន្ធ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី និង​ពង្រីក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត។ នេះ​គឺជា​ខ្ទង់​ថវិកា​វិនិយោគ​ធំ​បំផុត​របស់ សហរដ្ឋ​អាម៉េរិក រាប់​ចាប់ពី​ពេល​បង្កើត​ប្រព័ន្ធ​ផ្លូវថ្នល់​ល្បឿន​លឿន​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1950។

    «ថ្ងៃនេះ យើងទាំងអស់គ្នា ចុងក្រោយ​ក៏​សម្រេចបាន​ប្រការនេះ។ សារ​ដែល​ខ្ញុំ​ចង់​ផ្ដាំផ្ញើ​ដល់​ពលរដ្ឋ​អាម៉េរិក នោះ​គឺថា ប្រទេសជាតិ​កំពុងដំណើរការ​ឡើងវិញ ហើយ​ជីវភាព​របស់​អ្នក​ទាំងអស់គ្នា​នឹង​បាន​ប្ដូរផ្លាស់​ទៅតាម​ទិសដៅ​ល្អប្រសើរ​ជាង​នេះ» លោក Joe Biden ថ្លែង​នៅ​ចំពោះមុខ​មនុស្ស​រាប់រយ​នាក់ នៅឯ​វាលស្មៅ​របស់​សេត​វិមាន។

    លោក Biden បាន​ចំណាយពេល​អស់​ជាច្រើន​ខែ​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​បក្ស​ប្រជាធិបតេយ្យ ដែលមាន​បញ្ហា​មិន​ចុះសម្រុង​គ្នា ឱ្យ​បោះឆ្នោត​គាំទ្រ​សេចក្ដីព្រាងច្បាប់​នេះ។

    អ្នកនាំពាក្យ​របស់​សេត​វិមាន Jen Psaki បានឱ្យដឹងថា ប្រធានាធិបតី Biden «ខកចិត្ត​ព្រោះតែ​ភាពអវិជ្ជមាន និង​បញ្ហា​ផ្ទៃក្នុង» របស់​បក្ស​ប្រជាធិបតេយ្យ ក្រោយ​លោក​ឡើងកាន់​អំណាច​បាន 10 ខែ ប៉ុន្តែ ខ្ទង់​ថវិកា​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ត្រូវបាន​វាយតម្លៃថា​នឹង​អាច​កែលម្អ​ស្ថានការណ៍។

    លោក Biden គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ New Hampshire នៅ​ថ្ងៃទី 16 វិច្ឆិកា ដើម្បី​ពិនិត្យ​ស្ពាន​មួយ​ខ្សែ​ដែល​ស្ថិតក្នុង​បញ្ជី​ដែល​ត្រូវ​ជួសជុល ក្រោយមក លោក​នឹង​ទៅកាន់ Detroit ដើម្បី​ជួប​សុខទុក្ខ​តំណាង​សហជីព៕

  • (វីដេអូ)-អាចម៍ផ្កាយ​ទំហំ​ប៉ុន​តួ Eiffel របស់​ទីក្រុង​បារី​ស កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    (វីដេអូ)-អាចម៍ផ្កាយ​ទំហំ​ប៉ុន​តួ Eiffel របស់​ទីក្រុង​បារី​ស កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    ដុំថ្ម​អវកាស​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​តួ Eiffel ដែល​នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ខែធ្នូ ឆ្នាំ 2021 ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់​ចូលក្នុង​ក្រុម​អាចម៍ផ្កាយ​គ្រោះថ្នាក់ ដោយសារតែ​មាឌ​ដ៏​ធំ​រប​ស់វា។

    អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ទំហំ 330 ម៉ែត្រ កំពុង​ហោះ​តម្រង់​មករក​ផែនដី ហើយនឹង​មក​ក្បែរ​ភព​បៃតង​នេះ​នៅ​ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2021។ អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 4660 Nereus នេះ នឹង​ហោះ​មក​ក្បែរ​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ជិត 3.9 លាន​គីឡូម៉ែត្រ។

    ដោយសារតែ​វា​មាន​អង្កត់ផ្ចិត​ធំ​ជាង 140 ម៉ែត្រ ហើយនឹង​មក​ក្បែរ​ផែនដី​ជាង ½ ធៀប​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី ទៅ​ព្រះអាទិត្យ ទើបត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​បញ្ជី «អាចម៍ផ្កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់»។

    ដោយ​គ្រាន់តែ​មានការ​ផ្លាស់ប្ដូរ​តិចតួច​នៅលើ​គន្លង​គោចរ ក៏​អាច​នាំឱ្យ​អាចម៍ផ្កាយ​នេះ​ចូលទៅក្នុង​គន្លង​ដែល​អាច​ធ្លាក់​មកលើ​ផែនដី បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​កម្រិត​តំបន់។ ក៏ប៉ុន្តែ នៅ​ឆ្នាំ 2060 អាចម៍ផ្កាយ 4660 Nereus នឹងមាន​លទ្ធភាព​ប៉ះទង្គិច​នឹង​ផែនដី​ខ្ពស់ជាង​លើក​នេះ ដោយសារ​វា​នឹង​ហោះ​មក​ក្បែរ​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ត្រឹមតែ 1.2 លាន​គីឡូម៉ែត្រ ចាំ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់៕

  • ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 ជាង 3 សែន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​រសៀល​ថ្ងៃនេះ

    ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 ជាង 3 សែន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​រសៀល​ថ្ងៃនេះ

    វ៉ាក់សាំង AstraZeneca ចំនួន 3.2 សែន​ដូ​ស​ដែលជា​ជំនួយ​អន្តរជាតិ​តាមរយៈ​យន្តការ COVAX នេះ នឹងត្រូវ​បាន​ដឹក​មក​ដល់​ កម្ពុជា នៅ​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 វេលា​ម៉ោង​ប្រហែលជា 4 រសៀល។

    នេះ​គឺជា​លើក​ទឹក​បី​ហើយ​ដែល កម្ពុជា ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​ពី​អន្តរជាតិ​តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងនោះ លើកទីមួយ កម្ពុជា ទទួលបាន​វ៉ាក់សាំង AstraZeneca ផលិត​នៅ ឥណ្ឌា ចំនួន 324,000 ដូ​ស កាលពី​ខែមីនា ឆ្នាំ 2021 និង​លើក​ទី​ពី​គឺ​វ៉ាក់សាំង Sinovac ផលិត​នៅ​ប្រទេស ចិន ចំនួន 124,800 ដូ​ស កាលពី​ខែតុលា ឆ្នាំ 2021 ខណៈ​លើក​ទី​បី​គឺ​វ៉ាក់សាំង AstraZeneca ចំនួន 324,000 ដូ​ស ដែល​នឹង​មកដល់​នៅ​រសៀល​ថ្ងៃនេះ។ ជា​សរុប កម្ពុជា ទទួលបាន​វ៉ាក់សាំង​ដែលជា​ជំនួយ​ពី​អន្តរជាតិ​តាមរយៈ​យន្តការ COVAX នេះ ចំនួន 772,800 ដូ​ស។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បានទទួល​វ៉ាក់សាំង​បង្ការ COVID-19 សរុប​ចំនួន​ប្រមាណ 30,000,000 ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ ចិន គឺជា​ប្រទេស​ដែល​បានផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មកដល់ កម្ពុជា ច្រើនជាងគេ។

    កំណើន​នៃ​អត្រា​ចាក់​វ៉ាក់សាំង COVID-19 នៅ កម្ពុជា  គិត​ត្រឹម​ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2021 រួមមាន៖

    -លើ​ប្រជាជន​អាយុ​ពី 18 ឆ្នាំ​ឡើង មាន 100.57% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 10 លាន​នាក់

    -លើ​កុមារ-យុវវ័យ​អាយុ​ពី 12 ឆ្នាំ ទៅ​ក្រោម 17 ឆ្នាំ មាន 98.47% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 1,827,348 នាក់

    -លើ​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ មាន 103.7% ធៀប​នឹង​ប្រជាជន​គោលដៅ 1,897,382 នាក់

    -លើ​កុមារ​អាយុ 5 ឆ្នាំ មាន 76.23% ធៀប​នឹង​ប្រជាជន​គោលដៅ 304,317 នាក់

    -លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 16 លាន​នាក់ មាន 87.85% ៕

  • អ៊ីស្រាអែល អនុញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​បង្ការ​ COVID-19 ដល់​ក្មេង​អាយុ​ចាប់​​ពី 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​

    អ៊ីស្រាអែល អនុញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​បង្ការ​ COVID-19 ដល់​ក្មេង​អាយុ​ចាប់​​ពី 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​

    រដ្ឋាភិបាល​អ៊ីស្រាអែល កាល​ពី​ថ្ងៃទី 14 វិច្ឆិកា បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​ដល់​​កុមារ​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Pfizer/BioNTech។

    ​អ៊ីស្រាអែល គឺជា​ប្រទេស​​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 កាល​ពី​ឆ្នាំ​មុន​ ដោយ​ផ្អែក​ទៅលើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​​វ៉ាក់សាំង​ និង​ទិន្នន័យ​​នៃ​ប្រសិទ្ធភាព​ក្រោយ​ការ​ចាក់​​ ជាមួយ​ Pfizer ដែល​នេះ​បាន​អនុញ្ញាត​ឱ្យ​ អ៊ីស្រាអែល​ ទទួល​បាន​វ៉ាក់សាំង​រាប់​លាន​ដូស​។

    អ៊ីស្រាអែល បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​ជំទង់​អាយុ​ចាប់​ពី​ 12 ដល់ 17 ឆ្នាំ​ ប៉ុន្តែ បាន​សម្រេច​ចាក់​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ បន្ទាប់​ពី​ Pfizer បាន​ធ្វើ​ការ​ពិសោធ​ និង​ទទួល​បាន​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ​ក្នុង​ប្រទេស​។

    ប្រកាស​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រសួង​សុខាភិបាល​ រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 220​ ករណី ដែល​​តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​ ធៀប​នឹង​ 10,000​ នាក់​/​​ថ្ងៃ​ ​កាល​ពី​ចុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា​។​ យុទ្ធនាការ​ចាក់វ៉ាក់សាំង​ បាន​ជួយ​ឱ្យ​ប្រទេស​នេះ​កាត់​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​រាលដាល​។

    ​លទ្ធផល​នៃ​ការ​ពិសោធ​លើ​កុមារ​ និង​ក្មេង​ជំទង់ បង្ហាញ​ថា ​វ៉ាក់សាំង​ Pfizer មាន​ប្រសិទ្ធភាព​ 90.7% ក្នុងការ​ទប់ស្កាត់​អាការរោគ​នៃ​ជំងឺ​ COVID-19​។

    អ៊ីស្រាអែល គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​បាន​ និង​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ក្មេង​ជំទង់​ ក្នុង​នោះ​​មាន​ដូច​ជា​ សហរដ្ឋ​អាម៉េរិក​ កម្ពុជា​ អារ៉ាប់រួម​ កូឡុំប៊ី និង​គុយបា​។ យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​​​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ នៅ​ អ៊ីស្រាអែល នឹង​ត្រូវ​បាន​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕

  • AstraZeneca ឈប់​លក់​វ៉ាក់សាំង COVID-19 ក្នុង «តម្លៃ​ដើម» ដល់​បណ្ដា​ប្រទេស

    AstraZeneca ឈប់​លក់​វ៉ាក់សាំង COVID-19 ក្នុង «តម្លៃ​ដើម» ដល់​បណ្ដា​ប្រទេស

    ក្រុមហ៊ុន AstraZeneca គ្រោង​នឹង​ប្រមូល «ប្រាក់ចំណេញ​តិចតួច» ពី​កិច្ចសន្យា​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ COVID-19 ថ្មី ជំនួស​ឱ្យ​ការរក្សា​រូបមន្ត «មិន​ស្វែងរក​ប្រាក់ចំណេញ»។

    ក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 12 វិច្ចិកា ក្រុមហ៊ុន​ផលិត​ឱសថ​របស់ អង់គ្លេស-ស៊ុយអែត AstraZeneca បានឱ្យដឹងថា ពួកគេ​កំពុងមាន​គម្រោង​ផ្លាស់ប្ដូរបណ្ដើរៗដើម្បី​រកប្រាក់​ចំណេញ​តិចតួច​នៅពេល​ទទួល​ការបញ្ជាទិញ​វ៉ាក់សាំង​ថ្មី»។ ពួកគេ​បន្តថា ខ្ទង់​ប្រាក់ចំណេញ​តិចតួច​ដែល​បានមកពី​ការលក់​វ៉ាក់សាំង​ក្នុង​ត្រីមាស​ទី​បួន នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប៉ះប៉ូវ​លើ​ខ្ទង់ចំណាយ​ទាក់ទង​នឹង​សមាសធាតុ​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​ការទប់ស្កាត់ និង​ព្យាបាល​ជំងឺ COVID-19។

    នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AstraZeneca លោក Pascal Soriot ​បាន​បញ្ជាក់ថា ពួកគេ​កំពុង​លើកឡើង​នូវ​តម្លៃ​ទាប​សមរម្យ និង​ទៅតាម​កម្រិតផ្សេងៗ អាស្រ័យទៅលើ​លទ្ធភាព​ចំណាយ​របស់​ប្រទេសនីមួយ។ លោក​ថា ប្រភេទ​វ៉ាក់សាំង​បង្ការ COVID-19 ដែល AstraZeneca សហការ​អភិវឌ្ឍ និង​ផលិត​ជាមួយ​សាកលវិទ្យាល័យ Oxford របស់ អង់គ្លេស នឹងមិន​ក្លាយជា «ប្រភព​ចំណូល​ធំ​នោះទេ»។

    ប្រាក់ចំណូល​ពី​វ៉ាក់សាំង​បង្ការ COVID-19 របស់ AstraZeneca ក្នុង​ត្រីមាស​ទី​បី​គឺ 1.1 ពាន់​លាន​ដុល្លារ ទាប​ជាង​ឆ្ងាយ​ធៀប​នឹង 13 ពាន់​លាន​ដុល្លារ​របស់ Pfizer និង 4.8 ពាន់​លាន​ដុល្លារ​របស់ Moderna។ ក្រុមហ៊ុន​នេះ​ថែមទាំង​បានប្រកាស​អំពី​ខ្ទង់​ខាតបង់ 1.65 ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​បី ធៀប​នឹង​ខ្ទង់​ចំណេញ​ក្រោយ​ពន្ធ 651 លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារតែ​ការបង្កើន​ចំណាយ​ទៅលើ​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជាច្រើន រួមទាំង​វិធីសាស្ត្រ​ព្យាបាល​ជំងឺ COVID-19 ផងដែរ។

    AstraZeneca បាន​សន្យា​លក់​វ៉ាក់សាំង​ក្នុងតម្លៃ​ដើម​សម្រាប់​អំឡុង COVID-19 រាតត្បាត​សកល និង​កំពុង​គិតថ្លៃ​ប្រហែល 5 ដុល្លារ​ក្នុង​មួយ​ដូ​ស។ ប៉ុន្តែ លោក Soriot យល់ថា គ្រប់គ្នា​ត្រូវ​ទទួលស្គាល់ថា COVID-19 កំពុងតែ​ក្លាយទៅជា​ជំងឺ​តាម​តំបន់។ យើង​នឹងត្រូវ​រៀន​រស់នៅ​ជាមួយ​ជំងឺ​នេះ មានន័យថា ត្រូវ​ការចាក់​វ៉ាក់សាំង​រំលឹក​ឱ្យបាន​ទៀងទាត់» CEO របស់​ក្រុម​ហ៊ុន​ AstraZeneca ថ្លែង​ដូច្នេះ។

    គិត​ត្រឹម​ចុងខែ​កញ្ញា AstraZeneca បាន​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ជាង 145 លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ពោលគឺ​ស្មើនឹង​​ពាក់​កណ្ដាល​​នៃ​ប្រភព​វ៉ាក់សាំង​របស់ COVAX។ តួលេខ​នេះ​នឹង​កើន​ឡើងដល់ 250 លាន​ដូ​ស​នៅ​ចុងឆ្នាំ​នេះ។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន AstraZeneca ក៏​នៅតែ​សន្យាថា ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុងតម្លៃ​ដើម ដល់​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត៕