Category: អន្តរជាតិ

  • អ៊ុយ​ក្រែ​ន ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​របស់ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​របស់ រុស្ស៊ី

    កងទ័ព​អ៊ុយ​ក្រែ​ន នា​ព្រឹក​នេះ បានប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​មួយគ្រឿង​របស់ ប្រទេស​រុស្ស៊ី ប៉ុន្តែ មិនទាន់​ឱ្យដឹង​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ប្រភេទ​យន្តហោះ និង​ទីតាំង​នៃ​ហេតុការណ៍​នោះ​នៅឡើយ។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​ រុស្ស៊ី បាន​ប្រកាស​បើក​យុទ្ធនាការ​យោធា​ចូល​មក​កាន់​តំបន់ Donbass នៅ​ភាគ​ខាង​កើត​នៃ​ ប្រទេស​អ៊ុយក្រែន​។

    តំបន់ Donbass ដែល​រួម​មាន​​ ខេត្ត Donetsk និង Luhansk បាន​ក្លាយជា​ចំណុចក្ដៅ​នៃ​សង្គ្រាម​ដណ្ដើម​ទឹកដី រវាង អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី ចាប់តាំងពី​ឆ្នាំ ២០១៤ បណ្ដាលឱ្យ​មនុស្ស​ជាង ១៤ ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត។

    ទាក់​ទង​នឹង​ការ​ចូល​លុក​លុយ ប្រទេស​អ៊ុយក្រែន ​ពី​សំណាក់ រុស្ស៊ី ​មន្ត្រី​របស់​អង្គការ​ណា​តូ (NATO) មួយរូប បានឱ្យដឹងថា ក្រុម​ប្រទេស​របស់ ណា​តូ នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ក្នុងថ្ងៃនេះ។ ចំណែក អគ្គលេខាធិការ​អង្គការ​ណា​តូ Jens Stoltenberg ក៏​នឹង​បើក​សន្និសីទ​សារព័ត៌មាន​បន្ទាប់​នោះ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ១២ កន្លះ (ម៉ោង ១៦ កន្លះ នៅ​ភ្នំពេញ)។

  • អ៊ុយក្រែន​ ប្រកាស​អនុវត្ត​ «ច្បាប់​អាជ្ញាសឹក» ក្រោយ​ពី​រដ្ឋធានី ត្រូវ​រង​ការ​វាយប្រហារ​ពី​រ៉ុក្កែត​

    អ៊ុយក្រែន​ ប្រកាស​អនុវត្ត​ «ច្បាប់​អាជ្ញាសឹក» ក្រោយ​ពី​រដ្ឋធានី ត្រូវ​រង​ការ​វាយប្រហារ​ពី​រ៉ុក្កែត​

    ប្រធានាធិបតី​អ៊ុយក្រែន ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសឹក នៅ​ទូទាំង​ប្រទេស​ ក្រោយ​ពី​ រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ​​តំបន់​ភាគ​ខាង​កើត​របស់ អ៊ុយក្រែន​។

    នៅក្នុង​​សេចក្ដីថ្លែង​ការណ៍​នាថ្ងៃ​នេះ ប្រធានាធិតី​អ៊ុយក្រែន លោក​ Volodymyr Zelensky ប្រកាស​ថា រុស្ស៊ី បាន​វាយ​ប្រហារ​ដោយ​ប្រើ​ក្រាប់​​រ៉ុក្កែត​ សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កងកម្លាំង​ការ​ពារ​ព្រំដែន​របស់​ អ៊ុយក្រែន​។ លោក​បាន​ពិភាក្សា​ជា​មួយ​ ប្រធានាធិបតី​អាម៉េរិក និង​បាន​ស្នើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ផ្ទះ​ រក្សា​ភាព​ស្ងប់​ស្ងាត់​។

    «កងទ័ព​កំពុង​អនុវត្ត​តាម​ភារកិច្ច​។ ខ្ញុំ​នឹង​នៅ​ក្បែរ​គ្រប់​គ្នា​។ រឹងមាំឡើង​។ យើង​នឹង​ឈ្នះ​ ព្រោះ​យើង​ជា​ជនជាតិ​អ៊ុយក្រែន» លោក Zelensky ថ្លែង​ដូច្នេះ​។

    ច្បាប់​អាជ្ញាសឹក​នេះ​អនុញ្ញាត​ឱ្យ​ កងទ័ព​អ៊ុយក្រែន ចេញ​​បម្រាម​គោចរ​ បង្កើត​មូលដ្ឋាន​ត្រួតពិនិត្យ​យោធា និង​កាត់​បន្ថយ​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​របស់​ពលរដ្ឋ​ ជនបរទេស​ ក៏ដូច​ជា​បណ្ដា​មធ្យោបាយ​ធ្វើ​ដំណើរ​ផងដែរ​។

  • រដ្ឋមន្ត្រី​ការ​បរទេស​របស់ អ៊ុយក្រែន​ ថា រុស្ស៊ី កំពុងបើក​ការ​វាយ​ប្រហារ​ទូទៅ

    រដ្ឋមន្ត្រី​ការ​បរទេស​របស់ អ៊ុយក្រែន​ ថា រុស្ស៊ី កំពុងបើក​ការ​វាយ​ប្រហារ​ទូទៅ

    រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន Kuleba បាន​ថ្លែងថា រុស្ស៊ី បានចាប់ផ្ដើម​បញ្ឆេះ​សង្គ្រាម​ទូទៅ សំដៅលើ​ប្រទេស​របស់លោក ប៉ុន្តែ ទីក្រុង​មូ​ស្គូ បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​យុទ្ធនាការ​យោធា។

    «ទីក្រុង​ដ៏​សុខសាន្ត​របស់ អ៊ុយ​ក្រែ​ន កំពុង​រង​ការវាយប្រហារ។ នេះ​គឺជា​សង្គ្រាម​ឈ្លានពាន។ អ៊ុយ​ក្រែ​ន នឹង​ការពារ​ខ្លួន និង​ដណ្ដើមយក​ជ័យជំនះ។ ពិភពលោក​ត្រូវតែ​ទប់ស្កាត់ ពូ​ទីន។ នៅពេលនេះ​ភ្លាម! រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន Dmytro Kuleba បាន​បង្ហោះ​សារ​លើ Twitter ដូច្នេះ នៅថ្ងៃនេះ។

    ប្រកាស​របស់លោក Kuleba ត្រូវបាន​លើកឡើង​ក្រោយពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ​តំបន់ Donbass ដែលជា​ទឹកដី​របស់ អ៊ុយ​ក្រែ​ន និង​បាន​ស្នើឱ្យ​ទាហាន​អ៊ុយ​ក្រែ​ន ទម្លាក់អាវុធ។

  • សង្គ្រាមនៅ អ៊ុយក្រែន បានចាប់ផ្ដើមហើយ! រដ្ឋធានី Kiev ត្រូវរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

    សង្គ្រាមនៅ អ៊ុយក្រែន បានចាប់ផ្ដើមហើយ! រដ្ឋធានី Kiev ត្រូវរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

    មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រេ​ន បានឱ្យដឹងថា ​មជ្ឈមណ្ឌលននា​​នៃ​ទីបញ្ជាការ​យោធា​នៅ រដ្ឋធានី Kiev និង Kharkov បាន​រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ និង​កាំជ្រួច​ង​ផ្លោង។

    បច្ចុប្បន្ន ព័ត៌មាន​ទាក់ទង​នឹង​ការវាយប្រហារ​ខាងលើ មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​ច្បាស់​នៅឡើយ អំពី​ការខូចខាត និង​ប្រភេទ​អាវុធ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​នោះ។ នេះ​បើតាម​សារព័ត៌មាន Ukrainska Pravda។

    «សង្គ្រាម​បាន​ចាប់​ផ្ដើម​ហើយ។ នៅ​ពេល​ការ​វាយ​ប្រហារ​ពី​អាកាស​ ពួក​គេ​នឹង​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ គោល​ដៅ​យោធា​។ ខ្ញុំ​បាន​​ឮ​​សំឡេង​ផ្ទុះ​ចំនួន ៣ នៅ​ ទីក្រុង Kiev» Andrey Buzarov អ្នក​ជំនាញ​ផ្នែក​នយោបាយ​ ធ្វើ​ការ​ក្នុង​ស្ថាប័ន​សភា​ និង​ក្រសួង​ការ​បរទេស​អ៊ុយក្រែន ឱ្យ​ដឹង​ដូច្នេះ​។

  • អង្គការសហប្រជាជាតិ ស្រែកប្រាប់​ឱ្យ រុស្ស៊ី បញ្ឈប់​សកម្មភាព​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន

    អង្គការសហប្រជាជាតិ ស្រែកប្រាប់​ឱ្យ រុស្ស៊ី បញ្ឈប់​សកម្មភាព​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ កំពុងបើក​កិច្ចប្រជុំ​បន្ទាន់ នៅ ទីក្រុង​នី​វ​យ៉​ក សហរដ្ឋ​អាម៉េរិក ស្ដីពី​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន។

    «ប្រធានាធិបតី ពូ​ទីន ចូរ​ទប់ស្កាត់​កងទ័ព កុំឱ្យ​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ចូរ​បង្កើត​ឱកាស​សម្រាប់​សន្តិភាព មាន​មនុស្ស​ជាច្រើន​បាន​បាត់​បង់ជីវិត​រួចទៅហើយ» អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ថ្លែង​ដូច្នេះ។

    ការ​ថ្លែង​របស់ លោក Antonio Guterres នេះ ត្រូវបាន​ធ្វើឡើងភ្លាមៗ បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ក្រោមលេស​ថា មានការ​ស្នើឱ្យ​ជួយ​ពី​ក្រុម​មេដឹកនាំ​តំបន់​ផ្ដាច់ខ្លួន​នៅ Donbass និង​ដើម្បី​រក្សា​សន្តិភាព។

    តំណាង​របស់​ សហរដ្ឋ​អាម៉េរិក នៅ អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ព្រមាន​ថា បើសិន រុស្ស៊ី ធ្វើ​សកម្មភាព​យោធា នោះ​មនុស្ស ៥ លាន​នាក់ អាច​នឹងត្រូវ​ភៀសខ្លួន និង​បង្ក​ជា​វិបត្តិ​ជនភៀសខ្លួន​ថ្មី​នៅ អឺរ៉ុប។

    ប្រធានាធិបតី​​សហរដ្ឋ​អាម៉េរិក ​លោក​ ចូ បៃ​ដិ​ន ក៏បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់ រុស្ស៊ី ថា ជា «ការវាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល» សំដៅលើ អ៊ុយ​ក្រែ​ន។ លោក​ថា នឹង «បង្ក​ទុក្ខសោក​ធ្ងន់ធ្ងរ ដល់​មនុស្ស និង​ទ្រព្យសម្បត្តិ»។ «ពិភពលោក នឹង​ចាប់បង្ខំ​ឱ្យ រុស្ស៊ី ទទួលខុសត្រូវ» លោក បៃ​ដិ​ន បញ្ជាក់ និង​បន្ថែមថា លោក​នឹងធ្វើ​សេចក្ដីថ្លែងការណ៍​ស្ដីពី «ផលវិបាក» ចំពោះ ប្រទេស​រុស្ស៊ី នៅពេល​ប​ន្តិ​ចិ​ទៀត​នេះ។

  • រុស្ស៊ី ប្រកាស​បើក​យុទ្ធនាការ​យោធា នៅ អ៊ុយ​ក្រែ​ន​ខាងកើត

    រុស្ស៊ី ប្រកាស​បើក​យុទ្ធនាការ​យោធា នៅ អ៊ុយ​ក្រែ​ន​ខាងកើត

    ប្រធានាធិបតី​រុស្ស៊ី បានប្រកាស​បើក​យុទ្ធនាការ​កងទ័ព​ពិសេស​នៅ​តំបន់ Donbass ស្ថិតក្នុង​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន និង​ស្នើឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​តំបន់​នេះ ទម្លាក់អាវុធ។

    «ស្ថានការណ៍​បាន​នាំឱ្យ​យើង​ត្រូវ​សម្រេចចិត្ត​ធ្វើ​សកម្មភាព​ដាច់ខាត និង​ជាបន្ទាន់​នេះ។ សាធារណរដ្ឋ​ប្រជាមានិត Donbass (DPR) បានស្នើ​ឱ្យ រុស្ស៊ី ផ្ដល់ជំនួយ» ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានប្រកាស​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលបី​វេលា​ម៉ោង ៦ ព្រឹក (ម៉ោង ១០ នៅ ភ្នំពេញ)។

    តំបន់ Donbass ដែល​រួមមាន​ខេត្ត ចំនួន ២ គឺ Donetsk និង Luhansk បាន​ក្លាយជា​ចំណុចក្ដៅ​នៃ​សង្គ្រាម​ដណ្ដើម​ទឹកដី រវាង អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី ចាប់តាំងពី​ឆ្នាំ ២០១៤ បណ្ដាលឱ្យ​មនុស្ស​ជាង ១៤ ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត។ លោក ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានទទួល​ស្គាល់​ខេត្ត​ទាំងនេះ​ជា​ប្រទេស​ឯករាជ្យ។

    ទន្ទឹមនឹង​ការប្រកាស​ចល័ត​ទ័ព​ទៅកាន់​តំបន់ Donbass លោក ពូ​ទីន ក៏បាន​ស្នើឱ្យ​កងទ័ព​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន នៅ​តំបន់​នេះ ទម្លាក់អាវុធ​ផងដែរ។

    ប្រកាស​របស់លោក ពូ​ទីន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី វិមាន​ក្រឹម​ឡាំង បានឱ្យដឹងថា ក្រុម​មេដឹកនាំ​តំបន់​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បានស្នើ​ឱ្យ រុស្ស៊ី ចូល​ជួយ ដើម្បី​ទប់ទល់​នឹង​កងទ័ពរ​ដ្ឋា​ភិ​បាល​របស់ អ៊ុយ​ក្រែ​ន។

    ជាការ​ឆ្លើយតប ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Vododymyr Zelensky បាន​អំពាវនាវ​ដល់ ជនជាតិ​រុស្ស៊ី កុំឱ្យ​គាំទ្រ «សង្គ្រាម​ធំ​នៅ អឺរ៉ុប»។ លោក Vododymyr Zelensky ថ្លែងការណ៍​ជា ភាសា​រុស្ស៊ី ថា «អ្នកណាខ្លះ​ដែល​អាច​ទប់ស្កាត់​សង្គ្រាម? នោះ​គឺ​មនុស្សលោក។ ខ្ញុំ​ប្រាកដថា មនុស្ស​ទាំងនោះ​ស្ថិតក្នុង​ចំណោម​អស់លោក»។ ប្រធានាធិបតី​រូបនេះ​បន្តថា ប្រជាជន​រុស្ស៊ី កំពុង​ត្រូវបាន​គេ​បោក​បញ្ឆោត​អំពី​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

    លោក Vododymyr Zelensky បញ្ជាក់ថា លោក​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក ពូ​ទីន ប៉ុន្តែ មិនមាន​ការឆ្លើយតប និង​ថា បច្ចុប្បន្ន រុស្ស៊ី កំពុង​ពង្រាយ​ទ័ព​ប្រហែល ២ សែន​នាក់ នៅក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន។

     

  • ឡាវ និង ថៃ ព្រមព្រៀងគ្នា​ថា នឹង​បើក​ច្រកទ្វារព្រំដែន​ឡើងវិញឆាប់ៗនេះ

    ឡាវ និង ថៃ ព្រមព្រៀងគ្នា​ថា នឹង​បើក​ច្រកទ្វារព្រំដែន​ឡើងវិញឆាប់ៗនេះ

    ប្រភពព័ត៌មាន​ពី រដ្ឋធានី​វៀងចន្ទន៍ នា​ថ្ងៃទី ២៤ កុម្ភៈ​នេះ ឱ្យដឹងថា ប្រទេស​ឡាវ និង ប្រទេស​ថៃ បាន​យល់ព្រម​បើក​ច្រកទ្វារព្រំដែន​នានា​ឡើងវិញ ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ។

    ការសម្រេច​ខាងលើនេះ​ត្រូវបាន​លើកឡើង​នៅពេល ឯកអគ្គរដ្ឋទូត​ឡាវ ប្រចាំ ប្រទេស​ថៃ Seng Soukhathivong បាន​ចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​ថៃ លោក Prayut Chan-o-cha។ ក្នុងជំនួប​នេះ ភាគី​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​សារសំខាន់ និង​ផលប្រយោជន៍​នៃ​ការបើក​ច្រកព្រំដែន​ឡើងវិញ ចំពោះ​វិស័យសេដ្ឋកិច្ច។

    នាយករដ្ឋមន្ត្រី​ថៃ ស្នើឱ្យ ឡាវ ពិចារណា​អំពី​ការអភិវឌ្ឍ​ផ្លូវ R១២ ដែល​ត​ភ្ជាប់​ប្រទេស​ចំនួន ៣ គឺ ឡាវ ថៃ និង វៀតណាម ដើម្បី​សម្រួល​ដល់​សហគមន៍​ក្នុង​តំបន់​មូលដ្ឋាន​របស់​ប្រទេស​ទាំងនេះ។

    ឯកអគ្គរដ្ឋទូតឡាវ ប្រចាំ ប្រទេសថៃ Seng Soukhathivong និង នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha

    តាម​គម្រោង នាយករដ្ឋមន្ត្រី​ឡាវ Phankham Viphavanh នឹងធ្វើ​ទស្សនកិច្ច ប្រទេស​ថៃ នៅ​ពាក់កណ្ដាល​ឆ្នាំនេះ។ នាយករដ្ឋមន្ត្រី​ថៃ លោក Prayut បាន​សម្ដែង​ការ​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នោះ និង​ថា នោះ​គឺជា​ឱកាសល្អ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក្នុង​គោលដៅ​រីកចម្រើន​យូរអង្វែង៕

  • អាម៉េរិក ចោទ រុស្ស៊ី-ចិន ថា ចង់​បង្កើត​សណ្ដាប់ធ្នាប់​ថ្មី​របស់​ពិភពលោក

    អាម៉េរិក ចោទ រុស្ស៊ី-ចិន ថា ចង់​បង្កើត​សណ្ដាប់ធ្នាប់​ថ្មី​របស់​ពិភពលោក

    សហរដ្ឋ​អាម៉េរិក បាន​ចោទប្រកាន់ថា រុស្ស៊ី-ចិន កំពុង​សហការគ្នា​ដើម្បី​បង្កើត​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី «គ្មាន​សេរីភាព» ហើយ​បញ្ហា អ៊ុយ​ក្រែ​ន គឺជា​ផ្នែក​មួយ​នៅក្នុង​នោះ។

    «យើង​គិតថា រុស្ស៊ី និង ចិន ចង់​បង្កើត​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី។ ប៉ុន្តែ នេះ​គឺជា​សណ្ដាប់ធ្នាប់​ដែល​មិនមាន​សេរីភាព ផ្ទុយ​ពី​សណ្ដាប់ធ្នាប់​ដែល​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក បាន​កសាង​ក្នុង​រយៈពេល ៧ ទសវត្សរ៍​កន្លង» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាម៉េរិក Ned Price បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២៣ កុម្ភៈ។

    លោក Price បាន​អំពាវនាវ​ឱ្យ ចិន បំពេញ​តួនាទី​ក្នុង​ការជំរុញឱ្យ រុស្ស៊ី កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង វិបត្តិ​អ៊ុយ​ក្រែ​ន។ ចិន បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​នឹង «បញ្ហា​អ៊ុយ​ក្រែ​ន» អត់ធ្មត់ និង​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​ប្រទេស​នានា។

    មកដល់ពេលនេះ សហរដ្ឋ​អាម៉េរិក អង់គ្លេស សហភាព​អឺរ៉ុប កាណាដា ជប៉ុន និង អូស្ត្រាលី បានប្រកាស​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ជា​បន្តបន្ទាប់ ក្រោយពី​សភា​ជាន់ខ្ពស់​របស់​ប្រទេស​នេះ បានអនុម័ត​ឱ្យ​បញ្ជូន​ទ័ព​ទៅកាន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ដែនដី​ទើបត្រូវ​បាន​លោក ពូ​ទីន ទទួលស្គាល់​ឯករាជ្យ​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

  • បន្ទាប់ពី អ៊ុយ​ក្រែ​ន បានប្រកាស​អាសន្ន រុស្ស៊ី ព្រមាន​ថា ក្រុង​កៀវ មិនត្រូវ​ចល័ត​ទ័ព​នៅ Donbass ជាដាច់ខាត

    បន្ទាប់ពី អ៊ុយ​ក្រែ​ន បានប្រកាស​អាសន្ន រុស្ស៊ី ព្រមាន​ថា ក្រុង​កៀវ មិនត្រូវ​ចល័ត​ទ័ព​នៅ Donbass ជាដាច់ខាត

    រុស្ស៊ី បានប្រកាសថា មិន​លើកលែង​ចំពោះ​ការរំលោភ​បទ​ឈប់​បាញ់​នៅ Donetsk និង Luhansk និង​បាន​ព្រលាន​ទៅ អ៊ុយ​ក្រែ​ន ថា មិនត្រូវ​ចល័ត​ទ័ព​នៅ​តំបន់​នេះ ក្រោយពី រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានប្រកាស​អាសន្ន​ទូទាំងប្រទេស។

    «យើង​សូម​ព្រមាន​អស់លោក​ថា ក្នុង​លក្ខខណ្ឌ​ដែល កងកម្លាំង​រុស្ស៊ី កំពុង​គ្រប់គ្រង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ទៅតាម​សំណើ​របស់ Donetsk និង Luhansk អ្នក​ដែល​បាន​រំលោភបំពាន​នឹងមិន​រួចខ្លួន​ឡើយ» ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​អង្គការសហប្រជាជាតិ Vassily Nebenzia ប្រកាស​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ២៣ កុម្ភៈ។

    បច្ចុប្បន្ន រុស្ស៊ី មិនទាន់​ចេញ​បញ្ជា​ឱ្យ​បញ្ជូន​ទ័ព​ទៅកាន់​តំបន់ Donbass ដែលមាន​ខេត្ត Donetsk និង Luhansk ស្ថិតក្នុង​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន នៅឡើយ ប៉ុន្តែ ប្រធានាធិបតី​រុស្ស៊ី បានចេញ​បញ្ជា​ឱ្យ​ត្រៀម និង សភា​រុស្ស៊ី បានអនុញ្ញាត​ឱ្យ​ចល័ត​ទ័ព​រួចហើយ។

    ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក​ Vassily Nebenzia

    ការព្រមាន​របស់ រុស្ស៊ី ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី អ៊ុយ​ក្រែ​ន បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន កាលពី​ម្សិលមិញ។ វិធានការ​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ម៉ោង ០០:០០ នាទី នៃ​ថ្ងៃនេះ និង​អូសបន្លាយ​ក្នុង​រយៈពេល ៣០ ថ្ងៃ​ទៅមុខ។ ស្ថានភាព​អាសន្ន​នេះ​នឹង​ត្រូវបាន​អនុវត្ត​ទូទាំងប្រទេស បូករួម​ទាំង​ដែនដី Donetsk និង Luhansk ដែលជា​តំបន់​ផ្ដាច់ខ្លួន ត្រូវបាន​ប្រកាសអាសន្ន​តាំងពី​ឆ្នាំ ២០១៤។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន នឹង​បង្កើន​សកម្មភាព​ផ្នែក​សន្តិសុខ រួមទាំង​ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​លិខិតស្នាម និង​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាជន​ផងដែរ។

  • អ៊ុយ​ក្រែ​ន ត្រៀម​រួចរាល់​ដើម្បី​ការពារ​ទឹកដី «សូម្បី​តែមួយ​ចំអាម»

    អ៊ុយ​ក្រែ​ន ត្រៀម​រួចរាល់​ដើម្បី​ការពារ​ទឹកដី «សូម្បី​តែមួយ​ចំអាម»

    រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន Kuleba ប្រកាសថា ប្រទេស​នេះ​បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី សូម្បី​តែមួយ​ចំអាម ប៉ុន្តែ នៅតែ​ផ្ដល់​អាទិភាព​ដល់​ផ្នែក​ការទូត​ជាមួយ រុស្ស៊ី។

    «ផែនការ A គឺ​ការប្រើប្រាស់​រាល់​មធ្យោបាយ​ការទូត ដើម្បី​គំរាម រុស្ស៊ី និង​ទប់ស្កាត់​ការកើនឡើង​នៃ​ភាព​តានតឹង។ បើសិនជា​ផែនការ A បរាជ័យ នោះ​ផែនការ B នឹង​ជាការ​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី​សម្បី​តែមួយ​ចំអាម​របស់​យើង នៅ​គ្រប់​ទីក្រុង និង​គ្រប់​ភូមិឋាន។ ច្បាស់​ណាស់ យើង​នឹង​ប្រយុទ្ធ​រហូតដល់​ដណ្ដើមបាន​ជ័យជំនះ» រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​អាម៉េរិក លោក Antony Blinken នៅ វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី ២២ កុម្ភៈ។

    លោក Kuleba ក៏បាន​រិះគន់ថា រុស្ស៊ី «រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ប្រឆាំងនឹង​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន» នៅពេល​ទទួលស្គាល់​ឯករាជ្យ​របស់ Donetsk និង Luhansk ដែលជា​ដែនដី​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន។

    លោក Antony Blinken

    រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​ពិភពលោក ប្រើប្រាស់​រាល់​កម្លាំង​សេដ្ឋកិច្ច​ដើម្បី​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី «ជាបន្ទាន់ និង​ឱ្យបាន​ខ្លាំងក្លា»។ លោក Kuleba ក៏​សម្ដែង​ការ​សាទរ​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់ សហរដ្ឋ​អាម៉េរិក ទៅលើ រុស្ស៊ី ផងដែរ។

    នៅក្នុង​សន្និសីទ​ខាងលើ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ក៏បាន​រិះគន់ ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ថា បានបង្ហាញ​នូវ​គោលដៅ «គ្រប់គ្រង អ៊ុយ​ក្រែ​ន ទាំងមូល»។ លោក​ក៏បាន​ប្រកាសថា សហរដ្ឋ​អាម៉េរិក នឹង «នៅតែ​ប្រើប្រាស់» គ្រប់​មធ្យោបាយ​ដែលមាន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​សង្គ្រុប​ទៅលើ អ៊ុយ​ក្រែ​ន ផងដែរ។

    សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច តាំងពី​ចុងឆ្នាំ ២០២១ បាន​ចោទថា រុស្ស៊ី ប្រមូលផ្ដុំ​ទាហាន​ជាង ១០០,០០០ នាក់ នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច ដើម្បី​រៀប​ផែនការ​លុកលុយ អ៊ុយ​ក្រែ​ន។ សហរដ្ឋ​អាម៉េរិក បាន​ព្រមាន​ជា​បន្តបន្ទាប់​ថា រុស្ស៊ី ជិត​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ប៉ុន្តែ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ជឿថា ស្ថានការណ៍ «មិនមាន​អ្វី​ថ្មី»។

    ភាព​តានតឹង​នៅ​ជុំវិញ «វិបត្តិ អ៊ុយ​ក្រែ​ន» កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែលជា​ដែនដី​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ផ្នែក​យោធា​ជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។

    សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី។ ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ប្រកាសថា នឹងមាន​ទណ្ឌកម្ម​ជាច្រើន​ផ្សេងទៀត​ដែល​ត្រូវ​ដាក់ចេញ​បន្ទាប់ពី​ទណ្ឌកម្ម​បើកឆាក បើសិន រុស្ស៊ី មិនមាន​សកម្មភាព​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ អ៊ុយ​ក្រែ​ន៕