Category: អន្តរជាតិ

  • កូរ៉េខាងជើង ​រុះរើ​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង​កូរ៉េ​ទាំងពីរ

    កូរ៉េខាងជើង ​រុះរើ​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង​កូរ៉េ​ទាំងពីរ

    កូរ៉េខាងជើង បាន​រុះរើ​សណ្ឋាគារ​មួយ​ដែល​សាងសង់​ដោយ កូរ៉េខាងត្បូង នៅក្នុង​តំបន់​លម្ហែកាយ​នៃ​ភ្នំ​ពេជ្រ (Geumgansan) ជា​សណ្ឋាគារ​ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​កិច្ចសហការ​រវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង។

    កូរ៉េខាងត្បូង បាន​សាងសង់​ជំរំ​ផ្ទះ​ស្នាក់នៅ​ចំនួន​រាប់សិប ក្នុង​តំបន់​លម្ហែកាយ ភ្នំ​ពេជ្រ នៅក្នុង​ខេត្ត Kimgang នៃ ប្រទេស​កូរ៉េខាងជើង ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ពី កូរ៉េខាងត្បូង ក្នុង​គ្រា​ដែល​ប្រទេស​ទាំងពីរ​នេះ ឈានដល់​ចំណុចកំពូល​នៃ​ការផ្សះផ្សា​ទំនាក់ទំនង​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩១។

    ក៏ប៉ុន្តែ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កាលពី​ឆ្នាំ ២០១៩ បាន​បញ្ជា​ឱ្យ​រុះរើ​សំណង់​ទាំងនេះ ដោយ​យល់ថា សំណង់​របស់ កូរ៉េខាងត្បូង «មិន​ស្អាត»។ ការរុះរើ​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ ក្រោយមក​ក៏ត្រូវ​បាន​ពន្យារពេល​ដោយសារ​កូ​វីដ-១៩។

    ក្រសួង​បង្រួម​បង្រួម​កូរ៉េខាងត្បូង នា​ថ្ងៃនេះ បានឱ្យដឹងថា កូរ៉េខាងជើង ចាប់ផ្ដើម​រុះរើ​សណ្ឋាគារ Haegumgang។ នេះ​គឺជា​សណ្ឋាគារ​អណ្ដែត​លើទឹក ស្ថិត​នៅក្បែរ​ឆ្នេរសមុទ្រ​លម្ហែកាយ និង​ជា​សំណង់​ធំ​មួយ​ក្នុងចំណោម​សំណង់​សម្រាប់​ទេសចរណ៍ ដែល​ត្រូវបាន កូរ៉េខាងត្បូង ផ្ដល់ប្រាក់​ឱ្យ​សាងសង់​ក្នុង​បំណង​ទទួលភ្ញៀវ​ដែល​ចង់​មក​ទស្សនា ភ្នំ​ពេជ្រ ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ ១៩៩៨។

    យោងតាម​អ្នកនាំពាក្យ​របស់ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក Cha Deok-cheol បច្ចុប្បន្ន​មិនដឹង​ច្បាស់​ថា កូរ៉េខាងជើង រុះរើ​សំណង់​នៅក្នុង​ទីតាំង​ទេសចរណ៍​ផ្សេងទៀត​ដែល​ស្ថិតក្នុង​តំបន់​លម្ហែកាយ​ភ្នំ​ពេជ្រ ដែរ ឬ​យ៉ាងណា​នៅឡើយ។ លោក​ថា កូរ៉េខាងត្បូង មានការ​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់ ទីក្រុង​ព្យុងយ៉ាង ហើយ​ស្នើឱ្យ កូរ៉េខាងជើង បើក​ការចរចា​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ទាក់ទង​នឹង​បណ្ដា​សំណង់​របស់ កូរ៉េខាងត្បូង នៅ ភ្នំ​ពេជ្រ នោះ៕

  • អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ចេញ​ប្រេង ១២០ លាន​ធុង ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    អាម៉េរិក និង​សម្ព័ន្ធមិត្ត បញ្ចេញ​ប្រេង ១២០ លាន​ធុង ពី​ឃ្លាំង​យុទ្ធសាស្ត្រ

    IEA បញ្ជាក់ថា ប្រេង​ចំនួន ១២០ លាន​ធុង ត្រូវបាន​បញ្ចេញ​ពី​ឃ្លាំង​យុទ្ធសាស្ត្រ ក្នុងនោះ សហរដ្ឋ​អាម៉េរិក ចូលរួម​ចំនួន​ពាក់កណ្ដាល ខណៈ ជប៉ុន ឈរ​លេខ ២ ដោយ​បញ្ចេញ ១៥ លាន​ធុង។

    អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) កាលពី​ថ្ងៃទី ០៧ មេសា បានឱ្យដឹងថា បរិមាណ​ប្រេង​ខាងលើនេះ​នឹងត្រូវ​បាន​បណ្ដា​ប្រទេស​ជា​សមាជិក បញ្ចេញ​ទៅក្នុង​ទីផ្សារ ក្នុង​រង្វង់ ០៦ ខែ​ខាងមុខ ដើម្បី​ដោះស្រាយ​ស្ថាន​ភាពខ្វះ​ថាមពល​នៅ​ទូទាំង​សកលលោក ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន។

    «សមាជិក​ទាំងឡាយ​រប​ស់ IEA កំពុងធ្វើការ​បញ្ចេញ​ប្រេង​ចំនួន ១២០ លាន​ធុង​ពី​ឃ្លាំង​រួម ក្នុងនោះ អាម៉េរិក រួមចំណែក ៦០ លាន​ធុង» Fatih Birol ប្រធាន IEA សរសេរ​នៅលើ Twitter ដូច្នេះ និង​បន្ថែមថា «ព័ត៌មាន​លម្អិត​ស្ដីពី​បរិ​មាណនៃ​ការរួមចំណែក​របស់​ស​មា​ជិ​ក​នានា នឹងត្រូវ​បានប្រកាស​នា​ពេល​ដ៏​ខ្លី​ខាងមុខ»។

    នេះ​គឺជា​ការបញ្ចេញ​ប្រេង​លើក​ទី ៥ ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ IEA រាប់​ចាប់ពី​ឆ្នាំ ១៩៩១។ បរិមាណ​ប្រេង​សរុប​ដែលមាន​នៅក្នុង​ឃ្លាំង​យុទ្ធសាស្ត្រ​របស់ IEA ដែលមាន​សមាជិក​ចំនួន ៣១ ប្រទេស គឺ ១.៥ ពាន់​លាន​ធុង។

  • អាម៉េរិក ថា អ៊ុយ​ក្រែ​ន «ជោគជ័យ» ក្នុងដំណាក់កាល​ដំបូង​នៃ​សង្គ្រាម

    អាម៉េរិក ថា អ៊ុយ​ក្រែ​ន «ជោគជ័យ» ក្នុងដំណាក់កាល​ដំបូង​នៃ​សង្គ្រាម

    ឧ​ត្ត​ម​សេនីយ៍​អាម៉េរិក និយាយថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី ជាមួយនឹង «ជោគជ័យ» របស់ ទីក្រុង​កៀវ ប៉ុន្តែ​ថា រុស្ស៊ី មិនទាន់មាន​ផែនការ​ឈប់​បាញ់ ហើយ​សង្គ្រាម​នឹង​អូសបន្លាយ​ពេល​យូរ​ទៀត។

    នៅឯ​សភា​ជាន់ខ្ពស់​អាម៉េរិក ប្រធាន​ក្រុមប្រឹក្សាភិបាល​កងទ័ព​អាម៉េរិក Mark Milley អះអាងថា លទ្ធភាព​ដែល រុស្ស៊ី យល់ព្រម​ឈប់​បាញ់ និង​ដោះស្រាយ​តាម​ការទូត​ក្នុង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន គឺ​នៅតែមាន​កម្រិត​ទាប។ មេដឹកនាំ​កងទ័ព​អាម៉េរិក បាន​ព្រមាន​ថា សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន គឺជា «ទុក្ខវេទនា​ដែល​អូសបន្លាយ​ពេល​យូរ»។

    លោក Milley សង្កត់ធ្ងន់ថា «អាច​និយាយបានថា ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម បានកើត​ឡើង​ដោយ​ជោគជ័យ» សម្រាប់​កងទ័ព​របស់ អ៊ុយ​ក្រែ​ន និង​បានបញ្ចប់​ទៅហើយ។ ប៉ុន្តែ គោលដៅ​ដែល អ៊ុយ​ក្រែ​ន បានដាក់​ចេញ រួមមាន ការរក្សា​ស្ថានភាព​ឯករាជ្យ និង​បូរណភាព​ទឹកដី គឺជា​រឿង​លំបាក​បំផុត។ លោក​ថា ទីបញ្ចប់​នៃ​សង្គ្រាម​នេះ នៅតែ​ជា​បញ្ហា​ដែល​ពិបាក​ព្យាករ​ឱ្យបាន​សុក្រឹត។

    អង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រជាជន​ប្រមាណ ១១.៣ លាន​នាក់ នៅ អ៊ុយ​ក្រែ​ន បាន​ភៀសខ្លួន​ចេញ​ពីស​ង្គ្រ​ម ក្នុងនោះ​មាន​ជាង ៤.៣ លាន​នាក់​បាន​ចាក​ចេញពី​ប្រទេស ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន។ នេះ​គឺជា​វិបត្តិ​ជនភៀសខ្លួន​ធំ​បំផុត​នៅ អឺរ៉ុប ក្រោយពី​សង្គ្រាមលោកលើកទី​ពីរ​បានបញ្ចប់។

  • (វីដេអូ)-យន្តហោះ​ដឹកទំនិញ​ត្រូវ​បាក់​ជា​ពីរ​កំណាត់​ នៅ​ពេល​កំពុង​​​ចុះ​ចត​

    (វីដេអូ)-យន្តហោះ​ដឹកទំនិញ​ត្រូវ​បាក់​ជា​ពីរ​កំណាត់​ នៅ​ពេល​កំពុង​​​ចុះ​ចត​

    (កូ​ស្ដា​រី​កា)-យន្តហោះ​ដឹកទំនិញ ១ គ្រឿង បាន​ធ្លាក់​ចេញពី​ផ្លូវ​រត់ និង​បាក់​ជា ២ កំណាត់ នៅពេល​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ San Jose ក្នុង ប្រទេស​កូ​ស្ដា​រី​កា នា​តំបន់ អាម៉េរិក​កណ្ដាល ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

    យន្តហោះ Boeing-៧៥៧ ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Juan Santamaria នៅ​ជាយក្រុង San Jose ដើម្បី​ឆ្ពោះទៅកាន់ ក្វា​តេ​ម៉ា​ឡា នៅវេលា​ថ្ងៃត្រង់​នៃ​ថ្ងៃទី ៧ មេសា (យប់​ថ្ងៃទី ៧ មេសា នៅ ភ្នំពេញ) ប៉ុន្តែ ត្រូវ​ត្រលប់​ក្រោយ បន្ទាប់ពី​ហោះ​ឡើង​បាន ២៥ នាទី ដើម្បី​ចុះចត​បន្ទាន់។ ក្រុម​ហោះហើរ​បាន​រកឃើញ​បញ្ហា​នៅក្នុង​ប្រព័ន្ធ​អ៊ី​ដ្រូ​លី​ក (hydraulic system)។

    ផ្សែង​បាញ់​ចេញពី​យន្តហោះ​ពណ៌​លឿង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន អាល្លឺម៉ង់ DHL នៅពេល​វា​ធ្លាក់​ចេញពី​ផ្លូវ​រត់ និង​បាន​បាក់​ជា ២ កំណាត់។

    ក្រុម​ហោះហើរ​នៃ​យន្តហោះ​នេះ មាន​សុវត្ថិភាព នេះ​បើតាម​មេដឹកនាំ​អង្គភាព​ពន្លត់​អគ្គិភ័យ​របស់ កូ​ស្ដា​រី​កា លោក Hector Chaves។

    ហេតុការណ៍​នេះ​បានធ្វើឱ្យ​ព្រលានយន្តហោះ​ត្រូវ​បិទទ្វារ​រហូតដល់​ម៉ោង ១៨ ក្នុង​ថ្ងៃ​ដដែល។ អ្នកនាំពាក្យ​របស់ DHL ឱ្យដឹងថា ការស៊ើបអង្កេត​នឹងត្រូវ​បានធ្វើ​ឡើង​ដើម្បី​ស្វែងរក​មូលហេតុ។

     

  • អ្នកដំណើរ​ក្នុង​យន្តហោះ​​ស្រែក​​ទ្រហោ​យំ ​ពេល​ Boeing​ ៧៣៧-​៨០០​ មុជ​​ក្បាល​​ចុះ​ភ្លាមៗ

    អ្នកដំណើរ​ក្នុង​យន្តហោះ​​ស្រែក​​ទ្រហោ​យំ ​ពេល​ Boeing​ ៧៣៧-​៨០០​ មុជ​​ក្បាល​​ចុះ​ភ្លាមៗ

    យន្តហោះ Boeing ៧៣៧-៨០០ របស់ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ជួប​បញ្ហា​បច្ចេកទេស និង​ទម្លាក់​កម្ពស់​ភ្លាមមៗ ធ្វើឱ្យ​អ្នកដំណើរ​លើ​យន្តហោះ​ភ័យ​ស្លន់ស្លោ ស្រែក​ទ្រហោយំ ព្រោះ​គិតថា ពួកគេ​នឹងត្រូវ​ស្លាប់​មិន​ខាន។

    យន្តហោះ​នេះ​ចេញដំណើរ​ពី ព្រលានយន្តហោះ​អន្តរជាតិ Kuala Lumpur (KLIA) នៅវេលា​ម៉ោង ១៤ កន្លះ ថ្ងៃទី ៣ មេសា ២០២២ ​ហើយ​ពេល​កំពុង​ឆ្ពោះទៅកាន់​ទីក្រុង Tawau ក៏​ស្រាប់តែ​មុជ​ក្បាល​ចុះភ្លាមៗ ចំនួន ២ លើក ក្រោយ​ការហោះ​ឡើង​បាន​ប្រហែល ៣០ នាទី។ អ្នកបើកបរ​បានសម្រេច​ចិត្ត​បញ្ជា​ឱ្យ​យន្តហោះ​ត្រលប់​ក្រោយ និង​ចុះចត​ដោយ​សុវត្ថិភាព។

    នាង​ Halimah Nasoh ដែលជា​អ្នកដំណើរ​ម្នាក់​នៅលើ​ជើងហោះហើរ​ខាងលើ នា​ព្រលប់​ថ្ងៃនោះ បាន​ចែករំលែក​រឿងរ៉ាវ​ដែល​បាន​កើតឡើង។ ហេតុការណ៍​ដែល Halimah បាន​រៀបរាប់ ត្រូវបាន​សារព័ត៌មាន​របស់ ម៉ាឡេស៊ី យកមក​ចុះផ្សាយ​កាលពី​ម្សិល​មិញ។

    យោងតាម​កម្មវិធី​តាម​ដានជើង​ហោះហើរ Flight Radar ដែល Halimah បាន​ទាញ​យកមកប្រើ​នៅលើ​ទូរស័ព្ទ យន្តហោះ​កំពុង​ស្ថិតនៅលើ​កម្ពស់​ជិត ៧,៦២០ ម៉ែត្រ ក៏​ស្រាប់តែ​ធ្លាក់​ចុះមក​នៅ ៧,០១០ ម៉ែត្រ ធ្វើឱ្យ​នាង «អណ្ដែត» នៅលើ​កៅអី ដោយសារ​មិនបាន​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព។ ក្រោយមក យន្តហោះ​ក៏​ងើបឡើង​វិញ។

    «ពិតជា​គួរឱ្យ​ភ័យខ្លាច​សម្រាប់​មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួកយើង។ អ្នកដំណើរ​ស្រែក​ទ្រហោយំ ព្រោះ​មាន​អារម្មណ៍​ថា ខ្លួន​ជិត​ត្រូវស្លាប់​ហើយ» នាង​សរសេរ​នៅ Facebook ដូច្នេះ និង​បន្តថា «ខ្លួន​ខ្ញុំ​ត្រូវ​ខ្ទាត​ច្រើនលើក ព្រោះតែ​មិនបាន​​ដាក់​​ខ្សែ​ក្រវាត់​​សុវត្ថិ​ភាព»។

    «យន្តហោះ​មិនមាន​ស្ថិរភាព​ក្នុង​រយៈពេល​ប្រហែល ១០ នាទី និង​បន្ត​មុជ​ក្បាល​ចុះ​ម្ដងទៀត ប៉ុន្តែ មិនអាក្រក់​ដូច​លើកដំបូង។ បើទោះជា​មានការ​ភ័យខ្លាច យន្តហោះ​បាន​ហោះ​ជុំវិញ​ទីក្រុង Melaka មុនពេល​វា​ត្រលប់​មកកាន់ KLIA និង​ចុះចត​ដោយ​សុវត្ថិភាព​នៅវេលា​ម៉ោង ១៧ និង ០៣ នាទី» នាង Halimah Nasoh រៀបរាប់​ដូច្នេះ និង​បាន​សរសើរ​ចំពោះ​ក្រុម​​អ្នក​បើក​បរ​​ដែល​​ដោះស្រាយ​ស្ថានការណ៍​បន្ទាន់​នេះ​បានល្អ។

    ក្រុមហ៊ុន Malaysia Airlines កាលពី​ថ្ងៃទី ៤ មេសា បានប្រកាស​ទទួលស្គាល់​ថា ជើងហោះហើរ​ដែលមាន​លេខ​សម្គាល់ MH២៦៦៤ ពី Kuala Lumpur ទៅកាន់ Tawau នា​ថ្ងៃទី ៣ មេសា ត្រូវ​ត្រលប់​ក្រោយ​វិញ ដោយសារ​បញ្ហា​បច្ចេកទេស និង​អាកាស​មិន​អំណោយផល។

  • ជប៉ុន ដក​ការ​រឹតបន្តឹង​លើ​ទិដ្ឋាការ ចំពោះ​ពលរដ្ឋ​មកពី​ប្រទេស និង​ដែនដី​ចំនួន ១០៦

    ជប៉ុន ដក​ការ​រឹតបន្តឹង​លើ​ទិដ្ឋាការ ចំពោះ​ពលរដ្ឋ​មកពី​ប្រទេស និង​ដែនដី​ចំនួន ១០៦

    យោងតាម​ព័ត៌មាន​ពី តូ​ក្យូ ព្រលប់​ថ្ងៃទី ៦ មេសា រាជរដ្ឋាភិបាល​ជប៉ុន បានសម្រេច​ដក​ការកំណត់​លើ​ទិដ្ឋាការ​ដែល​ត្រូវបាន​អនុវត្ត​កន្លងមក​ក្នុង​បំណង​ទប់ស្កាត់​កូ​វីដ-១។

    ចាប់ពី​ថ្ងៃទី ៨ មេសា ខាងមុខ ជនបរទេស​មកពី​ប្រទេស និង​ដែនដី​ចំនួន ១០៦ ក្នុងនោះ​មាន អង់គ្លេស, សហរដ្ឋ​អាម៉េរិក, កាណាដា, បារាំង, អាល្លឺម៉ង់, ឥណ្ឌា ជាដើម នឹង​ត្រូវបាន​លើកលែង​ការកំណត់​ក្នុងការ​ផ្ដល់​ទិដ្ឋាការ​ចូលមក ប្រទេស​ជប៉ុន។ ចំណែក​ប្រទេស និង​ដែនដី​ចំនួន ៥៦ ផ្សេងទៀត​នៅ អាម៉េរិក​ឡាទីន, អឺរ៉ុប, មជ្ឈិមបូព៌ា, ទ្វីបអាហ្វ្រិក នៅតែ​ត្រូវបាន​រឹតបន្តឹង​លើ​ការផ្ដល់​ទិដ្ឋាការ​ចូលមក​កាន់ ប្រទេស​ជប៉ុន។

    ដូច្នេះ សិស្ស និស្សិត មកពី​ប្រទេស និង​ដែនដី ចំនួន ១០៦ ខាងលើ អាច​ទៅកាន់ ប្រទេស​ជប៉ុន បន្ទាប់ពី​ទទួលបាន​ទិដ្ឋាការ​តាមរយៈ​ការធានា​របស់​ក្រុមហ៊ុន ឬ​សាលារៀន។ ក៏ប៉ុន្តែ ប្រទេស​ជប៉ុន នៅតែ​កំណត់​ចំនួន​មនុស្ស​ដែល​អាច​ចូលមក​កាន់​ប្រទេស​នេះ ពោលគឺ​ត្រឹម ១០,០០០ នាក់/ថ្ងៃ (ចាប់ពី​ថ្ងៃទី ១០ មេសា)។

  • អាម៉េរិក ត្រៀម​​ចេញ​បទ​បញ្ជា​ «ហាម​​ការ​វិនិយោគ​​ថ្មី​ ទៅ​ក្នុង​ ប្រទេស​​រុស្ស៊ី»

    អាម៉េរិក ត្រៀម​​ចេញ​បទ​បញ្ជា​ «ហាម​​ការ​វិនិយោគ​​ថ្មី​ ទៅ​ក្នុង​ ប្រទេស​​រុស្ស៊ី»

    ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក រួម​នឹង​ក្រុម​ប្រទេស G៧ និង សហភាព​អឺរ៉ុប (EU) នឹង​ហាម​ការវិនិយោគ​ថ្មី​ទៅក្នុង ប្រទេស​រុស្ស៊ី ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​បន្ថែម បន្ទាប់ពី ទីក្រុង​មូ​ស្គូ បាន​ចូល​ឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

    បទបញ្ជា​សហការ​ថ្មី​ទាំងឡាយ រវាង អាម៉េរិក, G៧ (The Group of Seven គឺជា​វេទិកា​នយោបាយ​អន្តររដ្ឋាភិបាល ដែលមាន​ប្រទេស​ចំនួន ៧  ជា​សមាជិក រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស និង ​សហរដ្ឋ​អាមេរិក)​ និង EU ដែល​គ្រោង​នឹង​ប្រកាស​នៅថ្ងៃនេះ នឹង​រួមមាន​ទាំង​បទបញ្ជា ហាមឃាត់​រាល់​ការវិនិយោគ​ថ្មី​ទៅក្នុង ប្រទេស​រុស្ស៊ី, ការបង្កើន​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​របស់ រុស្ស៊ី និង​ការដាក់ទណ្ឌកម្ម​លើ មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី និង​សមាជិកគ្រួសារ​របស់​ពួកគេ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​ដែល​បាន​ចែករំលែក​កាលពី​ថ្ងៃទី ៥ មេសា។

    សាកសព​ពលរដ្ឋស៊ីវិល​អ៊ុយក្រែន ច្រើន​នាក់ ត្រូវ​បាន​រក​ឃើញនៅតំបន់ Bucha បន្ទាប់​ពី​ ទាហាន​រុស្ស៊ី បាន​ចាក​ចេញ

    ប្រភពព័ត៌មាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​បន្ថែមថា ការដាក់ទណ្ឌកម្ម​ថ្មី​បំផុត ប្រឆាំងនឹង​សេដ្ឋកិច្ច​របស់ រុស្ស៊ី នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ចោទប្រកាន់​លើ កងទ័ព​រុស្ស៊ី ថា បានសម្លាប់​ជន​ស៊ីវិល​នៅ​ទីរួមស្រុក Bucha ក្នុង ប្រទេស​អ៊ុយ​ក្រែ​ន។

  • អាម៉េរិក-អង់គ្លេស-អូស្ត្រាលី អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង (Hypersonic)

    អាម៉េរិក-អង់គ្លេស-អូស្ត្រាលី អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង (Hypersonic)

    សម្ព័ន្ធមិត្ត AUKUS យល់ព្រម​សហការគ្នា​អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង និង​សក្ដានុពល​នៃ​ការប្រើប្រាស់​អាវុធ​អេឡិចត្រូនិក ទន្ទឹមនឹង​កិច្ចព្រមព្រៀង​ផលិត​នាវាមុជទឹក​នុយ​ក្លេ​អែរ សម្រាប់ អូស្ត្រាលី។

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន, នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុ​ត ម៉ូ​រី​សុន កាលពី​ម្សិលមិញ​បានបង្ហាញ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កម្មវិធី​អភិវឌ្ឍ​នាវាមុជទឹក​នុយ​ក្លេ​អែរ សម្រាប់ ទីក្រុង​កង់​បេ​រ៉ា។ ទន្ទឹមនឹងនេះ មេដឹកនាំ​ទាំង ៣ ខាងលើ ក៏បាន​ឯកភាពគ្នា​ក្នុងការ​ពង្រីក​ទៅក្នុង​វិស័យផ្សេងៗនៅក្នុង​សម្ព័ន្ធមិត្ត AUKUS ផងដែរ។

    «យើង​បានសម្រេច​ដំណើរការ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី ក្នុង​វិស័យ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង និង​យុទ្ធសាស្ត្រ​ទប់​ទល់នឹង​អាវុធ​ប្រភេទ​នេះ ក៏ដូចជា​កសាង​សក្ដានុពល​នៃ​ការប្រយុទ្ធ​ដោយ​អេ​ឡិច​ត្រូវ​និក» សេចក្ដីប្រកាស​រួម​បន្ទាប់ពី​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​រវាង​រវាង​មេដឹកនាំ​ប្រទេស​ទាំង ៣ មាន​ឃ្លា​សរសេរ​ដូច្នេះ។

    សហរដ្ឋ​អាម៉េរិក និង អូស្ត្រាលី កំពុង​អភិវឌ្ឍ​កម្មវិធី​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង (Hypersonic) ដែលមាន​ឈ្មោះថា SCIFiRE។ អង់គ្លេស​នឹងមិន​ចូលរួម​ក្នុង​គម្រោង​នេះ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ សម្ព័ន្ធមិត្ត AUKUS នឹង​សហការគ្នា​ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ បង្កើន​ជម្រើស​សម្រាប់​កម្មវិធី​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​ទាំងឡាយ។

    អាវុធ Hypersonic ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​យ៉ាងតិច ៥ ដង ប្រហែល​ជាង ៦,២០០ គីឡូម៉ែត្រ/ម៉ោង។ ចំណែក​អាវុធ​ដែល​ហោះ​លឿន​ជាង​សំឡេង ប៉ុន្តែ មិន​លើសពី ៥ ដង ត្រូវបាន​គេ​ហៅថា Supersonic៕

  • រថភ្លើង​នៅ ហុង​គ្រី ត្រូវ​ក្រឡាប់​​ផ្ងារ​ពោះ​ ព្រោះ​តែ​​បុក​​រថយន្ត

    រថភ្លើង​នៅ ហុង​គ្រី ត្រូវ​ក្រឡាប់​​ផ្ងារ​ពោះ​ ព្រោះ​តែ​​បុក​​រថយន្ត

    រថយន្ត​​ដឹក​ទំនិញ​​មួយគ្រឿង បាន​ប៉ះ​ជាមួយ​រថភ្លើង​មួយ​ខ្សែ​នៅ​ភាគ​អាគ្នេយ៍​នៃ ប្រទេស​ហុង​គ្រី បណ្ដាលឱ្យ​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក ខណៈ​មនុស្ស​ច្រើន​នាក់​នៅលើ​រថយន្ត​បាន​បាត់​បង់ជីវិត។

    ប៉ូលិស​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ម៉ោង ៧ ព្រឹក (ម៉ោង​ប្រហែល ១២ នៅ ភ្នំពេញ) នៅ​តំបន់​ផ្លូវ​ប្រសព្វ​គ្នា​ក្នុង​ទីរួមស្រុក Mindszent ភាគ​ខាង​អាគ្នេយ៍​របស់ ប្រទេស​ហុង​គ្រី ដែលមាន​ចម្ងាយ​ប្រហែល ១៤០ គីឡូម៉ែត្រ ពី រដ្ឋធានី Budapest។

    «ការជួយ​សង្គ្រោះ​កំពុង​ត្រូវបាន​ធ្វើឡើង ហើយ​យើង​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់» អ្នកនាំពាក្យ​របស់​ប៉ូលិស ឱ្យដឹង​ដូច្នេះ។

    យោង​តាម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ នៅ​ក្នុង​រថភ្លើង​ខាងលើ​មាន​អ្នកដំណើរ​ចំនួន ២០ នាក់​ ក្នុង​នោះ​មាន​ ២ នាក់​រង​របួស​ធ្ងន់​ និង ៨ នាក់ រង​របួស​ស្រាល។

  • អាម៉េរិក សំងំ​បាញ់​សាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង

    អាម៉េរិក សំងំ​បាញ់​សាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង

    សហរដ្ឋ​អាម៉េរិក ធ្វើ​ការបាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង HAWC តាំងពី​ខែមីនា ប៉ុន្តែ​មិន​ប្រកាស​ជា​សាធារណៈ ដើម្បី​ចៀសវាង​ការឡើង​កម្ដៅ​នៃ​ភាព​តានតឹង​ជាមួយ រុស្ស៊ី។

    កំណែ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​មួយ​ដើម​ដែល​ប្រើប្រាស់​ឧបករណ៍​ស្រូបខ្យល់​ធម្មជាតិ (HAWC) ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក B-៥២ នៅលើ​លម្ហ​សមុទ្រ​នៃ​ឆ្នេរ​ខាងលិច​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ពាក់កណ្ដាល​ខែមីនា ២០២២ ដែល​នេះ​គឺជា​ជោគជ័យ​ដំបូង​នៃ​កំណែ HAWC របស់​ក្រុមហ៊ុន Lockheed Martin។ ប៉ុន្តែ ព័ត៌មាន​នេះ​ត្រូវបាន​កងទ័ព​អាម៉េរិក លាក់បាំង​ក្នុង​រយៈពេល ២ សប្ដាហ៍ ដើម្បី​បញ្ចៀស​ការកើនឡើង​នៃ​ភាព​តានតឹង​ជាមួយ រុស្ស៊ី នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង​នា​ថ្ងៃនេះ​របស់​មន្ត្រី​ម្នា​ក់នៅ មន្ទីរ​បញ្ច​កោណ។

    ក្នុងការ​ធ្វើតេស្ត អាវុធ​ខាងលើ​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង ដែល​នេះ​គឺជា​ល្បឿន​យឺត​បំផុត​សម្រាប់​អាវុធ​ប្រភេទ​ល្បឿន​លឿន​ជាង​សំឡេង។

    មន្ត្រី​អាម៉េរិក​ខាងលើ មិនបាន​និយាយ​អ្វី​បន្ថែម គ្រាន់តែ​ប្រាប់ថា អាវុធ​ដែល​បានធ្វើ​តេស្ត​នោះ ហោះ​ក្នុង​រយៈកម្ពស់​ប្រហែល ២០ គីឡូម៉ែត្រ និង​ឆ្លងកាត់​ចម្ងាយ​ផ្លូវ​ជិត ៥០០ គីឡូម៉ែត្រ ដោយ​ប្រើពេល​មិន​ដល់ ៥ នាទី។

    ការសាកល្បង​អាវុធ​របស់ អាម៉េរិក ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី រុស្ស៊ី ប្រកាស​ប្រើប្រាស់​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេងឈ្មោះ Kinzhal ដើម្បី​វាយប្រហារ​ឃ្លាំង​អាវុធ​នៅក្នុង​តំបន់​ភាគ​ខាងលិច និង​ភាគ​និរតី​របស់ អ៊ុយ​ក្រែ​ន៕