Category: អន្តរជាតិ

  • អង់គ្លេស ផ្ដល់ជំនួយ​យោធា​បន្ថែម ៣៧៥ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    អង់គ្លេស ផ្ដល់ជំនួយ​យោធា​បន្ថែម ៣៧៥ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    ក្រុមមន្ត្រី​នៃ ប្រទេស​អង់គ្លេស ឱ្យដឹងថា នឹង​ផ្ដល់ជំនួយ​យោធា​តម្លៃ ៣៧៥ លាន​ដុល្លារ​បន្ថែមទៀត ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​ឧបករណ៍​សម្រាប់​សង្គ្រាម​អេ​ឡិច​ត្រូ​និ​ច និង​ប្រព័ន្ធ​រ៉ា​ដា​ផងដែរ។

    យោងតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស ទន្ទឹមនឹង​យោ​ធូប​ករ​ណ៍ផ្សេងៗ ទីក្រុង​ឡុង​ដ៍ ក៏​នឹង​ផ្ដល់​ឧបករណ៍​សម្រាប់​មើល​ពេលយប់ ឧបករណ៍​រំខាន​ដល់​ការកំណត់​ទិស​របស់​ផ្កាយរណប យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​ធ្ងន់ ដល់​កងទ័ព​របស់ អ៊ុយ​ក្រែ​ន រួម​នឹង​រថពាសដែក​មួយចំនួន​សម្រាប់​ក្រុមមន្ត្រី​ស៊ីវិល។

    អង់គ្លេស បានផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន ជាច្រើន​មកហើយ ក្នុងនោះ​មានដូចជា មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ជាង ៥,០០០ ដើម រួម​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន ៥ ឈុត ក៏ដូចជា​គ្រាប់រំសេវ​ជាច្រើន​ប្រភេទ រាប់​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លាន​ពាន​​លើ ទឹកដី​អ៊ុយ​ក្រែ​ន។

    ចំណែក សហរដ្ឋ​អាម៉េរិក វិញ មកដល់​បច្ចុប្បន្ន បានផ្ដល់​ជំនួយ​យោធា ៣ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន។ ប្រធានាធិបតី ចូ បៃ​ដិ​ន កាលពី​សប្ដាហ៍​កន្លង បានស្នើ​ឱ្យ​សភា អនុម័ត​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ​រហូតដល់ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

  • អាល្លឺម៉ង់ ប្រកាស​ថា បាន​​ត្រៀម​ខ្លួន​​​រួច​រាល់​​ហើយ​ សម្រាប់​​ការ​ហាម​ឃាត់​​ប្រេង​​របស់ ​រុស្ស៊ី

    អាល្លឺម៉ង់ ប្រកាស​ថា បាន​​ត្រៀម​ខ្លួន​​​រួច​រាល់​​ហើយ​ សម្រាប់​​ការ​ហាម​ឃាត់​​ប្រេង​​របស់ ​រុស្ស៊ី

    រដ្ឋមន្ត្រី​ពីររូប​របស់ ប្រទេស​អាល្លឺម៉ង់ ឱ្យដឹងថា ប្រទេស​នេះ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការគាំទ្រ EU ដាក់​ការហាមឃាត់ភ្លាមៗលើ​ការ​នាំចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី។

    «អាល្លឺម៉ង់ មិន​ប្រឆាំងនឹង​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី។ ថ្វីបើ​វា​គឺជា​អ​ម្រែ​ក​ធ្ងន់ ប៉ុន្តែ យើង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​អនុវត្តតាម» រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់ អាល្លឺម៉ង់ Robert Habeck បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ២ ឧសភា នៅពេល​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុមមន្ត្រី​របស់ សហភាព​អឺរ៉ុប (EU) នៅ ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

    លោក Robert Habeck បន្តថា អាល្លឺម៉ង់ នឹង​គាំទ្រ​បទបញ្ជា​របស់ EU បើ​ទោះ​វា​កើតឡើងភ្លាមៗ ឬ​នៅ​ចុងឆ្នាំ​នេះ។

    រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​របស់ អាល្លឺម៉ង់ លោក Robert Habeck

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់ អាល្លឺម៉ង់ Christian Lindner ក៏បាន​ថ្លែងថា អាល្លឺម៉ង់ ពិតជា​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​បទបញ្ជា​ហាមឃាត់ភ្លាមៗ លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី។ «ពេលនេះ យើង​អាច​បោះបង់​ធ្យូងថ្ម និង​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី សូម្បីតែ​នៅពេល​ប្រេង​ឡើងថ្លៃ» លោក​អះអាង​ដូច្នេះ។

    អ្នកការទូត​ពីររូប​របស់ EU កាលពី​ចុង​សប្ដាហ៍​កន្លង បានឱ្យដឹងថា សហភាព​អឺរ៉ុប កំពុង​ឆ្ពោះទៅរក​បទបញ្ជា​ហាមឃាត់​ការនាំ​ចូល​ប្រេង​ពី រុស្ស៊ី នៅ​ចុង​ឆ្នាំនេះ ក្នុង​បំណង​រួមចំណែក​ក្នុងការ​អនុវត្ត​កញ្ចប់​ទណ្ឌកម្ម​ទី ៦ សំដៅលើ ទីក្រុង​មូ​ស្គូ ព្រោះតែ​បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន៕

  • មហាសេដ្ឋី Elon Musk ខក​ចិត្ត​ នៅ​ពេល​ Donald​ Trump​ នៅ​តែ​​មិន​​​អាច​​ចូល​​ប្រើ​ Twitter

    មហាសេដ្ឋី Elon Musk ខក​ចិត្ត​ នៅ​ពេល​ Donald​ Trump​ នៅ​តែ​​មិន​​​អាច​​ចូល​​ប្រើ​ Twitter

    លោក Elon Musk ត្រូវបាន​គេ​ជឿថា មិន​ពេញចិត្ត ពេលដែល​អតីត​ប្រធានាធិបតី​របស់ សហរដ្ឋ​អាម៉េរិក លោក Donald Trump នៅតែ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប្រើ​គណនី Twitter។

    យោងតាម Wall Street Journal មនុស្ស​មួយចំនួន​ដែល​ធ្លាប់បាន​និយាយ​ជាមួយ​នាយក​ប្រតិបត្តិ​របស់ SpaceX ថ្មីៗនេះ បានឱ្យដឹងថា លោក Musk បានបង្ហាញ​ការខកចិត្ត ព្រោះតែ​បទបញ្ជា​ហាម​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ចំពោះ​លោក Trump នៅតែ​ត្រូវបាន​គេ​អនុវត្ត។ ក៏ប៉ុន្តែ លោក Musk មិនបាន​និយាយ​អំពី​ប្រការ​ដែលថា លោក​នឹង​ផ្លាស់ប្ដូរ​គោលការណ៍ ឬ​លើកឡើង​នូវ​ករណី​លើកលែង​ដើម្បី​ស្ដារ​គណនី​ឱ្យ អតីត​ប្រធានាធិបតី​អាម៉េរិក នៅពេល​លោក​បាន​ចូលមក​ក្ដោប​ក្ដាប់ Twitter ឬ​យ៉ាងណា​នៅឡើយ។

    នៅលើ Fox News កាលពី​ថ្ងៃទី ២៥ មេសា លោក Donald Trump បាន​អះអាង នឹងមិន​វិល​ត្រលប់មក​ប្រើប្រាស់​ប្រាស់ Twitter វិញ​ទេ បើទោះជា​គណនី​របស់លោក​ត្រូវបាន​បើក​ឡើងវិញ។

    លោក​ Elon Musk (ស្ដាំ) និង​ អតីត​ប្រធានាធិបតី​អាម៉េរិក Donald Trump

    មកដល់​ថ្ងៃទី ២៩ មេសា លោក Trump បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social ថា «ខ្ញុំ​បាន​ត្រលប់​មកវិញហើយ»។ នេះ​ជា​លើកដំបូង​ដែល​លោក​បង្ហាញខ្លួន​នៅលើ​បណ្ដាញ​សង្គម​ដែល​លោក​បាន​បង្កើតឡើង​ដោយផ្ទាល់ ចាប់តាំងពី ខែកុម្ភៈ។ សារ​របស់លោក មិនយូរប៉ុន្មាន​ក៏មាន​អ្នក​ចុច​ចូលចិត្ត​ជាង ៣០០,០០០ លើក និង​ការចែករំលែក​បន្ត​ចំនួន​ជាង ១០០,០០០ លើក។

    លោក Trump បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social

    លោក Trump ត្រូវបាន Twitter ហាម​មិនឱ្យ​ប្រើប្រាស់​ជា​រៀងរហូត​ចាប់តាំងពី​ខែមករា ២០២១ ក្រោម​មូល​ហេតុថា លោក​បាន «អុជអាល​ឱ្យមាន​អំពើហិង្សា​បន្ថែម»។ អតីត​ប្រធានាធិបតី​អាម៉េរិក យល់ថា បណ្ដាញ​សង្គម​នេះ​មាន​គណនី​ក្លែងក្លាយ​ច្រើន និង​បាត់បង់​សេរីភាព​បញ្ចេញមតិ។

    ចំណែក​លោក Musk វិញ និយាយថា សេរីភាព​នៃ​ការបញ្ចេញមតិ​គឺជា​គ្រឹះ​របស់​ប្រជាធិបតេយ្យ ហើយ Twitter គឺជា​ថ្នាល​បច្ចេកវិទ្យា ជាទី​ដែលបញ្ហាសំខាន់ៗនៃ​អនាគត​របស់​មនុស្សជាតិ​ត្រូវបាន​លើក​យកមក​ជជែក​តវ៉ា»៕

  • អាម៉េរិក កំពុង​បង្វឹក​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅ ប្រទេស​អាល្លឺម៉ង់

    អាម៉េរិក កំពុង​បង្វឹក​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅ ប្រទេស​អាល្លឺម៉ង់

    កងកម្លាំង​យោធា​​របស់​ សហរដ្ឋ​អាម៉េរិក កំពុង​​ជួយ​បណ្ដុះបណ្ដាល​ទាហាន​របស់ អ៊ុយ​ក្រែ​ន ឱ្យ​ចេះ​ប្រើប្រាស់​សព្វាវុធទំនើបៗ នៅ ប្រទេស​អាល្លឺម៉ង់ ដើម្បី​ត្រៀម​ចូល​ប្រយុទ្ធ​ប្រឆាំងនឹង កងទ័ព​រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

    សារព័ត៌មាន Deutsche Welle (អាល្លឺម៉ង់) ថ្មីៗនេះ​បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ John Kirby ឱ្យដឹងថា ពួកគេ​កំពុង​បង្វឹក និង​ជួយ​ដល់​ទាហាន​របស់ អ៊ុយ​ក្រែ​ន ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អាវុធទំនើបៗនៅក្នុង ប្រទេស​អាល្លឺម៉ង់។

    យោងតាម​លោក Kirby ទាហាន​អ៊ុយ​ក្រែ​ន ប្រហែល ៥០ នាក់ បានទទួល​ការបណ្ដុះបណ្ដាល​វិធី​ប្រើប្រាស់​ប្រភេទ​អាវុធ​បាញ់​បាន​ឆ្ងាយ។ សិក្ខាកាម​ក៏​នឹង​ត្រូវបាន​បង្ហាត់​អំពី​ការប្រើប្រាស់​រ៉ា​ដា និង​រថពាសដែក​ផងដែរ។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ ក៏មាន​កិច្ចសហការ​របស់ រដ្ឋាភិបាល​អាល្លឺម៉ង់។

    អង្គភាព​ការពារជាតិ​របស់​រដ្ឋ Florida នៃ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ប្រគល់​ភារកិច្ច​ក្នុងការ​បណ្ដុះបណ្ដាល​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅ អាល្លឺម៉ង់។

    អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ ក៏បាន​និយាយថា ការបណ្ដុះបណ្ដាល​ដូចគ្នានេះ​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង​នៅ​​តំបន់ផ្សេងៗរបស់ អឺរ៉ុប ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ទីតាំង​ជាក់លាក់។

  • អ៊ីតាលី ដកហូត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ស្ទើរតែ​ទាំងស្រុង

    អ៊ីតាលី ដកហូត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ស្ទើរតែ​ទាំងស្រុង

    ប្រភពព័ត៌មាន​ពី ទីក្រុង​រ៉ូម ឱ្យដឹងថា ចាប់ពី​ថ្ងៃទី ១ ឧសភា ២០២២ រដ្ឋាភិបាល​អ៊ីតាលី ដកហូត​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ ស្ទើរតែ​ទាំងអស់​ដែល​នៅសល់​របស់​ប្រទេស​នេះ។

    យោងតាម​ការកំណត់​ថ្មី ប្រជាជន​នឹងមិន​ចាំបាច់​បង្ហាញ «ប័ណ្ណ​បៃតង» ដែលជា​លិខិត​បញ្ជាក់ថា បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ឬ​បានជា​ពី​ជំងឺ​កូ​វីដ-១៩ ឬមួយ​បានទទួល​លទ្ធផល​តេស្ត​អវិជ្ជមាន​ក្នុង​រយៈពេល​ពី ៤៨ ទៅ ៧២ ម៉ោង នៅពេល​ចូលក្នុង​ភោជនីយដ្ឋាន ប​ណ្ឌ​ល​សុខភាព បន្ទប់​ហាត់ប្រាណ ទីតាំង​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា ក្លឹប​រាត្រី និង​កិច្ចប្រជុំ​ទៀតឡើយ។

    ប្រជាជន​អ៊ីតាលី ក៏​លែង​ត្រូវបាន​បង្ខំ​ឱ្យ​ពាក់​ម៉ាស​នៅពេល​ចូលទៅក្នុង​ការិយាល័យ​នានា​របស់​រដ្ឋាភិបាល ហាង​ទំនិញ ធនាគារ ប្រៃសណីយ៍ ភោជនីយដ្ឋាន និង​ការិយាល័យ​ស្ទើរតែ​ទាំងអស់ បើទោះជា​ម៉ាស​នៅតែ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់។

    ប៉ុន្តែ ប្រជាជន​ត្រូវ​ស្នើឱ្យ​ពាក់​ម៉ាស​នៅក្នុង​ទីតាំង​បិទ​ជិត​មួយចំនួន ដូចជា​នៅក្នុង​ម​ធោ​យ​បាយ​ធ្វើដំណើរ​សាធារណៈ សាល​មហោស្រព និង​រោងភាពយន្ត រហូតដល់​ថ្ងៃទី ១៥ មិថុនា និង​នៅក្នុង​សាលារៀន​រហូតដល់​ចប់​ឆ្នាំ​សិក្សា។ ប្រជាជន​នៅតែ​តម្រូវឱ្យ​បង្ហាញ​ប័ណ្ណ​បៃតង​ដែល​បញ្ជាក់ថា បាន​ចាក់​វ៉ាក់សាំង ឬ​បានជា​ពី​ជំងឺ​កូ​វីដ-១៩ នៅពេល​ចូលក្នុង​មន្ទីរពេទ្យ និង​សាល​ថែទាំ​ចាស់ជរា រហូតដល់​ចុងឆ្នាំ ២០២២។

    យោងតាម​ទិន្នន័យ​ផ្លូវការ ប្រជាជន​អ៊ីតាលី ប្រហែល ៨៤% បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ពេញលេញ ខណៈដែល​ជាង ៦៥% បាន​ចាក់​ដូ​ស​ទី ។ ចំណែក​ក្មេង​ដែលមាន​អាយុ​ចាប់ពី ៥ ដល់ ១១ ឆ្នាំ ក៏បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួចហើយ។

  • ចិន ស្វែងរក​វិធី​ការពារ​ទ្រព្យ ក្នុង​គ្រាដែល​ អាម៉េរិក បាន​ចេញ​បញ្ជា​ឱ្យ​បង្កក​សម្បត្តិរបស់​បរទេស​ខ្លះ

    ចិន ស្វែងរក​វិធី​ការពារ​ទ្រព្យ ក្នុង​គ្រាដែល​ អាម៉េរិក បាន​ចេញ​បញ្ជា​ឱ្យ​បង្កក​សម្បត្តិរបស់​បរទេស​ខ្លះ

    សកម្មភាព​នេះ​កើតឡើង​ក្នុង​កាលៈទេសៈ​ដែល​ទ្រព្យសម្បត្តិ​ជាង ៣០០ ពាន់​លាន​ដុល្លារ របស់ ធនាគារជាតិ​រុស្ស៊ី ដែល​ស្ថិតនៅក្នុង​បណ្ដា​ធនាគារ​បរទេស ត្រូវបាន សហរដ្ឋ​អាម៉េរិក និង សម្ព័ន្ធមិត្ត​បង្កក ឬ​គំរាម​រឹបអូស។

    ទីភ្នាក់ងារសារព័ត៌មាន Financial Times ដកស្រង់​ដំណឹង​ពី​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ឱ្យដឹងថា ក្រុម​អ្នកតាក់តែង​ច្បាប់​របស់ ចិន បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​បណ្ដា​ធនាគារធំៗក្នុងស្រុក និង​បរទេស ដើម្បី​ពិភាក្សា​អំពី​វិធានការ​ការពារ​ទ្រព្យសម្បត្តិ បើសិន អាម៉េរិក ដាក់ទណ្ឌកម្ម​លើ ចិន ដូច​ទៅនឹង​អ្វីដែល រុស្ស៊ី បាន​រង​កាលពី​ខែកុម្ភៈ។

    កិច្ចប្រជុំ​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២២ មេសា និង​មានការ​ចូលរួម​ពី​ក្រុមមន្ត្រី​របស់ ធនាគារ​ប្រជាជន និង​ក្រសួង​ហិរញ្ញវត្ថុ​ចិន រួម​នឹង​ធនាគារ​រដ្ឋ​ចិន ទាំងអស់ និង​បណ្ដា​ធនាគារ​បរទេសធំៗដែល​កំពុង​រកស៊ី​នៅ​ប្រទេស​នេះ។

    មន្ត្រីជាន់ខ្ពស់ ១ រួប របស់ ក្រសួង​ហិរញ្ញវត្ថុ​ចិន នៅក្នុង​កិច្ចប្រជុំ​នោះ និយាយថា ទីក្រុង​ប៉េកាំង បានដាក់​លទ្ធភាព​នៃ​ការ​បង្កក​ទ្រព្យ​របស់​បរទេស ពី​សំណាក់ លោកខាងលិច ទៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន នៅពេល​ពិនិត្យមើល​នូវ​អ្វីដែល សហរដ្ឋ​អាម៉េរិក និង សម្ព័ន្ធមិត្ត បានធ្វើ​ចំពោះ រុស្ស៊ី។

    ក្នុង​រយៈពេល ៣ ខែ​កន្លង រុស្ស៊ី ឱ្យដឹងថា អាម៉េរិក និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ អាម៉េរិក បាន​បង្កក​ទ្រព្យ​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ ក្នុងចំណោម​ទ្រព្យសម្បត្តិ​ប្រហែល ៦៤២ ពាន់​លាន​ដុល្លារ របស់ រុស្ស៊ី នៅ​បរទេស។ ថ្មីៗនេះ អាម៉េរិក និង បស្ចិម​លោក បាន​គំរាមថា នឹង​រឹបអូស​ទ្រព្យ​ខាងលើ ឬ​ផ្ទេរ​វា​ទៅឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ចាត់ចែង​តាមចិត្ត​ចង់។

    បុគ្គល ១ រូប ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ខាងលើ ឱ្យដឹងថា ខ្លឹមសារ​នៃ​កិច្ចប្រជុំ​មិនបាន​និយាយ​ដល់​សេណារីយោ​ទាក់ទិន​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ​នោះទេ។ បុគ្គល​នេះ​អះអាងថា ការ​កាត់ផ្ដាច់​រវាង​សេដ្ឋកិច្ច​ចិន និង​លោកខាងលិច នឹង​ធ្ងន់ធ្ងរ​ជាង បើ​ធៀប​នឹង រុស្ស៊ី ព្រោះថា វត្ត​មាននៃ​សេដ្ឋកិច្ច​របស់ ទីក្រុង​ប៉េកាំង គ្របដណ្ដប់​ពាសពេញ​ពិភពលោក។

    បច្ចុប្បន្ន ប្រទេស​ចិន មានទ្រព្យ​ជាង ១.៥ ទ្រី​លាន (១.៥ លាន​លាន/១,៥០០,០០០,០០០,០០០) ដុល្លារ នៅ សហរដ្ឋ​អាម៉េរិក ក្នុងនោះ​មាន​ភាគហ៊ុន​ប្រមាណ ១ ទ្រី​លាន​ដុល្លារ នៅក្នុង​រតនាគារ​អាម៉េរិក នាទី​ក្រុង New York។ រដ្ឋាភិបាល​ចិន និង​បណ្ដា​ក្រុមហ៊ុន​រដ្ឋ​ចិន ក៏មាន​ទ្រព្យ​រាប់សែន​លាន​ដុល្លារ នៅលើ ទឹកដី​អាម៉េរិក ផងដែរ ក្នុងនោះ​រួមមាន​ទាំង​ក្រុមហ៊ុន អចលនទ្រព្យ ភាគហ៊ុន និង​សេវាកម្ម។ល។

    នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល អាម៉េរិក និង​លោកខាងលិច បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​បរទេស។ កាលពី​ឆ្នាំ ២០២១ ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏បាន​រឹបអូស​យក​ទ្រព្យ​ប្រហែល ៧ ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី ទីក្រុង​កា​ប៊ុល បាន​ធ្លាក់​ទៅលើ​ដៃ​របស់​ក្រុម តា​លី​បង់។

    មុន​នោះ រដ្ឋាភិបាល និង​បណ្ដា​ធនាគារ​របស់លោក​ខាងលិច ក៏​ធ្លាប់បាន​បង្កក រឹបអូស​ទ្រព្យ​រាប់សិប​ពាន់​លាន​ដុល្លារ​របស់ វ៉េ​ណេ​ស៊ុយ​អេ​ឡា, លី​ប៊ី និង អ៊ីរ៉ង់ ផងដែរ។

  • ស​ង្គ្រ​ម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៦៧៖ ទីក្រុង​វ៉ា​ស៊ី​ង​តោន ប្រកាសថា «ប្រកៀក​ស្មា​ជាមួយ ទីក្រុង​កៀវ»

    ស​ង្គ្រ​ម​នៅ អ៊ុយ​ក្រែ​ន ថ្ងៃទី ៦៧៖ ទីក្រុង​វ៉ា​ស៊ី​ង​តោន ប្រកាសថា «ប្រកៀក​ស្មា​ជាមួយ ទីក្រុង​កៀវ»

    ប្រធានសភា​ជាន់​ទាប​អាម៉េរិក Nancy Pelosi អះអាងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​ប្រកៀក​ស្មា​ជាមួយនឹង ទីក្រុង​កៀវ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​សម្ងាត់​នៅ រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៣០ មេសា។

    វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ដោយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅលើ Twitter កាលពី​ម្សិលមិញ បង្ហាញថា លោក ហ្សេ​ឡែ​ន​ស្គី ដែល​ត្រូវបាន​អមដំណើរ​ដោយ​ក្រុម​ប្រដាប់អាវុធ នៅមុន​នោះ ១ ថ្ងៃ បានចេញ​ទទួល​ស្វាគមន៍​ប្រតិភូ​សភា​អាម៉េរិក ដឹកនាំ​ដោយ ប្រធានសភា​ជាន់​ទាប Pelosi នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី។

    «ប្រតិភូ​របស់​យើង​ទៅកាន់ ទីក្រុង​កៀវ គឺ​ដើម្បី​ជា​សារ ១ ដែល​មិនអាច​យល់​ច្រ​លំបាន និង​យ៉ាង​គគ្រឹកគគ្រេង​ពេញ​សកលលោក៖ សហរដ្ឋ​អាម៉េរិក តែងតែ​ប្រកៀក​ស្មា​ជាមួយ អ៊ុយ​ក្រែ​ន» លោកស្រី Pelosi ថ្លែង​ដូច្នេះ។ Pelosi គឺជា​មន្ត្រីជាន់ខ្ពស់​បំផុត​របស់ អាម៉េរិក ដែល​បានធ្វើ​ទស្សនកិច្ច ទៅ​ក្រុង​កៀវ ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ ទឹកដី​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ។

    នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន កងទ័ព​រុស្ស៊ី នៅតែ​បន្ត​បង្កើន​ការវាយប្រហារ​ដើម្បី​ឈានទៅ​គ្រប់គ្រង​តំបន់ Donbass ជាទី​ដែល​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ រុស្ស៊ី បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ខេត្ត Luhansk និង Donetsk។

    ក្រុម​មន្ត្រី​អម​ដំណើរ​ប្រធានាធិបតីអ៊ុយក្រែន ចេញ​ទទួល​ ប្រតិភូសភា​ជាន​ទាប​អាម៉េរិក កាល​ពី​ថ្ងៃទី ៣០ មេសា ២០២២

    កងកម្លាំង​រុស្ស៊ី បាន​កាន់កាប់​ទីរួមស្រុក Kherson ដែលមាន​ចម្ងាយ​ពី Crimea ប្រហែល ១០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង តាំ​អ​ពី​ខែមីនា។

    នៅក្នុង​ថ្ងៃទី ១ ឧសភា កងទ័ព​អ៊ុយ​ក្រែ​ន ឱ្យដឹងថា កម្លាំង​រុស្ស៊ី ពី Kherson កំពុង​វាយប្រហារ​ឆ្ពោះទៅ​ទិស​ខាងជើង សំដៅ​ទីក្រុង Mykovaliv និង Kryvyi Rih របស់ អ៊ុយ​ក្រែ​ន។

    រុស្ស៊ី កាលពី​ម្សិលមិញ ក៏​ប្រកាសថា បានក​ម្ចេ​ច​អាវុធ​មួយចំនួន​របស់ អាម៉េរិក និង អឺរ៉ុប ដែល​ផ្ដល់​មកឱ្យ អ៊ុយ​ក្រែ​ន នៅពេល​វាយប្រហារ​លើ ព្រលានយន្តហោះ​ក្បែរ Odessa។ អភិបាលខេត្ត Odessa ក៏បាន​ទទួលស្គាល់ថា មានការ​វាយប្រហារ​ពី រុស្ស៊ី នៅទីនេះ។ ប៉ុន្តែ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​ចំពោះ​រឿងនេះ​នៅឡើយ។

  • របាយការណ៍​បង្ហើប​ឱ្យដឹងថា ប៉ូឡូញ បានផ្ដល់​ជំនួយ​យោធា​យ៉ាង​សម្បើម​ដល់ អ៊ុយ​ក្រែ​ន

    របាយការណ៍​បង្ហើប​ឱ្យដឹងថា ប៉ូឡូញ បានផ្ដល់​ជំនួយ​យោធា​យ៉ាង​សម្បើម​ដល់ អ៊ុយ​ក្រែ​ន

    វិទ្យុ Polskie ផ្សាយ​ថា ទីក្រុង​វ៉ា​សូវី (Warsaw) បានផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន សរុប​តម្លៃ ៧ ពាន់​លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

    ប្រភពព័ត៌មាន​ឱ្យដឹងថា សព្វាវុធ​ដែល ប៉ូឡូញ បានផ្ដល់​ឱ្យ អ៊ុយ​ក្រែ​ន រួមមាន រថក្រោះ T-៧២ ផលិត​ដោយ សូ​វៀត ចំនួន ២០០ គ្រឿង, រថក្រោះ Gvozdika របស់​សិប​គ្រឿង, ប្រព័ន្ធ​ទម្រ​បាញ់​គ្រាប់​មី​ស៊ី​ល Grad ច្រើន​ឈុត, មី​ស៊ី​ល​សម្រាប់​យន្តហោះ​ចម្បាំង MIG-២៩ និង Su-២៧ រួម​នឹង​គ្រាប់រំសេវ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាច្រើន​គ្រឿង​ដែល​ប្រទេស​នេះ​អភិវឌ្ឍ និង​ផលិត​ដោយ​ខ្លួន។

    ក្រុមអ្នកតាមដាន​ស្ថានការណ៍​ឱ្យដឹងថា នៅមុន​ការកើត​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ប្រទេស​ប៉ូឡូញ មាន​រថក្រោះ​ក្នុង​ដៃ​ប្រហែល ៤០០ គ្រឿង។ ប្រការនេះ​មានន័យថា ទីក្រុង​វ៉ា​សូវី បានផ្ដល់​រថយន្ត​ប្រហែល​ពាក់កណ្ដាល​របស់ខ្លួន ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

    ប្រធានាធិបតី​អ៊ុយក្រែន ជួប​ពិភាក្សា​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ និង​ក្រុម​មន្ត្រី​របស់ សហភាព​អឺរ៉ុប នៅ​ ទីក្រុង​កៀវ​

    លោក Wojciech Skurkiewicz អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប៉ូឡូញ បញ្ជាក់ថា ទីក្រុង​វ៉ា​សូវី បានផ្ដល់​ជំនួយ​ផ្នែក​យោធា​ដល់ ទីក្រុង​កៀវ រាប់​ចាប់តាំងពី​ស​ង្គ្រ​មរ​វាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង។

  • អាម៉េរិក ចាប់ខ្លួន​មេដឹកនាំ​ប្រជុំ​កោះ Virgin នៃ​ចក្រភព​អង់គ្លេស

    អាម៉េរិក ចាប់ខ្លួន​មេដឹកនាំ​ប្រជុំ​កោះ Virgin នៃ​ចក្រភព​អង់គ្លេស

    ក្រុមមន្ត្រី​អាម៉េរិក បាន​ចាប់ខ្លួន​មេដឹកនាំ Fahie រួម​នឹង​មន្ត្រី​ម្នាក់ទៀត​នៃ ប្រជុំ​កោះ Virgin របស់ ចក្រភព​អង់គ្លេស ដោយ​ចោទថា មាន​ផែនការ​ដឹកជញ្ជូន​ថ្នាំញៀន។

    អភិបាល​ប្រជុំ​កោះ Virgin នៃ ចក្រភព​អង់គ្លេស Andrew Fahie ត្រូវបាន​កងកម្លាំង​ប្រឆាំង​គ្រឿងញៀន (DEA) របស់ ក្រសួងយុត្តិធម៌​អាម៉េរិក ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៨ មេសា នៅ​ទីក្រុង Miami រដ្ឋ Florida ក្រោម​បទ​ចោទថា មាន​ផែនការ​ដឹកជញ្ជូន​គ្រឿងញៀន​ចូល​ទឹកដី​របស់ អាម៉េរិក និង​លាងលុយកខ្វក់។

    John Rankin ដែលជា​មន្ត្រី​ម្នាក់​របស់​ប្រជុំ​កោះ​ខាងលើ ក៏បាន​ទទួលស្គាល់​ព័ត៌មាន​នេះ។ «នេះ​គឺជា​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​បំផុត​សម្រាប់​សាធារណជន។ ខ្ញុំ​អំពាវនាវ​ឱ្យ​គ្រប់គ្នា​រក្សា​ភាពស្ងប់ស្ងាត់» លោក Rankin ថ្លែង​ដូច្នេះ។

    ក្រៅពី​អភិបាល​ប្រជុំ​កោះ Falhei កងកម្លាំង​របស់ អាម៉េរិក ក៏បាន​ចាប់ខ្លួន​ប្រធាន​កំពង់ផែ​នៃ ប្រជុំ​កោះ Virgin គឺ លោកស្រី Oleanvine Maynard និង​កូនប្រុស​ឈ្មោះ Kadeem ផងដែរ។

    ប្រជុំ​កោះ Virgin នៃ​ ចក្រ​ភព​អង់គ្លេស​ គឺជា​ដែនដី​ឯនាយសមុទ្រ​របស់ ចក្រភព​អង់គ្លេស ស្ថិតនៅក្នុង​តំបន់ សមុទ្រ​ការី​ប៊ី​ន (Caribbean Sea) មាន​ផ្ទៃក្រឡា ប្រហែល ១៥៣ គីឡូម៉ែត្រ និង​មាន​ប្រជាជន​សរុប​ជាង ២៨,០០០ នាក់។ ប្រជុំ​កោះ​នេះ ទទួលបាន​សិទ្ធិ​ស្វ័យ​សម្រេច​កាលពី​ឆ្នាំ ១៩៦៧៕

  • អាម៉េរិក ប្រើប្រាស់​កម្មវិធី​ពី​សម័យ​សង្គ្រាមលោកលើកទី ២ ដើម្បី​អាច​បញ្ជូន​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន បាន​លឿន

    អាម៉េរិក ប្រើប្រាស់​កម្មវិធី​ពី​សម័យ​សង្គ្រាមលោកលើកទី ២ ដើម្បី​អាច​បញ្ជូន​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន បាន​លឿន

    សភា​អាម៉េរិក អនុម័ត​ច្បាប់​ដើម្បី​ធ្វើឱ្យ​រស់​ឡើងវិញ​នូវ​កម្មវិធី​ដែល​ធ្លាប់​ត្រូវបាន​អនុវត្ត​ក្នុង​សង្គ្រាមលោកលើកទី ២ បំណង​ធ្វើឱ្យ​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន មានដំណើរ​ការ​រលូត និង​ឆាប់រហ័ស។

    សភា​ជាន់​ទាប​អាម៉េរិក កាលពី​ថ្ងៃទី ២៨ មេសា ឆ្នាំ​ ២០២២​ បានអនុម័ត​លើ​សេចក្ដីព្រាង​នៃ «ច្បាប់​ឱ្យ​ខ្ចី-ឱ្យ​ជួល ការពារ​ប្រជាធិបតេយ្យ​អ៊ុយ​ក្រែ​ន ២០២២» ដោយមាន ៤១៧ សំឡេងគាំទ្រ និង ១០ សំឡេង​ប្រឆាំង បន្ទាប់ពី​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​សភា​ជាន់ខ្ពស់​អាម៉េរិក អនុម័ត​រួច​កាលពី​ប៉ុន្មាន​ថ្ងៃមុន។ សេចក្ដីព្រាងច្បាប់​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់ សេត​វិមាន ដើម្បី ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​ចុងក្រោយ។

    ក្រោយពី​លោក បៃ​ដិ​ន បាន​ចុះហត្ថលេខា​រួច ច្បាប់​នេះ​នឹង​ធ្វើឱ្យ​កម្មវិធី​ជំនួយ Lend-Lease (ឱ្យ​ខ្ចី-ឱ្យ​ជួល) កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី ២ រស់​ឡើងវិញ ក្នុងនោះ វា​នឹង​អនុញ្ញាតឱ្យ អាម៉េរិក ឱ្យ​ខ្ចី ឬ​ផ្ដល់ជំនួយ​សព្វាវុធ ដល់​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត ដោយ​ប្រើពេល​អនុម័ត​ខ្លី​បំផុត។

    ក្រុម​ទាហាន​អ៊ុយក្រែន ឈរ​ក្បែរ​មីស៊ីល​ ដែល​ទទួល​បាន​ពី​ អាម៉េរិក

    ក្រៅពី អ៊ុយ​ក្រែ​ន បណ្ដា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ពី​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី ដូចជា ប៉ូឡូញ និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត ក៏​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី​នេះ​ផងដែរ។