Category: អន្តរជាតិ

  • ករណី​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស ២២ នាក់​នៅ នេ​ប៉ាល់៖ សាកសព​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​រកឃើញ​ហើយ!

    ករណី​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស ២២ នាក់​នៅ នេ​ប៉ាល់៖ សាកសព​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​រកឃើញ​ហើយ!

    កងកម្លាំង​ជួយសង្គ្រោះ​របស់ នេ​ប៉ាល់ ប្រកាសថា បាន​រកឃើញ​សាកសព​មនុស្ស​ទាំង ២២ នាក់ ដែល​ស្ថិតនៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់ ធ្លាក់​លើ​ជួរ​ភ្នំ​ហិមា​ពា​ន្ត (ហិមាល័យ) កាលពី​ចុង​សប្ដាហ៍​កន្លង។

    «ការកំណត់​អត្តសញ្ញាណ​នៃ​សាកសព​នឹងត្រូវ​បានធ្វើ​ឡើង» អ្នកនាំពាក្យ​របស់​នាយ​ក​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​នេ​ប៉ាល់ (CAAN) Deo Chanra Lal Karna ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ។

    យន្តហោះ DHC-៦ Twin Otter របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tara Air ដែល​ដឹក​អ្នកដំណើរ ១៩ នាក់ និង​សមាជិក​ក្រុម​ហោះហើរ ៣ នាក់ បាន​បាត់​ទំនាក់ទំនង​ក្រោយពី​បាន​ហោះ​ឡើង​ពី Pokhara នៅ​ភាគ​កណ្ដាល​ប្រទេស​នេ​ប៉ាល់ កាលពី​ព្រឹក​ថ្ងៃទី ២៩ ឧសភា។

    ទីតាំង​ដែល​យន្តហោះ​ខាងលើ​ធ្លាក់​ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ។ យន្តហោះ​នេះ​ស្ទើរតែ​បាក់បែក​អស់ទាំង​ស្រុង​ដោយសារ​ធ្លាក់​បុក​ចង្កេះភ្នំ។ អ្នកដំណើរ​លើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ត្រូវបាន​គេ​ឱ្យដឹងថា មាន ៤ នាក់​ជា​ជនជាតិ​ឥណ្ឌា, ២ នាក់​ជា​ជនជាតិ​អាល្លឺម៉ង់ និង ១៦ នាក់​ជា​ជនជាតិ​នេ​ប៉ាល់។

  • ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប្រទេស​ហូ​ឡង់

    ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប្រទេស​ហូ​ឡង់

    ក្រុមហ៊ុន​ថាមពល GasTerra របស់ ហូ​ឡង់ កាលពី​ថ្ងៃទី ៣០ ឧសភា ប្រកាសថា ក្រុមហ៊ុន​ថាមពល​រដ្ឋ Gazprom របស់ រុស្ស៊ី នឹង​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ក្រុមហ៊ុន​នេះ បន្ទាប់ពី ហូ​ឡង់ បាន​បដិសេធ​ទូទាត់​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី។

    យោងតាម​ប្រកាស​របស់ GasTerra ក្រុមហ៊ុន Gazprom នឹង​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ក្រុមហ៊ុន​នេះ​ចាប់ពី​ថ្ងៃទី ៣១ ឧសភា​តទៅ។

    ការសម្រេច​របស់​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី មានន័យថា ឧស្ម័ន ២ ពាន់​លាន​ម៉ែត្រគូប នឹងមិន​ត្រូវបាន​ផ្គត់ផ្គង់​ដល់ ហូ​ឡង់ ចាប់ពីពេលនេះ​រហូតដល់​ខែតុលា ២០២២។ ក្រុមហ៊ុន​របស់ ហូ​ឡង់ បាន «ព្យាករ​រួចហើយ​លើ​បញ្ហា​នេះ» ហើយ​បាន​ងាក​ទៅ​ទិញ​ឧស្ម័ន​ពី​កន្លែង​ដទៃ។

    ក្រោយពី​លោកខាងលិច​ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន ទីក្រុង​មូ​ស្គូ ក៏បាន​តម្រូវឱ្យ​អតិថិជន​ដែល «មិន​ស្និទ្ធ» នឹង រុស្ស៊ី ក្នុងនោះ​មាន​ប្រទេស​ជាច្រើន​នៅ អឺរ៉ុប ទូទាត់​ដោយ​ប្រាក់​រូ​ប្ល។

    មួយផ្នែក​នៃ​ក្រុមហ៊ុន GasTerra គឺជា​កម្មសិទ្ធិ​របស់ រដ្ឋ​ហូ​ឡង់ ដែល​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ឧស្ម័ន​លើ​ពិភពលោក។ វា​ជា​កម្មសិទ្ធិរួម​របស់ Royal Dutch Shell នៃ ប្រទេស​អង់គ្លេស (២៥%), Esso (ExxonMobil) របស់ សហរដ្ឋ​អាម៉េរិក (២៥%) និង ក្រុមហ៊ុន EBN របស់ រដ្ឋាភិបាល​ហូ​ឡង់ (៥០%)។

  • សហភាព​អឺរ៉ុប ឯកភាពគ្នា លើ​​ការ​ហាម​ឃាត់​ប្រេង​របស់ រុស្ស៊ី

    សហភាព​អឺរ៉ុប ឯកភាពគ្នា លើ​​ការ​ហាម​ឃាត់​ប្រេង​របស់ រុស្ស៊ី

    ក្រុម​មេដឹកនាំ​របស់ សហភាព​អឺរ៉ុប (EU) បាន​ឯកភាពគ្នា លើ​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី ចំនួន ២/៣ បន្ទាប់ពី​មានការ​យល់ព្រម​ពី ហុង​គ្រី នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ ព្រុ​ច​សែ​ល។

    «ឯកភាព​លើ​ការហាមឃាត់​នាំចូល​ប្រេង​ពី រុស្ស៊ី មកកាន់ សហភាព​អឺរ៉ុប។ ប្រការនេះ​នឹងមាន​សុពលភាពភ្លាមៗចំពោះ ២/៣ នៃ​បរិមាណ​ប្រេង​នាំចូល​ពី រុស្ស៊ី ដែល​នេះ​នឹង​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​យ៉ាង​ធំ​សម្បើម​សម្រាប់​ក្បាលម៉ាស៊ីន​សង្គ្រាម​របស់​ពួកគេ។ ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ រុស្ស៊ី ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា» ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប (EC) Charles Michel សរសើរ​លើ Twitter កាលពី​យប់​ថ្ងៃទី ៣០ ឧសភា ក្រោយ​កិច្ចប្រជុំ​កំពូល​របស់ EC នៅ ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក។

    ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប Ursula von der Leyen ប្រកាសថា ក្រុម​មេដឹកនាំ EU បាន «ឯកភាពគ្នា​ទៅលើ​គោលការណ៍» សម្រាប់​ការដាក់ទណ្ឌកម្ម​លើ​ប្រេង​ពី រុស្ស៊ី។ «EC ពេលនេះ​អាច​សម្រេចបាន​បទបញ្ជា​ដាក់ទណ្ឌកម្ម ៩០% នៃ​ប្រេង​នាំចូល​ពី រុស្ស៊ី មុន​ឆ្នាំ ២០២៣។ នេះ​គឺជា​ជំហាន​សំខាន់។ យើង​នឹង​ឆាប់​វិល​ត្រលប់មក​ដោះស្រាយ​បញ្ហា​ស្ដីពី ១០% ដែល​នៅ​សេសសល់» លោកស្រី Leyen ថ្លែង​ដូច្នេះ។

    EU បាន​ពិភាក្សាគ្នា​អស់​ជាច្រើន​សប្ដាហ៍​មកហើយ ស្ដីពី​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី ប៉ុន្តែ ជួប​ឧបសគ្គ​ធំ​ដោយសារ​ការជំទាស់​រប​ស់ នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban ដែល​បាន​លើកឡើងថា ការ​កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ប្រេង​នឹង​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ការសម្រេចចិត្ត​ហាមឃាត់ ២/៣ នៃ​ប្រេង​នាំចូល​ពី រុស្ស៊ី ត្រូវ​បានលើកឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​សហភាព​នេះ បាន​ឯកភាព​ជាមួយ ហុង​គ្រី ថា នឹង​លើកលែង​ការហាមឃាត់​ចំពោះ​ការ​នាំចូល​ប្រេង​ដោយ​បំពង់​បង្ហូរ។

    EU ក៏បាន​ឯកភាពគ្នា ដក​ធនាគារ​ធំជាងគេ​របស់ រុស្ស៊ី Sberbank ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ SWIFT និង​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​វិទ្យុ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ចំនួន ៣ បន្ថែមទៀត​ផងដែរ។

    ក្រុមមន្ត្រី​របស់ ប្រទេស​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការសម្រេចចិត្ត​ខាងលើ​របស់ សហភាព​អឺរ៉ុប។

  • អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា ជំងឺ​អុត​ស្វា «មិន​បង្ក​ហានិភ័យ​​ធ្ងន់​ធ្ងរ​​» ចំពោះ​​ប្រព័ន្ធ​​សុខាភិបាល​​​របស់​ពិភព​លោក

    អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ថា ជំងឺ​អុត​ស្វា «មិន​បង្ក​ហានិភ័យ​​ធ្ងន់​ធ្ងរ​​» ចំពោះ​​ប្រព័ន្ធ​​សុខាភិបាល​​​របស់​ពិភព​លោក

    ជំងឺ​អុត​ស្វា (monkeypox) បង្ក «ហានិភ័យ​បង្គួរ» ចំពោះ​សុខាភិបាល​សាធារណៈ​នៅក្នុង​ពិភពលោក។ ប្រកាស​នេះ​ត្រូវបាន អង្គការ​សុខភាព​ពិភពលោក (WHO) លើកឡើង​កាលពី​ថ្ងៃទី ២៩ ឧសភា ក្នុង​គ្រា​ដែល​ករណី​ឆ្លង​ជំងឺ​នេះ​កើតមាន​នៅក្នុង​បណ្ដា​ប្រទេស​ដែល​មិន​ធ្លាប់​កើតមាន​ជំងឺ​នេះ។

    WHO ឱ្យដឹងថា ហានិភ័យ​ទាក់ទង​នឹង​សុខាភិបាល​សាធារណៈ​អាច​កើនឡើង​ខ្ពស់ បើសិន​វីរុស​បង្ក​ជំងឺ​អុត​ស្វា​ក្លាយជា​ភ្នាក់ងារ​បង្ក​រោគ និង​ឆ្លង​រាលដាល​ទៅក្នុង​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា កុមារ ឬ​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ។

    យោងតាម​ស្ថិតិ គិត​ត្រឹម​ថ្ងៃទី ២៦ ឧសភា មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ២៥៧ នាក់ និង​ករណី​សង្ស័យថា​បាន​ឆ្លង​ចំនួន ១២០ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ២៣ ក្នុងនោះ​មាន​ប្រទេស​ជាច្រើន​ដែល​ពីមុនមក មិន​ធ្លាប់​កើតមាន​ជំងឺ​នេះ។

    មកដល់​បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ស្ដីពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​អុត​ស្វា​នេះ​នៅឡើយ។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា អាច​នឹងមាន​ករណី​ឆ្លង​ថ្មី​ជាច្រើន​ទៀត គ្រា​ដែល​អង្គការ​នេះ​កំពុង​តាមដាន​នៅតាម​បណ្ដា​ប្រទេស​ដែលមាន និង​មិនមាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា។

  • មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ព្យាករ​អំពី​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​សកល​បន្ទាប់ វាយប្រហារ​ពិភពលោក

    មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ព្យាករ​អំពី​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​សកល​បន្ទាប់ វាយប្រហារ​ពិភពលោក

    សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft លោក ប៊ី​ល ហ្គេ​ត បាន​ប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Diario ថា ជំងឺ​រាតត្បាត​សកល​មួយ​ផ្សេងទៀត ដែល​នឹង​វាយប្រហារ​លើ​ប្រជាជន​ពិភពលោក​ក្នុងអំឡុង ២០ ឆ្នាំ​ទៀត​គឺមាន​លទ្ធភាព​កើតឡើង​រហូតដល់ ៥០%។

    មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ជឿថា នោះ​អាចជា​វីរុស​មួយ​ប្រភេទ​ដែល​មនុស្ស​បង្កើតឡើង ឬ​កើត​ពី​ធម្មជាតិ​ដែល​បង្កឡើង​ដោយ​ផលវិបាក​ដែល​ទាក់ទិន​នឹង​ការប្រែប្រួល​នៃ​អាកាសធាតុ។ កាលពី​ថ្ងៃទី ៣ ឧសភា លោក ហ្គេ​ត បាន​បញ្ចេញ​សៀវភៅ​ថ្មី​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «ធ្វើយ៉ាងណា​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល​បន្ទាប់»។

    មហាសេដ្ឋី​រូបនេះ មុន​នោះបាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នានា ផ្ដល់​ការគាំទ្រ​ដល់​ក្រុម​អ្នកវិទ្យាសាស្ត្រ ក្នុងការ​បង្កើត​រូបមន្ត​កុំព្យូទ័រ​ដើម្បី​ស្វែងរក​ការគំរាមកំហែង​ចំពោះ​សុខភាព​ទូទាំង​សកលលោក។ ក្រៅពីនេះ លោក ប៊ី​ល ហ្គេ​ត ក៏បាន​ស្នើឱ្យ​បង្កើន​ការចំណាយ​ដើម្បី​កែលម្អ​សមត្ថភាព​នៃ​ការត្រៀមខ្លួន​ជាមុន​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត។

    លោក ហ្គេ​ត យល់ថា មានតែ អង្គការ​សុខភាព​ពិភពលោក ប៉ុណ្ណោះ ទើប​មាន​សមត្ថភាព​បង្កើត និង​គ្រប់គ្រង​ក្រុម​ជំនាញ​លំដាប់​កំពូល​បាន ដោយ​ប្រើប្រាស់​ខ្ទង់​ប្រាក់​ជំនួយ​ប្រមាណ ១ ពាន់​លាន​ដុល្លារ/ឆ្នាំ។

    កាលពី​ឆ្នាំ ២០១៥ លោក ប៊ី​ល ហ្គេ​ត គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ព្រមាន​ជា​សាធារណៈ​ថា ពិភពលោក​មិនទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ សម្រាប់​ការប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត​សកល​ថ្មី។ មហាសេដ្ឋី​រូបនេះ​អះអាងថា វីរុស​គឺជា​អ្នកបង្ក​ហានិភ័យ​កើតមាន​សោកនាដកម្ម​ទូទាំង​សកលលោក មិនមែន​សង្គ្រាម​នោះទេ។

    ចំពោះ​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ វិញ បច្ចុប្បន្ន ចំនួន​ករណី​ឆ្លង​សរុប​បាន​កើនឡើង​ដល់​ជាង ៥២៨ លាន​នាក់ ក្នុងនោះ​មាន​ប្រមាណ ៦.២ លាន​នាក់ បាន​បាត់​បង់ជីវិត៕

  • គំរាមថា «ប្រើ​កាំភ្លើង​បាញ់រះ» សិស្ស​ថ្នាក់​បឋម​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    គំរាមថា «ប្រើ​កាំភ្លើង​បាញ់រះ» សិស្ស​ថ្នាក់​បឋម​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    (សហរដ្ឋ​អាម៉េរិក)-ក្មេងប្រុស​ម្នាក់​រៀន​ថ្នាក់​ទី ៥ នៅ Florida ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​បាន​ផ្ញើ​សារ​គំរាមថា​នឹងធ្វើ​ការបាញ់រះ។

    សមត្ថកិច្ច​មិនបាន​បង្ហើប​ឱ្យដឹង​អត្តសញ្ញាណ​របស់​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ខាងលើនេះ​ទេ ប៉ុន្តែ បញ្ជាក់ថា ជា​សិស្ស​រៀន​នៅ​សាលា Patriot ក្នុង​ទីក្រុង Cape Coral រដ្ឋ Florida សហរដ្ឋ​អាម៉េរិក។ ប៉ូលិស​បាន​ចាប់​វាយខ្នោះ និង​នាំខ្លួន​ឡើង​រថយន្ត​កាលពី​ព្រលប់​ថ្ងៃទី ២៨ ឧសភា។

    «សកម្មភាព​របស់​សិស្ស​សាលា​រូបនេះ​ពិតជា​គួរឱ្យ​ព្រួ​បារម្ភ​ណាស់ ពិសេស​គឺ​បន្ទាប់ពី​ករណី​គួរឱ្យ​សោកសៅ​ថ្មី ៗនេះ​នៅ Uvalde រដ្ឋ Texas។ ការធានា​សុវត្ថិភាព​ជូនកូនៗរបស់​យើង គឺជា​រឿង​សំខាន់បំផុត» អធិការនគរបាល​ស្រុក Lee លោក Carmine Marceno ឱ្យដឹង​ដូច្នេះ។

    បច្ចុប្បន្ន មិនទាន់​ដឹងថា ក្មេងប្រុស​នេះ​បាន​ផ្ញើ​សារ​ទៅ​គំរាម​អ្នកណា ក៏ដូចជា​នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​យ៉ាងណា​​នៅ​ឡើយ។

  • អាល្លឺម៉ង់ ចំណាយ​ជាង ១០០ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា

    អាល្លឺម៉ង់ ចំណាយ​ជាង ១០០ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា

    រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បក្សប្រឆាំង បាន​ឯកភាពគ្នា​បញ្ចេញ​ខ្ទង់​ប្រាក់ ១០៧ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​កញ្ចប់​ថវិកា​ពិ​សេស​ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព​រប​ស់​ប្រទេស​នេះ។

    សេចក្ដីសម្រេច​ខាងលើ​ត្រូវបាន​អនុម័ត​កាលពី​ព្រលប់​ថ្ងៃទី ២៩ ឧសភា ក្រោយ​ការចរចា​យ៉ាង​លំបាក​អស់​ជាច្រើន​សប្ដាហ៍​រវាង​បណ្ដា​បក្ស​ក្នុង​រដ្ឋាភិបាលចម្រុះ និង​បក្សប្រឆាំង​របស់​អតីត​អធិការបតី Angela Merkel។

    ជោគជ័យ​នៃ​ការចរចា​ខាងលើនេះ​ជួយ​ឱ្យ រដ្ឋាភិបាល​អាល្លឺម៉ង់ បង្កើត​ខ្ទង់ចំណាយ​ពិសេស​សម្រាប់​កិច្ចព្រមព្រៀង​ទិញ​គ្រឿង​សព្វាវុធ និង​សម្រេចបាន​គោលដៅ​នៃ​ការចំណាយ​លើ​វិស័យ​យោធា​ប្រមាណ ២% ធៀប​នឹង GDP (ផលិតផល​ក្នុងស្រុក​សរុប) ដែល ណា​តូ បានកំណត់។

    នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz កាលពី​ខែកុម្ភៈ បានដាក់​សំណើ​ថវិកា​ពិសេស ១០០ ពាន់​លាន​អឺរ៉ូ (១០៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដើម្បី​បំពាក់អាវុធ​ជាថ្មី​ដល់​កងទ័ព​អាល្លឺម៉ង់ និង​ធ្វើ​ទំនើបកម្ម​យោធា​របស់​ប្រទេស​នេះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។

  • កងទ័ព​របស់ ​រុស្ស៊ី កំពុង​សម្រុកចូល​កណ្ដាល​ក្រុង​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន

    កងទ័ព​របស់ ​រុស្ស៊ី កំពុង​សម្រុកចូល​កណ្ដាល​ក្រុង​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន

    កងកម្លាំង​របស់ រុស្ស៊ី បាន​សម្រុកចូល​ក្បែរ​មជ្ឈមណ្ឌល​នៃ​ទីក្រុង Severodonetsk នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ។

    «ការប្រយុទ្ធ​គ្នា​នៅតែ​កើតមានឡើង។ ស្ថានការណ៍​លំបាក​ខ្លាំងណាស់។ កងកម្លាំង​រុស្ស៊ី កំពុង​វាយ​សម្រុកចូល​មជ្ឈមណ្ឌល​របស់​ទីក្រុង Sevrrodonetsk» អភិបាលខេត្ត Lugansk លោក Serhiy Gaidai បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​នា​ថ្ងៃនេះ​ដូច្នេះ។

    អភិបាល Oleksandr Striuk នៃ​ទីក្រុង Severodonetsk កាលពី​ថ្ងៃទី ២៨ ឧសភា បានឱ្យដឹងថា ទីនេះ​នៅមាន​ជន​ស៊ីវិល​ប្រមាណ​ពី ១២,០០០ ទៅ ១៣,០០០ នាក់​ទៀត។ ប្រជាជន​សរុប​របស់​ទីក្រុង​ខាងលើ នៅមុន​ការផ្ទុះ​សង្គ្រាម​គឺ​ប្រហែល ១០០,០០០ នាក់។

    «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ Severodonetsk ត្រូវបាន​បំផ្លាញ ហើយ​អគារ​ស្នាក់នៅ​របស់​ប្រជាជន​ប្រមាណ ៦០% ក៏ត្រូវ​រង​ការខូចខាត​ដល់​ថ្នាក់​មិនអាច​ជួសជុល​វិញ​បាន» Gaidai បន្ថែម​ដូច្នេះ។

    បើសិន​អាច​គ្រប់គ្រង​បាន​ទីក្រុង Severodonetsk កងកម្លាំង​រុស្ស៊ី នឹងមាន​ឈ្នាន់​សំខាន់​ដើម្បី​សម្រុក​ទៅ​ទិស​ខាងលិច សំដៅលើ​តំបន់ Kramatorsk ជាទី​ដែលមាន​បញ្ជាការដ្ឋាន​ក​ង​ទ័ព​ប្រចាំ Donbass របស់ អ៊ុយ​ក្រែ​ន។ ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ព្រមាន​ថា Severodanetsk ប្រឈម​នឹង​ហានិភ័យ​ត្រូវមាន​វាសនា​ដូច​ទៅនឹង Mariupol។

  • យន្តហោះ​ដឹក​អ្នកដំណើរ​ជាង ២០ នាក់ បាត់​ខ្លួន​កាលពី​ម្សិលមិញ ពេលនេះ បំណែក​ខ្លះ​​ត្រូវបាន​រកឃើញ​ហើយ!

    យន្តហោះ​ដឹក​អ្នកដំណើរ​ជាង ២០ នាក់ បាត់​ខ្លួន​កាលពី​ម្សិលមិញ ពេលនេះ បំណែក​ខ្លះ​​ត្រូវបាន​រកឃើញ​ហើយ!

    កងទ័ព​នៃ ប្រទេស​នេ​ប៉ាល់ ថ្ងៃទី ៣០ ឧសភា​នេះ ប្រកាសថា បាន​រកឃើញ​ទីតាំង​របស់​យន្តហោះ De Havilland DHC-៦-៣០០ Twin Otter ដឹក​អ្នកដំណើរ ២២ នាក់ ដែល​បាន​បាត់​ខ្លួន​មុននេះ ១ ថ្ងៃ។

    ខាងលើនេះ​គឺជា​ការអះអាង​របស់​អ្នកនាំពាក្យ​របស់ កងទ័ព​នេ​ប៉ាល់ ដែល​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បញ្ជូន​កម្លាំង​ទៅកាន់​កន្លែងកើតហេតុ។

    ទូរទស្សន៍​ជាតិ​នេ​ប៉ាល់ កាលពី​ថ្ងៃទី ២៩ ឧសភា បាន​ផ្សាយ​ថា ប្រជាជន​បានឃើញ​យន្តហោះ​មួយគ្រឿង​កំពុង​ឆាបឆេះ​នៅឯ​នាយ​ទន្លេ Lyanku Khola ក្បែរ​ជើងភ្នំ Manapathi នៃ​ជួរ​ភ្នំ​ហេមពាន្ត (Himalaya)។ មុន​នោះ យន្តហោះ DHC-៦-៣០០ Twin Otter បាន​ហោះ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៩ ឧសភា ប៉ុន្តែ​បាន​បាត់​ទំនាក់ទំនង​ជាមួយ​ប​ណ្ឌ​ល​គ្រប់គ្រង​អាកាសចរណ៍ ៥ នាទី មុន​ការ​ចុះចត។

    យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ខាងលើ​នេះ​ គឺជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុនឯកជន​ Tara Air។ ជើងហោះហើរ​នៃ​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នេះ ដឹក​មនុស្ស​ចំនួន ២២ នាក់ ក្នុងនោះ​មាន អ្នកដំណើរ ១៩ នាក់ និង​សមាជិក​ក្រុម​ហោះហើរ​ចំនួន ៣ នាក់។ យោងតាម​អ្នកតំណាង​របស់​ក្រុមហ៊ុន Dara Air ក្នុងចំណោម​អ្នកដំណើរ​គឺមាន​ជនបរទេស ៦ នាក់ ក្នុងនោះ​មាន​ជនជាតិ​ឥណ្ឌា ៤ នាក់។

  • ជាង ៣០ នាក់​បាន​ស្លាប់​នៅ​​ក្នុង​ព្រឹត្តិការណ៍​ចែក​អាហារ​នៅ នី​ហ្សេ​រី​យ៉ា

    ជាង ៣០ នាក់​បាន​ស្លាប់​នៅ​​ក្នុង​ព្រឹត្តិការណ៍​ចែក​អាហារ​នៅ នី​ហ្សេ​រី​យ៉ា

    មនុស្ស​យ៉ាងតិច ៣១ នាក់​បាន​បាត់​បង់ជីវិត និង ៧ នាក់​រងរបួស នៅក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​ក្នុង​ពិធី​ចែក​អាហារ​នៅឯ​វិហារ​មួយ​ក្នុង​ទីក្រុង Port Harcourt នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា។

    មនុស្ស​រាប់រយ​នាក់​បានមក​ទទួល​អាហារ​នៅក្នុង​ព្រឹត្តិការណ៍ «ទិញដូរ​ដោយ​ឥតគិតថ្លៃ» ដែល​ប្រារព្ធ​ឡើង​ដោយ​វិហារ King’s Assembly កាលពី​ថ្ងៃទី ២៨ ឧសភា។

    អ្នកនាំពាក្យ​នៃ​ស្ថាប័ន​ប៉ូលិស ឱ្យដឹងថា មនុស្ស​រាប់រយ​នាក់​បានមក​ទទួល​អាហារ ក្នុងនោះ​មាន​អ្នកខ្លះ​បាន​បាត់បង់​ការអត់ធ្មត់ នាំឱ្យមាន​ការរត់​ជាន់គ្នា។ ជនរងគ្រោះ​ជាច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ អ្នកខ្លះ​ក៏​មិនអាច​គេចផុត​ពី​ការស្លាប់។

    ស្បែកជើង​របស់​ហ្វូង​មនុស្ស​ នៅ​ខាង​ក្រៅ​វិហារ King’s Assembly

    អាជ្ញាធរ​ឱ្យដឹងថា ជនរងគ្រោះ​ភាគច្រើន​គឺជា​ក្មេងតូចៗ និង​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ។