Category: អន្តរជាតិ

  • យាន​ចុះចត​របស់ ចិន នៅលើ​ឋាន​ព្រះ​ចន្ទ រកឃើញ​ទឹក​ ប៉ុន្តែ​មិន​ច្រើន​ដូច​ការ​គិត​ពី​មុន

    យាន​ចុះចត​របស់ ចិន នៅលើ​ឋាន​ព្រះ​ចន្ទ រកឃើញ​ទឹក​ ប៉ុន្តែ​មិន​ច្រើន​ដូច​ការ​គិត​ពី​មុន

    ស្ថានីយ​ចុះចត Chang’e ៥ បាន​រកឃើញ hydroxyl ដែលជា​ធាតុ​បង្ហាញថា​មានទឹក ក្នុង​បរិមាណ​តិចតួច​បំផុត ពោលគឺ​ប្រហែល ៣០ ក្រាម​ក្នុង​ដី​ព្រះ​ចន្ទ ១ តោន។

    ការរកឃើញ​ថ្មី​នេះ​បាន​ផ្លាស់ប្ដូរ​សម្មតិកម្ម​ដែល​ត្រូវ​បានលើកឡើង​ច្រើន​ទសវត្សរ៍​កន្លងមក ស្ដីពី​វត្តមាន​របស់​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ។ បេសកកម្ម Chang’e ៥ របស់ ប្រទេស​ចិន បាន​រកឃើញ hydroxyl ដែលជា «សាច់ញាតិ​ផ្ទាល់» របស់​ទឹក ហើយក៏​ជា​ធាតុ​ដែល​បញ្ជាក់ថា​មានទឹក។

    ស្ថានីយ​ចុះចត​របស់ ប្រទេស​ចិន បាន​ប្រមូល​ភ័ស្ដុតាង​ស្ដីពី​ទឹក ដោយផ្ទាល់​ជា​លើកដំបូង​នៅលើ​ឋាន​ព្រះ​ចន្ទ។ សម្មតិកម្ម​ស្ដីពី​ទឹក​លើ​ឋាន​ព្រះ​ចន្ទ​នាពេល​កន្លងមក​ដែល​យោងទៅលើ​ទិន្នន័យ​បាន​ពី​យាន Chandrayaan ១ (ឥណ្ឌា) គឺ​ប្រមូលបាន​ពី​គន្លង​គោចរ។

    សំណាក​វត្ថុ​ធាតុ​ថ្មី​ដែល Chang’e ៥ ទើបតែ​បាន​រកឃើញ បង្ហាញថា ទឹក​ដែល​ត្រូវបាន​រកឃើញ​នៅ​លើដី​របស់​ព្រះ​ចន្ទ​នេះ​បានមកពី​ប្រភព​គួរឱ្យ​ភ្ជា​ក់​ផ្អើល នោះ​គឺ​នៅក្រោម​ដី។ កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ​គឺជា​លទ្ធផល​ដែល​បង្កើតឡើង​ដោយសារ​ខ្យល់​ព្រះអាទិត្យ។

    បច្ចុប្បន្ន ភ័ស្ដុតាង​ថ្មី​បង្ហាញថា ប្រភពទឹក​គឺ​ស្ថិតនៅក្នុង​ខ្លួន​របស់​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ បរិមាណ hydroxyl ដែល​ត្រូវបាន​រកឃើញ​គឺមាន​តិចតួច​ខ្លាំងណាស់ គឺ​ប្រហែល ៣០ ក្រាម​ប៉ុណ្ណោះ​នៅក្នុង​ដី​ព្រះ​ចន្ទ ១ តោន។ ដូច្នេះ ព្រះ​ចន្ទ​មិនមែន​សោះកក្រោះ​ទាំងស្រុង​ឡើង ប៉ុន្តែ​វា​ស្ងួត​ជាង​បើ​ធៀប​នឹង​សម្មតិកម្ម​ដំបូង។

    ការរកឃើញ​ទឹក​ពិត​ជាមាន​សារសំខាន់​សម្រាប់​មហិច្ឆតា​សាងសង់​មូលដ្ឋាន​របស់ ចិន នៅលើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២០២៧។ យោងតាម​កម្មវិធី Chang’e ៥ ប្រទេស​ចិន មាន​បេសកកម្ម​ចំនួន ៣ ទៀត​នៅលើ​ឋាន​ព្រះ​ចន្ទ។ បេសកកម្ម​ទាំងនេះ​គឺជា​គ្រឹះ​សម្រាប់​ការសាងសង់​មូលដ្ឋាន​នៅលើ​ភព​រណប​មួយ​នេះ។

  • យន្តហោះ​ត្រូវ​ត្រលប់​ក្រោយ​ និង​ចុះចត​បន្ទាន់ ព្រោះ​តែម៉ាស៊ីន​ត្រូវ​ឆាបឆេះ

    យន្តហោះ​ត្រូវ​ត្រលប់​ក្រោយ​ និង​ចុះចត​បន្ទាន់ ព្រោះ​តែម៉ាស៊ីន​ត្រូវ​ឆាបឆេះ

    (ឥណ្ឌា)-យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​ដែល​កំពុង​ហោះ​ទៅកាន់ រដ្ឋធានី​ញូវដែលី កាលពី​ម្សិលមិញ ត្រូវ​ចុះចត​ជាបន្ទាន់ ដោយសារតែ​ម៉ាស៊ីន​របស់​វា​ឆាបឆេះ។

    យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក SpiceJet បាន​ហោះ​ត្រលប់​ទៅកាន់​ព្រលានយន្តហោះ​នៅឯ​ទីក្រុង Patna ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា នៅពេល​កើតហេតុ​ការណ៍​អគ្គិភ័យ នេះ​បើតាម​សមត្ថកិច្ច។ អ្នកដំណើរ​ទាំង ១៨៥ នាក់ នៅលើ​យន្តហោះ​នេះ ត្រូវបាន​ជម្លៀស​ខ្លួន​ចេញពី​យន្តហោះ​ដោយ​សុវត្ថិភាព។

    Chandrashekhar Singh ដែលជា​មន្ត្រី​ក្នុង​តំបន់​មួយរូប​បានឱ្យដឹងថា «មូលហេតុ​នៃ​ករណី​ឆាបឆេះ​នេះ​គឺ​ដោយសារ​បញ្ហា​បច្ចេកទេស។ ក្រុមបច្ចេកទេស​កំពុង​តែ​ធ្វើ​ការវិភាគ»។

    អ្នកដំណើរ​ម្នាក់​បាន​និយាយថា អ្នក​នៅលើ​យន្តហោះ​បានឮ​សំឡេង​រំខាន​ខ្លាំង​ក្នុង​រយៈពេល​ប្រហែល ១៥ នាទី​ដំបូង​បន្ទាប់ពី​យន្តហោះ​នេះ​បាន​ហោះ​ឡើង។ «អ្នកបើកបរ​បាន​រាយ​ការណ៍​ថា មាន​បញ្ហា​មួយចំនួន ហើយ​យើង​នឹង​ត្រលប់​ទៅកាន់ទីក្រុង Patna…។ បញ្ហា​នេះ​គឺ​ពិតជា​គួរឱ្យ​ភ័យខ្លាច» អ្នកដំណើរ​ម្នាក់នេះ​បន្ថែម​ដូច្នេះ។

    ទូរទស្សន៍ NDTV ដកស្រង់​ប្រភពព័ត៌មាន​ក្នុង​វិស័យ​អាកាសចរណ៍ ឱ្យដឹងថា អគ្គិភ័យ​នេះ​អាច​កើតឡើង​ដោយសារ​សត្វ​ហោះ​បុក​ចូលក្នុង​ម៉ាស៊ីន។

  • តា​លី​បង់ ប្រដូច​ស្ត្រី​ដែល​មិន​បិទបាំង​មុខ ទៅនឹង «សត្វ​តិរច្ឆាន»

    តា​លី​បង់ ប្រដូច​ស្ត្រី​ដែល​មិន​បិទបាំង​មុខ ទៅនឹង «សត្វ​តិរច្ឆាន»

    (អា​ហ្វ​ហ្គា​នី​ស្ថាន)-ប៉ូលិស​សាសនា​របស់ តា​លី​បង់ បិទ​បដា​នៅ​ពាសពេញ​ទីក្រុង Kandahar និយាយថា ស្ត្រី​ដែល​មិន​បិទបាំង​មុខ​គឺ​កំពុងតែ «ព្យាយាម​ធ្វើខ្លួន​ឱ្យ​ដូច​សត្វ»។

    ក្រសួង​អប់រំ​សីលធម៌ និង​បង្ការ​អំពើពុករលួយ ដែលជា​ស្ថាប័ន​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម ក្នុង​សប្ដាហ៍​នេះ បាន​បិទ​ប្រកាស​នៅ​ពេ​ស​ពេញ​ដងផ្លូវ​ក្នុង​ទីក្រុង Kandahar ភាគខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន បង្ហាញ​អំពី​រូបភាព burqa ដែលជា​ប្រភេទ​សម្លៀកបំពាក់ គ្រប​ពី​ក្បាល​ដល់​ចុងជើង សម្រាប់​ស្ត្រី​ដែល​កាន់សាសនា​អ៊ីស្លាម។

    «ស្ត្រី​ជា​អ៊ីស្លាម​សាសនិក​ទាំងឡាយ​ដែល​មិន​ពាក់​កន្សែង​គ្រប​ក្បាល កំពុងតែ​ធ្វើខ្លួន​ឱ្យ​ដូច​សត្វ​តិរច្ឆាន» នេះ​បើតាម​ខ្លឹមសារ​ដែល​បាន​សរសេរ​នៅលើ​បដា និង​ផ្ទាំង​ប្រកាស​ព័ត៌មាន​នានា​ដែល​ត្រូវបាន​បិទ​នៅតាម​ហាង​កាហ្វេ ហាង​ទំនិញ ក៏ដូចជា​នៅលើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ Kandahar ជា​មូលដ្ឋាន​អំណាច​សំខាន់​ជាងគេ​របស់ តា​លី​បង់។

    យោងតាម​បណ្ដា​ផ្ទាំង​ប្រកាស​ព័ត៌មាន ការ​ស្លៀកពាក់​ខើច​ខ្លី រឹប​រាង និង​ស្ដើង ក៏​ជា​ប្រការ​ផ្ទុយ​ពីបទ​បញ្ជា​របស់ អាជ្ញាធរ​តា​លី​បង់។

    ចាប់តាំងពី​បាន​ឡើងកាន់​អំណាច​កាលពី​ខែសីហា ឆ្នាំ ២០២១ តា​លី​បង់ បាន​រឹតបន្តឹង​បញ្ហា​ជាច្រើន​ចំពោះ​ស្ត្រី។ កាលពី​ខែឧសភា ២០២២ តា​លី​បង់ ក៏បាន​អនុម័ត​បទបញ្ជា​ដែល​និយាយថា ស្ត្រី​គួរតែ​នៅផ្ទះ។ ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បិទមុខ បើសិន​ចេញទៅ​កាន់​ទីសាធារណៈ។

    តា​លី​បង់ កន្លងមក បាន​សន្យា​លើ​រឿង​ជាច្រើន ក៏ប៉ុន្តែ ភាគច្រើន​មិនត្រូវ​បាន​ពួកគេ​គោរព​អនុវត្ត ក្នុងនោះ​មានដូចជា​ការអនុញ្ញាត​ឱ្យ​និស្សិត​ស្រី​ចូលរៀន​ជាដើម ធ្វើឱ្យមាន​ការរិះគន់​ពី​រដ្ឋាភិបាល​បរទេស។

    ស្នងការ​សិទ្ធិមនុស្ស​នៃ អង្គការសហប្រជាជាតិ Michelle Bachelet កាលពី​ថ្ងៃទី ១៥ មិថុនា បាន​រិះគន់​អាជ្ញាធរ​តា​លី​បង់ ព្រោះតែ «ការកៀបសង្កត់​ជា​ប្រព័ន្ធ​ដែល​ត្រូវបាន​ដាក់​ជា​របប» ទៅលើ​ស្ត្រីភេទ។ លោកស្រី Bachelet ថ្លែងថា «ស្ថានភាព​របស់​ពួកគេ (ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន) គឺ​ពិតជា​គ្រោះថ្នាក់ និង​លំបាក​ខ្លាំង»៕

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ស្បថ​ថា នឹង​វាយ​ដណ្ដើមយក​មកវិញ​ទាំង​តំបន់ Donbass ទាំង​តំបន់ Crimea

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ស្បថ​ថា នឹង​វាយ​ដណ្ដើមយក​មកវិញ​ទាំង​តំបន់ Donbass ទាំង​តំបន់ Crimea

    ថ្ងៃទី ១៣ មិថុនា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ប្រកាសថា នឹង «រំដោះ» តំបន់ Crimea, Donetsk និង Lugansk ដែល​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន។

    នៅក្នុង​ប្រសាសន៍​ខាងលើ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ព្រលប់​ថ្ងៃទី ១៣ មិថុនា លោក ហ្សេ​ឡែ​ន​ស្គី និយាយថា «យើង​នឹង​ទៅកាន់​ទីក្រុង​ទាំងអស់​របស់​យើង ទៅកាន់​ភូមិឋាន​ទាំងអស់​របស់​យើង ជាទី​ដែល​មិនទាន់បាន​ដោត​ទង់ជាតិ​អ៊ុយ​ក្រែ​ន»។ មេដឹកនាំ​រូបនេះ​បញ្ជាក់ថា កងទ័ព​អ៊ុយ​ក្រែ​ន នឹង​ឈ្នះ​សង្គ្រាម​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ ដណ្ដើម​មកវិញ​នូវ​បណ្ដា​ទីក្រុង​ដូចជា Mariupol, Kherson និង Melitopol ពី​ដៃ​រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន DPR និង LPR។

    «ខ្ញុំ​ស្នើឱ្យ​គ្រប់គ្នា​ដែលមាន​ឱកាស​ទាក់ទង​នឹង​អ្នក​នៅ​តំបន់​ដែល​ត្រូវបាន​គេ​ចូលកាន់​កាប់…។ ចូរ​ប្រាប់ថា នឹងមាន​ការចូល​រំដោះ…។ ចូរ​ប្រាប់ Gorlovka, Donetsk និង Lugansk ដូច្នេះ។ ចូរ​ប្រាក់​ពួកគេ​ថា កងទ័ព​អ៊ុយ​ក្រែ​ន ប្រាកដជា​នឹង​​ទៅ​ដល់​​ទី​នោះ។ ហើយ​ច្បាស់​ណាស់ យើង​នឹង​រំដោះ​ទាំង Crimea។ ចូរ​ឱ្យ​ក្រុមមន្ត្រី​រុស្ស៊ី ចងចាំ​ថា ៖ ទីនេះ​មិនមែនជា​តំបន់​ដែល​ពួកគេ​នឹង​ទទួលបាន​សន្តិភាព»។

    យ៉ាងណាក៏ដោយ កន្លងមក ទាំង​ប្រធានាធិបតី ទាំង​ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន ក៏​ធ្លាប់បាន​បង្ហើប​ឱ្យដឹងថា មានការ​លំបាក​ខ្លាំង​ក្នុងការ​ទប់ទល់​នឹង​សត្រូវ​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។ ទាហាន​របស់ អ៊ុយ​ក្រែ​ន ក៏ត្រូវ​ពលី​ជីវិត​ពី ១០០ ទៅ ២០០ នាក់​ជា​រៀងរាល់ថ្ងៃ នេះ​បើតាម​លោក ហ្សេ​ឡែ​ន​ស្គី។

    លោក Oleksiy Danilov ប្រធាន​ក្រុមប្រឹក្សា​ការពារជាតិ និង​សន្តិសុខ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៧ មិថុនា យល់ថា អ៊ុយ​ក្រែ​ន នៅតែ​មានឱកាស​ដណ្ដើម​បាន​ជ័យជម្នះ ប៉ុន្តែ ត្រូវតែមាន​ការជួយជ្រោមជ្រែង​ពី​បណ្ដា​ប្រទេស​លោកខាងលិច៕

  • វៀតណាម ស្នើឱ្យ អាម៉េរិក ជំរុញឱ្យមាន​ដំណើរ​ទ​ស្សន​កិច្ច​របស់​ប្រធានាធិបតី បៃ​ដិ​ន នៅក្នុង​ឆ្នាំនេះ

    វៀតណាម ស្នើឱ្យ អាម៉េរិក ជំរុញឱ្យមាន​ដំណើរ​ទ​ស្សន​កិច្ច​របស់​ប្រធានាធិបតី បៃ​ដិ​ន នៅក្នុង​ឆ្នាំនេះ

    អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម Ha Kim Ngoc បានស្នើ​ឱ្យ​សម​ភាគី​អាម៉េរិក Wendy Sherman សហការ​ជំរុញឱ្យមាន​ដំណើរ​ទស្សនកិច្ច​មក​កាន់ ប្រទេស​វៀតណាម របស់ ប្រធានាធិបតី ចូ បៃ​ដិ​ន នៅក្នុង​ឆ្នាំ ២០២២។

    សំណើ​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ជាមួយ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក Wendy Sherman នៅ រដ្ឋធានី​ហាណូយ កាលពី​ថ្ងៃទី ១៣ មិថុនា នេះ​បើតាម​ប្រកាស​នា​ថ្ងៃនេះ​របស់ ក្រសួងការបរទេស​វៀ​ត​ណា​ម។

    លោក​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម ចង់ឱ្យ សហរដ្ឋ​អាម៉េរិក បន្ត​ផ្លាស់ប្ដូរ និង​ចែករំលែក​ព័ត៌មាន​ជាមួយ វៀតណាម ស្ដីពី​គំនិត​ផ្ដួចផ្ដើម​ក្នុង​តំបន់ រួមទាំង​ការយកចិត្ត​ទុក និង​ផ្ដល់ជំនួយ​ដល់ វៀតណាម ក្នុងការ​ដោះស្រាយ​ផលវិបាក​នៃ​សង្គ្រាម​នៅ វៀតណាម ក៏ដូចជា​ការប្ដូរ​ផ្លាស់​ក្នុង​វិស័យ​ថាមពល​ស្អាត។

    អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក លោកស្រី Wendy Sherman ក៏បាន​ប្រកាស​អំពី​ខ្ទង់​ថវិកា​ជំនួយ​បន្ថែម ១៩ លាន​ដុល្លារ សម្រាប់​សកម្មភាព​ដោះមីន​នៅ វៀតណាម និង​អះអាងថា សហរដ្ឋ​អាម៉េរិក ត្រៀមខ្លួន​ជួយ​ផ្គត់ផ្គង់​ធនធានមនុស្ស ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​បច្ចេកទេស ដើម្បីឱ្យ វៀតណាម អនុវត្ត​ជោគជ័យ​នូវ​អ្វីដែល​បាន​សន្យា​ក្នុង​ព្រឹត្តិការណ៍ COP២៦។

    ក្នុងជំនួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម Bui Thanh Son ក្នុង​ថ្ងៃ​ដដែល លោកស្រី Wendy Sherman បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក យកចិត្តទុកដាក់​លើ​ភាពជា​ដៃគូ​គ្រប់​វិស័យ​ជាមួយនឹង វៀតណាម និង​មានបំណង​លើកកម្ពស់​ទំនាក់ទំនង​នៅក្នុងពេល​ដ៏​សមស្រប ព្រមទាំង​បាន​សម្ដែង​ការគាំទ្រ​ដល់ ប្រទេស​វៀតណាម ដែលមាន​ការរីកចម្រើន ប្រកបដោយ​វិបុលភាព។

    ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Sherman នៅ វៀតណាម ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១០ ដល់ ១៣ មិថុនា តប​តាម​ការអញ្ជើញ​របស់ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម Bui Thanh Son។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ទ្វេភាគី បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ។

    ទំនាក់ទំនង​រវាង វៀតណាម-សហរដ្ឋ​អាម៉េរិក ត្រូវបាន​ធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ ចាប់តាំងពី​ឆ្នាំ ១៩៩៥។ ប្រទេស​ទាំងពីរ​បា​នប​ង្កើ​ត​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​ចាប់ពី​ឆ្នាំ ២០១៣ ហើយ សហរដ្ឋ​អាម៉េរិក ក៏បាន​ប្រកាស​លុបចោល​ទាំងស្រុង​នូវ​ការហាមឃាត់​ការលក់​អាវុធ​ឱ្យ វៀតណាម ចាប់ពី​ឆ្នាំ ២០១៦។

    សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​បង្អស់​សម្រាប់ វៀតណាម ដោយ​ការនាំចេញ​ទំនិញ​របស់​ប្រទេស​នេះ​ទៅកាន់ សហរដ្ឋ​អាម៉េរិក បាន​ឡើងដល់ ៩១.៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ កើន​ជាង ២៥% ធៀប​នឹង​ឆ្នាំ ២០២០។ វៀតណាម ក៏បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី ៩ របស់ សហរដ្ឋ​អាម៉េរិក។ គិត​ត្រឹម​ខែមីនា ២០២២ ខ្ទង់​វិនិយោគ​ផ្ទាល់​របស់ សហរដ្ឋ​អាម៉េរិក នៅ វៀតណាម បាន​ឡើងដល់ ១០.៣ ពាន់​លាន​ដុល្លារ ឈរ​លំដាប់​ទី ១១ ក្នុងចំណោម ១៤១ ប្រទេស និង​ដែនដី ដែលមាន FDI (ការវិនិយោគ​ផ្ទាល់​របស់​បរទេស) នៅ វៀតណាម៕

  • (វីដេអូ)-ក្រុមហ៊ុន​អាល្លឺម៉ង់ បង្ហាញ​កំពូល​រថក្រោះ​បំពាក់​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ស្វ័យប្រវត្ត និង​យន្តហោះ​គ្មាន​មនុស្ស​បើក

    (វីដេអូ)-ក្រុមហ៊ុន​អាល្លឺម៉ង់ បង្ហាញ​កំពូល​រថក្រោះ​បំពាក់​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ស្វ័យប្រវត្ត និង​យន្តហោះ​គ្មាន​មនុស្ស​បើក

    ក្រុមហ៊ុន​ការពារជាតិ Rheinmetall ប្រកាស​បង្ហាញ​រថក្រោះ KF៥១ Panther ដែល​ត្រូវបានធ្វើ​ទំនើបកម្ម​ជាច្រើន​ទៅលើ​ប្រព័ន្ធ​កាំភ្លើង​ធំ និង​ប្រព័ន្ធ​ការពារ​ខ្លួន ដើម្បី​ជំនួស​ឱ្យ​ស៊េរី Leopard ២ របស់ អាល្លឺម៉ង់។

    ពិធី​បង្ហាញ​កំពូល​រថក្រោះ KF៥១ Panther ត្រូវបានរៀប​ចំ​​ធ្វើឡើង​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ឧស្សាហកម្ម​ការពារជាតិ Eurosatory នៅក្នុង រដ្ឋធានី​ប៉ារីស របស់​ ប្រទេស​បារាំង កាលពី​ថ្ងៃទី ១៣ ខែ​មិថុនា។ ក្រុមហ៊ុន​ការពារជាតិ​របស់ អាល្លឺម៉ង់ Rheinmetall ឱ្យដឹងថា នេះ​គឺជា​គម្រោង​វិនិយោគឯកជន ក្នុង​គោលបំណង​អភិវឌ្ឍ​កំណែ​រថក្រោះ​បន្ទាប់​របស់​ស៊េរី Leopard ២ នៅក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង នាបច្ចុប្បន្ន ក៏ដូចជា​ទាក់ទាញ​អតិថិជន​នៅ អឺរ៉ុប។

    Panther ក៏​ជា​ឈ្មោះ​របស់​រថក្រោះ​មួយ​ប្រភេទ​ក្នុងចំណោម​រថក្រោះ​លំដាប់​មធ្យម​ដ៏​ល្បីឈ្មោះ​របស់ អាល្លឺម៉ង់ កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី ២ ដែលមាន​ជាង ៦,០០០ គ្រឿង​ត្រូវបាន​ផលិត។

    Rheinmetall មិនទាន់​ប្រកាស​ព័ត៌មាន​លម្អិត​អំពី​មុខងារ​យុទ្ធសាស្ត្រ​នានា​របស់ KF៥១ Panther ប៉ុន្តែ ឱ្យដឹងថា វា​មាន​ទម្ងន់​ប្រហែល ៦៥ តោន ស្រាល​ជាង​ឆ្ងាយ​ធៀប​នឹង​បណ្ដា​រថក្រោះ​យុទ្ធសាស្ត្រ​របស់ បស្ចិម​លោក​នាពេល​បច្ចុប្បន្ន។ KF៥១ Panther ត្រូវបាន​បំពាក់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​កម្លាំង ១,៤៧៥ សេះ។

    កាំភ្លើង​ធំ​របស់ KF៥១ Panther ដែលមាន​កាណុង ១៣០ ម​ម បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ដំណាក់កាល​អភិវឌ្ឍ។ នាយក​ប្រតិបត្តិ​របស់ Rheinmetall លោក Armin Papperger ឱ្យដឹងថា កាំភ្លើង​ធំ ១៣០ ម​ម មាន «ប្រសិទ្ធភាព​ខ្ពស់ជាង ៥០% និង​បាញ់​បាន​ឆ្ងាយ​ជាង​ច្រើន» ធៀប​នឹង​កាំភ្លើង​ធំ ១២០ ម​ម នៅលើ ស៊េរី Leopard ។

    រថក្រោះ​នេះ តាម​គម្រោង​នឹងត្រូវ​បាន​បំពាក់​កាំភ្លើងយន្ត ១២.៧ ម​ម និង​ប្រព័ន្ធ​អាវុធ​ដែល​អាច​បញ្ជា​ពី​ចម្ងាយ រួម​នឹង​កន្លែង​សម្រាប់​ដាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV), គ្រាប់កាំភ្លើង HERO ១២០ និង មី​ស៊ី​ល​មួយចំនួន​ដែល​មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង។

    ក្រុមហ៊ុន​ខាងលើ​អះអាងថា ក្រុម​ប្រយុទ្ធ​របស់​រថក្រោះ​នេះ​នឹង​ត្រូវបាន​ការពារ​សុវត្ថិភាព​ខ្ពស់ជាង ធៀប​នឹង Leopard 2 ដោយមាន​បច្ចេកវិទ្យា​កា​រពារ​ខ្លួន​បែប​សកម្ម អកម្ម និង​ដែក​ការពារ​ពិសេស។

    KF៥១ Panther ដាក់​មនុ​ស្សបាន ៣ នាក់ រួមមាន ប្រធាន​ក្រុម អ្នកបើកបរ និង​ខ្មាន់កាំភ្លើង​ធំ ដោយសារ​តែមាន​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ស្វ័យប្រវត្តិ​សម្រាប់​កាំភ្លើង​ធំ។ ប៉ុន្តែ រថក្រោះ​នេះ​ក៏​អាចដាក់​មនុស្ស​បាន​ម្នាក់​បន្ថែមទៀត ដែល​អាចមាន​តួនាទី​ជា​មេបញ្ជាការ​ក្រុម​រថក្រោះ ឬ​អ្នក​កាន់ UAV៕

  • ហ្វូងមនុស្ស​នាំគ្នា​ដុត​សម្លាប់​បុរស​ម្នាក់ ព្រោះតែ​សង្ស័យថា ចាប់ជំរិត​កូនក្មេង

    ហ្វូងមនុស្ស​នាំគ្នា​ដុត​សម្លាប់​បុរស​ម្នាក់ ព្រោះតែ​សង្ស័យថា ចាប់ជំរិត​កូនក្មេង

    (ម៉ិចស៊ិក)-ទីប្រឹក្សានយោបាយ Picazo ត្រូវបាន​ហ្វូងមនុស្ស​វាយដំ និង​ស្រោច​សាំង​ពេញ​ខ្លួន រួច​ក៏​ដុត​ទាំង​រស់ បន្ទាប់ពី​ក្រុមអ្នកលេង​បណ្ដាញ​សង្គម​បាន​ចោទ​បុរស​នេះ​ថា ជា​អ្នកជួញដូរ​កុមារ។

    អាជ្ញាធរ​មូលដ្ឋាន​កាលពី​ចុង​សប្ដាហ៍​កន្លង​បានឱ្យដឹងថា Daniel Picazo អាយុ ៣១ ឆ្នាំ ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ហ្វូងមនុស្ស​ប្រមាណ ២០០ នាក់ នៅក្នុង​រដ្ឋ Puebla តំបន់​មជ្ឈិមបូព៌ា នៃ ប្រទេស​ម៉ិ​ក​ស៊ិ​ក បន្ទាប់ពី​មាន​ព័ត៌មាន​ដែល​សង្ស័យថា បុរស​ខាងលើនេះ​គឺជា​ជន​ចាប់ជំរិត​កុមារ។

    ក្រុមប៉ូលិស​បាន​ព្យាយាម​ជួយសង្គ្រោះ Picazo និង​នាំ​គាត់​ចូលក្នុង​រថយន្ត​ល្បាត។ ប៉ុន្តែ ហ្វូងមនុស្ស​នៅតែ​បន្ត​បង្ខំ​ឱ្យ​បុរស​នេះ​ចេញមកក្រៅ និង​បាន​នាំខ្លួន​ទៅកាន់​ទីលានកីឡា​មួយកន្លែង។ នៅទីនេះ Picazo ត្រូវ​ហ្វូងមនុស្ស​វាយដំ​បន្តទៀត ព្រមទាំង​បាន​ស្រោច​ប្រេងសាំង និង​ដុត​ទាំង​រស់។

    សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​គេ​រកឃើញ ក្រោយពី​ហ្វូងមនុស្ស​បាន​ចាកចេញ​អស់។

    សភា​ជាន់​ទាប​ម៉ិ​ក​ស៊ិ​ក បានឱ្យដឹងថា Picazo មាន​ឋានៈ​ជាទី​ប្រឹក្សា​នៅ​ស្ថាប័ន​នេះ ព្រមទាំង​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ហ្វូងមនុស្ស​ផងដែរ។

    Daniel Picazo អាយុ ៣១ ឆ្នាំ

    «នេះ​មិនមែនជា​យុត្តិធម៌​ឡើយ វា​គឺជា​ភាពព្រៃផ្សៃ។ សមត្ថកិច្ច​នានា​កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ដែល​ត្រូវ​ទទួលខុសត្រូវ» អាជ្ញាធរ​ក្រុង Huachinango ដែលជា​អ្នកគ្រប់គ្រង​ទីរួមស្រុក Papatlazolco ជាទី​ដែល​កើតមាន​ហេតុការណ៍​ខាងលើ ប្រកាស​ដូច្នេះ។

    កាលពី​ឆ្នាំ ២០១៩ នៅ Puebla មាន​បុរស ៧ នាក់ ត្រូវបាន​ហ្វូងមនុស្ស វាយដំ និង​ដុត​ទាំង​រស់។ ឆ្នាំ ២០១៨ បុរស ២ នាក់ ក៏ត្រូវ​ហ្វូងមនុស្ស​សម្លាប់​ដោយ​ដុត​ទាំង​រស់ បន្ទាប់ពី​មាន​ព័ត៌មាន​ដែល​ចែករំលែក​តាម​កម្មវិធី​ទំនាក់ទំនង WhatsApp ថា ពួកគេ​គឺជា​ក្រុម​ចាប់ជំរិត​ក្មេង។ ព័ត៌មាន​ចចាមអារ៉ាម​នេះ ក្រោយមក​ត្រូវបាន​បញ្ជាក់ថា គឺជា​រឿង​មិន​ពិត។

    ស្ថាប័ន​ព័ត៌មាន និង​ចារកម្ម​អ៊ី​ន​ធើ​ណិ​ត របស់ រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ Jose Gil ឱ្យដឹងថា បណ្ដាញ​សង្គម​បាន​ជាប់​ទាក់ទិន​នឹង​បទល្មើស​ឧក្រិដ្ឋ​ជាច្រើន​ករណី៕

  • ព្រះ​នាង​របស់​រាជាណាចក្រ​ន័​រ​វែ​ស រង​ការ​គំរាម និង​រិះគន់ ព្រោះតែ​ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​ស្បែក​ខ្មៅ

    ព្រះ​នាង​របស់​រាជាណាចក្រ​ន័​រ​វែ​ស រង​ការ​គំរាម និង​រិះគន់ ព្រោះតែ​ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​ស្បែក​ខ្មៅ

    ព្រះ​នាង Martha Louise និង​បុរស​ជនជាតិ​អាម៉េរិក Verrett បានឱ្យដឹងថា អ្នក​ទាំងពីរ​ត្រូវបាន​គេ​គំរាម និង​រិះគន់ បន្ទាប់ពី​ប្រកាស​ដំណឹង​ភ្ជាប់ពាក្យ​នឹង​គ្នា។

    ព្រះ​នាង​របស់​រាជាណាចក្រ​ន័​រ​វែ​ស ព្រះជន្ម ៥០ វស្សា និង​គ្រូមន្តអាគម Durek Verrett អាយុ ៤៧ ឆ្នាំ កាលពី​ចុង​សប្ដាហ៍​កន្លង​បាន​ចែករំលែក​លើ Instagram Live ថា អ្នក​ទាំងពីរ​ទទួលបាន​សារ​គំរាម​សម្លាប់ និង​ការ​ប្រមាថកាតទាន ស្អប់ខ្ពើម ចាប់តាំងពី​បានប្រកាស​ព័ត៌មាន​ភ្ជាប់ពាក្យ និង​ក្នុងអំឡុងពេល​ទាក់ទង​គ្នា។

    លោក Verrett និយាយថា មនុស្ស​មួយចំនួន​មិន​ចង់ឃើញ​បុរស​ស្បែក​ខ្មៅ​បង្ហាញខ្លួន​ក្នុង​រាជវាំង ព្រោះថា នេះ​គឺជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាននៅ អឺរ៉ុប។ លោក​បន្ថែមថា ប្រតិកម្ម​ទាំងនោះ​ក៏​កើតឡើង​ពី​ការរើសអើង​ភេទ។

    «រឿងរ៉ាវ​នឹង​ផ្សេង បើសិន​បុរស​ម្នាក់​ជ្រើសរើស​នារី​ស្បែក​ខ្មៅ ព្រោះថា គាត់​ជា​បុរស។ ប៉ុន្តែ បើសិន​ទុកឱ្យ​ព្រះរាជ​បុត្រី​មួយអង្គ​ជ្រើសរើស​បុរស​ស្បែក​ខ្មៅ​វិញ នោះ​គឺជា​រឿង​ដែល​មិន​ធ្លាប់បាន​កើតឡើង» លោក Verrett និយាយ​ដូច្នេះ។

    ព្រះ​នាង Martha Louise ក៏​មានបន្ទូលថា អ្នក​ទាំងពីរ​បានទទួល​សារ​រិះគន់​ជាច្រើន​ក្នុងអំឡុងពេល​ទាក់ទង​គ្នា​ផងដែរ។

    ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា គឺជា​រាជបុត្រី​របស់​មហាក្សត្រ Harald ឈរ​លំដាប់​ទី ៤ នៅក្នុង​បញ្ជីរាយនាម​អ្នក​ដែល​ត្រូវ​ស្នង​រាជបល្ល័ង្ក ប៉ុន្តែ បាន​បោះបង់​តំណែង ឋានៈ និង​ភារកិច្ច​ជា​រាជវង្ស​ស្ទើរតែ​ទាំងអស់​ដើម្បី​ផ្ដោតលើ​សកម្មភាព​ផ្ទាល់ខ្លួន។ ព្រះ​នាង​គឺជា​មនុស្ស​ជឿ​លើ​រឿង​អ​បិ​យ​ជំនឿ និង​ធ្លាប់​ប្រកាសថា​អាច​ទំនាក់ទំនង​បាន​ជាមួយនឹង​ពពួក​ទេវតា។

    ព្រះនាង Martha Louise និង​អតីត​ស្វាមី Ari Behn

    រាជបុត្រី​អង្គ​នេះ​បានបង្ហាញ​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ Durek Verret តាំងពី​ខែឧសភា ២០១៩។ Durek Verret អាយុ ៤៧ ឆ្នាំ រស់នៅក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​ប្រកាសថា ខ្លួន​គឺជា «គ្រូមន្តអាគម Durek» ធ្លាប់​ព្យាបាល​ជំងឺ​ឱ្យ​តារា​សម្ដែង​ល្បីឈ្មោះ​ជាច្រើន​នាក់​នៅ សហរដ្ឋ​អាម៉េរិក។

    ព្រះ​នាង Martha ធ្លាប់បាន​រៀប​អភិសេក​ជាមួយ​កំពូល​អ្នកនិពន្ធ​ជនជាតិ​ន័​រ​វែ​ស Ari Behn កាលពី​ឆ្នាំ ២០០២ និង​មាន​បុត្រី ៣ អង្គ​ជាមួយគ្នា។ អ្នក​ទាំង​ពីរបាន​លែងលះគ្នា​កាលពី​ឆ្នាំ ២០១៦ ហើយ​ក្រោយមក Ari Behn បានធ្វើ​អត្តឃាត​កាលពី​ឆ្នាំ ២០១៩ ក្នុង​វ័យ ៤៧ ឆ្នាំ។

  • ណា​តូ និយាយថា អ៊ុយ​ក្រែ​ន ត្រូវធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង លើ​បញ្ហា​សម្បទាន​ទឹកដី​ឱ្យ រុស្ស៊ី

    ណា​តូ និយាយថា អ៊ុយ​ក្រែ​ន ត្រូវធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង លើ​បញ្ហា​សម្បទាន​ទឹកដី​ឱ្យ រុស្ស៊ី

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ (NATO) យល់ថា អ៊ុយ​ក្រែ​ន ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា គួរតែ​ទទួលយក​តម្លៃ​ណាមួយ​សម្រាប់​សន្តិ​ភាពជា​មួយ រុស្ស៊ី សូម្បីតែ​បញ្ហា​ធ្វើ​សម្បទាន​ទឹកដី។

    «សន្តិភាព​គឺជា​រឿង​ដែល​អាច​ទៅ​រួម ប៉ុន្តែ សួរថា អ្នក​បាន​ត្រៀមខ្លួន​ដើម្បី​ចំណាយ​ទៅលើ​អ្វី​សម្រាប់​សន្តិភាព? អ្នក​ត្រៀម​លះបង់​ទឹកដី ឯករាជ្យ អធិបតេយ្យ​ចំនួន​ប៉ុន្មាន​ដើម្បី​សន្តិភាព?» អគ្គលេខាធិការ​របស់ ណា​តូ Jens Stoltenberg ថ្លែង​នៅក្នុង​កិច្ចសន្ទនា Kultaranta នៅ ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃទី ១២ មិថុនា ដោយនិយាយ​អំពី​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

    លោក Stoltenberg មិនបាន​ផ្ដល់​អនុសាសន៍​ឱ្យ អ៊ុយ​ក្រែ​ន ទទួលយក​ប្រកា​រណា​នោះទេ ដោយ​និយាយថា «ភាគី​​ទាំង​ឡាយ​​ត្រូវ​ចំណាយ​ខ្ពស់បំផុត​ទើប​លើកឡើង​នូវ​ការសម្រេចចិត្ត​បែប​នោះ» ខណៈដែល ណា​តូ និង បស្ចិម​លោក កំពុង​បន្ត​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី «មានប្រៀប» ក្នុងការ​ចរចា​រក​កិច្ចព្រមព្រៀង។

    អគ្គលេខាធិការ​ណា​តូ លើក​ជា​ឧទាហរណ៍​របស់ ហ្វាំ​ង​ឡង់ ដែលជា​ប្រទេស​ធ្លាប់ធ្វើ​សម្បទាន​តំបន់ Karelia ទៅឱ្យ សូ​វៀត ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​សង្គ្រាមលោកលើកទីពីរ ដោយ​យល់ថា នេះ​គឺជា «មូលហេតុ​មួយ​ដែល​ជួយ​ឱ្យ ហ្វាំ​ង​ឡង់ ឈាន​ជើង​ចេញ​ផុតពី​សង្គ្រាម ក្នុងនាម​ជា​ប្រទេស​ដែលមាន​ឯករាជ្យ និង​អធិបតេយ្យភាព​ទឹកដី»។

    ប្រកាស​របស់លោក Stoltenberg ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​មានមតិ​កាន់តែច្រើន​យល់ថា លោកខាងលិច នឹងដាក់​សម្ពាធ​ឱ្យ អ៊ុយ​ក្រែ​ន ទទួលយក​ការចរចា​រក​សន្តិភាព​ជាមួយ រុស្ស៊ី។ នៅក្នុង​ពេលដែល សហរដ្ឋ​អាម៉េរិក និង អង់គ្លេស អះអាង​ជា​សាធារណៈ​ថា «អ៊ុយ​ក្រែ​ន អាច​នឹង​ឈ្នះ» នៅក្នុង​សង្គ្រាម​ជាមួយ រុស្ស៊ី CNN បែរជា​ចេញផ្សាយ​ថា ក្រុមមន្ត្រី​នៅ វ៉ា​ស៊ី​ង​តោន, ទីក្រុង​ឡុង​ដ៍ និង ព្រុ​ច​សែ​ល កំពុង​ប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​អំពី​បទបញ្ជា​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ដោយ​មិនមាន​តំណាង​របស់ ទីក្រុង​កៀវ។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ក៏បាន​ថ្លែងថា ភាគី​ខ្លះ​កំពុង​ព្យាយាម «ជំរុញ​ពួកយើង» ឱ្យ​បង្កើត​កិច្ចព្រមព្រៀង នៅពេល​សាធារណជន​នៅក្នុង​បណ្ដា​ប្រទេស​បស្ចិម​លោក​ដែល​គាំទ្រ អ៊ុយ​ក្រែ​ន កាន់តែ​ហត់នឿយ​នឹង​សង្គ្រាម។

    ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បាន​បដិសេធ​ការជំរុញឱ្យ​លោក ហ្សេ​ឡែ​ន​ស្គី បោះ​បោះ​ទឹកដី​មួយផ្នែក​ដើម្បី​ប្ដូរ​យក​សន្តិភាព ដែលជា​គំនិត​របស់​អតីត រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Henry Kissinger ដែល​បានលើកឡើង​កាលពី​ខែ​កន្លង។ យោងតាម​លោក Kissinger ប្រទេស​អ៊ុយ​ក្រែ​ន គួរតែ​ទទួលយក​ការវិល​ទៅរក «ស្ថានការណ៍​មុន​សង្គ្រាម» ពោលគឺ អ៊ុយ​ក្រែ​ន ត្រូវ​បោះបង់​ការប្រកាស​បូរណភាព​ទឹកដី​ចំពោះ ឧបទ្វីប Crimea, តំបន់ Donetsk និង Lugansk។

    រុស្ស៊ី បាន​រឹបអូស​យក Crimea តាមរយៈ​ការធ្វើប្រជាមតិ​កាលពី​ឆ្នាំ ២០១៤ ខណៈដែល បណ្ដា​តំបន់​ដែល​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន (Donetsk និង Lugansk) ក៏​ទទួលបាន​ការគាំទ្រ​ពី ទីក្រុង​មូ​ស្គូ មុនពេល កងទ័ព​រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    លោក ហ្សេ​ឡែ​ន​ស្គី ធ្លាប់បាន​ផ្លាស់ប្ដូរ​គោលជំហរ​មួយចំនួន​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី។ ក្រោយ​ការ​ប្រកាសថា ត្រៀមខ្លួន​រួចរាល់​សម្រាប់​ចូលរួម​កិច្ចចរចា​កាលពី​ចុងខែ​កន្លង លោក ហ្សេ​ឡែ​ន​ស្គី ក៏​អះអាងថា «នឹងមិន​មានការ​ផ្លាស់​ប្ដូរ​អ្វី​ទាំងអស់ សម្រាប់ ទង់ជាតិ​អ៊ុយ​ក្រែ​ន» ដែល​បក់​នៅលើ​ទឹកដី Donbass៕

  • លិច​កប៉ាល់​នៅ សមុទ្រ​ក្រហម ធ្វើឱ្យ​ចៀម​ជាង ១៥,០០០ ក្បាល​ត្រូវ​ងាប់​ដោយសារ​លង់ទឹក

    លិច​កប៉ាល់​នៅ សមុទ្រ​ក្រហម ធ្វើឱ្យ​ចៀម​ជាង ១៥,០០០ ក្បាល​ត្រូវ​ងាប់​ដោយសារ​លង់ទឹក

    (ស៊ូដង់)-កប៉ាល់​មួយគ្រឿង​ដែល​ដឹក​សត្វ​ចៀម ១៥,៨០០ ក្បាល នៅ​កំពង់ផែ Suakin លើ​សមុទ្រ​ក្រហម បាន​លិច បណ្ដាលឱ្យ​សត្វ​ចៀម​ភាគច្រើន​ត្រូវ​លង់ទឹក​ងាប់ ប៉ុន្តែ សំណាងល្អ ក្រុម​នាវិក​បាន​រួច​ពី​ការស្លាប់។

    មន្ត្រីជាន់ខ្ពស់​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់ កំពង់ផែ Suakin បានឱ្យដឹងថា កប៉ាល់ Badr ១ បាន​លិច​នៅវេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី ១២ មិថុនា ពេល​កំពុង​ដឹក​សត្វ​ចៀម​ពី ស៊ូដង់ ទៅកាន់ អា​រ៉ា​ប៊ី​សា​អូឌីត។

    «កប៉ាល់​ដឹក​សត្វ​ចៀម ១៥,៨០០ ក្បាល… លើស​ចំណុះ» មន្ត្រី​ខាងលើ​និយាយ​ដូច្នេះ និង​បញ្ជាក់ថា ចំណុះ​អតិបរមា​គឺ ចៀម ៩,០០០ ក្បាល។

    មន្ត្រី​មួយរូប​ផ្សេងទៀត បានឱ្យដឹងថា សមាជិក​ក្រុម​នាវិក​ទាំងអស់​បាន​រួច​ពី​ការស្លាប់ ប៉ុន្តែ បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន​ដែល​កើតឡើង​ដោយសារ​គ្រោះថ្នាក់​នេះ។

    តម្លៃ​របស់​សត្វ​ចៀម​ដែល​បាន​ងាប់​ទាំងនេះ «ប្រហែល ១៤ លាន​រី​យ៉ា​ល (riyal) ស្មើនឹង ៤ លាន​ដុល្លារ​អាម៉េរិក» នេះ​បើតាម Saleh Selim ប្រធាន​គណៈកម្មការ​ស​ត្វ​ចតុប្បាទ នៃ សមាគម​នីហរ័ណ​រប​ស់ ស៊ូដង់។ លោក Saleh បន្តថា ម្ចាស់​សត្វ​ទាំងនេះ​សង្គ្រោះ​សត្វ​ចៀម​បានតែ​ប្រហែល ៧០០ ក្បាល​ប៉ុណ្ណោះ «ប៉ុន្តែ ពួកវា​ខ្សោយកម្លាំង​ខ្លាំងណាស់ ប្រហែលជា​មិនអាច់​រស់​ទេ»។

    កាលពី​ខែ​កន្លង ហេតុការណ៍​អគ្គិភ័យ​ធំ​មួយ​បាន​កើតឡើង​នៅក្នុង​តំបន់​ផ្ទុកទំនិញ​នៃ​កំពង់ផែ Suakin បង្កឱ្យមាន​ការខាតបង់​យ៉ាង​ធំធេង។ បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ករណី​អគ្គិភ័យ​នេះ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ។