Category: អន្តរជាតិ

  • ធ្លាក់​យន្តហោះ​ដឹកជញ្ជូន​របស់ រុស្ស៊ី បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់

    ធ្លាក់​យន្តហោះ​ដឹកជញ្ជូន​របស់ រុស្ស៊ី បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់

    យន្តហោះ​ដឹកជញ្ជូន Ilyushin Il-76 មួយគ្រឿង បាន​ធ្លា​ក់លើ​វាយ​ស្រែ និង​ឆាបឆេះ​នៅក្បែរ​ទីក្រុង Ryazan ភាគ​កណ្ដាល​នៃ ប្រទេស​រុស្ស៊ី កាលពី​ព្រឹក​មិញ បណ្ដាលឱ្យមាន​មនុស្ស​យ៉ាងតិច ៤ នាក់​បាត់​បង់ជីវិត។

    យោងតាម​ព័ត៌មាន​បឋម មាន​មនុស្ស​ប្រហែល​ពី ៩ ទៅ ១០ នាក់ នៅលើ​យន្តហោះ​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅក្នុង​តំបន់​ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​មូ​ស្គូ ប្រហែល ២០០ គីឡូម៉ែត្រ​ទៅ​ទិសអាគ្នេយ៍។ មនុស្ស​យ៉ាងហោច ៤ នាក់ ត្រូវបាន​គេ​បញ្ជាក់ថា បាន​ស្លាប់ ខណៈច្រើន​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់។

    រូបភាព​ពី​បណ្ដាញ​សង្គម​បង្ហាញ​ថា យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់​នោះ​គឺជា​ប្រភេទ Ilyushin ll-76 ក៏ប៉ុន្តែ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ថា នោះ​គឺជា​យន្តហោះ​យោធា ឬ​យន្តហោះ​ស៊ីវិល​នៅឡើយ​។

    អណ្ដាតភ្លើង​ត្រូវបាន​ពន្លត់ បន្ទាប់ពី​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ។

    យោងតាម​ព័ត៌មាន​មួយចំនួន​ដែល​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់ យន្តហោះ​នេះ​បាន​ធ្លាក់ និង​ឆេះ​បន្ទាប់ពី​បាន​ហោះ​ពី Ryazan ដែល​នៅក្បែរ​ព្រំដែន កា​ហ្សា​ក់​ស្ថាន ឆ្ពោះទៅកាន់​ទីក្រុង Belgorod ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន។

    នេះ​គឺជា​យន្តហោះ​ដឹកជញ្ជូន​ល្បឿន​លឿន​ដំបូង​របស់ សូ​វៀត ដែល​បាន​ប្រើប្រាស់​ចាប់ពី​ឆ្នាំ ១៩៧៤។ ក្រៅពី​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការដឹកជញ្ជូន​ទំនិញ Ilyushin Il-76 ក៏ត្រូវ​បាន​កងទ័ពរ​បស់ រុស្ស៊ី ប្រើ​ប្រាប់​ដើម្បី​ដឹក​ទាហាន​ឆត្រយោង និង​ដឹក​រថពាសដែក​ផងដែរ៕

  • តម្រូវការ​ធ្វើដំណើរ​កើនឡើង​ខ្ពស់​ក្រោយ​កូ​វីដ-១៩ បណ្ដា​ព្រលានយន្តហោះ​នៅ អឺរ៉ុប កំពុង​ជួប​ការលំបាក​ខ្លាំង

    តម្រូវការ​ធ្វើដំណើរ​កើនឡើង​ខ្ពស់​ក្រោយ​កូ​វីដ-១៩ បណ្ដា​ព្រលានយន្តហោះ​នៅ អឺរ៉ុប កំពុង​ជួប​ការលំបាក​ខ្លាំង

    ហ្វូង​អ្នកដំណើរ​ដែល​ឈរ​តម្រង់​ជួរ​គ្នា​នៅក្នុង​បណ្ដា​ព្រលានយន្តហោះ​នៅ​កណ្ដាល​គំនរ​ឥ​វ៉ាន់ «វង្វេង​ម្ចាស់» បាន​បង្ហាញថា ភាពវឹកវរ​កំពុងតែ​កើតមានឡើង​នៅក្នុង​ការធ្វើដំណើរ​នារ​ដូ​វ​ក្ដៅ​ឆ្នាំនេះ។

    ដើម្បី​អាច​ឡើង​យន្តហោះ​ទៅកាន់ អាថែន (ក្រិ​ក) Liz Morgan ត្រូវ​ទៅកាន់​ព្រលានយន្តហោះ Schiphol (ហូ​ឡង់) ឆាប់​ជាង ៤ ម៉ោង ធៀប​នឹង​ពេលចេញ​ដំណើរ ហើយ​ត្រូវ​រង់ចាំ​យ៉ាង​ហត់នឿយ។

    Morgan ដែលជា​ជនជាតិ​អូស្ត្រាលី បានឱ្យដឹងថា «មាន​ទាំង​មនុស្ស​ចាស់ ក្មេង ទារក​ទើប​កើត ឈរ​តម្រង់​ជួរ​គ្នា។ មិនមាន​ទឹក មិនមាន​អ្វី​ទាំងអស់។ មិនមាន​អ្នក​ជួយ ហើយក៏​មិនអាច​ទៅ​បន្ទប់​ទឹកបាន»។ Morgan ប្រាប់ថា ដើម្បី​សន្សំសំច័យ​ពេលវេលា​ក្នុងការ​បំពេញបែបបទ​នៅ​ព្រលានយន្តហោះ នាង​ត្រូវ​ទិញ​សំបុត្រ​តាម​អន​ឡាញ និង​យក​អីវ៉ាន់​ដែល​អាច​ស្ពាយ​ជាប់​នឹង​ខ្លួន​ប៉ុណ្ណោះ។

    «គ្រប់គ្នា​មិនអាច​ទៅ​បន្ទប់ទឹក ហើយ​បើ​អ្នក​បាន​ចាក​ចេញពី​ជួរ អ្នកនឹង​បាត់បង់​កន្លែង» នារី​ជនជាតិ​អូស្ត្រាលី​រូបនេះ​រៀបរាប់​ដូច្នេះ។

    ក្រោយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​រយៈពេល ២ ឆ្នាំ ដោយសារតែ​កូ​វីដ-១៩ តម្រូវការ​នៃ​ការធ្វើដំណើរ​នាបច្ចុប្បន្ន បាន​កើន​ឡើងវិញ។ ប៉ុន្តែ ការដែល​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍ និង​ព្រលានយន្តហោះ​កាត់បន្ថយ​បុគ្គលិក​ក្នុងពេល​មាន​កូ​វីដ-១៩ បានធ្វើឱ្យ​ពួកគេ​ជួប​កា​លំបាក​ក្នុងការ​បម្រើសេវា​កម្មនា​បច្ចុប្បន្ន។ ក្នុង​គ្រា​ដែល​រដូវ​ទេសចរណ៍​នៅ អឺរ៉ុប ជិត​ចូល​មកដល់ អ្នកដំណើរ​នៅ​តំបន់​នេះ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទាន់​ទង​នឹង​ការធ្វើដំណើរ ដូចជា​បញ្ហា​វង្វេង​អីវ៉ាន់ ជើងហោះហើរ​ត្រូវ​ពន្យារពេល​ជា​បន្តបន្ទាប់ ឬ​ត្រូវ​លុបចោល។ល។

    បញ្ហា​ទាំងឡាយ​ខាងលើនេះ មិន​ត្រឹមតែ​កំពុង​កើតឡើង​នៅ អឺរ៉ុប នោះទេ ប៉ុន្តែ​វា​ក៏​កំពុង​ចាប់ផ្ដើម​កើតមាន​នៅ សហរដ្ឋ​អាម៉េរិក ផងដែរ។

    អ្នកដំណើរ​ត្រូវ​តម្រង់​ជួរ​​រង់​ចាំ​ការ​បំពេញ​បែបបទ​នៅ​ឯព្រលាន​យន្តហោះ Schipol
    បុគ្គលិក​របស់​អាកាសយានដ្ឋាន នៅមាន​ចំនួន​តិច ទើប​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​អ្នក​ដំណើរ​
  • រុស្ស៊ី បង្ហាញ​លក្ខខណ្ឌ​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ អ៊ុយ​ក្រែ​ន

    រុស្ស៊ី បង្ហាញ​លក្ខខណ្ឌ​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ អ៊ុយ​ក្រែ​ន

    អ៊ុយ​ក្រែ​ន ត្រូវតែ​ទទួលយក និង​ធ្វើតាម​សំណើ​ទាំងអស់​របស់ រុស្ស៊ី បើសិនជា​ចង់​បញ្ចប់សង្គ្រាម ដែល​បច្ចុប្បន្ន​បាន​ឈានចូល​ដល់​ខែ​ទី ៤ នេះ​បើតាម​អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Dmitry Peskov។

    កាលពី​ថ្ងៃទី ២៣ មិថុនា លោក Peskov បាន​និយាយថា រាល់​កិច្ចព្រមព្រៀង​សន្តិភាព​អាច​កើតឡើង​បាន​លុះណាតែ អ៊ុយ​ក្រែ​ន បាន «បំពេញភារកិច្ច​ទៅតាម​រាល់​សំណើ​របស់​ភាគី រុស្ស៊ី»។ អ្នកនាំពាក្យ​រូបនេះ​ក៏បាន​អះអាងថា អ៊ុយ​ក្រែ​ន «ដឹង​ច្បាស់​គ្រប់យ៉ាង»។

    សម្ដី​របស់លោក Peskov ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​អត្ថបទ​សារព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ National Interest កាលពី​សប្ដាហ៍​កន្លង ដែល​បានបង្ហាញ​អំពី​សេណារីយោ​មួយចំនួន ក្នុងនោះ​រួមមាន «អ៊ុយ​ក្រែ​ន ត្រូវ​សន្យា​ធ្វើជា​ប្រទេស​អព្យាក្រឹត​ជា​រៀងរហូត, រុស្ស៊ី ដកទ័ព​ត្រលប់​ទៅកាន់​ទីតាំង​ដូច​មុន​សង្គ្រាម ហើយ មូ​ស្គូ យល់ព្រម​ឱ្យ អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប»។ គម្រោង​ខាងលើ​ក៏បាន​អំពាវនាវ​ឱ្យ អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា គ្រី​មៀ គឺជា​របស់ រុស្ស៊ី និង​កាត់បន្ថយ​កម្លាំង​ទាហាន​អចិន្ត្រៃយ៍​នៅលើ​ដី​មក​នៅត្រឹម 150.000 នាក់។

    ការបញ្ចេញមតិ​របស់​លោក Peskov ចំពេល​ដែល អ៊ុយ​ក្រែ​ន ទទួលបាន​ការយល់ព្រម​ឱ្យ​ក្លាយជា​បេក្ខភាព​សមាជិក​របស់ សហភាព​អឺរ៉ុប ដែល​នេះ​អាច​បញ្ជាក់ថា អ៊ុយ​ក្រែ​ន ស្ថិតក្នុង​តំបន់ អឺរ៉ុប មិនមែនជា​ផ្នែក​មួយ​របស់ រុស្ស៊ី ឡើយ៕

  • អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន

    អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន

    សេត​វិមាន ប្រកាសថា សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៤៥០ លាន​ដុល្លារ​ទៀត រួមមាន​ទាំង ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ទំនើប​ជាង​មុន​ចំនួន ៤ ប្រព័ន្ធ ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

    «កញ្ចប់​ជំនួយ​នេះ​រួមមាន អាវុធ និង​យោ​ធូប​ករ​ណ៍ ក្នុងនោះ​មាន​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស។ ក្រៅពីនេះ​ក៏មាន​នាវា​ល្បាត និង​គ្រាប់កាំភ្លើង​ធំ​រាប់ម៉ឺន​គ្រាប់​ផងដែរ» អ្នកនាំពាក្យ សេត​វិមាន John Kirby កាលពី​ថ្ងៃទី ២៣ មិថុនា បានឱ្យដឹង​ដូច្នេះ និង​បន្ថែមថា ប្រភេទ​អាវុធ និង​យោ​ធូប​ករ​ណ៍​អាច​ត្រូវបាន​ប្ដូរផ្លាស់​នៅ​នាទីចុងក្រោយ។

    ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស HIMARS គឺជា​អាវុធ​ដែល អ៊ុយ​ក្រែ​ន ចង់បាន​បំផុត​នៅពេល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត ហើយ រុស្ស៊ី កំពុងតែ​មានប្រៀប​ជាង ដោយមាន​ការគាំទ្រ​ពី​កាំភ្លើង​ធំ​ធុន​ធ្ងន់។

    អង្គភាព​ដំបូង​ចំនួន ៤ នៃ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស​ខាងលើ ត្រូវបាន​ប្រគល់​រួចហើយ ដើម្បី​ចាប់ផ្ដើម​កម្មវិធី​បណ្ដុះបណ្ដាល​ដល់ ទាហាន​អ៊ុយ​ក្រែ​ន ក្នុងការ​ប្រើប្រាស់​អាវុធ​ទំនើប​នេះ។ មន្ទីរ​បញ្ច​កោណ បានឱ្យដឹងថា ៤ អង្គភាព​ផ្សេងទៀត​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់ អ៊ុយ​ក្រែ​ន។

    យោងតាម មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​នេះ​ក៏មាន​ទាំង​គ្រាប់កាំភ្លើង​ធំ​ចំនួន ៣៦,០០០ គ្រាប់, រថយន្ត​ទាញ​កាំភ្លើង​ធំ ១៥៥ ម​ម ចំនួន ១៨ គ្រឿង, កាំភ្លើង​បាញ់​គ្រាប់បែក ១,២០០ ដើម, កាំភ្លើងយន្ត ២,០០០ ដើម, នាវា​ល្បាត​ឆ្នេរសមុទ្រ និង​ទន្លេ​ចំនួន ១៨ គ្រឿង រួម​នឹង​គ្រឿងបន្លាស់​ផងដែរ។

    គិត​ចាប់តាំងពី​ពេល រុស្ស៊ី ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន សហរដ្ឋ​អាម៉េរិក បានផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន សរុប ៦.១ ពាន់​លាន​ដុល្លារ រាប់ទាំង​កញ្ចប់​ជំនួយ​ថ្មី​នេះ៕

  • ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​បាត់បង់​ជីវិត

    ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​បាត់បង់​ជីវិត

    យោងតាម CNN ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ មនុស្ស ៦ នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ទេសចរណ៍​មួយគ្រឿង​នៅក្នុង​ស្រុក Logan កាលពី​ព្រលប់​ថ្ងៃទី ២២ មិថុនា។

    នាយកដ្ឋាន​អាកាសចរណ៍​អាម៉េរិក បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​ប្រភេទ Bell UH-1B មួយគ្រឿង​បាន​ធ្លាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន​លេខ១៧ (State Route 17) នៅក្នុង​ស្រុក Logan នៃ​តំបន់​ភាគ​និរតី​របស់ រដ្ឋ Virginia ខាងលិច នា​វេលា​ម៉ោង​ប្រហែល ១៧ ម្សិលមិញ (ម៉ោង​ក្នុងស្រុក)។ ឧទ្ធម្ភាគចក្រ​នេះ​បាន​ឆាបឆេះ​មុនពេល​ក្រុម​សង្គ្រោះបន្ទាន់​បាន​ទៅដល់។

    បន្ទាប់ពី​ហេតុការណ៍​ខាងលើ​បានកើត​ឡើង អភិបាលរដ្ឋ Virginia ខាងលិច លោក Jim Justice ក៏បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ និង​បញ្ជាក់ថា នឹង​ប្រកាស​មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​នេះ៕

  • ហ្វាំ​ង​ឡង់ ប្រកាសថា បាន​ត្រៀម «ជើង​ព្រួល» ដើម្បី​វាយបក បើសិន​ត្រូវ រុស្ស៊ី វាយប្រហារ

    ហ្វាំ​ង​ឡង់ ប្រកាសថា បាន​ត្រៀម «ជើង​ព្រួល» ដើម្បី​វាយបក បើសិន​ត្រូវ រុស្ស៊ី វាយប្រហារ

    ឧ​ត្ត​ម​សេនីយ៍ Kivinen អះអាងថា ហ្វាំ​ង​ឡង់ បាន​ប្រុងប្រៀប​រួចរាល់​ហើយ​សម្រាប់​កាលៈទេសៈ​ដែល​ត្រូវបាន រុស្ស៊ី វាយប្រហារ ហើយ​ថា «នឹង​វាយបក​យ៉ាងខ្លាំង​ក្លា»។

    «យើង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​យោធា​របស់​យើង ដែលមាន​ជំនាញ​ក្នុងការ​ទប់ទល់​នឹង​ប្រភេទ​សង្គ្រាម​ដូចដែល​កំពុង​ត្រូវបាន​ធ្វើឡើង​នៅ អ៊ុយ​ក្រែ​ន ជាមួយនឹង​ការវាយប្រហារ​ជា​ហ្វូង​តាមផ្លូវ​អាកាស ការបង្កើន​ចំនួន​រថពាសដែក និង​ទ័ពអាកាស» ឧ​ត្ត​ម​សេនីយ៍ Timo Kivinen មេបញ្ជាការ​កងកម្លាំង​ស្វ័យការពារ​របស់ ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃទី ២២ មិថុនា បាន​ថ្លែង​ដូច្នេះ។ លោក​បន្ថែមថា «អ៊ុយ​ក្រែ​ន គឺជា​តំបន់​ដែលមាន​ការលំបាក​សម្រាប់ រុស្ស៊ី ហើយ ហ្វាំ​ង​ឡង់ ក៏​ដូច្នេះ។

    លោក Kivinen អះអាងថា ហ្វាំ​ង​ឡង់ បាន​ប្រុងប្រៀប​រួចរាល់​ហើយ​សម្រាប់​កាលៈទេសៈ​ដែល​ត្រូវ​រង​ការវាយប្រហារ​ពី រុស្ស៊ី ហើយ​ថា នឹង​វាយបក​យ៉ាង​ចាស់ដៃ បើសិន​ប្រការនេះ​កើតឡើង។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ជាក់ថា ប្រទេស​ហ្វាំ​ង​ឡង់ មាន​កម្លាំង​ប្រយុទ្ធ ក៏ដូចជា​បាន​កសាង​ឃ្លាំង​អាវុធ​ច្រើន​គួរសម។

    ទាក់ទិន​នឹង​ការលើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍ Kivinen ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ការអះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ ប្រទេស​ហ្វាំ​ង​ឡង់ ខាងលើ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង ប្រទេស​នេះ និង រុស្ស៊ី កំពុងមាន​ភាព​តានតឹង​ខ្លាំង ក្រោយពី ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណា​តូ កាលពី​ថ្ងៃទី ១៨ ឧសភា។

    ឧត្តមសេនីយ៍ Timo Kivinen
    ផែនទី​នៃ​បណ្ដា​ប្រទេស​ណាតូ និង​ ហ្វាំងឡង់ និង​ ស៊ុយអែត
  • គ្រោះរ​ញ្ជូ​យ​ដី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ តួលេខ​អ្នកស្លាប់​បាន​កើន​​ឡើងដល់ ១,០០០ នាក់

    គ្រោះរ​ញ្ជូ​យ​ដី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ តួលេខ​អ្នកស្លាប់​បាន​កើន​​ឡើងដល់ ១,០០០ នាក់

    ចំនួន​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​បន្ទាប់ពី​កើតមាន​ហេតុការណ៍​រញ្ជួយ​ដី​នៅ ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​កើន​ឡើងដល់ ១,០០០ នាក់ នេះ​បើតាម​ក្រុមមន្ត្រី​នៅ​ខេត្ត Paktika ជាទី​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ។

    «មនុស្ស ១,០០០ នាក់ បាន​ស្លាប់ និង ១,៥០០ នាក់ បាន​រងរបួស។ តួលេខ​ទាំងនេះ​នឹង​បន្ត​កើនឡើង។ អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់ រដ្ឋធានី​កា​ប៊ុល និង Gardez» លោក Mohammad Amin Hozaifa ប្រធាន​ផ្នែក​ព័ត៌មាន និង​វប្បធម៌​ខេត្ត Pakita បានឱ្យដឹង​ដូច្នេះ។

    យោងតាម​ព័ត៌មាន​ផ្លូវការ​ពី​ក្រុមមន្ត្រី​ទទួលបន្ទុក​ទប់ទល់​នឹង​គ្រោះធម្មជាតិ ចំនួន​ជនរងគ្រោះ​ដែល​បាន​រងរបួស​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​នេះ​គឺ ៦០០ នាក់។

    រញ្ជួយ​ដី​កម្លាំង ៦.១ រិច​ទ័​រ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី ២២ មិថុនា (ម៉ោង​ក្នុងស្រុក) នៅ​តំបន់​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Khost ប្រហែល ៤៤ គីឡូម៉ែត្រ​ទៅ​ទិសនិរតី។ រញ្ជួយ​ដី​នេះ​មាន​ជម្រៅ ១០ គីឡូម៉ែត្រ​ក្រោម​ដី។

  • ប្រទេស​លី​ទុយ​អា​នី «ស្វាគមន៍» ចំពោះ​សកម្មភាព​ឆ្លើយតប​រប​ស់ រុស្ស៊ី ជុំវិញ​បញ្ហា​បិទ​ខ្ទប់ Kaliningrad

    ប្រទេស​លី​ទុយ​អា​នី «ស្វាគមន៍» ចំពោះ​សកម្មភាព​ឆ្លើយតប​រប​ស់ រុស្ស៊ី ជុំវិញ​បញ្ហា​បិទ​ខ្ទប់ Kaliningrad

    ប្រធានាធិបតី Gitanas Nauseda បានឱ្យដឹងថា លី​ទុយ​អា​នី (Lithuania ឬ Litva) ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ពង្រីក​ការបិទ​ខ្ទប់​ទីក្រុង Kaliningrad របស់ រុស្ស៊ី និង​ស្វាគមន៍​សកម្មភាព «មិន​ស្និទ្ធស្នាល» ពី ភាគី​ទីក្រុង​មូ​ស្គូ។

    «យើង​បាន​ប្រុងប្រៀប និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​សកម្មភាព (តបត) មិន​ស្និទ្ធស្នាល​ពី​សំណាក់ អាជ្ញាធរ​រុស្ស៊ី ដូច​ជាការ​កាត់ផ្ដាច់​ប្រទេស​យើង​ពី​ប្រព័ន្ធ BRELL (បណ្ដាញ​អគ្គិសនី) ឬ រាល់​វិធានការ​ដទៃ» ប្រធានាធិបតី​របស់ ប្រទេស​លី​ទុយ​អា​នី លោក Nauseda ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ មិថុនា។

    ៣០ ឆ្នាំ បន្ទាប់ពី​បាន​បំបែក​ខ្លួន​ចេញពី សហភាពសូវៀត និង ១៧ ឆ្នាំ ក្រោយពី​បាន​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប (EU) ប្រទេស​លី​ទុយ​អា​នី, ឡេ​តូ​នី និង អេ​ស្តូ​នី នៅតែ​ពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ពី ប្រទេស​រុស្ស៊ី។

    ក៏ប៉ុន្តែ លី​ទុយ​អា​នី កាលពី​ឆ្នាំ​កន្លង បាន​កែលម្អ​បណ្ដាញ​អគ្គិសនី​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី​របស់ ប្រទេស​ប៉ូឡូញ ដែលជា​សមាជិក​របស់ សហភាព​អឺរ៉ុប ក្នុង​បំណង​ធានា​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុងករណី​ត្រូវបាន រុស្ស៊ី ផ្ដាច់​ចរន្ត។

    ទីក្រុង Kaliningrad របស់ រុស្ស៊ី

    លី​ទុយ​អា​នី កាលពី​សប្ដាហ៍​កន្លង បានប្រកាសថា ចាប់ពី​ថ្ងៃទី ១៨ មិថុនា ប្រទេស​នេះ​នឹង​បិទ​ផ្លូវដែក​ដែល​ភ្ជាប់​ពី ទឹកដី​រុស្ស៊ី ទៅកាន់​ដែនដី Kaliningrad របស់ ទីក្រុង​មូ​ស្គូ។

    ការបញ្ចេញមតិ​របស់​លោក Nauseda ត្រូវ​បានលើកឡើង​បន្ទាប់ពី រុស្ស៊ី ស្នើ និង​ព្រមាន​ឱ្យ លី​ទុយ​អា​នី ដក​ការ​រឹតត្បិត​លើ​ការដឹកជញ្ជូន​ទំនិញ​ទៅតាម​ផ្លូវដែក​ខាងលើ បើ​មិន​ដូច្នោះ​ទេ រុស្ស៊ី នឹង​ចាត់វិធានការ​ឆ្លើយតប ដែល «មាន​ផលប៉ះពាល់​អាក្រក់​ដល់​ប្រជាជន​លី​ទុយ​អា​នី»៕

  • រញ្ជួយ​ដី​កម្រិត​ខ្លាំង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​បាន​កើន​ជិត​ដល់ ១,០០០ នាក់

    រញ្ជួយ​ដី​កម្រិត​ខ្លាំង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​បាន​កើន​ជិត​ដល់ ១,០០០ នាក់

    យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bakhtar របស់ អា​ហ្វ​ហ្គា​នី​ស្ថាន តួលេខ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​កាលពី​ព្រឹក​មិញ (២២ មិថុនា) នៅ​ភាគ​ខាងកើត​ប្រទេស​នេះ បាន​កើន​ដល់ ២៨០ នាក់ និង​យ៉ាងតិច ៥៩៥ នាក់ រងរបួស។

    ខេត្ត Paktika គឺជា​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​លើក​នេះ ក្នុងនោះ​មានផ្ទះ​រាប់សិប​ខ្នង​បាន​ដួលរលំ ព្រមទាំង​មាន​បញ្ហា​បាក់​ស្រុតដី​នៅក្នុង​ខេត្ត​នេះ​ផងដែរ។ ប្រធាន​ស្ថាប័ន​គ្រប់គ្រង​គ្រោះធម្មជាតិ​របស់​រដ្ឋាភិបាល​តា​លី​បង់ លោក Mohammad Nassim Haqqani ឱ្យដឹងថា ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត ភាគច្រើន​គឺជា​ប្រជាជន​នៅក្នុង​ខេត្ត Paktika។

    ស្ថាប័ន​តាមដាន​ផ្នែក​ភូគព្ភសាស្ត្រ​អាម៉េរិក (USGS) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ​បានធ្វើឱ្យ​ញាប់​ញ័រ​ពេញ​តំបន់​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Khost ជិត​ព្រំដែន ប៉ា​គី​ស្ថាន ប្រមាណ ៤៤ គីឡូម៉ែត្រ​ទៅ​ទិសនិរតី។ ចំណុចកណ្ដាល​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ​ស្ថិតនៅក្រោម​ដី ជម្រៅ​ជាង ៥០ គីឡូម៉ែត្រ។

    មនុស្ស​ប្រហែល ១១៩ លាន​នាក់ ដែល​រស់នៅក្នុង ប្រទេស​ប៉ា​គី​ស្ថាន, អា​ហ្វ​ហ្គា​នី​ស្ថាន និង ឥណ្ឌា បានទទួល​អារម្មណ៍​ថា ធរណី​កំពុង​ញាប់​ញ័រ។

    បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ក៏ដូចជា​រងរបួស ឬ​ការខូចខាត​ទ្រព្យសម្បត្តិ​នៅ ប៉ា​គី​ស្ថាន និង ឥណ្ឌា ទាក់ទិន​នឹង​ហេតុការណ៍​រញ្ជួយ​ដី​នេះ​នៅឡើយ៕

  • ភ្លើង​ឆេះ​ព្រៃ​​មួយ​ករណី​កំពុង​កើតឡើង​នៅ ប្រទេស​តួ​ក​គី ធ្វើ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​ព្រួយបារម្ភ

    ភ្លើង​ឆេះ​ព្រៃ​​មួយ​ករណី​កំពុង​កើតឡើង​នៅ ប្រទេស​តួ​ក​គី ធ្វើ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​ព្រួយបារម្ភ

    កាលពី​ថ្ងៃទី ២១ មិថុនា អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅក្នុង​ព្រៃ​នៃ​តំបន់​ភាគ​និរតី​របស់ ប្រទេស​តួ​ក​គី ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ហានិភ័យ​ដែល​អាច​ដូច​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំ​កន្លង ដែល​បាន​បណ្ដាលឱ្យ​ព្រៃ និង​រុក្ខជាតិ​រាប់សិប​ហិកតា​ត្រូវ​បាត់បង់។

    ភ្លើង​ឆេះ​ព្រៃ​ថ្មី​នេះ​កើតឡើង​នៅក្បែរ​តំបន់​លម្ហែកាយ​នៅ​ឆ្នេរសមុទ្រ Aegean របស់​ស្រុក Marmaris ក្នុង​ខេត្ត Mugla។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Anadolu រាយការណ៍​ថា ភ្លើងព្រៃ​បាន​ឆេះ​រាលដាល​យ៉ាង​រហ័ស​ដោយសារ​តែមាន​ខ្យល់​ខ្លាំង ហើយ​កំពុងតែបន្ត​ឆាបឆេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​ល្បឿន​យ៉ាង​លឿន។ បច្ចុប្បន្ន ក្រុមមន្ត្រី​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ។

    អ្នកវិទ្យាសាស្ត្រ​របស់ សហភាព​អឺរ៉ុប បានឱ្យដឹងថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវក្ដៅ​កាលពី​ឆ្នាំ​កន្លង​នៅ តួ​ក​គី គឺមាន​កម្រិត​ខ្ពស់បំផុត។ ចំណែក​អ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​សង្កត់ធ្ងន់ថា បញ្ហា​អាកាសធាតុ​ប្រែប្រួល​ដែល​បង្កឡើង​ដោយ​មនុស្ស កំពុងតែ​ធ្វើឱ្យ​រលក​កម្ដៅ​កើតឡើង​ញឹកញាប់​ជាង​មុន និង​អាក្រក់​ជាង​មុន។