Category: អន្តរជាតិ

  • ថ្ងៃទី ១៣០ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ៖ រដ្ឋធានី​កៀវ បាត់បង់​ Lysychansk

    ថ្ងៃទី ១៣០ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ៖ រដ្ឋធានី​កៀវ បាត់បង់​ Lysychansk

    អ៊ុយ​ក្រែ​ន ប្រកាសថា ទាហាន​របស់​ប្រទេស​នេះ បាន​ដក​ថត​ពី​ទីក្រុង Lysychansk បន្ទាប់ពី រុស្ស៊ី ប្រកាសថា «គ្រប់គ្រង​បាន​ទាំងស្រុង» លើ​ទីក្រុង និង​ខេត្ត Lugansk។

    «ការបន្ត​ការពារ​ទីក្រុង នឹង​នាំឱ្យមាន​ការបាត់​បង់ជីវិត។ ការសម្រេចចិត្ត​ដកថយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​យុទ្ធជន» កងទ័ព​អ៊ុយ​ក្រែ​ន បានប្រកាស​កាលពី​ថ្ងៃទី ៣ កក្កដា ស្ដីពី​ការសម្រេចចិត្ត​ដក​កងទ័ព​ចេញពី Lysychansk ដែលជា​តំបន់​ការពារ​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ខេត្ត​ភាគ​ខាងកើត Lugansk (Luhansk)។

    មុន​នោះ​មួយថ្ងៃ ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​ប្រទេស​នេះ និង​ក្រុម​ផ្ដាច់ខ្លួន «បាន​រំដោះ​សាធារណរដ្ឋ​ប្រជាមានិត Lugansk (LPR)»។ យុទ្ធនាការ​យោធា​ប្រព្រឹត្តឡើង​ដោយ​ជោគជ័យ កងកម្លាំងប្រដាប់អាវុធ​របស់ សហព័ន្ធរុស្ស៊ី និង​បណ្ដា​អង្គភាព​របស់ LPR កំពុង​គ្រប់គ្រង​ទីក្រុង Lysychansk និង​បណ្ដា​តំបន់​ប្រជុំជន​នៅក្បែរនោះ» ប្រកាស​របស់ ក្រសួងការពារជាតិ​រុស្ស៊ី មាន​ឃ្លា​សរសេរ​ដូច្នេះ។

    អ្នកជំនាញ​ផ្នែក​យោធា​នៅ បស្ចិម​លោក យល់ថា ការគ្រប់គ្រង​បាន Lysychansk គឺជា​ជ័យជម្នះ​របស់ រុស្ស៊ី។ ប្រការនេះ​មានន័យថា រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន កំពុង​គ្រប់គ្រង​មួយ​ភាគ​ធំ​នៃ​តំបន់ Donbass ដែលមាន ២ ខេត្ត គឺ Lugansk និង Donetsk ជា​តំបន់​ដែលមាន​អណ្ដូងរ៉ែ​ច្រើន និង​វាលស្រែ​ធំធេង។

    ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ អង្គការសហប្រជាជាតិ (OHCHR) បានឱ្យដឹងថា ក្នុង​រយៈពេល​ជាង ៤ ខែ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ជន​ស៊ីវិល​ចំនួន ៤,៧៣១ នាក់​បាន​ស្លាប់ និង​ជាង ៥,៩០០ នាក់​បាន​រងរបួស។

    ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​របស់ អង្គការសហប្រជាជាតិ (UNHCR) ក៏បាន​ឱ្យដឹង​ដែរ​ថា មនុស្ស​ជាង ៨.៤ លាន​នាក់ បាន​ចាក​ចេញពី ទឹកដី​អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង ខណៈដែល​មនុស្ស​ជាង ៧ លាន​នាក់​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស បាន​ចាកចោល​ផ្ទះសំបែង៕

  • អ្នកការទូត​រុស្ស៊ី រាប់សិប​នាក់ ត្រូវបាន​បណ្ដេញ​ចេញពី ប៊ុល​ហ្ការី

    អ្នកការទូត​រុស្ស៊ី រាប់សិប​នាក់ ត្រូវបាន​បណ្ដេញ​ចេញពី ប៊ុល​ហ្ការី

    កាលពី​ម្សិលមិញ (៣ កក្កដា) យន្តហោះ ២ គ្រឿង ដែល​ដឹក​បុគ្គលិក​ការទូត​របស់ រុស្ស៊ី និង​សាច់ញាតិ​របស់​ពួកគេ​ចំនួន ៧០ នាក់ បាន​ហោះ​ចេញពី ប្រទេស​ប៊ុល​ហ្ការី ដោយសារ​ការបណ្ដេញរ​បស់ រដ្ឋាភិបាល​ប៊ុលហ្គារី បើទោះជា​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ​ក៏ដោយ។

    ក្នុង​គ្រា​ដែល​ស្ថានការណ៍​តានតឹង​រវាង រុស្ស៊ី និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប កំពុង​កើនឡើង​ខ្ពស់ សារព័ត៌មាន​របស់ ប៊ុល​ហ្កា​សរី បានឱ្យដឹងថា អ្នកការទូត​រុស្ស៊ី និង​សាច់ញាតិ​របស់​ពួកគេ​ចំនួន ៧០ នាក់ បានបង្ហាញ​វត្តមាន​នៅឯ​អាកាសយាន​ដ្ឋា​ន​នៅ រដ្ឋធានី​សូ​ហ្វ៊ី​យ៉ា ដើម្បី​ត្រលប់​ទៅ ប្រទេស​រុស្ស៊ី វិញ ដោយ​ជិះ​យន្តហោះ ២ គ្រឿង​របស់ រុស្ស៊ី បន្ទាប់ពី ប៊ុល​ហ្ការី សម្រេចចិត្ត​បណ្ដេញ​អ្នកការទូត​ទាំងនេះ។

    ការសម្រេចចិត្ត​របស់ ប៊ុល​ហ្ការី ខាងលើនេះ ត្រូវបាន​ប្រកាស​ដោយ នាយករដ្ឋមន្ត្រី​ស្ដីទី Kiril Petkov ដែលជា​អ្នកមាន​និន្នាការ​ប្រឆាំង រុស្ស៊ី។ នាយករដ្ឋមន្ត្រី Petkov ដែល​ទើប​ទទួល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​កាលពី​ចុងខែ​មិថុនា បានប្រកាសថា ទីក្រុង​មូ​ស្គូ ប្រើប្រាស់​យុទ្ធសាស្ត្រ «សង្គ្រាម​កូនកាត់» ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក។

    មុន​នោះ កាលពី​ថ្ងៃទី ១ កក្កដា ឯកអគ្គរដ្ឋទូត​រុស្ស៊ី បានចេញ​ឱសានវាទ​សម្រាប់ ប៊ុល​ហ្ការី ដើម្បី​លុបចោល​បទបញ្ជា​បណ្ដេញ​អ្នកការទូត​របស់ រុស្ស៊ី និង​បាន​គំរាមថា ទីក្រុង​មូ​ស្គូ នឹង​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​នេះ។

    កន្លងមក ប៊ុល​ហ្ការី បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិធានការ​ដាក់ទណ្ឌកម្មរ​បស់ លោកខាងលិច ទៅលើ ទីក្រុង​មូ​ស្គូ ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន កាលពី​ជាង ៤ ខែ​មុន។ កាលពី​ចុងខែ​មេសា រុស្ស៊ី ក៏បាន​ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប៊ុល​ហ្ការី ផងដែរ បន្ទាប់ពី ទីក្រុង​សូ​ហ្វ៊ី​យ៉ា បដិសេធ​សំណើ​របស់ ទីក្រុង​មូ​ស្គូ ស្ដីពី​ការទូទាត់​វិក្កយបត្រ​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ រូ​ប្ល​រុស្ស៊ី៕

  • លោក ហ្សេ​ឡែ​ន​ស្គី ថា រុស្ស៊ី កំពុង​គ្រប់គ្រង​ទីក្រុង និង​ទីរួមស្រុក​ជាង ២,៦០០ របស់ អ៊ុយ​ក្រែ​ន

    លោក ហ្សេ​ឡែ​ន​ស្គី ថា រុស្ស៊ី កំពុង​គ្រប់គ្រង​ទីក្រុង និង​ទីរួមស្រុក​ជាង ២,៦០០ របស់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹងថា អ៊ុយ​ក្រែ​ន បាន​ដណ្ដើម​មកវិញ​នូវ​ទីក្រុង និង​ទីរួមស្រុក​ជាង ១,០០០ ខណៈដែល កងកម្លាំង​រុស្ស៊ី កំពុង​កាន់កាប់​ទីក្រុង និង​ទីរួមស្រុក​ជាង ២,៦០០។

    «ទឹកដី​ចំនួន ១០ តំបន់ ត្រូវ​រង​ឥទ្ធិពល​ដោយសារ​សង្គ្រាម រាប់​ចាប់តាំងពី​ថ្ងៃទី ២៤ កុម្ភៈ។ កងទ័ព​អ៊ុយ​ក្រែ​ន បាន​រំដោះ​ទីក្រុង និង​ទីរួមស្រុក​ចំនួន ១,០២៧ ប៉ុន្តែ រុស្ស៊ី កំពុង​គ្រប់គ្រង ២,៦១០ តំបន់» ប្រធានាធិបតី​អ៊ុយ​ក្រ​ន លោក ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹង​កាលពី​ថ្ងៃទី ២ កក្កដា​ដូច្នេះ និង​បាន​បន្ថែមថា តំបន់​ដែល​រង​ឥទ្ធិពល​ភាគច្រើន​ត្រូវការ​ការស្ថាបនា​ឡើងវិញ និង​រាបរយ​ទីតាំង «ត្រូវបាន​កងទ័ព​រប​ស់ រុស្ស៊ី បំផ្លាញ​ទាំងស្រុង»។

    ទាក់ទិន​នឹង​ការលើកឡើង​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ខាងលើនេះ ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    សង្គ្រាម​បាន​ផ្ទុះឡើង​នៅ អ៊ុយ​ក្រែ​ន ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ នៅពេល រុស្ស៊ី បើក​ការឈ្លានពាន​លើ​ទឹកដី​អ្នកជិតខាង​មួយ​នេះ។ ជំហាន​បន្ទាប់​នៃ​យុទ្ធនាការ​យោធា​ពិសេស​របស់ ទីក្រុង​មូ​ស្គូ កងទ័ព​រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន បាន និង​កំពុង​វាយ​សម្រុក​នៅ​ភាគ​ខាងកើត និង​ស្វែងរក​វិធី​ពង្រឹងកម្លាំង​នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន៕

  • រុស្ស៊ី រឹបអូស​យក​គម្រោង Sakhalin-2 ដើម្បី​ជាការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ពី​បរទេស

    រុស្ស៊ី រឹបអូស​យក​គម្រោង Sakhalin-2 ដើម្បី​ជាការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ពី​បរទេស

    កាលពី​ថ្ងៃទី ៣០ មិថុនា ប្រធានាធិបតី ពូ​ទីន បាន​ចុះហត្ថលេខា​លើ​វិធានការ​ពិសេស​ក្នុង​វិស័យ​ឥន្ធនៈ និង​ថាមពល ទាក់ទិន​នឹង «សកម្ម​ភាពមិន​ស្និទ្ធស្នាល​របស់​បរទេស»។

    យោងតាម​បទបញ្ជា​ថ្មី​នេះ ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​នៅក្នុង​ក្រុមហ៊ុន​វិនិយោគ​ថាមពល Sakhalin នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​មួយ​ដែល​បង្កើតឡើង​ដោយ រដ្ឋាភិបាល​រុស្ស៊ី។

    ភាគហ៊ុន​របស់​ក្រុមហ៊ុន Sakhalin គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Gazprom (កាន់កាប់​ភាគហ៊ុន​ចំនួន ៥០% + ១), Dutch Shell (២៧.៥% – ១) និង Mitsui, Mitsubishi របស់ ជប៉ុន (១២.៥% និង ១០%)។

    យោងតាម​បទបញ្ជា​ខាងលើ Gazprom នឹង​ទទួលបាន ១ ភាគហ៊ុន ចំណែក​ភាគហ៊ុន​របស់​ភាគ​ហ៊ុ​និក​ក្រៅពីនេះ​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​មួយ​ដែល​នឹង​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី បង្កើតឡើង។

    បើសិនជា ក្រុមហ៊ុន Shell, Mitsui និង Mitsubishi មិន​ចង់/មិនអាច​ទទួល​ភាគហ៊ុន​នៅក្នុង​នីតិបុគ្គល​ថ្មី នោះ​រដ្ឋាភិបាល​រុស្ស៊ី នឹង​លក់​ភាគហ៊ុន​ទាំងនេះ៖ គណនី​ប្រភេទ C ពិសេស​នឹងត្រូវ​បាន​បើក​សម្រាប់​ពួកគេ ដើម្បី​ទទួល​ប្រាក់​ពី​ការលក់​ភាគហ៊ុន​របស់​ពួកគេ។ ក៏ប៉ុន្តែ បទបញ្ជា​ក៏បាន​លើកឡើង​នូវ​ការកំណត់​នានា​ចំពោះ​ការដក​ប្រាក់​ទាំងនេះ​ចេញពី ប្រទេស​រុស្ស៊ី ផងដែរ។

    ឯកសារ​ខាងលើ​បាន​និយាយថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​នានា​ដែល «មិន​ស្និ​ទ្ធិ​ស្នាល និង​ខុសច្បាប់​អន្តរជាតិ» របស់ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​ដែល​ចូលរួម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី៕

  • មេដឹកនាំ​កំពូល​តា​លី​បង់ ព្រមាន​ពិភពលោក រឿង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន

    មេដឹកនាំ​កំពូល​តា​លី​បង់ ព្រមាន​ពិភពលោក រឿង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន

    មេដឹកនាំ​កំពូល​របស់ តា​លី​បង់ ដែលជា​ក្រុម​ប្រដាប់អាវុធ​កំពុង​គ្រប់គ្រង ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រមាន​ពិភពលោក កុំឱ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ និង​អះអាងថា ច្បាប់ Sharia គឺជា​ជម្រើស​សមស្រប​បំផុត។

    «ហេតុអ្វី​ពិភពលោក​បែរជា​ជ្រៀតជ្រែក​ចូលក្នុង​បញ្ហា​របស់​យើង? ពួកគេ​និយាយថា «ហេតុអ្វី​ពួកលោក​មិន​ធ្វើ​នេះ មិន​ធ្វើ​នោះ?»» មេដឹកនាំ​កំពូល​របស់ តា​លី​បង់ Hibatullah Akhundzada និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចាក់ផ្សាយ​លើ​វិទ្យុជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី ១ កក្កដា។

    មេដឹកនាំ​កំពូល​តា​លី​បង់ ដែល​មិន​ធ្លាប់បាន​បង្ហាញខ្លួន​នៅ​ទីសាធារណៈ​ចាប់តាំងពី​ក្រុម​នេះ​ដណ្ដើមបាន​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែសីហា ២០២១ ត្រូវបាន​គេ​ជឿថា បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែលមាន​អាចារ្យ ឬ​អ្នកបួស​ប្រហែល ៣,០០០ នាក់ នៅ រដ្ឋធានី​កា​ប៊ុល។ កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី ៣០ មិថុនា ដល់​ថ្ងៃទី ២ កក្កដា។

    វត្តមាន​របស់លោក Akhundzada នៅក្នុង​កិច្ចប្រជុំ​នេះ ត្រូវបាន​សាទរ​ដោយ​ការស្រែក​ហ៊ោ​ថា «រដ្ឋ​អេ​មី​រ៉ា​ត​អ៊ិ​ស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន​ម៉ឺនឆ្នាំ»។ នេះ​គឺជា​ឈ្មោះ​ផ្លូវការ​របស់ រដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោម​ការដឹកនាំ​របស់​ក្រុម​តា​លី​បង់។

    ប្រភពព័ត៌មាន​ឱ្យដឹងថា អ្នក​ដែល​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នោះ សុទ្ធតែជា​បុរស។ ពួកគេ​ក៏បាន​ពិភាក្សា​អំពី​បញ្ហា​ទាក់ទិន​នឹង​ការអប់រំ​ក្មេងស្រី​ផងដែរ។

    ចាប់តាំងពី​បាន​ឡើងកាន់​អំណាច​កាលពី​ខែសីហា​ឆ្នាំ​កន្លង តា​លី​បង់ បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​សិទ្ធិ​មូលដ្ឋាន​របស់​ស្ត្រី។ កាលពី​ខែឧសភា តា​លី​បង់ បានអនុម័ត​បទបញ្ជា​មួយ​ដែល​ណែនាំ​ឱ្យ​ស្ត្រី​នៅផ្ទះ និង​ត្រូវ​បិទបាំង​មុខ​បើសិន​ចេញ​ទីសាធារណៈ។

    មុន​នោះ តា​លី​បង់ ក៏​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ផងដែរ នៅពេល​ហាម​ស្ត្រី​ជិះ​យន្តហោះ​ដោយ​មិនមាន​បុរស​ទៅជា​មួយ។ ទន្ទឹមនឹងនេះ ពួកគេ​ក៏​ស្នើឱ្យ​ឧទ្យាន​នានា​បើកទ្វារ​សម្រាប់​ស្ត្រី និង​បុរស ដាច់ដោយឡែក​ពីគ្នា បូករួម​ទាំង​ប្ដី​ប្រពន្ធ​ផងដែរ។ តា​លី​បង់ ក៏បាន «ក្បត់» ពាក្យសន្យា​ដែល​មុន​នោះ​ពួកគេ​និយាយថា នឹង​បើក​សាលារៀន​សម្រាប់​សិស្សស្រី។

    ប៉ុន្តែ តា​លី​បង់ បាន​បញ្ជាក់ថា ពួកគេ​បាន​ប្ដូរផ្លាស់​ធៀប​នឹង​អំឡុងពេល​កាន់អំណាច​កាលពី​ជាង ២០ ឆ្នាំមុន។ កាលណោះ ពួកគេ​ហាម​ស្ត្រី​រៀនសូត្រ ទៅធ្វើ​ការ ឬ​ចេញពីផ្ទះ បើ​មិនមាន​បុរស​អមដំណើរ។

    តា​លី​បង់ ក៏បាន​អះអាងថា កំពុងតែ​អនុវត្ត​ច្បាប់​ដែល​អនុញ្ញាតឱ្យ​ស្ត្រី​ទទួលផល​ប្រយោជន៍​ទៅតាម​ច្បាប់​សាសនា​អ៊ិ​ស្លាម និង​វប្បធម៌​របស់ អា​ហ្វ​ហ្កា​នី​ស្ថាន។ ក៏ប៉ុន្តែ ការកំណត់​ដ៏​តឹងរឹង​នាពេលថ្មីៗនេះ បានធ្វើឱ្យ​តា​លី​បង់ ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង​ក្លា អម​ជាមួយនឹង​ការមន្ទិលសង្ស័យ​ពី​សហគមន៍​អន្តរជាតិ៕

  • ពិធីសារ​ចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ត្រូវបាន​ចុះហត្ថលេខា​នៅ​ដើមខែ​នេះ

    ពិធីសារ​ចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ត្រូវបាន​ចុះហត្ថលេខា​នៅ​ដើមខែ​នេះ

    កាលពី​ថ្ងៃទី ៣០ មិថុនា អគ្គលេខាធិការ​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) បានប្រកាសថា ពិធីសារ​ចូល​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា​ណា​តូ របស់ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ត្រូវបាន​ចុះហត្ថលេខា​នៅ​សប្ដាហ៍​ក្រោយ។

    លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ ឱ្យដឹងថា សេចក្ដីសម្រេច​ផ្លូវការ​ស្ដីពី​ការអញ្ជើញ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ ណា​តូ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ សម្ព័ន្ធមិត្ត​យោធា​នេះ​កាលពី​ថ្ងៃទី ៣០ មិថុនា។

    ណា​តូ នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ចូល​ជា​សមាជិក​របស់​ប្រទេស​ទាំងពីរ​នៅក្នុង​ថ្ងៃទី ៥ កក្កដា ដោយមាន​វត្តមាន​រប​ស់ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ ប្រទេស​ហ្វាំ​ង​ឡង់ និង ប្រទេស​ស៊ុយអែត។

    លោក Jens Stoltenberg ក៏បាន​បន្ថែមថា សន្និបាត​កំពូល​របស់ ណា​តូ លើក​នេះ បានអនុម័ត​លើ «និយមន័យ​នៃ​យុទ្ធសាស្ត្រ​ថ្មី» ហើយ​បណ្ដា​សមាជិក​របស់ ណា​តូ ក៏មាន​ផែនការ​គាំទ្រ និង​ការពារ​ចំពោះ​ការដឹកជញ្ជូន​ធញ្ញជាតិ​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន តាមផ្លូវ​គោក និង​ផ្លូវទឹក​ផងដែរ។

    អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ ឱ្យដឹងថា លោក​សង្ឃឹមថា កងទ័ព​រុស្ស៊ី នឹង​ដកថយ​ពី អ៊ុយ​ក្រែ​ន កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​បញ្ចប់សង្គ្រាម ហើយ​ថា ណា​តូ បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ទប់ទល់​នឹង​សកម្មភាព​ទាំងឡាយណា​ដែល​អាច​ត្រូវបាន រុស្ស៊ី ធ្វើឡើង​នាពេលខាងមុខ៕

  • រកឃើញ​រណ្ដៅ​ខុសធម្មតា​លើ​ឋាន​ព្រះ​ចន្ទ កើតឡើង​ដោយសារ​គ្រាប់​រ៉ុក្កែត​ដ៏​អាថ៌កំបាំង

    រកឃើញ​រណ្ដៅ​ខុសធម្មតា​លើ​ឋាន​ព្រះ​ចន្ទ កើតឡើង​ដោយសារ​គ្រាប់​រ៉ុក្កែត​ដ៏​អាថ៌កំបាំង

    រ៉ុក្កែត​មួយគ្រា​ប់​ដែល​អ្នកវិទ្យាសាស្ត្រ​មិនដឹង​ប្រភព​ច្បាប់ បាន​ហោះ​មក​បុកដី​ព្រះ​ចន្ទ បន្សល់ទុក​រណ្ដៅ​ភ្លោះ​ខុសធម្មតា។

    យានអវកាស​ហោះ​លើ​គន្លង​គោចរ​ឋាន​ព្រះ​ចន្ទ Lunar Reconnaissance Orbiter របស់ ណា​សា ថ្មីៗនេះ​បាន​ប្រទះឃើញ​រ៉ុក្កែត​មិន​ស្គាល់​អត្តសញ្ញាណ​មួយ បាន​បុក​លើ​ឋាន​ព្រះ​ចន្ទ និង​បន្សល់ទុក​រណ្ដៅ​ភ្លោះ​ដ៏​ចម្លែក​មួយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក រកឃើញថា ដងខ្លួន​របស់​រ៉ុក្កែត បាន​ហោះ​សំដៅ​មក​ឋាន​ព្រះ​ចន្ទ​កាលពី​ចុងឆ្នាំ​កន្លង ហើយ​ចុងក្រោយ​ក៏បាន​ប៉ះទង្គិច​លើដី​នៅលើ​ឋាន​នេះ​កាលពី​ថ្ងៃទី ៤ មីនា បង្កើតបានជា​រណ្ដៅ​ភ្លោះ​ខុស​ប្រក្រតី។

    យោងតាម​ការប្រកាស​កា​លពី​ថ្ងៃទី ២៩ មិថុនា របស់ ណា​សា រណ្ដៅ​ភ្លោះ​នេះ​បង្ហាញថា ដងខ្លួន​របស់​រ៉ុក្កែត «មាន​ទំហំ​ធំ​នៅត្រង់​ក្បាល​ទាំងសងខាង»។ វា​រួមមាន រណ្ដៅ​មួយ​នៅ​ទិសខាងកើត​ដែលមាន​អង្កត់ផ្ចិត​ប្រហែល ១៨ ម៉ែត្រ ស្ថិតនៅត្រង់​កំពូល​នៃ​រណ្ដៅ​មួយទៀត​នៅ​ទិស​ខាងលិច​ដែលមាន​អង្កត់ផ្ចិត​ប្រហែល ១៦ ម៉ែត្រ។

    រណ្ដៅ​នេះ​មាន​សភាព​ខុសធម្មតា ព្រោះថា កន្លងមក​ពុំមាន​ករណី​ប៉ះទង្គិច​ណាមួយ​របស់​ដងខ្លួន​រ៉ុក្កែត​ទៅលើ​ដី​ព្រះ​ចន្ទ​ដែល​បង្កើតបានជា​រណ្ដៅ​ភ្លោះ​ដូច្នេះ​ឡើយ។ រណ្ដៅ​ចំនួន ៤ របស់ Apollo SIV-B ធំ​ជាង​ធៀប​នឹង​ករណី​ប៉ះទង្គិចថ្មីៗនេះ។

    ក្នុង​ប្រកាស​ខាងលើ ណា​សា មិនបាន​និយាយ​អំពី​ប្រភេទ​រ៉ុក្កែត​ដែល​ពួកគេ​បាន​រកឃើញ​ទេ ប៉ុន្តែ កាលពី​ខែកុម្ភៈ​កន្លង​ទៅ អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាម៉េរិក Bill Gray ធ្លាប់បាន​អះអាងថា នោះ​គឺជា​កំណាត់​របស់​រ៉ុក្កែត​ដែល​បាន​ចូលរួម​បេសកកម្ម​ព្រះ​ចន្ទ Chang’e 5-T1 របស់ ប្រទេស​ចិន ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ២០១៤៕

  • ខឹង រុស្ស៊ី ចំអក​ឱ្យខ្លាំង​ពេក បារាំង សម្រេច​​ផ្ដល់ជំនួយ​ជា​កាំភ្លើង​ធំ​ចល័ត​ច្រើន​គ្រឿង​ទៀត ទៅឱ្យ អ៊ុយ​ក្រែ​ន

    ខឹង រុស្ស៊ី ចំអក​ឱ្យខ្លាំង​ពេក បារាំង សម្រេច​​ផ្ដល់ជំនួយ​ជា​កាំភ្លើង​ធំ​ចល័ត​ច្រើន​គ្រឿង​ទៀត ទៅឱ្យ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បាន​ថ្លែងថា បារាំង នឹង​ផ្គត់ផ្គង់​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ៦ គ្រឿង​និង​រថពាសដែក​ជាច្រើន​គ្រឿង​ទៀត​ទៅឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

    «នៅ ណា​តូ យើង​បាន​ឯកភាពគ្នា​ដូច​ទៅនឹង​អ្វីដែល​បាន​ធ្វើឡើង​នៅក្នុង ក្រុមប្រឹក្សា​អឺរ៉ុប (EC) និង G៧ នោះ​គឺ​ការជំរុញ​ការផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច មនុស្សធម៌ និង​យោធា ទៅឱ្យ អ៊ុយ​ក្រែ​ន» ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ម្សិលមិញ (៣០ មិថុនា) ដូច្នេះ។ «បារាំង នឹង​ប្រញាប់​ផ្គត់ផ្គង់​អាវុធ​ដែល អ៊ុយ​ក្រែ​ន ត្រូវការ​ដើម្បី​ការពារ​ខ្លួន ក្នុងនោះ​មាន​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ៦ គ្រឿង និង​រថពាសដែក​ជាច្រើន​គ្រឿង​បន្ថែមទៀត»។

    បារាំង បានប្រគល់​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ១២ គ្រឿង​ទៅឱ្យ អ៊ុយ​ក្រែ​ន រួចហើយ។ កាំភ្លើង​ធំ​ដែល​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ពី ៤.៥ ដល់ ៤២ គីឡូម៉ែត្រ និង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ពាក់កណ្ដាល​ស្វ័យប្រវត្ត​នេះ ត្រូវបាន បារាំង​បាន​អភិវឌ្ឍ​ចាប់តាំងពី​ឆ្នាំ ១៩៩០ និង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​ចាប់តាំងពី​ឆ្នាំ ២០០៨។

    កងកម្លាំង​រុស្ស៊ី បាន​កម្ទេច CAESAR យ៉ាងតិច ១ គ្រឿង នៅពេល​វាយប្រហារ​លើ​អង្គភាព​កាំភ្លើង​ធំ​របស់ អ៊ុយ​ក្រែ​ន នៅលើ​កោះ Kubansky។ ក្រុម​អ្នកនយោបាយ​រុស្ស៊ី ឱ្យដឹងថា រុស្ស៊ី វាយ​យកបាន​កាំភ្លើង​ធំ CAESAR ដែល បារាំង បញ្ជូន​មកឱ្យ អ៊ុយ​ក្រែ​ន ចំនួន ២ គ្រឿង និង​បាន​រិះគន់ថា ទាហាន​អ៊ុយ​ក្រែ​ន «ដកថយ​លឿន​ដល់​ថ្នាក់​មិនមាន​ពេល​កម្ទេច​ពួកវា (កាំភ្លើង​ធំ)»។

    តំណាង​រោងចក្រ Uralvagonzavod (UVZ) របស់ រុស្ស៊ី បាន​ចំអក​ថា រុស្ស៊ី អរគុណ​ដល់ ប្រធានាធិបតី ម៉ា​ក្រុង «ដែល​បាន​ផ្ញើ​កាំភ្លើង​ធំ​ចល័ត» មកឱ្យ​ពួកគេ និង​យល់ថា CAESAR «គ្មានអ្វី​ពិសេស​ដូច MSTA-S របស់ រុស្ស៊ី» ប៉ុន្តែ​ថា «វា​នៅតែមាន​ប្រយោជន៍» និង​ស្នើឱ្យ បារាំង «បញ្ជូនមក​បន្ថែមទៀត»៕

  • ប្រធានាធិបតី បៃ​ដិ​ន ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី បៃ​ដិ​ន ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក នឹង​ប្រកាស​លម្អិត​អំពី​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ ៨០០ លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ក្នុងនោះ រួមមាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផងដែរ នេះ​បើតាម ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ដែល​បាន​ថ្លែង​នៅក្នុង​សន្និបាត​កំពូល​របស់ ណា​តូ នៅ រាជធានី​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ។

    យោងតាម នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denys Shmyhal ទីក្រុង​កៀវ បានទទួល​ជំនួយ​ជា​ហិរញ្ញវត្ថុ និង​យោធា ១២ ពាន់​លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី រុស្ស៊ី ចាប់ផ្ដើម​ចូល​ឈ្លានពាន​ប្រទេស​នេះ​កាលពី​ខែកុម្ភៈ ២០២២។

    ប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​របស់ ប្រធានាធិបតី បៃ​ដិ​ន ត្រូវ​បានលើកឡើង​បន្ទាប់ពី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan បញ្ជាក់ថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​បង្ហើយ​កិច្ចព្រមព្រៀង ក្នុងនោះ​ក៏មាន​ការផ្គត់ផ្គង់ «បណ្ដា​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ និង​មធ្យម​ទំនើប​បំផុត ទៅឱ្យ អ៊ុយ​ក្រែ​ន រួមទាំង​សព្វាវុធ​ចាំបាច់​ដទៃទៀត ដូចជា គ្រាប់កាំភ្លើង​ធំ និង​ប្រព័ន្ធ​រ៉ា​ដា​ជាដើម»។

    នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ នៅ ម៉ា​ឌ្រី​ដ ប្រធានាធិបតី​អាម៉េរិក ក៏បាន​អះអាងថា រុស្ស៊ី គឺជា​មូលហេតុ​ចម្បង​ដែល​បាន​នាំឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់។

    លោក បៃ​ដិ​ន ថ្លែងថា រដ្ឋាភិបាល​អាម៉េរិក នឹង​ជំរុញ​ផែនការ​ផ្ដល់ជំនួយ​ផ្នែក​ពន្ធដារ និង​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឧស្ម័ន​របស់ រុស្ស៊ី ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​ដែល​ប្រជាជន​អាម៉េរិក កំពុង​ជួបប្រទះ៕

  • ហុងកុង​រំលឹក​ខួប​គម្រប់ ២៥ ឆ្នាំ ដែល​បាន​ត្រលប់​ទៅ ប្រទេស​ចិន វិញ

    ហុងកុង​រំលឹក​ខួប​គម្រប់ ២៥ ឆ្នាំ ដែល​បាន​ត្រលប់​ទៅ ប្រទេស​ចិន វិញ

    ហុងកុង​កំពុង​ប្រារព្ធ​ពិធី​ជាច្រើន​ដើម្បី​អបអរ​ខួប​គម្រប់ ២៥ ឆ្នាំ ដែល ចក្រភព​អង់គ្លេស បានប្រគល់​ទីក្រុង​នេះ​មកឱ្យ ប្រទេស​ចិន វិញ។ តាម​គម្រោង ព្រឹត្តិការណ៍​នេះ​នឹងមាន​ការចូលរួម​ពី ប្រធានាធិបតី ស៊ី ជីន​ពីង ផងដែរ។

    ព្រឹត្តិការណ៍​ខួប ២៥ ឆ្នាំ ដែល ហុងកុង បាន​ត្រលប់មក ប្រទេស​ចិន វិញ​នេះ ត្រូវបាន​ចាប់ផ្ដើម​នា​ព្រឹក​ថ្ងៃទី ១ កក្កដា ដោយមាន​ពិធី​លើក​ទង់ជាតិ​នៅ មជ្ឈមណ្ឌល​សន្និបាត Wan Chai ក្រោម​វត្តមាន​របស់ ប្រធាន​ប្រតិបត្តិ​តំបន់​ពិសេស​ហុងកុង លោកស្រី Carrie Lam និង​មេដឹកនាំ​ថ្មី John Lee ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នៅក្នុង​ថ្ងៃនេះ។

    ទង់ជាតិ​របស់ ប្រទេស​ចិន ត្រូវបាន​បង្ហូត​ឡើង ក្នុងពេលដែល​ឧទ្ធម្ភាគចក្រ​ភ្ជាប់​មាន​បដា​ពាក្យស្លោក ហោះ​ឆ្លងកាត់​មជ្ឈមណ្ឌល​សន្និបាត។

    ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង មិន​ចូលរួម​ក្នុង​ពិធី​លើក​ទង់ជាតិ​នេះ។ ក្រុមមន្ត្រី​ហុងកុង មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ដំណើរ ក៏ដូចជា​វត្តមាន​រប​ស់លោក ស៊ី ព្រោះតែ​ដើម្បី​ការពារ​សន្តិសុខ។

    តាម​គម្រោង ព្រឹត្តិការណ៍​នេះ​នឹងមាន​ការចូលរួម​ពី ប្រធានាធិបតី ស៊ី ជីន​ពីង ផងដែរ។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​លោក​ចាក​ចេញពី ចិនដីគោក រាប់​ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ ២០១៩។ ដំណើរ​ទស្សនកិច្ច​ចុងក្រោយបង្អស់​របស់លោក ស៊ី ជីន​ពីង ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១៧ គ្រា​ដែល​លោក​ចូលរួម​ព្រឹត្តិការណ៍​ខួប​គម្រប់ ២០ ឆ្នាំ ដែល ហុងកុង ត្រូវបាន​ប្រគល់​មកឱ្យ ប្រទេស​ចិន និង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក​ស្រី Carrie Lam។

    ប្រភពព័ត៌មាន​ពី អាជ្ញាធរ​ក្រុង​ហុងកុង បានឱ្យដឹងថា សមត្ថកិច្ច​បាន និង​កំពុង​រឹប​បន្តឹង​សន្តិសុខ​ជាពិសេស ដើម្បី​ធានា​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ។