Author: វល័ក្ខ

  • មន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ផលិតសារអប់រំពីផលប៉ះពាល់បណ្ដាលមកពីពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី

    មន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ផលិតសារអប់រំពីផលប៉ះពាល់បណ្ដាលមកពីពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះនៅក្នុងខណៈពេលឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

    មន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ផលិតសារអប់រំពីផលប៉ះពាល់បណ្ដាលមកពីពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី

    ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូ ដែលជុំវិញនឹងសុខភាពប្រជាពលរដ្ឋ ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក និងជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។

    ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ សូមជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ៕

  • ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    ភ្នំពេញ៖ នៅចុងខែមករា ២០២៥ខាងមុខ ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នឹងត្រូវបានដាក់ឱ្យដំណើរការ។

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មី ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

    ផ្លូវថ្មើជើងនេះមានគម្រោងយូរមកហើយ តែអាស្រ័យដោយស្ថានភាពជួបការលំបាក ដូចជាជំងឺកូវីដ១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណា រាជរដ្ឋាភិបាលបានណែនាំឲ្យខិតខំអនុវត្តឲ្យសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ សម្រួលការកកស្ទះចរាចរណ៍ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    លោកអភិបាលរាជធានី បានបញ្ជាក់ ដើម្បីឲ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូង គឺបើកផ្លូវថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ, ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅលើតម្រាយផ្លូវនេះឲ្យបានល្អ ដែលធានាថាគម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕

  • ដំណើរកម្សាន្តលើកទី18 នៃមហាគ្រួសារ FORD ប្រចាំឆ្នាំ2024 ផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យដល់អតិថិជនជាមួយដំណើរកម្សាន្តបែបផ្សងព្រេងឆ្ពោះទៅក្រុងប៉ាកសេ ប្រទេសឡាវ

    ដំណើរកម្សាន្តលើកទី18 នៃមហាគ្រួសារ FORD ប្រចាំឆ្នាំ2024 ផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យដល់អតិថិជនជាមួយដំណើរកម្សាន្តបែបផ្សងព្រេងឆ្ពោះទៅក្រុងប៉ាកសេ ប្រទេសឡាវ

    នេះគឺជាលើកទី 18 ហើយ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្ត FORD មកកាន់ទីផ្សារប្រទេសកម្ពុជាបានរៀបចំដំណើរកម្សាន្តបោះជំរំរបស់មហាគ្រួសារអតិថិជនរថយន្ត FORD ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ ដំណើរកម្សាន្តបែបផ្សងព្រេងដ៏សប្បាយរីករាយនេះគឺពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធំជាងមុន ដោយនៅក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុនបានបំបែកកម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំនេះជា 2វគ្គ ដែលមានរយៈពេល3 យប់ 4ថ្ងៃ ដោយវគ្គទីមួយចេញដំណើរនៅថ្ងៃទី 12 ដល់ថ្ងៃទី 15 ខែធ្នូ និងវគ្គទី 2 ចេញដំណើរពីថ្ងៃទី 19 ដល់ថ្ងៃទី 22 ខែធ្នូ ដោយសរុបទាំង 2ជើងនេះ មានក្បួនរថយន្ត FORD ចូលរួមសរុបជាង 200គ្រឿង លាយចម្រុះគ្រប់ម៉ូដែលនៃរថយន្ត FORD ដែលមានដូចជា ប្រភេទរថយន្ត Ford Ranger Wildtrak, Ford Ranger XLT, Ford Ranger Raptor ដែលជាប្រភេទរថយន្ត Pick-up និងរថយន្តប្រភេទ SUV មានដូចជាម៉ូដែល Ford Everest, Ford Territory និងរថយន្ត Ford Ecosport ជាដើម ដែលសរុបអ្នកចូលរួមទាំងអស់ប្រមាណជាជាង1,000នាក់ ដោយធ្វើដំណើរជាក្បួនដ៏ឱឡារិកចេញដំណើរពីរាជធានីភ្នំពេញនាពេលព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយបោះជំរំស្នាក់នៅក្នុងខេត្តស្ទឹងត្រែង1យប់ រួចក្បួនរថយន្ត FORD ក៏បានបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ាកសេ ស្ថិតក្នុងទឹកដីនៃប្រទេសឡាវ ដោយបោះជំរំស្នាក់នៅទីនោះរយៈពេល2យប់។

    គួរបញ្ជាក់ផងដែរថា ដំណើរកម្សាន្តដ៏សែនរីករាយនេះបានរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដោយ​សហការជាមួយធនាគារ BSP Finance PLC., ធនាគារ KB Daehan (KB Daehan Specialized Bank Plc.,) ដែលជាធនាគារផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អនៅក្នុងប្រទេសកម្ពុជា, ក្រុមហ៊ុន Hanuman Beverage Co.,​ Ltd. និង​មានការ​ចូលរួមសហការ​ឧបត្ថម្ភ​ពី​​ក្រុមហ៊ុន EFG (Express Food Group) ដែល​មានដូចជា ហាង The Pizza Company, ភោជនីយដ្ឋាន​ស៊ុប និងសាច់​អាំង Bar-B-Q Plaza, ហាងកា​រ៉េ​ម Dairy Queen, ហាងការ៉េម Swensens, ហាងនំ Krispy Kream Donut, ទឹក​ផ្លែ​ឈើ Boost, តែ​គុ​ជ Kamu.Kamu, ហាង​នំ​បុ័ង Tour Les Jours, ក្រុមហ៊ុនធានារ៉ាប់រង CB General Insurance និង ធនាគារ AEON Specialized Bank (Cambodia) PLC.។

    បើយោងតាមប្រសាសន៍របស់លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃរថយន្ត FORD របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានឱ្យដឹង​ថា ជារៀងរាល់ឆ្នាំក្រុមហ៊ុនតែងតែរៀបចំដំណើរកម្សាន្តជាលក្ខណៈគ្រួសារធំនេះឡើងក្នុងគោលបំណងធំគឺ ជាការថ្លែងអំណរគុណទៅដល់អតិថិជនរថយន្ត FORD ទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ចង់ឱ្យអ្នកចូលរួមទាំងអស់ដែលជាសមាជិកគ្រួសាររថយន្ត FORD បានជួបជុំគ្នាជាលក្ខណៈគ្រួសារធំ បានស្គាល់គ្នា និងអាចផ្លាស់ប្តូរធួរកិច្ចគ្នាទៅវិញទៅមក ព្រមទាំងទទួលបាននូវបទពិសោធន៍ក្នុងការធ្វើដំណើរជាក្បួនរថយន្តជាច្រើនរហូតដល់ជាង200គ្រឿង និងបទពិសោធន៍ថ្មីក្នុងការបោះជំរំគេងជុំគ្នាបែបលក្ខណៈផ្សងព្រេងផងដែរ។

    ដំណើរកម្សាន្តមហាគ្រួសារ FORD ឬ FORD Adventure ឆ្នាំ2024នេះ ពិតជាធំ និងមានអ្នកចូលរួមច្រើនខ្លាំងណាស់ ដោយគ្រប់អតិថិជនរបស់រថយន្ត FORD ទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការចូលរួមនៅក្នុងកម្មវិធីដំណើរកម្សាន្តដ៏រីករាយនេះ ដោយគ្រាន់តែលោកអ្នកធ្វើការចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា នោះលោកអ្នក និងក្រុមគ្រួសារនឹងទទួលបាននូវបទពិសោធន៍ថ្មីជាមួយការបើកបររយន្ត FORD ឆ្លងប្រទេសយ៉ាងមានទំនុកចិត្ត និងមានសុវត្ថិភាពជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ ចំពោះកម្មវិធីកម្សាន្តសប្បាយៗ ដែលមាននៅក្នុងដំណើរកម្សាន្ត FORD Adventure ក្នុងឆ្នាំ2024នេះ មានដូចជា ការបោះជំរំគេងជុំគ្នា ការជិះរថយន្ត FORD ជាក្បួនដ៏អស្ចារ្យឆ្លងខេត្ត ឆ្លងប្រទេស ទៅទស្សនានៅតាមរមណីដ្ឋានទឹកធ្លាក់ ខនផាក់ផេង (Khone Phapheng Waterfall), ទឹកធ្លាក់ Tad Gneuang និងប្រាសាទវត្តភូនៅលើទឹកដីប្រទេសឡាវ ហើយតាមរយៈការធ្វើដំណើរបែបផ្សងព្រេងនេះ អតិថិជន FORD ទាំងអស់ក៏ទទួលបាននូវបទពិសោធថ្មីក្នុងការបើកបរលើប្រភេទផ្លូវដែលមានភាពបត់បែនច្រើន ផ្លូវគ្រួស និងការបើកបររថយន្តជាក្បួនដែលមានរហូតដល់ជាង130រថយន្តក្នុងមួយជើងៗ ដោយមានរថយន្តសារ៉ែននាំផ្លូវ និងហែហមយ៉ាងអធិកអធមផងដែរ។ អ្វីដែលកាន់តែពិសេស និងជាការចងចាំមិនអាចបំភ្លេចបានរបស់សមាជិកគ្រួសារ FORD នោះគឺ កម្មវិធីកម្សាន្តជួបជុំគ្នានាពេលរាត្រី ដោយមានការច្រៀងរាំលេងកម្សាន្តជួបជុំគ្នាយ៉ាងសប្បាយរីករាយ ពេញដោយភាពស្និតស្នាល និងពោរពេញដោយការចងចាំល្អៗមិនអាចបំភ្លេចបាន។

    គួររំឭកផងដែរថា គ្រប់កម្មវិធីដំណើរកម្សាន្តមហាគ្រួសារ FORD ជារៀងរាល់លើកគឺក្រុមហ៊ុនមិនដែលរំលងនោះទេ ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជានិច្ច ដើម្បីជាការចូលរួមជួយដល់ប្រទេសជាតិ និងជួយដល់ជនទុរគត ដែល​កំពុងជួបការលំបាកនៅក្នុងជីវភាពរស់នៅរបស់ពួកគេ។ ការផ្សារភ្ជាប់ភាពរីករាយនៃដំណើរកម្សាន្ត ជាមួយនឹងការងារសប្បុរធម៌បែបនេះ គឺជាការបណ្តុះគំនិតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យចេះជួយគ្នាទៅវិញទៅមក ឱ្យមានសេចក្តីសន្តោសប្រណីដល់ជនទីទាល់ក្រ និងឱ្យពួកគេចេះស្រឡាញ់រាប់អានគ្នាដោយមិនរើសអើងឋានៈទាបខ្ពស់ផងដែរ។

    ព្រឹត្តិការណ៍ដំណើរកម្សាន្តមហាគ្រួសារ FORD ឬ FORD Adventure ឆ្នាំ2024នេះ គឺពិតជាអស្ចារ្យខ្លាំងណាស់ ហើយអ្នកចូលរួមទាំងអស់ក៏ពេញចិត្តចំពោះការរៀនចំ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ក្រុមការងារនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជាខ្លាំង ទាំងកន្លែងដើរលេងកម្សាន្ត ទាំងកន្លែងស្នាក់នៅ ទាំងអាហារហូបចុក ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗពេញរយៈពេល4ថ្ងៃ 3យប់នេះ គឺពិតជាសប្បាយរីករាយ និងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើន នេះគឺជាកាដូដ៏មានអត្ថន័យបំផុតរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជូនទៅដល់អតិថិជនដែលតែងតែគាំទ្ររថយន្ត FORD៕

  • កម្មវិធីសម្ពោធ និងចាក់បញ្ចាំងខ្សែភាពយន្តខ្មែរបែបយុវវ័យសម័យថ្មីរឿង “ព្រានស្នេហ៍ ឬ Bad Boy”

    កម្មវិធីសម្ពោធ និងចាក់បញ្ចាំងខ្សែភាពយន្តខ្មែរបែបយុវវ័យសម័យថ្មីរឿង “ព្រានស្នេហ៍ ឬ Bad Boy”

    ខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boyគឺជាប្រភេទខ្សែភាពយន្តខ្មែរ បែបមនោសញ្ចេតនា ស្នេហាយុវវ័យ និងកំប្លែង ដែលសាច់រឿងនេះបានបង្ហាញពីបេសកម្មរបស់តួអង្គប្រុស ដារ៉ុង (ដែលសម្តែងដោយ លោក សាន់នី សុខ) ក្នុងការតាមញ៉ែតួអង្គស្រីឱ្យបានក្នុងយៈពេល៧ថ្ងៃ។

    ខ្សែភាពយន្តនេះ លើកឡើងពីប្រវត្តិស្នេហាមួយ ដែលកើតចេញពីការភ្នាល់គ្នារវាង ដារ៉ុង និងមិត្តសំលាញ់របស់ខ្លួន គឺធ្វើយ៉ាងណាដើម្បីតាមញ៉ែតួអង្គស្រីយើងដែលមានឈ្មោះថា ភួង ដែលជានារីស៊ីវីល័យដ៏ស្រស់ស្អាត ឆ្នាស់ និងមានចិត្តរឹងដូចដែក ឱ្យបានក្នុងយៈពេល៧ថ្ងៃ។ ការភ្នាល់គ្នានេះ ធ្វើឡើងនៅក្នុងពិធីខួបកំណើតមួយ ដែលតួអង្គ ដារ៉ុង បានជួបជាមួយ តួអង្គស្រី ភួង ជាលើកដំបូង។

    ចំណែក ដារ៉ុង ដែលរាល់គ្នាស្គាល់ថាជាបុរសសម្បូរស្នេហ៍ មានសំដីផ្អែម និងជាព្រានស្នេហ៍ជោគជ័យមិនដែលចាញ់ ថាតើអាចស៊ូ និងយកឈ្នះចិត្តរបស់ ភួង បានជោគជ័យ ឬយ៉ាងណា ចម្លើយទាំងនេះ នឹងបង្ហាញនៅក្នុងខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boy”

    ខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boyនេះត្រូវបាននិពន្ធ និងផលិតឡើងយ៉ាងសម្រឹតសម្រាំងបំផុត ដោយផលិតកម្ម អេហ្សិត អ៊ីនធឺធេនមិន (AZ Entertainment) និងផលិកម្ម រាហ៊ូ ប្រូដាក់សិន (Reahu Production) ដែលភាពយន្តនេះគឺជាប្រភេទរឿងខ្មែរយើង ផលិតដោយផលិតករជនជាតិខ្មែរ តួសម្តែងសុទ្ធសឹងជាយុវជន និងយុវនារីខ្មែរយើង ដែលពេញដោយទេពកោសល្យក្នុងការសម្តែងយ៉ាងសម និងចូលតួល្អណាស់ សូមកោតសរសើរ គឺនៅក្នុងសាច់រឿងមួយរឿងពេញនេះគឺមានគ្រប់រសជាតិនៃជីវិតយុវវ័យ ដែលភ្លើតភ្លើនជាមួយនឹងស្នេហា មានទាំងយុទ្ធឆាកបែបមនោសញ្ចេតនា ទាំងកំប្លែង ទាំរន្ធត់ ទាំងការចោទជាចម្ងល់ និងឈុតឆាកកំសត់ផងដែរ ជាសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍តាំងពីចាប់ផ្តើមរឿងរបហូតដល់វគ្គបញ្ចប់សាច់រឿង សំខាន់នៅវគ្គបញ្ចប់នៃសាច់រឿងនៅតែធ្វើឱ្យទស្សនិកជនយើងមានចម្ងល់ និងចង់ដឹងពីសាច់រឿងជាបន្តទៀត សូមសរសើរអ្នកនិពន្ធសាច់រឿង និងអ្នកដឹកនាំសម្តែងដាក់អន្ទាក់អ្នកទស្សនាសាហាវ។

    សូមសរសើរមួយទៀតគឺ អ្នកនិពន្ធ និងអ្នកដឹកនាំថតរឿង ព្រានស្នេហ៍ ឬ Bad Boyបាននាំអារម្មណ៍ទស្សនិកជនយើងឱ្យប្លែកអារម្មណ៍បន្ថែមទៀតគឺបន្ថែមពីលើជីវិតដ៏ស៊ីវីល័យនាពេលរាត្រីរបស់យុវវ័យសម័យថ្មី និងទិដ្ឋភាពនៅក្នុងទីក្រុងភ្នំពេញដ៏ស្រស់ឆើតឆាយហើយនោះ ក៏មានការបញ្ចូលនូវទស្សនីយភាពដ៏ស្រស់ត្រកាលនៃទីរមណីយដ្ឋានបែបធម្មជាតិនៅក្នុងស្រុកយើងមួយកន្លែងទៀតគឺនៅកោះរុង ដោយតាមរយៈសាច់រឿងនេះបាននាំអារម្មណ៍របស់ទស្សនិកជនទាំងអស់ឱ្យបណ្តែតអារម្មណ៍ដូចបានរួមដំណើរកម្សាន្តទៅកាន់កោះរុង នៃខេត្តព្រះសីហនុជាមួយតួអង្គរបស់យើងដែរ ពិតជាពិសេសមែនទែន ជាខ្សែភាពយន្តដ៏ល្អប្រចាំឆ្នាំ២០២៤នេះតែម្តង។

    កម្មវិធីសម្ពោធ និងចាក់បញ្ចាំងខ្សែភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boy នេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅរោងភាពយន្ត Major Cineplex Aeon Mean Chey។ ភាពយន្តនេះផងដែរ ក៏នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ នៅគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា។

    លោក ជុំ សុភា អ្នកដឹកនាំភាពយន្តរឿង ព្រានស្នេហ៍ ឬ Bad Boyបានលើកឡើងថា រឿងនេះធ្វើឡើងមិនត្រឹមតែផ្តល់នូវការកម្សាន្តទៅដល់ទស្សនិកជនប៉ុណ្ណោះទេ តែក៏ជាការផ្តល់ជាគំនិតទៅដល់មិត្តយុវវ័យខ្មែរយើង ឱ្យពួកគាត់បានយល់អំពីតម្លៃនៃសេចក្តីស្រឡាញ់ និងភាពឆ្លាតវៃក្នុងការបញ្ចេញនូវអារម្មណ៍ស្រឡាញ់របស់ខ្លួន ក៏ដូចជាទទួលនូវសេចក្តីស្រឡាញ់ពីនរណាម្នាក់ផងដែរ កុំចាត់ទុកស្នេហាជាល្បែងសម្រាប់លេងសើចចង់ឈ្នះចង់ចាញ់គ្នា។

    លោកបានបន្ថែមទៀតថា ភាពយន្តនេះ ក៏បានចូលរួមចំណែកលើកម្ពស់វិស័យទេសចរណ៍ជាតិ ដែលជាវិស័យដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិយើងទាំងមូលផងដែរ តាមរយៈការផ្តិតយកនូវទីកន្លែងទេសចរណ៍ដ៏ស្រស់ស្អាតនានានៅក្នុងតំបន់កោះរុង ក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាយើង សូមប្រជាជនខ្មែរយើង ជួយគាំទ្រ និងធ្វើដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋានក្នុងស្រុកយើងឱ្យបានផុសផុលថែមទៀត ដើម្បីឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនខ្មែរយើងបានល្អប្រសើរឡើង។

    កុំភ្លេចមកជួយគាំទ្រខ្សែភាពយន្តខ្មែរយើងរឿង ព្រានស្នេហ៍ ឬ Bad Boyឱ្យបានច្រើនកុះករណា៎អ្នកទាំងអស់គ្នា មួយរឿងនេះពិតជាមិនធ្វើឱ្យទស្សនិកជនយើងខកបំណងឡើយ មានគ្រប់រសជាតិនៃជីវិតតែម្តង!

  • ស្ពានអាកាសមរតកតេជោ ជាន់ទី១ ត្រូវបានតភ្ជាប់រួចរាល់ហើយ

    ស្ពានអាកាសមរតកតេជោ ជាន់ទី១ ត្រូវបានតភ្ជាប់រួចរាល់ហើយ

    ភ្នំពេញ ៖ ស្ពានអាកាសមរតកតេជោ​ ជាន់ទី១ បានរៀបចំពិធីតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ធ្នូ ២០២៤ ហើយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។

    ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ៕

  • ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា

    ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន។

    ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។

    មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

    ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកស្រីបានជម្រាបជូនថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

    ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕

  • រយៈពេល​១១ខែ អគារ​ជាប់គាំងជាង​១០០​គម្រោងនៅក្រុងព្រះសីហនុ​ ត្រូវបាន​ដោះស្រាយ​ និង​​ដំណើរការ​ឡើងវិញ​

    រយៈពេល​១១ខែ អគារ​ជាប់គាំងជាង​១០០​គម្រោងនៅក្រុងព្រះសីហនុ​ ត្រូវបាន​ដោះស្រាយ​ និង​​ដំណើរការ​ឡើងវិញ​

    ព្រះសីហនុ ៖ គិតចាប់ពី​ខែមករា​ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ២០២៤ គម្រោងពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង​ ចំនួន​១០៣​គម្រោង ត្រូវបាន​អនុ​គ្រោះ​ សម្រួល​នីតិវិធី និង​ដោះ​ស្រាយ​វិវាទ ដើម្បី​ឱ្យ​ដំ​ណើរ​ការឡើងវិញ ។ នេះ​បើ​តាម​សេ​ចក្ដីប្រកាសព័ត៌មាន​របស់​ក្រុម​ការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៤ ។​

    យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើ​នេះបានឱ្យដឹងថា គម្រោងពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​ទាំង​១០៣ គម្រោងនេះ ស្មើនឹង​៤៨ភាគរយ​នៃ​គម្រោង​​ពាក់ព័ន្ធនឹងអគារ​ជាប់គាំង​សរុប មានទឹកប្រាក់​ប្រមាណ ២ ៥១០លា​ន​ដុ​ល្លា​រ​​​​អា​មេរិក ដែលប៉ាន់​ស្មាន​ថា​អាច​បង្កើត​ការងារ​បាន​​ចំនួនជាង​៤ពាន់​​កន្លែង ។​

    ក្នុង​រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤​នេះដែរ ក្រុមការងារ​ជំរុ​ញ​ការ​វិនិយោគ​ក្នុ​ងខេត្តព្រះសីហនុ បាន​សម្រេច​ជាគោលការណ៍​ផ្ដល់​ការ​លើកទឹកចិត្ត​ ការ​អនុគ្រោះ ​ការ​សម្រួល​នីតិវិធី​ដោះស្រាយ​វិវាទ​ ចំនួន​២១៣គម្រោង​ ស្មើនឹង​២១៣ភាគរយ​លើស​គោលដៅ​សូចនាករកម្មសិទ្ធិ​ ដែល​បាន​កំណត់​ត្រឹម១០០​គម្រោង​ និង​មា​នទុ​នវិ​និយោ​គ​រហូតដល់ ​៦ ០២៦​លានដុល្លារអាមេរិក លើស​សូចនាករ​សមិទ្ធផល​ដែល​បានកំណត់​ត្រឹម​ ១០០០​លាន​​​ដុល្លារអាមេរិក ។

    ក្រៅពីនេះ ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ក៏បាន​ដោះស្រាយ​សម្របសម្រួល​ការ​វិនិយោគ​នូវ​គម្រោង​អគារ​ពុំ​ពាក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណ​ ២ ៦៩៩​លាន​ដុល្លារ​អាមេរិក  ដែល​ប៉ាន់​ស្មានថា​អាច​បង្កើត​ការ​ងារ​​បានចំនួន ៣ម៉ឺន​កន្លែង គម្រោងពង្រីក​ការ​វិនិយោគ​ចំនួន​ ១៧គម្រោង មានទុនវិនិយិោគ​ប្រមាណ​ ៧៦៨​លាន​ដុល្លារ​អា​មេ​រិក និង​គម្រោ​ង​វិនិយោគ ធុរកិច្ច​ដែល​មានស្រាប់ចំនួន៧គម្រោង​ មានទុនវិនិយោគ​ប្រមាណ​៣០​លានដុល្លារអាមេរិក ។​

    ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ ​បានថ្លែង​ថា​គម្រោង​អគារ​ជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​បានចាប់ផ្ដើម​ដំណើរការ​ជា​បន្ត​បន្ទា​ប់​​ឡើងវិញហើយក្នុងឆ្នាំ២០២៤ បន្ទាប់មានការ​ដាក់ចេញ​នូវ​កម្ម​វិ​ធី​ពិ​សេ​​ស​​​ជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ដើមឆ្នាំ២០២៤​ ។

    ទន្ទឹមនឹង​នេះ ក៏មានគម្រោង​វិនិយោគ​ថ្មីៗមួយចំនួន​ បាន​បោះទុនវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ និងធ្វើ​ឱ្យ​សកម្មភាព​នៃការ​វិនិយោគ ការសាង​​សង់​​អគារ​នៅក្នុង​ខេត្តព្រះ​សីហនុ​ ចាប់ផ្ដើម​មានសកម្មភាពមមាញឹក​ឡើង​វិញ​ ។​

    គួ​របញ្ជាក់ថា គម្រោង​ដែល​ត្រូវ​បានក្រុមការ​ងារ​ជំរុញការវិនិយោគ​ដោះស្រាយ​និងសម្រួល​ គ្របដណ្ដប់​លើ​វិស័យសំខាន់ៗរួមមាន​ វិស័យ​អច​លនទ្រព្យ ដូចជាអគារ​ពហុមុខ​ងារ និងគម្រោងអភិវឌ្ឍន៍​លំនៅឋាន ​មាន​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ ២ ១៥៥​លាន​ដុល្លារ​អាមេរិក វិស័យ​ទេសចរណ៍​មាន​ចំនួន​៦០​គម្រោង មានទុនវិនិយោគ​ប្រមាណ​២ ១៨១​លានដុល្លារអាមេរិក​ ឧស្សាហកម្ម​ចំនួន ៣៥​គ​ម្រោ​ង មាន​ទុន​វិនិ​យោគ​ចំ​នួន  ១ ១៩០លានដុល្លារអាមេរិក និង​វិស័យ​ផ្សេងទៀត​​មានចំនួន ៣២គម្រោង និងមានទុនវិនិយោគ​ចំនួន ២​៣៧​លានដុល្លារអាមេរិក​ ៕

  • សេចក្តីជូនដំណឹង

    សេចក្តីជូនដំណឹង

    ក្រុមហ៊ុន Lan Property Co. Ltd ដែលមានអាស័យដ្ឋាននៅផ្ទះលេខ 1-2, ផ្លូវ 289, សង្កាត់បឹងកក់ទី1, ខណ្ឌទួលគោក រាជធានីភ្នំពេញ

    សូមជូនដំណឹងអំពីការបញ្ឈប់សកម្មភាពអាជីវកម្មចាប់ពីកាលបរិច្ឆេទចុះផ្សាយ និងជូនដំណឹងនេះតទៅ។

    អាស្រ័យហេតុនេះ សូមអតិថិជន ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
    សូមអរគុណ!

  • ក្រសួង​រៀបចំ​ដែនដី​ ចាប់ផ្ដើម​ដាក់ឱ្យប្រើ​​សេវា​សាធារណៈ​តាមអនឡាញ ​​នៅតាមបណ្ដាខេត្ត​-ក្រុង ជា​បន្តបន្ទាប់​

    ក្រសួង​រៀបចំ​ដែនដី​ ចាប់ផ្ដើម​ដាក់ឱ្យប្រើ​​សេវា​សាធារណៈ​តាមអនឡាញ ​​នៅតាមបណ្ដាខេត្ត​-ក្រុង ជា​បន្តបន្ទាប់​

    ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យ​ដំណើរការ​សាកល្បងនូវ​សេវាសាធារណៈអនឡាញ​​ចំនួន ៤​ រួម​មាន ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​ ចាប់​ពី​​ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តើមដំបូងពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយជាលទ្ធផលត្រឹមតែនៅរាជធានីភ្នំពេញ មាន​ប្រតិបត្តិការ​តាម​អន​ឡាញ ចន្លោះពី ​១៥០​ ទៅ ​២៥០ ​ប្រតិបត្តិការ​ក្នុងមួយថ្ងៃ និង​អាច​​រកចំណូល​បានចន្លោះពី ១៥ ០០០​ដុល្លារ ​ទៅ ៣ម៉ឺនដុល្លារ​អា​មេ​រិក​​​ក្នុងមួយ​ថ្ងៃ ។

    នៅក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាលស្ដីពីការ​ដាក់ឱ្យប្រើប្រាស់​សេវាសាធារណៈចំនួន​៤ របស់​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងការ​អនុវត្ត​សាកល្បង​ចាប់​តាំង​ពី​ខែកក្កដា ដល់​ខែធ្នូ​ ឆ្នាំ២០២៤​នេះ ​មាន​ប្រជា​ពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់សេវា​តាមអនឡាញក្នុង​មួយថ្ងៃ មាន​១៥០​ ប្រតិ​បត្តិ​ការ​​ ទៅ​ ២៥០​ប្រតិបត្តិការ ​ហើយចំណូល​ដែលទទួលបានពីការ​ស្នើ​សុំ​នេះ មានចំនួនចន្លោះពី ១៥០០០ដុល្លារ​ ទៅ ​៣០០០០​ដុល្លារ​អា​មេ​រិក​​ផងដែរ​ក្នុងមួយថ្ងៃ ។

    លោក​ជំទាវ​បានបន្តថា​ ៖ «របាយការណ៍នេះ គឺគ្រាន់តែមន្ទីរ​នៅរាជធានីភ្នំពេញមួយប៉ុណ្ណោះ និងជា​មន្ទីរដែល​មានការ​ស្នើសុំ​ ឬក៏ប្រើ​ប្រាស់​សេវា​​តាមអនឡាញនេះច្រើន។ ​ជាមួយគ្នា​នេះដែរ យើងឃើញថា ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ និងសូរិយោដី ខេត្ត​សៀម​រាប ​ក៏​ចាប់​ផ្ដើម​​មានកា​រប្រើប្រាស់សេវាអនឡាញរបស់​ក្រសួង​ផងដែរ ដោយក្នុងមួយថ្ងៃ​យ៉ាង​តិច​ក៏មាន ៤​ ទៅ ៥​ ប្រតិបត្តិការ ដោយថ្ងៃខ្លះអាចឡើង​ដល់ ២០ ​​ប្រតិបត្តិការ​ក៏មានដែរ»។

    លោកជំទាវបាន​បញ្ជាក់ឱ្យដឹងថា ក្រោយ​ការ​ដាក់ឱ្យអនុវត្ត​បានសង្កេតឃើញថា ​មន្ទីរ​ដែនដីទាំងពីរ (ភ្នំពេញ និង​ខេត្តសៀមរាប​) បាន​ឈានទៅមុខ​ជា​បន្ត​បន្ទាប់​​​ហើយ ។ ការអនុវត្តន​នេះ នឹងឈានទៅ​រកការ​កែប្រែ ​​និងបំពេញ​បន្ថែម​នូវ​កង្វះខាត​ ហើយក៏សូមឱ្យមានការ​ចូល​រួម​ទាំង​អស់​គ្នា​ពី​មន្ត្រី​ពាក់ព័ន្ធ ដើម្បីឱ្យការ​ប្រើប្រាស់​សេវា​តាម​អនឡាញនេះទទួលបានជោគជ័យ ។

    នៅក្នុងបទបង្ហាញរបស់​ ឯកឧត្តម​ គិត ច័ន្ទគ្រឹស្នា​ អនុរដ្ឋ​លេខាធិកា​រក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំ​ណង់​ និងជា​ប្រធាន​ក្រុម​ការ​ងារ​​បរិវត្ត​ឌីជីថល​ បានឱ្យដឹងផងដែរថា ផែនការ​នៃសេវា​អនឡាញ​ ប្រព័ន្ធ​លក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ ​របស់ក្រសួង​ដែនដី នឹង​​ដាក់ឱ្យ​ប្រើប្រាស់​នៅតាមបណ្ដា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ និង​ឱ្យ​បាន​គ្រ​ប់​ខេត្ត​ទូទាំង​ប្រទេស​ត្រឹមដើម​សប្ដាហ៍ទី​១ ឆ្នាំ ២០២៥​ខាងមុខនេះ។

    ឯកឧត្តម​បន្តថា សម្រាប់ខែធ្នូ​ ឆ្នាំ២០២៤ ​នឹង​ដាក់ឱ្យបាន​១៨ រាជធានី/ខេត្ត ហើយ​នៅសល់​៦ខេត្ត​ទៀត​នឹង​ត្រូវ​បញ្ចប់​នៅ​​សប្ដាហ៍ទី​១ នៃ​ខែ​​​មករា ឆ្នាំ២០២៥​ ។ សម្រាប់​សប្ដាហ៍នេះ ក្រសួង​មានផែនការ​ដាក់ឱ្យ​ប្រើប្រាស់សេវា​សាធារណៈអនឡាញ នៅខេត្ត​ចំនួន៥​បន្ថែម​ទៀត រួមមាន​ខេត្ត​កណ្ដាល ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្តឧត្តរមានជ័យ ។

    បើតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​​ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មាន​អ្នកចុះឈ្មោះប្រើសេវាសរុបចំនួន ១៨៦០គណនី ហើយ​​​មាន​កា​រប្រើ​ប្រា​ស់សេវា​សាធា​រ​ណៈអ​​នឡា​​ញ​នេះ​ ​ស​​រុប​ចំ​​នួន​ ​១​៣ ៧៥៧លើក ។ ក្នុងនោះ ចាប់ពីខែសីហា ដល់ខែធ្នូនេះ ក្នុង​ភូមិ​​​​សាស្រ្តរាជធានីភ្នំពេញ មានការប្រើប្រាស់ចំនួន ១៣ ៥៤៩លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ៧៦០៤លើក ហ៊ីប៉ូតែ​ក​​ចំនួន ៤២៦៩លើក និងលុបបន្ទុកចំនួន ១៦៧៦លើក។ ចំណែកនៅខេត្តសៀមរាប ចាប់ពីដើមខែវិច្ឆិកាមក មា​ន​ការ​ប្រើ​ប្រាស់​សរុប​ចំនួន ២០៨លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ១០៩​លើ​ក​, ហ៊ីប៉ូ​​តែ​ក មាន​ចំនួន ៧១លើក និងលុបបន្ទុកចំនួន ២៨លើក ៕

  • ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

    ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

    ភ្នំពេញ ៖ នៅក្នុង​រយៈ​ពេល​១០ ឆ្នាំ២០២៤ រាជ​ធានីភ្នំពេញ ទទួលបានគម្រោង​សាងសង់​ចំនួន ​​៥១៦គម្រោង លើ​ផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង​ ២,៥៤​លាន​ម៉ែត្រ​​ក្រឡា ដែល​មានទំហំទុន​វិនិយោគ​ប៉ាន់​ស្មាន​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះបើតាមប្រសាសន៍ឯកឧត្តម​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ថ្លែង​នៅក្នុងពិព័រណ៍​ឧស្សាហ​កម្ម សំណង់អន្តរជាតិ​ ២០២៤ កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ។

    ឯកឧត្តម ឃួង ស្រេង ​បានមានប្រសាសន៍បញ្ជាក់ថា វិស័យ​សំណង់ក្នុង​រាជធានីភ្នំពេញ មានភាពរីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​បានបង្ហាញឱ្យ​ឃើញ​តាម​រយៈ​វត្ត​មាន​ទីក្រុង​រណប​ អ​គារ​​ពាណិជ្ជកម្ម​ អគារ​ស្នាក់​នៅរួម (ខុនដូ) សណ្ឋាគារ​ និងខុនដូ​ប្រណីត​ៗ ត្រូ​វបាន​សាង​សង់​ឡើង​​ជា​បន្តបន្ទាប់ ដែល​ជារួម​​នៅរាជធានីភ្នំពេញ មាន​​សំណង់ បុរី​ បណ្ដុំផ្ទះល្វែង ​ចំនួន ​៤៤៨​កន្លែង និង​អគា​រ​​ខ្ពស់​ៗចាប់ពី៥ជាន់ឡើង​មានចំនួន​ ១ ៨៤៩​អគារ ។​

    បើតាម​ឯកឧត្តម ឃួង ស្រេង​ បានឱ្យដឹងថា តាមរយៈការអនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ ឆ្នាំ២០៣៥ ដើម្បីធានាដល់ការ​ប្រើប្រាស់​ដីធ្លី​ និង​សក្ដា​នុពល​ដែលមានស្រាប់​ក្នុង​រាជធានីភ្នំពេញ​ប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់ រដ្ឋ​បាល​រាជធានីភ្នំពេញ បាន​បន្តជំរុញ​ការអនុវត្តនីតិ​វិធីចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈដាច់​ដោយដុំ​ និង​លក្ខណៈជា​ប្រព័ន្ធ​ ក្នុងនោះរយៈពេល​១០​ខែ ឆ្នាំ២០២៤​នេះ មន្ទីរជំនាញ​បាន​ប្រមូលទិន្នន័យ​ក្បាលដី​បាន​ចំនួន ៣៥.០៦២​ក្បាលដី ចុះបញ្ជីលើក​ដំបូង​តាមលក្ខណៈដាច់​ដោយ​ដុំ​បាន​ចំនួន៨៣​បណ្ណ និ​ងបានជំរុញ​ការ​ប្រមូល​ចំណូល​​ពន្ធ​ប្រថាប់ត្រា​បង់ចូល​ថវិកាជាតិ​ចំនួន ជាង​៧០​លានដុល្លារអាមេរិក​ ។​

    ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បាន​ណែ​នាំ​​ និងលើក​ទឹកចិត្ត​ទៅដល់​អ្នកសាងសង់​ទាំងអស់ ត្រូវ​គិតគូរឱ្យ​ច្បាស់លាស់​ពីតម្រូវការ​របស់ខ្លួនក្នុងកា​រសាងសង់អ្វីមួយ គប្បី​កំណត់​ពីអ្វីដែលជា​តម្រូវការ និងអ្វីដែលមិន​ត្រូវ​ការ ហើយគួរមក​ប្រើ​នូវ​សម្ភារៈសំណង់ដែលមានស្រាប់​នៅ​ក្នុង​ប្រទេស ជៀស​វាង​ការ​នាំចូល​ពី​ខាងក្រៅហួស​ហេតុ លើស​ពីតម្រូវការ ។

    ឯកឧត្តម​ក៏បានលើក​ទឹកចិត្ត​ឱ្យអ្នកសាងសង់​កែច្នៃរបស់ក្នុង​ស្រុក​ ដែលអាច​យកធ្វើជា​គ្រឿងបង្គុំ​នៃការ​សាងសង់​សំណង់ ពីព្រោះថា​របស់ខ្លះ​នាំចូលមក​ប្រើ ហើយនៅពេល​សាងសង់រួច​ក៏​ត្រូវ​បោះចោល​ ដូច្នេះ ​អាច​ងាកមក​មើលសម្ភារៈក្នុងស្រុកណាដែលអាច​ប្រើប្រាស់​ក្នុងការដ្ឋានសាងសង់​បាន គួរ​ប្រើ​​ដើម្បីលើក​តម្កើងរបស់ក្នុង​ស្រុក ៕