ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

ភ្នំពេញ ៖ នៅក្នុង​រយៈ​ពេល​១០ ឆ្នាំ២០២៤ រាជ​ធានីភ្នំពេញ ទទួលបានគម្រោង​សាងសង់​ចំនួន ​​៥១៦គម្រោង លើ​ផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង​ ២,៥៤​លាន​ម៉ែត្រ​​ក្រឡា ដែល​មានទំហំទុន​វិនិយោគ​ប៉ាន់​ស្មាន​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះបើតាមប្រសាសន៍ឯកឧត្តម​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ថ្លែង​នៅក្នុងពិព័រណ៍​ឧស្សាហ​កម្ម សំណង់អន្តរជាតិ​ ២០២៤ កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តម ឃួង ស្រេង ​បានមានប្រសាសន៍បញ្ជាក់ថា វិស័យ​សំណង់ក្នុង​រាជធានីភ្នំពេញ មានភាពរីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​បានបង្ហាញឱ្យ​ឃើញ​តាម​រយៈ​វត្ត​មាន​ទីក្រុង​រណប​ អ​គារ​​ពាណិជ្ជកម្ម​ អគារ​ស្នាក់​នៅរួម (ខុនដូ) សណ្ឋាគារ​ និងខុនដូ​ប្រណីត​ៗ ត្រូ​វបាន​សាង​សង់​ឡើង​​ជា​បន្តបន្ទាប់ ដែល​ជារួម​​នៅរាជធានីភ្នំពេញ មាន​​សំណង់ បុរី​ បណ្ដុំផ្ទះល្វែង ​ចំនួន ​៤៤៨​កន្លែង និង​អគា​រ​​ខ្ពស់​ៗចាប់ពី៥ជាន់ឡើង​មានចំនួន​ ១ ៨៤៩​អគារ ។​

បើតាម​ឯកឧត្តម ឃួង ស្រេង​ បានឱ្យដឹងថា តាមរយៈការអនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ ឆ្នាំ២០៣៥ ដើម្បីធានាដល់ការ​ប្រើប្រាស់​ដីធ្លី​ និង​សក្ដា​នុពល​ដែលមានស្រាប់​ក្នុង​រាជធានីភ្នំពេញ​ប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់ រដ្ឋ​បាល​រាជធានីភ្នំពេញ បាន​បន្តជំរុញ​ការអនុវត្តនីតិ​វិធីចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈដាច់​ដោយដុំ​ និង​លក្ខណៈជា​ប្រព័ន្ធ​ ក្នុងនោះរយៈពេល​១០​ខែ ឆ្នាំ២០២៤​នេះ មន្ទីរជំនាញ​បាន​ប្រមូលទិន្នន័យ​ក្បាលដី​បាន​ចំនួន ៣៥.០៦២​ក្បាលដី ចុះបញ្ជីលើក​ដំបូង​តាមលក្ខណៈដាច់​ដោយ​ដុំ​បាន​ចំនួន៨៣​បណ្ណ និ​ងបានជំរុញ​ការ​ប្រមូល​ចំណូល​​ពន្ធ​ប្រថាប់ត្រា​បង់ចូល​ថវិកាជាតិ​ចំនួន ជាង​៧០​លានដុល្លារអាមេរិក​ ។​

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បាន​ណែ​នាំ​​ និងលើក​ទឹកចិត្ត​ទៅដល់​អ្នកសាងសង់​ទាំងអស់ ត្រូវ​គិតគូរឱ្យ​ច្បាស់លាស់​ពីតម្រូវការ​របស់ខ្លួនក្នុងកា​រសាងសង់អ្វីមួយ គប្បី​កំណត់​ពីអ្វីដែលជា​តម្រូវការ និងអ្វីដែលមិន​ត្រូវ​ការ ហើយគួរមក​ប្រើ​នូវ​សម្ភារៈសំណង់ដែលមានស្រាប់​នៅ​ក្នុង​ប្រទេស ជៀស​វាង​ការ​នាំចូល​ពី​ខាងក្រៅហួស​ហេតុ លើស​ពីតម្រូវការ ។

ឯកឧត្តម​ក៏បានលើក​ទឹកចិត្ត​ឱ្យអ្នកសាងសង់​កែច្នៃរបស់ក្នុង​ស្រុក​ ដែលអាច​យកធ្វើជា​គ្រឿងបង្គុំ​នៃការ​សាងសង់​សំណង់ ពីព្រោះថា​របស់ខ្លះ​នាំចូលមក​ប្រើ ហើយនៅពេល​សាងសង់រួច​ក៏​ត្រូវ​បោះចោល​ ដូច្នេះ ​អាច​ងាកមក​មើលសម្ភារៈក្នុងស្រុកណាដែលអាច​ប្រើប្រាស់​ក្នុងការដ្ឋានសាងសង់​បាន គួរ​ប្រើ​​ដើម្បីលើក​តម្កើងរបស់ក្នុង​ស្រុក ៕

Leave a Comment