រយៈពេល​១១ខែ អគារ​ជាប់គាំងជាង​១០០​គម្រោងនៅក្រុងព្រះសីហនុ​ ត្រូវបាន​ដោះស្រាយ​ និង​​ដំណើរការ​ឡើងវិញ​

ព្រះសីហនុ ៖ គិតចាប់ពី​ខែមករា​ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ២០២៤ គម្រោងពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង​ ចំនួន​១០៣​គម្រោង ត្រូវបាន​អនុ​គ្រោះ​ សម្រួល​នីតិវិធី និង​ដោះ​ស្រាយ​វិវាទ ដើម្បី​ឱ្យ​ដំ​ណើរ​ការឡើងវិញ ។ នេះ​បើ​តាម​សេ​ចក្ដីប្រកាសព័ត៌មាន​របស់​ក្រុម​ការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៤ ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើ​នេះបានឱ្យដឹងថា គម្រោងពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​ទាំង​១០៣ គម្រោងនេះ ស្មើនឹង​៤៨ភាគរយ​នៃ​គម្រោង​​ពាក់ព័ន្ធនឹងអគារ​ជាប់គាំង​សរុប មានទឹកប្រាក់​ប្រមាណ ២ ៥១០លា​ន​ដុ​ល្លា​រ​​​​អា​មេរិក ដែលប៉ាន់​ស្មាន​ថា​អាច​បង្កើត​ការងារ​បាន​​ចំនួនជាង​៤ពាន់​​កន្លែង ។​

ក្នុង​រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤​នេះដែរ ក្រុមការងារ​ជំរុ​ញ​ការ​វិនិយោគ​ក្នុ​ងខេត្តព្រះសីហនុ បាន​សម្រេច​ជាគោលការណ៍​ផ្ដល់​ការ​លើកទឹកចិត្ត​ ការ​អនុគ្រោះ ​ការ​សម្រួល​នីតិវិធី​ដោះស្រាយ​វិវាទ​ ចំនួន​២១៣គម្រោង​ ស្មើនឹង​២១៣ភាគរយ​លើស​គោលដៅ​សូចនាករកម្មសិទ្ធិ​ ដែល​បាន​កំណត់​ត្រឹម១០០​គម្រោង​ និង​មា​នទុ​នវិ​និយោ​គ​រហូតដល់ ​៦ ០២៦​លានដុល្លារអាមេរិក លើស​សូចនាករ​សមិទ្ធផល​ដែល​បានកំណត់​ត្រឹម​ ១០០០​លាន​​​ដុល្លារអាមេរិក ។

ក្រៅពីនេះ ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ក៏បាន​ដោះស្រាយ​សម្របសម្រួល​ការ​វិនិយោគ​នូវ​គម្រោង​អគារ​ពុំ​ពាក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណ​ ២ ៦៩៩​លាន​ដុល្លារ​អាមេរិក  ដែល​ប៉ាន់​ស្មានថា​អាច​បង្កើត​ការ​ងារ​​បានចំនួន ៣ម៉ឺន​កន្លែង គម្រោងពង្រីក​ការ​វិនិយោគ​ចំនួន​ ១៧គម្រោង មានទុនវិនិយិោគ​ប្រមាណ​ ៧៦៨​លាន​ដុល្លារ​អា​មេ​រិក និង​គម្រោ​ង​វិនិយោគ ធុរកិច្ច​ដែល​មានស្រាប់ចំនួន៧គម្រោង​ មានទុនវិនិយោគ​ប្រមាណ​៣០​លានដុល្លារអាមេរិក ។​

ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ ​បានថ្លែង​ថា​គម្រោង​អគារ​ជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​បានចាប់ផ្ដើម​ដំណើរការ​ជា​បន្ត​បន្ទា​ប់​​ឡើងវិញហើយក្នុងឆ្នាំ២០២៤ បន្ទាប់មានការ​ដាក់ចេញ​នូវ​កម្ម​វិ​ធី​ពិ​សេ​​ស​​​ជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ដើមឆ្នាំ២០២៤​ ។

ទន្ទឹមនឹង​នេះ ក៏មានគម្រោង​វិនិយោគ​ថ្មីៗមួយចំនួន​ បាន​បោះទុនវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ និងធ្វើ​ឱ្យ​សកម្មភាព​នៃការ​វិនិយោគ ការសាង​​សង់​​អគារ​នៅក្នុង​ខេត្តព្រះ​សីហនុ​ ចាប់ផ្ដើម​មានសកម្មភាពមមាញឹក​ឡើង​វិញ​ ។​

គួ​របញ្ជាក់ថា គម្រោង​ដែល​ត្រូវ​បានក្រុមការ​ងារ​ជំរុញការវិនិយោគ​ដោះស្រាយ​និងសម្រួល​ គ្របដណ្ដប់​លើ​វិស័យសំខាន់ៗរួមមាន​ វិស័យ​អច​លនទ្រព្យ ដូចជាអគារ​ពហុមុខ​ងារ និងគម្រោងអភិវឌ្ឍន៍​លំនៅឋាន ​មាន​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ ២ ១៥៥​លាន​ដុល្លារ​អាមេរិក វិស័យ​ទេសចរណ៍​មាន​ចំនួន​៦០​គម្រោង មានទុនវិនិយោគ​ប្រមាណ​២ ១៨១​លានដុល្លារអាមេរិក​ ឧស្សាហកម្ម​ចំនួន ៣៥​គ​ម្រោ​ង មាន​ទុន​វិនិ​យោគ​ចំ​នួន  ១ ១៩០លានដុល្លារអាមេរិក និង​វិស័យ​ផ្សេងទៀត​​មានចំនួន ៣២គម្រោង និងមានទុនវិនិយោគ​ចំនួន ២​៣៧​លានដុល្លារអាមេរិក​ ៕

Leave a Comment