Author: វល័ក្ខ

  • កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

    កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

    ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី ១១ វិច្ឆិកា ២០២៤​ ដោយ​សហ​គ្រិន​ចំ​នួន៧៥​រូបមកពី​១៩​ប្រទេស ត្រូវ​បានជ្រើសរើស​សម្រាប់​ការផ្ដល់ជូន​ពានរង្វាន់​​ដ៏អស្ចារ្យ​មួយនេះ ។

    នៅក្នុងឱកាស​នៃពិធីប្រគល់​ពានរង្វាន់​នេះដែរ លោក​ហ៊ាង វុទ្ធា​ ប្រធានក្លិប​ G​lobal Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងដែរថា ពានរង្វាន់​​អាស៊ាន សម្រាប់​អាជីវកម្ម​ និងធុរកិច្ច ដែលបានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ២០២៤នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងជ្រាល​ជ្រៅ​ជាមួ​យនឹង​ទំនួល​ខុស​ត្រូវ​សង្គម​រួមរបស់យើង ចំពោះកិច្ច​ការជួយ​សង្គម ។ ម្យ៉ាងវិញទៀត វា​មិន​ត្រឹមតែលើក​កម្ពស់​​ដំណើរការ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់មនុស្សជុំវិញយើង​ផងដែរ ។  ការជួបជុំ​ នៅក្នុង​ថ្ងៃនេះ ក៏ឆ្លុះបញ្ចាំ​ងពីជំហាន​សំខាន់ៗ ដែលយើង​ធ្វើ​ក្នុងនាមយើងជា​ផ្នែក​មួយ​ក្នុងកា​រជំរុញការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ លើ​កកម្ពស់ជីវិត និង​រួម​ចំណែកដល់សុខុមាលភាព​នៃសង្គម​នៃតំបន់អាស៊ានទាំង​មូល ។

    លោក​បន្តថា កម្មវិធី​ពាន​រង្វាន់​នេះ ត្រូវ​បានរៀបចំឡើងអស់​រយៈ​ពេល​៨០​ថ្ងៃ​ដែល​មានអ្នកចូលរួម​ដាក់ពាក្យ​ចំនួន ៣.៧៦០​នាក់ មកពី​បណ្ដា​ប្រទេស​ចំនួន៣៩​​ប្រទេស ​។ ក្នុងនោះ​​គណៈកម្មាធិការ​បានជ្រើសរើស​​អ្នកមាន​សក្ដានុពល​ចំនួន ៤៨០​នាក់​ ហើយឈានទៅដល់​វាយតម្លៃជាផ្លូវការ​ចំនួន  ២៨០​នាក់ មកពី៣០​ប្រទេស ។​ ជាចុងក្រោយ​ គណៈកម្មាធិការ បានសម្រេចជ្រើសរើស​ យកម្ចាស់ជ័យលាភីសរុប​ចំនួន​៧៥រុប​មកពី​ប្រទេស​ចំនួន​១៩​​ ដើម្បី​ផ្ដល់ជូន​ពានរង្វាន់​នៅក្នុងថ្ងៃនេះ​ ។

    លោក​បណ្ឌិត​គង់ វិចិត្រា​ ស្ថាបនិក​អង្គការ​ KPF និងជាអនុ​ប្រធាន​ក្លិប​​ G​lobal Entrepreneur 1% Club ( កិច្ចការ​ងារ​សង្គម​ ) បានមានប្រសាសន៍ថា ព្រឹត្តិការ​ណ៍​ដ៏អស្ចារ្យនេះ បាន​បង្ហាញ​ពីកា​រ​ប្ដេជ្ញា​ចិត្ត​ក្នុង​ចក្ខុវិស័យ​របស់​​សមាគម​ ដែលមិន​គិត​ត្រឹម​តែ​រក​ប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្ដល់​​ត្រលប់មកវិញ​ដល់​សង្គម​ផងដែរ ។

    លោក​បន្តថា ការទទួល​ខុសត្រូវ​សង្គម មិនគ្រាន់តែ​ជាកា​រផ្ដល់​ត្រលប់មកវិញទេ វាគឺជា​ការ​កសាង​​អនាគត​​ប្រកបដោយ​ចីរភាព​សម្រាប់មនុស្ស​គ្រប់រូប ។ ក្នុងនាម​ជាអ្នក​ទទួល​ខុសត្រូវ​លើ​ការទទួល​ខុស​ត្រូវ​សង្គម​មួយ​រូបរបស់​សមាគម​ក្លិប លោក​ក៏បានអំពាវនាវ​ដល់ម្ចាស់អាជីវកម្ម និង​សហគ្រិន​ជាច្រើន​ផ្សេងទៀត បន្ត​គាំទ្រ​​សង្គម​របស់យើង ដោយសារវា​មាន​សារសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍ​ប្រទេស​យើង​ ។​

    តាមរយៈពាន​រង្វាន់​មួយនេះដែរ ក្លឹបអ្នកវិនិយោគនេះនឹងរំពឹង​ថា​នឹងមាន​សហគ្រិន​ជាច្រើនទៀត​ ចូលរួមក្នុងកិច្ច​ការ​សង្គម​បាន​កាន់​តែ​​ច្រើន​ ហើយក៏រំពឹង​ថា​នឹងមានការ​រៀបចំពានរង្វាន់​ដ៏​អស្ចារ្យមួយនេះ និងមានការ​ចូលរួមគាំទ្រ​ពី​សំណាក់​បណ្ដា​ក្រុមហ៊ុន​ និងម្ចាស់អាជីវកម្ម​ទៅលើ​ការរៀបចំកម្មវិធី​ប្រគល់​ពាន​រង្វាន់​កាន់តែធំនិងអស្ចារ្យ​ជាង​ពេល​នេះ ។​

    នៅក្នុង​កម្មវិធីប្រគល់ពានរង្វាន់នេះដែរ​កាលពី​រាត្រីថ្ងៃទី១១ វិច្ឆិកា ២០២៤ ក៏មានកា​រចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័នសំខាន់​ៗ មួយចំនួនរួមមាន ​តំណាង​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុវត្តន៍ តំណាង​មកពីក្រសួងពាណិជ្ជកម្ម​ ប្រធាន​សភាពាណិជ្ជកម្ម​សិង្ហបុរី​ប្រចាំប្រទេស​កម្ពុជា និងប្រធានសមាគម​វិនិយោគកម្ពុជា​សិង្ហបុរីជាដើម ។

    គួរបញ្ជាក់ថាកម្មវិធី “ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្មនិងធុរកិច្ចដែលជួយកិច្ចការសង្គម”ត្រូវបានបែងចែកទៅជាពានរង្វាន់មាន៥ប្រភេទដែលក្នុងនោះពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពាន់សហគមន៍និងធុរកិច្ចដែលជួយកិច្ចការសង្គមមានចំនួន១០រូបពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសិល្បករ/សិល្បការីនីនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣រូបពានរង្វាន់អាស៊ានសម្រាប់អាជីវកម្មនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១២រូបពានរង្វាន់អាស៊ានសម្រាប់ពានសហគ្រិន និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន ៣៤រូប និងពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ដឹកនាំ និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន ១៣រូប៕

  • ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

    ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

    ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ ដោយក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ក្រោមមូលបទនៃ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” នាថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

    យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងរៀបចំឡើងក្រោមមូលបទ យុគសម័យថ្មីនៃពាណិជ្ជកម្ម (Trade Renaissance) ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ល្ខោនហល បុរីប៉េងហួតបឹងស្ងោ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិង វិនិយោគ ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

    នៅក្នុងកម្មវិធីលំដាប់អន្តរជាតិនេះផងដែរ ក៏នឹងមានរៀបចំស្តង់តាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដូចជា ផលិតផលដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ផលិតផលឧស្សាហកម្ម សេវាកម្ម ធនាគារ និងវិនិយោគ ព្រមទាំងមានកម្មវិធីអមសំខាន់ៗដូចជា វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្ត្រីជាដើម។

    នៅក្នុងឱកាសនោះដែរ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អញ្ជើញជាអធិបតីនៅក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។

    ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាមានការរំពឹងទុក និងមានជំនឿយ៉ាងមុតមាំថា ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ពាណិជ្ជករ ផលិតករ អ្នកវិនិយោគ និងសាធារណជនទាំងអស់នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ និងចាប់យកឱកាសដ៏ល្អនេះ ដើម្បីពង្រឹង និងពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត៕

    សូមចូលរួមទាំងអស់គ្នា!

  • អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន

    អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន

    ភ្នំពេញ ៖ កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងភ្នំពេញ នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID អ្នកស្រី Samantha Power បានប្រកាសអំពីការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រដល់ប្រជាជនកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖ សន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការងារ។

    ក្រៅពីការគាំទ្រជីវភាពប្រជាជនកម្ពុជាតាមរយៈការវិនិយោគដូចបានលើកឡើងខាងលើ អាមេរិកក៏បានផ្តល់ជំនួយសំខាន់ៗបន្ថែមទៀត រួមមានថវិកាជំនួយស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន” ជាង ២៩លានដុល្លារ ផ្តល់ពីក្រសួងកសិកម្មសហរដ្ឋអាមេរិកដើម្បីពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ និងការកែលម្អទំនាក់ទំនងទីផ្សារ។

    បន្ថែមពីលើនេះ កិច្ចខិតខំប្រឹងប្រែងថ្មីត្រូវបានប្រកាសដើម្បីការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម ព្រមទាំងថវិកា ជាង ៦ លានដុល្លារពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីគាំទ្រដល់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅកម្ពុជា។

    ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈការផ្តល់ថវិកាចំនួន ៣ លានដុល្លារពីក្រសួងការងារសហរដ្ឋអាមេរិក នឹងបន្តគាំទ្រដល់ពលរដ្ឋខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកវិញ ព្រមទាំងដោះស្រាយឧបសគ្គសម្រាប់ជនមានពិការភាព។ ជំនួយទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ឆ្ពោះទៅរកគោលដៅរួមសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលប្រកបទៅដោយវិបុលភាព និងបរិយាបន្ន៕

  • គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា

    គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា

    ភ្នំពេញ : យោងតាមការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាព្យុះទីហ្វុង យីន ស៊ីង (Yinxing) បានកំពុងតែស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងល្បឿនចន្លោះពី(១០០ណត -១២៥ណត) = (១៦០គម/ម- ២០១គម/ម) ដោយមានទិសដៅទៅកាន់ទីក្រុងដាណាំង ប្រទេសវៀតណាម និងតំបន់ភាគឦសាននៃប្រទេសកម្ពុជា មានខេត្តរតនគីរី និងខេត្តមណ្ឌលគីរី។

    ព្យុះទីហ្វុងនេះនឹងថមថយល្បឿនទៅវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

    បញ្ជាក់៖ ព្យុះទីហ្វុងនេះនឹងជះឥទ្ធិពលមកលើប្រទេសកម្ពុជា ដូច្នេះសូមបងប្អូនទាំងអស់ជាពិសេសបងប្អូនប្រជានេសាទនិងអ្នកដំណើរតាមផ្លូវសមុទ្រទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប ដែលមានតម្លៃជាង១០លានដុល្លារ បានមានប្រសាសន៍បញ្ជាក់ថា វិថីមួយខ្សែនេះ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍។

    បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បម្រើប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋប្រមាណ ៦ពាន់គ្រួសារ ហើយ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នេះ បានតភ្ជាប់ផ្ទៃក្នុងរបស់ខេត្តកែប ក៏ដូចជាតភ្ជាប់ទៅព្រំដែនជាមួយវៀតណាម។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាខ្សែផ្លូវទេសចរណ៍ ប្របមាត់ទឹករបស់កែប ដែលបាននឹងកំពុងដើរតួនាទី ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ របស់ប្រជាពលរដ្ឋ​ ជាង៦ពាន់គ្រួសារ»។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងក្តីរីករាយ ដែលអញ្ជើញចូលរួមសម្ពោធ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ហើយសូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកែប ដែលទទួលបានសមិទ្ធផលថ្មី «វិថីតេជោសន្តិភាពឆ្នេរអង្កោល»។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតី ជានាយក​រដ្ឋមន្ត្រី។

    «វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍ ​សម្រាប់កំណើនប្រកបដោយ បរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។

    «វិថីតេជោសន្តិភាពឆ្នេរអង្កោល» គឺជាខ្សែផ្លូវលាតសន្ធឹងប្របមាត់ឆ្នេរទេសចរណ៍នៃសមុទ្រ ខេត្តកែប ដែលតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទ នៅក្នុងឃុំអង្កោល និងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង។

    វិថីនេះ ក៏តភ្ជាប់ជាមួយផ្លូវខេត្ត លេខ​១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត (ព្រំដែនកម្ពុជា- វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធ ខ្សែផ្លូវមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែបផងដែរ។

    បច្ចុប្បន្នវិថីនេះ បាននិងកំពុងជួយសម្រួលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ប្រមាណជាង៦,០០០​គ្រួសារ ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗ បានឆាប់រហ័ស និងមានសុវត្ថិភាព ជាពិសេសជួយទាក់ទាញសក្តានុពលទេសចរណ៍ និងជំរុញ ការអភិវឌ្ឍផ្សេងៗនៅតាមតំបន់ឆ្នេរ​មាត់​​សមុទ្រទាំងមូល ឱ្យកាន់តែរីកចម្រើន និងល្អប្រសើរ។

    លើសពីនេះ វិថីនេះ ក៏បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែប ឱ្យកាន់​តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវ​ថ្មើរ​ជើងសម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ប្រសិទ្ធនាមខ្សែផ្លូវនេះថាជា «វិថីតេជោ​សន្តិភាពឆ្នេរអង្កោល» ដើម្បីជាការសម្ដែងនូវការចង់ចាំចំពោះស្នាដៃ និងគុណូបការៈ ដ៏ធំធេងរបស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានខិតខំពុះពារគ្រប់​ឧប​សគ្គ​ឆ្លងកាត់ភ្លើង​សង្គ្រាមរាប់ មិនអស់។

    ជាពិសេសការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត និងការដាក់​ចេញ​នយោបាយ ឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមផ្ទៃក្នុងដោយជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិពេញលេញ និងភាពល្បីល្បាញស្មើ​មុខស្មើ​មាត់លើឆាកអន្តរជាតិ រួមទាំងការរីកចម្រើនលើគ្រប់វិស័យ ដូចនាពេលបច្ចុប្បន្ននេះ៕

  • ចិនបានបណ្តាក់ទុនក្នុងវិស័យកម្មន្តសាល នៅកម្ពុជាសរុបជាង ៩០៨៦ពាន់លានដុល្លារ

    ចិនបានបណ្តាក់ទុនក្នុងវិស័យកម្មន្តសាល នៅកម្ពុជាសរុបជាង ៩០៨៦ពាន់លានដុល្លារ

    ភ្នំពេញ ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ២ ៣២៦ ដែលក្នុងនោះ ១ ២៧៣ រោងចក្រមានប្រភពវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំទុនវិនិយោគចំនួន ៩ ០៨៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុប។

    ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖ កម្ពុជា និងមិត្តចិន មានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ហើយការអភិវឌ្ឍក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។

    ឯកឧត្តមបានបន្តទៀតថា ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាល បានឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិនពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។

     

    ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានគាំទ្រទៅនឹងការលើកឡើងខាងលើនេះ ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

    ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានសន្យាព្យាយាមជួយផ្សព្វផ្សាយ និងជំរុញក្រុមហ៊ុនចិនឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។

    សូមជម្រាបផងដែរថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាគ្នាជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនវានុវត្តន៍ ជាពិសេសជំរុញការវិនិយោគលើវិស័យកម្មន្តសាលនៅកម្ពុជាបន្ថែមទៀត៕

  • ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

    ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

    នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”  មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយមានការតាំងបង្ហាញម្ហូបអាហារបែបខ្មែរបុរាណ មានស្ដង់ពិព័រណ៍ជាច្រើន ការសម្ដែងសិល្បៈចម្រុះបែប ហើយនៅព្រឹកថ្ងៃទី២៩ ខែ​តុលា គឺជា​​ពិធីបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២ ជាផ្លូវការណ៍​នៅមុខប្រាសាទអង្គរវត្ត​ ដោយមានការសម្តែង​សិល្បៈ​ អមជាមួយ​​ការតាំងពិព័រណ៍សិល្បៈ​វប្បធម៌​​ចម្រុះ​ជាច្រើន។ ចំណែក​នៅពេលថ្ងៃរសៀល ក៏មានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ​ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្តែងរបាំបុរាណខ្មែរ​ជាច្រើន​ទម្រង់ ដោយក្នុង​នោះ​មានសិល្បករ-សិល្បការិនីល្បីៗ​ប្រមាណ៥០០​នាក់​បានស្ម័គ្រចិត្តចូលរួម​សម្តែងនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។ ដោយឡែក​នៅថ្ងៃទី៣០ ខែតុលា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ក៏​បាន​រៀប​ចំ​កម្មវិធីពិព័រណ៍​ភ្លក្ស​ម្ហូប​អាហារ ​​នំចំណី ផ្លែឈើ និង​ភេសជ្ជៈ​បែប​ខ្មែរ​ ការ​ប្រគំ​​តន្ត្រី​ខា្នតតូច ការសម្តែង​​របាំ ​ព្រមទាំងសិល្បៈ​ផ្សេង​ៗ​​ជា​ច្រើន​ទម្រង់ទៀត ហើយភ្ញៀវដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះត្រូវបានលើកទឹកចិត្តឱ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរផងដែរ ដែលញ៉ាំងឱ្យព្រឹត្តិការណ៍នេះទាំងមូលកាន់តែអស្ចារ្យ និង​សប្បាយ​រីករាយក្រៃលែង ទាំង​​ភ្ញៀវ​ទេសចរជាតិ និង​​ភ្ញៀវ​ទេសចរ​អន្តរជាតិ ផ្ទៃមុខគឺពេញដោយស្នាមញញឹម និងសំណើចក្អាកក្អាចពេញរយៈពេល២ថ្ងៃនៃកម្មវិធី។

    ដោយសារតែមានការគាំទ្រខ្លាំងចំពោះព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី១ ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការជួយជ្រោមជ្រែង​របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រយ៉ាង​ខ្លាំងពីគ្រប់មជ្ឈដ្ឋាន​ទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ ទើបញ៉ាំង​ឱ្យ​មានព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះឡើង។​

    នៅក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងឡើងថា ​​“ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ត្រូវបានរៀបចំឡើង​ធំជាងមុន និងអស្ចារ្យជាងមុន តាមរយៈការចង្អុល​បង្ហាញដោយ​ផ្ទាល់ពីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងសហការរៀប​ចំ​ដោយ​​​​រដ្ឋបាលខេត្តសៀមរាប ហើយក៏​មាន​ការសហការ​ឧបត្ថម្ភ​គាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរអប្សរា ព្រមទាំងស្ថាប័នឯកជនមួយចំនួនទៀតផងដែរ។ ​ ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ រៀបចំ​ឡើងក្នុងគោលបំណងធំៗចំនួន២ គឺទី១ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងគោលបំណងទី២ គឺ​រួមគ្នាជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌​ដ៏ល្អផូរផង់របស់ខ្មែរ និង​បង្ហាញពី​សក្តានុពល​វិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទៅកាន់ពិភពលោកទាំងមូល និងដើម្បីចូលរួមចំណែកដល់ការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ”។

    ជួបគ្នាឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី៣ សូមចូលរួមទាំងអស់គ្នា!

  • តើកម្ពុជាគួរចូលរួមក្នុងកម្មវិធី Miss Grand International តទៅទៀតដែរឬទេ?

    តើកម្ពុជាគួរចូលរួមក្នុងកម្មវិធី Miss Grand International តទៅទៀតដែរឬទេ?

    ជម្លោះរវាង Miss Grand Cambodia (MGC) និង Miss Grand International (MGI) បានធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពី MGI បានលុបចោលតួនាទីជាសហម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រកួត Miss Grand International 2024 ដែលដើមឡើយគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា និងបន្តទៅប្រទេសថៃ។ MGI បានលើកឡើងពីការព្រួយបារម្ភអំពីសមត្ថភាពក្នុងការរៀបចំរបស់កម្ពុជា ដោយលើកឡើងថា ពួកគេមានអារម្មណ៍ថា អ្នករៀបចំរបស់ប្រទេសកម្ពុជាមិនបំពេញតាមស្តង់ដារចាំបាច់សម្រាប់ការធ្វើជាម្ចាស់ផ្ទះ រួមទាំងបញ្ហានៃការទទួលភ្ញៀវ ការគ្រប់គ្រងមិនបានល្អនៅអាកាសយានដ្ឋាន និងដំណើរកម្សាន្ត Gala Dinner ដែលមិនមានការរៀបចំឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយទៅតាមស្តង់ដារដែលខ្លួនចង់បាន ជាពិសេសជុំវិញការទទួលទានអាហារពេលល្ងាចនៅលើទូកក្នុងទីក្រុងភ្នំពេញ ដែលធ្វើឱ្យប្រធាន MGI លោក Nawat Itsaragrisil រិះគន់ដល់ការរៀបចំរបស់ប្រទេសកម្ពុជា ដោយអះអាងថាមិនមានស្តង់ដារ និងការព្រួយបារម្ភអំពីសុវត្ថិភាព។ ជាលទ្ធផល MGI បានសម្រេចចិត្តផ្លាស់ប្តូរសកម្មភាពទាំងអស់ទៅប្រទេសថៃជំនួសវិញ។

    ជាការឆ្លើយតប លោកស្រី អ៊ឹម សុគន្ធា នាយិកានៃ Miss Grand Cambodia បានរិះគន់ជាសាធារណៈចំពោះការសម្រេចចិត្តរបស់ MGI ហើយបានប្រកាសថា MGC នឹងដកបេក្ខនារីរបស់កម្ពុជា គឺកញ្ញា ប៊ី សុធារី ចេញពីការប្រកួត Miss Grand International 2024។ ការសម្រេចចិត្តបែបនេះ ដោយសារ​លោកស្រី អ៊ឹម សុគន្ធា និង​អ្នក​រៀបចំ​កម្មវិធី​របស់ប្រទេសកម្ពុជា​មិនពេញចិត្តនឹង​ទង្វើរបស់លោក Nawat Itsaragrisil ដែលជាប្រធាន​ MGI ដែលមានភាព​អយុត្តិធម៌ និង​ការ​ខ្វះ​ការ​គោរពចំពោះ​ប្រទេស​កម្ពុជាយើង។ លោកស្រីក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន មេឌា ផងដែរថា “ខ្ញុំសូមប្រកាសថាខ្ញុំឈប់រៀបចំកម្មវិធី Miss Grand International តទៅទៀតហើយ ទោះជាខ្ញុំនៅមានកុងត្រាទទួលបានសិទ្ធិពេញលេញក្នុងការរៀបចំកម្មវិធីនេះនៅក្នុងឆ្នាំ2025ក៏ដោយ ដូច្នេះនៅក្នុងឆ្នាំ2025នេះ ខ្ញុំនឹងមិនរៀបចំកម្មវិធីនេះ ឬបញ្ជូនបេក្ខភាពរបស់យើងទៅចូលរួមនោះទេ តែបន្ទាប់ពីឆ្នាំ2026ទៅបើមានខាងក្រុមហ៊ុន ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជាយើងគេចង់ទិញសិទ្ធិរៀបចំកម្មវិធីនេះ ក៏តាមតែខាងគេទៅ និងទៅតាមការសម្រេចចិត្តរបស់ក្រសួងដែលពាក់ព័ន្ធ ព្រមទាំងប្រជាជនកម្ពុជាយើងជាអ្នកសម្រេចចិត្តចុះ តែសម្រាប់រូបខ្ញុំ និងស្ថាប័នរបស់ខ្ញុំគឺនឹងមិនចូលរួមកម្មវិធីនេះតទៅទៀតទេ។ កម្ពុជាយើងមានសមត្ថភាពក្នុងការបង្កើតកម្មវិធីប្រកួតលំដាប់អន្តរជាតិដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើកម្មវិធីរបស់អ្នកដែលមិនឱ្យតម្លៃយើងនោះទេ”។

    ដោយឡែកចំពោះអ្នក​លេងបណ្តាញ​អ៊ីនធឺណិត និងអ្នកគាំទ្រកម្មវិធី Miss Grand International នៅ​ប្រទេសកម្ពុជា​រាប់​ពាន់​នាក់​បាន​សម្ដែង​ការ​ខក​ចិត្ត និងផ្ទុះ​កំហឹងជាខ្លាំង​តាម​រយៈបណ្តាញអ៊ីនធឺណិត ដោយ​គាំទ្រ និង​អំពាវនាវ​ឱ្យនាយិកានៃ Miss Grand Cambodia 2024 បញ្ឈប់ការចូលរួម ក៏ដូចជាបញ្ជូន កញ្ញា ប៊ី សុធារី ឱ្យទៅចូលរួមការប្រកួត Miss Grand International 2024 នៅប្រទេសថៃនោះទេ ព្រោះថៃមើលងាយ និងមិនឱ្យតម្លៃ Miss Grand កម្ពុជាយើង ក្រុមការងាររបស់កម្ពុជា និងនាយិកានៃ Miss Grand Cambodia ហើយពួកគេក៏បន្តសំណូមពរឱ្យប្រជាជនកម្ពុជាយើងទាំងអស់បញ្ឈប់ការគាំទ្រដល់កម្មវិធីប្រកួត Miss Grand International រួមទាំងបញ្ឈប់ការបញ្ជូន Miss Grand របស់ប្រទេសកម្ពុជាយើងទៅចូលរួមប្រកួតគ្រប់ការប្រកួតរបស់ MGI តទៅទៀត ហើយមានអ្នកខ្លះថែមទាំងបានComment ថា “Buy Buy MGI!… Buy MGI Forever” ថែមទៀតផង។

    ដើម្បីឆ្លើយតបទៅនឹងជម្លោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Miss Grand International (MGI) 2024 នៅកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមមិនដែលសន្យាថានឹងចូលរួមសន្និសីទសារព័ត៌មាន ឬព្រឹត្តិការណ៍បន្ថែមលើសពីកិច្ចប្រជុំជាក់លាក់ជាមួយតំណាង និងបេក្ខនារីរបស់ MGI នៅថ្ងៃទី៦ ខែតុលានោះទេ។ ឯកឧត្តម ហួត ហាក់ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត Miss Grand International 2024 នេះគឺក្នុងគោលបំណងបង្ហាញពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជាជាសាកល ដែលជាគោលដៅដែលនៅតែមិនផ្លាស់ប្តូរ ទោះបីជាមានភាពចម្រូងចម្រាសគ្នាក៏ដោយ។

    ក្នុងនោះដែរ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ ក៏បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមធ្វើការដោះស្រាយរឿងនេះឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសភាពតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងបញ្ឈប់​នូវ​វិវាទ​របស់​ពួក​គេ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​ ព្រោះបញ្ហាជម្លោះនេះគឺជាជម្លោះរវាងស្ថាប័ន MGC និងស្ថាប័ន MGI ប៉ុណ្ណោះ មិនមែនជាជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃនោះទេ៕

  • អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!

    អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!

    កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើម​បំផុត (Production Class)។

    អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!

    ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួននៅក្នុងទីផ្សាររថយន្ត Pick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough in Every Situation”។

    អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!

    លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី8 បានបញ្ចប់វិញ្ញាសារចម្ងាយ 130 គីឡូម៉ែត្រក្នុងរយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី6 តុលា ឆ្នាំ2024 នៅ Korat ក្នុងខេត្តNakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លង​កាត់​ផ្លូវក្នុង​សភាព​លំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំង​មកពីស្ថាប័នក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង 12ក្រុម ដោយមានការ​ប្រកួត​ប្រជែងយ៉ាង​ស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និង ។ សមិត្តផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។

    អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!

    សមិត្ថផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំង​ម៉ាស៊ីន​ដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំង​ដែល​ផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance​ ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជា​ប្រភេទបូមដ៏ទំនើប និងមាន​បច្ចេកវិទ្យា​ Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗ និង​រក្សាលំនឹង​របស់រថយន្ត មិនអោយ​ប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវ​ផាសុកភាព​ក្នុងការបើកបរ។

    អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!

    សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ៖

    • សាខាព្រះមុនីវង្ស 078 999 773​ 
    • សាខាទឹកថ្លា 095 939 939 
    • សាខាទូលសង្កែ 078 935 935 
    • សាខាជ្រោយចង្វារ 017 999 027 
    • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
    • សាខាបឹងបៃតង 099 999 747
    • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357 
    • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 
    អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!
  • Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

    Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

    នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល 2024/25។

    ក្នុងចំណោម៤គូ គេសង្កេតឃើញថា ជំនួបដ៏ធំប្រចាំវគ្គនេះ គឺជាការប៉ះគ្នារវាងក្រុមបិសាចក្រហម Manchester United និងក្រុមមាន់ខ្នាយមាស Tottenham Hotspur។ មុនមកដល់វគ្គនេះ ក្រុមបិសាចក្រហម បានបំបាក់ក្រុមកញ្រ្ជោងខៀវ Leicester City ក្នុងលទ្ធផល ៥-២ ស្របពេលដែល មាន់ខ្នាយមាស បានទំលាក់ក្រុមការពារដំណែងជើងឯក Premiere League មេឃខៀវ Manchester City ក្នុងលទ្ធផល ២-១។

    ខាងក្រោមនេះជាក្រុម ដែលនឹងត្រូវប្រកួតដណ្ដើមកៅអីទៅលេងវគ្គពាក់កណ្តាលផ្តាចព្រ័ត្រ៖ 

    • Tottenham vs Manchester United
    • Arsenal vs Crystal Palace
    • Newcastle vs Brentford
    • Liverpool vs Southampton

    គួរបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool ជាម្ចាស់ការពារដំណែងជើងឯកក្នុងឆ្នាំនេះ បន្ទាប់ពីបានយកឈ្នះ ក្រុមតោខៀវ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០៕