Author: ធឿន មករា

  • Buffon មិនទាន់​ចូលនិវត្តន៍​ទេ ហើយនឹង​ចុះ​កុងត្រា​ថ្មី 2ឆ្នាំ​ទៀត

    Buffon មិនទាន់​ចូលនិវត្តន៍​ទេ ហើយនឹង​ចុះ​កុងត្រា​ថ្មី 2ឆ្នាំ​ទៀត

    កាលពីពេលថ្មីៗនេះ Gianluigi Buffon ដែល​ត្រូវបាន​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ស្គាល់​ថា ជា​អ្នកចាំទី​ដ៏​កំពូល របស់​អ៊ីតាលី​នោះ បានប្រកាស​ចូលនិវត្តន៍ នៅ​ចុងរដូវ​កាល2020-2021 នេះ ខណៈដែល​កុងត្រា​របស់គេ​នៅ​ជាមួយ​ក្លិប Juventus នៃ​ក្របខ័ណ្ឌ អ៊ីតាលី Seria A នេះ ក៏​នឹង​ផុត​នៅ​ចុងឆ្នាំ2021នេះដែរ។

    តែ​ពេលនេះ ស្រាប់តែ​លេចឮ​ព័​ត៍​មាន​ឡើង​ថា Buffon នឹង​អាច​ទៅលេង​ឱ្យ​ក្លិប Parma ក្នុង​កិច្ចព្រមព្រៀង​ចំនួន 2រដូវ​កាល រហូតដល់​ចុងឆ្នាំ2023 ហើយ​គ្រោង​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅក្នុង​សប្ដាហ៍​នេះ​ទៀតផង។

    គួរ​រំឭក​ដែរ​ថា Gianluigi Buffon មាន​ស្នាដៃ​ច្រើនណាស់​ក្នុង​ពិភព​បាល់ទាត់ និង​សម្រាប់​អ៊ីតាលី ដែល​ធ្លាប់បាន​ជួយ​ឱ្យ​អ៊ីតាលី ឈ្នះ World Cup 2006 និង​ពាន Mediterranean Games 1997។ សម្រាប់​ក្របខ័ណ្ឌ​ក្រុម​វិញ គេ​បានឈ្នះ​ពាន Seria A ចំនួន 10លើក និង Coppa Italia 4លើក៕

  • Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2

    Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2

    [ភ្នំពេញ – ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានធ្វើ​ការសម្ពោធ​ជា​ផ្លូវការ​នូវ​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 ។ ការដាក់​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​នៃ​យុគសម័យ​ឌីជីថល ជាពិសេស​នោះ​គឺ​កាន់តែ​ផ្តល់នូវ​ភាពងាយស្រួល​ក៏ដូចជា​បត់បែន​ទៅតាម​ស្ថានភាព​សង្គម​បច្ចុប្បន្ន​ដែល​កំពុងតែ​ជួប​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ 19 ដែល​នេះ​គឺជា​ការរួមចំណែក​មួយ​ដ៏​ធំ​ក្នុងការ​កាត់បន្ថយ​ការចេញ​ទៅខាង​ក្រៅ ការជួបជុំ​កន្លែង​មាន​មនុស្ស​ច្រើន កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជម្ងឺ​ផងដែរ ដោយ​អតិថិជន​ទាំងអស់​អាច​មើល​ព័​ត៍​មាន​ទាក់ទង​អំពី​រថយន្ត និង​កក់​សេវា​ជួសជុល​រថយន្ត​ទុកជាមុន​តាមរយៈ​កម្មវិធី​នេះ​ផ្ទាល់​តែម្តង។ ពោលគឺ​គោលបំណង​របស់​ក្រុមហ៊ុន​ចង់​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ទៅកាន់​អតិថិជន​តាមរយៈ​ការ​បង្ខិត​ផលិតផល និង​សេវាកម្ម​របស់ Ford ឲ្យ​គៀក​ជាមួយនឹង​សាធារណៈជន ជាពិសេស​នោះ​គឺ​អតិថិជន Ford តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ Ford Cambodia Mobile App ។

    កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 គឺជា​បណ្តុំ​ព័​ត៍​មាន​ស្តីពី​រថយន្ត Ford គ្រប់​ម៉ូ​ឌែ​ល ប្រូ​ម៉ូ​សិនថ្មីៗ ព័​ត៍​មាន​ទូទៅ​អំពី​ផ្នែក​លក់ និង​សេវាកម្ម ក៏ដូចជា​ទំនាក់ទំនង​ដើម្បី​សុំ​ជំនួយ​ជួសជុល​ចល័ត 24 ម៉ោង​ទូទាំងប្រទេស។ កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 ត្រូវបាន​កែប្រែ​រូបរាង និង​មុខងារ​ថ្មី​ទាំងស្រុង ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​បំផុត​នោះ​គឺ​លោកអ្នក​អាចធ្វើ​ការ​កក់​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ត Ford បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​បាន​យ៉ាង​ឆាប់រហ័ស នៅ​គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford ទូទាំងប្រទេស ដែល​ផ្តល់នូវ​ភាពងាយស្រួល សុវត្ថិភាព និង​ទំនុកចិត្ត​ជាង​មុន​ជូន​ដល់​អតិថិជន​ដែល​កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​ទាំង​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការ iOS និង Android។ សម្រាប់ Ford Cambodia Mobile App ជំនា​ន់ទី 2 នេះ​មាន​មុខងារ​ពិសេស​ចំនួន 5 ដែល​ក្នុងនោះ​រួមមាន៖

    • មុខងារ​ទី 1 គឺ “ប្រភេទ​រថយន្ត” លោកអ្នក​អាច​ស្វែងយល់​អំពី​ព័​ត៍​មាន និង​ប្រភេទ​រថយន្ត Ford គ្រប់​ម៉ូ​ឌែ​ល​ដែល​រួមមាន៖ រថយន្ត​តូច រថយន្ត​គ្រួសារ រថយន្ត​ភី​ក​អាប់ និង​រថយន្ត​អាជីវកម្ម។ សម្រាប់​មុខងារ​នេះ​វា​នឹង​បង្ហាញ​អំពី៖ រូបភាព​ផ្នែក​ខាងក្រៅ និង​ខាងក្នុង បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព វីដេអូ​របស់​រថយន្ត​នេះ ពណ៍​រថយន្ត ជាពិសេស​នោះ​គឺ​លោកអ្នក​អាចធ្វើ​ការ​គណនា​ប្រាក់កម្ចី​ទិញ​រថយន្ត​បាន​ភា្លមៗតែម្តង
    • មុខងារ​ទី 2 គឺ “ព័​ត៍​មាន និង​ប្រូ​ម៉ូ​សិនថ្មី” លោកអ្នក​អាច​ស្វែងយល់​អំពី​ប្រូ​ម៉ូ​សិនថ្មីៗនៃ​រថយន្ត Ford គ្រប់​ម៉ូ​ឌែ​ល និង​អាច​មើល​អត្ថបទ​ព័​ត៍​មាន​ទាក់ទង​ទៅនឹង​រថយន្ត Ford បាន​ផងដែរ
    • មុខងារ​ទី 3 គឺ “ព័​ត៍​មាន​ទូទៅ​អំពី​សេវាកម្ម” លោកអ្នក​អាច​ស្វែងយល់​អំពី​សេវាកម្ម និង​ព័​ត៍​មាន​ទាក់ទង​ទៅនឹង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford សេវាកម្ម​របស់​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Quick Lane គន្លឹះ​នៃ​ការថែទាំ​រថយន្ត គ្រឿងបន្លាស់​រថយន្ត ស្វែងរក​ទីតាំង​ក្រុមហ៊ុន Ford និង​យានដ្ឋាន​ដៃគូ​តាម​បណ្តា​ខេត្ត​នានា
    • មុខងារ​ទី 4 គឺ “ឆាត​ផ្ទាល់” ជា​មុខងារ Live Chat សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ Chat ផ្ទាល់​មកកាន់​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន Ford
    • អ្វីដែល​អស្ចារ្យ​នោះ​គឺ មុខងារ​ទី 5 ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ​កក់​សេវាកម្ម​ថែទាំ​ប្តូរ​ប្រេងម៉ាស៊ីន និង​សេវាកម្ម​ជួសជុល​រថយន្ត​នៅ​គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford ដូចជា៖ សាខា​ព្រះមុន្នីវង្ស សាខា​ទឹកថ្លា សាខា​ទួល​សង្កែ និង​សាខា​សៀមរាប។

    ក្រៅពី​មុខងារពិសេសៗទាំង 5 នេះ​ក្នុង​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 នេះ​នៅមាន​មុខងារផ្សេងៗជាច្រើន​ទៀត​ដូចជា៖

    • ឆែក​មើល​ប្រវត្តិ​ជួសជុល​រថយន្ត​របស់​លោកអ្នក
    • របៀប​ប្រើប្រាស់​មុខងារ​រថយន្ត
    • ការផ្តល់​មតិយោបល់
    • ការ​គណនា​ប្រាក់កម្ចី
    • ការកំណត់ និង​ភាសា
    • ជំនួយការ
    • មុខងារ​ភ្ជាប់​ផ្ទាល់​ទៅ​បណ្តាញ​សង្គម​ទំនាក់ទំនង​ដូចជា៖ Facebook, YouTube, LinkedIn, Instagram និង Telegram។

    ប្រសិនបើ​លោកអ្នក​ចង់​ស្វែងយល់​បន្ថែម​ពី​របៀប​ប្រើប្រាស់​នៃ​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 នេះ​សូម​ទស្សនា​វីដេអូ​ស្តីពី​របៀប​ប្រើប្រាស់​នេះ​ទាំងអស់គ្នា ៖

    Ford Cambodia Mobile App ធ្វើ​ឲ្យ​ជីវិត​លោកអ្នក​កាន់តែ​ងាយស្រួល! One Click – Full Service!

    សម្រាប់​ព័​ត៍​មាន​បន្ថែម​លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​មកកាន់៖

    • ផ្នែក​លក់: ភ្នំពេញ 012 333 975 | សៀមរាប 063 766 661 | កំពង់ចាម 092 888 476
    • ផ្នែក​សេវាកម្ម: 078 992 992
    • ផ្នែក​សេវា​ជួសជុល​ចល័ត 24 ម៉ោង​ទូទាំងប្រទេស៖ ភ្នំពេញ 016 222 016 | សៀមរាប 087 222 016
  • វ៉ាវ!! ប្រាក់រង្វាន់ $ 5,000 និងសេវាកម្មថែទាំសក់ ពេញ 1ឆ្នាំ សម្រាប់ម្ចាស់ជយលាភី Miss Pantene Cambodia រដូវកាលទី1

    វ៉ាវ!! ប្រាក់រង្វាន់ $ 5,000 និងសេវាកម្មថែទាំសក់ ពេញ 1ឆ្នាំ សម្រាប់ម្ចាស់ជយលាភី Miss Pantene Cambodia រដូវកាលទី1

    ការប្រកួតប្រជែង​បវរកញ្ញា​សក់​ស្អាត​របស់​សាប៊ូកក់សក់ ប៉ង់​តែ​ន (Pantene) ត្រូវបាន​បញ្ចប់​ហើយ ហើយ​ក៏បាន​រកឃើញ​ម្ចាស់​ជយលាភី​សម្រាប់​រដូវ​កាល​ទី1 នេះ​ផងដែរ។ សូម​អបអរសាទរ​ដល់ក​ញ្ញា គីម​វូ ច​ន្ធូ មាន​គណនេយ្យ​ហ្វ៊េ​ក​បុក Lisa Angel ដែល​ទទួលបាន​ការគាំទ្រ ច្រើនជាងគេ​ក្នុង​កម្មវិធី Miss Pantene Cambodia រដូវ​កាល​ទី1។

    កញ្ញា គីម​វូ ច​ន្ធូ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី Miss Pantene Cambodia រដូវ​កាល​ទី1 ព្រមទាំង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់ 5,000ដុល្លា រួម​ជាមួយនឹង​ការថែរក្សា​សក់រយៈពេល 1ឆ្នាំ​ពេញ​ទៀតផង។

    ជា​ចុងក្រោយ កញ្ញា​សូម​អរគុណ​ដល់មិត្តៗ និង​អ្នកគាំទ្រ​នៅក្នុង​បណ្តាញ​សង្គម​ហ្វ៊េ​ក​បុក​ទាំងអស់ ដែល​បាន​ចូលរួម​គាំទ្រ​ដល់ក​ញ្ញា រហូតដល់​កញ្ញា​បាន​ក្លាយជា Miss Pantene Cambodia រដូវ​កាល​ទី1នេះ។ កញ្ញា​ក៏បាន​បន្ថែមទៀត​ផងដែ​រថា សម្រាប់មិត្តៗនារី ដែលមាន​សក់​ស្អាត និង​មានបំណង​ចង់​ចូលរួម​ប្រកួត​បវរកញ្ញា​សក់​ស្អាត ក្នុង​រដូវ​កាល​ក្រោយ​ទៀត កុំ​ភ្លេច​រង់ចាំ​តាមដាន​នៅលើ​ហ្វ៊េ​ក​បុក​ផេ​ច​ផ្លូវការ​របស់ Pantene Cambodia ដើម្បី​មានឱកាស​ក្លាយជា Miss Pantene Cambodia ដូចជា​កញ្ញា​ដែរ៕

  • Barcelona ច្បាស់​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឱ្យ Messi តែ នៅតែ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ

    Barcelona ច្បាស់​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឱ្យ Messi តែ នៅតែ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ

    Lionel Messi កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កៀក​នឹង​ថ្ងៃ ដែល​ត្រូវ​ដើរ​ចេញពី​ក្លិប Barcelona ទៅហើយ ព្រោះថា កុងត្រា​របស់គេ​នឹង​ផុត​ជា​ស្ថាពរ​នៅ​ថ្ងៃទី31 ខែមិថុនា ឆ្នាំ​នេះហើយ។ ការ​ផុត​កុងត្រា​នេះ នឹងធ្វើ​ឱ្យគេ​មាន​សិទ្ធិ ក្នុងការ​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​ផ្សេងទៀត​ណាមួយ​ក៏បាន  ដោយ​មិនមាន​តម្លៃ​ខ្លួន ។

    មកទល់នឹង​ពេលនេះ នៅសល់​ប្រមាណ​ជា 10ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ភាគី​ទាំងសងខាង ទាំង​ក្លិប Barcelona និង Messi នៅ​មិនទាន់បាន​បញ្ជាក់​អំពី​កុងត្រា​ថ្មី​នៅឡើយ​ទេ តែ​ក្លិប​ក៏បាន​បញ្ជាក់ដែរថា ក្លិប​នឹង​ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បន្ត​កុងត្រា ហើយនឹង​ធ្វើឱ្យ​កីឡាករ​ល្អ​បំផុត​របស់​ក្លិប​រូបនេះ បញ្ចប់​អាជីព​នៅទីនេះ​តែម្តង(មិនឱ្យ​ទៅណា​ឡើយ)។

    គួរឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​លោក Laporta ចូលកាន់​តំណែង​ប្រធាន​ក្លិប​មក លោក​បានធ្វើ​គ្រប់យ៉ាង ដើម្បី​អាច​បន្ដ​កុងត្រា​ថ្មី​ឱ្យ Messi។ រហូតដល់​ប៉ុន្មាន​សប្ដាហ៍​មុននេះ បាន​ធ្លាយ​ដំណឹង​ឡើង​ថា ប្រធាន​ក្រុម​រូបនេះ បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​ហើយ ដោយមាន​រយៈពេល​ដល់​ទៅ 2ឆ្នាំ​ឯណោះ និង​រង់ចាំតែ​ថ្ងៃ​ចុះហត្ថលេខា​ប៉ុណ្ណោះ៕

  • រកឃើញ​ម្ចាស់​ពាន Miss Pantene Cambodia 2021

    រកឃើញ​ម្ចាស់​ពាន Miss Pantene Cambodia 2021

    Miss Pantene Cambodia 2021 មាន​ស្ត្រី​ចូលរួម​ប្រកួត​មកពី​ជុំវិញ​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លងកាត់​ការប្រកួត​ជាច្រើន​វគ្គ ឥឡូវនេះ បាន​រកឃើញ​បេក្ខជន​ដែល​ស័ក្តិសម​នឹង​ទទួលបាន​ជើងឯក​បំផុត​គឺ កញ្ញា គីម​វូ ច​ន្ធូ ដែលជា​អ្នកឈ្នះ​ជើងឯក​ក្នុងចំណោម​បេ​ក្ខ​នារី​ចំនួន ១១៦នាក់ មកពី​ជុំវិញ​ប្រទេស​កម្ពុជា។

    Miss Pantene Cambodia 2021 កញ្ញា គីម​វូ ច​ន្ធូ ជា​សិស្ស​មកពី​ខេត្តកណ្តាល។ កញ្ញា​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​តាមរយៈ​ការបោះឆ្នោត Online ជាមួយនឹង Story របស់​កញ្ញា​ដែល​និយាយ​ពី ភាពរឹងមាំ និង​អាច​ធូរស្បើយ​បាន​លឿន​បន្ទាប់ពី​ជួបប្រទះ​នឹង​ឧបសគ្គ។

    ចំពោះ​កញ្ញា ច​ន្ធូ ដែលជា Miss Pantene Cambodia បាន​យល់ឃើញថា ភាពស្រស់ស្អាត​មិន​សំដៅ​ទៅលើ​រូបរាង​ខាងក្រៅ​ឡើយ ប៉ុន្តែ​អ្វីដែល​យើង​មាន​ពី​ខាងក្នុង​ទើប​សំខាន់។ ភាពរឹងមាំ​របស់​កញ្ញា​ជួយ​ឱ្យ​កញ្ញា​យកឈ្នះ​ឧបសគ្គ។

    ប៉ង់​តែ​ន ជាមួយនឹង​ប្រូ​វីតាមីន​ពិសេស (Pro-V) ជួយ​ធ្វើឱ្យ​សក់​រឹងមាំ​ចាប់ពី​គល់​សក់ ដើម្បីឱ្យ​សក់​មាន​សុខភាព​ល្អ​និង​រឹងមាំ។ ដូច្នេះ អ្នក​អាច​រីករាយ​ជាមួយនឹង​ភាពស្រស់ស្អាត​របស់​អ្នក ពីព្រោះ​ភាពរឹងមាំ គឺជា​ភាពស្រស់ស្អាត​របស់​អ្នក។

    សម្រាប់​ព័ត៌មាន​បន្ថែម​សូម​តាមដាន Facebook Page: Pantene Cambodia

  • Daniel Lee Rose ចាក​ចេញពី Spur ជា​ផ្លូវការ​ហើយ

    Daniel Lee Rose ចាក​ចេញពី Spur ជា​ផ្លូវការ​ហើយ

    ក្លិប​បាល់ទាត់ Watford ដែល​ទើបតែ​ឡើងមក​លេង​នៅ​ក្របខ័ណ្ឌ​លី​គ​កំពូល​អង់គ្លេស English Premier League រដូវ​កាល2021-2022 នេះ បានប្រកាស​ព័ត៌មាន អំពី​ការនាំយក​កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ម្នាក់ មក​រួម​ក្រុម ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​រដូវ​កាល​ថ្មី​ខាងមុខនេះ។

    ខ្សែការពារ Daniel Lee Rose ត្រូវបាន​ក្លិប​ខាងលើ ផ្តល់​កុងត្រា​រយៈពេល 2ឆ្នាំ ក្រោយពី​គេ​ផុត​កុងត្រា​ជាមួយនឹង​ក្លិប Tottenham Hotspurs ភ្លាមៗ (ចុងខែ​ឧសភា​កន្លងទៅ) ដោយ​ការផ្ទេរ​យក​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ គឺ​មិនមាន​តម្លៃ​ខ្លួន​ឡើយ។

    គួរបញ្ជាក់​ផងដែរ​ថា Rose ជា​កីឡាករ​របស់ Spur តាំងពី​ឆ្នាំ2007 មក និង​ធ្លាប់​ទៅលេង​នៅ​ក្លិប​ផ្សេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៀតផង ជាក់ស្ដែង​កីឡាករ​រូបនេះ​ក៏​ធ្លាប់​ទៅលេង​ឱ្យ Watford ម្ដង​រួចមកហើយ​ដែរ កាល​រដូវ​កាល​ឆ្នាំ2007/2009៕

  • ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

    ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

    រឿង​ដែល​នឹកស្មាន​មិន​ដល់ តែងតែ​កើតឡើង​គ្រប់ពេលវេលា…ដូច្នេះ​ស្ត្រី​មានគភ៌ គួរតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ព្រោះ​ធ្លាប់​បានឃើញ​ឧទាហរណ៍​ជាច្រើន​រួចមកហើយ ដូចជា មាន​មិត្តភក្តិ​ជិតដិត​ម្នាក់ នាង​មាន​ផ្ទៃពោះ 5ខែ​ទៅហើយ តែ​ក៏​នៅតែ​ចូលចិត្ត​ធ្វើ​ការងារ​ប្រចាំថ្ងៃ ដូច​មនុស្ស​ទូទៅ​ធម្មតា​អ៊ីចឹង រហូតមកដល់​ថ្ងៃមួយ ទើប​ដឹងថា…រឿង​ដែល​នឹកស្មាន​មិន​ដល់ និង​ធ្លាប់តែ​ធ្វើជា​ប្រចាំ​នោះ បាន​ហុច​ផល​មិនល្អ​ដល់​ខ្លួន ហើយ​ថែមទាំង​មាន​ផល​អាក្រក់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​ទៀតផង រឿង​ទាំងនោះ​គឺ៖

    គ្រាន់តែ​ការ​ទំពា​អាហារ​សោះ…

    ដឹង​ទេ​ថា រឿង​ដ៏​តូចតាច​មួយ​នេះ បើ​ស្ត្រី​មានគភ៌​យើង​មើលរំលង រឿងនេះ​អាច​នាំមក​នូវ​ផល​អាក្រក់​ជាច្រើន​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូនតូច​បាន។ ស្ត្រី​មានគភ៌ ដែល​ទទួលទាន​អាហារ​បែបប្រញាប់ៗ ទំពា​អាហារ​តែមួយ​ភ្លែត ហើយ​លេប​នោះ ផល​អាក្រក់​ដែល​តាម​មក​គឺ អាហារ​ដែល​យើង​លេប​ចូលទៅក្នុង​ក្រពះ​នោះ នឹងមិន​រំលាយ ធ្វើឱ្យមាន​អាការ​ណែន​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលឱ្យ​ការទទួល​ទាន​អាហារ​លើក​ក្រោយ​ថយចុះ កូនតូច​នៅក្នុង​ផ្ទៃ​ក៏​ទទួលរង​ផលប៉ះពាល់​នេះ​តាម​ដែរ។ ដូច្នេះ​ក្នុងការ​ទទួលទាន​អាហារ ទោះជា​ពេលណា​ក៏ដោយ សូម​ស្ត្រី​មានគភ៌​យើង នឹក​ក្នុង​ចិត្ត​ជាប់​ជានិច្ច​ថា ត្រូវ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ពេលវេលា ហើយ​ត្រូវ​ទំពា​អាហារ​ឱ្យបាន​ល្អិត ព្រោះនេះ គឺជា​រឿង​ល្អ​មួយ ដើម្បីឱ្យ​កូនតូច​របស់​អ្នក បានទទួល​សារធាតុ​អាហារ​បាន​ពេញលេញ​តាម​នោះដែរ។

    រហ័ស​ទាន់​ចិត្ត ភ្លែតៗ ដល់​ណា​ដល់​ហ្នឹង​ដែរ…

    ស្ត្រី​មានគភ៌​ខ្លះ ច្រើនតែ​ភ្លេច​ថា ខ្លួនឯង​កំពុង​ពពោះ ធ្វើឱ្យ​ការដើរ ក្រោក អង្គុយ រត់ រួមទាំង​ការធ្វើ​ចលនាផ្សេងៗ ប្រព្រឹត្ត​ទៅតាម​ធម្មតា។  ចំពោះ​រឿងនេះ សូមជម្រាបថា បើ​ស្ត្រី​ដែលមាន​អាយុ​គភ៌​នៅ​តិច អាច​គ្មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ទេ តែ​បើជា​ស្ត្រី​ដែល​អាយុ​គភ៌ ស្ថិតក្នុង​អំឡុង​ខែចុងក្រោយៗ ហើយ​មាន​ការធ្វើ​ចលនា ដូចជា ក្រោក ដើរ រត់ បែបរហ័សៗនោះ ប្រាកដ​ណាស់ ពិតជា​មាន​ផលប៉ះពាល់​ដល់​កូនតូច ដែល​នៅក្នុង​ផ្ទៃ​មិន​ខាន។  អាច​ដល់​ថ្នាក់ មានកា​បុក​ប៉ះ​នឹង​សាច់​ជញ្ជាំង​ស្បូន​ក្នុង​ពោះ ទៅ​ជំ​រុញឱ្យ​ស្បូន​បង្រួញ​ខ្លួន ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឈឺពោះ និង​បើសិនជា​ស្បូន​កើតការ​បង្រួញ​ខ្លួនខ្លាំងៗផង​នោះ កូន​អាច​នឹង​ប្រសូត​ចេញមក មុនពេល​កំណត់​បាន។  ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវធ្វើ​ចលនា​ឱ្យយឺតៗ ដើម្បីឱ្យ​កូនតូច​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព មិន​ដូច្នោះ​ទេ បេះដូង​នឹងធ្វើ​ការ​ខ្លាំង អុក​ស៊ី​ហ្ស៊ែ​ន ដែល​ត្រូវ​បញ្ជូនទៅ​កូនតូច នឹងត្រូវ​ថយចុះ តែ​ផល​អាក្រក់ ដែល​ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​នោះ​គឺ កូនតូច​នៅក្នុង​គភ៌​អាច​នឹងមិន​សូវ​រឺ​ង​មាំ និង​ធំធាត់​យឺត។

    សត្វ​ចិញ្ចឹម​គួរឱ្យ​ស្រឡាញ់…

    ជាពិសេស​ឆ្កែ និង​ឆ្មា  ស្ត្រី​មានគភ៌​ខ្លះ កើតរោគ​ប្រតិកម្ម​ចាញ់​ជាមួយ​រោមសត្វ ល្អងធូលី កេសរផ្កា តែ​ក៏​នៅតែ​ចូលចិត្ត​ចិញ្ចឹមសត្វ នៅក្នុង​ផ្ទះ និង​ចូលចិត្ត​លេង​ជាមួយ​ពួកវា ដោយ​មិនបាន​គិតដល់​សត្វ​ចៃ ដែល​នឹង​នាំ​មេរោគ​ចូល​មករក​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ ដោយ​មិនបាន​ដឹងខ្លួន​ឡើយ។  ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​មើលថែទាំ សម្អាត​សត្វ​ចិញ្ចឹម ដែល​ក្នុងផ្ទះ​ឱ្យបាន​កាន់តែខ្លាំង​ឡើង ដើម្បី​សុខភាព និង​អនាម័យ​ដ៏​ល្អ​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ។

    ធ្មេញ​ពុក…

    ស្ត្រី​មានគភ៌​មួយចំនួន អាច​គិតថា​ជា​រឿង​តូចតាច រហូត​បណ្តោយឱ្យ​កើត​អាការ​អញ្ចាញធ្មេញ​ឡើង​ហើម មាន​ខ្ទុះ ឬ​មិន​ព្រម​ព្យាបាល ព្រោះ​គិតថា អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់ មិនចាំបាច់​យកចិត្តទុកដាក់​ខ្លាំងពេក​ទេ រហូត​ធ្វើឱ្យ​កើតមាន​មេរោគ​បាក់តេរី កើនឡើង​ច្រើន រាលដាល​ទៅដល់​ឫសធ្មេញ ធ្វើឱ្យ​អញ្ចាញ​ក្លាយជា​ដំបៅ​ឡើង​ខ្ទុះ​ជាដើម។ ពេលនោះ រឿង​តូចតាច ក៏​ក្លាយជា​រឿង​ធំ​ឡើង ផលប៉ះពាល់​ដែល​តាម​មក គឺ​មេរោគ​ឆ្លង​ចូលទៅក្នុង​ក្រសែ​ឈាម ហើយ​ឆ្ពោះទៅរក​កូនតូច រហូតដល់​ថ្នាក់​អាចធ្វើឱ្យ​បាត់បង់​ជីវិត​បាន​ទៀតផង។ ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវតែ​ថែរក្សា​អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់​ឱ្យបាន​ល្អជា​ប់​ជានិច្ច ព្រោះនេះ គឺជា​រឿង​តូចតាច ដែល​អាចធ្វើឱ្យ​កើត​ទៅជា​រឿង​ធំ​បាន។

    យួរ ឬ​លើក​របស់​ធ្ងន់…

    ស្ត្រី​មានគភ៌ ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ថា ខ្លួន​អ្នក​កំពុង​តែមាន​ផ្ទៃពោះ!! ចូរ​កុំ​លើក​របស់ធ្ងន់ៗជាដាច់ខាត តែមាន​ពេលខ្លះ ស្ត្រី​មួយចំនួន​អាច​ភ្លេចខ្លួន​ពេល​ទៅ​ដើរ​ទិញ​ឥ​វ៉ាន់ ដែល​ត្រូវ​យួរ​របស់របរ​ឡើង​ជ្រែ​កដៃ ពេលនោះ​សាច់ដុំ​ខ្នង សាច់ដុំ​ជើង និង​សន្លាក់ផ្សេងៗ ត្រូវ​ធ្វើការ​ធ្ងន់​ទាំងអស់ រហូត​ជំរុញ​ឱ្យ​កើតរោគផ្សេងៗឡើង ដូចជា​សម្ពាធ​លោហិត​ឡើង​ខ្ពស់ ដោយសារតែ​បេះដូង​ខំធ្វើការ​ខ្លាំងពេក ឈឺ​ខ្នង ឈឺ​ស្មា និង​សន្លាក់​ជាដើម។

    បើក​សំឡេង​បទ​ភ្លេង​ឮខ្លាំងៗពេក…

    ក្នុង​ចំណុច​នេះ​ចង់​បានន័យថា  ស្ត្រី​មានគភ៌​រូប​ណា ដែល​ចូលចិត្ត​បើក​បទ​ចម្រៀង ឮៗខ្លាំង​ជាង​ប្រក្រតី ព្រោះតែ​យល់ច្រឡំ​ថា កូនតូច​នៅក្នុង​ផ្ទៃ នឹង​បានឮ​ច្បាស់​នោះ ការពិតទៅ នេះ​ជា​គ្រោះថ្នាក់​សម្រាប់​កូនតូច​ទៅវិញ​ទេ  ព្រោះ​ជាការ​រុកកួន​រំខាន​កូនតូច​នៅក្នុង​ផ្ទៃ​ដោយផ្ទាល់​តែម្តង  ដោយសារតែ​សរសៃប្រសាទ​ត្រចៀក​របស់​កូន មិនទាន់​វិ​វ​ឌ្ឍ​បាន​ពេញទំហឹង​នៅឡើយ​ទេ។ អាចធ្វើឱ្យ​កូនតូច កើតក្តី​ធុញថប់​មួម៉ៅ មាន​ផលប៉ះពាល់​ធ្វើឱ្យ​ការវិវឌ្ឍ​របស់​កូន​ថមថយ​ចុះ​បាន។ ការបើក​បទ​ចម្រៀង ដើម្បី​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​នោះ គ្រាន់តែ​ចាក់​បទ​ភ្លេង ដែលមាន​ចង្វាក់ស្រាលៗ ពីរោះៗ ដូចជា​បទ​ភ្លេង​ក្លា​ស៊ី​ក ឬក៏​បទ​ចម្រៀង​ធម្មតា​ទូទៅ​ណា ដែលមាន​ចង្វាក់ និង​ទំនុកភ្លេង​ងាយស្រួល​ស្តាប់ មាន​ទំនុកច្រៀង និង​អត្ថន័យល្អៗ តែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ណាស់​ទៅហើយ៕

  • Eriksen ប្រកាស នៅតែ​បន្ត​អាជីព ទោះ​មានការ​ព្រមាន​ពី​គ្រូពេទ្យ​ក៏ដោយ

    Eriksen ប្រកាស នៅតែ​បន្ត​អាជីព ទោះ​មានការ​ព្រមាន​ពី​គ្រូពេទ្យ​ក៏ដោយ

    Christian Eriksen ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់ Inter Milan បាន​រួច​ផុតពី​សេចក្តីស្លាប់ ក្រោយពី​ហេតុការណ៍​ដួលសន្លប់​នៅលើ​ទីលាន​ប្រកួត ក្នុងជំនួប​បើកឆាក Euro ពេល​ដា​ណី​ម៉ាក ប៉ះ​ហ្វាំ​ង​ឡង់ ដែល​ធ្វើឱ្យ​ការប្រកួត​ត្រូវបាន​ពន្យារពេល​អស់​ជាច្រើន​ម៉ោង។

    បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ បានឱ្យដឹងថា កីឡាករ​រូបនេះ មាន​បញ្ហា​បេះដូង ហើយ​ដើម្បី​បញ្ចៀស​ពី​ហានិភ័យ​ដល់​អាយុជីវិត គេ​គួរតែបញ្ឈប់​អាជីព​នេះ។

    ទោះបីជា​បែបនេះ​ក្តី ក្រោយពី​ភ្ញាក់​ពី​ការសង្គ្រោះ​បន្ទាន់ Christian Eriksen បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា រូបគេ​នឹង​នៅតែ នៅ​ជាមួយ​អ្នកគាំទ្រ​ជានិច្ច ហើយ​គេ​នឹងមិន​បោះបង់​អាជីព​នេះ​ចោល​ត្រឹម​នេះឡើយ៕

  • Leicester ឱ្យ Barcelona 20លាន​ផោន យក Philippe Coutinho ទៅ​អង់គ្លេស​វិញ

    Leicester ឱ្យ Barcelona 20លាន​ផោន យក Philippe Coutinho ទៅ​អង់គ្លេស​វិញ

    ខ្សែបម្រើ Philippe Coutinho របស់​ក្លិប Barcelona កំពុងតែ​រង់ចាំ​ទទួល​ភ្លើង​ខៀវ​ពី​ក្លិប Leicester City ដែល​កំពុងតែ​ឡើង​ជើង​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស English Premier League ដើម្បី​បាន​វិលត្រឡប់​ទៅ​អង់គ្លេស​វិញ។

    ក្លិប Leicester City គ្រោង​នឹង​យក​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ មកលេង​នៅ English Premier League វិញ ក្រោយពី​កីឡាករ​រូបនេះ ចំណាយពេល​នៅ​ក្លិប Barcelona នៃ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga អស់​ជាង 4រដូវ​កាល​ទៅហើយ តែ​ហាក់ដូចជា​មិន​ទទួលបាន​ជោគជ័យ អ្វី​ជា​ដុំកំភួន​សោះឡើយ។

    គួរ​រំឭក​ដែរ​ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ មិនបាន​ចូលរួម​លេង​ឱ្យ Barcelona ក្នុង​ឆ្នាំ2021 នេះ​ទេ បន្ទាប់ពី​រងរបួស​ជ​ង្គ​ង់​ធ្ងន់ធ្ងរ កាលពី​ខែធ្នូ ចុងឆ្នាំ​កន្លងទៅ ហើយ Barcelona ថែមទាំង​ចង់​លក់​កីឡាករ​រូបនេះ​ចេញ ស្រប​ពេលដែល Leicester ចាប់អារម្មណ៍ និង​ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​កីឡាករ​រូបនេះ ដល់​ទៅ  20លាន​ផោន​ទៀតផង៕

  • តើបុរសៗយើងដឹង​ទេ ហេតុ​អី​បានប្រុសៗចាំបាច់​ត្រូវ​ប្រើតែ​ផលិតផល​ថែបំប៉ន​ស្បែកសម្រាប់​បុរស?

    តើបុរសៗយើងដឹង​ទេ ហេតុ​អី​បានប្រុសៗចាំបាច់​ត្រូវ​ប្រើតែ​ផលិតផល​ថែបំប៉ន​ស្បែកសម្រាប់​បុរស?

    កាលពី​សម័យមុន ការមើល​ថែទាំ​ស្បែក​សម្រាប់កំលោះៗ មិនមែនជា​រឿង​សំខាន់​ឡើយ នៅក្នុង​បន្ទប់ទឹក​របស់​បុរស​ខ្លះ មានតែ​សាប៊ូ 1ដុំ​សម្រាប់​ដុស​ខ្លួន និង​មុខតែ​ប៉ុណ្ណោះ តែមាន​អ្នកខ្លះ អាច​ខ្ចី​គ្រី​ម​ថូន​នើ​រ៍ ឬ​ហ្វូ​ម​លាងមុខ របស់​ប្រពន្ធ​មក​ប្រើ ក៏មានដែរ។ តែ​បច្ចុប្បន្ននេះ មាន​ផលិតផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស​ចេញមក​ជាច្រើន ហើយ​បុរស​ជាច្រើន ក៏​ងាក​មកប្រើប្រាស់​ផលិតផល​ទាំងអស់​នោះដែរ តែ ក៏​នៅតែមាន​អ្នកខ្លះ នៅ​សង្ស័យ​ដែរ​ថា តើ​ហេតុ​អី បាន​មនុស្ស​ប្រុស ប្រើ​ហ្វូ​ម​លាងមុខ ឬ​គ្រី​ម​ថែបំប៉ន​ស្បែក​របស់​មនុស្ស​ស្រី​មិនបាន?  ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ ព្រមទាំង​មាន​ហេតុផល​មួយចំនួន​ថា តើ​ហេតុ​អី​បាន​បុរស គួរតែ​ប្រើ​ផលិតផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស មក​ជម្រាបជូន ដើម្បីឱ្យ​បាត់​ឆ្ងល់​ដូចខាងក្រោម៖

    1. ដោយសារតែ​អ័រម៉ូន​របស់​មនុស្ស​ភេទ​ប្រុស​ហ្នឹងឯង

    អ្នកណាៗក៏​ដឹង​ដែរ​ថា យើង​មាន​ស្បែក​ខ្លាញ់ ខ្លាំង​ជាង​មនុស្ស​ស្រី ជាពិសេស​នៅលើ​ផ្ទៃមុខ នោះ​គឺ ដោយសារតែ​អ័រម៉ូន​ថេ​ស​ថូ​ស្ទើ​រ៉ូ​ន ឬ​អ័​រម៉ូ​ន​ភេទ​ប្រុស​ហ្នឹងឯង ដែល​អ័រម៉ូន​មួយ​នេះ នឹង​បង្កើន​ភាព​ខ្លាញ់​នៅលើ​ផ្ទៃមុខ និង​បង្កើត​បញ្ហា​ផ្សេងទៀត​តាម​មកជា​ច្រើន ដូច្នេះហើយ​ទើប​ផ​លឹ​ត​ផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស ច្រើន​តែមាន​ចំណែក​ផ្សំ ដែល​ខុស​ផ្លែ​ក​ពី​របស់នារីៗ ជាពិសេស​ហ្វូ​ម​លាងមុខ ដែល​ក្រៅតែពី​អាច​សម្អាត បាន​យ៉ាង​ជ្រៅជ្រះ​ហើយ ម៉​យស៍​ជើ​រ៉ៃ​ហ្ស៊ើ ក៏មាន​តិចជាង​ដែរ ដែល​វា​នឹង​ជួយ​កាត់បន្ថយ​មូលហេតុ​របស់​ភាព​ឡើង​ខ្លាញ់​លើ​ផ្ទៃមុខ បាន​យ៉ាង​ល្អ។

    2. បុរស មាន​ស្រទាប់​ស្បែក​ក្រាស់​ជាង ទើប​ការមើល​ថែទាំ មិន​ដូចគ្នា

    ជាទូទៅ ស្បែក​របស់​មនុស្ស​ប្រុស ច្រើនតែ​ក្រាស់​ជាង​របស់​មនុស្ស​ស្រី ប្រមាណ​ជា 20 – 30ភាគរយ ដែល​អាច​និយាយបានថា នេះ​ជា​ចំណុច​មានប្រៀប ព្រោះ​ស្បែក​របស់​បុរស អាច​ធន់​នឹង​ការបំផ្លាញ​ពី​ពន្លឺ​ថ្ងៃ​បាន​ខ្លាំង​ជាង រួមទាំង​អាច​រក្សា​សំណើម​បានល្អ​ជាង​ទៀតផង តែ​ទាំងអស់នេះ ក៏​មិនមែន​បានន័យថា អ្នក​មិនចាំបាច់​ត្រូវ​មើលថែទាំ​ស្បែក​ដែរ ផ្ទុយទៅវិញ អ្នក​ចាំបាច់​ត្រូវ​ជ្រើសរើស​ផ​លឹ​ត​ផល​បំប៉ន​ស្បែក ដែល​ផ​លឹ​ត​ឡើង​សម្រាប់​បុរស​ជាពិសេស ដែល​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សំណើម និង​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ បាន​យ៉ាង​ស័ក្តិសម​ទៀតផង។

    3. ជីវិត​កណ្តាល​ថ្ងៃ ដ៏​សែន​ធ្ងន់ធ្ងរ

    បុរស​ជាច្រើន អាច​ប្រើប្រាស់​ពេលវេលា នៅ​កណ្តាល​ថ្ងៃ​បែប​ពេញទំហឹង មិន​ថា​ដោយសារតែ​អាជីព​ការងារ ដែល​ត្រូវ​ទទួលខុសត្រូវ ការលេង​កីឡា​កណ្តាល​ថ្ងៃ ឬ​ការងារ​ខ្លះ ដូចជា​រៀបចំ​សួនច្បារ ជម្រះ​ស្មៅ​ជាដើម ក៏​ជា​មូលហេតុ​មួយ ដែល​ធ្វើឱ្យ​ស្បែក ត្រូវ​បំផ្លាញ​ដោយ​ពន្លឺ​ថ្ងៃ និង​បរិយាកាស​ជុំវិញ ដែល​អាច​បំផ្លាញ​ស្បែក​យើង​ដោយ​មិនដឹង​ខ្លួន។ ដូច្នេះហើយ ទើប​គ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ និង​ផ​លឹ​ត​ផល​ថែបំប៉ន​ស្បែក​សម្រាប់​បុរស ក្លាយជា​វត្ថុ​ចាំបាច់​មួយ ព្រោះ​វា​ផ្តល់នូវ​ការការពារ​ស្បែក​របស់​អ្នក បាន​យ៉ាង​ពេញទំហឹង។

    4. កោរពុកមាត់ ក៏​ជាការ​បំផ្លាញ​ស្បែក មិន​ស្ទើរ​ដែរ

    អ្វី​ដែលជា​គូ​គ្នា ជាមួយ​ផ្ទៃមុខ​របស់​បណ្តាបុរសៗយើង​នោះ គឺ​ពុកមាត់​ហ្នឹងឯង  តែបើ​សិន​អ្នក​ចាំបាច់​ត្រូវតែ​កោរពុកមាត់​រាល់ថ្ងៃ​នោះ ធានាថា ច្បាស់​ជាមាន​បញ្ហាផ្សេងៗកើតឡើង​ច្រើន​មិន​ខាន ទាំង​អាការ​ក្រហាយ​ផ្សា ស្បែក​ឡើង​កន្ទួល ស្បែក​ស្ងួត​នៅត្រង់​កន្លែង​កោរ និង​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ មុននឹង​កើតឡើង​យ៉ាងពិត​ប្រាកដ។ អ្នក​គួរ​មើលថែទាំ​ស្បែក ដោយ​គ្រី​មផ្សេងៗ ដែល​សម្រាប់​ប្រើ​ក្រោយពេល​កោរពុកមាត់​ហើយ​ផង ដោយសារ​ផលិតផល​ទាំងនោះ នឹង​ជួយ​ថែរក្សា​ស្ថានភាព​ស្បែក ក្រោយពេល​កោរពុកមាត់​រួច កាត់បន្ថយ​ការ​ក្រហាយ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។

    5. ការ​វេច​ខ្ចប់ ដែល​ច្នៃ​ម៉ូដ​ឡើង​សម្រាប់​បុរស

    ផលិតផល​ថែបំប៉ន​ស្បែក​ប្រភេទ​ខ្លះ​សម្រាប់​បុរស មានគុណ​សម្បត្តិ និង​សារធាតុ​ផ្សំ ដូចគ្នា​នឹង​របស់​ស្ត្រី​គ្រប់ប្រការ តែ​បើសិនជា​វា​ត្រូវ​ផ្ទុក​នៅក្នុង​ដប​រូប​បេះដូង ពណ៌​ផ្កាឈូក​ដ៏​ស្រស់ស្អាត គួរឱ្យ​ស្រឡាញ់​នោះ ធានាថា បុរសៗប្រហែលជា​មិន​ទិញយក​ទៅប្រើ​ជាដាច់ខាត ដូច្នេះហើយ​ទើប​អ្នក​ផលិត បាន​ច្នៃ​ម៉ូដ​រូបរាង​របស់​ផលិតផល ឱ្យ​មើលទៅ​រាង​ស្អាត​សង្ហា ឡូយ​បន្តិច ព្រមទាំង​បញ្ជាក់ថា ជា​ផលិតផល​សម្រាប់តែ​បុរស ដើម្បីឱ្យ​លោកអ្នក​អាច​ទិញ​ប្រើ​បាន​យ៉ាង​ងាយស្រួល និង​ហ៊ាន​ប្រើប្រាស់​វា រៀងរាល់ថ្ងៃ ដោយ​មិន​អៀនស្រីៗហ្នឹងឯង។

    សង្ឃឹមថា ចំណុច​ណែនាំ​ទាំងអស់ ដែល​ឡា​រ៉ែ​ន បាន​ជម្រាបជូន​ខាងលើនេះ ប្រហែលជា​ល្មម អាចឱ្យបុរសៗយើង ចាប់ផ្តើម​យល់​ហើយ​ថា តើ​ហេតុ​អី​បាន​យើង មិនអាច​ប្រើ​ផលិតផល​ខ្លះ រួមជាមួយនារីៗបាន តែ​យើង​អាច​ជ្រើសរើស​ប្រើ​ផលិតផល ដែល​ធ្វើឡើង​សម្រាប់តែ​បុរស និង​ត្រូវ​ប្រើ​ជាប់​ជាប្រចាំ​ទៀតផង ដើម្បី​ធានាថា ភាពស្រស់​សង្ហា​ឡូយ ច្បាស់​ជា​នៅ​ជាមួយបុរសៗយើង យូរ​តទៅទៀត​មិន​ខាន៕