Author: ធឿន មករា

កាសែតឡារ៉ែន ពាណិជ្ជ លេខ 200
[easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2019/12/LRPN_200-Final-For-Web.pdf” force_dl=”1″] 
បង្ហាត់កូនតូចឱ្យមានសុជីវធម៌ពេលញ៉ាំអាហារ
ម្តងទៀតហើយដែលកូនសម្លាញ់យកដៃប្រឡូកលេងក្នុងចានស្ប៉ាហ្គេតទីដ៏សែនឆ្ងាញ់ដែលអ្នកម្តាយខំឆាឱ្យកូនញ៉ាំ… មិនត្រឹមតែប៉ុណ្ណឹងទេ កូនសម្លាញ់ថែមទាំងយកដៃចាប់សរសៃស្ប៉ាហ្គេតទីដាក់ចូលមាត់ឡើងប្រឡាក់ពេញមាត់ទៀតផង។ហើយដែលអាក្រក់ជាងអ្វីទាំងអស់នោះ គឺពេលដែលកូនតូចធ្វើសរសៃមីស្ប៉ាហ្គេតទីខ្ទាតទៅប្រឡាក់អាវពណ៌សរបស់ប៉ាដែលអង្គុយញ៉ាំនៅក្បែរនោះទៀតផង។ បើតែយ៉ាងនេះ គម្រោងដែលគិតថា ចង់នាំកូនសម្លាញ់ទៅជប់លៀងឆ្លងឆ្នាំថ្មីនៅផ្ទះលោកនាយ ប្រហែលជាត្រូវលុបចោលហើយមើលទៅ…។
តែឈប់សិន… អ្នកម្តាយមិនចាំបាច់លុបចោលគម្រោងជប់លៀងឆ្លងឆ្នាំថ្មីនោះក៏បានដែរ បើសិនជាអ្នកម្តាយចេះបង្ហាត់សុជីវធម៌ដល់កូនតូចនៅពេលញ៉ាំបាយ តាំងពីពេលកូនចាប់ផ្តើមអង្គុយញ៉ាំអាហារនៅលើកៅអីខ្ពស់សម្រាប់ក្មេង(High Chair)បាននោះ។
ដោយដំណាក់កាលងាយៗក្នុងការបង្ហាត់កូនឱ្យមានសុជីវធម៌ពេលញ៉ាំអាហារជាមួយមនុស្សធំនេះ គួរចាប់ផ្តើមពីពេលឱ្យកូនតូចអង្គុយញ៉ាំបាយរួមតុជាមួយឪពុកម្ដាយ ដើម្បីឱ្យកូនបានមើលឃើញពីសុជីវធម៌ដ៏ត្រឹមត្រូវពីលោកឪពុក និងអ្នកម្តាយរបស់គេជាមុនសិន ព្រោះវិធីធ្វើឱ្យកូនមើលឃើញជាឧទាហរណ៍នេះ ជាវិធីមួយដែលទទួលបានលទ្ធផលល្អណាស់ ដោយលោកឪពុកអ្នកម្តាយអាចចាប់ផ្តើមតាំងពីការ-លាងសម្អាតដៃមុនពេលបរិភោគអាហារ… ប្រើស្លាបព្រាសមដួសម្ហូបអាហារយ៉ាងសុភាព…ពោលពាក្យថា “អរគុណ” រាល់ពេលដែលមានអ្នកដួសម្ហូបដាក់ឱ្យ… មិនអានសៀវភៅ ឬមើលទូរទស្សន៍ ឬលេងទូរស័ព្ទក្នុងពេលទទួលទានអាហារជាដើម-ល- បន្ទាប់ពីនោះ ប្រាកដណាស់ កូនតូចដែលតែងតែចង់ឱ្យលោកប៉ា និងអ្នកម៉ាក់ពេញចិត្តនោះ នឹងកត់ចំណាំទង្វើទាំងនោះ ហើយនិងធ្វើតាមជាមិនខាន។
ពេលកូនតូចចាប់ផ្តើមប្រត្តិបត្តិតាមអ្វីដែលអាណាព្យាបាលសម្តែងឱ្យគេឃើញហើយនោះលោកឪពុក-អ្នកម្តាយក៏មិនគួរសរសើរកូនសម្លាញ់ជ្រុលពេកឡើយ ព្រោះវិធីនេះអាចធ្វើឱ្យកូនគិតថា គេគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍គ្រប់ពេលដែលដល់ពេលចូលតុបាយ និងដែលសំខាន់នោះ គឺកុំនឹកសង្ឃឹមថា កូននឹងសម្តែងសុជីវធម៌ដ៏សមស្របទាំងនោះបានក្នុងរយៈពេលដ៏ខ្លីឱ្យសោះ ព្រោះពេលខ្លះកូនតូចក្នុងវ័យនេះ នៅតែសប្បាយរីករាយជាមួយអាហារដែលងាយស្រួលចាប់កាន់ញ៉ាំ(Finger Food)ដដែល។
ក្នុងអំឡុងពេលដែលលោកឪពុកអ្នកម្តាយកំពុងព្យាយាមបង្រៀនរឿងសុជីវធម៌ពេលញ៉ាំបាយដល់កូនតូចនោះ ប្រហែលជាមានពេលខ្លះហើយ ដែលកូនតូចនៅតែប្រឡូកប៉ូកប៉ាក់ប្រឡាក់ពេញមុខ ឬមានទង្វើដែលមិនស័ក្តិសមខ្លះមិនខាន… ស្ថិតក្នុងស្ថានការណ៍បែបនេះ អាណាព្យាបាលមានជម្រើស 2ចំណុច គឺទី1 ធ្វើជាមិនចាប់អារម្មណ៍នឹងទង្វើទាំងអស់នោះ មិនថាកូនព្រួសបាយពេញតុ ស្រែកចេចចាច ឬខ្ជាក់បាយដាក់ក្នុងចានជាដើមក្ដី សូមលោកឪពុកអ្នកម្តាយធ្វើព្រងើយ ធ្វើដូចជាគ្មានអ្វីកើតឡើងអុីចឹងទីបំផុត កូននឹងបញ្ឈប់ទង្វើទាំងនោះដោយឯកឯង នៅពេលដែលគេមើលឃើញថា អ្វីដែលគេធ្វើនោះមិនអាចទាក់ទាញចំណាប់អារម្មណ៍ពីលោកប៉ាអ្នកម៉ាក់បាន។ ចំណុចទី2 គឺរិះរកវិធីកែបញ្ហា ដូចជាជូតមាត់ឱ្យកូន រាល់ពេលដែលកូនខ្ជាក់បាយមកប្រឡាក់មាត់ រហូតទាល់តែកូនតូចឈប់ខ្ជាក់ដោយឯកឯង ឬក៏ពេលដែលគេប្រើដៃចាប់អាហារ អ្នកក៏យកស្លាបព្រាដាក់ក្នុងដៃកូន ជាដើម។ ក្នុងពេលជាមួយគ្នានេះដែរ លោកឪពុក-អ្នកម្តាយខ្លះ អាចនឹងនាំកូនតូចចេញពីតុបាយមួយភ្លែតសិន ដើម្បីនាំទៅអធិប្បាយប្រាប់ពីកិរិយាមារយាទដែលសមរម្យរបស់កូនតូចក៏អាចធ្វើបានដែរ។
តែដែលសំខាន់លើសអ្វីទាំងអស់ក្នុងការបង្រៀនឱ្យកូនតូចមានសុជីវធម៌ក្នុងពេលញ៉ាំបាយនោះ ប្រហែលជាចៀសមិនផុតពីភាពយល់ចិត្តអាណិតអាសូររបស់ឪពុកម្តាយចំពោះកូនតូចសម្លាញ់ឡើយ៕

កក្រើកទៀតហើយ! Huawei ចេញយុទ្ធសាស្រ្តខ្លាំងថ្មី ១ទៀត សម្រាប់វាយលុកទីផ្សារស្មាតហ្វូននៅកម្ពុជា
ភ្នំពេញ ៖ កំពូលក្រុមហ៊ុនស្មាតហ្វូន លំដាប់ខ្ពស់នៅលើពិភពលោក Huawei បានចេញយុទ្ធសាស្ត្រខ្លាំងថ្មី១ទៀត ហើយសម្រាប់ទីផ្សារកម្ពុជា ដែលពុំទាន់មានក្រុមហ៊ុន ស្មាតហ្វូនណាបានចាប់ផ្ដើមបាននៅឡើយ ដោយការបើកបង្ហាញយុទ្ធសាស្ត្រថ្មីមួយនេះ បានរៀបចំឡើងឡើងនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅការិយាល័យរបស់ Huawei ប្រចាំនៅកម្ពុជា។

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បាឱ្យដឹងថា យុទ្ធសាស្រ្តថ្មីនេះគឺជាការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជា ដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទី៣ នៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro។

លោកបានបញ្ជាក់ទៀតថាយុទ្ធសាស្ត្រថ្មីមួយនេះ កំពុងវាយលុកទូទាំងតំបន់អាស៊ី និងអ៊ឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពី១ថ្ងៃ ទៅ១ថ្ងៃ ដោយនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច។

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា ជាក់ស្ដែងការដាក់ឱ្យប្រើប្រាស់ AppGallery គឺបាន ដាក់ឲ្យប្រើប្រាស់ជាសកល នៅអំឡុង ខែមេសា ឆ្នាំ ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះ វាដំណើរការមិនទាន់ដល់២ឆ្នាំនោះទេ ប៉ុន្តែអ្នក ប្រើប្រាស់មានជាមធ្យម ៣៩០លាននាក់ ក្នុង១ខែ និងប្រមាណជា ១៨០ប៊ីលានដងនៃការទាញយកក្នុង១ឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំនឹកស្មានមិនដល់របស់ HMS។

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជា បានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ ក្នុងតម្លៃ ៨៩៩ដុល្លារ ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើកំពូលស្មាតហ្វូននេះ ដោយសារគ្រប់ ការទាញ យកកម្មវិធីមកប្រើប្រាស់ គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយ ទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅកម្ពុជា ដើម្បីបំពេញ តម្រូវការអ្នក ប្រើប្រាស់ក្នុងស្រុក៕


កំពូលស្មាតហ្វូន ប្រណិតភាព ថ្លៃថ្នូរ ជាមួយនឹងរចនាបទថ្មី!
ភ្នំពេញថ្ងៃ 29 វិច្ឆិកា 2019
ទីបំផុត Galaxy Fold ដែលជាកំពូលទូរស័ព្ទប្រកបដោយភាពថ្លៃថ្នូរ និងរចនាបថថ្មី បានបង្ហាញមុខជាផ្លូវការនៅកម្ពុជាហើយ ។ សំរាប់អតិថិជនទូទៅ Galaxy Fold គឺជាអភូតហេតុពិសេសដែលលើសពីការរំពឹងទុក ព្រោះ Galaxy Fold គឹជាសមិទ្ធិផលរបស់គំនិតច្នៃប្រឌិតពិសេស និង បច្ចេកវិទ្យាកំរិតខ្ពស់បំផុត ។ អតិថិជនទូទៅតែងតែរំពឹងថានឹងមានឳកាសបានកាន់ បានទទួលបទពិសោធន៏ប្រើប្រាស់សាកល្បង និងបើអាចក្លាយជាម្ចាស់របស់ Galaxy Fold ផងដែរ ។ ហើយពេលនេះ ក្តីរំពឹងបានក្លាយជាការពិត!

នៅក្នុងវេទិកាដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិក Galaxy Fold បានបង្កើតនូវព្រឹត្តិការណ៍កក្រើករញ្ជួយពាសពេញពិភពលោកជាមួយនឹងបច្ចេកវិទ្យាពិសេស Infinity Flex Display ដែលអាចឲយើងបត់ឫលាទូរស័ព្ទបានតាមតម្រូវការដូចជាការនិយាយទូរស័ព្ទ ការអាន ឫការកំសាន្តផ្សេងៗ ។ ពេលបើកលាទូរស័ព្ទ Galaxy Fold មានកញ្ចក់ដែលមានទំហំ 7.3 អ៊ីញ ជាមួយនឹងកំរិតភាពច្បាស់របស់អេក្រង់ 2152*1536 គួបផ្សំនឹងបច្ចេកវិទ្យា Dynamic AMOLED ដែលធ្វើឲពន្លឺច្បាស់ស្រទន់ ។ Galaxy Fold មានកាម៉េរាសរុប 6 គ្រាប់ ។ កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 10 មេហ្គាពិចសែល សំរាប់ធ្វើការសែលហ្វីពេលបិទទូរស័ព្ទ ។ ពេលបើកលាទូរស័ព្ទ កាមេរ៉ាខាងក្នុងមាន 2 គ្រាប់ សំរាប់ការថតសែលហ្វី (10 មេហ្គាពិចសែល) និង សំរាប់ការថត Live Focus (8 មេហ្គាពិចសែល)។ កាមេរ៉ាខាងក្រោយមាន 3 គ្រាប់ កាមេរ៉ាសំរាប់ការថត Ultra Wide (16 មេហ្គាពិចសែល) កាមេរ៉ាគោល (12 មេហ្គាពិចសែល-Dual Pixel)និង កាមេរ៉ាសំរាប់ zoom (12 មេហ្គាពិចសែល) ។ ជាមួយនឹងកាមេរ៉ាទាំង 6 នេះ Galaxy Fold ផ្តល់នូវរូបភាពច្បាស់ល្អ សំរាប់ការថតគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ Galaxy Fold បំពាក់នូវអង្គគណនា RAM ទំហំ 12GB និង មានអង្គចងចាំដែលមានទំហំផ្ទុក 512GMB ។ លើសពីនេះ Galaxy Fold ក៏បានបំពាក់នូវថ្មដែលមានទំហំធំរហូតដល់ 4,380mAh ចំនួន 2 គ្រាប់ ដែលអាចឲយើងប្រើប្រាស់លើសពីតម្រូវការដោយគ្មានបារម្ភ ។
ដូច្នេះ សូមរូសរាន់ទៅកាន់ហាងលក់ទូរស័ព្ទធំៗដែលនៅជិតលោកអ្នកដើម្បីទទួលបទពិសោធន៍ពិសេស និងធ្វើការជាវ Galaxy Fold ព្រោះស្តុកមានកំណត់ ។

ជំងឺ ដែលមកជាមួយ គ្រោះទឹកជំនន់
នៅពេលទឹកជំនន់កើតឡើង រឿងដែលយើងគួរធ្វើបំផុតនោះគឺ ការតាំងសតិអារម្មណ៍ តាមដានព័ត៌មាន ហើយត្រូវជម្លៀសទៅកន្លែងខ្ពស់ឱ្យបានឆាប់បំផុត។ ក្នុងករណីមានស្ថានភាពទឹកជំនន់ខ្ពស់ ឬហាក់ដូចជាមិនមានសភាពប្រសើរឡើង អ្នកគួរតែធ្វើតាមដំបូន្មានរបស់មន្ត្រីគ្រប់គ្រងគ្រោះមហន្ដរាយយ៉ាងម៉ឺងម៉ាត់ និងត្រូវឱ្យប្រាកដដែរថា អ្វីដែលកើតឡើងមកជាមួយទឹកជំនន់ មិនត្រឹមតែបង្កការខូចខាត ឬឈឺចាប់ដល់អ្នកភូមិអ្នកស្រុកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្ថានភាពទឹកជំនន់នៅបាននាំមកនូវពពួកសត្វល្មូន សត្វល្អិតចង្រៃ រួមទាំងជំងឺមួយចំនួនផងដែរ។ ហេតុដូច្នេះហើយថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូននូវប្រភេទជំងឺមួយចំនួនដែលនឹងនាំមកនូវគ្រោះអាក្រក់ដែលបណ្តាលមកពីមហន្តរាយទឹកជំនន់ និងវិធីការពារសុខភាពឱ្យគ្នាទៅវិញទៅមក។
1. ជំងឺផ្លូវដង្ហើម : ជំងឺផ្តាសាយ ជំងឺផ្តាសាយធំ ជំងឺរលាកសួត
រោគសញ្ញាសំខាន់ៗ
– មានគ្រុនក្តៅ (ក្តៅ) ឈឺបំពង់ក ហៀរសំបោរ និងក្អក។
– សម្រាប់ជំងឺផ្តាសាយ ជាញឹកញាប់មានការឈឺចាប់រាងកាយច្រើន ហើយកើតអាការធុញអាហារផងដែរ។
– ចំពោះជំងឺរលាកសួត ជាញឹកញាប់គឺមានក្អកស្លេសលឿង ឬបៃតង ឈឺទ្រូង និងដកដង្ហើមពិបាក។
វិធីការពារ
ធ្វើឱ្យរាងកាយរបស់អ្នកកក់ក្តៅ ចៀសវាងការហែលទឹក ឬត្រាំទឹកក្នុងរយៈពេលយូរ។ កុំស្លៀកសម្លៀកបំពាក់សើម ជូតខ្លួនអ្នកឱ្យស្ងួត និងស្លៀកសម្លៀកបំពាក់ដែលក្រាស់ល្មម។ ប្រសិនបើអាកាសធាតុត្រជាក់ ចៀសវាងការនៅជិតអ្នកជំងឺផ្តាសាយ។ គ្របមាត់ និងច្រមុះដោយក្រណាត់ ឬម៉ាស ប្រសិនបើចាំបាច់ត្រូវទៅជិត ឬដើរឆ្លងកាត់អ្នកជំងឺផ្ដាយសាយ។ កុំចែករំលែករបស់របរផ្ទាល់ខ្លួនទៅកាន់អ្នកជំងឺ ក្នុងអំឡុងពេលមានជំងឺផ្តាសាយកើតឡើង។ គួរលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬប្រើជែលអាល់កុល ដើម្បីសម្លាប់មេរោគលើបាតដៃ។ សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដូចជា អាយុលើសពី65ឆ្នាំឡើង ប្រសិនលោកអ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺហឺត ជំងឺស្ទះសួត ជំងឺថ្លើមរ៉ាំរ៉ៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ អេដស៍ ស្ត្រីមានផ្ទៃពោះ អ្នកជក់បារី ឬធាត់ គួរចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ។2. ជំងឺដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារ :
រាករូស ពុលចំណី អាសន្នរោគ គ្រុនពោះវៀន ពុលអាហារមានសត្វល្អិត។
រោគសញ្ញាសំខាន់ៗ
– បន្ទោបង់រាវ ឬជាទឹក ឬមានរាកមួលលាយឈាម ឈឺពោះ ចង្អោរក្អួត និងអាចក្តៅខ្លួនផងដែរ។
– ចំពោះជំងឺគ្រុនពោះវៀន ជារឿយៗមានគ្រុនក្តៅខ្លាំងគ្រប់ពេល សម្រាប់មួយសប្តាហ៍ឡើង មានអាការឈឺក្បាល និងបាត់បង់ចំណង់អាហារជាដើម។
វិធីការពារ
មិនត្រូវបរិភោគអាហារដែលមិនបានចម្អិននិងមិនបានលាងសម្អាតឡើយ ក៏មិនត្រូវបរិភោគអាហារដែលមានរុយរោម ឬទុកចោលមួយយប់ឬអាហារមានក្លិនស្អុយ។ ត្រូវទទួលទានទឹកស្អាតដូចជា ទឹកដប ឬទឹកដាំពុះ។ លាងដៃរបស់អ្នកគ្រប់ពេលវេលាជាមួយសាប៊ូ និងទឹកស្អាត ហើយខណៈពេលចម្អិន និងរៀបចំម្ហូប មុនពេលញ៉ាំ ក៏ត្រូវធ្វើការសម្អាតដៃដែរ។ កុំបន្ទោបង់ដោយផ្ទាល់ទៅក្នុងទឹក អ្នកគួរតែបន្ទោបង់នៅក្នុងបង្គន់អនាម័យ។ ករណីមានអាការរាកមួលខ្លាំង ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជាបន្ទាន់។
3. ជំងឺឆ្លងពីសត្វមូស : ជំងឺគ្រុនឈាម
រោគសញ្ញាសំខាន់ៗ
– ទ្បើងកម្តៅខ្លួនខ្លាំងភ្លាមៗ និងមានអាការញាក់។
– ឈឺចាប់ពេញខ្លួនប្រាណ មានអារម្មណ៍ពិបាកទ្រាំ និងអស់កម្លាំង។
– ឈឺក្បាល និងឈឺបំពង់ក។
– ប៉ុន្មានថ្ងៃក្រោយមក ឬជិតមួយសប្ដាហ៍ មានចេញកន្ទួលក្រហមដូចជា ស្នាមមូសខាំនៅត្រង់ប្រអប់ដៃ និងប្រអប់ជើង រួចរាលដាលដល់ពេញរាងកាយទាំងមូល តែជាទូទៅកន្ទួលក្រហមនេះមិនកើតនៅលើផ្ទៃមុខឡើយ។
– ចំពោះកុមារវិញ អាចមានរោគសញ្ញាក្អូតចង្អោរ ឬមានច្រាលឈាមជាដើម។
– រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម គឺអាចបណ្តាលឱ្យមានការហូរឈាមតាមស្បែក មានចំណុចខ្មៅជាំតូចៗ ឬឃើញមានសញ្ញាហូរឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងរាងកាយ។
វិធីបង្ការ
ដោយហេតុថា បច្ចុប្បន្ននេះថ្នាំចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាមពុំទាន់ត្រូវបានអ្នកវេជ្ជសាស្ត្ររកឃើញនោះទេ ដូច្នេះវិធីល្អបំផុត ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គឺការពារខ្លួនកុំឱ្យមូសខ្លាខាំ។
ខាងក្រោមនេះជាដំបូន្មានខ្លះៗ ដើម្បីបង្ការជំងឺគ្រុនឈាម៖
– ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីកម្ចាត់ជម្រកមូស។
– គេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬគេងក្នុងមុងឱ្យបានត្រឹមត្រូវ។
– ចៀសឱ្យបាននៅទីកន្លែងមានមូសខាំ ជាពិសេសរដូវភ្លៀង។
– ពាក់ខោអាវវែងៗ។
– ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង។ការព្យាបាល
ជាទូទៅ ការព្យាបាលជំងឺគ្រុនឈាម ក្រៅពីប្រើប្រាស់វិធីព្យាបាលតាមបែបវេជ្ជសាស្ត្រហើយ គ្រូពេទ្យតែងណែនាំឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើនជានិច្ច។
ចំពោះការព្យាបាលអ្នកជំងឺគ្រុនឈាមកម្រិតធ្ងន់ គ្រូពេទ្យតម្រូវឱ្យ៖
– អ្នកជំងឺត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
- បញ្ចូលជាតិទឹកតាមសរសៃ និងជំនួសអេឡិចត្រូលីត្រដែលបាត់បង់។
– តាមដានសម្ពាធឈាម។
– បញ្ចូលឈាម ដើម្បីជំនួសការបាត់បង់ឈាម។4. ជំងឺឆ្លងតាមទឹក : កត្តាចម្បងដែលជំរុញឱ្យមានការផ្ទុះឡើងនូវជំងឺទាំងឡាយដែលទាក់ទងទៅនឹងទឹកជំនន់គឺការបរិភាគទឹកមិនស្អាត។
ជំងឺទាំងនោះអាចជា ជំងឺគ្រុនពោះវៀន អាសន្នរោគ រលាកថ្លើមប្រភេទA និង Leptospirosis ជាដើម។ Leptospirosis ជាជំងឺឆ្លងដែលបង្កដោយមេរោគពពួក Leptospira ដែលឆ្លងមកពីសត្វពាហនៈ បក្សី ពពួកសត្វកង្កែប និងពពួកសត្វកកេរ ពិសេសគឺកណ្តុរដែលមានផ្ទុកមេរោគនេះ។ វាឆ្លងមកមនុស្សតាមរយៈការប៉ះពាល់ឈាម សំបោរ ទឹកនោម ឬទឹក និងដីសើម ឬរុក្ខជាតិជាដើម ដែលប្រឡាក់ទឹកនោមរបស់សត្វទាំងនោះ។ ក្នុងជំងឺ Leptospirosis នេះអ្នកជំងឺអាចស្តែងចេញជាអាការគ្រុនក្តៅខ្លាំង (38ទៅ40អង្សារ) ឈឺក្បាលខ្លាំង ក្អួតចង្អោរ មិនឃ្លានអាហារ ឈឺសាច់ដុំ និងក្អក។ក្នុងករណីធ្ងន់ធ្ងរវាអាចទៅជារលាកស្រោមខួរក្បាល ខូចថ្លើម និងស្លាប់នៅទីបំផុត។ ជំងឺនេះអាចព្យាបាលដោយថ្នាំផ្សះប្រភេទ Doxycycline។ ទឹកដែលមានលាយលាមកជ្រូកច្រើនអាចចម្លងជំងឺ Balantidiasis ដែលបង្កឱ្យមានអាការរាករុស ឬទល់លាមក។
ការប៉ះពាល់ទឹកកខ្វក់អាចឈានទៅរកជំងឺមួយចំនួនដូចជា ដំបៅក្លាយ រលាកសើស្បែក ឈឺភែ្នក ឆ្លងរោគក្នុងត្រចៀក ច្រមុះ និងបំពង់ក។ មានសេចក្តីរាយការណ៍ជាច្រើនបានបង្ហាញថា មានជំងឺភ្នែកក្រហម ដែលប្រជាជនទូទៅស្គាល់ថាជាជំងឺឈឺភែ្នក។ ករណីទាំងនេះច្រើនជាជំងឺរលាក ដែលបង្កដោយវីរុស ឬបាក់តេរីដែលវាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមការប្រើប្រាស់របស់របររួមគ្នាជាមួយអ្នកជំងឺ។
វិធីការពារ
– ការលាងដៃនឹងសាប៊ូ ប្រើទឹកស្អាត ឬទឹកឆ្អិនមកលាងមុខអាចជួយកាត់បន្ថយការចម្លងនៃជំងឺនេះ។
– អាការរកាំភ្នែក អាចម៍ភ្នែកច្រើនអាចមានសភាពធ្ងន់ធ្ងរអស់រយៈពេល3ទៅ5ថ្ងៃដំបូង មុននិងបានធូរស្រាល ហើយអាចបន្តរហូតទៅដល់2ទៅ3សប្តាហ៍ ទើបអ្នកជំងឺអាចធូរស្បើយបាន។
– ការស្អំភ្នែកដោយទឹកត្រជាក់ ឬទឹកក្តៅឧណ្ហៗអាចជួយបន្ថយអាការក្រហាយ រកាំ និងហៀរខ្ទុះ(អាចម៍ភ្នែក)បាន។5. ជំងឺឆ្លងដោយសត្វល្អិត : នៅពេលដែលទឹកស្រកទៅ អ្នកគួរបង្ហូរទឹកដក់ទាំងឡាយចោល ហើយបំផ្លាញចោលរបស់របរ ឬវត្ថុទាំងឡាយដែលអាចដក់ទឹកបាន។អ្នកគួរប្រើថ្នាំ DEET ដើម្បីដេញសត្វល្អិតកុំឱ្យមកជិតខ្លួន។ ស្លៀកពាក់ខោអាវជិតៗ អាវដៃវែងខោជើងវែង និងស្រោមជើងពេលចេញក្រៅផ្ទះជាពិសេសពេលព្រលឹម និងពេលព្រលប់ជាពេលដែលមានមូសច្រើន។ ហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគមួយចំនួនដូចជា មេរោគរបេង រលាកថ្លើមប្រភេទ A B និង C, Rotavirus ដែលធ្វើឱ្យមានជំងឺរាក គ្រុនពោះវៀន និងជំងឺអាសន្នរោគ។
វិធីការពារ
– ដាំទឹកឱ្យពុះឱ្យបាន1នាទី ឬ3នាទីចំពោះអ្នកដែលនៅតំបន់ភ្នំ ឬខ្ពង់រាប (រយៈកម្ពស់2,000ម៉ែត្រពីទឹកសមុទ្រ)។
– ប្រើថ្នាំសម្លាប់មេរោគដាក់ក្នុងទឹក
– ប្រើ Tincture of iodine 2% 5តំណក់ក្នុងទឹកថ្លា1លីត្រ 10តំណក់ក្នុងទឹកល្អក់។
– ថ្នាំគ្រាប់មានជាតិអុីយ៉ូដដទៃទៀតមានPotable Aqua, Globaline tablets, Coghlan’s tablets។- ថ្នាំគ្រាប់ក្លរីនមួយចំនួនមានដូចជា Halazone, Aquamira, Potable Aqua Chlorine PSI និង PUR។
– និងប្រើឧបករណ៍ច្រោះទឹកជាដើម៕
រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ២៥ ទី ២៦ និងទី ២៧ ពីស្រាបៀរអាន់ឆ័រ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 (មួយម៉ឺន) ដុល្លារចំនួនបីរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 27 (ម្ភៃប្រាំពីរ) នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។
លោក ភឹម វុទ្ធថា មកពីខេត្តតាកែវ អ្នកស្រី ប៉ិន គឹមស្រឿន មកពីខេត្តកំពត និងលោក ម៉ៅ ផានិត មកពីរាជធានីភ្នំពេញ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ បានប្រសាសន៍បញ្ជាក់ដូចគ្នាថា កម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរអាន់ឆ័រពិតជាល្អណាស់ ស្រាបៀរអាន់ឆ័រពិតជាប្រគល់រង្វាន់ពិតៗមែន ហើយសូមអតិថិជនស្រាបៀរអាន់ទាំងអស់បន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ធំដូចរូបគាត់ទាំងបី។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕
តើធ្វើដូចម្តេច ដើម្បីឱ្យស្កប់ស្កល់ចំពោះរូបរាងរបស់អ្នក?
សព្វថ្ងៃនេះ គឺជាសម័យនៃការរស់នៅក្នុងពិភពលោកដ៏ទំនើប ហើយប្រហែលមិនខុសទេ បើយើងនិយាយថា វាជាសម័យកាលមួយដែលមនុស្សជាច្រើនចង់សម្តែង និងបង្អួតភាពស្រស់ស្អាតដែលខ្លួនមានឱ្យទៅអ្នកដទៃបានឃើញ។ ទោះយ៉ាងណា ពាក្យចាស់បានពោលថា “មនុស្សយើងមិនអាចមានអ្នកណាល្អគ្រប់ទាំង10នោះទេ”។ បើទោះជាយ៉ាងណាក៏យើងគ្រប់គ្នា ជាពិសេសនារីៗទាំងឡាយតែងតែប្រាថ្នាចង់បាននូវរូបសម្រស់ដែលជាទីទាក់ទាញបំផុត។ ប្រាថា្នក៏ប្រាថា្នចុះ ហើយចង់ផ្លាស់ប្តូរក៏ផ្លាស់ប្តូរចុះ ប៉ុន្តែសូមធ្វើយ៉ាងណាកុំឱ្យជ្រុលពេក ត្រូវចេះស្កប់ស្កល់នូវអ្វីដែលអ្នកមានខ្លះផង កុំវង្វេងនឹងភាពចង់ស្អាតចង់ល្អជ្រុលរហូតក្លាយជាទុក្ខដល់ខ្លួនវិញឱ្យសោះ។ ដូច្នេះត្រូវធ្វើដូចម្តេចទៅ? សូមតាមដានអត្ថបទបន្ត។
ឈប់! ប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ : អ្នកកាន់តែប្រៀបធៀបខ្លួនអ្នកជាមួយអ្នកផ្សេងច្រើនប៉ុណ្ណា គឺវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអាក្រក់ច្រើនដូច្នេះដែរ។ ត្រូវប្រាប់ខ្លួនឯងថា មនុស្សយើងវាមិនដូចគ្នានោះទេ ហើយការយកខ្លួនទៅប្រៀបជាមួយអ្នកដទៃគឺជារឿងដែលគ្មានប្រយោជន៍បំផុត។ កុំរវល់តែតូចចិត្តនឹងសុដន់របស់ខ្លួនដែលមើលទៅមានទំហំតូចពេលនៅជិតអ្នកមានសុដន់ធំទ្រលុកទ្រលន់នោះទៀតអី សូមក្រឡេកភ្នែករបស់អ្នកមើលនារីផ្សេងទៀតដែលមានទំហំប្រហាក់ប្រហែលអ្នក នោះអ្នកនឹងស្ងប់ចិត្តវិញជាមិនខាន។

បញ្ឈប់គំនិតអវិជ្ជមានអំពីរាងកាយរបស់អ្នក :អ្នកស្រាវជ្រាវបានធ្វើការអះអាងថា ប្រសិនបើអ្នកនៅតែគិតអំពីអ្វីមួយថាជារឿងអាក្រក់គ្រប់ពេលវេលានោះ វានឹងនៅចាក់ឫសក្នុងគំនិតរបស់អ្នកយ៉ាងជាប់ ហើយជាលទ្ធផលដែលអ្នកទទួលបានគឺគ្មានអ្វីក្រៅពីការដែលធ្វើឱ្យខ្លួនឯងមានអារម្មណ៍មានភាពខ្វះខាតមិនចេះចប់មិនចេះហើយតែប៉ុណ្ណឹង។ ដូច្នេះដើម្បីឱ្យខ្លួនអ្នកមានអារម្មណ៍ពេញចិត្តចំពោះខ្លួនឯងនោះ អ្នកត្រូវឈប់មានគំនិតអវិជ្ជមានចំពោះខ្លួនឯង។ ការគិតវិជ្ជមាន ធ្វើឱ្យអ្នកចេះស្គាល់ពាក្យថា ស្កប់ស្កល់ ហើយក៏ជួយឱ្យមានភាពរីករាយខាងផ្លូវចិត្តផងដែរ។ ប្រសិនបើអ្នកអាចវាយដណ្តើមយកជ័យជម្នះលើគំនិតអវិជ្ជមានបាន នោះអ្នកនឹងមានការរីកចម្រើនឡើង។
រំឭកខ្លួនឯងពីចំណុចល្អដែលអ្នកមាន : ពេលនិយាយដល់ការបំបាត់ចោលគំនិតអវិជ្ជមានចំពោះខ្លួនឯង គឺត្រូវគិតដល់ចំណុចល្អដែលអ្នកមាន។ មិនចូលចិត្តទ្រង់ទ្រាយច្រមុះមែនទេ? ចឹងមើលស្បែកភ្លឺថ្លា រាងដែលស្រឡូនស្អាត សក់ភ្លឺរលោងដែលអ្នកមានវិញល្អជាង។ អន់ច្រមុះ បានស្បែក បានសក់ និងបានរាងយោងដែរ មានអីត្រូវបារម្ភ!!!

កុំភ្លេចអ្វីដែលមាននៅខាងក្នុង : កុំភ្លេចឱ្យសោះថា ភាពល្អស្អាតពិតប្រាកដរបស់មនុស្សម្នាក់ៗគឺស្ថិតនៅផ្នែកខាងក្នុងនៃចិត្តគំនិត ចរិយាមាយាទហើយភាពរីករាយរបស់មនុស្សម្នាក់ក៏មិនអាចបញ្ជាក់បានដោយគ្រាន់តែបានឃើញស្នាមញញឹមតែមួយមុខនោះដែរ។
ទទួលស្គាល់ខ្លួនឯង : កុំព្យាយាមផ្លាស់ប្តូរនូវអ្វីដែលមិនអាចផ្លាស់ប្តូរបានទៀតអី និយាយរួមព្រមទទួលយកនូវអ្វីដែលអ្នកមាន។ អ្នកខ្លះបានចំណាយពេលវេលា និងទ្រព្យសម្បត្តិអស់យ៉ាងច្រើន ដើម្បីកែខៃនូវអ្វីដែលមនុស្សភាគច្រើនតែងនិយាយថា មិនស្អាត ឬមិនសមអុីចេះមិនសមអុីចុះ ប៉ុន្តែទីបំផុត មិនថាអ្នកខំកែខៃយ៉ាងណានោះទេ អ្នកនៅតែមិនអាចបំពេញចិត្តអ្នកទាំងនោះបានគ្រប់ជ្រុងជ្រោយនោះទេ៕

ការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីពង្រឹង សាមគ្គីភាព សន្តិភាព និង កាយល់ដឹង
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងប្រារព្ធការប្រគំតន្ត្រីសប្បុរសធម៌ ដែលសម្តែងដោយក្រុមចម្រៀង Musica Felice នៅថ្ងៃសៅរ៍
ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។ភ្នំពេញ ថ្ងៃទី ០៧ ខែវិច្ឆកា ឆ្នាំ 2019: តន្ត្រីបុរាណព្រមទាំងប្រពៃណីដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ នឹងសម្តែងជូននូវការប្រគុំតន្រ្តីសប្បុរសធម៌នៅក្នុងទីធ្លាសួនច្បារនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ ក្រុមតន្ត្រីដែលមានឈ្មោះថា Musica Felice នឹងបង្ហាញកម្មវិធីតន្ត្រីបុរាណនិងសហសម័យ ដើម្បីប្រមូលថវិកាទៅបរិច្ចាគជូនទៅសាលាតន្ត្រី Happy Chandara School និង Phum Pleng School ។
ការប្រគុំតន្ត្រីសប្បុរសធម៌នេះគឺជាគំនិតផ្តួចផ្តើមមួយពីសំណាក់តន្ត្រីករជនជាតិជប៉ុន គឺលោកស្រី Miwako Fujiwara ដែលមានចំណង់ចំណូលចិត្តស្រឡាញ់វិស័យចម្រៀងខ្លាំង។ អ្នកស្រីបានដឹកនាំក្រុមតន្ត្រី ‘Musica Felice’ ដែលមានន័យថា ‘ចម្រៀងសប្បាយរីករាយ’ ដែលមានតន្រ្តីករ ចំនួន ៣០ នាក់។ ក្រុមនេះបានបង្កើតឡើងអស់រយៈពេលបួនឆ្នាំ ហើយនេះគឺជាការប្រគំតន្ត្រី សប្បុរសធម៌លើកទី ៦ នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ទេពកោសល្យរបស់តន្រ្តីករនៅកម្ពុជាតែងតែធ្វើឲ្យខ្ញុំមានភាពស្ញប់ស្ញែងខ្លាំងបំផុត។ខ្ញុំពិតជាសប្បាយរីករាយជាពន់ពេកក្នុងការសម្តែងជាថ្មីម្តងទៀតជាមួយក្រុមតន្រ្តីករ Musica Felice ក្នុងកម្មវីធី ដ៏សំខាន់មួយនេះ។ ខ្ញុំក៏ធ្លាប់បានធ្វើការជាមួយសាលាតន្ត្រី Happy Chandara School និង Phum Pleng School អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ ពួកគេគឺជាមនុស្សល្អខ្លាំងណាស់ “ប្រសាសន៍របស់ លោកស្រី Miwako Fujiwara”
ភាពជាដៃគូនេះគឺជាមោទនភាពមួយសម្រាប់សណ្ឋាគារ ដោយសារតែសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាតែងតែគាំទ្រសិល្បៈយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក Charles-Henri Chevet អ្នកចាត់ការទូទៅនៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានរៀបរាប់ថាការប្រគុំតន្រ្តីនេះគឺជាឱកាសដ៏ល្អមួយដើម្បីចែករំលែកតន្ត្រីជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដ៏ដូចជាជម្រុញ ឲ្យប្រជាពលរដ្ឋចូលរួមចំណែកជួយដល់មូនិធិទ្រទ្រង់ដើម្បីផ្តល់ក្តីសង្ឃឹមថ្មីមួយដល់ប្រជាជនកម្ពុជាដែលមានបញ្ហាលំបាក។
ការប្រគុំតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ៣០ ខែវិច្ឆិកា ចាប់ពីម៉ោង 5 ល្ងាចនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។ សំបុត្រមានតម្លៃ 10 ដុល្លារសម្រាប់មនុស្សធំ និង 5 ដុល្លារសម្រាប់កុមារអាយុក្រោម 12 ឆ្នាំហើយបច្ចុប្បន្នសំបុត្រ កំពុងដាក់លក់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងហាងកាហ្វេ Socials មហាវិថីព្រះនរោត្តម ។
លោកស្រី Miwako Fujiwara
លោកស្រី Miwako Fujiwara គឺជាអ្នកលេងព្យ៉ាណូដ៏ចំណានមួយរូប និង ជាអ្នកដឹកនាំក្រុមចម្រៀងផងដែរ។ លោកស្រីបានសិក្សាព្យាណូនិងចង្វាក់ភ្លេងនៅសាកលវិទ្យាល័យ Soai នៅប្រទេសជប៉ុន ហើយបានបន្តការសិក្សាអស់រយៈពេល 7 ឆ្នាំនៅ the Hague Royal Conservatorium នៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាមួយនឹងលោក Tom Koopman និង Tini Mathot ដោយទទួលបានសញ្ញាបត្រ Docent Musicus ថែមទៀតផង។ លោកស្រី Miwako ក៏ទទួលបានការថតតន្រ្តីដាក់ស៊ីឌីជាច្រើន ហើយលោកស្រីក៏បានសម្តែងនៅមហោស្រព North Sea Jazz Festival នៅហូឡង់ ដែលមានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។ លោកស្រី Miwako បានធ្វើដំណើរទូទាំងទ្វីបអឺរ៉ុបនិងជប៉ុនអស់រយៈពេល 20 ឆ្នាំក្រោមការប្រគំតន្ត្រីទេសចរណ៍ និង លើសពីនេះលោកស្រីគឺជាគ្រូបង្រៀនព្យាណូអស់រយៈពេលជិត 25 ឆ្នាំមកហើយដែលបច្ចុប្បន្នលោកស្រីបានរស់នៅប្រទេសកម្ពុជាអស់រយៈពេល9ឆ្នាំ។សូហ្វីតែល សណ្ឋាគារលំដាប់ថ្នាក់ពិភពលោកនិងភាពឆើតឆាយរបស់បារាំង
សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា គឺជាសណ្ឋាគារដ៏ប្រណីតបែបបារាំងតែមួយគត់នៅទីក្រុងភ្នំពេញ។ សណ្ឋាគារដែលទទួលបានពានរង្វាន់ជាច្រើននេះមានបន្ទប់ចំនួន 201 បន្ទប់ស្ប៉ា ក្លឹបកីឡា សាល Grand Ballroom សម្ភារៈប្រជុំទំនើបៗ និងភោជនីយដ្ឋានចំនួន 4 ។ ការតុបតែងតាមរចនាបថបារាំងផ្តល់ជូនសោភ័ណភាពប្រណិតដែលជម្រុញឱ្យមានការគាំទ្រឥតឈប់ឈរនៅក្នុងសណ្ឋាគារដែលល្បីល្បាញទូទាំងព្រះរាជាណាចក្រកម្ពុជា។
ម្ចាស់ជយលាភីប្រចាំប្រទេសក្នុងតំបន់ បានបន្តឈានឡើងដល់ កម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards លើកទី14 វគ្គផ្ដាច់ព្រ័ត្រ
ទីក្រុងបាងកក — ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2019
កម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងដែលមានភាពល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីមួយនេះ បានប្រកាសកម្មវិធីអបអរសាទរចុងក្រោយបំផុតជាមួយនឹងការប្រកាសឈ្មោះម្ចាស់ជយលាភីពានរង្វាន់កម្មវិធី PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ2019 ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Kohler នៅថ្ងៃសុក្រ ទី22 ខែវិច្ឆិកា នៅសណ្ឋាគារ Athenee ដែលជាសណ្ឋាគារប្រណីតលំដាប់កំពូលបំផុតមួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
នាឱកាសដ៏វិសេសវិសាលនេះ បេក្ខភាពជ្រើសតាំងប្រមាណជា 150នាក់ដែលតំណាងឱ្យម្ចាស់ជយលាភីធំៗមកពីកម្មវិធីប្រគល់ពានរង្វាន់ និងកម្មពិធីពិសាភោជនាហារពេលល្ងាចរបស់កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ2019 ត្រូវបានជាប់ឈ្មោះថា មានស្នាដៃឆ្នើមបំផុត ជា “បេក្ខភាពឆ្នើមបំផុតនៅអាស៊ី” ដែលមាននៅក្នុងបញ្ជីទូលាយ និងបរិយាប័ន្ននៃចំណាត់ថ្នាក់ប្រចាំតំបន់នៅវគ្គផ្ដាច់ព្រ័ត្រ។
ក្នុងនោះក្រុមហ៊ុន UOL Group bagging Best Developer (អាស៊ី) របស់ប្រទេសសិង្ហបុរី ទទួលបានពានរង្វាន់ច្រើនជាងគេបំផុតសម្រាប់រាត្រីនោះ ជាពានរង្វាន់ថ្នាក់តំបន់ចំនួន7។ បន្ទាប់មក គឺប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនដែលទទួលបានពានរង្វាន់ម្នាក់ចំនួន4។
នាយកប្រតិបត្តិក្រុមហ៊ុន CapitaLand Vietnam លោក Chen Lian Pang ត្រូវបានប្រកាសឈ្មោះជាអ្នកទទួលពានរង្វាន់ PropertyGuru Icon ឆ្នាំ2019 បន្ថែមពីលើជយលាភីប្រចាំតំបន់ចំនួន 3ទៀតសម្រាប់ប្រទេសវៀតណាម។កិត្តិយសដ៏ធំធេងនេះត្រូវបានទទួលស្គាល់ចំពោះឧត្ដមភាពក្នុងការរៀបចំផែនការមេទីក្រុង ការអភិវឌ្ឍ CBD និងផ្នែកជាច្រើនផ្សេងទៀត។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com
អំពីក្រុមហ៊ុន PROPERTYGURU GROUP៖
ក្រុមហ៊ុន PropertyGuru Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាក្រុមហ៊ុនគោលដៅដ៏សំខាន់បំផុតសម្រាប់អ្នកស្វែងរកអចលនទ្រព្យជាង 23លាននាក់ជារៀងរាល់ខែ ដើម្បីស្វែងរកគេហដ្ឋានក្នុងក្ដីសុបិនរបស់ខ្លួន។ ក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុនដៃគូរបស់ខ្លួន បានផ្ដល់សិទ្ធិអំណាចកាន់តែច្រើនឡើងដល់អ្នកស្វែងរកអចលនទ្រព្យឱ្យមានជម្រើសគេហដ្ឋានកាន់តែច្រើនឡើងរហូតដល់ 2.4លានគេហដ្ឋាន ព្រមទាំងមានការវាយតម្លៃ និងដំណោះស្រាយស៊ីជម្រៅដែលធ្វើឱ្យអ្នកស្វែងរកទាំងនោះធ្វើការសម្រេចចិត្តជ្រើសរើសអចលនទ្រព្យប្រកបដោយទំនុកចិត្តបំផុតនៅទូទាំងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រៈ
www.PropertyGuruGroup.com
https://www.linkedin.com/company/propertyguru
“ហូរឈាមច្រមុះ” មិនមែនជារឿងធម្មតាទេ បើកូនមានអាការបែបនេះ!
ចំពោះកូនក្មេង ច្រើនតែមានបញ្ហារឿងហូរឈាមចេញតាមច្រមុះជាញឹកញាប់ ក្មេងខ្លះកើតអាការនេះធ្ងន់ធ្ងរ តែក្មេងខ្លះក៏មិនជាធ្ងន់ធ្ងរអ្វីដែរ តែអាការបែបនេះមួយចំនួនគួរតែប្រញាប់នាំទៅមន្ទីរពេទ្យ ឬបើក្មេងខ្លះដែលមានអាការនេះដែរ តែមិនសូវជាធ្ងន់ធ្ងរ អាចធ្វើបឋមព្យាបាលរយៈដំបូងឱ្យសិនក៏បាន តែបើធ្វើបឋមព្យាបាលមិនត្រូវវិធី ក៏អាចនឹងធ្វើឱ្យក្មេងរឹតតែមានអាការធ្ងន់ធ្ងរឡើងបានដែរ… ដូច្នេះ ឥឡូវយើងនាំគ្នាមកមើលពីមូលហេតុ និងការធ្វើបឋមព្យាបាលដែលត្រឹមត្រូវវិញប្រសើរជាង។
តើការហូរឈាមច្រមុះបណ្ដាលមកពីអ្វី? អ្នកម្ដាយទាំងឡាយត្រូវតែដឹង….
. បើដាច់សរសៃឈាមច្រមុះផ្នែកខាងមុខ ឈាមនឹងហូរចេញមកពីរន្ធច្រមុះ។
. បើដាច់សរសៃឈាមផ្នែកខាងក្រោយ(ឬខាងក្នុង) នឹងធ្វើឱ្យឈាមហូរចូលទៅក្នុងបំពង់ក អ្នកកើតអាការនេះនឹងមានអារម្មណ៍ថា ល្វីងខាប់ក្នុងបំពង់ក ឬបើលេបចូលក្នុងពោះ អាចមានអាការក្អួតមានឈាមចេញមកជាមួយ។
មូលហេតុអាចបណ្ដាលមកពី
. ខ្វេះ កេះ ឬអេះក្នុងច្រមុះ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៅលើក្មេង។
. កណ្ដាស់ញឹកញាប់ ឬញើសសំបោរខ្លាំងហួសហេតុពេក។
. ច្រមុះទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង។
. ធាតុអាកាសត្រជាក់ខ្លាំង និងស្ងួត ធ្វើឱ្យបែកសរសៃឈាម។
. ការប្រើថ្នាំប្រភេទខ្លះ ធ្វើឱ្យងាយចេញឈាម ដូចជា ថ្នាំអាស្ពីរីន និងថ្នាំបំបាត់ការរលាកក្លាយ។ល។
. មានវត្ថុប្លែកចម្លែកនៅក្នុងច្រមុះ។ គ្រូពេទ្យធ្លាប់ជួបប្រទះករណី ក្មេងមួយចំនួនញាត់ស្ករគ្រាប់ចូលក្នុងរន្ធច្រមុះដោយឪពុកម្ដាយមិនបានដឹង តែនាំមកជួបគ្រូពេទ្យដោយមានឈាមហូរចេញមកតាមរន្ធច្រមុះម្ខាងនោះ។ ពេលឆ្លុះមើលទៅ ទើបឃើញមានដុំស្ករគ្រាប់ជាប់នៅខាងក្នុងរយៈពេលយូរ រហូតរលាករន្ធច្រមុះ ធ្វើឱ្យមានឈាមហូរចេញមក។
. ឈាមបង្កកខ្លួនខុសប្រក្រតី ដូចជា ក្នុងជំងឺបណ្ដាលមកពីឈាមប្រភេទខ្លះ ក្មេងច្រើនតែមានឈាមហូរចេញមកខុសប្រក្រតីនៅកន្លែងផ្សេងទៀតលើរាងកាយផងដែរ ដូចជា មានស្នាមជាំខ្មៅតាមរាងកាយ ក្អួតមានឈាមមកជាមួយ បន្ទោបង់មកមានឈាម ឈាមចេញនៅតាមសន្លាក់ និងតាមសាច់ដុំ។ល។
. ការឆ្លងមេរោគនៅក្នុងប្រហោងច្រមុះ។
. ដុះសាច់នៅក្នុងប្រហោងច្រមុះ។ហូរឈាមច្រមុះបែបណា ទើបត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?
1. ហូរឈាមចេញមកយូរជាង 15នាទី។
2. ហូរឈាមចេញមកច្រើនជាង 1ដងក្នុង 1សប្ដាហ៍។
3. មានអាការងងឹតមុខ វិលមុខ មុខឡើងស្លាំង ត្រជាក់ចុងដៃ ចុងជើង។
4. មានអាការចេញឈាមខុសប្រក្រតីផ្សេងទៀតរួមជាមួយ ដូចជា ក្អួតចេញឈាម ជុះចេញឈាម មានចេញឈាមតាមសន្លាក់ ឬសាច់ដុំ។
5. ក្ដៅខ្លួនខ្លាំង។
បើគ្មានសញ្ញាគ្រោះថ្នាក់ណាមួយទេ អាចធ្វើការបឋមព្យាបាលរយៈដំបូងបានដូចតទៅ
ហូរឈាមច្រមុះ តើត្រូវឃាត់ឈាមយ៉ាងណា?
. អង្គុយស្ងៀមនៅមួយកន្លែង បង្អោនខ្លួនមកខាងមុខបន្តិច យកម្រាមមេដៃ និងម្រាមចង្អុលដៃច្របាច់ខ្ទប់រន្ធច្រមុះ ហើយដកដង្ហើមតាមមាត់ប្រមាណ10នាទី។ លុះកន្លងផុតទៅ10នាទីហើយ ចូរឈប់ច្របាច់ច្រមុះ តែបើសិនជាឈាមនៅតែមិនព្រមឈប់ហូរ ចូរធ្វើតាមដំណាក់កាលដំបូងម្ដងទៀត។
. បើមានឈាមហូរចូលទៅក្នុងមាត់ ឬបំពង់ក ចូរខ្ជាក់ឈាមនោះចេញ កុំលេបចូលទៅក្នុងពោះ រួមទាំងមិនត្រូវគេងរាបនឹងដី និងមិនងើយមុខឡើងខណៈដែលហូរឈាមច្រមុះឡើយ ព្រោះឈាមអាចនឹងហូរចូលទៅបិទបំពង់ខ្យល់(បំពង់ដង្ហើម) ឬបើលេបចូលទៅ នឹងធ្វើឱ្យក្អួតចេញឈាមនោះមកវិញ។
. អាចយកក្រណាត់ជ្រលក់ទឹកត្រជាក់ ឬក្រណាត់ខ្ចប់ទឹកកកមកដាក់ស្អំនៅលើក្ដោងច្រមុះបាន។
. កុំបញ្ចេញខ្យល់តាមច្រមុះ ញើសសំបោរ ឬលូកខ្វេះច្រមុះ ព្រោះនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង។
ហូរឈាមច្រមុះ និងការមើលថែទាំខ្លួនឯង ក្រោយឈាមឈប់ហូរ
. ព្យាយាមកុំបញ្ចេញខ្យល់ខ្លាំងៗតាមច្រមុះ ឬញើសសំបោរ ឬកណ្ដាស់ 24ម៉ោងក្រោយបាត់ហូរឈាមច្រមុះ។
. ចៀសវាងពីការស្ថិតនៅក្នុងទីកន្លែងដែលមានធាតុអាកាសស្ងួត និងត្រជាក់ខ្លាំង។យ៉ាងណាក៏ដោយ បើធ្វើបឋមព្យាបាលរយៈដំបូងហើយ អាការនៅតែមិនល្អប្រសើរឡើង ឬនៅតែមានឈាមហូរចេញមកញឹកញាប់ដដែលនោះ គួរប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលអាការយ៉ាងដិតដល់៕