កក្រើកទៀតហើយ! Huawei ចេញយុទ្ធសាស្រ្តខ្លាំងថ្មី ១ទៀត សម្រាប់វាយលុកទីផ្សារស្មាតហ្វូននៅកម្ពុជា

ភ្នំពេញ ៖ កំពូលក្រុមហ៊ុនស្មាតហ្វូន លំដាប់ខ្ពស់នៅលើពិភពលោក Huawei បានចេញយុទ្ធសាស្ត្រខ្លាំងថ្មី១ទៀត ហើយសម្រាប់ទីផ្សារកម្ពុជា ដែលពុំទាន់មានក្រុមហ៊ុន ស្មាតហ្វូនណាបានចាប់ផ្ដើមបាននៅឡើយ ដោយការបើកបង្ហាញយុទ្ធសាស្ត្រថ្មីមួយនេះ បានរៀបចំឡើងឡើងនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅការិយាល័យរបស់ Huawei ប្រចាំនៅកម្ពុជា។

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បាឱ្យដឹងថា យុទ្ធសាស្រ្តថ្មីនេះគឺជាការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជា ដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទី៣ នៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើ Huawei Mate30 Pro។

លោកបានបញ្ជាក់ទៀតថាយុទ្ធសាស្ត្រថ្មីមួយនេះ កំពុងវាយលុកទូទាំងតំបន់អាស៊ី និងអ៊ឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពី១ថ្ងៃ ទៅ១ថ្ងៃ ដោយនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច។

លោក Yan នាកយប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា ជាក់ស្ដែងការដាក់ឱ្យប្រើប្រាស់ AppGallery គឺបាន ដាក់ឲ្យប្រើប្រាស់ជាសកល នៅអំឡុង ខែមេសា ឆ្នាំ ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះ វាដំណើរការមិនទាន់ដល់២ឆ្នាំនោះទេ ប៉ុន្តែអ្នក ប្រើប្រាស់មានជាមធ្យម ៣៩០លាននាក់ ក្នុង១ខែ និងប្រមាណជា ១៨០ប៊ីលានដងនៃការទាញយកក្នុង១ឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំនឹកស្មានមិនដល់របស់ HMS។

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជា បានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ ក្នុងតម្លៃ ៨៩៩ដុល្លារ ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើកំពូលស្មាតហ្វូននេះ ដោយសារគ្រប់ ការទាញ យកកម្មវិធីមកប្រើប្រាស់ គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយ ទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅកម្ពុជា ដើម្បីបំពេញ តម្រូវការអ្នក ប្រើប្រាស់ក្នុងស្រុក៕

Advertisement