Author: សឿន សំណាង

  • អ្នក​មាន​ជាង​គេនៅ​ទ្វីប​អាស៊ី​ មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​មាន​បំផុត​ទាំង​10​ក្នុង​ពិភពលោក

    អ្នក​មាន​ជាង​គេនៅ​ទ្វីប​អាស៊ី​ មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​មាន​បំផុត​ទាំង​10​ក្នុង​ពិភពលោក

    មហាសេដ្ឋី​ឥណ្ឌា​ Mukesh Ambani គឺជា​អ្នក​តំណាង​ឱ្យ​ទ្វីប​អាស៊ី​តែ​មួយ​គត់​ដែល​បាន​ឡើង​ដល់​ Top 10 នៃ​មហាសេដ្ឋី​ពិភពលោក​​នៅក្នុង​បញ្ជី​ឈ្មោះ​ Bloomberg Billionaires Index។

    ដោយ​មាន​ទ្រព្យ​64.5​ពាន់​លាន​ដុល្លារ​ លោក Muskesh Ambini បាន​យក​ឈ្នះ​លើលោក​ Larry Ellison នៃ​ក្រុម​ហ៊ុន​ Oracle និង​លោក​ស្រី​ Francoise Bettencourt Meyers នៃ​ប្រទេស​បារាំង​ ហើយ​ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​9​ក្នុង​ពិភពលោក​។ លោក Muskesh Ambbani កាន់​កាប់​ភាគ​ហ៊ុន​ចំនួន​42​%​នៅក្នុង​ក្រុង​ហ៊ុន​ Reliance Industries (ឥណ្ឌា)។ មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ឡើង​ថ្លៃ​ទ្វេដង​​រាប់​ចាប់​ពី​ខែ​មីនា​2020។

    បើ​ទោះ​ជា​សេដ្ឋ​កិច្ច​ឥណ្ឌា​កំពុង​តែ​មាន​បញ្ហា​ដោយ​សារ​បម្រាម​គោចរ​​ក្នុង​ការ​ទប់​ស្កាត់​COVID-19 ប៉ុន្តែ​ “ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​របស់​លោក Muskesh ពិសេស​គឺ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ Jio នៅ​តែ​រក​ចំណូល​បាន​ច្រើន​ ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​របស់​លោក​កើន​ឡើង​យ៉ាង​លឿន​”​ នេះ​បើ​តាម​មតិ​របស់​ Jayati Ghosh ដែល​ជា​នាយក​មជ្ឈមណ្ឌល​ផែន​ការ​និង​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​នៃ​សាកល​វិទ្យាល័យ​ Jawaharlal Nehru។

    ទោះ​ជា​តម្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ដែល​នាំ​ឱ្យ​ការ​​លក់​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ Reliance ក្នុង​វិស័យ​គីមី​ប្រេង​​ជួប​ការ​លំបាកយ៉ាង​ណា​ក៏​ដោយ​ នៅ​​ក្នុង​រយៈ​ពេល​2​ខែ​ចុង​ក្រោយ​នេះ​ ក្រុម​ហ៊ុន​ Jio របស់​​ Reliance Industries​ នៅ​តែ​ទទួល​បាន​ខ្ទង់​វិនិយោគ​ចំនួន​15​ពាន់​លាន​ដុល្លារ​ពី​ក្រុម​អ្នក​ជំនួញ​។ ខ្ទង់​ប្រាក់​នេះ​គឺ​ស្មើ​នឹង​ជាង​ពាក់​កណ្ដាល​នៃ​ខ្ទង់​វិនិយោគ​ទៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅ​ទូទាំង​សកល​លោក​​សម្រាប់​​​ឆ្នាំ​នេះ​។ ក្រុម​ហ៊ុន​ Facebook, General Atlantic, Silver Lake Partners, KKR & Co. រួម​នឹង​ខ្ទង់វិនិយោគ​ជាតិ​របស់​​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​ ក៏​សុទ្ធ​តែ​បាន​ទម្លាក់​ខ្ទង់​វិនិយោគ​ទៅ​ក្នុង​ក្រុម​ហ៊ុន​ Jio ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ទីផ្សារ​ពាណិជ្ជ​កម្ម​អនឡាញ​ដែល​រីក​ចម្រើន​​ខ្លាំង​ជាង​គេ​មួយ​នៅ​ក្នុង​ពិភពលោក​នេះ​។

    របាយ​ការណ៍​​ថ្មីមួយ​​របស់​ Sanford C. Bernstein បាន​ព្យាករ​ថា ក្រុម​ហ៊ុន​​ Jio នឹង​កាន់​កាប់​48​%​នៃ​ទី​ផ្សារ​ទូរគមនាគមន៍​​ឥណ្ឌា​នៅ​ឆ្នាំ​2025​។ មហិច្ឆតា​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិច​ត្រនិច​របស់​មហាសេដ្ឋី​ Mukesh Ambani ថ្មី​ៗ​នេះ​ក៏​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ នៅ​ពេល​ Reliance បោះ​ជំហាន​ទៅកាន់​តែ​ជិត​​ទៅ​នឹង​ការ​ទិញ​ភាគ​ហ៊ុន​នៅក្នុង​ក្រុម​ហ៊ុន​ Future Group ដែលជា​​ក្រុម​ហ៊ុន​មួយ​កំពុង​សហការ​ជាមួយ​នឹង​ក្រុម​ហ៊ុន​​ Amazon។

    មហាសេដ្ឋី​ឥណ្ឌា​ Mukesh Ambani
    មហាសេដ្ឋី​ឥណ្ឌា​ Mukesh Ambani និង​ភរិយា​ លោក​ស្រី​ Nita

    លោក​ Mukesh Ambani បាន​ចូល​រួម​ធ្វើ​ការ​នៅក្នុង​ក្រុម​ហ៊ុន​របស់​គ្រួសារ​គាត់​តាំង​ពី​ដើម​ទសវត្សរ៍​ទី​80​​នៃ​សហស្សវត្សរ៍​មុន​។ Dhirubhai Ambani​ ដែល​ជា​ឪពុក​របស់​ Mukesh និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Reliance បាន​ហៅ​លោក​ Mukesh ឱ្យ​ត្រលប់​មកកាន់​​ប្រទេស​ឥណ្ឌា​វិញ​ដើម្បី​ជួយ​គ្រប់​គ្រង​ការ​ងារ​សាង​សង់​រោង​ចក្រផលិត​​ polyester (Polyester គឺជា​សរសៃដែលត្រូវ​បាន​បង្កើត​ឡើង​​ពី​​ធ្យូងថ្ម ខ្យល់ ទឹក និងប្រេង) របស់​គ្រួ​សារ​នេះ​​។ លោក​ Mukesh Ambani កាល​ណោះ​ទើប​តែ​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ Stanford បាន​មួយ​ឆ្នាំ​។ គ្រួ​សារ​​ត្រកូល​ Ambani ​បាន​​ទិញ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ផលិត​ផល រួម​នឹង​រោង​ចក្រ​គីមី​ប្រេង​ និង​ចម្រាញ់​ប្រេង​ជា​ច្រើន​ដើម្បី​បង្កើត​បាន​ជា​ក្រុម​ហ៊ុន​​ខ្នាត​ធំ​ក្នុង​វិស័យ​ថាម​ពល​ វាយនភណ្ឌ​ និង​ផលិត​អំបោះ​។

    Dhirubhai Ambani បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​2002​ ដោយ​មិន​បាន​បន្សល់​ទុក​បណ្ដាំមរតក​នោះ​ឡើយ​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​កូន​ៗ​របស់​គាត់​ គឺ​លោក​​ Mukesh Ambani និង​ Anil Ambani មាន​ជម្លោះ​​ដោយ​សារ​ការ​ដណ្ដើម​ទ្រព្យ​​។ ចុង​ក្រោយ​ ម្ដាយ​របស់​ពួកគេ​ក៏​បាន​ចេញ​មក​ធ្វើ​អន្តរាគម​ន៍​ ដោយ​ចែក​ទ្រព្យ​ជា​ពីរ​ចំណែក​ស្មើ​គ្នា​។ Mukesh ត្រូវ​គ្រប់​គ្រង​ផ្នែក​ចម្រាញ់​ប្រេង​ ផលិត​គីមី​ប្រេង​ ឧស្ម័ន​ប្រេង​ និង​វាយនភណ្ឌ​។ ចំណែក​ Anil គ្រប់​គ្រង​ផ្នែក​ទូរគមនាគមន៍​ កម្សាន្ត​ ថាម​ពល​អគ្គិសនី​ និងក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​។

    ក្រោយមក​ ការ​ធ្វើ​ជំនួញ​របស់​ Anil បាន​ជួប​នឹង​បញ្ហា​ច្រើន​ បណ្ដាល​ឱ្យ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​​វិបត្តិ​បំណុល​ និង​ក្ស័យ​ធន​។ ផ្ទុយ​ទៅ​វិញ Mukesh កាន់​តែ​ទទួល​បាន​ជោគជ័យ​ និង​បាន​លោត​ចូល​ប្រលូក​ក្នុង​វិស័យ​ទូរគមនាគមន៍​​ ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​​​ ហើយ​ក៏​បាន​ក្លាយ​ជា​មហា​សេដ្ឋី​លំដាប់​ទី​មួយ​នៅ​អាស៊ី​៕

    ប្រភព​៖ Bloomberg

  • Samsung ត្រៀមរើខ្សែចង្វាក់ផលិតកម្មផ្ទាំងអេក្រង់ ចេញពីចិន មករោងចក្រនៅវៀតណាម ក្នុងឆ្នាំនេះ

    Samsung ត្រៀមរើខ្សែចង្វាក់ផលិតកម្មផ្ទាំងអេក្រង់ ចេញពីចិន មករោងចក្រនៅវៀតណាម ក្នុងឆ្នាំនេះ

    ក្រុមហ៊ុន សាំស៊ុង អេឡិចត្រូនិក កំពុងរៀបផែនការរើខ្សែចង្វាក់ផលិតកម្មផ្ទាំងអេក្រង់បង្ហាញទិន្នន័យ មួយផ្នែកធំពីរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន មករោងចក្រនៅក្នុងប្រទេសវៀតណាមនៅឆ្នាំនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម។

    សាំស៊ុងជាអ្នកវិនិយោគទុនធំបំផុតនៅក្នុងប្រទេសវៀតណាម មានតម្លៃវិនិយោគសរុបទាំងអស់ 17,000លានដុល្លារ។

    វេបសាយសារព័ត៌មានអនឡាញរបស់រដ្ឋបាលវៀតណាមបានរាយការណ៍ថា “សាំស៊ុងសម្លឹងឃើញវៀតណាមជាច្រកទ្វារសំខាន់ ដែលបើកឆ្ពោះទៅកាន់ប្រទេសផ្សេងៗក្នុងភូមិភាគអាស៊ីភាគអាគ្នេយ៍ និងជាផ្នែកតភ្ជាប់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ ការផ្លាស់ប្ដូរនេះ នឹងធ្វើឱ្យវៀតណាមក្លាយជាអ្នកផលិតផ្ទាំងអេក្រង់បង្ហាញទិន្នន័យសាំស៊ុងលំដាប់ជួរមុខគេរបស់ពិភពលោក”

    ព័ត៌មាននៃការផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្មរបស់សាំស៊ុងនេះ កើតឡើងក្នុងខណៈដែលក្រុមហ៊ុនផ្សេងៗ កំពុងសម្លឹងរកមើលខ្សែចង្វាក់ផ្គត់ផ្គង់ដែលច្រើនសម្បូរបែបក្រៅពីប្រទេសចិន ក្រោយពីខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវបានជាប់គាំងយ៉ាងទូលំទូលាយទូទាំងពិភពលោក នៅពេលដែលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីកើតការឆ្លងរាលដាលលើកដំបូងនៅក្នុងប្រទេសចិនដែលជាមជ្ឈមណ្ឌលរោងចក្រផលិតកម្មរបស់ពិភពលោក។

    ក្រុមហ៊ុនផ្នែកតិចណូឡូជីដ៏ធំសម្បើមរបស់កូរ៉េខាងត្បូងមួយនេះ មានខ្សែចង្វាក់ផលិតកម្មផ្ទាំងអេក្រង់បង្ហាញទិន្នន័យ នៅក្នុងប្រទេសវៀតណាមស្រាប់ហើយ ដោយក្រុមហ៊ុននេះមានរោងចក្រចំនួន 6កន្លែងនៅវៀតណាម ព្រមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ 2កន្លែងទៀត។

    សេចក្ដីរាយការណ៍របស់វេបសាយតឿយជែ បានបញ្ជាក់បន្ថែមថា ផ្ទាំងអេក្រង់បង្ហាញទិន្នន័យ នឹងត្រូវផលិតនៅឯ សាំស៊ុង អេឡិចត្រូនិក ខំផ្លេក នៅក្នុងទីក្រុងហូជីមិញ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • “យុទ្ធ​សាស្ត្រ​ឱកាស​និយម​” បាន​ជួយ​ឱ្យ​ម្ចាស់​ហាង​ស៊ុប​ត្រី​ហឹរ​ ក្លាយ​ជា​មហា​សេដ្ឋី​​​ក្នុង​សម័យ​COVID-19

    “យុទ្ធ​សាស្ត្រ​ឱកាស​និយម​” បាន​ជួយ​ឱ្យ​ម្ចាស់​ហាង​ស៊ុប​ត្រី​ហឹរ​ ក្លាយ​ជា​មហា​សេដ្ឋី​​​ក្នុង​សម័យ​COVID-19

    តម្លៃ​មូលបត្រ​របស់​ក្រុម​ហ៊ុន​ Jiumaojiu International Holdings កើន​ឡើង​ទ្វេដង​ដោយ​សារ​បណ្ដាញ​ភោជនីយដ្ឋាន​ដែល​មាន​លក់​ស៊ុប​ត្រី​ហឹរ​ ដែល​នេះ​បាន​ជួយ​ឱ្យ​ទ្រព្យ​សម្បត្តិ​របស់​ប្រធាន​ក្រុមហ៊ុន​នេះ​កើន​ឡើង​លើស​ពី​1​ពាន់​លាន​ដុល្លារ​អាមេរិក​។

    Jiumaojiu International Holdings​ មាន​បណ្ដាញ​ភោជនីយដ្ឋាន​ Tai Er ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ដោយ​សារមុខ​ម្ហូប​ស៊ុប​ត្រី​ហឹរ​បែប​បុរាណ​របស់​ចិន​។ ក្រុម​ហ៊ុន​នេះ​បាន​​ចូល​ប្រលូក​ក្នុង​ផ្សារ​ហ៊ុន​ (IPO) ចាប់ពី​ពាក់​កណ្ដាល​ខែ​​មករា​2020​ នៅ​មុន​គ្រា​ដែល​ចិន​ដាក់​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​COVID-19។

    ក៏ប៉ុន្តែ បម្រាម​គោចរ​មិន​បាន​ប៉ះពាល់​ដល់​តម្លៃ​មូលបត្រ​របស់​ Jiumaojiu International Holdings​ នោះ​ទេ​។ តម្លៃ​មូល​បត្រ​ Jiumaojiu បាន​ឡើង​ថ្លៃ​ទ្វេដង​រាប់​ចាប់​ពី​​ដើម​ខែកុម្ភៈ​2020​ ដែល​នេះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​បើក​ដំណើរ​ការ​ភោជនីយដ្ឋាន​មួយ​ចំនួន​ឡើង​វិញ​នៅ​ពាក់​កណ្ដាល​ខែ​មីនា​។ Bloomberg Billionaires Index បាន​ឱ្យ​ដឹង​ថា ប្រការ​ខាងលើ​នេះ​ហើយ​ដែល​បាន​ជួយ​ឱ្យ​ភាគ​ហ៊ុន​ចំនួន​44​%​របស់​លោក​ប្រធាន​ Guan Yihong ​មាន​តម្លៃ​ឡើង​ដល់​1.1​ពាន់​លាន​ដុល្លារ​ នាំ​ឱ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​មួយ​រូប​នៅក្នុង​បញ្ជី​ឈ្មោះ​របស់​ Bloomberg។

    Walter Woo ដែលជា​អ្នក​វិភាគ​ម្នាក់​មក​ពី​ក្រុម​ហ៊ុន​ CMB International បាន​ថ្លែង​ថា៖ “ការ​រកស៊ី​របស់​ក្រុម​ហ៊ុន​នេះ​​មាន​ភាព​ល្អ​ប្រសើរ​ជាង​ធម្យម​ភាគ​នៃ​ទីផ្សារ​ និង​បានងើប​ក្បាល​ឡើង​យ៉ាង​លឿន​ក្រោយ​ពី​បើក​ដំណើរ​ការ​ឡើង​វិញ​”។ Woo បក​ស្រាយ​ថា ភោជនីយដ្ឋាន​នេះ​ល្បី​ឈ្មោះ​ក៏​ដោយ​សារ​តម្លៃ​អាហារ​សមរម្យ​ និង​មាន​អនាម័យ​ខ្ពស់​។

    Guan Yihong ឆ្នាំ​នេះ​មាន​អាយុ​50​ឆ្នាំ។ លោក​បាន​បើកហាង​លក់​​​មី​ដំបូង​មួយ​កន្លែង​នៅ​ខេត្ត​ Hainan កាល​ពី​ឆ្នាំ​1995​ ដែល​កាល​ណោះ​មាន​បុគ្គលិក​តែ​6​នាក់​ និង​ដាក់​តុ​តែ​6​ប៉ុណ្ណោះ​។ លោក​ Guan បាន​ពង្រីក​ហាង​ទៅកាន់​ខេត្ត​ Guangzhou​ នា​ឆ្នាំ​2003​ ហើយ​ក្រោយ​មក​ក៏​បាន​ដាក់​ការិយាល័យ​កណ្ដាល​នៅ​ទី​នេះ​។ ក្រុម​ហ៊ុន​ Jiumaojiu បច្ចុប្បន្ន​មាន​ភោជនីយដ្ឋាន​សរុប​ជាង​300​កន្លែង​ ដោយ​មាន​​ពាណិជ្ជ​សញ្ញា​ចំនួន​5​ និង​បម្រើ​សេវា​កម្ម​អាហារ​ជា​ច្រើន​ផ្សេង​ៗ​គ្នា​ ចាប់​ពី​អាហារ​ពិសេស​បែប​អ្នក​ស្រុក​Sichuan​ រហូត​ដល់​Shaanxi​ រួម​ទាំង​អាហារ​បែប​ចិញ្ចើម​ផ្លូវ​ផងដែរ​។ Jiumaojiu​ ​ក៏​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង​ៗ​​ប្រើ​ប្រាស់​យីយោ​នេះ​ទៀត​ផង​។

    "យុទ្ធ​សាស្ត្រ​ឱកាស​និយម​" បាន​ជួយ​ឱ្យ​ម្ចាស់​ហាង​ស៊ុប​ត្រី​ហឹរ​ ក្លាយ​ជា​មហា​សេដ្ឋី​​​ក្នុង​សម័យ​COVID-19
    “យុទ្ធ​សាស្ត្រ​ឱកាស​និយម​” បាន​ជួយ​ឱ្យ​ម្ចាស់​ហាង​ស៊ុប​ត្រី​ហឹរ​ ក្លាយ​ជា​មហា​សេដ្ឋី​​​ក្នុង​សម័យ​COVID-19

    ឆ្នាំ​2015​ លោក​ Guan បាន​បង្កើត​ក្រុម​ហ៊ុន​ Tai Er ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ទទួល​បាន​ជោគ​ជ័យ​។ អតិថិ​ជន​នាំ​គ្នា​ចូល​មក​ញ៉ាំអាហារ​ស៊ុប​ត្រី​ហឹរ​បុរាណ​​របស់​ចិន​។ នៅក្នុង​របាយ​ការណ៍​​ចក្ខុវិស័យ​​ Jiumaojiu បាន​ឱ្យ​ដឹង​ថា​ ពួកគេ​គឺជា​បណ្ដាញ​ភោជនីយដ្ឋានដែល​លក់​អាហារ​ប្រភេទ​នេះ​ដាច់​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​។

    ប្រាក់​ចំណូល​របស់​Jiumaojiu បាន​កើន​42​% ដែល​ស្មើ​នឹង​2.7​ពាន់​លាន​យន់​ (381​ដុល្លារ​អាមេរិក​) កាល​ពី​ឆ្នាំ​2019​។ ប្រាក់​ចំណូល​ចំនួន​98​%គឺ​បាន​មក​ពី​ Tai Er និង​ Jiu Mao Jiu។ ដោយ​ឡែក​ ប្រាក់​ចំណូល​​របស់​ Tai Er បាន​កើន​136​%​។ បណ្ដាញ​ភោជនីយដ្ឋាន​នេះ​បាន​ព្យាករ​ថា ទីផ្សារ​សម្រាប់​ហាង​លក់​ស៊ុប​ត្រី​ហឹរ​នៅ​ប្រទេស​ចិន​នឹង​កើន​ឡើង​ក្នុង​ល្បឿន​25​%​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ដំណាក់​កាល​ឆ្នាំ​2018-2024​។

    នៅ​ពេល​COVID-19បាន​មក​ដល់​ បម្រាម​គោចរ​ក៏​ត្រូវ​បាន​ដាក់​ចេញ​ អាហារ​ដ្ឋាន​នានា​ក៏​បាន​ផ្អាក​ដំណើរ​ការ​ ហើយ​មនុស្ស​ក៏​លែង​ចេញ​ទៅ​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ​ ប៉ុន្តែ​ Jiumaojiu ក៏​បាន​បន្ថយ​សកម្ម​ភាព​ ហើយ​ងាក​មក​​ផ្ដល់​សេវាកម្ម​​តាម​អនឡាញ​​រហូត​ដល់​បើក​ទ្វារហាង​ឡើង​វិញ​ដូច​ធម្មតា​ ប៉ុន្តែ​​គម្រោង​ពង្រីក​អាជីវ​កម្ម​របស់​ Tai Er នៅ​តែ​មិន​ប្ដូរ​ផ្លាស់​។ Guan ឱ្យ​ដឹង​ថា Jiumaojiu មាន​គម្រោង​បើក​ភោជនីយដ្ឋាន​ Tai Er ថ្មី​ឱ្យ​បាន​​80​នៅក្នុង​ឆ្នាំ​នេះ និង​100​កន្លែង​ផ្សេង​ទៀត​នៅ​ឆ្នាំ​ក្រោយ​។

    "យុទ្ធ​សាស្ត្រ​ឱកាស​និយម​" បាន​ជួយ​ឱ្យ​ម្ចាស់​ហាង​ស៊ុប​ត្រី​ហឹរ​ ក្លាយ​ជា​មហា​សេដ្ឋី​​​ក្នុង​សម័យ​COVID-19
    លោក​ Guan Yihong និង​ភរិយា​ Yang Sanyin

    លោក Guan ថ្លែង​ថា ការ​កែ​សម្រួល​រូបមន្ត​អាជិវ​កម្ម​ឱ្យ​ស្រប​ទៅ​តាម​ទិន្នា​ការ​ទីផ្សារ​បាន​ជួយ​ឱ្យ​ Jiumaojiu​ ទទួល​បាន​ជោគ​ជ័យ​។ ម្ចាស់​ក្រុម​ហ៊ុន​ខាង​លើ​​ឱ្យ​ដឹង​ថា “ដំបូង​ឡើយ​ យើង​គ្រាន់​តែ​ជា​ហាង​មួយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​មក​​ក៏​បាន​ក្ដាប់​យក​ឱកាស​នៅ​ពេល​ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បាន​រីក​ដុះដាល​នៅ​ប្រទេស​ចិន​។ យើង​បាន​ពង្រីក​បណ្ដាញ​ភោជនីយដ្ឋាន​យ៉ាង​លឿន​ និង​ស្ដង់ដា​”។

    បច្ចុប្បន្ន Jiumaojiu កំពុង​ប្រឈម​មុខ​នឹង​តម្រូវ​ការ​ថយចុះ​​ដោយ​សារ​តែ​​​វិបត្តិ​សុខភាព​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​។​ ប៉ុន្តែ Jiumaojiu​ នៅ​តែ​ស្វែង​រក​វិធី​ដើម្បី​ទប់​ទល់​ និង​សម្រប​ខ្លួន​តាម​ស្ថាន​ការណ៍​។

    កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Jiumaojiu បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​ផ្អាក​ដំណើរ​ការ​ភោជនីយដ្ឋាន​ដែល​មាន​អតិថិជន​តិច​ រួម​នឹង​បណ្ដា​ភោជនីយដ្ឋាន​ Jiu Mao Jiu នៅ​រដ្ឋធានី​ប៉េកាំង​ និង​ទីក្រុង​Tianjin រួម​នឹង​ទីក្រុង​Wuhan។ សកម្ម​ភាព​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ និង​បង្កើន​ចំណេញ​។ តម្លៃ​មូលបត្រ​ Jiumaojiu កាល​ពី​ម្សិល​មិញ (19​មិថុនា) បាន​បន្ត​កើន​5%​បន្ថែម​ទៀត​នៅ​លើ​ផ្សារ​ហ៊ុន​ហុង​កុង​៕

    ប្រភព៖ Bloomberg

  • COVID-19! ជាង​460,000នាក់​ស្លាប់​នៅ​ទូទាំង​ពិភពលោក​! អ្នក​ជំងឺ​នៅ​ប្រេស៊ីល​​ឡើង​ដល់​ខ្ទង់​លាន​នាក់​

    COVID-19! ជាង​460,000នាក់​ស្លាប់​នៅ​ទូទាំង​ពិភពលោក​! អ្នក​ជំងឺ​នៅ​ប្រេស៊ីល​​ឡើង​ដល់​ខ្ទង់​លាន​នាក់​

    ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ជាង​8.7​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​460,000​នាក់​ ក្នុង​គ្រា​ដែល​​ស្ថាន​ភាព​វិបត្តិ​សុខភាព​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​នៅតែ​អាក្រក់ឡើង​ៗ​។

    ប្រទេស​និង​ដែន​ដី​ជាង​221ក្នុង​ពិភពលោក​ បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19​សរុប​ 8,735,990​នាក់ និង​អ្នក​ស្លាប់​​សរុប​461,522​នាក់​ កើន​ជា​បន្ត​បន្ទាប់​គឺ 180,588​នាក់ និង​ 6,322​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ 4,617,507​នាក់​។

    ទ្វីប​អាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19សរុប​4,348,734​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​រក​ឃើញ​2,283,096​នាក់​ ទ្វីប​អាស៊ី​1,816,317​នាក់​ និង​អាហ្វ្រិក​រកឃើញ​288,812​នាក់​។

    សហរដ្ឋអាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​2,294,246​នាក់​ និង​អ្នក​ស្លាប់​សរុប​121,379​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​34,257​នាក់និង​អ្នក​ស្លាប់​ថ្មី​836​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ស្ថាន​ភាព​ឆ្លង​វីរុស​COVID-19 នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​កំពុង​តែ​កើន​ឡើង​ខ្លាំង​ ក្នុង​នោះ​ ប្រទេស​​
    ប្រេស៊ីល​ជា​សម្បុក​មេរោគ​COVID-19ធំជាង​គេ​លំដាប់​ទី​ពីរ​បន្ទាប់់​ពី​សហរដ្ឋ​អាមេរិក​។ ប្រទេស​នេះ​រកឃើញ​អ្នកជំងឺ​សរុប​1,038,568នាក់​ និង​​អ្នក​ស្លាប់​សរុប​48,954​នាក់​។ អ្នកជំងឺ​ថ្មី​ដែល​ទើប​រក​ឃើញ​មាន​ចំនួន​49,554​នាក់​ និង​អ្នក​ស្លាប់​ថ្មី​1,085​នាក់​។

    ប្រទេស​រុស្ស៊ី​រកឃើញ​អ្នក​ជំងឺ​ថ្មី​ 7,972​នាក់​ និង​អ្នក​ស្លាប់​ថ្មី​181​នាក់​ នាំ​ឱ្យ​តួលេខ​អ្នក​ជំងឺ​សរុប​ឡើងដល់​​569,063​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​​324,406​នាក់​។

    ឥណ្ឌា​ឈរលំដាប់​ទី​4​នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​​395,812​នាក់​ និង​អ្នក​ស្លាប់​សរុប​12,970​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​14,721​​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​366​នាក់​៕

  • ដំណឹងល្អ!! WHO ជឿជាក់ថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ-19 ប្រមាណជា 200លានដូស នៅចុងឆ្នាំនេះ

    ដំណឹងល្អ!! WHO ជឿជាក់ថា នឹងមានវ៉ាក់សាំងព្យាបាលកូវីដ-19 ប្រមាណជា 200លានដូស នៅចុងឆ្នាំនេះ

    ទីភ្នាក់ងារព័ត៌មាន សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានរាយការណ៍ថា អង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី18 មិថុនាម្សិលមិញ បានថ្លែងថា ខ្លួនជឿជាក់ថា វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ប្រមាណជា 200លានដូស អាចនឹងត្រូវផលិតចេញមកក្នុងអំឡុងចុងឆ្នាំនេះ និងមានគោលដៅដំបូងគេគឺ ជួយដល់ក្រុមមនុស្សដែលទន់ខ្សោយចំពោះមេរោគវីរុសនេះខ្លាំងជាងគេបំផុតជាមុនសិន។

    អង្គភាពសុខភាពសាធារណៈ នៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួកគេកំពុងធ្វើការងារក្រោមការប៉ាន់ប្រមាណដែលថា វ៉ាក់សាំងចំនួន 2,000លានដូស នឹងត្រូវផលិតឡើងនៅក្នុងអំឡុងចុងឆ្នាំ2021 ក្នុងខណៈដែលក្រុមហ៊ុនផលិតឱសថទាំងឡាយ កំពុងនាំគ្នាប្រញាប់រួសរាន់យ៉ាងពេញទំហឹង ក្នុងការព្យាយាមស្វែងរកវ៉ាក់សាំងផ្សេងៗទៀត ដែលអាចព្យាបាលអាការជំងឺដែលបណ្ដាលមកពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី យ៉ាងមានប្រសិទ្ធភាព។

    លោកស្រីវេជ្ជបណ្ឌិត សូមៀ ស្វាមីណាថាន ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានថ្លែងថា ក្រុមអ្នកស្រាវជ្រាវទាំងឡាយកំពុងដំណើរការស្រាវជ្រាវវិភាគអនាគតវ៉ាក់សាំងផ្សេងៗច្រើនជាង 200ប្រភេទទូទាំងពិភពលោក ក្នុងនោះមានប្រមាណជា 10ប្រភេទដែលបានចូលទៅដល់ដំណាក់កាលនៃការសាកល្បងនៅលើមនុស្សហើយ។ លោកស្រីបានថ្លែងតាមរយៈវីដេអូថា “បើយើងសំណាងល្អខ្លាំងនោះ យើងនឹងមានអនាគតវ៉ាក់សាំងដែលទទួលបានជោគជ័យ 1 ឬ 2យ៉ាង មុនដំណាច់ឆ្នាំនេះ”។

    ទាំងអស់នេះ លោកស្រីបានបញ្ជាក់អំពីក្រុមមនុស្ស 3ក្រុម ដែលត្រូវការវ៉ាក់សាំងឈុតដំបូងៗខ្លាំងជាងគេបំផុត ដែលមានដូចជា ទី1 មន្ត្រីដែលប្រតិបត្តិការនៅជួរមុខ ដែលប្រថុយក្នុងការឆ្លងមេរោគខ្ពស់បំផុត ដូចជា គ្រូពេទ្យ និងប៉ូលិស ជាដើម។ ទី2 ក្រុមបុគ្គលដែលទន់ខ្សោយចំពោះមេរោគវីរុសខ្លាំងបំផុត ដូចជា មនុស្សចាស់ជរា និងអ្នកជំងឺទឹកនោមផ្អែម និងទី3 ក្រុមបុគ្គលដែលរស់នៅក្នុងសភាពបរិស្ថានដែលមេរោគអាចសាយភាយបានដោយងាយ ដូចជា ទីប្រជុំជនអនាធិបតេយ្យ និងមណ្ឌលមើលថែទាំមនុស្សចាស់ជរា ជាដើម។

    លោកស្រីវេជ្ជបណ្ឌិត ស្វាមីណាថាន បានថ្លែងថា “អ្នកចាំបាច់ត្រូវចាប់ផ្ដើមដោយក្រុមមនុស្សដែលទន់ខ្សោយបំផុត ហើយបន្ទាប់ពីនោះ វ៉ាក់សាំងក៏នឹងតម្រង់ឆ្ពោះជាបណ្ដើរៗទៅរកក្រុមមនុស្សផ្សេងៗបន្ថែមទៀត…យើងកំពុងធ្វើការក្រោមចំណុចប៉ាន់ប្រមាណដែលថា យើងអាចនឹងមានវ៉ាក់សាំងចំនួន 200លានដូសនៅចុងឆ្នាំនេះ ព្រោះវាកំពុងមានការមើលឃើញបែបវិជ្ជមានច្រើនណាស់”

    “យើងសង្ឃឹមថា ក្នុងឆ្នាំ2021 យើងនឹងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពក្នុងការព្យាបាលប្រមាណជា 1,000 ឬ 2,000 ឬក៏ 3,000លានដូស ចែកចាយទៅទូទាំងពិភពលោក តែក្នុងពេលនេះ ប្រហែលជាត្រូវនៅប្រើពាក្យថា “បើសិន” សិនហើយ ព្រោះថា យើងនៅមិនទាន់ទទួលបានវ៉ាក់សាំងណាមួយ ដែលទទួលបានការពិសោធរួចហើយនៅឡើយ”។ លោកស្រីបានបន្តទៀតថា “តែដោយសារតែគ្រប់ការវិនិយោគ កំពុងឆ្ពោះទៅរកការផលិតវ៉ាក់សាំង ទើបខ្ញុំចង់និយាយថា ក្នុងអំឡុងចុងឆ្នាំ2021 យើងប្រហែលជានឹងមានវ៉ាក់សាំងចំនួន 2,000លានដូសសម្រាប់ប្រជាជន ឬយ៉ាងតិចបំផុត ក៏មានសម្រាប់ចាក់ឱ្យពលរដ្ឋគោលដៅដែរ”។

    ការយល់ឃើញនេះ ស៊ីចង្វាក់គ្នាជាមួយអ្នកគ្រប់គ្រងលំដាប់ខ្ពស់់របស់ក្រុមហ៊ុនផលិតថ្នាំពេទ្យទាំងឡាយ ដែលបានប្រាប់កាលពីខែកន្លងទៅថា ប្រហែលជានឹងមានការបង្ហាញខ្លួនវ៉ាក់សាំងប្រឆាំងកូវីដ-19 មួយ ឬក៏ច្រើនយ៉ាង មុននឹងចូលដល់ឆ្នាំ2021 តែសូមប្រាប់ជាមុនថា អាចចាំបាច់ត្រូវមានវ៉ាក់សាំងរួមគ្នាច្រើនដល់ទៅ 15,000​លាន​ដូសឯណោះ សម្រាប់យកឈ្នះមេរោគវីរុសប្រភេទនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ឥណ្ឌា​បញ្ជូន​អាវ​ក្រោះ​ទៅ​ឱ្យ​​ទាហាន​នៅ​ព្រំ​ដែន​ ក្រោយ​ហេតុ​ការណ៍​វាយ​តប់​គ្នា​នឹង​​ទាហាន​ចិន

    ឥណ្ឌា​បញ្ជូន​អាវ​ក្រោះ​ទៅ​ឱ្យ​​ទាហាន​នៅ​ព្រំ​ដែន​ ក្រោយ​ហេតុ​ការណ៍​វាយ​តប់​គ្នា​នឹង​​ទាហាន​ចិន

    កង​ទ័ព​នៃ​ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​​អាវ​ក្រោះ​ប្រឆាំង​កុបកម្ម​រាប់​រយ​ឈុត​​ទៅ​ឱ្យ​ទាហាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ Ladakh ដើម្បី​ការ​ពារ​ពួកគេ​ពី​អាវុធមុត​​ស្រួច​ និង​ដុំ​ថ្ម​​របស់​សត្រូវ។

    ក្នុង​ដំណាក់​កាល​ដំបូង ឈុប​ការ​ពារ​ខ្លួន​​ចំនួន​500​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​យន្ត​ហោះ​ពី​ទីក្រុង​ Mumbai ទៅកាន់​ទី​រួម​ស្រុក Leh ក្នុង​តំបន់​ Ladakh កាល​ពី​ម្សិល​មិញ​ដើម្បី​បំពាក់​ជូន​ទាហាន​ដែល​កំពុង​បំពេញ​ភារកិច្ច​ការ​ពារ​ព្រំ​ដែន​នៅ​តាម​បន្ទាត់​​​គ្រប់​គ្រង​ជាក់​ស្ដែង​ LAC (Line of Actual Control)។ ក្នុង​ចំណោម​ឈុត​ការ​ពារ​ខ្លួន​នោះ​ក៏​មាន​​បន្ទះ​polycarbonate​ ដែល​អាច​ការ​ពារ​ដែក​ស្រួច​ និង​ដុំ​ថ្ម​ផងដែរ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​ឥណ្ឌា​។

    ឈុត​ការ​ពារ​ខ្លួន​ខាង​លើ​ ត្រូវ​បាន​បំពាក់​ជូន​ទាហាន​ឥណ្ឌា​នៅ​តាម​ព្រំដែន​ ក្រោយ​ពី​មាន​ហេតុ​ការណ៍​វាយតប់​គ្នា​ជាមួយ​ទាហាន​ចិន​កាល​ពី​ថ្ងៃ​ទី​15​មិថុនា​កន្លង​ទៅ​នៅ​ត្រង់​ចំណុច​ត្រួត​ពិនិត្យ​ទី​14 (PP-14) នៅ​តំបន់​ជ្រលង​ភ្នំ Galwan។ ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ ទាហាន​ចិន​បាន​ប្រើ​ប្រាស់​ដំបង​ដែក​ដែល​មាន​ផ្សារ​ភ្ជាប់​ដែក​គោល​ និង​ដំបូង​រុំ​ខ្សែ​លួស​ ខណៈ​ដែល​ទាហាន​ឥណ្ឌា​មាន​តែ​ដៃ​ទទេ​។

    ពលរដ្ឋ​ឥណ្ឌា​សម្ដែង​ការ​ខឹង​សម្បា​នឹង​ប្រទេស​ចិន​ដោយ​ការ​ដុត​ទង់​ជីត​ចិន​

    ក្នុង​ហេតុ​ការណ៍​នោះ​ មាន​ទាហាន​ឥណ្ឌា​យ៉ាង​តិច​20​នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​3​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​17​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​បន្ទាប់​ពី​ហេតុ​ការណ៍​បាន​ស្ងប់​ស្ងាត់​។

    សារ​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​ផ្សារ​ដែរ​ថា ទាហាន​ចិន​ជាង​40​នាក់​បាន​ស្លាប់​និង​រង​របួស​ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ខាងលើ​។ ទីក្រុង​ប៉េកាំង​បាន​ទទួល​ស្គាល់​ថា​ ទាហាន​មួយ​ចំនួន​របស់​ខ្លួន​បាន​ស្លាប់​និង​រង​របួស​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​ច្បាស់​លាស់​នោះ​ឡើយ​។

    សារ​ព័ត៌​មាន​ឥណ្ឌា​រាយ​ការណ៍​ថា ទាហាន​ឥណ្ឌា​ត្រូវ​បាន​ទាហាន​ចិន​វាយ​ប្រហារ​ និង​សម្លាប់​​នៅ​នឹង​កន្លែង​ នៅ​តំបន់​ក្បែរ​ចំណុច​ត្រួត​ពិនិត្យ​ PP-14។ ប៉ុន្តែ បញ្ជាការដ្ឋាន​​ភូមិ​ភាគ​ខាង​លិច​របស់​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន (PLA) និយាយ​ថា ទាហាន​ឥណ្ឌា​​បាន​ឆ្លង​កាត់​បន្ទាត់​ព្រំ​ដែន​ LAC និង​ “មាន​ចេតនា​បញ្ឆេះ​កំហឹង​” នាំ​ឱ្យ​មាន​ហេតុការណ៍​វាយ​តប់​គ្នា​កើត​ឡើង​។

    ហេតុ​ការណ៍​ខាង​លើ​នេះ គឺជា​ការ​ប៉ះទង្គិច​គ្នា​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ដំបូង​គេ​បង្អស់​នៅ​តាម​បន្ទាត់​​ព្រំ​ដែន​ប្រវែង​3,488​គីឡូម៉ែត្រ​រវាង​ប្រទេស​ទាំង​ពីរ​ រាប់​ចាប់​តាំង​ពីការផ្ទុះ​អាវុធ​ដាក់​គ្នា​ដែល​បាន​បណ្ដាល​ឱ្យ​ទាហាន​ឥណ្ឌា​4​នាក់​ស្លាប់​នៅ​ Tulung La ក្នុង​តំបន់​ Arunachal Pradesh កាល​ពី​ឆ្នាំ​1975​។

    ចិន​និង​ឥណ្ឌា​កាល​ពី​ថ្ងៃទី​17​មិថុនា​កន្លង​ទៅ​ បាន​ព្យាយាន​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​តំបន់​ព្រំ​ដែន​។ រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ និង​បាន​យល់​ព្រម​ “បន្ថយ​កម្ដៅ​ស្ថាន​​​ការណ៍​” បើ​ទោះ​ជា​ប្រទេស​ទាំង​ពីរ​នៅ​តែ​ចោទ​ដាក់​គ្នា​លើ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ដោយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អតីតទីប្រឹក្សាផ្នែកសន្តិសុខ និងក្មួយស្រីរបស់លោកត្រាំ សរសេរសៀវភៅ 2ក្បាល បកអាក្រាត និងបង្ហាញពីពុតត្បុតលោកត្រាំ

    អតីតទីប្រឹក្សាផ្នែកសន្តិសុខ និងក្មួយស្រីរបស់លោកត្រាំ សរសេរសៀវភៅ 2ក្បាល បកអាក្រាត និងបង្ហាញពីពុតត្បុតលោកត្រាំ

    នៅសល់តែ 4ខែទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិកហើយ ហើយលោកដូណាល់ ត្រាំ ក៏កំពុងជឿជាក់យ៉ាងខ្លាំងថា លោកនឹងត្រូវតែទទួលបានការជ្រើសតាំងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជាលើកទី2 ដោយសារតែជាទំនៀមទម្លាប់ខាងនយោបាយ ដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ច្រើនតែនៅបាន 2អាណត្តិ និងដោយសារតែការមានប្រៀបច្រើនជាង លើផ្នែកការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន ដែលបង្ហាញតែលទ្ធផល និងស្នាដៃរបស់ប្រធានាធិបតី រួមទាំងការថ្លែងការណ៍ និងការសម្ភាសផ្សេងៗ ដែលគូប្រជែងមិនបានទទួលឱកាសបែបនោះឡើយ។

    រឹតតែនៅពេលលោកដូណាល់ ត្រាំ ចូលមកទទួលតំណែងនៅក្នុងសេតវិមាន លោកបានជំរុញផែនការកាត់បន្ថយពន្ធភាស៊ីដ៏ធំមួយ ដែលធ្វើឱ្យត្រូវចិត្តបណ្ដាអ្នកជំនួញលំដាប់ធំៗ ដោយមានការទម្លាក់ពន្ធភាស៊ីសម្រាប់ពួកអ្នកមានៗ និងក្រុមហ៊ុនផ្សេងៗទៀតផង ដោយសារតែពួក Republican មានផ្នត់គំនិតមួយថា បើអ្នកធុរកិច្ច និងក្រុមហ៊ុនរបស់ពួកគេ បានទទួលការកាត់បន្ថយពន្ធភាស៊ី ពួកគេក៏នឹងមានប្រាក់នៅសល់ ដើម្បីទៅពង្រីកធុរកិច្ចថ្មី ជាការបន្ថែមឱកាសការងារកាន់តែច្រើនឡើងដល់ពលរដ្ឋ ដោយប្រាក់របស់ពួកអ្នកមានទាំងនោះ នឹងហូរហៀរទៅដល់ក្រុមកម្មករនិយោជិតដែលមានប្រាក់ចំណូលតិច តាមរយៈការបង្កើនឱកាសការងារហ្នឹងឯង។ វាជា Repple Effect ដែលប្រាក់ និងភាពមានបាន នឹងហូរចុះពីលើទៅក្រោម ដែលទោះជាផ្នត់គំនិតនេះ ត្រូវបានជំទាស់ដោយអ្នកជំនាញខាងសេដ្ឋកិច្ចលំដាប់រង្វាន់ណូបែលជាច្រើននាក់ របស់អាមេរិក ដូចជាលោក Paul Krugman និងលោក Joseph Stiglitz ដែលខំព្យាយាមពិសោធឱ្យឃើញថា វាមិនមែនដូច្នោះឡើយ និងវាថែមទាំងធ្វើឱ្យមានភាពមិនស្មើភាពគ្នាកាន់តែច្រើនឡើងក៏ដោយ។

    សេដ្ឋកិច្ចដែលវាស់តាមរយៈ Index ផ្សារហ៊ុនដែលបំបែកស្ថិតិ ស្ទើរតែរៀងរាល់អាទិត្យកាលពីមុនពេលកើតមានវិបត្តិកូវីដ-19 រួមទាំង GDP ដែលពង្រីកខ្លួន(ទោះជាភាពមិនស្មើភាពគ្នា រឹតតែមានធ្ងន់ធ្ងរឡើងនៅក្នុងសហរដ្ឋអាមេរិក ប្រភេទដែលលោក Warren Buffet មហាសេដ្ឋីផ្សារហ៊ុន បានចេញមកបង្ហាញពីការអាណិតអាសូរ អ្នកដែលមានប្រាក់ចំណូលតិចថា លេខារបស់លោក ត្រូវបង់ពន្ធច្រើនជាងរូបលោកទៅទៀតក៏ដោយ) វាបានធ្វើឱ្យលោកត្រាំមានទំនុកចិត្តថា ពលរដ្ឋសហរដ្ឋអាមេរិក នឹងជ្រើសរើសយករូបលោកទៀត ក្នុងអាណត្តិទី2 នេះជាមិនខាន ព្រោះរាល់ពេលដែលលោកទៅជួបប្រាស្រ័យរកសំឡេងឆ្នោតជាមួយប្រជាជន លោកតែងតែគាស់យកមកបង្ហាញ តែរឿងតួលេខល្អៗខាងសេដ្ឋកិច្ច និងឱកាសការងារ មកបន្ថែមពិន្ទុនិយមឱ្យខ្លួនឯង ពេញមួយរយៈពេល 3ឆ្នាំកន្លងទៅនេះ។

    លោក ចន បូលតុន

    តែ មហិទ្ធិឫទ្ធិ ដែលលោកដូណាល់ ត្រាំ ត្រូវប្រឈមយ៉ាងមិននឹកស្មានដល់នោះគឺ មេរោគកូវីដ-19 ដែលលោកមើលងាយថា វានឹងធ្វើស្អីសហរដ្ឋអាមេរិកមិនបាននោះ និងធ្វើឱ្យលោកចេញវិធានការទប់ទល់យឺតយ៉ាវដល់ទៅ 8អាទិត្យនោះ បានធ្វើឱ្យមេរោគរីករាលដាលឥតឈប់ និងសេដ្ឋកិច្ចរងគ្រោះជាបន្តបន្ទាប់ រួមទាំងការធ្វើបាតុកម្មតវ៉ាដ៏ធំ ទូទាំងសហរដ្ឋអាមេរិក រឿងប៉ូលិសប្រើអំពើហិង្សាដោយអគតិទៀតផង។

    ដោយទាំង 3រឿង ដែលកំពុងទាញទម្លាក់សំឡេងឆ្នោតរបស់លោកត្រាំនេះ ធ្វើឱ្យរហូតមកដល់ពេលនេះ គូប្រជែងរបស់លោកត្រាំ គឺលោក ចូ បៃដេន កំពុងតែវ៉ាទៅមុខដាច់ ទាំងក្នុងផូលទូទាំងប្រទេស និងក្នុងរដ្ឋដែលធ្លាប់ជួយលោកត្រាំឱ្យបានទៅអង្គុយក្នុងសេតវិមានទៀតផង។

    ពេលនេះលោកត្រាំ បានងាកមកប្រើកលយុទ្ធរកសំឡេងឆ្នោត 2រឿងគឺ រឿងដំបូង ម៉ៅឱ្យចិនក្លាយជាពពែរងគ្រោះ ក្នុងងរឿងមេរោគកូវីដ-19 និងរឿងចិនប្លន់ការងារធ្វើពីប្រជាជនអាមេរិក។

    រឿងទី2 គឺ សរុបយកការតវ៉ាទាមទារយ៉ាងស្ងប់ស្ងាត់ទូទាំងសហរដ្ឋអាមេរិក ដើម្បីធ្វើការរៀបចំក្រុមអង្គភាពប៉ូលិសជាថ្មី និងកែសម្រួលគ្រោងសាងខាងសង្គម ឱ្យប្រាសចាកការអគតិ ចំពោះក្រុមជនជាតិភាគតិច គឺជនស្បែកខ្មៅ(អតីតទាសករ) និងពួកស្បែកក្រហម(គឺពួក Hispanics ហ្នឹងឯង) ដោយលោកត្រាំ បានងាកមកនិយាយសង្កត់ធ្ងន់ថា ត្រូវប្រើកម្លាំង(ទាហាន) ចូលទៅបង្ក្រាបក្រុមអ្នកតវ៉ាយ៉ាងស្ងប់ស្ងាត់ទាំងនោះ ដែលលោកបាននិយាយបង្វែងឱ្យក្លាយជាក្រុមជនអន្ធពាល កម្ទេចអ្វីៗសព្វបែបយ៉ាង យកភ្លើងដុតបំផ្លាញអគារ ឆក់ប្លន់ទំនិញរបស់ហាងនានា និងជាភេរវករ។

    តែ ស្រាប់តែមានបណ្ដាឧត្ដមសេនីយ៍ធំៗ ទាំងពេលបច្ចុប្បន្ន(ដូចជា អគ្គមេបញ្ជាការ លោកឧត្ដមសេនីយ៍ឯក Mark Milley) និងចូលនិវត្តន៍ហើយ បាននាំគ្នាចេញមក ប្រកាសមិនឯកភាព ដែលលោកត្រាំចង់ប្រើកម្លាំងប្រចាំការ មកបង្ក្រាបអ្នកប្រឆាំងតវ៉ាយ៉ាងស្ងប់ស្ងាត់ និងចោទថា លោកត្រាំមិនស័ក្តិសមក្នុងការធ្វើជាប្រធានាធិបតីឡើយ។ ដល់ថ្នាក់លោក Colin Powell (អតីតឧត្ដមសេនីយ៍ឯក ប្រធានគណៈសេនាធិការយោធាចម្រុះ) ចេញមកប្រកាសថា នឹងមិនទៅបោះឆ្នោតជ្រើសរើសលោកដូណាល់ ត្រាំ នៅថ្ងៃទី3 ខែវិច្ឆិកាខាងមុខទៀតផង ព្រោះលោកត្រាំមិនស័ក្តិសមជាមេដឹកនាំសេតវិមានទៀតទេ និងភូតកុហកគ្រប់ពេលវេលា។

    អគ្គមេបញ្ជាការ លោកឧត្ដមសេនីយ៍ឯក Mark Milley

    ហើយរឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ នៅថ្ងៃទី23 មិថុនាខាងមុខនេះ សៀវភៅរបស់លោក John Bolton អតីតទីប្រឹក្សាផ្នែកសន្តិសុខ(មនុស្សទី3 របស់លោកត្រាំ) កំពុងតែជិតដល់ពេលដាក់លក់នៅលើទីផ្សារជាផ្លូវការហើយ ដោយកាលពីពេលមុន មានកំណត់នឹងដាក់លក់ក្នុងអំឡុងខែកន្លងទៅ តែត្រូវអង្គភាពសន្តិសុខរបស់សេតវិមាន បានស្នើសុំឱ្យផ្ញើសេចក្ដីលម្អិតនៃខ្លឹមសារ ទៅឱ្យពួកគេពិនិត្យមើលសិន តែរហូតមកដល់ពេលនេះ លោក ចន បូលតុន បានបញ្ជូនសៀវភៅទាំងមូលដែលបោះពុម្ពរួចហើយ ទៅឱ្យបណ្ដាទីភ្នាក់ងារព័ត៌មានផ្សេងៗ ដើម្បីឱ្យនាំយកខ្លឹមសារមួយផ្នែកទៅផ្សព្វផ្សាយឱ្យប្រជាជនបានដឹង។

    កាលពីដើម រឿងដែលធ្វើឱ្យលោក បូលតុន សម្រេចចិត្តសុំលាឈប់ពីមុខតំណែងនោះ គឺដោយសារតែលោក “ទ្រាំធំក្លិនស្អុយមិនបាន” ករណីដែលលោកត្រាំ បានពន្យារថវិកាជួយខាងយោធា ដែលសភាសហរដ្ឋអាមេរិក បានអនុម័តរួចរាល់ហើយ…ជាថវិកាជួយទៅដល់រដ្ឋាភិបាលប្រទេសយូក្រេន ដែលកងទ័ពរបស់ប្រទេសនេះ ត្រូវការយ៉ាងចាំបាច់ខ្លាំង សម្រាប់ទៅប្រយុទ្ធតស៊ូនឹងការរុករានឈ្លានពានរបស់កងទ័ពរុស្ស៊ី។

    លោកត្រាំ បានគាបសង្កត់មេដឹកនាំប្រទេសយូក្រេន ថា លោកថវិកានេះនឹងទម្លាក់ទៅជួយយូក្រេន តែប្រធានាធិបតីថ្មីរបស់យូក្រេន ត្រូវតែលើករឿងមួយឡើងថា ពួកគេកំពុងពិនិត្យករណីលោក ចូ បៃដេន(គូប្រជែងរបស់លោកត្រាំ) ថា មានការទទួលបានផលប្រយោជន៍ពីកូនប្រុសរបស់លោក ចូ បៃដេន ដែលបានធ្វើជាប្រធានក្រុមហ៊ុនឧស្ម័នធំបំផុតរបស់យូក្រេន។

    លោក ចន បូលតុន បានមិចភ្នែកដាក់កូនចៅរបស់លោក ឱ្យទៅប្រាប់អ្នកត្រួតពិនិត្យកិច្ចការរដ្ឋ អំពីរឿងដែលលោកត្រាំបានទូរស័ព្ទទៅតវ៉ាទាមទារផលប្រយោជន៍ ជាមួយប្រធានាធិបតីប្រទេសយូក្រេន…តែនៅទីបំផុត លោកបូលតុន ក៏លាលែងចេញពីតំណែង។

    តែ នៅក្នុងសៀវភៅ 1ក្បាលនោះ ក្រៅពីមានសេចក្ដីលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើលថា លោកបានស្ថិតនៅក្នុងហេតុការណ៍ ពេលលោកត្រាំទូរស័ព្ទ ទៅតវ៉ាជាមួយមេដឹកនាំយូក្រេន ក្នុងគ្រានោះហើយ…លោកបូលតុន ថែមទាំងបកអាក្រាតពីការដែលលោកត្រាំ បានតវ៉ាដោះដូរផលប្រយោជន៍ជាមួយលោកប្រធានាធិបតី ស៊ី ជីនភីង របស់ចិនទៀតផងកាលពីពេលជួបគ្នាក្នុងឆ្នាំកន្លងទៅ ទាំងរឿងដែលលោកប្រធានាធិបតី ស៊ី ព្យាយាមបញ្ចុះបញ្ចូល មិនឱ្យលោកត្រាំ វាយប្រហារលោកស៊ី រឿងជំរំ(ធ្វើទុក្ខបុកម្នេញ) អប់រំប្ដូរទស្សនគតិរបស់ជនភាគតិចអ៊ុយគូ នៅឯស៊ីនកៀង ដែលរដ្ឋបាលចិនបានចាប់ខ្លួនយកទៅដាក់នៅទីនោះជាង 1លាននាក់។ ដោយលោកត្រាំ បានប្រាប់ថា ឯកភាពចំពោះជំរំសម្ងាត់នេះ…និងរឿង 1ទៀតគឺ លោកត្រាំ បានសុំឱ្យលោកស៊ី ជួយទិញទំនិញកសិកម្មដែលជាមូលដ្ឋានសំឡេងឆ្នោតរបស់ខ្លួន(លោកត្រាំ) ដើម្បីឱ្យខ្លួនបានក្លាយជាប្រធានាធិបតីក្នុងអាណត្តិទី2 នេះទៀតផង។ លោក បូលតុន បានរៀបរាប់នៅក្នុងសៀវភៅនោះថា លោកត្រាំ បាននិយាយច្បាស់ៗតែម្ដងថា សុំឱ្យលោកស៊ី ជួយលោកឱ្យក្លាយជាប្រធានាធិបតីក្នុងអាណត្តិទី2។

    នៅមានរឿងការចរចា រវាងលោកត្រាំ ជាមួយលោក វ៉្លាឌីមៀ ពូទីន ទៀតផង ដោយលោកបូលតុន បានលើកចំណុចសង្កេតថា វាក៏ដូចគ្នាដែរ គឺលោកត្រាំសុខចិត្តបន្ទន់ឥរិយាបថឱ្យលោកពូទីន ដើម្បីឱ្យប្រទេសរុស្ស៊ី ជួយក្នុងការបោះឆ្នោតរបស់លោក…។

    លោកបូលតុន បានបញ្ជាក់តាំងពីដើមដំបូង របស់សៀវភៅរបស់លោកថា លោកត្រាំ នឹងធ្វើគ្រប់យ៉ាង ដើម្បីផលប្រយោជន៍របស់ខ្លួនឯងមុនគេក្នុងការបោះឆ្នោត និងយកផលប្រយោជន៍របស់ជាតិជារឿងបន្ទាប់។
    សៀវភៅរបស់លោក បូលតុន ឈ្មោះថា “បន្ទប់ដែលមានហេតុការណ៍កើតឡើង” ឬ The Room Where it Happened នៅមានព័ត៌មានសម្ងាត់ជាច្រើនទៀត ដែលបានទាញកញ្ឆក់បើកស្រោមមុខរបស់លោកត្រាំ ឱ្យមើលឃើញពីភាពល្បិចកល និងគិតតែពីផលប្រយោជន៍របស់ខ្លួន មុនផលប្រយោជន៍ប្រទេសជាតិ។

    សៀវភៅ 1ក្បាលទៀតរបស់ក្មួយស្រី របស់លោកត្រាំ ឈ្មោះ Mary Trump អាយុ 55ឆ្នាំ ដែលជាកូនស្រីរបស់បងប្រុសច្បងរបស់លោកត្រាំ(ដែលមានឈ្មោះថា Fred Trump JR)។ លោកស្រី បានសរសេរសៀវភៅ បានយ៉ាងឆ្ងាញ់ដៃសម្បើមណាស់ ក្នុងការបើកកកាយពុតត្បុតលោកពូ ដ៏សែនអាក្រក់របស់លោកស្រី ដែលមានចំណងជើងថា “ច្រើនប៉ុនណា ក៏មិនដែលគ្រប់…តើហេតុអីបានក្រុមគ្រួសាររបស់យើង ជួយគ្នាសាងបុរសម្នាក់ដែលមានគ្រោះថ្នាក់បំផុតរបស់ពិភពលោកឡើងកើត? ឬ Too Much and Never Enough…How My Family Created the Wold’s Most Dangerous Man?។ បោះពុម្ពដោយ Simon & Schuster ហើយបម្រុងនឹងដាក់លក់លើទីផ្សារ(ដោយបានគណនាយ៉ាងល្អិតល្អន់) នៅថ្ងៃទី28 កក្កដា ដែលជិតដល់ថ្ងៃបោះឆ្នោតធំ ដើម្បីចូលរួមចំណែកទាញកញ្ឆក់បើកស្រោមមុខ និងបកអាក្រាតលោកត្រាំ។

    លោកស្រី មែរី ត្រាំ

    យកត្រឹមតែឧទាហរណ៍ខ្លីៗគឺ លោកស្រីបានរៀបរាប់ថា លោកពូត្រាំ បានកេងបន្លំកេរមរតកដែលលោកតា Fred Trump Sr.តាំងជាគំនរមរតកទុកឱ្យបណ្ដាទាយាទក្រោយៗទាំងអស់…លោកស្រីខ្លួនឯង និងប្អូនប្រុស ត្រូវបានកេងប្រវ័ញ្ច រហូតដល់លោកស្រីបានប្ដឹងលោកត្រាំ ក្នុងឆ្នាំ2000 និងត្រូវរងការធ្វើបាបផ្សេងៗជាច្រើន ហើយអ្វីដែលលោកត្រាំបានអួតក្អេងក្អាងថា លោកបានទទួលប្រាក់ពីឪពុកមកចាប់ផ្ដើមរកស៊ីតាំងខ្លួនតែ 1លានដុល្លារនោះ ការពិត បានទទួលប្រាក់ពីឪពុកដល់ទៅ 400លានដុល្លារឯណោះ និងកើតឡើងក្នុងអំឡុងពេលដែលឪពុក(Fred Trump Sr.) ចាប់ផ្ដើមភ្លេចភ្លាំង ដោយរោគអាល់សៃមើរ៍។ រួមទាំងរឿងរ៉ាវរបស់ឪពុក របស់លោកស្រី មែរី គឺលោក Fred Trump Jr. បានងាកមកញៀនសុរា ដោយសារតែលោកតា Fred បង្ខំឱ្យឪពុករបស់លោកស្រី មកធ្វើការរកស៊ីខាងអចលនទ្រព្យ ទាំងខ្លួនគាត់ ចង់ក្លាយជាអ្នកបើកយន្តហោះ…រហូតដល់ទីបំផុត ឪពុករបស់លោកស្រី ត្រូវស្លាប់តាំងពីអាយុត្រឹមតែ 42ឆ្នាំ ហើយលោកស្រីមែរី និងប្អូន ក៏ត្រូវមករស់នៅក្រោមការមើលថែ របស់លោកដូណាល់ ត្រាំ និងគំនរកេរមរតក ក៏ត្រូវបានកេងប្រវ័ញ្ចយកដោយលោកត្រាំទៀតផង។

    ខណៈពេលនេះ លោកស្រី មែរី ដែលរៀនចប់បរិញ្ញាឯកផ្នែកចិត្តវិទ្យា បានបើកធុរកិច្ចផ្ដល់ការប្រឹក្សាដល់អ្នកដែលធ្លាក់ទឹកចិត្ត និងនៅក្នុងទំព័រវេបសាយរបស់លោកស្រី បានឆ្លុះបង្ហាញពីភាពសោកស្ដាយរបស់លោកស្រីយ៉ាងខ្លាំង នៅពេលដែលលោកដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតឆ្នាំ2016 ហើយសៀវភៅ 1ក្បាលនេះ នឹងចេញមកដើម្បីទប់ស្កាត់ មិនឱ្យលោកត្រាំ បានដើរចូលសេតវិមានជាលើកទី2 ហ្នឹងឯង៕

    ប្រភព៖ សាព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    CEO របស់ Tesla លោក Elon Musk រកបានជាង13ពាន់លានដុល្លារបន្ថែមទៀតរាប់ចាប់ពីពាក់កណ្ដាលខែមីនា2020 ខណៈដែលស្ថាបនិករបស់ Facebook លោក Mark Zuckerberg រកចំណូលបានជិត​29​ពាន់​លាន​ដុល្លារ។

    COVID-19 បានបណ្ដាលឱ្យមហាសេដ្ឋីជាច្រើនបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកនៅពេលផ្សារហ៊ុនអាមេរិកដាំក្បាលចុះកាលពីខែមីនាកន្លងទៅ ប៉ុន្តែល្បឿននៃការងើបឡើងវិញនៃផ្សារហ៊ុនបានជួយឱ្យអ្នកមានជាច្រើនស្រង់ដើមទុនបានមកវិញ ហើយក៏មានអ្នកជំនួញខ្លះថែមទាំងចំណេញយ៉ាងច្រើនផងដែរ។

    ដោយប្រើប្រាស់ទិន្នន័យតាមពេលវេលាជាក់ស្ដែងរបស់ Forbes ក្រុមហ៊ុន GoBankingRates បានរកឃើញថា មហាសេដ្ឋី7រូបដែលស្ថិតក្នុងចំណោមអ្នកមានជាងគេទាំង50នាក់របស់ពិភពលោក មានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលក្នុងដំណាក់កាលចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃទី4មិថុនា2020។ ថ្ងៃទី18 ខែមីនា គឺជារយៈពេលមួយសប្ដាហ៍បន្ទាប់ពី COVID-19 ត្រូវបានប្រកាសថាជារោគរាតត្បាតទូទាំងពិភពលោក ហើយ2ថ្ងៃក្រោយមក សន្ទស្សន៍ DJIA (Dow Jones Industrial Average) ត្រូវបានកត់សម្គាល់ឃើញថាជាថ្ងៃជួញដូរមូលបត្រមួយក្នុងចំណោមថ្ងៃជួញដូរដែលអាក្រក់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណែកថ្ងៃទី4មិថុនាវិញគឺជាថ្ងៃដែលរដ្ឋនានានៅសហរដ្ឋអាមេរិកចាប់ផ្ដើមដកបម្រាមគោចរ។

    CEO របស់ក្រុមហ៊ុន Tesla និង SpaceX គឺលោក Elon Musk បានជាប់ឈ្មោះនៅក្នុងបញ្ជីនៃក្រុមមនុស្សដែលរកបានប្រាក់ចំណូលច្រើនជាងពាក់កណ្ដាលនៃទ្រព្យសរុបរបស់ខ្លួននៅក្នុងដំណាក់ចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃ​ទី​4មិថុនា2020។ ទ្រព្យរបស់លោក Elon Musk បានកើន55% ដែលជួយឱ្យលោកមានទ្រព្យជាង​38​ពាន់​លានដុល្លារ។ ប្រការនេះបានកើតឡើងដោយសារតម្លៃមូលបត្ររបស់ក្រុមហ៊ុន Tesla ឡើងថ្លៃខ្ពស់។ បច្ចុប្បន្ន លោក Elon Musk កាន់កាប់មូលបត្រជិត39លានហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ហើយលោកក៏ទើបតែទទួលបានប្រាក់រង្វាន់ដែលមានតម្លៃជាង700លានដុល្លារកាលពីខែឧសភាផងដែរ។

    មហាសេដ្ឋីម្នាក់ផ្សេងទៀតដែលទទួលបានចំណេញច្រើនកប់ក្ដោងដែរនោះគឺម្ចាស់ Facebook លោក Mark Zuckerberg។ គិតត្រឹមដើមខែមិថុនានេះ លោក Zuckerberg មានទ្រព្យជាង83ពាន់លានដុល្លារ កើនជិត29ពាន់លានដុល្លារបើធៀបនឹងថ្ងៃទី18មីនា2020។ បច្ចុប្បន្ន ស្ថាបនិករបស់ Facebook មានភាគហ៊ុនប្រមាណជា400លានហ៊ុននៅក្នុងក្រុមហ៊ុន Facebook។

    ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី7រូបដែលមានទ្រព្យកើនឡើងជាង50%នៅក្នុងសម័យ COVID-19៖

    1. លោក Dieter Schwarz ម្ចាស់ក្រុមហ៊ុន Schwarz Group (អាល្លឺម៉ង់)

    លោក Dieter Schwarz

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 33.1ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ ៖ 67%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានរបាយការណ៍
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 30.8ពាន់លានដុល្លារ

    2. Mukesh Ambani – ប្រធានក្រុមហ៊ុន Reliance Industries (ឥណ្ឌា)

    លោក Mukesh Ambani

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 36.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 58ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 57.6%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ 68.3លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 59.4ពាន់លានដុល្លារ

    3. លោក Elon Musk – CEO របស់ក្រុមហ៊ុនTelsa/SpaceX/The Boring Company (អាមេរិក)

    CEO របស់ Tesla លោក Elon Musk

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 24.6ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 38.2ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 55%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 42ពាន់លានដុល្លារ

    4. លោក Alain Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Alain Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    5. លោក Gerard Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Gerard Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    6. លោក Mark Zuckerberg – CEO របស់Facebook (អាមេរិក)

    Mark Zuckerberg និងភរិយា Prisilla Chan

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 54.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 83.4ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 52.47%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ ជាង150លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 87.4ពាន់លានដុល្លារ

    7. លោក Tadashi Yanai – ម្ចាស់ក្រុមហ៊ុន Fast Retailing (ជប៉ុន)

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19
    លោក Tadashi Yanai ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Fast Retailing

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 29.6ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 50.2%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 29.7ពាន់លានដុល្លារ

    ប្រភព​៖ CNBC

  • ចិនដោះលែងទាហានឥណ្ឌាដែលត្រូវចាប់ខ្លួនក្នុងហេតុការណ៍វាយតប់គ្នានៅព្រំដែន ប៉ុន្តែនៅតែចោទប្រកាន់ ទម្លាក់កំហុស និងគំរាមដាក់គ្នាដដែល

    ចិនដោះលែងទាហានឥណ្ឌាដែលត្រូវចាប់ខ្លួនក្នុងហេតុការណ៍វាយតប់គ្នានៅព្រំដែន ប៉ុន្តែនៅតែចោទប្រកាន់ ទម្លាក់កំហុស និងគំរាមដាក់គ្នាដដែល

    ទាហាន​ឥណ្ឌា​ចំនួន​10​នាក់​ដែល​ត្រូវ​បាន​ចិន​ចាប់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ទ្រង់​ទ្រាយ​ធំនៅ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​មាន​កិច្ច​ចរចា​​ថ្នាក់​​មេបញ្ជា​ការ​យោធា​របស់​ចិន​និង​ឥណ្ឌា​។

    សារ​ព័ត៌មាន​​ Press Trust រួម​នឹង​សារ​ព័ត៌​មាន​របស់​ឥណ្ឌា​ជា​ច្រើន​ទៀត​បាន​រាយការណ៍​ថា ទាហាន​ឥណ្ឌា​ចំនួន​10​នាក់​​ត្រូវ​បាន​ប្រទេស​ចិន​ដោះ​លែង​កាល​ពី​យប់​ថ្ងៃទៅ​18​មិថុនា​កន្លង​ទៅ​។ រដ្ឋាភិបាល​ឥណ្ឌា​មិន​បាន​បញ្ចេញ​មតិ​អ្វី​នៅ​ឡើយ​ទាក់​ទិន​នឹង​បញ្ហា​នេះ​ ប៉ុន្តែភាគី​កង​ទ័ព​ឥណ្ឌា​បាន​ចេញ​មក​អះអាង​ថា “មិន​មាន​ទាហាន​ឥណ្ឌា​ណា​ម្នាក់​បាន​បាត់​ខ្លួន​ក្នុង​ពេល​បំពេញ​ភារ​កិច្ច​” នៅ​ក្នុង​ហេតុ​ការណ៍​វាយ​តប់​គ្នា​នៅ​ជ្រលង​ភ្នំ​ Galwan នោះ​ទេ​។

    សារ​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​ផ្សាយ​ថា កិច្ច​ព្រម​ព្រៀង​ដោះ​លែង​ទាហាន​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគ​ជ័យ​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ថ្នាក់​ឧត្តម​សេនីយ៍រវាង​ប្រទេស​ចិន​និង​ឥណ្ឌា​។

    សូមរំឭក​ថា ទាហាន​ឥណ្ឌា និង​ទាហាន​ចិន​ បាន​វាយ​តប់​គ្នា​ជា​ក្រុម​កាល​ពី​យប់​ថ្ងៃទី​15​មិថុនា2020​ នៅ​ជ្រលង​ភ្នំ​ Galwan នៃ​តំបន់​ Ladakh។ កង​ទ័ព​ជើង​គោក​ឥណ្ឌា​បញ្ជាក់​ថា ទាហាន​ឥណ្ឌា​ចំនួន​20​នាក់​បាន​បាត់​បង់ជីវិត​ ក្នុង​នោះ​មាន​នាយ​ទាហាន​ Santosh Babu ដែល​ជា​មេបញ្ជា​ការ​កង​វរសេនាតូច​ Bihar 16 ខណៈ​ទាហាន​ចំនួន​18​នាក់​ផ្សេង​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​​ដោយ​សារ​តែ​រង​របួស​ធ្ងន់​។

    សារ​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​ផ្សារ​ដែរ​ថា ទាហាន​ចិន​ជាង​40​នាក់​បាន​ស្លាប់​និង​រង​របួស​ក្នុង​ហេតុការណ៍​វាយ​តប់​គ្នា​ខាងលើ​។ ទីក្រុង​ប៉េកាំង​បាន​ទទួល​ស្គាល់​ថា​ ទាហាន​មួយ​ចំនួន​របស់​ខ្លួន​បាន​ស្លាប់​និង​រង​របួស​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​ច្បាស់​លាស់​នោះ​ឡើយ​។

    ប្រជាជនឥណ្ឌា​រាប់​ពាន់​នាក់​ចូល​រួម​ពិធីបុណ្យ​សព​របស់​ទាហាន​ដែល​បាន​បាត់​បង់​ជីវិត​​នៅ​ក្នុង​ហេតុ​ការណ៍​វាយ​តប់​គ្នា​ជា​មួយ​ទាហាន​ចិន​នៅ​ព្រំ​ដែន

    ក្នុង​ពេល​មាន​ការ​អំពាវ​នាវ​ឱ្យ​ឈប់​ប្រើ​ប្រាស់​ទំនិញ​ចិន​ កាល​ពី​ម្សិលមិញ​ ជនជាតិ​ឥណ្ឌា​រាប់​ពាន់​នាក់​បាន​ចូល​រួម​ពិធី​បុណ្យ​សពរបស់​ទាហាន​ឥណ្ឌា​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៍​ការពារ​ទឹក​ដី​ខាង​លើ​។ នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ គេ​ឃើញ​ប្រជា​ជន​ឥណ្ឌា​ជា​ច្រើន​បាន​នាំ​គ្នា​លើក​បដា​ដែល​មាន​សរសេរ​ថា “ឈប់​ប្រើ​ផលិត​ផល​ចិន​” ព្រម​ទាំង​ធ្វើ​ការ​ប្រឆាំង​នឹង​ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជីនភីង​ផងដែរ​។

    ក្រុម​មន្ត្រី​ចិន​និង​ឥណ្ឌា​កំពុង​ប្រឹង​ប្រែង​ស្វែង​រក​វិធី​ដោះ​ស្រាយ​ភាព​តាន​តឹង​​តាម​រយៈ​ការ​ចរចា​ដើម្បី​ចៀស​វាង​ការ​កើន​ឡើ​ងកម្ដៅ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​តាម​ព្រំ​ដែន​ ប៉ុន្តែ​ពួកគេ​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​អំពី​​ហេតុ​ការណ៍​វាយ​តប់​គ្នា​ និង​បាន​ធ្វើ​ការ​ព្រមាន​ដាក់​គ្នា​នៅក្នុង​សេចក្ដី​ប្រកាស​រៀង​ៗ​គ្នា​។

    “ឥណ្ឌា​មិន​គួរ​វាយ​តម្លៃ​ទាប​ចំពោះ​ការ​អត់​ធ្មត់​របស់​ចិន​ក្នុង​កិច្ច​ការ​ពារ​​បូរណភាព​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ​” ក្រសួង​ការ​បរទេស​ចិន​ចេញ​សេចក្ដី​ប្រកាស​បែប​នេះ​ ក្រោយ​ពី​កិច្ច​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​​ចិន​ លោក​ Wang Yi និង​សមភាគី​ឥណ្ឌា Subrahmanyam Jaishankar។

    ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌា​វិញ ថ្លែង​ថា ចិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មាន​ “ផែន​ការ​មុន​” ហើយ​ថា​បញ្ហា​នេះ​នឹង​ជះឥទ្ធិពល​ធ្ងន់​ធ្ងរ​ដល់​​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប្រទេស​ចំនួន​18​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 លើស​ពី​100,000​នាក់​ ខណៈ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​ជិត​8.6​លាន​នាក់​នៅ​ទូទាំង​សកល​លោក​

    ប្រទេស​ចំនួន​18​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 លើស​ពី​100,000​នាក់​ ខណៈ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​ជិត​8.6​លាន​នាក់​នៅ​ទូទាំង​សកល​លោក​

    ពិភពលោក​​ទាំង​មូល​ត្រូវ​បាន​រាយការណ៍​ថា មាន​អ្នក​ជំងឺ​ COVID-19 ជិត​8.6​លាន​នាក់​ និងជាង​455,000​នាក់​បាន​ស្លាប់​ ហើយ​បើ​គិត​តាម​ចំនួនសរុប​នៃ​​ប្រជា​ជន​របស់​ពិភពលោក​ ​ក្នុង​ចំណោម​មនុស្ស​1000,000​នាក់​គឺ​មាន​​​58.4​នាក់​ស្លាប់​​ដោយ​សារ​វីរុស​នេះ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​​221​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​​ចំនួន​8,555,402​នាក់​ និង​455,200​នាក់​បាន​ស្លាប់​​ដោយ​សារ​COVID-19​​។ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ អ្នក​ជំងឺ​COVID-19​ បាន​កើន​165,793​នាក់ និង​អ្នក​ស្លាប់​កើន​4,803​នាក់​​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​4,503,093​នាក់​។

    ទ្វីប​អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​4,235,439​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​រកឃើញ​2,268,136​ ទ្វីប​អាស៊ី​រកឃើញ​1,775,302​នាក់​ និង​ទ្វីប​អាហ្វ្រិក​រកឃើញ​278,677​នាក់​។

    បណ្ដា​ប្រទេស​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 លើស​ពី​100,000​នាក់​ បាន​កើន​ដល់​​18​ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក​ ប្រេស៊ីល​ រុស្ស៊ី ឥណ្ឌា​ អង់គ្លេស​ អេស្ប៉ាញ ប៉េរូ អ៊ីតាលី ឈីលី អ៊ីរ៉ង់​ អាល្លឺម៉ង់ ទួរគី បារាំង​ ម៉ិក​ស៊ិក ប៉ាគីស្ថាន​ អារ៉ាប់​ប៊ី​សាអូឌីត កាណាដា​ និង​បង់ក្លាដែស។

    បើ​គិត​​ទៅ​តាមចំនួន​​ប្រជា​ជនសរុប​នៅ​​ទូទាំង​ពិភពលោក ក្នុង​ចំណោម​មនុស្ស​1000,000​នាក់​ គឺ​មាន​1,099​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​ក្នុង​ចំណោម​មនុស្ស​1000,000​នាក់​គឺ​មាន​​​58.4​នាក់​បាន​ស្លាប់​​ដោយ​សារ​វីរុស​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស