Author: សឿន សំណាង

  • WHO ថា “អ្នក​ជំងឺ​COVID-19​នឹង​កើន​ឡើង​លើស​10​លាន​នាក់​នៅសប្ដាហ៍​ក្រោយ​ ខណ​បច្ចុប្បន្ន​មាន​ជាង​9.5​លាន​នាក់​បានឆ្លង​វីរុស!

    WHO ថា “អ្នក​ជំងឺ​COVID-19​នឹង​កើន​ឡើង​លើស​10​លាន​នាក់​នៅសប្ដាហ៍​ក្រោយ​ ខណ​បច្ចុប្បន្ន​មាន​ជាង​9.5​លាន​នាក់​បានឆ្លង​វីរុស!

    ពិភពលោក​បាន​រកឃើញ​​មនុស្ស​​ជាង​9លាន​កន្លះ​​បាន​ឆ្លង​វីរុស​ និង​​ជិត484,000​នាក់​​បាន​ស្លាប់​ដោយ​សារ​COVID-19 ខណៈ​ស្ថាន​ភាព​វិបត្តិ​សុខ​ភាព​នៅ​ទ្វីប​អាមេរិក​​នៅ​តែ​ស្មុគ​ស្មាញ​។

    ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភព​លោកបាន​រកឃើញ​អ្នក​ជំងឺ​​​ចំនួន​169,476​នាក់​ និង​អ្នក​ស្លាប់​ចំនួន​4,934​នាក់​ ធ្វើ​តួលេខ​អ្នក​ជំងឺ​សរុប​កើន​ឡើង​ដល់​9,504,208​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​483,681​នាក់​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ពី​COVID-19 មាន​ចំនួន​5,161,054​នាក់​។

    នៅ​ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​4,726,407​នាក់​ ទ្វីប​អឺរ៉ុប​មាន​2,354,391​នាក់​ ទ្វីប​អាស៊ី​មាន​2,025,200​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​ចំនួន​330,003​នាក់​។

    អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ព្យាករ​ថា អ្នក​ជំងឺ​COVID-19នឹង​កើន​ឡើស​លើស​10​លាន​នាក់​នៅ​សប្ដាហ៍​ក្រោយ។ WHO ថែម​ទាំង​បាន​ព្រមាន​ថា COVID-19 មិនទាន់​​ឈាន​ដល់​កម្រិត​កំពូល​នៅ​ឡើយ​​សម្រាប់​ទ្វីប​អាមេរិក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប្រធានាធិបតី​ហុងដូរ៉ាស​ត្រូវ​ដាក់​អុកស៊ីសែន ក្រោយ​ពី​បាន​ឆ្លង​COVID-19

    ប្រធានាធិបតី​ហុងដូរ៉ាស​ត្រូវ​ដាក់​អុកស៊ីសែន ក្រោយ​ពី​បាន​ឆ្លង​COVID-19

    វេជ្ជបណ្ឌិត​យោធា​បាន​និយាយ​ថា ប្រធានាធិបតី​របស់​ប្រទេស​ហុងឌូរ៉ាស លោក Juan Orlando Hernandez ត្រូវ​ដាក់​អុកស៊ីសែន​​ ក្រោយ​ពី​​ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ​កាល​ពីសប្ដាហ៍​មុន​ដោយ​សារ​តែ​បាន​ឆ្លង​វីរុស​COVID-19។

    លោក Juan Orlando Hernandez អាយុ​51​ឆ្នាំ កាលពី​សប្ដាហ៍​មុនបាន​ចូល​មន្ទីរ​ពេទ្យ​យោធា​នៅទីក្រុង​ Tegucigalpa នៃ​ប្រទេស​ហុង​ឌូរ៉ាស់​ ដើម្បី​ព្យាបាល​COVID-19។ លោក​វេជ្ជបណ្ឌិត​ Juan Diaz នៅមន្ទីរពេទ្យ​យោធា​នេះ​ កាល​ពី​ថ្ងៃទី​23​ បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ត្រូវ​ដក​ដង្ហើម​តាម​បំពង់​អុកស៊ីសែន​ ហើយ​ព្រមាន​ថា មេដឹក​នាំ​រូប​នេះ​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​​សុខ​ភាព​ និង​ត្រូវ​ការ​បន្ត​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​។

    វេជ្ជ​បណ្ឌិត​ Juan Diaz បន្ត​ថា ស្ថាន​ភាព​សុខភាព​របស់​ប្រធានាធិបតី​មិន​ទាន់​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ ប៉ុន្តែ​ពេល​ខ្លះ​មាន​អាការក្ដៅខ្លួន​ខ្លាំង​និង​ពិបាកដកដង្ហើម​។ លោក​ថ្លែង​ថា បន្ទាប់​ពី​មាន​អាការ​ក្អ ក្ដៅ​ខ្លួន​ និង​ពិបាក​ដកដង្ហើមជាដើម ក្រុម​វេជ្ជ​បណ្ឌិត​បាន​សម្រួល​កម្រិត​ថ្នាំ​ និង​ដាក់​អុកស៊ីសែន។​ ប៉ុន្តែ មក​ដល់​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា​ នៅ​បន្តដកដង្ហើម​តាម​​បំពង់​​អុកស៊ីសែន​ឬ​អត់នៅឡើយ។

    អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ហុងឌូរ៉ាស់​ Francis Contreras កាលពីថ្ងៃទី​17​មិថុនា​បាន​ប្រកាស​ថា លោក Hernandez រួម​នឹង​ភរិយា​ និង​ជំនួយ​ការ​​ពីរ​នាក់​បាន​ឆ្លងវីរុស​COVID-19។

    សូម​រំឭកថា កន្លង​មក​មាន​ថ្នាក់​ដឹក​នាំ​ប្រទេស​ជា​ច្រើន​បាន​ឆ្លងវីរុស​នេះ​ ក្នុង​នោះ​មាន​នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ នាយករដ្ឋមន្ត្រី​រុស្សី នាយករដ្ឋមន្ត្រី​ប្រទេស​អាមេនី (Armenia) និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​នៃ​ប្រទេស​ផ្សេង​ៗ​ទៀត​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វា

    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វា

    នៅ Lopburi ដែលជាទីក្រុងស្វាដ៏ល្បីឈ្មោះនៅប្រទេសថៃ ប្រជាជនត្រូវធ្វើរបងការពារជុំវិញផ្ទះ និងមានទាំង “តំបន់ហាមឃាត់” សម្រាប់មនុស្សទៀតផង ដើម្បីការពារសុវត្ថិភាពពីការវាយប្រហាររបស់ហ្វូងស្វា។

    Kuljira Taechawattanawanna ជាពលរដ្ឋម្នាក់នៅក្នុងទីក្រុង Lopburi ដែលកំពុងតែជ្រោកក្រោមសំណាញ់នៃទីលានលើដំបូលផ្ទះ បានត្អូញត្អែរអំពីការគំរាមកំហែងរបស់ហ្វូងសត្វស្វានៅកណ្ដាលទីក្រុងនៃខេត្ត Lopburi ភាគកណ្ដាលប្រទេសថៃ។

    “ពួកយើងរស់នៅក្នុងទ្រុង ចំណែកហ្វូងសត្វស្វាបែរជារស់នៅខាងក្រៅ”។ Taechawattanawanna និយាយបន្តថា “លាមករបស់ពួកវាមានគ្រប់កន្លែង ក្លិនស្អុយស្ទើរទ្រាំមិនបាន ពិសេសគឺពេលមានភ្លៀង។

    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វាហ្វូងសត្វស្វាដែលមិនមានការភ័យខ្លាចអ្វីសោះ ហាក់កំពុង “គ្រប់គ្រង” ដងផ្លូវគ្រប់ទីកន្លែងក្នុងទីប្រជុំជននៅជុំវិញតំបន់ប្រាសាទ Prang Sam Yod នៅកណ្ដាលទីក្រុង Lopburi។ ពួកវាតែងនាំគ្នាតោងឡើងជញ្ជាំងខ្ពស់ៗ ដើម្បី “ត្រួតពិនិត្យ” ស្ថានការណ៍ ហើយសម្រុកចូលទៅហែកបន្ទះកៅស៊ូនៃទ្វាររថយន្តដែលនៅក្បែរនោះ។

    សកម្មភាពប្លែកៗដែលគួរឱ្យចង់សើចរបស់ហ្វូងសត្វស្វា ត្រូវបានគេទទួលស្គាល់ជាទូទៅថាជាការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរណ៍នៅតំបន់ Lopburi។ នៅមុន COVID-19 មកដល់ ក្រុមអ្នកទេសចរណ៍មកកាន់ទីក្រុង Lopburi សុទ្ធតែផ្ដល់ចំណីឱ្យហ្វូងសត្វស្វា ហើយថតរូបជាមួយពួកវាយ៉ាងសប្បាយ។

    ប៉ុន្តែ យុទ្ធនាការសម្អាតមេរោគពីសំណាក់អាជ្ញាធរទីក្រុង ដោយសារតែ COVID-19 ហាក់បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ហ្វូងសត្វស្វាទាំងនោះ ធ្វើឱ្យឥរិយាបថរបស់ពួកវាប្ដូរផ្លាស់។ ម្យ៉ាងទៀត ការដែលមិនមានភ្ញៀវបរទេសមកកាន់ទីក្រុងនេះ គឺស្មើនឹងការបាត់បង់អាហារមួយភាគធំសម្រាប់ហ្វូងស្វា នាំឱ្យពួកវាក្លាយទៅជាសត្វសាហាវ។

    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វា
    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វា

    ល្បឿននៃការកើនឡើងដ៏ឆាប់រហ័សក្នុងរយៈពេល3ឆ្នាំមកនេះ បាននាំឱ្យចំនួនសត្វស្វាកើនឡើងដល់ប្រមាណជា6,000ក្បាលនៅក្នុងទីក្រុង Lopburi។ ប្រការនេះបានធ្វើឱ្យបរិស្ថានប្រែទៅជាអាក្រក់សម្រាប់មនុស្ស ខណៈប្រជាជនមួយចំនួនមិនអាចទ្រាំនឹងស្ថានភាពនេះបាន។ តំបន់ជាច្រើននៅក្នុងទីក្រុង ថែមទាំង “សុំចុះចាញ់” ហ្វូងសត្វស្វាទាំងនេះទៀតផង។

    រោងភាពយន្តមួយកន្លែងដែលត្រូវគេទុកចោល បានក្លាយជាទីដាក់សាកសព និងជាទីស្នាក់នៅរបស់ហ្វូងសត្វស្វា។ សត្វស្វាដែលបានងាប់ ត្រូវបានគ្នាវាដាក់នៅក្នុងបន្ទប់មួយរបស់រោងកុន ហើយនៅពេលមានមនុស្សណាម្នាក់ឈានជើងចូល គឺសុទ្ធតែត្រូវហ្វូងស្វាវាយប្រហារភ្លាមៗ។

    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វានៅក្បែររោងកុនខាងលើ ម្ចាស់ហាងមួយកន្លែងក៏ត្រូវយកខ្លានិងក្រពើតុក្កតាមកតាំងដើម្បីបន្លាចហ្វូងស្វា ព្រោះតែពួកវាតែងតែនាំគ្នាមក “ឆក់ប្លន់” ទំនិញរបស់ហាងនេះ។

    មនុស្សមួយចំនួននៅក្នុងទីក្រុង Lopburi យល់ថា មូលហេតុដែលនាំឱ្យហ្វូងស្វាមានឱកាសលុកចូល “គ្រប់គ្រង” ទីក្រុងនេះ អាចបណ្ដាលមកពីទីក្រុងចេះតែពង្រីកខ្លួនចូលទៅកាន់តំបន់ព្រៃដែលនៅមិនឆ្ងាយពីទីនោះ។

    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វាប្រជាជនជាច្រើននៅទីក្រុង Lopburi តែងយកចំណីមកឱ្យហ្វូងស្វា ក្នុងបំណងកាត់បន្ថយ “ភាពតានតឹងនិងជម្លោះ” ដែលកើតឡើងដោយសារការ “ឆក់ប្លន់” អាហារនិងទ្រព្យរបស់អ្នកស្រុក ពីសំណាក់ហ្វូងសត្វស្វា។ ក៏ប៉ុន្តែមានអ្នកខ្លះជឿថា អាហារដែលមានផ្ទុកជាតិស្ករច្រើន ទឹកដែលមានហ្គាស និងធញ្ញជាតិ បានជំរុញឱ្យជីវភាពផ្លូវភេទរបស់ពួកវាកាន់តែល្អប្រសើរ។

    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វាPramot Ketampai ដែលជាអ្នកគ្រប់គ្រងបណ្ដាប្រាសាទតូចៗនៅជុំវិញប្រាសាទ Prang Sam Yod បានឱ្យដឹងថា៖ “ពួកវាស៊ីកាន់តែច្រើន កាន់តែមានកម្លាំង ទើបពួកវាកើតកូនចៅកាន់តែច្រើន”។

    “សង្គ្រាម” នានារវាងហ្វូងស្វា ថ្មីៗនេះបានបង្កការចាប់អារម្មណ៍ពីក្រុមមន្ត្រីនៅទីក្រុង Lopburi នាំឱ្យពួកគេសម្រេចចិត្តដំណើរការឡើងវីញនូវកម្មវិធីគ្រៀវសត្វស្វានៅក្នុងខែមីថុនានេះ ក្រោយពីបានផ្អាកតាំងតែពី3ឆ្នាំមុន។

    ប្រជាជនថៃកំពុង “ប្រយុទ្ធ” ដណ្ដើមទីក្រុងពី “កណ្ដាប់ដៃ” ហ្វូងសត្វស្វាក្រុមបុគ្គលិកនៃការិយាល័យជំនាញផ្នែកសត្វព្រៃ បានយកផ្លែឈើទាក់ទាញហ្វូងស្វាឱ្យចូលទៅក្នុងទ្រុង ហើយនាំពួកវាទៅកាន់បន្ទប់ពិនិត្យសុខភាពដើម្បីចាក់ថ្នាំសណ្ដំនិងគ្រៀវ រួចហើយក៏ចាក់សាក់ជាសម្គាល់ មុននឹងលែងពួកវាទៅវិញ។

    អាជ្ញាធរទីក្រុង Lopburi បានកំណត់គោលដៅក្នុងការគ្រៀវស្វាចំនួន500ក្បាលឱ្យបានមុនថ្ងៃទី26មិថុនាខាងមុខ។ ប៉ុន្តែ យុទ្ធនាការនេះនឹងមិនអាចគ្រប់គ្រងហ្វូងស្វាបានទាំងស្រុងទេ ដូច្នេះអាជ្ញាធរក៏បានរៀបផែនការបង្កើតតំបន់អភិរក្សសត្វស្វាមួយនៅក្នុងទីក្រុង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ដំណើង​ល្អ​!​ Elon Musk​ អញ្ជើញ​អ្នក​​គ្រប់​គ្នា​ប្រើ​ប្រាស់​សាកល្បង​​សេវា​កម្ម​អ៊ីនធើណិត​​ពី​ផ្កាយ​រណប​

    ដំណើង​ល្អ​!​ Elon Musk​ អញ្ជើញ​អ្នក​​គ្រប់​គ្នា​ប្រើ​ប្រាស់​សាកល្បង​​សេវា​កម្ម​អ៊ីនធើណិត​​ពី​ផ្កាយ​រណប​

    ក្រុម​ហ៊ុន​ SpaceX របស់​មហាសេដ្ឋី Elon Musk កំពុង​តែ​ស្វែង​រក​មនុស្ស​ឱ្យ​ចូល​រួម​ប្រើ​ប្រាស់​សាក​ល្បង​សេវា​អ៊ីនធើណិត​ពី​ផ្កាយ​រណប​ Starlink របស់​ខ្លួន​។

    គេហទំព័រ​របស់​ Starlink បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​អំពី​គម្រោង​អ៊ីនធើណិត​របស់​ក្រុម​ហ៊ុន​នេះ​។ អ្នកដែល​ចង់​ប្រើ​ប្រាស់​សាក​ល្បង​ ត្រូវ​បញ្ចូល​អាសយដ្ឋាន​​អ៊ីមេល​និង​លេខ​សម្គាល់​ប្រៃសណីយ៍។ ក្រោយ​មក Starlink នឹង​ផ្ញើ​សារ​ជូន​ដំណឹង​​នៅ​ពេលណា​​ដែល​មាន​កម្មវិធី​ប្រើប្រាស់​សាកល្បង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ដែល​អ្នក​ចង់​ប្រើប្រាស់​បាន​ចុះឈ្មោះ​​ ដោយ​យោង​ទៅ​តាម​លេខ​កូដ​ប្រៃសណីយ៍​។

    យោង​តាម​ខ្លឹម​សារ​​ដែល​លោក Elon Musk បាន​សរសេរ​នៅ​លើ​ទំព័រ​ Twitter កម្មវិធី​សាកល្បង​ប្រើ​អ៊ីនធើណិត​ដំបូង​គេ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ក្នុង​បណ្ដា​តំបន់ដែលស្ថិត​ក្នុង​​​រយៈ​ទទឹង​ខ្ពស់​ ដូច​ជាតំបន់​ Seattle នៅ​សហរដ្ឋ​អាមេរិក​ និង​នៅប្រទេស​អាល្លឺម៉ង់​ជា​ដើម​។

    បច្ចុប្បន្ន​ ផ្កាយ​រណប​ប្រមាណជា​500​របស់​ក្រុម​ហ៊ុន​ SpaceX កំពុង​ហោះ​ហើរ​ជុំវិញ​ផែនដី​។ SpaceX មាន​បំណង​ប្រើ​ប្រាស់​ផ្កាយ​រណប​របស់ខ្លួន​ធ្វើ​ជា​ស្ពាន​ដើម្បី​លុប​បំបាត់​ “ភាព​អយុត្តិ​ធម៌​” នៅ​ក្នុង​ការ​ប្រើប្រាស់​ព័ត៌មាន​វិទ្យា​និង​ទូរគមនាគមន៍​រវាង​តំបន់​នានា​ក្នុង​ពិភពលោក​។ ពាក់កណ្ដាល​នៃ​ពិភពលោក​នា​បច្ចុប្បន្ន​ (ភាគ​ច្រើន​គឺ​នៅ​តំបន់​ជនបទ និង​អ្នក​ក្រីក្រ​) នៅ​តែ​មិន​អាច​ប្រើ​ប្រាស់​អ៊ីនធើណិត​ ឬ​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​សេវា​អ៊ីនធើណិត​កម្រិត​ខ្សោយ​តែ​តម្លៃ​ខ្ពស់​។

    ដំណើរ​ល្អ​!​ Elon Musk​ អញ្ជើញ​អ្នក​​គ្រប់​គ្នា​ឱ្យ​ចូល​រួម​​​ប្រើ​ប្រាស់​សាកល្បង​អ៊ីនធើណិត​​ពី​ផ្កាយ​រណប​
    គេហទំព័រ​របស់​ Starlink បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​អំពី​គម្រោង​អ៊ីនធើណិត​របស់​ក្រុម​ហ៊ុន​នេះ​។

    តាមគម្រោង​ ក្រុម​ហ៊ុន​នេះ​នឹង​ចាប់​ផ្ដើម​សាកល្បង​សេវា​អ៊ីនធើណិត​ផ្កាយ​រណប​នៅក្នុង​រដូវ​ក្ដៅឆ្នាំ​នេះ​ ហើយ​នឹង​ធ្វើ​ពាណិជ្ជកម្ម​​នៅ​អាមេរិក​ខាង​ជើង​ចាប់​ពី​ចុង​ឆ្នាំ​2020​។ គោល​ដៅចុង​ក្រោយ​របស់​លោក Elon Musk គឺ​ការ​ផ្គត់​ផ្គង់​អ៊ីនធើណិត​នៅ​ទូទាំង​ពិភពលោក​នា​ឆ្នាំ​2021​។

    គោល​ដៅ​ដំបូង​របស់​ Starlink គឺ​ការ​ផ្គត់​ផ្គង់​សេវា​កម្ម​​សម្រាប់​តំបន់​ដែល​មាន​សេវា​អ៊ីនធើណិត​ខ្សោយ​។ ប៉ុន្តែ លោក Musk ក៏បាន​រៀប​ចំ​គម្រោង​សម្រាប់​ផ្ដល់​សេវាអ៊ីនធើណិត​តម្លៃ​ទាប​នៅក្នុង​តំបន់​ទីក្រុង​ផងដែរ​។ លោក Musk ឱ្យ​ដឹង​ថា អ៊ីនធើណិត​ផ្កាយ​រណប​នេះ​នឹង​មាន​ល្បឿន​1Gb/វិនាទី​ ជាមួយ​នឹង​ latency (ភាព​យឺត​នៃ​ល្បឿន​អ៊ីនធើណិត​) ប្រមាណ​ជា​30​មីលីវិនាទី​។ ល្បឿន​នេះ​គ្រប់​គ្រាន់​សម្រាប់​ការ​លេង​ហ្គេម​វីដេអូកម្រិត​ខ្ពស់​ ដែល​នេះ​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​ថ្នាល​អ៊ីនធើណិត​បុរាណ​នាបច្ចុប្បន្ន​។ ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប សូម​​​ពិនិត្យ​មើល​ទៅ​លើ​ល្បឿន​​​អ៊ីនធើណិត​ប្រភេទ​​​លឿន (broadband) នៅ​អង់គ្លេស​៖ ជាមធ្យម​វា​មាន​ល្បឿន​ត្រឹមតែ​​ 64Mb/វិនាទី​តែប៉ុណ្ណោះ។

    ដំណើង​ល្អ​!​ Elon Musk​ អញ្ជើញ​អ្នក​​គ្រប់​គ្នា​ប្រើ​ប្រាស់​សាកល្បង​អ៊ីនធើណិត​​ពី​ផ្កាយ​រណប​គូប្រជែង​​ជា​ច្រើន​របស់​ SpaceX ក៏​កំពុង​តែ​មានគម្រោង​បញ្ចេញ​ប្រព័ន្ធ​ផ្កាយ​រណប​ដែល​​​ហោះ​ហើរ​​លើ​គន្លង​គោចរ​កម្រិត​ទាប​ ដូច​ជា OneWeb, Amazon, Facebook, Space Norway និង​ Telesat ជា​ដើម​។ ជាង​នេះ លោក​ Musk ថែម​ទាំង​បាន​ស្នើ​ផ្ដល់​សេវា​កម្ម​បាញ់បង្ហោះ​ផ្កាយ​រណប​របស់​គូប្រជែង​ទាំង​នេះ​ ឡើង​ទៅ​កាន់​គន្លង​គោចរ​ទៀត​ផង៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • (វីដេអូ) ហេតុអ្វីមនុស្សយើង​តែង​តែ​ហៀរសម្បោរពេលហូបអាហារហឹរ?

    (វីដេអូ) ហេតុអ្វីមនុស្សយើង​តែង​តែ​ហៀរសម្បោរពេលហូបអាហារហឹរ?

    អាហារដែលមានរសជាតិហឹរបង្កើតឱ្យមានប្រតិកម្មតបតពីភ្នាសនៅខាងក្នុងរន្ធច្រមុះ ធ្វើឱ្យភ្នាសនេះបញ្ចេញទឹកសម្បោរមកខាងក្រៅច្រើនជាងធម្មតាដើម្បីការពារកោសិកានានាពីសារជាតិក្ដៅហឹរទាំងនោះ។

    ច្រមុះរបស់មនុស្សមានរោមតូចៗជាច្រើន និងមានធាតុរាវនិងស្អិតៗមួយប្រភេទដែលត្រូវបានហៅថាទឹករម្អិល។

    “តើខ្ញុំអាចប្រើប្រាស់ធាតុរាវស្អិតនេះដើម្បីប៉ះភ្ជាប់ដបដែលប្រេះបែកបានដែរឬទេ?”…

    “វាគួរឱ្យខ្ពើមរអើមណាស់! កុំធ្វើបែបនេះ។ សូមមេត្តាស្ដាប់បន្តទៀត!”…

    នៅក្នុងពេលដកដង្ហើម រោមច្រមុះ និងទឹករម្អិលនេះ រួមដៃគ្នា “ចាប់យក” ធូលីនិងសារធាតុអាក្រក់ៗមិនឱ្យពួកវាចូលជ្រៅទៅក្នុងរាងកាយ។

    អាហារដែលមានជាតិហឹរ មានដូចជាម្ទេស ម្រេច និងអាហារផ្សេងមួយចំនួនទៀត មានផ្ទុកសារជាតិ capsaicin និង allyl isothiocyanate។

    នៅពេលហូបអាហារទាំងនេះ សារជាតិ capsaicin និង allyl isothiocyanate ក៏ធ្វើដំណើរឆ្លងកាត់បំពងក និងទៅដល់ច្រមុះ។ នៅទីនេះ សារជាតិ capsaicin និង allyl isothiocyanate រំញោចទៅលើកោសិកា receptor ដែលជាអ្នកទទួលនិងបញ្ជូនសញ្ញាទាក់ទិននឹងកម្ដៅឬហឹរ ធ្វើឱ្យភ្នាសក្នុងច្រមុះបញ្ចេញប្រតិកម្ម។

    ដើម្បីការពារកោសិកាពីសារជាតិហឹរ ឬក្ដៅ ដែលបង្កឡើងដោយ capsaicin និង allyl isothiocyanate ភ្នាសក្នុងច្រមុះក៏បញ្ចេញទឹករម្អិលមកក្រៅច្រើនជាងធម្មតា ក្នុងបំណងបណ្ដេញឬលាងជម្រះសារជាតិអាក្រក់ទាំងនេះ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • លោក ត្រាំ ប្រកាសដាច់ខាត មិនអនុញ្ញាតឱ្យក្រុមបាតុករកាន់កាន់ទីក្រុង បង្កើត “តំបន់គ្រប់គ្រងខ្លួនឯង” ក្នុងក្រុងវ៉ាស៊ីនតោនឡើយ!

    លោក ត្រាំ ប្រកាសដាច់ខាត មិនអនុញ្ញាតឱ្យក្រុមបាតុករកាន់កាន់ទីក្រុង បង្កើត “តំបន់គ្រប់គ្រងខ្លួនឯង” ក្នុងក្រុងវ៉ាស៊ីនតោនឡើយ!

    លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារ(ទី23 មិថុនា) ថា រឿងដែលកើតឡើងនៅស៊ីអ៊ែតថល នឹងគ្មានថ្ងៃកើតឡើងនៅក្នុងទីក្រុងចម្បងរបស់ប្រទេសមួយនេះឡើយ និងមិនអនុញ្ញាតឱ្យមាន “តំបន់គ្រប់គ្រងខ្លួនឯង” ឬតំបន់គ្មានប៉ូលិស នៅក្នុងវ៉ាស៊ីនតោន ឌីស៊ី ដូចករណីដែលក្រុមបាតុករនៅស៊ីអ៊ែតថល បានដណ្ដើមកាន់កាប់ផ្លូវកណ្ដាលក្រុង ធ្វើជាតំបន់គ្រប់គ្រងខ្លួនឯងនោះឡើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Fox news។

    តាំងពីនៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក កើតហេតុការណ៍ពលរដ្ឋអាមេរិកាំង បាននាំគ្នាចេញមកប្រមូលផ្ដុំគ្នាតវ៉ាទាមទារ បង្ហាញការមិនពេញចិត្តចំពោះករណីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ មកនោះ ទោះជាតំបន់ខ្លះ ស្ថានការណ៍ស្ទើរតែលែងឃើញមានហេតុការណ៍តវ៉ាបែបហិង្សាហើយក្ដី តែក៏នៅតែមានរបាយការណ៍នៅក្នុងទីក្រុងមួយចំនួន ដែលនៅតែមានក្រុមបាតុករប្រមូលផ្ដុំគ្នា និងអាជ្ញាធរក្នុងតំបន់នៅតែមិនអាចចូលទៅគ្រប់គ្រងស្ថានការណ៍បាននៅឡើយ។

    កាលពីថ្ងៃចន្ទ (ទី22 មិថុនា) ក្រុមអ្នកតវ៉ា បានបិទឃាំងតំបន់មួយ ដែលពួកគេហៅថា “តំបន់គ្រប់គ្រងខ្លួនឯងវិមានខ្មៅ” ឬ “BHAZ” នៅក្បែរសេតវិមាន និងព្យាយាមផ្ដួលរំលំរូបសំណាកលោក អ៊ែនឌ្រូវ៍ ជែកសុន ប្រធានាធិបតី ទី7 នៃសហរដ្ឋអាមេរិក ដែលស្ថិតនៅក្នុងសួនច្បារសាធារណៈ ឡា ហ្វាយិតត៍។

    អតីតប្រធានាធិបតី ជែកសុន ដែលមានរូបនៅលើប្រដាសប្រាក់ 20ដុល្លាររបស់សហរដ្ឋអាមេរិក បានក្លាយជាគោលដៅនៃការតវ៉ាទាមទារក្នុងគ្រានេះ ដោយសារតែមានគោលនយោបាយបំផ្លាស់ទីជនជាតិដើមអាមេរិកាំង ចេញពីដែនដីបុព្វបុរសរបស់ពួកគេ។

    សកម្មភាពនេះ ស្រដៀងនឹងករណីនៅឯទីក្រុងស៊ីអ៊ែតថល ដែលមានក្រុមបាតុករ ចូលដណ្ដើមកាន់កាប់ទីតាំងសាលាក្រុង និងតំបន់ក្បែៗនោះ ដែលស្ថិតនៅកណ្ដាលទីក្រុង ដើម្បីធ្វើសកម្មភាពផ្សេងៗ និងបានប្រកាសខ្លួនជា តំបន់គ្រប់គ្រងខ្លួនឯង(Capitol Hill Autonomous Zone) ឬ CHAZ តាំងពីជាង2សប្ដាហ៍មុន។

    យ៉ាងណាក្ដី អាជ្ញាធររបស់ទីក្រុង បានប្រកាសកាលពីថ្ងៃចន្ទ (ទី22មិថុនា) ថា នឹងប្រើវិធានការផ្សេងៗដើម្បីចូលទៅរុះរើទីតាំងគ្មានប៉ូលិសនេះចោល ក្រោយកើតហេតុការណ៍បាញ់សម្លាប់គ្នា និងអំពើហិង្សាផ្សេងៗជាច្រើនដងនៅក្នុងតំបន់នោះ។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរ នៅព្រឹកថ្ងៃអង្គារ(ទី23មិថុនា) ថា “នឹងគ្មានតំបន់គ្រប់គ្រងខ្លួនឯងនៅក្នុងវ៉ាស៊ីនតោន ឌីស៊ី ជាដាច់ខាត ដរាបណាដែលខ្ញុំនៅតែជាប្រធានាធិបតី! បើពួកគេនៅតែព្យាយាម ពួកគេនឹងត្រូវជួបនឹងការប្រើកម្លាំងយ៉ាងខ្លាំងក្លា!!”។

    ទាំងអស់នេះ លោកត្រាំ នៅបានព្រមានទៅដល់ក្រុមបាតុករដែលកំពុងបង្កការខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋថា នឹងត្រូវចាប់ខ្លួន ឬមិនទេក៏ជាប់គុក ព្រមទាំងបានរិះគន់ ពួកអភិបាលរដ្ឋផ្សេងៗថា មិនបានដំណើរការយ៉ាងធ្ងន់ធ្ងរគ្រប់គ្រាន់ ទៅលើពួកដែលមានចេតនាបំផ្លាញអនុស្សាវរីយ៍ខាងប្រវត្តិសាស្ត្រទាំងឡាយ ដោយលោកបាននិយាយថា “រដ្ឋជាច្រើនទន់ជ្រាយ មនុស្សជាច្រើនទន់ជ្រាយ ហើយពួកគេបណ្ដោយឱ្យវាកើតឡើង”

    លោកត្រាំ ថែមទាំងបាននិយាយដល់ពួកដែលដើរប្រមាញ់ស្ដូបអនុស្សាវរីយ៍ទាំងឡាយ ដែលជាប្រធានបទក្នុងការជជែកគ្នាផ្សេងៗទាំងនោះថា “ពួកគេជាមនុស្សអាក្រក់ ពួកគេមិនស្រឡាញ់ប្រទេសរបស់យើងទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្នុងចំណោម​មនុស្ស​1លាន​នាក់​គឺមាន​1,200​នាក់​ត្រូវ​ឆ្លង​COVID-19! អ្នក​ស្លាប់​បាន​កើន​ដល់​ជិត​កន្លះ​លាន​​នាក់​

    ក្នុងចំណោម​មនុស្ស​1លាន​នាក់​គឺមាន​1,200​នាក់​ត្រូវ​ឆ្លង​COVID-19! អ្នក​ស្លាប់​បាន​កើន​ដល់​ជិត​កន្លះ​លាន​​នាក់​

    អត្រា​នៃ​ការ​ឆ្លង​វីរុស​COVID-19​បាន​កើន​ដល់​1200​នាក់​ក្នុង​ចំណោម​មនុស្ស​1លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ខណៈ​ដែល​អ្នក​​ជំងឺ​COVID-19សរុប​ បាន​ឡើង​ដល់​​ជាង​9.3​លាន​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221ក្នុង​សកល​លោក​ បាន​រាយ​ការណ៍​ថា​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ចំនួន​9,334,732​នាក់​ និង​អ្នក​ស្លាប់​សរុប​478,747​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​163,819​នាក់​ និង​អ្នក​ស្លាប់​5,470​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជាសះស្បើយ​ក៏បាន​កើន​ឡើង​ដល់​5,014,146​នាក់​។

    ប្រទេស​​ដែល​មាន​អ្នកជំងឺ​COVID-19លើស​ពី 1,000,000​នាក់​ គឺ​មាន​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ប្រេស៊ីល​។

    គិត​មក​ដល់​បច្ចុប្បន្ន​ បើ​យោង​តាម​តួលេខ​ខាង​លើ រួម​ជាមួយ​នឹង​​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក​ គេ​ឃើញ​ថា​អត្រា​នៃ​ការ​ឆ្លង​​វីរុស​COVID-19 បាន​កើន​ឡើង​ដល់​1,200​នាក់​ ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​1,000,000​នាក់​គឺ​មាន​1,200​នាក់​ត្រូវ​ឆ្លង​​​មេរោគ​បង្ក​ជំងឹ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។ ចំណែកអត្រា​នៃ​ការស្លាប់​ដោយ​សារ​COVID-19 ក៏​បាន​កើន​ដល់​61​នាក់​នៅក្នុង​ចំណោម​មនុស្ស​1,000,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • Kim Jong-un ចេញ​បទបញ្ជា​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ខណៈ​កូរ៉េទាំង​ពីរ​កំពុង​មានបញ្ហា​​តាន​តឹង​

    Kim Jong-un ចេញ​បទបញ្ជា​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ខណៈ​កូរ៉េទាំង​ពីរ​កំពុង​មានបញ្ហា​​តាន​តឹង​

    មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក​ Kim Jong-un បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​យោធា​កូរ៉េខាង​ជើង​ ហើយ​បាន​សម្រេច​ឱ្យ​ផ្អាក​ផែន​ការ​ធ្វើ​សកម្ម​ភាព​យោធា​ប្រឆាំង​កូរ៉េខាង​ត្បូង​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ KCNA បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​បឋម​របស់​ក្រុម​ប្រឹក្សាភិបាល​យោធា​មជ្ឈឹម​នៃ​បក្ស​ពលករ​កូរ៉េខាង​ជើង​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃទី​23​មិថុនា​​ក្រោម​​រូប​ភាព​អនឡាញ​។ KCNA ចេញផ្សាយ​ថា សេចក្ដី​លម្អិត​នឹង​ត្រូវ​បានសម្រេច​នៅក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សាភិបាល​យោធាមជ្ឈិម​ “នា​ពេល​ដ៏ខ្លី​ខាងមុខ”។

    “នៅក្នុង​កិច្ច​ប្រជុំ​បឋម ក្រុម​ប្រឹក្សាភិបាល​យោធា​បក្ស​ពល​ករ​កូរ៉េខាង​ជើង​ ក្ដាប់​បាន​ស្ថាន​ករណ៍​បច្ចុប្បន្ន​ និង​បាន​ផ្អាកផែន​ការ​ធ្វើ​សកម្ម​ភាព​យោធា​ប្រឆាំង​កូរ៉េខាង​ត្បូង​” នេះ​បើ​តាម​ KCNA។

    KCNA បន្តថា៖ “កិច្ច​ប្រជុំ​នេះ​បាន​ពិនិត្យ​ទៅ​លើ​របៀប​វារៈ​​ក្នុង​គោលនយោបាយ​យោធា​ដែលត្រូវ​លើក​ឡើង​នៅ​​មុន​កិច្ច​ប្រជុំ​លើក​ទី​5​របស់​ក្រុម​ប្រឹក្សាភិបាល​យោធា​មជ្ឈិម​​នៃ​សម័យ​ប្រជុំ​លើក​ទី7 រួម​នឹង​​ការ​​ពិនិត្យ​របាយការណ៍​​​និង​​សេចក្ដី​សម្រេច​នានា​ដែល​នឹង​ត្រូវ​ដាក់​​ជូន​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​5​ រួម​ទាំង​ពិនិត្យ​លើ​ឯកសារ​មួយ​ចំនួន​ស្ដីអំពី​ការ​លើក​កម្ពស់​ការ​កំញើញ​របស់​កូរ៉េខាង​ជើង​”។

    លោក​ Kim Jong-un និង​លោក​ស្រី​ Kim Yo-jong

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​គ្រា​ដែល​ទំនាក់​ទំនង​រវាង​កូរ៉េខាង​ត្បូង​និង​កូរ៉េខាង​ជើង​កំពុង​មាន​ភាព​តានតឹង​។ បន្ទាប់​ពី​​បាន​ចោទ​ប្រកាន់​ថា​ កូរ៉ខាង​ត្បូង​​មិន​បាន​ហាម​ឃាត់​ក្រុម​មនុស្ស​​​រត់​ចោល​ស្រុក​​ពង្រាយ​ខិត្ត​ប័ណ្ណ​ចូល​ទឹក​ដី​​កូរ៉េខាង​ជើង​ ទីក្រុង​ព្យុង​យ៉ាង​ក៏បាន​ប្រកាស​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ទីក្រុង​សេអ៊ូល​។

    កាល​ពី​សប្ដាហ៍​មុន​ កូរ៉េខាង​ជើង​បាន​បំផ្ទុះ​គ្រាប់​បែក​កម្ទេច​អគារ​ការិយាល័យ​ទំនាក់​ទំនង​រួម​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​នៅ​ព្រំ​ដែន​នៃប្រទេស​ទាំង​ពីរ​ និង​បាន​បញ្ជូន​ទាហាន​មក​កាន់​តំបន់​គ្មាន​យោធា​។ កង​ទ័ព​កូរ៉េខាង​ជើង​ក៏​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​​បំពង​សំឡេង​ឡើង​វិញ​​នៅ​ក្បែរ​តំបន់​គ្មាន​យោធា ព្រម​ទាំង​បាន​ប្រកាស​អំពី​ផែនការ​បង្ហោះ​ខិត្តប័ណ្ណ​ចំនួន​12​លាន​សន្លឹក​ចូល​ទៅកាន់​ទឹក​ដី​កូរ៉េខាង​ត្បូង​ផងដែរ​។

    Kim Jong-un ចេញ​បទបញ្ជា​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ខណៈ​កូរ៉េទាំង​ពីរ​កំពុង​មានបញ្ហា​​តាន​តឹង​
    លោក​ស្រី Kim Yo-jong

    ប្អូន​ស្រី​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង លោកស្រី​ Kim Yo-jong ដែល​ជា​អ្នក​កាន់កាប់​តំណែង​ជាន់​ខ្ពស់​ក្នុង​បក្ស​ពលករ​កូរ៉េខាង​ជើង​ បាន​ព្រមាន​ថា​ អាច​នឹង​មាន​ការ​ប្រឆាំង​កូរ៉េខាង​ត្បូង​ដោយ​សកម្មភាព​យោធា​។ កង​ទ័ព​កូរ៉េខាង​ជើង​ ក្រោយ​មក​ក៏​បាន​ប្រកាស​ថា កំពុង​ពិនិត្យ​ទៅលើ​ “ផែន​ការ​សកម្ម​ភាព​” និង​ធ្វើ​ឱ្យ​ព្រំដែន​ជួរ​មុខ​ក្លាយ​ជា​ “បន្ទាយ​ទាហាន​”៕

    ប្រភព៖ Reuters

  • អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “អាច​មិន​ទាន់​ដួល​រលំ”

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “អាច​មិន​ទាន់​ដួល​រលំ”

    រូប​ភាព​បាន​ពី​ផ្កាយ​រណបបង្ហាញ​ថា ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ត្រូវ​រង​ការ​ខូច​ខាត ប៉ុន្តែ​នៅ​តែ​ឈរ​ត្រង់​នៅ​ឡើយ ដែល​នេះ​គឺខុស​គ្នា​ដាច់​ស្រលះ​ទៅ​នឹង​រូប​ភាព​ដែល​បាន​មក​ពី​កូរ៉េខាង​ជើង​។

    បណ្ដា​រូប​ភាព​ដែល​បាន​មក​ពី​​ផ្កាយ​រណប​ពាណិជ្ជ​កម្ម​ដែល​ថត​ទៅ​លើ​តំបន់​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េខាង​ខាង​ជើង​និង​កូរ៉េខាង​ត្បូង​នៅ​ទីក្រុង​ Kaesong ក្នុង​តំបន់​ក្បែរ​ព្រំ​ដែនកូរ៉េខាង​ជើង​កាល​ពី​ថ្ងៃទី​22​មិថុនា​បាន​បង្ហាញ​ថា អគារ​កម្ពស់​4​ជាន់​នេះ​នៅឈរ​ត្រង់​ដូច​ដើម​ ប៉ុន្តែ​ត្រូវ​រង​ការ​ខូច​ខាត​ច្រើន​។

    កូរ៉េខាង​ជើង​ កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ចេញ​រូប​ភាព​ស្ដីអំពី​គំនរ​បាក់​បែក​នៅកន្លែង​កើត​ហេតុ​មួយ​ដែល​បង្ហាញ​ថា​ អគារ​នេះ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​។

    ក្រុម​អ្នក​វិភាគ​នៅ​ 38 North ជា​កន្លែង​តាម​ដាន​ស្ថាន​ការណ៍​នៅ​កូរ៉េខាង​ជើង​ កាលពី​សប្ដាហ៍​កន្លង​ទៅ​បាន​បញ្ចេញ​មតិ​ថា “ជាក់​ស្ដែង​ នេះ​មិន​មែនជា​ការ​បំផ្ទុះ​ដែលមាន​ការ​​គ្រប់​គ្រង​នោះ​ទេ​ ព្រោះ​ថា​ អគារ​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​ដួល​រលំ​រាប​ដល់​ដី​ និង​បង្កការ​ខូច​ខាត​ដល់​អគារ​នៅ​ក្បែរ​ខាង​”។ នៅក្នុង​រូប​ភាព​ដែល​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​កូរ៉េខាង​ជើង​ក៏​ឃើញ​មាន​អគារ​មជ្ឈមណ្ឌល​​គាំពារ​មួយ​ដែល​មាន​កម្ពស់​ច្រើន​ជាន់នៅ​ពី​ខាង​ក្រោយ​អគារ​ការិយល័យ​ទំនាក់​ទំនង​ ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​​ផងដែរ​។

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
    ទិដ្ឋ​ភាព​អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “មុន​” ការ​បំផ្ទុះ​គ្រាប់​បែក

    កាល​ពី​ថ្ងៃទី16​មិថុនា​កន្លង​ទៅ​ ការិយាល័យ​ទំនាក់​ទំនង​រួម​រវាង​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​ត្រូវ​បាន​បំផ្ទុះ​ឱ្យ​ដួល​រលំ​ បន្ទាប់​ពី​កូរ៉េខាង​ជើង​បាន​បន្ទោស​ជា​ច្រើន​លើក​ទៅ​លើ​កូរ៉េខាង​ត្បូង​ថា មិន​បាន​ទប់​ស្កាត់​សកម្ម​ភាព​បាច់​ខិត្ត​ប័ណ្ណចូល​ទឹក​ដី​កូរ៉េខាង​ជើង​។ ក្រោយ​មក កូរ៉េខាង​ជើង​ក៏បាន​ប្រកាស​ថា ការ​បំផ្លាញ​ការិយាល័យ​នេះ​គឺគ្រាន់​តែ​ជា​ “ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ” ហើយ​ភាព​តាន​តឹង​នឹង​កើន​ឡើង​ “ហួស​ពី​ការ​ស្មាន​”។

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េទាំង​ពីរ​ “ក្រោយ​” ការ​បំផ្ទុះ​គ្រាប់​បែក

    ភាគីកូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា កូរ៉េខាង​ជើង​បាន​ចាប់​ផ្ដើម​ដាក់​ប្រដាប់​បំពង​សំឡេង​នៅ​ក្បែរ​តំបន់គ្មាន​យោធា​​ (DMZ)។ ប្រព័ន្ធ​បំពងសំឡេង​ទាំង​នេះ​ធ្លាប់​ត្រូវ​បាន​ដក​ចេញ​រួច​មក​ហើយ​បន្ទាប់​ពី​កូរ៉េ​​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​2018​ ដើម្បី​កាត់​បន្ថយ​ “សកម្ម​ភាព​បង្កជម្លោះ​ទាំង​ស្រុង​”។

    មន្ត្រី​យោធាកូរ៉េខាង​ត្បូង​ម្នាក់​បាន​ថ្លែងថា “យើង​ក៏កំពុង​តែ​ពិចារណា​ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រដាប់​បំពង​សំឡេង​របស់​យើង​។ ប៉ុន្តែ​កូរ៉េខាង​ជើង​មិន​ទាន់​ចាប់​ផ្ដើម​ឃោសនា​តាម​ប្រព័ន្ធ​បំពង​សំឡេង​ទាំង​នោះ​នៅ​ឡើយ​។ ចំណែក​យើង​ខ្ញុំ​វិញ​គឺ​បាន​ត្រៀម​រួច​រាល់​ហើយសម្រាប់​ការ​ឆ្លើយ​តប​”។

    អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ "អាច​មិន​ទាន់​ដួល​រលំ"
    រូប​ភាព​​អគារ​ការិយាល័យ​ទំនាក់​ទំនង​រវាង​​កូរ៉េ​ទាំង​ពីរ​ដែល​ត្រូវ​បាន​កូរ៉េខាង​ជើង​អះអាង​ថា ត្រូវ​បាន​កម្ទេច​ចោល​ទាំង​ស្រុង

    អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េខាង​ត្បូង​មិន​ទាន់​ញ្ចេញ​មតិ​ជុំវិញ​សកម្ម​ភាព​របស់​កូរ៉េខាង​ជើង​នៅ​ឡើយដែរ​ ប៉ុន្តែ​បាន​រំឭក​ថា កូរ៉េខាង​ជើង​នឹង​ទទួល​រង​ផល​អាក្រក់​បើ​សិន​នៅ​តែ​បន្តសកម្ម​ភាព​ខាង​លើ​ ដោយ​មិន​អើពើ​ដល់​កិច្ច​ប្រឹង​ប្រែងរួម​​ក្នុងការ​ជំរុញ​ឱ្យ​មាន​សន្តិ​ភាព​ពេញ​លេញ៕

    ប្រភព៖ Reuters

  • កូរ៉េខាងជើង ប្រកាសផែនការសងសឹកកូរ៉េខាងត្បូង ដោយការរោយខិត្តប័ណ្ណឃោសនា 12លានសន្លឹក តាមរយៈប៉ោងប៉ោង 3ពាន់គ្រាប់

    កូរ៉េខាងជើង ប្រកាសផែនការសងសឹកកូរ៉េខាងត្បូង ដោយការរោយខិត្តប័ណ្ណឃោសនា 12លានសន្លឹក តាមរយៈប៉ោងប៉ោង 3ពាន់គ្រាប់

    សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានប្រកាសព័ត៌មានថា ជិតដល់ពេលសងសឹកហើយ ដោយខ្លួននឹងត្រៀមបញ្ជូនខិត្តប័ណ្ណឃោសនា ទៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន 12លានសន្លឹក តាមរយៈប៉ោងប៉ោងចំនួន 3ពាន់ប៉ោងប៉ោង។

    កូរ៉េខាងជើង បានអះអាងលើពាក្យគំរាមរបស់ខ្លួនដែលថា នឹងបញ្ជូនខិត្តប័ណ្ណឃោសនានយោបាយ ទៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីឆ្លើយតបនឹងអ្វីដែលខាងកូរ៉េខាងត្បូង មិនអាចរារាំងជនជាតិកូរ៉េខាងជើងដែលភៀសខ្លួនចូលទៅ និងសកម្មជននយោបាយមិនឱ្យបញ្ជូនខិត្តប័ណ្ណប្រឆាំងរបបក្រុងព្យុងយ៉ាងចូលទៅក្នុងប្រទេសរបស់ខ្លួនបាន ទាំងដែលរឿងទាំងនេះ ជាកិច្ចការហាមឃាត់នៅក្នុងកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូល នាឆ្នាំ2018។

    ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង(KCNA) បានរាយការណ៍ថា កូរ៉េខាងជើងនឹងបញ្ជូនខិត្តប័ណ្ណចំនួន 12លានសន្លឹក ដែលឆ្លុះបញ្ចាំងពីកំហឹង និងការស្អប់ខ្ពើមរបស់ប្រជាជនគ្រប់ភេទ គ្រប់វ័យ… “ឧបករណ៍ និងវិធីការបញ្ជូនខិត្តប័ណ្ណ ដែលរួមទាំងប៉ោងប៉ោងចំនួនជាង 3ពាន់គ្រប់ ច្រើនប្រភេទ ដែលអាចចែកចាយខិត្តប័ណ្ណចូលជ្រៅទៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ បានត្រៀមរួចរាល់អស់ហើយ ចំណែកពេលវេលាកាត់ទោសសងសឹក ក៏កំពុងតែជិតចូលមកដល់ដែរ”។ តែរបាយការណ៍នោះ មិនបានបញ្ជាក់ថា កូរ៉េខាងជើងនឹងចាប់ផ្ដើមរោយខិត្តប័ណ្ណនៅពេលណាឡើយ តែអ្នកសង្កេតការណ៍ជឿថា ប្រហែលជាក្នុងអំឡុងពេលប៉ុន្មានថ្ងៃទៀត ឬអាចនឹងនៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃគម្រប់ខួប 70ឆ្នាំ នៃសង្គ្រាមកូរ៉េ។

    កូរ៉េខាងជើង ប្រកាសផែនការសងសឹកកូរ៉េខាងត្បូង ដោយការរោយខិត្តប័ណ្ណឃោសនា 12លានសន្លឹក តាមរយៈប៉ោងប៉ោង 3ពាន់គ្រាប់កាលពីថ្ងៃសៅរ៍(ទី20មិថុនា) ក្រសួងរួបរួមជាតិកូរ៉េខាងត្បូង បានទាមទារឱ្យកូរ៉េខាងជើងបញ្ឈប់ផែនការបញ្ជូនខិត្តប័ណ្ណឃោសនានេះ ដោយបានបញ្ជាក់ថា វាជាការល្មើសកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូលកាលពី 2ឆ្នាំមុន តែ ទីស្នាក់ការរួបរួមកូរ៉េខាងជើង ដែលទទួលខុសត្រូវសម្ព័ន្ធភាពរវាងប្រទេសទាំង2 បានបដិសេធថា កិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូលនោះ គឺជាឯកសារដែលលែងមានវិញ្ញាណបាត់ទៅហើយ និងសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ថែមទាំងបានបង្ហាញគំរូរបស់ខិត្តប័ណ្ណ ដែលបង្ហាញពីរូបភាពផ្ទៃមុខរបស់លោកប្រធានាធិបតី មូន ជេអ៊ីន ជាមួយនឹងពាក្យស្ដីបន្ទោស ចោទប្រកាន់ និងកម្ទេចបារីទៀតផង។

    កូរ៉េខាងជើង បានត្រឡប់មកហៅកូរ៉េខាងត្បូងថា ជាសត្រូវវិញ និងកាត់ផ្ដាច់ទំនាក់ទំនងឆ្លងព្រំដែន ដោយ​សារ​តែមិនពេញចិត្តរឿងខិត្តប័ណ្ណ ហើយកាលសប្ដាហ៍កន្លងទៅ ក៏ទើបតែបំផ្ទុះទីស្នាក់ការទំនាក់ទំនងរួមនៅក្នុងទីក្រុង កែសុង ដែលបានបើកសម្ពោធប្រើប្រាស់បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពី 2ឆ្នាំមុន ដែលទោះជារដ្ឋបាលកូរ៉េខាងត្បូងខំព្យាយាមជំរុញច្បាប់ហាមបញ្ជូនខិត្តប័ណ្ណចូលទៅក្នុងកូរ៉េខាងជើងទៀត និងបានប្ដឹងពីបទអាជ្ញាទៅលើក្រុមជនកូរ៉េខាងជើងដែលភៀសខ្លួនទៅនៅកូរ៉េខាងត្បូង 2ក្រុមដែលបានធ្វើកិច្ចការនេះក៏ដោយ តែក្រុងព្យុងយ៉ាង ប្រាប់ថា ហួសពេលហើយ…៕

    ប្រភព៖ សារព័ត៌មានបរទេស