Author: សឿន សំណាង

  • ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ ខណៈ​មាន​បាតុករ​​និង​កុបករ​​ជា​ច្រើន​​នាំ​គ្នា​ដុតអគារ​តុលាការ វាយកម្ទេច​ការិយាល័យ​ប៉ូលិស និង​បាញ់​ប្រហារ​សមត្ថកិច្ច​

    ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ ខណៈ​មាន​បាតុករ​​និង​កុបករ​​ជា​ច្រើន​​នាំ​គ្នា​ដុតអគារ​តុលាការ វាយកម្ទេច​ការិយាល័យ​ប៉ូលិស និង​បាញ់​ប្រហារ​សមត្ថកិច្ច​

    ក្រុម​បាតុករ​អាមេរិកាំងដែល​ចេញ​មក​​ប្រឆាំង​នឹង​កម្លាំង​សម្ងាត់​ជាតិ​ បាន​នាំ​ដុត​រថយន្ត​ វាយ​បំផ្លាញ​ការិយាល័យ​ប៉ូលិស​ ឡោម​ព័ន្ធ​អគារ​តុលាការ​ និងវាយ​ប្រហារ​ទៅលើ​សមត្ថកិច្ច​ ​បណ្ដាល​​បាតុករ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ប៉ូលិស​ជា​ច្រើន​រូប​ត្រូវ​រង​របួស​​ ខណៈ​មាន​មនុស្ស​មួយ​ចំនួន​បាន​បាត់បង់​ជីវិត​នៅក្នុង​បាតុកម្ម​ហិង្សា​ជា​ច្រើន​កាល​ពី​ចុង​សប្ដាហ៍​កកន្លង​ទៅ​។

    បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​កងកម្លាំង​ប៉ូលិស​នៅ​ទីក្រុង​ Austin រដ្ឋ Texas កាល​ពី​យប់​ថ្ងៃទី​25​កក្កដា​ បាន​ប្រែ​ក្លាយ​ទៅ​ជា​សោក​នាដកម្ម​នៅ​ពេល​ដែល​មាន​មនុស្ស​ម្នាក់​បើក​រថយន្ត​សម្រុក​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​ និង​បាន​បាញ់​សម្លាប់​បាតុករ​ម្នាក់​ដែល​មាន​ប្រដាប់​អាវុធ​។ នៅក្នុង​វីដេអូ​ដែល​បាន​ផ្សាយ​ផ្ទាល់​លើ​ Facebook​ គេ​ឃើញ​មាន​រថយន្តមួយ​គ្រឿង​បាន​ស៊ីផ្លេជាសញ្ញា​​ ខណៈ​មានសំឡេង​កាំ​ភ្លើង​ផ្ទុះ​ឡើង​ នាំ​ឱ្យ​ក្រុម​បាតុករ​ចាប់​ផ្ដើម​នាំ​គ្នា​ស្រែក​ និង​រត់​ខ្ចាត់​ខ្ចាយ​។

    ក្រុម​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្ត​ម្នាក់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​។ ក្រុម​សមត្ថ​កិច្ច​មិនទាន់​កំណាត់​បាន​អត្ត​សញ្ញាណ​របស់បាតុករ​ម្នាក់​ដែល​បាន​បាត់​បង់​ជីវិត​នេះ​នៅ​ឡើយ​ ប៉ុន្តែ​ម្ដាយ​របស់​បុរស​ជា​បាតុករ​នេះ​បាន​ឱ្យ​ដឹង​ថា កូន​របស់​គាត់​ឈ្មោះ​ Garrett Foster។

    នៅ​តំបន់​ជាយ​ក្រុង Aurora ក្នុង​រដ្ឋ Colorado បាតុករម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​ម្នាក់​ និង​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​រង​របួស​។ ប៉ូលិស​មិន​បាន​បង្ហើប​ឱ្យ​ដឹង​លម្អិត​អំពី​ហេតុ​ការណ៍​នេះ​ទេ។ ក្រុម​បាតុករ​នេះ​ក៏​បាន​បង្ក​ការ​ខូច​ខាត​ច្រើន​ដល់​ទីក្រុង​ Aurora ផងដែរ​។

    នៅ​ឯទីក្រុង Seattle កងកម្លាំង​ប៉ូលិស​ត្រូវ​បង្ខំចិត្ត​ដក​ថយ​កាលពី​ព្រឹក​ថ្ងៃទី​26​កក្កដា បន្ទាប់​ពី​មាន​បាតុកម្ម​ធំ​ជា​ច្រើន​នៅក្នុង​ទីប្រជុំ​ជន​ Capitol Hill។ បាតុករ​មួយ​ចំនួន​បាន​រក្សា​វត្តមាន​នៅ​ទីនោះ ប៉ុន្តែ​ភាគ​ច្រើន​បាន​ត្រលប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។

    ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ ខណៈ​មាន​បាតុករ​​និង​កុបករ​​ជា​ច្រើន​​នាំ​គ្នា​ដុតអគារ​តុលាការ វាយកម្ទេច​ការិយាល័យ​ប៉ូលិស និង​បាញ់​ប្រហារ​សមត្ថកិច្ច​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​វេលា​ទៀប​ភ្លឺ​ ស្នង​ការ​ប៉ូលិស​ក្រុង​ Seattle លោក​ស្រី Carmen Best បាន​អំពាវនាវ​ឱ្យ​ក្រុម​បាតុករ​រក្សា​ភាព​អហិង្សា​ ក្រោយពី​ពួកគេ​បាន​គប់​ដុំ​ថ្ម​ ដប​ បាញ់​កាំជ្រួចពណ៌​​ ព្រម​ទាំង​បាន​បាញ់​ប្រហារ​ទៅរក​ក្រុម​ប៉ូលិស​។ ក្នុង​ហេតុ​ការណ៍​នេះ សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច​45​នាក់​ ខណៈ​ភាគី​ខាង​ប៉ូលិស​មាន​មន្ត្រី​21​នាក់​បាន​រង​របួស​។

    ចំណែក​ក្នុង​ទីក្រុង​ Portland នៃ​រដ្ឋ​ Oregon បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​យប់​ថ្ងៃទី​25​កក្កដា​ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើ​ហិង្សា​របស់​ប៉ូលិស និង​វត្តមាន​របស់​កង​កម្លាំង​សម្ងាត់​​ដែល​ប្រធានាធិបតី​ Trump បាន​ដាក់ពង្រាយ​នៅក្នុង​ទីក្រុង​នេះ​។ បាតុករ​ជា​ច្រើន​បាន​នាំ​គ្នា​បំបែក​របង​ជុំវិញ​តុលារ​ការ​​ក្រុង​ ជា​កន្លែង​ដែល​កង​កម្លាំ​ង​ពិសេស​ និង​កង​កម្លាំង​សម្ងាត់​កំពុង​មាន​មុខ​នៅ​ទីនោះ​។

    ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ ខណៈ​មាន​បាតុករ​​និង​កុបករ​​ជា​ច្រើន​​នាំ​គ្នា​ដុតអគារ​តុលាការ វាយកម្ទេច​ការិយាល័យ​ប៉ូលិស និង​បាញ់​ប្រហារ​សមត្ថកិច្ច​ភាគី​ខាង​ប៉ូលិស​បាន​ប្រកាស​ថា នេះ​គឺជា​កុបកម្ម​ និង​បាន​ស្នើ​ឱ្យ​ពួកគេ​ចាក​ចេញ​ពី​តំបន់​ជុំ​វិញ​តុលារការ​ចាប់​ពី​វេលា​ទៀប​ភ្លឺ​ក្នុង​ថ្ងៃទី​26​កក្កដា​ មិនដូច្នោះ​ទេ​ នឹង​ត្រូវ​ចាប់​ខ្លួន​។ ប្រហែល​20​នាទី​ក្រោយ​ កម្លាំង​សម្ងាត់​ និង​ប៉ូលិស​បាន​ប្រើ​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​បាតុករ​ ក៏ប៉ុន្តែ​បាតុករ​នៅ​តែ​បង្ហាញ​វត្តមាន​ក្រោយ​ម៉ោង​2​និង​30​នាទី​។ ការ​ចាប់​ខ្លួន​ជា​ច្រើន​ករណី​ត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា បាតុករ​ប៉ុន្មាន​នាក់​ត្រូវ​ចាប់​ខ្លួន​នៅឡើយ​។

    ហ្វូង​បាតុករ​នៅ​ក្នុង​ទីក្រុង​ Oakland រដ្ឋ​ California បាន​ដុត​​អគារ​តុលាការ​ កម្ទេច​​ការិយាល័យ​ប៉ូលិស​ វាយ​បំបែក​ទ្វារ​ គូរ​រូប​ភាព​ graffiti និង​បាញ់​ភ្លើង​ឡាសែរ​សំដៅ​រក​ក្រុម​ប៉ូលិស ក្រោយ​ពី​បាតុកម្ម​អហិង្សា​កាល​ពីថ្ងៃទី​25​កក្កដា​បាន​ក្លាយ​ជា​កុបកម្ម​។

    ចំណែក​ឯ​ទីក្រុង​ Richmond នៃ​រដ្ឋ Virginia វិញ រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ ខណៈ​ក្រុម​បាតុករ​រាប់​រយ​នាក់​ និង​កងកម្លាំង​ប៉ូលិស​បាន​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពីថ្ងៃទី​25​កក្កដា​។ បាតុករ​យ៉ាង​តិច​6នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ខុស​ច្បាប់​។

    ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​ ខណៈ​មាន​បាតុករ​​និង​កុបករ​​ជា​ច្រើន​​នាំ​គ្នា​ដុតអគារ​តុលាការ វាយកម្ទេច​ការិយាល័យ​ប៉ូលិស និង​បាញ់​ប្រហារ​សមត្ថកិច្ច​នៅ​ទីក្រុង​ Baltimore ក្នុង​រដ្ឋ​ Maryland បាតុករ​រាប់​រយ​នាក់​បាន​បាញ់​ថ្នាំ​ពណ៌​ទៅ​លើ​អគារ​របស់​ការិយាល័យ​ប៉ូលិស​ដើម្បី​ជា​ការ​ប្រឆាំង​តវ៉ា។

    សូម​បញ្ជាក់​ថា បាតុកម្ម​នានា​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ពី​ការ​ស្លាប់​របស់​បុរស​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​​ម្នាក់​ឈ្មោះ George Floyd កាលពី​ថ្ងៃទី​25​ឧសភា​។​ បាតុកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ និង​ការ​ប្រើ​ហិង្សា​របស់​កម្លាំង​ប៉ូលិស​។ George Floyd បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​បាន​យកជង្គង់​សង្កត់​ក​ក្នុង​រយៈ​ពេល​ជិត9​នាទី​ បើ​ទោះ​ជា​បុរស​នេះ​បាន​ស្រែក​អង្វរ​ករ​​ព្រោះ​តែ​មិន​អាច​ដក​ដង្ហើម​បានយ៉ាង​ណា​ក៏ដោយ​​៕

    ប្រភព៖ Politico

  • មាស​ពិភពលោក​ឡើង​ថ្លៃ​ជាង​1,900​ដុល្លារ​ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​9​ឆ្នាំ​

    មាស​ពិភពលោក​ឡើង​ថ្លៃ​ជាង​1,900​ដុល្លារ​ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​9​ឆ្នាំ​

    ភាព​តាន​តឹង​រវាង​អាមេរិកាំង​និង​ចិន​ បាន​រុញ​តម្លៃ​មាស​ឱ្យ​ឡើង​ថ្លៃ​ដល់​1,905​ដុល្លារ​ក្នុង​1​អោន​ ដែល​នេះ​ជា​តម្លៃ​ខ្ពស់​បំផុត​រាប់​ចាប់​ពី​ឆ្នាំ​​2011។

    បញ្ចប់​ការ​ជួញ​ដូរ​ក្នុង​ថ្ងៃទី​24​កក្កដា តម្លៃ​មាស​លក់​ប្រគល់​ដល់​ដៃ​បាន​ឡើង​ថ្លៃ​បន្ថែម​14​ដុល្លារ​​​ ពោល​គឺ​​មាន​តម្លៃ​1,901​ដុល្លារ​ក្នុង​1​អោន​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​មាស​ឡើង​ថ្លៃ​ដល់​កម្រិត​នេះ​​ រាប់​ចាប់​ពី​ឆ្នាំ​2011​។ ក្នុង​ការ​ជួញដូរ​ មាន​ពេល​ខ្លះ​មាស​បាន​ឡើង​ថ្លៃ​ដល់​1,905​ដុល្លារ​ ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែកញ្ញា​ ឆ្នាំ​2011។

    នៅក្នុង​សប្ដាហ៍​នេះ មាស​បាន​ឡើង​ថ្លៃ​បន្ថែម​5​% ខ្ពស់​បំផុត​រាប់​ចាប់​ពី​ខែ​មីនា​2020។ តម្លៃ​មាស​អនគត​កាល​ពី​ម្សិល​មិញ​ក៏​បាន​ហក់​ឡើង​​ដល់​1,900​ដុល្លារ​ផងដែរ​ក្នុង​1​អោន​។

    មាស​គឺជា​ទ្រព្យ​ដែល​ពេញ​និយម​បំផុត​នៅក្នុង​កាលៈ​ទេសៈ​ដែល​សេដ្ឋ​កិច្ច​ និង​សង្គម​ប្រឈម​មុខ​នឹង​បញ្ហា​អស្ថិរ​ភាព​។ តម្លៃ​មាស​ឡើង​ថ្លៃ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បណ្ដាល​មក​ពី​ស្ថាន​ការណ៍​តានតឹង​រវាង​ចិន​និង​អាមេរិកាំង​ដែលកំពុង​តែ​កើន​ឡើង​ខ្លាំង​ ក្នុង​គ្រា​ដែល​សេដ្ឋ​កិច្ច​ពិភពលោក​ជួប​បញ្ហា​វិបត្តិ​ដោយ​សារ​ COVID-19។

    កាល​ពី​ថ្ងៃទី​21​កក្កដា​ សហរដ្ឋ​អាមេរិក​បាន​បញ្ជាឱ្យ​បិទ​ទ្វារ​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston ដោយ​ទុក​ពេល​ឱ្យ​72​ម៉ោង​ដើម្បី​ចាក​ចេញ​ ក្រោម​ហេតុ​ផល​ថា “ដើម្បី​ការ​ពារ​កម្មសិទ្ធិបញ្ញា​ និង​ព័ត៌មាន​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​”។

    មាស​ពិភពលោក​ឡើង​ថ្លៃ​ជាង​1,900​ដុល្លារ​ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​9​ឆ្នាំ​កាល​ពី​ថ្ងៃទី​24​កន្លង​ទៅ ក្រុម​មន្ត្រី​ចិន​ក៏​បាន​បញ្ជាឱ្យ​បិទទ្វារ​ស្ថាន​អគ្គកុងស៊ុល​អាមេរិកាំង​នៅ​ទីក្រុង​ Chengdu ក្នុង​ខេត្ត​ Sichuan ដើម្បី​សង​សឹក​នឹង​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​។

    ប្រការ​ទាំង​នេះ​ហើយ​ នាំ​ឱ្យពិភពលោក​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​អស្ថិរ​ភាព​សង្គម​ និង​សេដ្ឋកិច្ច​ បណ្ដាល​ឱ្យ​អ្នក​វិនិយោគ​មាន​ការ​រារែក​ក្នុង​ការ​បណ្ដាក់​ទុន​ទៅក្នុង​ទ្រព្យ​ផ្សេង​ៗ​ លើក​លែង​តែ​មាស៕​

    ប្រភព៖ Reuters

  • ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​អាមេរិក ត្រូវ​បាន​មនុស្ស​មួយក្រុម​សម្រុក​ចូល​កាន់កាប់

    ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​អាមេរិក ត្រូវ​បាន​មនុស្ស​មួយក្រុម​សម្រុក​ចូល​កាន់កាប់

    បុរស​មួយ​ក្រុម​ដែល​អាច​ជា​សមត្ថ​កិច្ច​របស់​សហរដ្ឋ​អាមេរិក​ បាន​ទម្លុះ​ទ្វារ​ក្រោយ​របស់​ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston បន្ទាប់​ពី​អគារ​នេះ​បាន​បិទ​ទ្វារ​កាល​ពី​ថ្ងៃទី​24​កក្កដា​កន្លង​ទៅ​។

    ក្រុម​បុរស​នេះ​បាន​កិប​សោ​ទ្វារ​ផ្នែក​ខាង​មុខ​របស់​អគារ​ស្ថានអគ្គកុងស៊ុល​ចិន​នៅទីក្រុង​ Houston ក្នុង​រដ្ឋ​ Texas ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​ស្ថាប័ន​ការ​ទូត​នេះ​បាន​បិទ​ទ្វារ​កាល​ពី​វេលា​ម៉ោង​16​ល្ងាច​នៃ​ថ្ងៃទី​24​កក្កដា​ (ម៉ោង​4​ព្រឹក​នៃ​ថ្ងៃទី​25​កក្កដា​នៅ​កម្ពុជា)​។ បន្ទាប់​មក​ទៀត ​​ក្រុម​មនុស្ស​នេះ​ក៏​បាន​បំផ្លាញ​ទ្វារខាង​ក្រោយ​របស់​អគារ​ និង​នាំ​គ្នា​ចូល​ទៅខាង​ក្នុង​។ ពួកគេ​មិន​បាន​ឆ្លើយ​តប់​អ្វី​នោះ​ទេ​ នៅ​ពេល​ក្រុម​យក​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​​ បាន​សួរ​​រកអត្តសញ្ញាណ​​។

    នៅ​ពេល​ក្រុម​បុរស​នោះ​ចូល​ទៅ​ខាងក្នុង​ គេ​ឃើញ​មាន​មនុស្ស​2​នាក់​​ដែល​​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​បុគ្គលិក​​នៃ​នាយក​ដ្ឋាន​សន្តិសុខ​ការបរទេស​សហរដ្ឋ​អាមេរិក​ ក៏បាន​បង្ហាញ​ខ្លួន​ ឈរ​យាមនៅ​ខាង​ក្រៅ​ទ្វារ​នៃ​អគារ​ស្ថាន​អគ្គកុង​ស៊ុល​ចិន។ ក្រុម​បុគ្គលិក​នេះ​ក៏​មិនបាន​ឆ្លើយ​តប​នឹងសំណួរ​របស់​​ក្រុម​អ្នក​យក​ព័ត៌មាន​នោះ​ដែរ។

    ទាក់ទង​នឹង​ករណី​នេះ ស្ថានទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីងតោន​ និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ​។

    សាក្សី​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុគ្គលិក​របស់​ស្ថាន​អគ្គកុង​ស៊ុល​ចិន​ បាន​ឡើង​រថយន្ត​ចាក​ចេញ​ពី​អគារ​នេះ​កាល​ពី​វេលា​ម៉ោង​ប្រមាណជា​16​ នៅមុន​ពេល​ទ្វារ​ក្រោយ​​ត្រូវ​បាន​គេ​បំផ្លាញ។

    សូម​រំឭកថា កាល​ពី​ថ្ងៃទី​21​កក្កដា​ សហរដ្ឋ​អាមេរិក​បាន​បញ្ជាឱ្យ​បិទ​ទ្វារ​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston ដោយ​ទុក​ពេល​ឱ្យ​72​ម៉ោង​ដើម្បី​ចាក​ចេញ​ ក្រោម​ហេតុ​ផល​ថា “ដើម្បី​ការ​ពារ​កម្មសិទ្ធិបញ្ញា​ និង​ព័ត៌មាន​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​”។

    កាល​ពី​ថ្ងៃទី​24​កន្លង​ទៅ ក្រុម​មន្ត្រី​ចិន​ក៏​បាន​បញ្ជាឱ្យ​បិទទ្វារ​ស្ថាន​អគ្គកុងស៊ុល​អាមេរិកាំង​នៅ​ទីក្រុង​ Chengdu ក្នុង​ខេត្ត​ Sichuan ដើម្បី​សង​សឹក​នឹង​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​។

    ភាព​តាន​តឹង​រវាង​ចិន​និង​អាមេរិកាំង​បានកើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ ទាក់​ទិន​នឹង​រឿង​រ៉ាវ​ជា​ច្រើន​ តាំង​ពី​បញ្ហា​ COVID-19 បញ្ហា​ហុង​កុង​ បញ្ហា​ Xinjiang សមុទ្រ​ចិន​ខាង​ត្បូង និង​តៃវ៉ាន់ជា​ដើម​។ល។

  • រឿង​រ៉ាវ​​មួយ​ចំនួន​តូច​ ​ស្ដី​អំពី “​គ្រួសារ​ត្រកូល​ចិន​” នានា ដែល​​កំពុង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

    រឿង​រ៉ាវ​​មួយ​ចំនួន​តូច​ ​ស្ដី​អំពី “​គ្រួសារ​ត្រកូល​ចិន​” នានា ដែល​​កំពុង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

    បើទោះជាមានចំនួន​មិនដល់10% ក្នុងចំណោមប្រជាជនប្រមាណជា650លាននាក់នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែគ្រួសារដើមកំណើតចិនជាច្រើនដែលនៅពីក្រោយក្រុមហ៊ុនយក្ស​នានា កំពុងតែគ្រប់គ្រងវិស័យសេដ្ឋកិច្ចជាច្រើននៅក្នុងតំបន់ដែល​មាន​ទំហំសេដ្ឋ​កិច្ច​គិត​ជា​ទឹកប្រាក់ឡើងដល់3លានលានដុល្លារអាមេរិកនេះ​។

    ឆ្នាំ1919 Chia Ek Chor បានមករស់នៅក្នុងទីក្រុងបាងកកប្រទេសថៃ និងបានបើកហាងតូចមួយដើម្បីលក់គ្រាប់ពូជដែលនាំចូលពីស្រុកកំណើតនៅឯ Guangdong ប្រទេសចិន។ ក្រោយរយៈពេល2ជំនាន់ ក្រុមហ៊ុនរបស់ Chia Ek Chor ដែលមានឈ្មោះថា Charoen Pokphand (CP) Group បានក្លាយជាក្រុមហ៊ុនខ្នាតយក្សមួយនៅប្រទេសថៃ ដោយមានលក់ទំនិញស្ទើរគ្រប់ប្រភេទតាំងពីសាច់មាន់ សាច់ជ្រូក រហូតដល់រថយន្ត និងទូរស័ព្ទ។ ស្ថាបនិករបស់ក្រុមហ៊ុន ដែលបានទទួលមរណភាពកាលពីឆ្នាំ1983 បានប្ដូរត្រកូលទៅជាភាសាថៃ គឺ Chearavanont។ ប៉ុន្តែក្នុងចិត្តលោកនៅតែបាញ់ឆ្ពោះទៅស្រុកកំណើតរបស់ខ្លួន។ ឈ្មោះកូនប្រុសចំនួន4នាក់របស់លោក គឺ Zhengmin, Daimin, Zhongmin និង Guomin នៅពេលបកប្រែ​ជាភាសាចិនកុកងឺ អក្សរដំបូងក្នុងឈ្មោះរបស់ពួកគេ សុទ្ធសឹង​តែមានន័យថា “ចិនមហាអស្ចារ្យ និងរុងរឿង”។

    ទំនាក់ទំនងស្អិតល្មួតរវាងគ្រួសារត្រកូល Chearavanont ជាមួយនឹងស្រុកចិន មិនត្រឹមតែជាមនោសញ្ចេតនានោះទេ ប៉ុន្តែគឺមានទាក់ទិននឹងសេដ្ឋកិច្ចដ៏មហិមាផងដែរ។ 2/5 ក្នុងចំណោមប្រាក់ចំណូល68ពាន់លានដុល្លារក្នុងមួយឆ្នាំៗរបស់ក្រុមហ៊ុន CP គឺបានមកពីសាខារាប់រយនៅប្រទេសចិន រួមមានបណ្ដារោងចក្រផលិតចំណីសត្វ ផ្សារទំនើប និងមុខជំនួញផ្សេងៗទៀត។ CP ក៏កាន់កាប់ភាគហ៊ុនមួយចំនួនធំនៅក្នុងក្រុមហ៊ុនធានារ៉ាប់រង Ping An របស់ប្រទេសចិនទៀតផង។ ក្រុមហ៊ុន CP ក៏ជាដៃគូជាទីចូលចិត្តរបស់បណ្ដាក្រុមហ៊ុនវិនិយោគចិននៅប្រទេសថៃ ក្នុងនោះមានដូចជា SAIC ដែល​ជាក្រុម​ហ៊ុន​រថយន្តមួយដែលបានសហការជាមួយ CP ដើម្បីផលិតរថយន្តកីឡា និងរថយន្តប្រភេទ pickup។

    អតីតកាលនិងបច្ចុប្បន្នកាលរបស់គ្រួសារត្រកូល Chearavanonts បាននិងកំពុងស្ដែងឱ្យឃើញអំពីរឿងរ៉ាវជាច្រើននៃបណ្ដាគ្រួសារដើមកំណើតចិនដែលមានទ្រព្យហូរហៀរផ្សេងទៀត ដែល​កំពុង “ពើងទ្រូង” នៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើទោះជាមានចំនួនមិនដល់10% ក្នុងចំណោមប្រជាជនសរុបប្រមាណជា650លាននាក់នៅតំបន់នេះ ប៉ុន្តែបណ្ដាគ្រួសារត្រកូលចិនដែលឈរពីក្រោយក្រុមហ៊ុនធំៗជាច្រើន កំពុងតែគ្រប់គ្រងវិស័យសេដ្ឋកិច្ចជាច្រើនផ្នែកនៅក្នុងតំបន់ដែលមានទំហំសេដ្ឋកិច្ច 3លានលានដុល្លារអាមេរិកនេះ។

    គ្រួសារត្រកូលចិននៅតំបន់អាស៊ីអាគ្នេយ៍ រកស៊ីមានបានក៏ដោយសារមានទំនាក់ទំនងជាមួយប្រទេសចិន ចំណែកគ្រួសារត្រកូលចិននៅប្រទេសចិនរកស៊ីមានបានក៏ដោយសារមានទំនាក់ទំនងជាមួយបណ្ដាជនជាតិ ឬប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។ George Yeo ដែលជាអតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសសឹង្ហបុរីយល់ថា “ចិនបីបាច់ពួកគេ ហើយពួកគេក៏បីបាច់ចិន”។

    លោក George Yeo អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​សឹង្ហបុរី​

    យោងតាមការវិភាគរបស់ The Economist ដោយយោងទៅលើទិន្នន័យពីទស្សនាវដ្ដី Forbes បាន​ឱ្យដឹង​ថា កាលពីឆ្នាំមុនមានជាង 3/4 ក្នុងចំណោមទ្រព្យ 369ពាន់លានដុល្លាររបស់បណ្ដាសេដ្ឋីនៅតំបន់អាស៊ីអាគ្នេយ៍ គឺ​គ្រប់គ្រងដោយក្រុម​ huaren (huaren គឺសំដៅទៅលើពលរដ្ឋដែលមានដើមកំណើតចិន តែចូលសញ្ជាតិប្រទេសដទៃ)។ ក្រុមនេះ (huaren) ប្រមូលផ្ដុំគ្នាច្រើនជាងគេគឺនៅប្រទេសសឹង្ហបុរី ប៉ុន្តែពួកគេក៏មានវត្តមានជាច្រើននៅក្នុងប្រទេសផ្សេងៗនៃតំបន់អាស៊ីអាគ្នេយ៍ផងដែរ មានដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម។ល។

    នៅម៉ាឡេស៊ី មហាសេដ្ឋី Robert Kuok កំពុងគ្រប់គ្រងវិស័យជាច្រើន តាំងពីស្ករស រហូតដល់បណ្ដាញសណ្ឋាគារ Shangri-La។ នៅឥណ្ឌូនេស៊ីវិញ ក្រុមហ៊ុន Lippo Group របស់គ្រួសារត្រកូល Riady កំពុងរកស៊ីយ៉ាងគគ្រឹកគគ្រេងក្នុងវិស័យធនាគារ អចលនទ្រព្យ និងសុខាភិបាល។ កាលពីឆ្នាំទៅ ស្ថិតិមួយបានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋីហ្វីលីពីនចំនួន17នាក់ គឺមាន15នាក់ហើយ​ដែល​មានដើមកំណើតចិន។ ចំណែក​ SM Group របស់​ហ្វីលីពីន​​ដែល​ស្ថិតក្រោមការចាត់ចែងរបស់គ្រួសារត្រកូល Sy ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ខ្ពស់នៅពាសពេញទឹកដីចិន។

    ប្រទេសមីយ៉ានម៉ារមិនទាន់មានមហាសេដ្ឋីដើមកំណើតចិន ប៉ុន្តែមានអ្នកជំនួញកំពូលៗជាច្រើនដែលមានដើមកំណើតចិន មានដូចជា Serge Pun (ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនិងធនាគារ Yoma) ឬ Aik Htun (ម្ចាស់ក្រុមហ៊ុន Shwe Taung ដែលរកស៊ីខាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យផ្សេងទៀត) ជា​ដើម​។ល។

    ចំណេញទាំងសងខាង

    អ្នកជំនួញដើមកំណើតចិនទាំងនេះ បានធ្វើឱ្យអាស៊ីអាគ្នេយ៍យកឈ្នះសហភាពអឺរ៉ុបក្នុងការក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសចិននៅក្នុងឆ្នាំនេះ។ សេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ និងឥរិយាបថរារែកនៅចំពោះមុខប្រទេសចិន​របស់ក្រុម​ប្រទេស​លោកខាងលិច ដែលកើតឡើងដោយសារបញ្ហា COVID-19 បញ្ហានយោបាយ និងបញ្ហាសង្គ្រាមពាណិជ្ជកម្មជាដើមជា​ដើម​ កំពុងផ្ដល់ឱកាសល្អកាន់​តែ​ច្រើន​ដល់ក្រុម huaren និងក្រុមជនជាតិចិននៅប្រទេសចិន ក្នុង​ការ​ផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងជាងមុន។

    ក៏ប៉ុន្តែ ប្រការខាងលើនេះមិនងាយនឹងដំណើរការដោយរលូតនោះឡើយ។ ក្ដីស្រមៃក្នុងការកែប្រែស្ថានការណ៍ឱ្យវិលទៅរកភាពអស្ចារ្យនៃប្រទេសចិនរបស់លោក Xi Jinping គឺទាមទារឱ្យមានភក្ដីភាពច្រើនជាងបច្ចុប្បន្ន ខណៈដែលស្រុកកំណើតទីពីររបស់ក្រុម huaren កាន់តែសង្ស័យចំពោះមហាអំណាចមួយនេះ។ ដើម្បីធ្វើឱ្យមានតុល្យភាពទាំងសងខាង ក្រុម huaren ទាំងនេះ ត្រូវតែប្រើប្រាស់ជំនាញផ្នែកនយោបាយរបស់ខ្លួនឱ្យអស់ពីសមត្ថភាព។

    រឿង​រ៉ាវ​ខ្លះៗ​​ស្ដី​អំពី "​គ្រួសារ​ត្រកូល​ចិន​" នានា ដែល​​កំពុង​គ្រប់​គ្រង​សេដ្ឋ​កិច្ច​អាស៊ី​អាគ្នេយ៍ពលរដ្ឋចិនដំបូងដែលបានមកកាន់អាស៊ីអាគ្នេយ៍តាំងពីសតវត្សរ៍ទី15 ប៉ុន្តែមានក្រុមមនុស្សជាច្រើននៅក្នុងចំណោមក្រុម huaren កំពូលៗនា​បច្ចុប្បន្ន បានមកកាន់តំបន់នេះដើម្បីគេចពីស្ថានភាពក្រីក្រ និងអំពើហិង្សាកាលពីដំណាក់ដំបូងៗនៃសតវត្សរ៍ទី19។

    ភាគច្រើននៃពួកគេសុទ្ធសឹងតែបានប្ដូរត្រកូល។ ចំណែកភាពមានបានរបស់ពួកគេគឺកើត​ឡើង​ដោយសារការធ្វើជំនួញ ហើយក្រោយមក មានករណីជាច្រើនបានប្រើប្រាស់ទំនាក់ទំនងល្អជាមួយអ្នកនយោបាយដើម្បី “ងើបឡើង” យ៉ាងឆាប់រហ័ស។ ឧទាហរណ៍ដូចជា Liam Sioe Liong ដែលជាម្ចាស់ក្រុមហ៊ុន Salim Group ជាដើម បាន​ប្រើ​ប្រាស់​ទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតីឥណ្ឌូនេស៊ី Suharto ហើយក៏ទទួលបាន “មូលដ្ឋាន” ផ្ដាច់មុខនៅក្នុងវិស័យជាច្រើននៃប្រទេសនេះ។

    នៅពាសពេញទឹកដីអាស៊ីអាគ្នេយ៍ ទំនាក់ទំនងដូចខាងលើនេះ បានជួយឱ្យមហាសេដ្ឋីដើមកំណើតចិនជា​ច្រើន​ កសាងបានគ្រឹះយ៉ាងរឹងមាំចាប់តាំងពីយុគសម័យសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅអាស៊ីក្នុងបណ្ដាទសវត្សរ៍ឆ្នាំ1990 និងក្លាយជាក្រុមហ៊ុនយក្សនានា​រហូតដល់បច្ចុប្បន្ន។ ក្រុមពលរដ្ឋដែលត្រូវបានគេហៅថា huaren ទាំងនេះ កំពុងគ្រប់គ្រងវីស័យជាច្រើន រាប់ចាប់ពីកសិកម្ម រហូតដល់ហិរញ្ញវត្ថុ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចិន​បញ្ជា​ឱ្យ​បិទ​ស្ថាន​អគ្គ​កុង​ស៊ុល​អាមេរិកាំង​ ដើម្បី​ឆ្លើយតប​​នឹង​ការ​បិទ​ស្ថាន​អគ្គកុង​ស៊ុលចិន​នៅ​ Houston

    ចិន​បញ្ជា​ឱ្យ​បិទ​ស្ថាន​អគ្គ​កុង​ស៊ុល​អាមេរិកាំង​ ដើម្បី​ឆ្លើយតប​​នឹង​ការ​បិទ​ស្ថាន​អគ្គកុង​ស៊ុលចិន​នៅ​ Houston

    មន្ត្រី​រដ្ឋាភិបាល​ចិន​ បាន​ស្នើ​ឱ្យ​បិទ​ស្ថាន​អគ្គ​កុង​ស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ Chengdu ដែល​ជា​ទីក្រុង​ធំ​របស់​ខេត្ត​ Sichuan ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដែល​សហរដ្ឋ​អាមេរិក​បញ្ជា​ឱ្យ​បិទ​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នៅ​ Houston។

    “ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​ជូន​ដំណឹងទៅកាន់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​ចិន​អំពី​សេចក្ដី​សម្រេច​ដក​ហូត​លិខិត​អនុញ្ញាតឱ្យ​បង្កើត​និង​ដំណើរ​ការ​​ស្ថាន​អគ្គកុង​ស៊ុល​អាមេរិកាំង​នៅ​ទីក្រុង​ Chengdu។ ក្រសួង​​ក៏​បាន​លើក​​ឡើង​អំពី​ការ​ស្នើ​ជាក់​លាក់​ផងដែរ​អំពី​ការ​បញ្ឈប់​រាល់​សកម្ម​ភាព​​របស់​ស្ថាន​​កុង​ស៊ុល​” នេះ​បើ​តាម​សេចក្ដី​ប្រកាស​ក្នុង​ថ្ងៃ​នេះ​របស់​ក្រសួង​ការបរទេស​ចិន​។

    ក្រសួង​ការ​បរទេស​ចិន​បាន​ឱ្យ​ដឹង​ថា នេះ​គឺជា​វិធានការ​​ឆ្លើយ​តប​ដ៏​ចាំបាច់​ចំពោះ​ “ទង្វើ​មិន​សម​ហេតុ​ផល​របស់​សហរដ្ឋ​អាមេរិក​ និង​សម​ស្រប​ជាមួយ​នឹង​ច្បាប់​អន្តរ​ជាតិ​ បទដ្ឋាន​ជា​មូល​ដ្ឋាន​នានា​នៃ​ទំនាក់​ទំនង​អន្តរ​ជាតិ និង​ទម្លាប់​ធម្មតា​នៃ​ការ​ទូត​”។

    សកម្ម​ភាព​នេះ​របស់​ចិន​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​21​កក្កដា​បាន​ស្នើ​ឱ្យ​បិទ​ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​នៅ​ទីក្រុង Houston ដោយ​ទុក​ពេល​ឱ្យ​72​ម៉ោង​ ក្នុង​អ្វី​ដែល​សហរដ្ឋ​អាមេរិក​យល់​ថា ដើម្បី​ “ការ​ពារ​កម្ម​សិទ្ធិ​បញ្ហា​ និង​ព័ត៌មានឯក​ជន​របស់​ពលរដ្ឋ​អាមេរិកាំង​” និង​បាន​ចោទ​ស្ថាន​អគ្គកុង​ស៊ុល​ចិន​នេះ​ថា​ជា​ “មជ្ឈមណ្ឌល​ចារ​កម្ម​របស់​កង​ទ័ព​ចិន​”។

    ស្ថាន​អគ្គកុង​ស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Chengdu ប្រទេស​ចិន

    ស្ថានអគ្គ​​កុង​ស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Chengdu បាន​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​1985​ និង​មាន​សារ​សំខាន់​ជា​យុទ្ធ​សាស្ត្រ​ ព្រោះ​ថា​ទទួល​ខុស​ត្រូវ​រាល់​បេសក​កម្ម​ផ្នែក​កុង​ស៊ុល​​នៅ​ទូទាំង​តំបន់​ភាគ​និរតី​នៃ​ប្រទេស​ចិន​ ដែល​រួម​មាន​ខេត្ត Sichuan, Yunnan, Guizhou, Tibet និង​ Chongqing។ នេះ​ក៏​ជា​មូលដ្ឋាន​នៃ​ការ​បរទេស​ដែល​មាន​សារ​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ ដោយ​សារ​វា​ទាក់​ទិន​នឹង​តំបន់​ Tibet។​ ស្ថាន​អគ្គ​​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Chengdu នៃ​ប្រទេស​ចិន​​ បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រមាណ​ជា​200​នាក់​ ក្នុង​នោះ​មាន​បុគ្គលិក​ជា​ជន​ជាតិ​ចិន​ចំនួន​150​នាក់​ផងដែរ។

    ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​បំផុត​ក្នុង​អំឡុង​ច្រើន​ឆ្នាំ​មក​នេះ​។ ភាព​តាន​តឹង​បាន​កើត​ឡើង​ដោយ​​សារ​បញ្ហា​ជា​ច្រើន​ មាន​ដូច​ជា បញ្ហា​ COVID-19 បញ្ហា​ហុង​កុង​ បញ្ហា​តំបន់​ Xinjiang និង​សង្គ្រាម​ពាណិជ្ជ​កម្ម​ជា​ដើម​៕

    ប្រភព៖ AFP/SCMP

  • អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​

    អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​

    យោង​តាម​សារ​ព័ត៌មាន​ Bloomberg​ មហាសេដ្ឋី​ឥណ្ឌា​ លោក​ Mukesh Ambani បច្ចុប្បន្ន​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ ដោយ​មាន​ទ្រព្យ​សរុប​ចំនួន​77.4​ពាន់​លាន​ដុល្លារ​ ដែល​នេះ​បាន​ជួយ​ឱ្យ​អាស៊ី​បាន​វត្តមាន​នៅ​ក្នុង​ top 5 អ្នក​មាន​ជាង​គេ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ​។

    ច្រើន​ឆ្នាំ​មក​នេះ ចំណាត់​ថ្នាក់​ក្នុង​ top 5 នៃ​អ្នក​មាន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ជាតិ​អាមេរិកាំង​ អឺរ៉ុប​ និង​ម៉ិកស៊ិក​។ ប៉ុន្តែ ប្រការ​នេះ​បាន​ផ្លាស់​ប្ដូរ​ហើយ​ ព្រោះ​ថា​បន្ទាប់​ពី​បញ្ចប់​ការ​ជួញ​ដូរ​មូលបត្រ​កាល​ពី​ថ្ងៃទី​24​កក្កដា​ មហាសេដ្ឋី​ឥណ្ឌា លោក​ Mukesh Ambani បាន​លោត​រំលង​ Steve Ballmer និង​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​5​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទ្រព្យ​សរុបចំនួន​​​77.4​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ស្ថិតិ​​ពី​ Bloomberg Billionaires Index។

    នេះ​គឺជា​កំណត់​ត្រាថ្មី​បំផុត​សម្រាប់​លោក Ambani។ ទ្រព្យ​សម្បត្តិ​របស់​លោក​ បាន​កើនជិត​19​ពាន់​លាន​ដុល្លារ​អាមេរិក​ រាប់​ចាប់​ពី​ដើម​ឆ្នាំ​2020​មក​នេះ​។

    មហាសេដ្ឋី​ Ambani បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ហ៊ុន​ពហុវិស័យ​ Reliance Industries។ ចំណាត់​ថ្នាក់​របស់​លោក​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​មាន​ជាង​គេ​របស់​ Bloomberg បាន​កើន​ឡើង​ចំនួន​9​ថ្នាក់​នៅក្នុង​ឆ្នាំ​នេះ ​ដោយ​សារ​តែ​មូលបត្រ​របស់​ក្រុម​ហ៊ុន​ Reliance Industries បាន​កើន​135​%​ ចាប់​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​ដល់​បាត​ក្នុង​ខែ​មីនា​។ បណ្ដា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Reliance ថ្មី​ៗ​នេះ​ទទួល​បាន​ខ្ទង់​វិនិយោគ​យ៉ាង​ច្រើន​ពី​ក្រុម​ហ៊ុន​ធំៗ​​ជា​ច្រើន​ មាន​​ដូច​ជា​ Facebook, Silver Lake និង​ក្រុម​ហ៊ុនប្រេង​ BP ជា​ដើម​។ល។

    ឥណ្ឌា​គឺជា​ចំណុច​លេច​ធ្លោ​ក្នុង​ទីផ្សារ​ M&A (ការ​ទិញ​ដូរ​ក្រុម​ហ៊ុន​/Mergers and acquisitions) នៅ​ទូទាំង​សកល​លោក​ក្នុង​ឆ្នាំ​នេះ​។ សារ​ព័ត៌មាន​ឥណ្ឌា ET Now បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​ Amazon កំពុង​តែ​ចរចា​ជាមួយ​​ភាគី​ក្រុម​ហ៊ុន​ Reliance របស់​លោក​ Ambani ដើម្បី​ទិញ​ភាគ​ហ៊ុន​ក្នុង​ផ្នែក​លក់​រាយ​របស់​ក្រុម​ហ៊ុន​នេះ​។

    អ្នកមាន​បំផុត​នៅ​អាស៊ី​ បានជួយ​ឱ្យ​ទ្វីប​នេះ​មាន​ឈ្មោះ​ក្នុង​​ top 5 នៃ​អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​
    គ្រួសារ​ត្រកូល Ambani ៖ Akash, Anant និង​ Isha ថត​រូប​ជាមួយ​ឪ​ពុក​ម្ដាយ​របស់​ពួកគេ​ គឺ​លោក​ស្រី​ Nita និង​លោក​ Mukesh Ambani

    មហាសេដ្ឋី​ Ambani បាន​ឡើង​ដល់​ top 10 នៃ​បញ្ជី​ឈ្មោះ​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​។ កាល​ពី​2​សប្ដាហ៍​មុន​ ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​លើស​ពី​ទំហំ​​ទ្រព្យ​របស់​មហា​សេដ្ឋី Warren Buffett ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក៏​បាន​លោត​រំលង​ CEO របស់ Tesla លោក​ Elon Musk និង​សហស្ថាបនិក​2​រូប​របស់​ Google គឺ​លោក​ Sergey Brin និងលោក​ Larry Page។

    អ្នក​មាន​ជាង​គេ​លំដាប់​ទី​1​ក្នុង​ពិភពលោក​​ នៅ​តែ​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Amazon គឺ​លោក Jeff Bezos។ ទ្រព្យ​សម្បត្តិ​របស់​លោក​ ក្នុង​ឆ្នាំ​នេះ​បាន​កើន​62.7​ពាន់​លាន​ដុល្លារ​។ ឈរ​លំដាប់​លេខ​2​ គឺ​លោក​ Bill Gates (118ពាន់​លាន​ដុល្លារ​) និង​ទី​3​គឺ​លោក​ Bernard Arnault (93​ពាន់​លាន​ដុល្លារ​) ចំណែក​ទី​4​ គឺ​លោក​ Mark Zuckerberg (88​ពាន់​លានដុល្លារ​)។

    ចំណែក​នៅ​អាស៊ី​ បច្ចុប្បន្ន​អ្នក​មាន​ជាង​គេ​លំដាប់​ទី​​2​គឺ​លោក​ Pony Ma ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Tencent ដោយ​មាន​ទ្រព្យ​សរុប​55.6​ពាន់​លាន​ដុល្លារ​អាមេរិក៕

    ប្រភព​៖ Bloomberg

  • ក្រសួង​សុខាភិបាល​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​4​​នាក់​បន្ថែម​ទៀត​ហើយ​សម្រាប់​ព្រឹក​នេះ​

    ក្រសួង​សុខាភិបាល​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​4​​នាក់​បន្ថែម​ទៀត​ហើយ​សម្រាប់​ព្រឹក​នេះ​

    ក្រសួង​សុខាភិបាល​កម្ពុជា​​ នា​ព្រឹក​ថ្ងៃទី​24​កក្កដា​នេះ​ បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​4​ករណី​បន្ថែម​ទៀត​កាលពី​ថ្ងៃទី​23​កក្កដា​។ អ្នកជំងឺ​ទាំង​4​នាក់​នេះ​ត្រូវ​បាន​រកឃើញ​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រក​វីរុស​ក្នុង​ពេល​ធ្វើ​​ចត្តាឡីស័ក។

    ក្រសួង​បញ្ជាក់​ថា អ្នកជំងឺ​ថ្មី​ទាំង​នេះ​គឺជា​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ករណី​ថ្មី​នេះ​ រួម​មាន​ បុរស​ជនជាតិ​ខ្មែរ​​3​នាក់​ និង​ស្ត្រីជន​ជាតិ​ខ្មែរ​​1​នាក់​។


  • ​ពិភពលោក​មាន​អ្នក​ស្លាប់​​​635,413​នាក់​​ដោយ​សារ​COVID-19

    ​ពិភពលោក​មាន​អ្នក​ស្លាប់​​​635,413​នាក់​​ដោយ​សារ​COVID-19

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ជាង​15.6​លាន​នាក់​ និង​អ្នក​ស្លាប់​ចំនួន​ជាង​635,000​នាក់ ខណៈ​អ្នកជំងឺ​បាន​ជាសះស្បើយ​មានចំនួន​9,523,464​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​15,632,711​នាក់ និង​635,413​នាក់​ស្លាប់​ដោយ​សារវីរុស​នេះ​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​307,505​នាក់ និង​អ្នក​ស្លាប់​​ថ្មី​ចំនួន​​10,680​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​9,523,464​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​គេហទំព័រ​ Worldometers។

    ប្រទេស​ចំនួន​3​ដែល​បាន​រកឃើញ​អ្នក​ជំងឺ​ច្រើន​ជាង​បង្អស់​គឺ​សហរដ្ឋ​អាមេរិក​ (អ្នកជំងឺ​​4,169,153) ប្រទេស​ប្រេស៊ីល​ (អ្នកជំងឺ​2,289,951​នាក់​) និង​ប្រទេស​ឥណ្ឌ (អ្នកជំងឺ1,288,130​នាក់​)។

    ចំណែកបណ្ដា​​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​ ច្រើន​ជាង​1ម៉ឺន​នាក់​ មាន​11​ប្រទេស​ រួម​មាន​ ​សហរដ្ឋ​អាមេរិក​ (147,297​នាក់​) ប្រេស៊ីល​ (84,207​នាក់​) អង់គ្លេស​ (45,554​នាក់​) ម៉ិកស៊ិក​ (41,190​នាក់​)​ អ៊ីតាលី​ (អ្នក​ស្លាប់​35,092​នាក់​)​ ឥណ្ឌា (30,645​នាក់​) បារាំង​ (អ្នក​ស្លាប់​30,182​នាក់​) អេស្ប៉ាញ (28,429​នាក់​) ប៉េរូ (17,654​នាក់​) អ៊ីរ៉ង់​ (15,074​នាក់​) រុស្ស៊ី (12,892​នាក់​)៕

  • ចិន​បាញ់​បង្ហោះ​យាន​អវកាស​ទៅកាន់​ផ្កាយ​ព្រះអង្គារ​​ដោយ​ជោគ​ជ័យ​

    ចិន​បាញ់​បង្ហោះ​យាន​អវកាស​ទៅកាន់​ផ្កាយ​ព្រះអង្គារ​​ដោយ​ជោគ​ជ័យ​

    ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ដោយ​ជោគ​ជ័យ​នូវ​យាន​អវកាស​ Tianwen-1 ដែល​មាន​ផ្ទុក​យាន​អវកាស​មួយ​គ្រឿង​ និង​រ៉ូបូត​ស្វ័យ​ប្រវត្ត​មួយ​គ្រឿង ទៅ​កាន់​ពិភព​ព្រះអង្គារ​។

    យោង​តាម​​ទីភ្នាក់​ងារ​អវកាស​ចិន​ CNSA (China National Space Administration) យាន​អវកាស​ Tianwen-1 ត្រូវ​បាន​បញ្ជូន​ទៅកាន់​ផ្កាយព្រះអង្គារ​​ដោយ​កាំជ្រួច​រុញ​ច្រាន​ Chang Zheng 5 (Long March 5) ចេញ​ពី​មូលដ្ឋាន​ Wenchang ដែល​ស្ថិត​នៅ​លើ​កោះ​ Hainan កាល​ពី​ម៉ោង​12និង​41​នាទី​ ថ្ងៃទី​23​កក្កដា​​។ Xinhua បាន​រាយ​ការណ៍​ថា មនុស្ស​រាប់​រយ​នាក់​បាន​តាម​ដាន​ និង​អបអរ​ជោគ​ជ័យ​នៃ​ការ​បាញ់​បង្ហោះ​នេះ​។

    នេះ​គឺជា​ការ​ហោះ​ហើរ​លើក​ទី2​ទៅកាន់​ឋាន​ព្រះអង្គារ​​នៅក្នុង​សប្ដាហ៍​នេះ​ បន្ទាប់ពី​យាន​គោចរ​ជុំវិញ​ភព​ក្រហម Hope របស់​អារ៉ាប់​រួម (UAE) បាន​ធ្វើ​ដំណើរ​ពី​កោះ Tanegashima ​របស់​ជប៉ុន​កាល​ពី​ថ្ងៃទី​20​កក្កដា​។

    ក្រោយ​ការ​បាញ់​បង្ហោះ​របស់​ UAE និង​ចិន សហរដ្ឋអាមេរិក​ក៏​នឹង​បញ្ជូន​យាន​ Perseverance ទៅកាន់​ភព​ព្រះអង្គារ​ផងដែរ​នៅ​សប្ដាហ៍​ក្រោយ​។

    នៅ​លើ​យានអវកាស​ Tianwen-1 របស់​ចិន​ រួម​មាន​យាន​អវកាស​មួយគ្រឿង​សម្រាប់​ហោះ​លើ​គន្លង​គោចរ​នៃ​ភព​ព្រះអង្គារ​ រួម​នឹង​រ៉ូបូត​ដំណើរ​ការ​ដោយស្វ័យ​ប្រវត្តមួយ​គ្រឿង​​ដែល​នឹង​មាន​ភារកិច្ច​ចុះ​ចត​និង​ស្រាវ​ជ្រាវ​លើ​ដី​ភព​ក្រហម​។​ យានអវកាស​ Tianwen-1 នឹង​​ត្រូវ​ចំណាយ​ពេល​7​ខែ​ដើម្បី​ទៅ​ដល់​គោល​ដៅ​។ បើ​សិន​ជា​មិន​មាន​បញ្ហា​កើត​ឡើង​នោះ​ទេ យាន​នេះ​នឹង​តាម​រក​ប្រភព​ទឹក​ក្រោម​ដី និង​ភ័ស្ដុតាង​បញ្ជាក់​អំពី​វត្តមាន​របស់​សភាវ​រស់​នៅ​លើ​ឋាន​មួយ​នេះ​៕

    ប្រភព៖ AP

  • ឆេះនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមួយ​គ្រឿង​ទៀត​ហើយ!

    ឆេះនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមួយ​គ្រឿង​ទៀត​ហើយ!

    នាវាផ្ទុកយន្តហោះចម្បាំងជំនាន់ថ្មី John F. Kennedy ត្រូវ​បានឆាប់ឆេះនៅពេលកំពុងសាងសង់ ប៉ុន្តែអណ្ដាតភ្លើងត្រូវបានពន្លត់ទាន់ពេល និងមិនបានបង្កគ្រោះថ្នាក់ដល់ជីវិត ឬការ​ខូចខាតធ្ងន់ធ្ងរនោះទេ។

    ក្រុមបុគ្គលិកនៅក្នុងរោងសាងសង់នាវា Newport News ក្នុងរដ្ឋ Virginia នៃសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃ​ទី​20​កក្កដា ទទួលបានព័ត៌មានអំពីករណីឆាប់ឆេះនៅលើនាវាផ្ទុកយន្តហោះចម្បាំង John F. Kennedy ដែលកំពុងស្ថិត​នៅក្នុង​ដំណាក់​កាល​សាងសង់។ នេះបើតាម Duane Bourne អ្នកនាំពាក្យរបស់រោងសាងសង់នាវា ដែលបានឱ្យដឹងកាលពីថ្ងៃទី22កក្កដា។

    កងកម្លាំងសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់អគ្គិភ័យ ខណៈបុគ្គលិកលើនាវាក៏ត្រូវបានជម្លៀសចេញជាបន្ទាន់ដោយសារមានផ្សែងច្រើនពេក។ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់​ជីវិត​នោះទេ ប៉ុន្តែនាវានាបាន​រងការខូចខាតមួយចំនួននៅត្រង់ចំណុចមានភ្លើងឆេះ។

    លោក​ Bourne បាន​ឱ្យ​ដឹង​ថា “សកម្មភាពសាងសង់ផ្សេងៗត្រូវបានពន្យារពេលដើម្បីស្រាវជ្រាវរកមូលហេតុ និងដើម្បីត្រួតពិនិត្យលើស្ថាន​ភាពសន្តិសុខ សុវត្ថិភាព និងការត្រៀមវិធាន​ការ​ទប់ស្កាត់អគ្គិភ័យ។ កងទ័ពសហរដ្ឋអាមេរិក និងភាគី​រោងសាងសង់នាវា Newport News នឹងដំណើរការសកម្មភាពសាង​សង់​នាវា​នេះ​ឡើងវិញ ក្រោយពីការស្រាវជ្រាវបានបញ្ចប់ និងវិធានការកែលម្អត្រូវបានអនុវត្ត”។

    ករណីអគ្គិភ័យនៅលើនាវាចម្បាំង USS Bonhomme Richard កាលពីថ្ងៃទី12កក្កដា
    ករណីអគ្គិភ័យនៅលើនាវាចម្បាំង USS Bonhomme Richard កាលពីថ្ងៃទី12កក្កដា

    នេះគឺជាករណីឆាប់ឆេះនាវាចម្បាំងនៅក្នុងរោងចក្រទី3របស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងរយៈពេលតែ2សប្ដាហ៍ប៉ុណ្ណោះ ក្រោយពី​មាន​ករណីអគ្គិភ័យនៅលើនាវាចម្បាំង USS Bonhomme Richard កាលពីថ្ងៃទី12កក្កដា និងករណីឆេះមួយទៀតនៅលើនាវា USS Kearsarge កាលពីថ្ងៃទី17កក្កដា។

    John F. Kennedy គឺជានាវាទី2ក្នុងប្រភេទ Ford ដែលជានាវាផ្ទុកយន្តហោះខ្នាតយក្សជំនាន់ថ្មីរបស់សហរដ្ឋ​អាមេរិក។ នាវានេះត្រូវបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ2015 និងបានដាក់ចូលទៅផែអណ្ដែតកាលពីចុងឆ្នាំ2019 ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលបំពាក់ឧបករណ៍ផ្សេង៕

    ប្រភព៖ USNI