Author: សឿន សំណាង

  • មហា​សេដ្ឋី​ចែក​រំលែក​បទ​ពិសោធន៍​ដើម្បី​កុំ​ឱ្យ​ “ប្រាក់គ្មាន​ស្លាប​ប៉ុន្តែ​ចេះ​តែ​​​​​ហោះ​​ចេញ​​ពី​​ហោប៉ៅ”

    មហា​សេដ្ឋី​ចែក​រំលែក​បទ​ពិសោធន៍​ដើម្បី​កុំ​ឱ្យ​ “ប្រាក់គ្មាន​ស្លាប​ប៉ុន្តែ​ចេះ​តែ​​​​​ហោះ​​ចេញ​​ពី​​ហោប៉ៅ”

    អាថ៌កំបាំងនៃការ “ចងជើង” ប្រាក់កាសរបស់មហាសេដ្ឋី Mark Cuban នោះគឺ តថ្លៃនៅពេលទិញទំនិញ សន្សំសំច័យជាប្រចាំ និងមិនដែលជំពាក់បំណុលដោយសារប្រើប័ណ្ណឥណទានជាដើម។ល។

    ដោយសារតែធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ មហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអាមេរិកាំង លោក Mark Cuban បានរកឃើញមេរៀនល្អៗស្ដីអំពីវិធីចាយលុយ និងមានការផ្ដល់យោបល់ជាច្រើនទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុសម្រាប់មនុស្សដែលមានបំណងចង់សន្សំលុយ និងអ្នករស់នៅតាមបែបស៊ីចាយហឺហា។

    មហាសេដ្ឋី Mark Cuban បានណែនាំថា អ្នកដែលចង់សន្សំសំច័យ ចូរ “រស់នៅឱ្យដូចជានិស្សិត” មានន័យថា មិនចាយវាយច្រើនទៅលើសម្ភារដែលមានតម្លៃជាទឹកប្រាក់លើសពីសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន ឬសម្ភរដែលមិនចាំបាច់សម្រាប់បម្រើឱ្យការងារសំខាន់ៗ។

    លោក Mark Cuban បានផ្ដល់អនុសាសន៍ថា មិនគួរទិញរបស់របរណាដែលអ្នកមិនត្រូវការជាចាំបាច់ ពិសេសគឺនៅពេលដែលអ្នកមិនមានលុយគ្រប់គ្រាន់ដើម្បីទិញ។ ចូររស់នៅឱ្យបានក្រោមបន្ទាត់នៃតម្រូវការរបស់អ្នក។

    ទន្ទឹមនឹងនេះ ចូរចាំថា ការប្រាក់របស់ប័ណ្ណឥណទានគឺតែងតែមានអត្រាខ្ពស់ ដូច្នេះ លោក Mark Cuban បានសង្កត់ធ្ងន់ថា បើសិនជាប្រើប្រាស់ប័ណ្ណឥណទាន ដាច់ខាតអ្នកត្រូវតែទូទាត់បំណុលឱ្យបានត្រូវតាមកាលកំណត់។

    “អ្នកអាចខ្ចីប្រាក់ដើម្បីទិញផ្ទះ ព្រោះថាអត្រាការប្រាក់សម្រាប់កម្ចីប្រភេទបញ្ចាំនៅពេលនោះទាបជាងច្រើនបើធៀបនឹងតម្លៃរបស់ផ្ទះដែលកើនឡើងទៅតាមពេលវេលា។ ក៏ប៉ុន្តែ អ្នកមិនគួរមានប័ណ្ណឥណទានដែលនាំឱ្យអ្នកជំពាក់ប្រាក់ធនាគាររាល់ខែនោះទេ ដោយសារអត្រាការប្រាក់នៃឥណទានប្រភេទនេះគឺជាការវិនិយោគអាក្រក់បំផុតក្នុងពិភពលោក” នេះបើតាមមហាសេដ្ឋី Mark Cuban។

    មហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអាមេរិកាំង លោក Mark Cuban
    មហាសេដ្ឋីបច្ចេកវិទ្យាជនជាតិអាមេរិកាំង លោក Mark Cuban

    យោងតាមលោក Mark Cuban ល្អបំផុតគឺត្រូវតែទូទាត់បំណុលឱ្យបានជ្រះស្រឡះក្នុងអំឡុង30ថ្ងៃ ឬកាត់បន្ថយការប្រើប្រាស់ប័ណ្ណឥណទានឱ្យមកនៅទាបបំផុត។ “នេះគឺជាវិធីវិនិយោគឆ្លាតវៃបំផុតដែលអ្នកអាចធ្វើបាន” លោក Cuban និយាយដូច្នេះ។

    មហាសេដ្ឋី Cuban ផ្ដល់ប្រាប់ថា ចូរប្រើប្រាស់កម្មវិធីបញ្ចុះតម្លៃនានាដើម្បីទិញទំនិញចាំបាច់ក្នុងបរិមាណច្រើន ក្នុងបំណងទទួលបានតម្លៃទាប ព្រោះថា ទោះជាយ៉ាងណា អ្នកក៏នៅតែត្រូវទិញវាដដែល ហើយបើសិនជាអាចសំច័យបាន20% 30% ឬមួយ40% នោះពិតជាការវិនិយោគដ៏ល្អ។

    ទន្ទឹមនឹងនេះ នៅពេលដើរផ្សារ ចូរតថ្លៃឱ្យទាបបំផុតទៅលើទំនិញគ្រប់យ៉ាងដែលអ្នកត្រូវការទិញ ដោយហេតុថា បើសិនជាចេះតថ្លៃ នោះអ្នកនឹងអាចសន្សំសំច័យប្រាក់បានភ្លាមៗនៅនឹងកន្លែង។

    លោក Cuban ផ្ដល់យោបល់ថា៖ អ្នកត្រូវតែរក្សាប្រាក់ឱ្យបានគ្រប់គ្រាន់សម្រាប់ចាយក្នុងរយៈពេល1ឆ្នាំ ដើម្បីធានាទៅលើផ្នែកហិរញ្ញវត្ថុនៅពេលអ្នកជួបបញ្ហាមិនអាចរកចំណូលបាន ហើយប្រាក់ដែលនៅសល់ពីនេះ គួរតែយកទៅវិនិយោគដើម្បីរកចំណេញ៕

    ប្រភព៖ CNBC

     

  • លោក Trump ធ្លាប់ត្រូវដកដង្ហើមពីប្រព័ន្ធជំនួយអ៊ុកស៊ីហ្សែន ដោយសារកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ព្រោះតែក្ដៅខ្លួនខ្លាំង

    លោក Trump ធ្លាប់ត្រូវដកដង្ហើមពីប្រព័ន្ធជំនួយអ៊ុកស៊ីហ្សែន ដោយសារកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ព្រោះតែក្ដៅខ្លួនខ្លាំង

    វេជ្ជបណ្ឌិតមកពីសេតវិមាន គឺលោក Sean Conley បានទទួលស្គាល់ថា បានព្យាយាមលាក់បាំងការពិតដែលថា លោក Trump ត្រូវដកដង្ហើមដោយមានជំនួយពីប្រព័ន្ធអ៊ុកស៊ីហ្សែន នៅពេលកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ដោយសារតែក្ដៅខ្លួនខ្លាំង។

    “ស្ថានភាពសុខភាពរបស់ប្រធានាធិបតីកំពុងល្អប្រសើរឡើងជាបណ្ដើរៗ ហើយលោកអាចចេញពីមន្ទីរពេទ្យយ៉ាងឆាប់បំផុតគឺនៅថ្ងៃទី5តុលា” នេះបើតាមវេជ្ជបណ្ឌិតរបស់សេតវិមាន លោក Sean Conley ដែលបាននិយាយកាលពីថ្ងៃទី4តុលា នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីអំពីស្ថានភាពសុខភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

    លោក Conley ឱ្យដឹងថា លោក Trump ត្រូវប្រើថ្នាំ dexamethasone បន្ថែមពីលើថ្នាំដែលកំពុងព្យាបាល ដែលនេះបានធ្វើឱ្យការព្រួយបារម្ភខ្លាំងអំពីប្រតិកម្មនៃការរលាកដែល COVID-19 ធ្វើឱ្យកើតមាននៅក្នងសួត និងអាការផ្សេងទៀត។

    លោក Trump កំពុងទទួលការព្យាបាលដោយប្រើថ្នាំ remdesivir ជាថ្នាំប្រឆាំងនឹងវីរុស ទប់ទល់នឹងការឆ្លងរោគដោយសារCOVID-19។ Sean Dooley ដែលជាវេជ្ជបណ្ឌិតម្នាក់ផ្សេងទៀត បានឱ្យដឹងថា លោក Trump “មិនមានអាការក្ដៅខ្លួន ចាប់តាំងពីព្រឹកថ្ងៃទី2តុលា។ សញ្ញានៃការរស់រានរបស់លោក នៅតែល្អប្រសើរ ហើយលោកនៅតែស្ថិតក្នុងបន្ទប់ស្អាត អាចដើរដោយខ្លួនឯងបានដោយមិនចាំបាច់មានអ្នកជួយ”។

    ក៏ប៉ុន្តែ នៅចំពោះមុខការសួរជីកឫសជីកគល់របស់ក្រុមអ្នកសារព័ត៌មាន លោក Conley ក៏បានបង្ហើបប្រាប់ថា លោក Trump ធ្លាប់ក្ដៅខ្លួនខ្លាំង និងកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមត្រូវថយចុះក្រោម94% (ធម្មតាគឺ96 ឬខ្ពស់ជាងនេះ) កាលពីព្រឹកថ្ងៃទី2តុលា។

    វេជ្ជបណ្ឌិត​ Sean Coley និង​ក្រុម​ការ​ងារ​

    លោក Conley បញ្ជាក់ថា ដោយសារមូលហេតុខាងលើ ក្រុមវេជ្ជបណ្ឌិតក៏បានស្នើឱ្យលោក Trump ដកដង្ហើមពីបំពង់អ៊ុកស៊ីហ្សែន ប៉ុន្តែដំបូងឡើយលោកបានប្រកែក ហើយក្រោយមកក៏បានយល់ព្រម។ បន្ទាប់ពីទទួលបានអ៊ុកស៊ីហ្សែនបន្ថែម កំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមរបស់គាត់ក៏បានឡើងដល់កម្រិតធម្មតាដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ នៅចុងថ្ងៃនោះដែរ លោក Trump ក៏បានឡើងឧទ្ធម្ភាគច្រើន ធ្វើដំណើរទៅកាន់ Walter Reed។

    លោក Conley ទទួលស្គាល់ថា បានចៀសវាងការឆ្លើយត្រង់ទៅនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាន ព្រោះតែ “កំពុងព្យាយាមបង្ហាញអំពីភាពជឿជាក់របស់ក្រុមវេជ្ជបណ្ឌិតដែលកំពុងធ្វើការព្យាបាល និងប្រធានាធិបតី នៅក្នុងដំណាក់កាលលោកមានជំងឺ។ លោក Conley បន្តថា៖ “ខ្ញុំមិនចង់ផ្ដល់ព័ត៌មានណាដែលនាំឱ្យមានការយល់ច្រឡំអំពីស្ថានភាពជំងឺ ដែលប្រការនេះ បាននាំឱ្យយើងព្យាយាមលាក់បាំងព័ត៌មានខ្លះដែលមិនចាំបាច់ត្រូវនិយាយការពិត”។

    នៅពេលត្រូវបានសួរអំពីលទ្ធភាពដែលប្រព័ន្ធសួតរបស់លោក Trump ត្រូវរងរបួស ឬត្រូវឆ្លងរោគ លោក Conley និយាយថា៖ “យើងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ ហើយមានបញ្ហាខ្លះបានកើតឡើងដូចការគិត ប៉ុន្តែមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើង”៕

    ប្រភព៖ AP

  • កម្ពុជា​រក​ឃើញ​ករណី​ផ្ទុក​ COVID-19 ថ្មី​ចំនួន​2​នាក់​ ខណៈ​ពិភព​លោក​រកឃើញ​ជាង​4​ពាន់​នាក់​បន្ថែម​ទៀត

    កម្ពុជា​រក​ឃើញ​ករណី​ផ្ទុក​ COVID-19 ថ្មី​ចំនួន​2​នាក់​ ខណៈ​ពិភព​លោក​រកឃើញ​ជាង​4​ពាន់​នាក់​បន្ថែម​ទៀត

    ក្រសួង​សុខាភិបាល​កម្ពុជា​ នា​ព្រឹក​នេះ​ (5តុលា) ​បាន​ប្រកាស​ថា បាន​រកឃើញ​ករណី​ផ្ទុក​វីរុស​COVID-19ថ្មី​ចំនួន​2​នាក់​បន្ថែម​ទៀត​កាល​ពី​ម្សិល​មិញ​។

    ករណី​ផ្ទុក​វីរុស​COVID-19 ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ខាង​លើ​នេះ​ កើត​ឡើង​ចំពោះបុរស​​ជនជាតិ​បារាំង​ម្នាក់​មាន​អាយុ​27​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប និងស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​មាន​អាយុ​34​ឆ្នាំ​​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​នា​​ទីក្រុង​​ នៅ​ភ្នំ​ពេញ​។

    ដូច្នេះ គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​280​នាក់​ ក្នុង​នោះ​មាន​6​ករណី​កំពុង​ទទួល​ការ​ព្យាបាល​ 274​ករណី​បាន​ជា​សះស្បើយ។

    ដោយ​ឡែក​នៅ​ទូទាំង​សកល​លោក​ បច្ចុប្បន្ន តួលេខស្ដី​អំពី​​អ្នក​បាន​ឆ្លង​វីរុស​នេះ​ បាន​កើន​ដល់​35,393,800​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​4,106​នាក់​ ករណី​ស្លាប់សរុប​​1,041,780នាក់​ និង​ជា​សះស្បើយ​26,619,892នាក់​ ចំណែក​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​ មាន​ចំនួន​7,732,128​នាក់ ក្នុង​នោះ​មាន​66,503​នាក់​កំពុង​ប្រឈម​នឹង​​ហានិភ័យ​បាត់​បង់​​​ជីវិត៕

    ប្រភព៖ ក្រសួង​សុខាភិបាល, Worldometers

  • ជំនួយការផ្ទាល់ម្នាក់ទៀតរបស់លោក Trump ឆ្លងវីរុសCOVID-19

    ជំនួយការផ្ទាល់ម្នាក់ទៀតរបស់លោក Trump ឆ្លងវីរុសCOVID-19

    Nicholas Luna ជាជំនួយការផ្ទាល់ម្នាក់ដែលតែងធ្វើការនៅក្បែរប្រធានាធិបតី Donald Trump បានលទ្ធផលវិជ្ជាមានជាមួយនឹងCOVID-19 ក្រោយពីបានធ្វើតេស្តរកមេរោគ ដែលដំណឹងនេះ ត្រូវបានមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN។

    លោក Nicholas Luna គឺជាជំនួយការជិតស្និទ្ធម្នាក់របស់លោក Donald Trump ដែលតែងតែអមដំណើរលោកទាំងថ្ងៃ ទាំងយប់។ ភារកិច្ចរបស់លោក Nicholas Luna មានច្រើន រាប់ចាប់ពីត្រួតពិនិត្យឯកសារ ការពិនិត្យទៅលើសុន្ទរកថានានារបស់លោក Trump ការសង្ខេបដំណឹងពីសារព័ត៌មាននិងសៀវភៅសម្រាប់ម្ចាស់សេតវិមាន ឬត្រៀមប៊ិកសម្រាប់លោក Trump ចុះហត្ថលេខា។ល។

    ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី1តុលា បានប្រកាសថា លោកនិងលោកស្រី Melania វិជ្ជមានជាមួយនឹង COVID-19 ហើយក្រោយមកក៏បានចូលពេទ្យនៅ Maryland ដើម្បីព្យាបាលជំងឺ។

    Nicholas Luna និង​លោក​Trump

    លោក Sean Conley ដែលជាវេជ្ជបណ្ឌិតរបស់លោក Trump បានឱ្យដឹងថា ប្រធានាធិបតី “នៅមានសុខភាពល្អ និងបានធូរស្រាលជាងមុន”។ លោក Conley បន្តថា លោក Trump មិនមានអាការក្រៅខ្លួន ហើយក៏មិនត្រូវការអ៊ុកស៊ីហ្សែនបន្ថែមនោះដែរ។ បើទោះជា Conley បញ្ជាក់ថា លោក Trump “មិនទាន់ឆ្លងផុតគ្រោះថ្នាក់” ប៉ុន្តែក្រុមគ្រូពេទ្យនៅតែសង្ឃឹមចំពោះស្ថានភាពសុខភាពរបស់លោក។

    នៅក្នុងវីដេអូពីមន្ទីរពេទ្យយោធា Walter Reed ជាកន្លែងដែលលោក Trump កំពុងទទួលការព្យាបាលជំងឺCOVID-19 ប្រធានាធិបតីរូបនេះបានឱ្យដឹងថា លោកមានអារម្មណ៍ថាបានប្រសើរជាងមុន ទន្ទឹមនឹងនេះ លោកក៏បានប្រកាសថា “នឹងត្រឡប់មកវិញ” ក្នុងពេលឆាប់ៗនេះ៕

    ប្រភព៖ CNN

  • អ្នក​ណា​ខ្លះ​ដែល​បាន​​នៅ​ក្បែរ​លោក​ Trump រយៈ​ពេល​7​ថ្ងៃនៃ​សប្ដាហ៍​មុន​​​? អ្នក​ណា​ខ្លះ​បានឆ្លង​​ ឬ​​មិន​បាន​ឆ្លង​COVID-19 ពី​លោក​ Trump?

    អ្នក​ណា​ខ្លះ​ដែល​បាន​​នៅ​ក្បែរ​លោក​ Trump រយៈ​ពេល​7​ថ្ងៃនៃ​សប្ដាហ៍​មុន​​​? អ្នក​ណា​ខ្លះ​បានឆ្លង​​ ឬ​​មិន​បាន​ឆ្លង​COVID-19 ពី​លោក​ Trump?

    យ៉ាង​ហោច​ណាស់​​ក៏​មាន​មនុស្ស​ចំនួន​27​នាក់​ដែល​ធ្លាប់​បាន​នៅក្បែរ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump​ កាល​ពី​​​សប្ដាហ៍​មុន​ ក្នុង​នោះ​មាន​4​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​​13​នាក់​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​ ចំណែក​10​នាក់​ផ្សេង​ទៀត​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៃការ​ធ្វើ​តេស្ត​នៅ​ឡើយ។

    ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​​ស្ដីអំពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ទៅ​លើ​ក្រុម​មនុស្ស​ដែល​ធ្លាប់​បាន​នៅក្បែរ​លោក Trump ក្នុងអំឡុង​​​7​ថ្ងៃ​នៃ​សប្ដាហ៍​មុន​៖

    ក្រុម​មនុស្ស​ដែល​ “វិជ្ជមាន” ​ជាមួយ​នឹង​ COVID-19


    ក្រុម​មនុស្ស​ដែល​ “អវិជ្ជមាន​” ជាមួយ​នឹង​ COVID-19

    ក្រុម​មនុស្សដែល​ “មិន​ទាន់​ទទួលបាន​លទ្ធផល” ​នៃ​ការ​ធ្វើ​តេស្ត​

    ប្រភព​៖ Washington Post

  • ឆ្លើយតបចំណុចសង្ស័យ៖ តើនឹងមានអ្វីកើតឡើង បើលោកត្រាំ ឈឺធ្ងន់ រហូតបំពេញតួនាទីមិនកើត?

    ឆ្លើយតបចំណុចសង្ស័យ៖ តើនឹងមានអ្វីកើតឡើង បើលោកត្រាំ ឈឺធ្ងន់ រហូតបំពេញតួនាទីមិនកើត?

    ទីភ្នាក់ងារព័ត៌មានBBC បានរួបរួមសំណួរ និងចម្លើយ ស្ដីពីភាពអាចទៅរួចផ្សេងៗ ដែលអាចនឹងកើតឡើង ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានវិនិច្ឆ័យថា ឆ្លងមេរោគកូវីដ-19 ត្រឹមមិនប៉ុន្មានសប្ដាហ៍ មុននឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្វើឱ្យកើតមានសំណួរឡើងជាច្រើន ហើយខាងក្រោមនេះ គឺជាសំណួរ និងចម្លើយ ស្ដីពីភាពអាចទៅរួចក្នុងទស្សនៈផ្សេងៗ…។

    តើលោកប្រធានាធិបតី ត្រាំ នឹងខកខានការធ្វើយុទ្ធនាការរកសំឡេងឆ្នោតអ្វីខ្លះ?
    លោកត្រាំ ត្រូវបានសុំឱ្យបង្ខាំងបរិវេណខ្លួនឯងរយៈពេល 10ថ្ងៃ រាប់តាំងពីពេលដែលលោកត្រូវបានវិនិច្ឆ័យថា ឆ្លងកូវីដ-19 កាលពីថ្ងៃទី1 តុលា ដូច្នេះលោកប្រហែលជាអាចចូលរួមការធ្វើឌីបេត(និយាយតតាំងគ្នា)លើកទី2 ជាមួយលោក ចូ បៃដិន គូប្រជែងដណ្ដើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្ស ដេម៉ូក្រេត ដែលកំណត់ធ្វើឡើងនៅថ្ងៃទី15 តុលា ខាងមុខនេះបាន។
    តែយ៉ាងណាក៏ដោយ កាលបរិច្ឆេទការឃោសនារកសំឡេងឆ្នោត ដែលនឹងធ្វើឡើងនៅក្នុងរដ្ឋហ្វ្លរីដា នៅថ្ងៃទី2តុលា កន្លងទៅ ត្រូវបានលុបចោល ខណៈដែលកាលកំណត់យុទ្ធនាការរកសំឡេងឆ្នោតក្នុងអំឡុងពេលដ៏កៀកថ្មី 1ទៀតរបស់លោកត្រាំ ត្រូវបានលុបចោល ឬមិនទេក៏ពន្យារពេលទាំងអស់រួចហើយ។

    តើស្ថិតក្នុងស្ថានការណ៍ណា ដែលនឹងធ្វើឱ្យការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវពន្យារពេល?
    ពិតប្រាកដណាស់ថា ការបង្ខាំងនៅដាច់ដោយឡែករបស់លោកត្រាំ បានហុចផលប៉ះពាល់ដល់យុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ដូច្នេះហើយទើបមានសំណួរតាមមកថា តើការបោះឆ្នោត នឹងត្រូវពន្យារពេលឬទេ? និងតើរឿងនោះនឹងកើតឡើងដោយរបៀបណា?
    ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានកំណត់ដោយច្បាប់ថា នឹងធ្វើឡើងនៅថ្ងៃអង្គារ បន្ទាប់ពីថ្ងៃចន្ទដំបូង របស់ខែវិច្ឆិកា ដោយនឹងធ្វើឡើងរៀងរាល់ 4ឆ្នាំម្ដង ដែលក្នុងឆ្នាំនេះ ត្រូវនឹងថ្ងៃទី3 វិច្ឆិកា។
    ការផ្លាស់ប្ដូរ ឬពន្យារថ្ងៃបោះឆ្នោត អាស្រ័យលើសមាជិកសភាកុងក្រេស មិនមែនប្រធានាធិបតីទេ ដោយមិនចាំបាច់ត្រូវបានទទួលសំឡេងភាគច្រើនពីខាងសភា ក្នុងការបោះឆ្នោតផ្លាស់ប្ដូរថ្ងៃបោះឆ្នោតអ្វីទាំងអស់ ដែលរឿងនេះប្រហែលជាមិនអាចកើតឡើងបានឡើយ នៅពេលពិចារណាពីស្ថានភាពពិត ដែលថា គណបក្សដេម៉ូក្រេត គ្រប់គ្រងសំឡេងភាគច្រើនក្នុងសភាតំណាងរាស្ត្រ។
    ទោះជាការផ្លាស់ប្ដូរថ្ងៃបោះឆ្នោត អាចនឹងកើតមានឡើងមែនក៏ដោយ តែរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានកំណត់ច្បាស់លាស់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក មានអាណត្តិគ្រងតំណែងត្រឹមតែ 4ឆ្នាំប៉ុណ្ណោះ ដូច្នេះការគ្រងតំណែងរបស់លោកត្រាំ នឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ ក្នុងអំឡុងពេលថ្ងៃត្រង់ នៃថ្ងៃទី20 មករា ឆ្នាំ2021។

    តើនឹងមានអ្វីកើតឡើង បើលោកត្រាំ មិនអាចប្រតិបត្តិតួនាទីបាន?
    ខណៈនេះលោកប្រធានាធិបតីត្រាំ មានអាការជំងឺត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ តែបើសិនជាលោកធ្លាក់ខ្លួនឈឺធ្ងន់ រហូតមិនអាចបំពេញតួនាទីបាន រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានបើកផ្លូវឱ្យប្រធានាធិបតី អាចផ្ទេរប្រគល់អំណាចក្នុងការគ្រប់គ្រង ឱ្យទៅអនុប្រធានាធិបតីបាន ដែលនឹងធ្វើឱ្យលោក មៃខ៍ ផេនស៍ ក្លាយជាប្រធានាធិបតីស្ដីទី និងនៅពេលលោកត្រាំ ជាសះស្បើយ រឹងមាំស្រួលបួលឡើងវិញ ក៏អាចវិលមកគ្រងតំណែងបានដូចដើម។
    បើសិនជាប្រធានាធិបតីសហរដ្ឋអាមេរិក ឈឺធ្ងន់ខ្លាំង មិនអាចធ្វើការផ្ទេរប្រគល់អំណាចបាន គណៈរដ្ឋមន្ត្រី និងអនុប្រធានាធិបតី អាចប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិក មិនអាចបំពេញតួនាទីតទៅទៀតបានទេ ហើយលោក ផេនស៍ នឹងចូលមកបំពេញតួនាទីជាប្រធានាធិបតីសហរដ្ឋអាមេរិកជំនួសតែម្ដង។
    បើសិនលោក ផេនស៍ ក្លាយជាអ្នកដែលគ្មានសមត្ថភាពក្នុងការប្រតិបត្តិតួនាទីខាងលើនោះបាន អ្នកដែលនឹងឡើងមកគ្រប់គ្រងអំណាច ក្នុងការធ្វើការងារនេះជំនួសគឺ លោកស្រី នែនស៊ី ប៉េឡូហ្ស៊ី ប្រធានសភា មកពីគណបក្សដេម៉ូក្រេត តែ គេជឿថា ការផ្ទេរប្រគល់អំណាចបែបនេះ ប្រហែលនឹងមិនអាចកើតឡើងងាយៗនោះទេ និងត្រូវតែធ្វើឱ្យមានការតស៊ូខាងនយោបាយកើតឡើងមិនខាន។

    តើពីមុនមក ធ្លាប់មានប្រធានាធិបតីសហរដ្ឋអាមេរិកណា បំពេញតួនាទីមិនបានដែរឬទេ?
    កាលពីឆ្នាំ1985 លោកប្រធានាធិបតី រ៉ូណាល់ រីហ្គែន ត្រូវបាននាំខ្លួនទៅមន្ទីរពេទ្យ ដើម្បីវះកាត់ព្យាបាលជំងឺមហារីក។ លោកបានតែងតាំងឱ្យលោក ចច អេចឆ៍ ដាប់ប៊ើលយូ ប៊ូស អនុប្រធានាធិបតីនាពេលនោះ ឡើងបំពេញតួនាទីជំនួស។
    នៅឆ្នាំ2002 និងឆ្នាំ2007 លោកប្រធានាធិបតី ចច ដាប់ប៊ើលយូ ប៊ូស ក៏បានផ្ទេរប្រគល់អំណាច ឱ្យទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិកដូចគ្នា នៅពេលដែលលោកត្រូវគេដាក់ថ្នាំសន្លប់ ដើម្បីស៊កបំពង់កាមេរ៉ាចូលក្នុងពោះ ពិនិត្យពោះវៀនធំ។

    បើសិនលោកត្រាំ មិនអាចចូលប្រកួតប្រជែងក្នុងការបោះឆ្នោតបាន តើឈ្មោះរបស់អ្នកណា នឹងត្រូវបង្ហាញនៅលើបណ្ណបោះឆ្នោត?
    មិនថាតែដោយហេតុផលអ្វីក៏ដោយ បើសិនបេក្ខជនដែលបានទទួលការជ្រើសរើសពីគណបក្សនយោបាយ ឱ្យចូលប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីនោះ មិនអាចបំពេញតួនាទីបាន លោក ម៉ៃខ៍ ផេនស៍ ដែលទោះជាកំពុងបំពេញតួនាទីជំនួសប្រធានាធិបតីបានក៏ដោយ តែក៏មិនអាចក្លាយជាបេក្ខភាពតំណាងគណបក្ស រីផាប់ប្ល៊ីកាន់ ក្នុងការចុះឈ្មោះធ្វើជាបេក្ខជនដណ្ដើមតំណែងប្រធានាធិបតី ជំនួសលោកត្រាំបានដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តោះ! នាំគ្នាមកមើលសារ និងComment ជនល្បីៗទូទាំងពិភពលោក ក្រោយដឹងថា លោកត្រាំ ឆ្លងកូវីដ-19

    តោះ! នាំគ្នាមកមើលសារ និងComment ជនល្បីៗទូទាំងពិភពលោក ក្រោយដឹងថា លោកត្រាំ ឆ្លងកូវីដ-19

     

    អាចនិយាយបានថា ជាព័ត៌មានដែលសាងភាពភ្ញាក់ផ្អើលទូទាំងពិភពលោក នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធ្វីតធើរកាលពីម្សិលមិញ(ទី2តុលា)ថា រូបលោក និងភរិយា“មេឡានី” បានឆ្លងមេរោគកូវីដ-19 និងកំពុងស្ថិតក្នុងដំណើរការបង្ខាំងខ្លួននៅដោយឡែក និងព្យាបាលខ្លួន មុនដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រឹមតែ1ខែទៀតប៉ុណ្ណោះ។

    ខាងក្រោមនេះ គឺជាប្រតិកម្ម និង Comment ខ្លះៗ ពីមនុស្សនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកខ្លួនឯង និងអ្នកវិភាគ, សាព័ត៌មាន និងមេដឹកនាំប្រទេសមួយចំនួន។

    -លោកអនុប្រធានាធិបតី ម៉ៃខ៍ ផេនស៍
    “ខារេន និងខ្ញុំ សូមផ្ញើសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នាល្អជូនចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និង មេឡានី ត្រាំ ដែលជាមិត្តសម្លាញ់របស់យើង។ យើងទាំង 2នាក់ និងជនជាតិអាមេរិកទូទាំងប្រទេស សូមភាវនាបន់ស្រន់ ឱ្យលោកឆាប់ជាសះស្បើយ។ សុំឱ្យព្រះជាម្ចាស់ ឃុំគ្រងលោកប្រធានាធិបតី ត្រាំ និងមេឡានី កំពូលស្ត្រីទី1 របស់យើង”

    -កាប្រៀល អាត់ថាល អ្នកនាំពាក្យរដ្ឋាភិបាលបារាំង
    “នេះគឺ ចំណុចពិសោធថា មេរោគវីរុស មិនលើកលែងចំពោះនរណាម្នាក់ឡើយ ទោះជាអ្នកដែលសង្ស័យលើខ្លួនវាក៏ដោយ ខ្ញុំសូមឱ្យលោកឆាប់ជាសះស្បើយពីអាការជំងឺឱ្យបានលឿនបំផុត”

    -ហ៊ូ ស៊ីជីន បណ្ណាធិការគ្រប់គ្រងសារព័ត៌មាន ហ្គ្លោបល ថាមស៍
    “ប្រធានាធិបតីត្រាំ និងស្ត្រីលេខ1 ត្រូវសងថ្លៃ ដែលពួកគាត់បដិសេធភាពកាចសាសហាវរបស់កូវីដ-19។ ដំណឹងនេះ ធ្វើឱ្យមើលឃើញថា ស្ថានការណ៍រោគរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក ធ្ងន់ធ្ងរប៉ុនណា? វាបំផ្លាញទិដ្ឋភាពទូទៅរបស់លោកត្រាំ និងសហរដ្ឋអាមេរិក និងហុចផលក្នុងន័យអវិជ្ជមានចំពោះរូបលោក ក្នុងសឹកបោះឆ្នោតជ្រើសតាំងខាងមុខទៀតផង”

    -សារព័ត៌មាន ឆាយណា ដេលី
    “ការដែលលោកត្រាំ និងភរិយា មានលទ្ធផលវិជ្ជមាន គឺជារឿងដែលត្រូវដាស់តឿនបន្ថែមថា វីរុសកូរ៉ូណា នៅតែចម្លងសាយភាយចេញទៅ ទោះលោកត្រាំ ខំព្យាយាមអះអាងយ៉ាងគ្មានប្រយោជន៍ថា វាលែងមានគ្រោះថ្នាក់ហើយក៏ដោយ។ ចាប់តាំងពីវីរុស បានឧប្បត្តិឡើងកាលពីដើមឆ្នាំនេះ លោកត្រាំ, សេតវិមាន និងក្រុមឃោសនារកសំឡេងឆ្នោតរបស់លោក បានមើលរំលងភាពធ្ងន់ធ្ងររបស់វាមករហូត និងបដិសេធក្នុងការធ្វើតាមការណែនាំរបស់មន្ត្រីសុខភាពសាធារណៈ…ឬសូម្បីតែពាក្យណែនាំដែលចេញពីរដ្ឋបាលរបស់លោកខ្លួនឯង ដូចជា ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ និងទុកគម្លាតឆ្ងាយពីគ្នាក្នុងសង្គមក៏ដោយ និងផ្ទុយទៅវិញ លោកត្រាំ នៅតែរៀបចំវេទិកាធ្វើអត្ថាធិប្បាយ ដែលមានអ្នកគាំទ្រ ចូលរួមរាប់ពាន់នាក់”

    -សេចក្ដីថ្លែងការណ៍ ពីអ្នកនាំពាក្យទីស្ដីការប្រធានាធិបតីតៃវ៉ាន់
    “លោកស្រីប្រធានាធិបតី ឆៃ (អ៊ិងវឹន) បានជ្រាបដំណឹងហើយ ទើបសូមផ្ញើបំណងប្រាថ្នាល្អ ទៅរដ្ឋបាលសហរដ្ឋអាមេរិក តាមរយៈដំណើរផ្លូវការទូត ដោយសង្ឃឹមថា លោកប្រធានាធិបតី ត្រាំ និងភរិយា នឹងជាសះស្បើយយ៉ាងឆាប់រហ័ស ក្រោមការមើលថែទាំពីក្រុមគ្រូពេទ្យជំនាញៗ”

    -ឆេន អូលីវើរ ប្រធានផ្នែកយុទ្ធសាស្ត្រការវិនិយោគទុនរបស់ AMP Capital
    “ការដែលលោកត្រាំ ឆ្លងមេរោគវីរុសកូរ៉ូណា អាចនឹងជួយឱ្យលោកទទួលបានពិន្ទុអាណិតអាសូរខ្លះឡើងវិញ…ស្ថានការណ៍ អាចទៅរួចច្រើនយ៉ាង បើលោកមានលទ្ធផលពិនិត្យមេរោគ វិជ្ជមាន តែអាការមិនធ្ងន់ធ្ងរ គ្រប់យ៉ាងក៏អាចនឹងចប់ក្នុងរយៈពេល 2-3ថ្ងៃ តែបើដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យវិញនោះ វានឹងសាងនូវក្ដីវិតក្កកង្វល់ចំពោះទីផ្សារកាន់តែខ្លាំងឡើង។ ប្រាកដណាស់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលគាំងនៅទ្រឹង ច្បាស់ជាធ្វើឱ្យភាគីជាច្រើនបារម្ភថា លោកត្រាំនឹងចាញ់ការបោះឆ្នោត”

    “ជាទូទៅវិញ ទីផ្សារ តែងតែនឹកសង្ឃឹមឱ្យលោកត្រាំ ជាអ្នកឈ្នះ និងអ្នកវិនិយោគទុនភាគច្រើន ក៏ចង់ឱ្យលោកត្រាំធ្វើជាអ្នកដឹកនាំតទៅទៀតដែរ ព្រោះទាំងអស់នោះមានន័យពី អត្រាភាស៊ីដែលទាប និងរបៀបរបបច្បាប់ ដែលមានតិចជាងរដ្ឋបាលលោក បៃដិន”

    -ណាអូយ៉ៈ អូឈិប៊ុកុ អ្នកសេដ្ឋសាស្ត្រជើងចាស់ មកពីស៊ូមិតូម៉ូ មីតស៊ុយ ត្រាស់ អ៊ែសសិត មែនេចជើមែនត៍
    “លោកត្រាំ នៅមានពិន្ទុនិយមតាមពីក្រោយលោក បៃដិន ហើយលោកមិនអាចធ្វើពិន្ទុឱ្យល្អឡើងមកបាន តាមរយៈការឌីបេត ជុំដំបូង ដែលអាចរាប់បានថា សំខាន់បំផុតក្នុងចំណោមការឌីបេតទាំង 3លើកនោះឡើយ…ខ្ញុំគិតថា អ្នកវិនិយោគទុន ប្រហែលជាចាប់ផ្ដើមសន្និដ្ឋានបានខ្លះៗហើយថា លោកបៃដិន នឹងក្លាយជាអ្នកឈ្នះការបោះឆ្នោត”

    “រឿងដែលខ្ញុំកង្វល់ ក៏គឺ លោកត្រាំ អាចនឹងបង្ហាញឥរិយាបថច្រងេងច្រងាងជាមួយចិនខ្លាំងឡើង តាមរយៈដែលខ្លួនឯងឆ្លងមេរោគវីរុសនេះ វាក៏ដូចគ្នានឹងនាយករដ្ឋមន្ត្រី បូរីស ចនសុន របស់អង់គ្លេស ដែលតតាំងនឹងចិនខ្លាំងឡើង ក្រោយពីលោកឆ្លងមេរោគកូវីដ-19”

    ប្រភព៖ សារព័ត៌មានរ៉យទ័រ

     

  • Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ដោយ​​សារ​​​ឆ្លង​វីរុស​COVID-19 ​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត

    Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ដោយ​​សារ​​​ឆ្លង​វីរុស​COVID-19 ​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត

    នៅពេលដែលប្រធានាធិបតី Donald Trump ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ គូបដិបក្ខរបស់លោក គឺលោក Joe Biden និងអនុប្រធានាធិបតីរបស់លោក Trump ទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹង COVID-19។

    Trump បានឡើងឧទ្ធម្ភាគចក្រចាកចេញពីសេតវិមាន ឆ្ពោះទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed ដោយសារតែមានអាការក្ដៅខ្លួន។

    ប្រមាណជា17ម៉ោង បន្ទាប់បានទទួលបានលទ្ធផលវិជ្ជមានជាមួយនឹង COVID-19 លោក Trump ត្រូវបានគេឃើញថា បានធ្វើដំណើរយ៉ាងយឺតៗឆ្លងកាត់វាលស្មៅនៅខាងត្បូងនៃសេតវិមាន ដើម្បីឡើងឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed នៅ Bethesda រដ្ឋ Maryland កាលពីថ្ងៃទី2តុលា (វេលាទៀបភ្លឺ ថ្ងៃទី3តុលានៅភ្នំពេញ)។

    Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត
    លោក​ Trump ត្រៀម​ឡើង​ឧទ្ធម្ភាគ​ចក្រ​ ទៅ​ព្យាបាល​ជំងឺ​

    លោក Trump ពាក់ម៉ាស់ និងមិនបាននិយាយអ្វីជាមួយអ្នកកាសែតនោះឡើយ ដោយគ្រាន់តែលើកដៃស្វាគមន៍ ហើយពេលខ្លះក៏បានលើកម្រាមដៃមេឡើងលើ ដែលបង្ហាញថា លោកមិនថ្វីនោះទេ។ ក្រុមបុគ្គលិកដែលអមដំណើរ និងក្រុមទាហានឈរក្បែរ សុទ្ធតែពាក់ម៉ាស់។

    “ខ្ញុំសូមអរគុណចំពោះអ្នកគ្រប់គ្នាដែលបានគាំទ្រយ៉ាងខ្លាំងក្លា។ ខ្ញុំនឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Walter Reed។ ខ្ញុំគិតថា ខ្ញុំមិនថ្វីទេ ប៉ុន្តែ យើងត្រូវតែធានាឱ្យប្រាកដថា គ្រប់យ៉ាងដំណើរការបានរលូន។ ភរិយារបស់ខ្ញុំក៏មិនថ្វីដែរ” លោក Trump បាននិយាយបែបនេះនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើទំព័រ Twitter កាលពីថ្ងៃទី2តុលា។

    លេខាផ្នែកសារព័ត៌មានរបស់សេតវិមាន អ្នកស្រី Kayleigh McEnany បានឱ្យដឹងថា លោក Trump នឹងធ្វើការនៅក្នុងបន្ទប់ពិសេសមួយនៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

    សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានមួយឱ្យដឹងថា លោក Trump អាយុ74ឆ្នាំ មានអាការក្ដៅខ្លួនតិចៗ។ វេជ្ជបណ្ឌិត Sean P. Conley ដែលប្រចាំការនៅសេតវិមាន បានឱ្យដឹងដែរថា លោក Trump “ហត់នឿយ ប៉ុន្តែស្មារតីនៅល្អណាស់”។

    វេជ្ជបណ្ឌិត Sean P. Conley

    លោក Conley ក៏បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ន លោក Trump កំពុងត្រូវបានព្យាបាលដោយប្រើប្រាស់ថ្នាំ REGN-COV2 របស់ Regeneron។ នេះគឺជាប្រភេទថ្នាំមួយក្នុងចំណោមថ្នាំព្យាបាល COVID-19 ដែលកំពុងត្រូវបានប្រើប្រាស់សាកល្បង ដែលត្រូវគេហៅថា Monoclonal antibodies (បកប្រែក្រៅផ្លូវការថា អង្គបដិប្រាណទោល) ដែលត្រូវប្រើដើម្បីព្យាបាលជំងឺជាច្រើនប្រភេទ។ Anthony Fauci ប្រធានវិទ្យាស្ថានអាឡែរហ្ស៊ី និងជំងឺឆ្លងជាតិនៃសហរដ្ឋអាមេរិក រួមនឹងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត ធ្លាប់បាននិយាយថា វិធីសាស្ត្រព្យាបាលនេះ ពិតជាអាចសង្ឃឹមបាន។ លោក Trump ក៏ប្រើថ្នាំវីតាមីន D, ថ្នាំស័ង្កសី, ថ្នាំ famotidine, melatonin និងថ្នាំ aspirin រាល់ថ្ងៃផងដែរ។

    យោងតាមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីត្រូវប្រគល់ការងារគ្រប់គ្រងប្រទេសទៅឱ្យអនុប្រធានាធិបតី ក្នុងករណីសុខភាពមិនអំណោយផល។ អតីតប្រធានាធិបតី Geoge W. Bush ក៏ធ្លាប់បានអនុវត្តតាមច្បាប់នេះ2លើក នៅក្នុងអាណត្តិរបស់ខ្លួន ពេលដែលលោកត្រូវការការព្យាបាលជំងឺ ខណៈដែល អតីតប្រធានាធិបតី Ronald Reagan ក៏ធ្លាប់ធ្វើបែបនេះ1ដង ដើម្បីវះកាត់។

    អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence

    អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence និងភរិយា Karen កាលពីថ្ងៃទី2តុលា បានទទួលលទ្ធផលអវិជ្ជមានជាមួយនឹងCOVID-19។ មន្ត្រីម្នាក់នៅសេតវិមាន ឱ្យដឹងថា លោក Trump មិនទាន់ប្រគល់អំណាចជូនលោក Pence នៅឡើយ ដោយសារលោកនៅមានសុខភាពល្អ និងអាចបន្តការងាររបស់ខ្លួនបាន។

    Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត
    លោក​ Joe Biden

    នៅពេលដែលប្រធានាធិបតី Donald Trump ត្រូវចូលព្យាបាលជំងឺនៅមន្ទីរពេទ្យ គូប្រជែងរបស់លោក គឺលោក Joe Biden ឯណោះវិញ ក៏ទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹង COVID-19។ Kevin O’Connor ដែលជាវេជ្ជបណ្ឌិតរបស់លោក Biden បានប្រកាសកាលពីថ្ងៃទី2តុលាថា៖ “អតីតអនុប្រធានាធិបតី Joe Biden និងភរិយា Jill Biden បានធ្វើតេស្ត PCR ក្នុងថ្ងៃនេះ និងរកឃើញថា មិនមានផ្ទុកវីរុសCOVID-19 នោះទេ”៕

    ប្រភព៖ Reuters

  • Designer ​ម្នាក់​ រក​បាន​ប្រាក់​1​សែន​ដុល្លារ​អាមេរិក​ ដោយ​ប្រើ​ពេល​តែ​6​ថ្ងៃ​ តាម​រយៈ​ការ​លក់​ ​icon ​សម្រាប់​ iOS ​14

    Designer ​ម្នាក់​ រក​បាន​ប្រាក់​1​សែន​ដុល្លារ​អាមេរិក​ ដោយ​ប្រើ​ពេល​តែ​6​ថ្ងៃ​ តាម​រយៈ​ការ​លក់​ ​icon ​សម្រាប់​ iOS ​14

    នៅក្នុងសម័យអ៊ីនធើណិតនេះ ការរកលុយ ពេលខ្លះពិតជាងាយស្រួលខ្លាំងណាស់ បើសិនជាយើងក្ដាប់បានទិន្នាការ ឬការពេញនិយមថ្មីៗដែលកំពុងត្រូវបានចាប់អារម្មណ៍ និងគាំទ្រខ្លាំង។

    បុរសជា designer ម្នាក់ ទើបតែបានចែករំលែកអំពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយទាក់ទងនឹង​ការ​រក​បាន​ប្រាក់​100,000​ដុល្លារ​របស់​ខ្លួន​ ដោយប្រើពេលមិនដល់1សប្ដាហ៍ តាមរយៈការលក់រូប icon ដែលអាចប្ដូរទម្រង់បានតាមចិត្ត សម្រាប់ទូរស័ព្ទដែលប្រើ iOS 14។

    កន្លងមក គេដឹងថា ក្រុមអ្នកអភិវឌ្ឍរកបានប្រាក់យ៉ាងច្រើនពីការសរសេរកម្មវិធីសម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS។ ប៉ុន្តែ ពេលនេះ គេបានដឹងថា មានវិធីថ្មីមួយទៀតដែលអាចរកបានប្រាក់ច្រើនពី iOS 14 នោះគឺការរចនា និងលក់ icon ដែលអាចច្នៃតាមចិត្តបាន។ ការងារថ្មីនេះ ទំនងជាងាយស្រួលជាងការសរសេរកូដកម្មវិធី ប៉ុន្តែ វាក៏អាចនាំប្រាក់ចំណូលមកឱ្យយើងមិនតិចនោះដែរ។

    កាលពីថ្ងៃទី20កញ្ញា អ្នករចនារូបភាព (designer) ដែលមានឈ្មោះថា Traf បានបង្ហោះបណ្ដុំរូប icon ថ្មីរបស់ខ្លួននៅលើ Twitter ដែល icon ទាំងនេះត្រូវបានគាត់ធ្វើឡើងសម្រាប់អេក្រង់ iOS 14។ អត្ថបទរបស់គាត់ ទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម ដោយសារតែវាមានលក្ខណច្នៃប្រឌិត និងទាក់ទាញ។

    ក្រោយពីដឹងថា មានមនុស្សជាច្រើនចាប់អារម្មណ៍ Traf ក៏បានរចនា icon ទៅតាមលក្ខណៈដែលខ្លួនចូលចិត្ត និងបានដាក់លក់នៅលើអ៊ីនធើណិត។ ដោយសារតែវាគួរឱ្យចង់ប្រើប្រាស់ បូករួមនឹងសំណាងខ្លះផងនោះ បណ្ដុំ icon នេះ ក៏មានអ្នកទាញយកទៅប្រើចំនួន3,626លើក ដែលនេះបានជួយឱ្យ Traf រកបានប្រាក់ដល់​ទៅ​100,000​ដុល្លារ ក្រោយរយៈពេលត្រឹមតែ6ថ្ងៃប៉ុណ្ណោះ។

    ទោះជាយ៉ាងណាក៏ដោយ ជោគជ័យនេះ មិនមែនបានមកដោយចំណាយពេលតែ1យប់ ឬក៏6ថ្ងៃនោះឡើយ។ Traf ត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាស្រាវជ្រាវ ក្នុងបំណងបង្កើនចំណេះដឹង និងសមត្ថភាពនៃការរចនារូបភាពរបស់ខ្លួន រួមទាំងការបន្ទាន់សម័យទាក់ទងនឹងទិន្នាការថ្មីបំផុតផងដែរ។

    មិត្តអ្នកអានទាំងឡាយ អាចចូលអានរឿងរ៉ាវបន្ថែមរបស់ Traf នៅទីនេះបាន៕

    ប្រភព៖ Appleinsider

  • សារព័ត៌មានចិន ចំអកឱ្យលោក Trump រឿងឆ្លង COVID-19

    សារព័ត៌មានចិន ចំអកឱ្យលោក Trump រឿងឆ្លង COVID-19

    អគ្គនិពន្ធនាយករបស់សារព័ត៌មាន Global Times យល់ថា លោក Trump និងលោកស្រី Melania បានទទួលផលវិបាក ដោយសារតែបានមើលស្រាល COVID-19 ក្រោយពីលោក Trump និងភរិយា ឆ្លងវីរុស។

    “ព័ត៌មាននេះបង្ហាញអំពីកម្រិតធ្ងន់ធ្ងរនៃស្ថានភាពមហារោគរាតត្បាតនៅសហរដ្ឋអាមេរិក។ វានឹងប៉ះពាល់ជាអវិជ្ជមានដល់កិត្តិនាមរបស់ Trump និងទឹកដីសហរដ្ឋអាមេរិក ព្រមទាំងអាចប៉ះពាល់យ៉ាងអាក្រក់ដល់ឱកាសជាប់ឆ្នោតម្ដងទៀតរបស់គាត់” នេះបើតាមអគ្គនិពន្ធនាយក Hu Xinjin មកពីសារការសែត Global Times ដែលស្ថិតក្រោមស្ថាប័នសារព័ត៌មាន People’s Daily របស់ចិន ជាអង្គភាពនាំពាក្យរបស់បក្សកុម្មុយនីស្ដចិន ដែលបានសរសេរនៅលើ Twitter នាថ្ងៃនេះ ទាក់ទិននឹងករណីឆ្លងវីរុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា។

    ចំណែកសារព័ត៌មាន China Daily ក៏បានវាយតម្លៃទៅលើលទ្ធផលវិជ្ជមានរបស់លោក Trump និងភរិយាថា៖ “ជាការក្រើនរំឭកផ្សេងមួយទៀតថា COVID-19 នៅតែឆ្លងរាលដាល បើទោះជា Trump ខំប្រឹងក្នុងក្ដីអស់សង្ឃឹមដើម្បីបង្ហាញថា វា (COVID-19) លែងនៅជាការគំរាមកំហែងទៀតហើយ”។

    អត្ថបទរបស់សារព័ត៌មាន China Daily មានឃ្លាសរសេរថា៖ “ចាប់តាំងពីវីរុសបានចាប់ផ្ដើមឆ្លងរាលដាលកាលពីដើមឆ្នាំ Trump សេតវិមាន និងក្រុមយុទ្ធនាការរបស់លោក បានបន្ទាបកម្រិតនៃការគំរាមកំហែង (របស់ COVID-19) ព្រមទាំងបានបដិសេធការណែនាំជាមូលដ្ឋានរបស់ស្ថាប័នសុខាភិបាល ដែលក្នុងនោះមានដូចជាការណែនាំរបស់អាជ្ញាធរសហរដ្ឋអាមេរិក ឱ្យមានការពាក់ម៉ាស់នៅទីសាធារណៈ និងធ្វើគម្លាតសង្គមជាដើម”។

    China Daily បន្តថា៖ “ជំនួសមកវិញ Trump បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលទាក់់ទាញអ្នកគាំទ្ររាប់ពាន់នាក់ចូលរួម។ វីរុសបានធ្វើឱ្យជនជាតិអាមេរិកាំងជាង200,000នាក់បានស្លាប់ និងជាង7លាននាក់បានឆ្លងវីរុស”។

    សូមរំឭកថា ថ្ងៃនេះ លោក Trump បានប្រកាសថា លោក និងភរិយា ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ លោក Trump សរសេរនៅលើ Twitter ថា៖ “យើងនឹងចាប់ផ្ដើមនៅដាច់ដោយឡែក និងព្យាបាលជាបន្ទាន់។ យើងនឹងឆ្លងផុតបញ្ហានេះជាមួយគ្នា”។

    មុននោះ Hope Hicks ដែលជាជំនួយការផ្ទាល់របស់លោក Trump ត្រូវបានរកឃើញថា មានផ្ទុកវីរុសCOVID-19 បន្ទាប់ពីអមដំណើរលោក Trump ទៅកាន់កន្លែងឃោសនារកសំឡេងឆ្នោតមួយនៅក្នុងរដ្ឋ Minnesota។ ទីប្រឹក្សាកំពូលៗដទៃទៀតរបស់លោក Trump ដូចជា Stephen Miller, Dan Scavino និង Jared Kushner (កូនប្រសាររបស់លោក Trump) ក៏បានដើរក្បែរនាង Hope Hicks ដោយពួកគេមិនបានពាក់ម៉ាស់នោះទេ៕

    ប្រភព៖ Reuters