Author: សឿន សំណាង

  • ភ្នាល់​ល្បែង​​ជាង​5​លាន​ដុល្លារ​អាមេរិក ​ព្រោះ​គិត​ថា ​Trump​ នឹង​ជាប់​ឆ្នោត​ជា​ថ្មី

    ភ្នាល់​ល្បែង​​ជាង​5​លាន​ដុល្លារ​អាមេរិក ​ព្រោះ​គិត​ថា ​Trump​ នឹង​ជាប់​ឆ្នោត​ជា​ថ្មី

    អតីតនាយកធនាគារអង់គ្លេសម្នាក់ បានចាក់ភ្នាល់ជាង5លានដុល្លារអាមេរិក ទៅលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយជឿថា លោក Trump នឹងជាប់ឆ្នោតម្ដងទៀត។

    អ្នកជំនួញដែលសុំមិនបញ្ចេញឈ្មោះម្នាក់ដែលកំពុងរស់នៅឯបរទេស បានចាក់ភ្នាល់ជាទឹកប្រាក់ចំនួ 3.9​លាន​ផោន (ជាង5លានដុល្លារអាមេរិក) នៅលើវង់ល្បែងមួយរបស់ប្រទេស Curacao ដែលស្ថិតក្នុងតំបន់សមុទ្រ Caribbean។ ខ្ទង់ប្រាក់ភ្នាល់របស់អ្នកជំនួញខាងលើ ត្រូវបានគេចាត់ទុកថា ជាខ្ទង់ប្រាក់ភ្នាល់ធំបំផុតមិនធ្លាប់មាននៅក្នុងវង់ល្បែងភ្នាល់អំពីនយោបាយ។

    អ្នកជំនួញនេះក៏បានទម្លាយឱ្យដឹងថា ខ្លួនបាននិយាយគ្នាជាមួយនឹងអ្នកគ្រប់គ្រងយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Trump ផងដែរ។ បើសិនជាការព្យាកររបស់លោកត្រឹមត្រូវ លោកនឹងទទួលបាន11.5លានផោន (ជិត15លានដុល្លារអាមេរិក) ត្រលប់មកវិញ។

    យោងតាមម្ចាស់វង់ល្បែង Ladbrokes នៅអង់គ្លេស ការចាក់ភ្នាល់ចំនួនបីក្នុងចំណោមការចាក់ភ្នាល់ធំៗចំនួន​បួនក្នុងសប្ដាហ៍កន្លង គឺសុទ្ធតែគិតថា លោក Trump នឹងជាប់ឆ្នោត។ Jessica O’Reilly ដែលជាតំណាងរបស់ក្រុមហ៊ុនវង់ល្បែង Ladbrokes ឱ្យដឹងថា ទោះជាលោក Biden កំពុងតែនាំមុខនៅក្នុងការស្ទង់មតិនានា ប៉ុន្តែ អតិថិជនរបស់ពួកគេនៅតែចាក់ភ្នាល់ទៅលើលោក Trump។

    ភ្នាល់ល្បែង​ជាង5លានដុល្លារអាមេរិក ព្រោះគិតថា Trump នឹងជាប់ឆ្នោតជាថ្មី
    ទោះជាលោក Biden កំពុងតែនាំមុខនៅក្នុងការស្ទង់មតិនានា ប៉ុន្តែ ក្រុម​អ្នក​ភ្នាល់​ល្បែង​នៅតែចាក់ភ្នាល់ទៅលើលោក Trump

    មុននេះ សារព័ត៌មាន CNN បានចេញផ្សាយថា នៅលើទំព័រ Betfair Exchange មានមនុស្សម្នាក់​បាន​ចាក់​ភ្នាល់​1​លាន​ផោន​ (1.29លានដុល្លារអាមេរិក) ទៅលើបេក្ខភាពមកពីបក្សប្រជាធិបតី Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក។ ការចាក់ភ្នាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី29តុលា ប៉ុន្តែអត្តសញ្ញាណរបស់មនុស្សនេះនៅតែត្រូវបានគេរក្សាការសម្ងាត់។ បើសិនជាឈ្នះ អ្នកភ្នាល់រូបនេះនឹងទទួលបានប្រាក់ចំណេញ 540,000ផោន (697,626ដុល្លារអាមេរិក) ទន្ទឺមនឹងការទទួលបានសំណងជាប្រាក់ដើមរបស់ខ្លួនត្រលប់មកវិញ។

    ជនជាតិអាមេរិកាំងមិនត្រូវបានអនុញ្ញាតឱ្យលេងល្បែងភ្នាល់ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនោះទេ។ ប៉ុន្តែ នៅប្រទេសអង់គ្លេសវិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែក្លាយជាព្រឹត្តិការណ៍ចាក់ភ្នាល់ធំ​ជាង​គេមិនធ្លាប់មានពីមុនមក៕

    https://www.youtube.com/watch?v=H-l7VvmG9yA

    ប្រភព៖ DailyMail/CNN

  • ចាក់​ភ្នាល់​ជាង​1​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ជាប់​ឆ្នោត​របស់​​បេក្ខ​ភាព​ Joe ​Biden

    ចាក់​ភ្នាល់​ជាង​1​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ជាប់​ឆ្នោត​របស់​​បេក្ខ​ភាព​ Joe ​Biden

    មនុស្សម្នាក់ដែលមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណ បានចាក់ភ្នាល់ប្រាក់យ៉ាងច្រើនសន្ធឹកកាលពីថ្ងៃទី29តុលា នៅលើគេហទំព័រចាក់ភ្នាល់ធំជាងគេបង្អស់ក្នុងពិភពលោក ដែលមានឈ្មោះថា Betfair Exchage។

    សារព័ត៌មាន CNN បានចេញផ្សាយថា នៅលើទំព័រ Betfair Exchange មានមនុស្សម្នាក់បានចាក់ភ្នាល់1លានផោន (1.29លានដុល្លារអាមេរិក) ទៅលើបេក្ខភាពមកពីបក្សប្រជាធិបតី Joe Biden ក្លាយជាប្រធានាធិបតីអាមេរិក។ ការចាក់ភ្នាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី29តុលា ប៉ុន្តែអត្តសញ្ញាណរបស់មនុស្សនេះនៅតែត្រូវបានគេរក្សាការសម្ងាត់។ បើសិនជាឈ្នះ អ្នកភ្នាល់រូបនេះនឹងទទួលបានប្រាក់ចំណេញ 540,000ផោន (697,626ដុល្លារអាមេរិក) ទន្ទឺមនឹងការទទួលបានសំណងជាប្រាក់ដើមរបស់ខ្លួនត្រលប់មកវិញ។

    ក្រុមអ្នកលេងល្បែងភ្នាល់យល់ថា លោក Biden មានឱកាស65%ដើម្បីឈ្នះ ខណៈលោក Trump មានត្រឹមតែ35%។ ជាងនេះ សារព័ត៌មាន FiveThirtyEight ថែមទាំងយល់ថា លោក Trump មានឱកាសឈ្នះត្រឹមតែ10%ប៉ុណ្ណោះ។

    ជនជាតិអាមេរិកាំងមិនត្រូវបានអនុញ្ញាតឱ្យលេងល្បែងភ្នាល់ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីនោះទេ។ ប៉ុន្តែ នៅប្រទេសអង់គ្លេសវិញ ការបោះឆ្នោតប្រធានាធិបតីអាមេរិក កំពុងតែក្លាយជាព្រឹត្តិការណ៍ចាក់ភ្នាល់ធំជាងគេមិនធ្លាប់មានពីមុនមក។

    នេះគឺជាទឹកប្រាក់ភ្នាល់ធំជាងគេទីបីក្នុងប្រវត្តិរបស់ Betfair ហើយវាស្ថិតនៅពីក្រោយការភ្នាល់1.1លានផោនសម្រាប់ Rafael Nadal នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់វាយកូនបាល់ tennis ឆ្នាំ2010 និងជាង1លានផោនសម្រាប់ការប្រកួតប្រដាល់រវាង Floyd Mayweather Jr. និង Connor McGregor កាលពីឆ្នាំ2017។

    ប្រាក់ភ្នាល់កំពុងតែរត់ទៅរក Betfair ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានកន្លងមក។ គិតត្រឹមថ្ងៃចន្ទទី2តុលា ប្រាក់ភ្នាល់បានកើនឡើងដល់274លានផោន (ប្រមាណជា 351,396,000ដុល្លារអាមេរិក)។ ខ្ទង់ប្រាក់ភ្នាល់នីមួយៗតែងត្រូវការពេលច្រើនថ្ងៃទើបត្រូវបានគេកត់ត្រា ដូច្នេះ ខ្ទង់ប្រាក់ភ្នាល់ទៅលើការបោះឆ្នោតប្រធានាធីបតីអាមេរិក អាចមានច្រើនជាងពេលនេះ។ Betfair ប៉ាន់ប្រមាណឃើញថា ខ្ទង់ប្រាក់ភ្នាល់នេះអាចឡើងដល់400លានដុល្លារអាមេរិក ពោលគឺខ្ពស់​ជាង​ទ្វេ​ដង​បើ​ធៀប​នឹង​ការភ្នាល់លើការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ2016។

    ខ្ទង់ប្រាក់ភ្នាល់ដែលធំជាងគេក្នុងវិស័យនយោបាយនៅលើ Betfair Exchange កន្លងមក គឺមានត្រឹម 555,000ផោន សម្រាប់លោក Trump កាលពីឆ្នាំ2016។ មួយខែមុនការបោះឆ្នោតឆ្នាំនោះ ក៏មានមនុស្សម្នាក់បានភ្នាល់550,000ផោនផងដែរសម្រាប់បេក្ខភាព Hillary Clonton៕

    ប្រភព៖ CNN

  • ឱកាសដែលកូវីដ-19 នឹងឆ្លងរាតត្បាតធំ ជុំទី2 នៅក្នុងប្រទេសចិន មានទាបបំផុត…អ្នកជំនាញការ បង្ហើបឱ្យដឹងពីគន្លឹះបង្ក្រាបកូវីដ យ៉ាងជោគជ័យ

    ឱកាសដែលកូវីដ-19 នឹងឆ្លងរាតត្បាតធំ ជុំទី2 នៅក្នុងប្រទេសចិន មានទាបបំផុត…អ្នកជំនាញការ បង្ហើបឱ្យដឹងពីគន្លឹះបង្ក្រាបកូវីដ យ៉ាងជោគជ័យ

    ក្រុមសារព័ត៌មានចិន បានរាយការណ៍កាលពីចុងសប្ដាហ៍កន្លងទៅថា ប្រទេសលោកខាងលិច កំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ-19 យ៉ាងធ្ងន់ធ្ងរ។ ប្រទេសអឺរ៉ុប កំពុងតម្រង់ជួរគ្នា “បិទប្រទេស” ជាថ្មីម្ដងទៀត ខណៈដែលតួលេខការឆ្លងមេរោគទូទាំងពិភពលោក ក្នុងអំឡុង 1សប្ដាហ៍មកនេះ បានហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ដល់ទៅ 2000,000នាក់។ ចំណែកខាងប្រទេសចិនវិញ អ្នកជំនាញការខាងជំងឺសួត និងប្រព័ន្ធដង្ហើម ដ៏ល្បីឈ្មោះម្នាក់ លោកវេជ្ជបណ្ឌិត ចុង ណាន់សាន បានអះអាងថា ឱកាសដែលនឹងកើតការឆ្លងរាលដាលធំ នៅក្នុងប្រទេសចិន មានទាបបំផុត ហើយលោកព្រមទាំងបានបង្ហើបឱ្យដឹងពីគន្លឹះក្នុងការគ្រប់គ្រងកូវីដ-19 បានយ៉ាងជោគជ័យទៀតផង នោះគឺការព្យាយាមខ្លាំងបំផុត លើការផ្ដុំវិធានការគ្រប់គ្រងដើមហេតុឱ្យបាន។

    លោកវេជ្ជបណ្ឌិត ចុង ណានសាន វ័យ 84ឆ្នាំ បានថ្លែងថា “កិច្ចប្រជុំកំពូលសុខភាពចិន និងការជំរុញផ្នែកវេជ្ជសាស្ត្របុរាណចិន” នៅឯទីក្រុង ស៊ឺ យ៉ាចួង មណ្ឌលហ៊ូពេយ ដែលរៀបចំឡើងកាលពីថ្ងៃចុងសប្ដាហ៍(30-31តុលា) បានឱ្យដឹងថា ទោះជាខណៈនេះ ចិននៅតែរកឃើញការឆ្លងរាលដាលនៅក្នុងតំបន់ផ្សេងៗបន្តិចបន្តួចក្ដី តែរយៈពេលនៃការរាលដាលនីមួយៗ កាន់តែខ្លីឡើង…។

    “យើងបានប្រមូលសន្សំបទពិសោធដ៏មានតម្លៃ រដ្ឋបាលកណ្ដាលបានប្រើយុទ្ធសាស្ត្រទប់ស្កាត់ជំងឺរាតត្បាត ពីចំណុចកណ្ដាលនៃការរាលដាល និងបានព្យាយាមប្រមូលផ្ដុំវិធានការគ្រប់គ្រងពីដើមហេតុនៅគ្រប់ទីកន្លែង ដែលរកឃើញការឆ្លង…នេះគឺគន្លឺះសម្ងាត់ នៃការសម្រេចបានជោគជ័យយ៉ាងស្រស់បំព្រង ក្នុងការគ្រប់គ្រងជំងឺរាតត្បាតដោយសារវីរុសកូរ៉ូណាក្នុងគ្រានេះ” លោកចុង ណានសាន បានថ្លែងដូច្នេះ កាលពីថ្ងៃសៅរ៍(ទី31តុលា) ហើយយើងជឿជាក់ថា ប្រទេសចិន នឹងលែងមានអ្នកឆ្លងមេរោគក្នុងចំនួនច្រើន ដល់ថ្នាក់រាប់ម៉ឺននាក់ទៀតហើយ។

    ខណៈនេះ ការរាតត្បាតដ៏ធំរបស់ជំងឺកូវីដ-19 ទូទាំងពិភពលោក ជុំទី2 បានបើកឆាកឡើងហើយ គួបផ្សំនឹងអាកាសធាតុត្រជាក់ក្នុងរដូវរងា ដែលជំងឺគ្រុនផ្ដាសាយចូលចិត្តឆ្លងរាលដាល ជាពិសេសនៅក្នុងតំបន់ប៉ូលផែនដីខាងជើង នឹងរឹតតែធ្វើឱ្យស្ថានការណ៍ឆ្លងរាតត្បាតកាន់តែអាក្រក់ឡើង។

    លោកវេជ្ជបណ្ឌិត ចុង នៅបានលើកឡើងពីតួលេខប្រៀបធៀប 1ឈុតមកបង្ហាញថា អត្រាការឆ្លងមេរោគរបស់អ្នកជំងឺកូវីដ-19 ក្នុងប្រទេសចិនគឺ ក្នុងមនុស្ស 1លាននាក់ មានអ្នកឆ្លងមេរោគត្រឹមតែ 3នាក់ប៉ុណ្ណោះ ខណៈដែលសហរដ្ឋអាមេរិក មានដល់ទៅ 500នាក់។

    លោកវេជ្ជបណ្ឌិត ចុង បានដាស់តឿនថា “ខណៈនេះសភាពបរិស្ថាននៅក្នុងប្រទេសចិន មានសុវត្ថិភាពខ្លាំងណាស់ តែក៏សូមដាស់តឿនថា នៅក្នុងប្រទេសចិន នៅតែកើតមានការឆ្លងរាលដាលបន្តិចបន្តួច ប្រមាណជា 8លើក តែរយៈពេលនៃការឆ្លង 1លើកៗ កាន់តែខ្លីឡើង តែវាអាចនឹងកើតឡើងមកទៀត ដូច្នេះ ចូរកុំប្រហែសខ្លួនឱ្យសោះ”៕

    លោកវេជ្ជបណ្ឌិត ចុង ណានសាន(កណ្ដាល) វ័យ 84ឆ្នាំ អ្នកជំនាញការល្បីឈ្មោះផ្នែកជំងឺសួត និងប្រព័ន្ធដង្ហើម នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីសុខភាពចិន និងការជំរុញផ្នែកវេជ្ជសាស្ត្របុរាណចិន នៅឯទីក្រុងស៊ឺ យ៉ាចួង មណ្ឌលហ៊ូពេយ ដែលរៀបចំឡើងកាលពីថ្ងៃចុងសប្ដាហ៍(30-31តុលា)

    ប្រភព៖ សារព័ត៌មានបរទេស

  • ពលរដ្ឋ​អាមេរិកាំង​នៅ​មូលដ្ឋាន មិន​មែនជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ឡើយ

    ពលរដ្ឋ​អាមេរិកាំង​នៅ​មូលដ្ឋាន មិន​មែនជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះ​ឡើយ

    ពលរដ្ឋអាមេរិកាំង មិនបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ប៉ុន្តែ ប្រតិភូតំណាងម្ចាស់ឆ្នោតឯណោះទេដែលមានតួនាទីបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ ដោយយោងទៅលើលទ្ធផលនៃការបោះឆ្នោតនៅមូលដ្ឋានរបស់បណ្ដារដ្ឋ។

    ពលរដ្ឋអាមេរិកាំងគ្រប់រូបដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅ មានសិទ្ធិទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនេះត្រូវបានគេហៅថា “សំឡេងឆ្នោតប្រជាប្រិយ (popular vote)។ ក៏ប៉ុន្តែ តាមច្បាប់ ប្រតិភូដែលជាតំណាងរបស់ម្ចាស់ឆ្នោតប្រជាប្រិយ (electoral vote/electoral college) ឯណោះទេ ទើបជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។

    បេក្ខភាពនីមួយៗត្រូវការសំឡេងឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន270សំឡេង ទើបក្លាយជាប្រធានាធិបតី។ ក្រុមមេដឹកនាំប្រទេស បានបង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ក៏ព្រោះតែពួកគេមានការព្រួយបារម្ភ ខ្លាចបណ្ដារដ្ឋដែលមានប្រជាជនតិចជាង អាចមិនមានអ្នកតំណាងប្រកបដោយយុត្តិធម៌។ ម្យ៉ាងទៀត ពួកគេក៏យល់ថា “មនុស្សធម្មតា” ទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលស័ក្ដិសម។ ដូច្នេះ ពួកគេក៏បង្កើតប្រតិភូតំណាងម្ចាស់ឆ្នោតនេះឡើង ដែលបច្ចុប្បន្នមានចំនួន538រូប ដោយរួមទាំងតំណាងរាស្ត្រមកពីសភាជាន់ខ្ពស់ និងជាន់ទាបរបស់រដ្ឋចំនួន50នៃសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក រដ្ឋធានីវ៉ាស៊ីងតោន មានប្រតិភូតំណាងម្ចាស់ឆ្នោតចំនួន3រូប។

    ដើម្បីទទួលបានតំណែងប្រធានាធិបតី បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងតិច270សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោត។ ដើម្បីទទួលបានសំឡេងឆ្នោតពីប្រតិភូតំណាង ជាទូទៅ បេក្ខភាពត្រូវតែទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេពីពលរដ្ឋមូលដ្ឋាននៅក្នុងរដ្ឋនីមួយៗ។

    បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ California បេក្ខភាពនឹងទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​55​សំឡេង​ពី​ប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ បើសិនជាទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីពលរដ្ឋនៅ Texas បេក្ខភាពនឹងទទួលបានសន្លឹកឆ្នោតគាំទ្រ35សំឡេងពីប្រតិភូតំណាងម្ចាស់ឆ្នោតរបស់រដ្ឋនេះ។ នេះគឺជាប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង”។

    ក៏ប៉ុន្តែ ជួនកាល បេក្ខភាពដែលទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋច្រើនជាងគេនៅទូទាំងប្រទេស (popular vote) ប៉ុន្តែ មិនទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីប្រតិភូតំណាងម្ចាស់ឆ្នោតផងដែរ។ ករណីនេះបានកើតឡើងកាលពីឆ្នាំ2016 នៅពេលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ទទួលបានសំឡេងឆ្នោតគាំទ្រពីពលរដ្ឋ (popular vote) ច្រើនជាងគេ ប៉ុន្តែ បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Donald Trump មានប្រៀបជាងនៅក្នុងបណ្ដារដ្ឋដែលមានប្រជាជនតិចជាង ហើយក៏មានប្រៀបជាងនៅក្នុងការបោះឆ្នោតរបស់ប្រតិភូតំណាងម្ចាស់ឆ្នោត ដោយសារតែប្រព័ន្ធ “អ្នកឈ្នះទទួលបានគ្រប់យ៉ាង” នេះ។

    លទ្ធផលនៃការបោះឆ្នោតប្រជាប្រិយ (popular vote) និងការបោះឆ្នោតពីប្រតិភូតំណាងម្ចាស់ឆ្នោត មានលទ្ធផល​ខុស​គ្នា​តែ​5​ដង​ប៉ុណ្ណោះ​ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕

    ប្រភព៖ Next

  • Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត

    Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត

    លោក Joe Biden បន្តនាំមុខគេនៅក្នុងការស្ទង់មតិនានានៅទូទាំងប្រទេស រួមទាំងបណ្ដាតំបន់សំខាន់ៗនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែលោក Donald Trump វិញ ក៏បានអះអាងថា លោកនឹងជាប់ឆ្នោតម្ដងទៀត។

    លទ្ធផលមធ្យមភាគនៃការស្ទង់មតិនានានៅទូទាំងសហរដ្ឋអាមេរិកដែលត្រូវបានចុះផ្សាយ​ដោយ  ​RealClearPolitics​ (RCP) ក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោត បានបង្ហាញថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden កំពុងទទួលបានការគាំទ្រដល់ទៅ50.7% ខ្ពស់ជាង6.8% បើធៀបនឹងតួលេខគាំទ្រត្រឹម43.9% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ RCP ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ2000 គឺជាគេហទំព័រគួរជាទីទុកចិត្ត ស្ដីអំពីព័ត៌មាននយោបាយ និងមានជំនាញខាងប្រមូលទិន្នន័យស្ទង់មតិនៅសហរដ្ឋអាមេរិក។

    លទ្ធផលនៃការស្ទង់មតិរបស់ RCP ក៏ស្រដៀងទៅនឹងគេហទំព័រស្ទង់មតិលំដាប់កំពូលៗផ្សេងទៀត ដូចជា FiveThirtyEight ជាដើម ដោយក្នុងនោះបានបង្ហាញថា លោក Biden កំពុងនាំមុខលោក Trump ដល់ទៅ8.4% នៅទូទាំងប្រទេស។

    តួលេខនៃការនាំមុខទូទាំងប្រទេសរបស់លោក Biden ខ្ពស់ជាងជាងទ្វេដងបើធៀបនឹង Hillary Clinton ដែលជាបេក្ខភាពប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យកាលពីឆ្នាំ2016។ នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ អតីតអនុប្រធានាធិបតីអាមេរិក Joe Biden ក៏ទំនងជាកំពុងតែមានប្រៀបជាងលោក Donald Trump ផងដែរ។

    យោងតាម RCP នៅក្នុងរដ្ឋ Florida លោក Biden កំពុងនាំមុខលោក Trump 1.7%។ ការស្ទង់មតិរបស់សាកលវិទ្យាល័យ Siena/New York Times បានបង្ហាញថា អត្រានៃការគាំទ្រលោក Biden ខ្ពស់ជាងលោក Trump 3% ប៉ុន្តែការស្ទង់មតិរបស់ Washington Post/ABC News បែរជាបង្ហាញថា លោក Trump កំពុងនាំមុខគូប្រជែងចំនួន2%។

    រដ្ឋ Florida ដែលមានតំណាងម្ចាស់ឆ្នោត29នាក់ ត្រូវបានគេចាត់ទុកថា ជា “ឧបករណ៍វាស់ស្ទង់” ដ៏គួរទុកចិត្តនៅក្នុងការបោះឆ្នោតកាលពីពេលកន្លេងទៅថ្មីៗនេះ។ នៅពេលបេក្ខភាពណាមួយទទួលបានសំឡេងឆ្នោតនាំមុខនៅក្នុងរដ្ឋនេះ បេក្ខភាពនោះតែងតែជាប់ឆ្នោតជាប្រធានាធិបតី។ លោក Trump ធ្លាប់ទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ2016នៅទីនេះ។

    Joe Biden នាំមុខ Donald Trump នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការរកសំឡេងឆ្នោតPennsylvania ជាកន្លែងដែលមានតំណាងម្ចាស់ឆ្នោត20នាក់ លោក Biden ក៏កំពុងនាំមុខលោក Trump 2.9% នេះបើតាមលទ្ធផលនៃការស្ទង់មតិរបស់ RCP។ ប្រធានាធិបតី Trump ក៏បានជាប់ឆ្នោតនៅក្នុងរដ្ឋនេះកាលពីឆ្នាំ2016 ដោយទទួលបានការគាំទ្រខ្ពស់ជាងគូប្រជែង0.7%។

    ចំណែក Michigan និង Wisconsin គឺជារដ្ឋដែលលោក Trump ធ្លាប់បាននាំមុខក្នុងការបោះឆ្នោតឆ្នាំ2016 ប៉ុន្តែពេលនេះ លទ្ធផលស្ទង់មតិរបស់ RCP បង្ហាញថា លោក Trump កំពុងនៅពីក្រោមលោក Biden។

    យ៉ាងណាក៏ដោយ លោក Trump យល់ថា លទ្ធផលនៃការស្ទង់មតិដែលមិនអំណោយផលដល់រូបលោក គឺសុទ្ធតែ “មិនត្រឹមត្រូវ” ហើយថា លោកនឹងជាប់ឆ្នោតជាថ្មី។ ការបោះឆ្នោតកាលពីឆ្នាំ2016 បានបង្ហាញថា លទ្ធផលនៃការស្ទង់មតិ​នានា​កាល​ពី​4​ឆ្នាំ​មុន​ បាន​ត្រូវជាមួយនឹងលទ្ធផលនៃការបោះឆ្នោតទូទៅ ប៉ុន្តែ លោកស្រី Clinton ​បាន​ចាញ់​លោក​ Trump​ ដោយ​សារ​តែ​សន្លឹក​ឆ្នោត​ដែល​បាន​មក​ពីក្រុមអ្នកតំណាងម្ចាស់ឆ្នោត មានចំនួនតិចជាង៕

    ប្រភព៖ AFP

  • បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ Covid-19​ នៅ​កម្ពុជា​ និង​ពិភព​លោក

    បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ភាព​ជំងឺ​រាត​ត្បាត​ Covid-19​ នៅ​កម្ពុជា​ និង​ពិភព​លោក

    ពិភពលោកទាំងមូល បានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុបជាង47លាននាក់ ក្នុងនោះកម្ពុជាបាន​រក​ឃើញ​ចំនួន​292​នាក់។

    គិតមកដល់ថ្ងៃទី3វិច្ឆិកា ឆ្នាំ2020នេះ ប្រទេសទាំងឡាយនៅទូទាំងសកលលោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCovid19 សរុបចំនួន47,313,006នាក់ ក្នុងនោះមានអ្នកជំងឺចំនួន​1,211,003​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​អ្នក​ជំងឺ​​34,025,787​នាក់​បាន​ជាសះស្បើយ និង12,076,216នាក់កំពុងទទួលការព្យាបាល។

    ប្រទេសដែលកំពុងរងការរាតត្បាតខ្លាំងជាងគេពីវីរុសCovid-19 គឺសហរដ្ឋអាមេរិក ដោយ​មាន​អ្នក​ឆ្លង​ដល់​ទៅ​9,567,071​នាក់​ ក្នុង​នោះមានអ្នកស្លាប់236,983នាក់ និងកំពុងព្យាបាល 3,159,248នាក់។ ឈរលំដាប់ទីពីរគឺប្រទេសឥណ្ឌា ដោយមានអ្នកជំងឺសរុបចំនួន8,266,914នាក់ ក្នុងនោះអ្នកស្លាប់បានកើនដល់​123,139​នាក់ និងអ្នកជំងឺកំពុងព្យាបាលមានចំនួន542,346នាក់។ ចំណែកប្រទេសដែលមានអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទីបី គឺប្រទេសប្រេស៊ីល ដោយមានអ្នកជំងឺសរុប5,554,206នាក់ អ្នកស្លាប់សរុប​160,272​នាក់​ និង​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន​412,992​នាក់។

    ដោយឡែក នៅប្រទេសកម្ពុជាឯណេះវិញ ក្រសួងសុខាភិបាលទើបបានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស​Covid-19 សរុប292នាក់ ក្នុងនោះមានអ្នកជំងឺ283នាក់បានជាសះស្បើយ ខណៈ9នាក់ផ្សេងទៀតកំពុងទទួល​ការ​ព្យាបាល។ គិត​មក​ដល់​ថ្ងៃ​ទី​3​វិច្ឆិកា​នេះ ​កម្ពុជា​មិនទាន់មានអ្នកជំងឺCovid-19ណាម្នាក់ត្រូវបានគេរាយការណ៍​ថា​ បានបាត់បង់ជីវិតនៅឡើយ៕

    ប្រភព៖ Worldometers, ក្រសួងសុខាភិបាល

     

  • ឆ្អឹងមនុស្ស​ពិត​គឺ​ជា​មុខ​ទំនិញ​ដ៏​ចម្លែក​មួយ​ដែល​លក់​ដាច់​ជាង​គេ​នៅ​លើ​ផ្សារ​ Amazon

    ឆ្អឹងមនុស្ស​ពិត​គឺ​ជា​មុខ​ទំនិញ​ដ៏​ចម្លែក​មួយ​ដែល​លក់​ដាច់​ជាង​គេ​នៅ​លើ​ផ្សារ​ Amazon

    នៅក្នុងផ្សារអនឡាញ Amazon តាមមើល វាមានលក់ទំនិញស្ទើរគ្រប់មុខឱ្យតែមនុស្សត្រូវការ រាប់ចាប់ពីរបស់របរសាមញ្ញៗ រហូតដល់ទំនិញដែលយើងនឹកស្មានមិនដល់។

    ដោយត្រូវបានលោក Jeff Bezos បង្កើតឡើងកាលពីខែកក្កដា ឆ្នាំ1994 ការិយាល័យកណ្ដាលរបស់ Amazon មានទីតាំងនៅទីក្រុង Bellevue ក្នុងរដ្ឋវ៉ាស៊ីងតោន នៃសហរដ្ឋអាមេរិក។

    ដំបូងឡើយក្រុមហ៊ុននេះមានលក់តែសៀវភៅប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏បានលក់ឧបករណ៍អេឡិចត្រូនិក ផ្នែកទន់ ហ្គេម ខោអាវ គ្រឿងសង្ហារិម ស្បៀងអាហារ គ្រឿងអលង្ការ។ល។ ឆ្នាំ2015 Amazon បានទិញក្រុមហ៊ុន Walmart និងបានក្លាយជាក្រុមហ៊ុនលក់រាយធំជាងគេបង្អស់នៅសហរដ្ឋអាមេរិក។

    មកដល់បច្ចុប្បន្ន Amazon បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅរបស់ពលរដ្ឋអាមេរិក និងក្រុមមនុស្សដែលចូលចិត្តទិញដូរនៅទូទាំងពិភពលោក។

    យោងតាម Digital Trends ក្រុមហ៊ុន Amazon មិនត្រឹមតែជោគជ័យដោយសារការលក់គ្រប់យ៉ាងដែលមនុស្សត្រូវការនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏ជោគជ័យនៅក្នុងការលក់របស់ដែលគេនឹកស្មានមិនដល់ផងដែរ។

    ខាងក្រោមនេះគឺជាទំនិញដ៏ចម្លែកមួយចំនួនដែលលក់ដាច់បំផុតនៅក្នុងផ្សារ Amazon ក្នុងនោះមានទាំងឆ្អឹងមនុស្សទៀតផង៖

    1. សត្វកន្លាតយក្សមកពីប្រទេស ម៉ាដាហ្គាស្ការ (Madagascar)៖ 10ដុល្លារ/គូ

    ឆ្អឹងមនុស្សពិតគឺជាមុខទំនិញដ៏ចម្លែកមួយដែលលក់ដាច់ជាងគេនៅលើផ្សារ Amazonសត្វកន្លាតយក្សមកពីប្រទេសម៉ាដាហ្គាស្ការនេះបានមានវត្តមាននៅក្នុងបញ្ជី Amazon’s Choice ដែលមានន័យថា ត្រូវបានគេទិញច្រើនជាងគេ។ ពួកវាត្រូវបានលក់ជាគូ ប៉ុន្តែ អ្នកប្រហែលជាអាចទិញចំគូដែលជាបងប្អូននឹងគ្នា ឬជា “ប្ដីប្រពន្ធ” នឹងគ្នាក៏ថាបាន។ អតិថិជនភាគច្រើន ទិញកន្លាតមកធ្វើជាសត្វចិញ្ចឹមសម្រាប់កែកម្សាន្ត។

    2. កំណាត់ឈើប្រវែង30សម ដែលមានដាំផ្សិតខ្មៅ Shiitake ជាស្រេច៖ 32ដុល្លារ


    3. ឈុតប៊ិច100ដើមដែលមានកំហុសផ្នែកឡូហ្គោ៖ 14ដុល្លារ

    4. ពុម្ភធ្វើនំ waffle រូបរាងក្ដារចុចរបស់កុំព្យូទ័រ៖ 60ដុល្លារ


    5. ពស់យក្សធ្វើអំពីស្ករទាញ៖ 150ដុល្លារ


    6. ឆ្អឹងមនុស្សពិត 1ឈុតមាន5កំណាត់៖ 90ដុល្លារ

    ឆ្អឹងមនុស្សពិតគឺជាមុខទំនិញដ៏ចម្លែកមួយដែលលក់ដាច់ជាងគេនៅលើផ្សារ Amazonតាមការឃោសនារបស់អ្នកលក់ នេះគឺជាឆ្អឹងមនុស្សពិត100% និងមានគុណភាពខ្ពស់ (ប៉ុន្តែមិនបាននិយាយច្បាស់អំពីប្រភពរបស់ឆ្អឹងនេះទេ)។ មិនដឹងថា នេះជាកណ្ដៀវដែលធ្វើមិនទាន់រួចរាល់ ឬក៏ជាឧបករណ៍សម្រាប់ធ្វើមន្តអាគមអ្វីនោះដែរ ប៉ុន្តែ Amazon នៅតែលក់ដាច់ដូចលេង៕

    ប្រភព៖ Digital Trends

  • ទិដ្ឋ​ភាព​​ព្យុះ​​ Molave​ ដែល​កំពុង​​វាយ​​ប្រហារ​ប្រទេស​វៀតណាម​ (វីដេអូ និង​រូបថត)

    ទិដ្ឋ​ភាព​​ព្យុះ​​ Molave​ ដែល​កំពុង​​វាយ​​ប្រហារ​ប្រទេស​វៀតណាម​ (វីដេអូ និង​រូបថត)

    នៅពេល​នេះ ព្យុះ​ Molave កំពុង​បោក​បក់​ចូល​ដី​គោក​​ភាគ​កណ្ដាល​ប្រទេស​វៀត​ណាម ដោយ​ចំណុច​កណ្ដាល​របស់​ព្យុះ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Quang Nam និង​ខេត្ត Quang Ngai។

    ខ្យល់​បោក​បក់​បាន​លាត​សន្ធឹង​នៅលើ​ខេត្ត​ជា​ច្រើន​ក្នុង​តំបន់​ខ្ពង់​រាប​ Tay Nguyen បណ្ដាល​ឱ្យ​ដើម​ឈើ ផ្ទាំង​បដា​ធំៗ ផ្ទះសម្បែង​ជាដើម ​ត្រូវ​ប៉ើងដំបូល​​ ឬ​​ដួល​រលំ​​ជាបន្ត​បន្ទាប់​។

    ខាងក្រោម​គឺជា​រូប​ភាពមួយ​ចំនួន​ស្ដី​អំពី​ឥទ្ធិពល​របស់​ព្យុះ Molave នៅ​វៀត​ណាម​៖








    ប្រភព៖ VNE

  • ក្រពើ ប្រវែង 4ម៉ែត្រ 1ក្បាល ខាំត្របាក់ស្មាបុរសអាមេរិកាំងម្នាក់កំពុងហែលទឹកលេងក្នុងបឹង តែ…

    ក្រពើ ប្រវែង 4ម៉ែត្រ 1ក្បាល ខាំត្របាក់ស្មាបុរសអាមេរិកាំងម្នាក់កំពុងហែលទឹកលេងក្នុងបឹង តែ…

    កាលពីថ្ងៃទី27 តុលា សារព័ត៌មាន ដេលី មេល បានរាយការណ៍ពីភាពគួរឱ្យស្រៀវពោះវៀនរបស់លោក ចន ប្រាហេ បុរសអាមេរិកាំងម្នាក់ ដែលសម្រេចចិត្តនៅហែលត្រាំក្នុងទឹកបន្តទៀត ជាមួយសត្វក្រពើធំ ប្រវែង 4ម៉ែត្រ 1ក្បាល ក្រោយពីវា បានហែលចូលមកខាំត្របាក់ស្មារបស់គេ ដែលកំពុងហែលទឹកនៅក្នុងបឹងទឹកសាបមួយ នៅក្នុង អេវើរ ក្លេដស៍ តំបន់ដែលសម្បូរទៅដោយបឹងធំៗ ក្នុងរដ្ឋម៉ៃអាមី។

    តែយ៉ាងណាក៏ដោយ លោកប្រាហេ បានប្រាប់ថា ក្រពើ 1ក្បាលនេះ មានឈ្មោះថា “អេលវីស” ថែមទាំងជា “មិត្តភក្តិ” ខុសពូជគ្នាជាមួយរូបលោកទៀតផង និងគ្មានចេតនាធ្វើបាបរូបលោកឡើយ។

    លោកប្រាហេ ប្រាប់ថា “ខ្ញុំជាអ្នកមុជទឹកជ្រៅ ទឹករាក់ និងជាអ្នកមុជទឹកឯករាជ្យ ដើម្បីការសម្រាកលម្ហែអារម្មណ៍ និងស្រឡាញ់សត្វ…ខ្ញុំតែងហែល និងមុជក្នុងទឹកជ្រៅ លេងជាមួយហ្វូងត្រីឆ្លាម ក្រពើ និងសត្វសមុទ្រគ្រប់ប្រភេទ ដើម្បីភាពសប្បាយរីករាយ”

    បន្ទាប់ពីផូស្តឃ្លីបវីដេអូនេះ នៅលើហ្វេសប៊ុករួចមក លោកប្រាហេ បានសរសេរប្រាប់ថា “សត្វក្រពើខ្លួនវែងប្រវែង 13ហ្វ៊ុត បានហែលចូលមកខាំត្របាក់ ព្រោះគិតថាខ្លួនវាធំជាង ទើបចង់ប្រឡែងលេងជាមួយខ្ញុំ ខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចអីបន្តិចសោះ វាគ្រាន់តែចង់អួត ឬចង់ដឹងចង់ស្គាល់ប៉ុណ្ណឹងឯង…បើវាចង់ត្របាក់ស៊ីខ្ញុំមែន ថ្មើណេះ ប្រហែលខ្ញុំមិនបានមកនៅក្នុងហ្វេសប៊ុកអ៊ីចឹងទេ…វានៅតែជាមិត្តភក្តិរបស់ខ្ញុំ ខ្ញុំនឹងត្រឡប់ទៅជួបវា ឆាប់ៗនេះ…”

    “…កន្លងមក ខ្ញុំមានសម្ព័ន្ធភាពច្រើនណាស់ជាមួយក្រពើ 1ក្បាលនេះ ខ្ញុំគិតថា អាចមកពីនៅម្ដុំៗហ្នុង មានមនុស្សច្រើន ទើបវាមានអារម្មណ៍ចង់បង្ហាញភាពលេចធ្លោរបស់វា ឱ្យគេឃើញ តែជាធម្មតា វាស្លូតណាស់…”

    មិត្តភក្តិរបស់លោកប្រាហេ បាននាំគ្នាបង្ហាញការយល់ឃើញថា រូបគេអាចនឹងត្រូវស្លាប់ ឬរងរបួសធ្ងន់ដោយសារតែក្រពើ 1ក្បាលនេះបាត់ទៅហើយ។ ដូចជាលោក ម៉ាក អាហ្ស៊ីស បានសរសេរថា “វាមិនមែនជាពេលវេលាដ៏ឆ្លាតវៃរបស់ឯងទេ បើវាចង់ខាំបណ្ដាច់ដៃម្ខាងរបស់ឯង វាច្បាស់ជាធ្វើបាន…”

    ចំណែកមិត្តភក្តិម្នាក់ទៀត បាននិយាយពីបុរសចិត្តត្រជាក់ម្នាក់ទៀត ដែលស្ថិតនៅក្នុងទឹក ទាំងមានសត្វក្រពើហែលនៅក្បែរខ្លួន តែលោកប្រាហេ បានឆ្លើយថា “ម្នាក់នោះ គាត់ជាអ្នកមុជទឹកអាជីព ជាអ្នកប្រយុទ្ធជំនាន់ទី5ហើយ គាត់ធំឡើងនៅលើផ្ទៃទឹកមួយនេះ ទើបគាត់ស្និទ្ធស្នាល និងចំណានជាមួយក្រពើ ចំណែកខ្ញុំ ជំនាញជាមួយត្រីឆ្លាមខ្លាំងជាង តែនឹងព្យាយាមធ្វើឱ្យដូចគាត់…”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សហរដ្ឋ​អាមេរិក៖​ អំពើ​ហិង្សា​ផ្ទុះ​ឡើង ​ទូ​ ATM ​ជា​ច្រើន​ត្រូវ​គេ​បំផ្ទុះ​គ្រាប់​បែក​

    សហរដ្ឋ​អាមេរិក៖​ អំពើ​ហិង្សា​ផ្ទុះ​ឡើង ​ទូ​ ATM ​ជា​ច្រើន​ត្រូវ​គេ​បំផ្ទុះ​គ្រាប់​បែក​

    ហេតុការណ៍ប៉ូលិសបាញ់សម្លាប់ជនជាតិអាមេរិកាំងស្បែកខ្មៅម្នាក់ បាននាំឱ្យមានបាតុកម្មកើតឡើង និងបង្កជាអំពើហិង្សានៅ Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ទូ ATM ជាច្រើនត្រូវបានជនមិនស្គាល់មុខបំផ្ទុះគ្រាប់បែក ខណៈដែលហាងទំនិញជាច្រើនត្រូវបានវាយបំផ្លាញ និងលួចប្លន់។

    សមត្ថកិច្ចរាប់រយនាក់មកពីអង្គភាពការពារជាតិ Pennsylvania កាលពីថ្ងៃទី27តុលា ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Philadelphia បន្ទាប់ពីទីក្រុងនេះរងអំពើហិង្សាពេញមួយយប់ ព្រោះតែករណីប៉ូលិសបាញ់សម្លាប់ពលរដ្ឋស្បែកខ្មៅម្នាក់។

    Tom Wolf ដែលជាអភិបាលរដ្ឋ Pennsylvania បានស្នើឱ្យកងកម្លាំងនៃអង្គភាពការពារជាតិ និងកម្លាំងអនុវត្តច្បាប់ ចូលមកការពារជីវិត ទ្រព្យសម្បត្តិ និងសិទ្ធិនៃការជួបជុំ និងបាតុកម្មដោយសន្តិវិធី។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកមូលហេតុដំបូងនៃអំពើហិង្សានេះ គឺបណ្ដាលមកពីករណីប៉ូលិសបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ កាលពីថ្ងៃទី​26​តុលា ដោយសារតែបុរសនេះមានអាវុធនៅក្នុងដៃនៅពេលប៉ះទង្គិចជាមួយនឹងប៉ូលិស។ បុរសស្បែកខ្មៅនេះ មានអាយុ27ឆ្នាំ ឈ្មោះ Walter Wallace Jr.។

    មន្ត្រីអនុវត្តច្បាប់បានឱ្យដឹងថា Wallace ត្រូវបានប៉ូលិស2នាក់បាញ់ចំនួន14គ្រាប់។ ក្នុងហេតុការណ៍នេះ កម្លាំងប៉ូលិសត្រូវបានគេចោទថា បានប្រើអំពើហិង្សាលើពលរដ្ឋស្បែកខ្មៅ។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកគ្រួសាររបស់ Wallace បានឱ្យដឹងថា Wallace មានបញ្ហាសុខភាពផ្លូវចិត្ត និងកំពុងព្យាបាលដោយថ្នាំពេទ្យ។ “កូនខ្ញុំជាមនុស្សមានបញ្ហាផ្លូវចិត្ត ហេតុអ្វីបានជាអស់លោកប្រើប្រាស់កាំភ្លើងបាញ់សម្លាប់វាទៅវិញ?” លោក Walter Wallace Sr ឪពុករបស់ជនរងគ្រោះ និយាយដូច្នេះ។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកក្រោយហេតុប៉ូលិសបាញ់សម្លាប់ Wallace បាតុកម្មដោយសន្តិវិធីមួយក៏ត្រូវបានធ្វើឡើង ប៉ុន្តែបន្ទាប់មក បាតុ​កម្ម​នេះ​បានក្លាយជាអំពើហិង្សា ឆក់ប្លន់ ព្រមទាំងមានអំពើបំផ្ទុះគ្រាប់បែកទៅលើទូ ATM យ៉ាងហោច10កន្លែងផងដែរ។

    សហរដ្ឋអាមេរិក៖ អំពើហិង្សាផ្ទុះឡើង ទូ ATM ជាច្រើនត្រូវគេបំផ្ទុះគ្រាប់បែកអំពើហិង្សាបានបណ្ដាលឱ្យមន្ត្រីនគរបាលយ៉ាងតិច30នាក់ត្រូវរងរបួស និងបាតុករជាង90នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី26តុលា។ ក្រុមមន្ត្រីនៃរដ្ឋ Pennsylvania បានព្រមានថា នឹងអាចមានអំពើហិង្សាបែប​នេះកើតឡើងម្ដងទៀតមិនខាន។ អំពើហិង្សានេះបានកើតមានឡើងនៅក្នុងគ្រាដែលការបោះឆ្នោតជាតិ (3វិច្ឆិកា) នៅ​សហរដ្ឋអាមេរិក កាន់តែខិតជិតមកដល់៕

    ប្រភព៖ Reuters