Author: សឿន សំណាង

  • តួលេខ​នៃ​វីរុស Covid-19 នៅ​ទូទាំង​សកលលោក និង​អាស៊ីអាគ្នេយ៍ គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16មីនា 2021

    តួលេខ​នៃ​វីរុស Covid-19 នៅ​ទូទាំង​សកលលោក និង​អាស៊ីអាគ្នេយ៍ គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16មីនា 2021

    ពិភពលោក​ទាំងមូល បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 120,745,285 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,671,178 នាក់, ជាសះស្បើយ​ចំនួន 97,393,278 នាក់ និង​កំពុង​ព្យាបាល​ចំនួន 20,680,829 នាក់ ខណៈ​ជាង 88,000 នាក់ អាច​បាត់​បង់ជីវិត ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។

    សហរដ្ឋអាមេរិក (វិជ្ជមាន​សរុប 30,135,055 នាក់, ស្លាប់​សរុប 547,963 នាក់), ប្រេ​ស៊ី​ល (វិជ្ជមាន​សរុប 11,519,609 នាក់, ស្លាប់​សរុប 279,286 នាក់) និង​ឥណ្ឌា (វិជ្ជមាន​សរុប 11,409,524 នាក់, ស្លាប់​សរុប 158,892 នាក់) គឺជា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​វីរុស Covid-19 ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

    នៅ​តំបន់ ASEAN បច្ចុប្បន្ន អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ បាន​កើន​ឡើងដល់​ជាង 2.610.500 នាក់ ក្នុងនោះ​មាន​ករណី​បានជា​សះស្បើយ​ចំនួន​ជាង 2.339.840 នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​ជាង 55.980 នាក់។

    ប្រទេស​ចំនួន​បី​ដែល​កំពុង​ជា​សម្បុក​វីរុស Covid-19 ធំជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន និង​ម៉ាឡេស៊ី ខណៈ​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី8 ដដែល៕

    ប្រភព៖ Worldometers
    ដកស្រង់ និង​ប្រែ​សម្រួល៖ បុត្រា

  • វៀតណាមថា វ៉ាក់សាំង COVIVAC របស់ខ្លួន ទទួលបានការវាយតម្លៃខ្ពស់ពីសហរដ្ឋអាមេរិក និងឥណ្ឌា មុនការពិសោធលើមនុស្សដំណាក់កាលដំបូង

    វៀតណាមថា វ៉ាក់សាំង COVIVAC របស់ខ្លួន ទទួលបានការវាយតម្លៃខ្ពស់ពីសហរដ្ឋអាមេរិក និងឥណ្ឌា មុនការពិសោធលើមនុស្សដំណាក់កាលដំបូង

    កាលពី​ម្សិលមិញ (15 មីនា 2021) វៀតណាម​បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង Covivac របស់ខ្លួន​ទៅឱ្យ​អ្នកស្ម័គ្រចិត្ត​ចំនួន 6 នាក់ នៅក្នុង​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ដំបូង នៅឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ហាណូយ។

    «នេះ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​យើងខ្ញុំ​មាន​ក្ដីសង្ឃឹម​ជាទីបំផុត ព្រោះថា វាទ​ទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ឥណ្ឌា និង​នៅ​​សហរដ្ឋអាមេរិក។ ជាង​នេះ លទ្ធផល​នៃ​ការត្រួតពិនិត្យ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Icahn នៅ Mount Sinai ទីក្រុង New York សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បង្ហាញថា វ៉ាក់សាំង Covivac មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបង្ការ​វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​អង់គ្លេស និង​នៅ​អាហ្វ្រិក​ខាងត្បូង។ល»

    ខាងលើនេះ​គឺជា​ការចែករំលែក​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី 15 មីនា 2021 ពី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Tran Van Thuan អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម។

    វ៉ាក់សាំង Covivac គឺជា​ផលិតផល​សហការ​ណ៍រ​វាង​វិទ្យាស្ថាន​វ៉ាក់សាំង​និង​ជីវ​វេជ្ជសាស្ត្រ (IVAC) របស់​វៀតណាម​ ជា​មួយ​នឹង​​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Icahn នៅ Mount Sinai ក្នុង​ទីក្រុង New York, សាកលវិទ្យាល័យ Texas នៅ Austin, អង្គការ​អាមេរិក PATH និង​ដៃគូផ្សេងៗមួយចំនួនទៀត។

    ការសិក្សា​ស្រាវជ្រាវ​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​ខាងលើ ត្រូវបាន​តាមដាន​ជា​លក្ខណ​ឯករាជ្យ​ដោយ Vietstar Biomedical Research ខណៈដែល​ទិន្នន័យ​ត្រូវបាន​គ្រប់គ្រង និង​វិភាគ​ដោយ​មជ្ឈមណ្ឌល BIOPHICS នៃ​សាកលវិទ្យាល័យ Mahidol នៃ​ប្រទេស​ថៃ។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទីមួយ​នេះ មាន​អ្នកស្ម័គ្រចិត្ត​ចំនួន 120 នាក់ ដែល​ចែកចេញជា 5 ក្រុម រួមមាន 3 ក្រុម​ត្រូវ​ប្រើ​វ៉ាក់សាំង ដែល​មិនមាន adjuvant (ជា​សារធាតុ មាន​តួនាទី​ដាស់​ប្រព័ន្ធ​សរីរាង្គ​ការពារ​ខ្លួន​របស់​មនុស្ស​ឱ្យមាន​ភាពរឹងមាំ ទប់​ជាមួយនឹង​វីរុស), 1 ក្រុម​ត្រូវ​ចាក់​អង្គ​ប​ដិ​ប្រាណ S កម្រិត 1mcg ដែលមាន​បន្ថែម​សារ​ធាតុ​ adjuvant និង 1 ក្រុម​ទៀត​ដែលមាន​អ្នកស្ម័គ្រចិត្ត 20 នាក់ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង placebo (ទឹកអំបិល​ដែល​បាន​រំងាប់​មេរោគ) ដើម្បី​ប្រៀបធៀប​ជាមួយនឹង​ក្រុម​ទាំង​ខាងលើ។

    បន្ទាប់ពី​មាន​របាយការណ៍​លទ្ធផល​នៅ​ពាក់កណ្ដាល និង​ចុង​ដំណាក់កាល​ទីមួយ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅក្នុង​ខែកក្កដា 2021 នោះ​ក្រុម​ស្រាវជ្រាវ​នឹងដាក់​សំណើសុំ​ការអនុម័ត​ពី​ក្រសួងសុខាភិបាល​ដើម្បី​បន្ត​ការពិសោធ​លើ​មនុស្ស​ដំណាក់​ទី​ពីរ បើសិនជា​វ៉ាក់សាំង​សម្រេចបាន​ដូច​ស្ដង់ដា​សុវត្ថិភាព និង​មាន​សមត្ថភាព​ទប់ស្កាត់​វីរុស៕

    ប្រភព៖ CB
    ប្រែ​សម្រួល៖ បុត្រា

  • ករណីអតីតព្រះនាង Meghan ទទួលបានប្រាក់ 7លានដុល្លារ ដើម្បីបរិហា​កេរ្ដិ៍​គ្រួសារខាងប្ដី លោក Trump ថា៖ «ឃើញទេ ខ្ញុំនិយាយហើយថា នាងមិនមែនមនុស្សល្អប៉ុន្មានទេ»

    ករណីអតីតព្រះនាង Meghan ទទួលបានប្រាក់ 7លានដុល្លារ ដើម្បីបរិហា​កេរ្ដិ៍​គ្រួសារខាងប្ដី លោក Trump ថា៖ «ឃើញទេ ខ្ញុំនិយាយហើយថា នាងមិនមែនមនុស្សល្អប៉ុន្មានទេ»

    អតីត​ប្រ​ធានា​ធ​បិ​តី​សហរដ្ឋអាមេរិក លោក Donald Trump បាន​ចាត់ទុកថា ខ្លួន​និយាយ​ត្រូវ នៅពេល​ទាយ​ថា អតីត​ព្រះ​នាង Meghan ដែលជា​ព្រះរាជ​នត្តា​របស់​មហាក្សត្រី​អង់គ្លេស គឺជា​មនុស្ស «មិនល្អ​ប៉ុន្មាន​ឡើយ»។ សារ​ព័ត៌មាន​ Business Insider បាន​ចេញ​ផ្សាយ​ថា ទូរទស្សន៍​​ CBS ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ហោច​ពី 7-9​ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​ចាក់​ផ្សាយ​កិច្ច​សម្ភាស​រវាង​​គ្រួសារ​ Meghan-Harry ជាមួយ​នឹង​ មហា​សេដ្ឋិនី​ និង​ជា​ពិធី​ការិនី Oprah Winfrey​ កាល​ពី​ថ្ងៃទី 7​ មីនា​កន្លង​ទៅ​។

    យោងតាម­ Fox News ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អតីត​ប្រធានាធិបតី Donald Trump ដែល​ស្ថិត​នឹង Jasson Miller ថ្មីៗនេះ បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ។ ក្នុងនោះ លោក Miller បាន​បង្ហើប​ឱ្យដឹង​អំពី​ការយល់ឃើញ​របស់លោក Trump ចំពោះ​អតីត​ព្រះ​នាង Meghan បន្ទាប់ពី​នាង​បាន​សម្ភាស​ជាមួយ​ពិធី​ការិនី Oprah Winfrey ដែល​បានធ្វើឱ្យ​រាជវាំង​អង់គ្លេស​ក្ដៅក្រហាយ។

    «ឃើញ​ទេ ខ្ញុំ​ធ្លាប់បាន​និយាយ​ហើយ​ថា នាង​នោះ​មិនល្អ​ប៉ុន្មាន​ទេ ហើយ​ពេលនេះ គ្រប់គ្នា​បានឃើញ​ច្បាស់​ហើយ» លោក Miller ដកស្រង់​សម្ដី​របស់លោក Donald Trump និយាយ​ដូច្នេះ។

    ប្រការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ នោះ​គឺថា លោក Trump មិន​ហ៊ាន​និយាយ​ចេញ​ជា​សាធារណៈ​អំពី​ការយល់ឃើញ​របស់ខ្លួន​ចំពោះ​អតីត​ព្រះ​នាង Meghan ព្រោះតែ​ខ្លាច​ត្រូវ​រង​សម្ពាធ​ដូច​ករណី​អ្នកដឹកនាំ​កម្មវិធី Piers Morgan របស់​ទូរទស្សន៍​ប្រទេស​អង់គ្លេស។

    កិច្ចសម្ភាសរវាងគ្រួសារ Meghan-Harry ជាមួយនឹង មហាសេដ្ឋិនី និងជាពិធីការិនី Oprah Winfrey កាលពីថ្ងៃទី 7 មីនាកន្លងទៅ

    លោក Morgan ថ្មីៗនេះ ត្រូវបាន​ស្ថានីយទូរទស្សន៍​ដកតំណែង​ចេញពី​កម្មវិធី​ដ៏​ល្បីឈ្មោះ “Good Morning Britain” ដោយសារតែ­ពិធីករ​ដ៏​ល្បីឈ្មោះ​រូបនេះ បាន​រិះគន់ចំៗលើ​ព្រះ​នាង Meghan ហើយក៏​ត្រូវ​ទស្សនិកជន​ប្រតិកម្ម។

    លោក Morgan បានឱ្យដឹងថា ខ្លួន​ត្រូវបាន​បណ្ដេញ​ពី​ការងារ ដោយសារ​មិន​ព្រម​សុំទោស Meghan បន្ទាប់ពី​កិច្ច​សម្ភាស​បរិហាកេរ្ដិ៍​គ្រួសារ​ខាង​ស្វាមី បង្កឱ្យមាន​ផលប៉ះពាល់​ដល់​កិត្តិយស​រាជវាំង​អង់គ្លេស។

    បើទោះជា​មានការ​ព្រួយបារម្ភ ប៉ុន្តែ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump នៅតែ​គាំទ្រ​លោក Piers Morgan ដដែល។

    «ខ្ញុំ​នៅ​ខាង​លោក Morgan។ គាត់​ជាម​នុស្ស​ពូកែ និង​អស្ចារ្យ ប៉ុន្តែ ពួកគេ​បែរជា​ព្យាយាម​បណ្ដេញ​គាត់​ពី​ការងារ​ព្រោះតែ​ការរិះគន់ Meghan ទៅវិញ» ទីប្រឹក្សា Miller ថា អតីត​ប្រធានាធិបតី Trump ថ្លែង​ដូច្នេះ។

    នេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​លោក Trump បាន​រិះគន់​ព្រះ​នាង Meghan។ អំឡុង​ឃោសនាបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ 2016 ព្រះ​នាង Meghan កាលណោះ​គឺជា​ពលរដ្ឋ​អាមេរិកាំង បានប្រកាសថា​នឹង​បោះឆ្នោត​ជូន​បេក្ខភាព Hilary Clinton។ នាង​ឱ្យដឹងថា ខ្លួន​បោះឆ្នោត​នេះ​មិនមែន​ដោយសារ​លោកស្រី Hilary ជា​ស្ត្រីភេទ​នោះទេ តែដោយសារ​មិន​ចង់​រស់នៅក្នុង​ស្ថានភាព​ដែល​លោក Trump ជា​អ្នក​គូសវាស។

    អតីតប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក​Donald Trump

    ឆ្នាំ 2019 អតីត​ប្រធានាធិបតី Trump កាលណោះ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​អំពី​រឿងរ៉ាវ​ខាងលើ នៅពេល​ត្រូវបាន​សារព័ត៌មាន The Sun របស់​អង់គ្លេស​សួរ​ដល់​បញ្ហា​នោះ។ «ខ្ញុំ​មិនបាន​ដឹង​អំពី​រឿងរ៉ាវ​នោះ។ អាច​និយាយ​យ៉ាងណាទេ…ខ្ញុំ​មិន​នឹកស្មានថា នាង​ចិត្តអាក្រក់​ដូច្នេះ​សោះ» លោក Trump ឆ្លើយ​នឹង​សំណួរ​របស់ The Sun។

    នៅក្នុង​រដូវ​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ឆ្នាំ 2020 ពេល​ត្រូវបាន​សួរ​អំពី​គ្រួសារ​របស់ Meghan លោក Trump ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ចូលចិត្ត​ព្រះ​នាង Meghan ទាល់តែសោះ។

    «ខ្ញុំ​មិន​ចូលចិត្ត​នាង​នោះ​ទាល់តែសោះ ហើយ​នាង​ក៏​ប្រហែលជា​ដឹង​អំពី​ប្រការនេះ។ ប៉ុន្តែ ខ្ញុំ​នៅតែ​ចង់​ជូនពរ​សំណាងល្អ​ចំពោះ​ព្រះអង្គម្ចាស់ Harry ព្រោះថា គាត់​នឹង​ត្រូវការ​ប្រការ​នោះ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍» លោក Trump បន្ថែម៕

    ប្រភព៖ BI, BBC
    ប្រែ​សម្រួល៖ បុត្រា

  • ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ណែនាំ​ដល់​​អភិបាល​រាជធានី-ខេត្ត ពិចារណា​ផ្អាក​ពិធីមង្គលការ និង​ពិធីបុណ្យផ្សេងៗ ដើម្បី​បង្ការ​វីរុស Covid-19

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ណែនាំ​ដល់​​អភិបាល​រាជធានី-ខេត្ត ពិចារណា​ផ្អាក​ពិធីមង្គលការ និង​ពិធីបុណ្យផ្សេងៗ ដើម្បី​បង្ការ​វីរុស Covid-19

    ដើម្បី​ចៀសវាង​ការផ្ទុះ​រីក​រាលដាល​ជំងឺ Covid-19 បន្ត​ទៀ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ទៅ​អភិបាល​រាជធានី-ខេត្ត ផ្អាក​ការរៀបចំ​ពិធីមង្គលការ និង​ពិធីផ្សេងៗដែលមាន​មនុស្ស​ចូលរួម​ច្រើន។

    នៅ​រសៀល​ថ្ងៃទី 15 មីនា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​សារ​ជា​សំឡេង បាន​ថ្លែងថា នាពេល​កន្លងទៅ​សម្តេច​បានផ្តល់​សិទ្ធិ និង​អំណាច​ដល់​អភិបាល​រាជធានី-ខេត្ត ក្នុងការ​សម្រេច​បិទ ឬ​បើក​សកម្មភាព​នៃ​ពិធីផ្សេងៗក្នុងសង្គម។ ក៏ប៉ុន្តែ សកម្មភាព​នេះ​មិនទាន់​ត្រូវបាន​ចាត់វិធានការ​តឹងរ៉ឹង​នៅឡើយ ខណៈដែល​អ្នក​ទៅ​ចូលរួម​ពិធី​សង្គមផ្សេងៗមាន​បញ្ហា​ឆ្លង​​រាល​ដាល​​វីរុស។

    «អ៊ីចឹង​ខ្ញុំ​សូម​ស្នើឱ្យ​អភិបាលខេត្ត អភិបាល​រាជធានី ធ្វើការ​ពិចារណា​ទាក់ទិន​ការចេញ​បទបញ្ជា​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធីមង្គលការ ឬ​ពិធីផ្សេងៗនៅក្នុង​ខេត្ត» ប្រមុខ​រដ្ឋាភិបាល​មានប្រសាសន៍​ដូច្នេះ និង​បាន​បន្តថា «សូម​ឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បី​រៀបចំ​នូវ​លិខិត​ជូនដំណឹង ដើម្បី​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការរៀប​មង្គលការ​ជាដើម»។

    នាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​មានការ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ ទាក់ទិន​នឹង​បញ្ហា​ផ្អាក​ពិធីផ្សេងៗដែល​រដ្ឋបាល​មូលដ្ឋាន​នឹង​ធ្វើឡើង​នាពេលខាងមុខ៕

    ដកស្រង់ដោយ​៖ បុត្រា

  • ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 គឺជា​រឿង​ស្ម័គ្រចិត្ត

    ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 គឺជា​រឿង​ស្ម័គ្រចិត្ត

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា «ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 គឺជា​រឿង​ស្ម័គ្រចិត្ត ពុំមាន​បុគ្គល​ណា​បង្ខិតបង្ខំ​ឡើយ»។

    លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ដូចខាងលើ​នេះ ដើម្បី​ជាការ​ឆ្លើយតប​នឹង​សំណួរ​ដែល​ត្រូវបាន​គេ​លើកឡើងថា «ក្រោយ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចហើយ បើ​អ្នកទទួល​ការចាក់​វ៉ាក់សាំង​មាន​បញ្ហា​ប្រតិកម្ម តើ​ស្ថាប័ន​ណា​ជា​អ្នកទទួលខុសត្រូវ?»។

    ដោយឡែក ទាក់ទង​នឹង​បញ្ហា​ប្រាក់​រាប់លាន​ដុល្លារ​ដែល​ទទួលបាន​ពី​សប្បុរសជន សម្រាប់​ជួយ​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង Covid-19 លោកជំទាវ​វេជ្ជបណ្ឌិត ក៏បាន​ថ្លែងថា ខ្ទង់​ប្រាក់​ទាំងនោះ​នឹងត្រូវ​បាន​យកទៅ​ទិញ​វ៉ាក់សាំង​បង្ការ​វីរុស​នេះ​បន្ថែមទៀត ដោយសារ​ថា វ៉ាក់សាំង Sinopharm ដែលជា​ជំនួយ​របស់​ចិន និង វ៉ាក់សាំង​របស់​កម្មវិធី Covax-Facility នឹងមិន​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​នៅ​កម្ពុជា។

    ព័ត៌មាន​បន្ថែម សូម​ស្ដាប់​ប្រសាសន៍​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ដូចខាងក្រោម៖

    ប្រភព៖ ទ​ទក
    ដកស្រង់​ដោយ៖ បុត្រា

  • មីយ៉ានម៉ា៖ រោងចក្រចិនច្រើន​កន្លែង​ត្រូវ​បាន​ដុត​បំផ្លាញ ​ខណៈ​បាតុ​ករ​ភូមា​ 38​នាក់​ បាន​បាត់បង់ជីវិត

    មីយ៉ានម៉ា៖ រោងចក្រចិនច្រើន​កន្លែង​ត្រូវ​បាន​ដុត​បំផ្លាញ ​ខណៈ​បាតុ​ករ​ភូមា​ 38​នាក់​ បាន​បាត់បង់ជីវិត

    រោងចក្រ​មួយចំនួន​ដែលមាន​ភាគហ៊ុន​របស់​ចិន នៅ​តំបន់ឧស្សាហកម្ម​ក្នុង​ទីក្រុង Yangon ត្រូវបាន​ដុតបំផ្លាញ នាំឱ្យ​កងកម្លាំង​ប៉ូលិស​បាញ់ប្រហារ​លើ​ហ្វូង​បាតុករ បណ្ដាលឱ្យ​មនុស្ស​រាប់សិប​នាក់​បាត់​បង់ជីវិត។

    សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា នៅពេល​ផ្សែង​ចាប់ផ្ដើម​លេចឡើង​ចេញពី​តំបន់ឧស្សាហកម្ម Hlaingthaya ជាយក្រុង Yangon កាលពី​ថ្ងៃទី 14 មីនា កងកម្លាំង​សន្តិសុខ​ក៏​ចាប់ផ្ដើម​បាញ់កាំភ្លើង​សំដៅលើ​ហ្វូង​បាតុករ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 22 នាក់​បាន​ស្លាប់។

    ទូរទស្សន៍ Myawaddy របស់​កងទ័ព​ភូមា បានចេញ​ផ្សាយ​ថា ក្រុមប៉ូលិស​ប្រឆាំង​បាតុកម្ម​បាន​ផ្ទុះអាវុធ​នៅពេល​រោងចក្រ​កាត់ដេរ​ចំនួន 4 និង​រោងចក្រ​ផលិត​ជី​ចំនួន 1 កន្លែង បាន​ចាប់​ឆេះ។ ហ្វូង​បាតុករ​ប្រមាណ 2,000 នាក់ បាន​រារាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើ​សកម្មភាព។

    «ពិតជា​សាហាវ។ គ្រប់គ្នា​ត្រូវបាន​បាញ់ប្រហារ​នៅ​ចំពោះមុខ​ខ្ញុំ។ ខ្ញុំ​នឹងមិន​ភ្លេច​ទិដ្ឋភាព​នេះឡើយ» អ្នកយកព័ត៌មាន​ម្នា​ក់នៅ​កន្លែងកើតហេតុ​រៀបរាប់។

    ក្រៅពី​តួលេខ​បាតុករ​ដែល​បាន​ស្លាប់​ខាងលើ ក៏មាន​មនុស្ស​ចំនួន 16 នាក់​ផ្សេងទៀត​បាន​បាត់បង់​ជិវិត​នៅក្នុង​តំបន់​មួយចំនួន ក្នុងនោះ​មានដូចជា Mandalay និង Bago ជាដើម នាំឱ្យ​ថ្ងៃទី 14 មីនា ក្លាយជា​ថ្ងៃ​បង្ហូរឈាម​បំផុត​រាប់​ចាប់ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា។ ទូរទស្សន៍​កងទ័ព MRRV បាន​ផ្សាយ​ថា ប៉ូលិស​ម្នាក់​បាន​ស្លាប់​ដោយសារ​របួស​នៅត្រង់​ដើមទ្រូង បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ។

    ច្បាប់អាជ្ញាសឹក​ត្រូវបាន​អនុវត្ត​នៅក្នុង​តំបន់ Hlaingthaya និង​ខណ្ឌ​មួយ​ផ្សេងទៀត​នៅ​ទីក្រុង Yangon។ បច្ចុប្បន្ន មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការដុត​បំផ្លាញ​រោងចក្រ​ខាងលើនេះ​នៅឡើយ។

    ភាគី​កងទ័ព​បាន​បដិសេធ​ការអធិប្បាយ​អំពី​ហេតុការណ៍​ខាងលើ ខណៈ​តំណាងរាស្ត្រ Sasa ដែល​តំណាងឱ្យ​ក្រុមតំណាងរាស្ត្រ​ជាប់ឆ្នោត​ដែល​ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ បានបង្ហាញ​ការគាំទ្រ​ដល់​ក្រុមបាតុករ។ លោក Sasa ថ្លែងថា៖ «ក្រុម​ជនល្មើស ជនដៃដល់ ដែលជា​សត្រូវ​របស់​ប្រជាជន​មី​យ៉ាន​ម៉ា SAC (ក្រុមប្រឹក្សា​គ្រប់គ្រង​រដ្ឋ) នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះ​ឈាម​គ្រប់​ដំណាក់​ដែល​បាន​ស្រក់​ចេញ»។

    ចំណែក​ស្ថានទូត​ចិន បាន​អធិប្បាយ​ថា ស្ថានភាព​ពិតជា «ធ្ងន់ធ្ងរ» ហើយ​ថា បុគ្គលិក​ជនជាតិ​ចិន​ជាច្រើន​នាក់​បាន​រងរបួស និង​ជាប់គាំង​ក្នុង​អគារ ព្រមទាំង​បានស្នើ​ឱ្យ​មី​យ៉ាន​ម៉ា​ការពារ​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ​ចិន​ផងដែរ។

    ប្រទេស​មី​យ៉ាន​ម៉ា បាន​ធ្លាក់​ទៅក្នុង​អំពី​ហិង្សា និង​ភាពវឹកវរ បន្ទាប់ពី​កងទ័ព​បាន​យក​លេស​ដែល​ពួកគេ​បាន​ចោទថា​មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​ដើម្បី​ធ្វើ​រដ្ឋប្រហារ និង​បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​របស់​បក្សសម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ (NLD)។ លោកស្រី Suu Kyi ដែល​បច្ចុប្បន្ន​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុង​តុលាការ​នា​ថ្ងៃនេះ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ក្រពើ​យក្ស ឡើង​ជ្រញ់​វះកាត់ ក្រោយពី​ភ្លេចខ្លួន ច្រឡំ​លេប​ស្បែកជើងបាតា ចូល​ពោះ

    ក្រពើ​យក្ស ឡើង​ជ្រញ់​វះកាត់ ក្រោយពី​ភ្លេចខ្លួន ច្រឡំ​លេប​ស្បែកជើងបាតា ចូល​ពោះ

    ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម! រូបភាព​សត្វ​ក្រពើ​ដ៏​ធំ​សម្បើម 1ក្បាល ដេក​យ៉ាង​ស្ងប់ស្ងៀម​នៅលើ​គ្រែ​អ្នកជំងឺ រង់ចាំ​ឱ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់ ដើម្បី​យក​ស្បែកជើងបាតា​ម្ខាង ចេញពី​ក្នុង​ពោះ​របស់​វា ក្រោយពី​វា​ភ្លេចខ្លួន ច្រឡំ​លេប​ចូលទៅ។

    ក្លាយជា​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​គួរឱ្យ​អស់សំណើច​មួយ នៅលើ​បណ្ដាញ​សង្គម នៅពេលដែល​អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ទាំងឡាយ បានឃើញ​រូបភាព​សត្វ​ក្រពើ​ដ៏​ធំ 1ក្បាល ដេក​យ៉ាង​ស្ងៀម​នៅលើ​គ្រែ​វះកាត់។ វា​ជាស​ត្វ​ក្រពើ 1ក្បាល នៃ​ទន្លេ នី​ល ដែលមាន​ឈ្មោះថា Anuket មកពី​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយកន្លែង នៅក្នុង​រដ្ឋ ហ្វ្ល​រី​ដា ដែលមាន​ប្រវែង 3.5ម៉ែត្រ និង​ទម្ងន់​ខ្លួន 150គីឡូក្រាម។

    មូលហេតុ​នៃ​រឿងរ៉ាវ​ទាំងអស់នេះ គឺ​មកពី Anuket បាន​ភ្លេចខ្លួន ច្រឡំ​លេប​ស្បែកជើងបាតា​ម្ខាង​របស់​អ្នកទេសចរ ដែល​បានធ្វើ​ជ្រុះ​ក្នុងអំឡុងពេល​ដើរ​តោង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ស្រះ​ដែល​វា​រស់នៅ។ អ្នក​មើលឃើញ​ហេតុការណ៍​នោះ បាន​រៀបរាប់ថា វា​បាន​លេប​ស្បែកជើង​នោះ​ចូលទៅ រួច​បាន​ក្អែរ​ចេញមក​វិញ មុននឹង​លេប​ចូល​ទៅវិញ​ម្ដងទៀត។

    ខាង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ បាន​ព្យាយាម​ជួយ​គ្នា រិះរក​វិធី​យក​ស្បែកជើង​នោះ​ចេញពី​ពោះ Anuket មកវិញ ទាំង​ការធ្វើឱ្យ​វា​ក្អួត ធ្វើ​ម៉ាស្សា​ពោះ​របស់​វា ដើម្បីឱ្យ​ស្បែកជើង​នោះ​រំកិល​ចេញមក​វិញ ឬ​សូម្បីតែ យកដៃ​លូក​ចូលទៅក្នុង​ពោះ​របស់​វា​ទៀតផង តែ​វិធី​ទាំងអស់នោះ មិន​ទទួលបាន​លទ្ធផល​ឡើយ។ ហេតុការណ៍​នេះ បាន​កើតឡើង​តាំងពី​អំឡុង​ខែធ្នូ ឆ្នាំ​កន្លងទៅ។

    ពេលវេលា បាន​កន្លងទៅ 2ខែ ខាង​ក្រុមគ្រូពេទ្យ​មកពី​មហាវិទ្យាល័យ​ហ្វ្ល​រី​ដា បានទទួល​ការផ្ដល់​ដំណឹង​អំពី​រឿងនេះ ក៏​ចូល​មកជួយ​ចាត់ការ។ Anuket ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យសត្វ តាំងពី​ថ្ងៃទី5 ខែកុម្ភៈ ដោយ​ខាង​ក្រុម​ពេទ្យសត្វ បាន​សាកល្បង​ប្រើ​វិធីផ្សេងៗ ដែល​មិនមែនជា​ការវះកាត់​ជាមុនសិន ដើម្បី​ជាការ​កាត់បន្ថយ​ភាព​ប្រឈម​ចំពោះ Anuket  តែ នៅតែ​មិន​ទទួលបាន​លទ្ធផល​ដូចគ្នា។

    ទីបំផុត ក្រុមគ្រូពេទ្យ​សត្វ​ទាំងនោះ ក៏​សម្រេចចិត្ត ធ្វើការ​វះ​ពោះ​របស់ Anuket ដើម្បី​ចូលទៅ​ដល់​ក្រពះ និង​វះ​យក​ស្បែកជើង​នោះ​ចេញ។ មិនយូរប៉ុន្មាន ក្រុមគ្រូពេទ្យ ក៏​អាច​យក​ស្បែកជើង​កំពូល​បញ្ហា​នោះ ចេញមក​បាន…បន្ទាប់មក​ក៏​ឱ្យ Anuket ដេក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​បន្ត ហើយ​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក វា​ក៏បាន​ទទួល​ការអនុញ្ញាតឱ្យ​ត្រឡប់​ទៅ​ស្ដារ​ស្ថានភាព​រាងកាយ​ឡើងវិញ នៅឯ​កសិដ្ឋាន​ដែល​វា​រស់នៅ​នោះ​វិញ។

    ខាង​កសិដ្ឋាន បាន​ចេញមក​ថ្លែងថា បច្ចុប្បន្ន សុខភាព​របស់ Anuket កំពុងតែ​ល្អប្រសើរ​ឡើងវិញ​ហើយ តែ​រាងកាយ​នៅ​មិនទាន់​រឹងមាំ 100%នៅឡើយ អាច​ត្រូវការ​ពេលវេលា​សម្រាក​មួយរយៈ​ទៀត ទើប​អាច​ចេញមក​បង្ហាញខ្លួន​ឱ្យ​អ្នកទេសចរ​បាន​ទស្សនា​ជាថ្មី​ម្ដងទៀត និង​បាន​ផ្ដាំផ្ញើ​ជា​ឧទាហរណ៍​ថា សូមកុំ​បណ្ដោយឱ្យ​សត្វ​ក្រពើ លេប​ស្បែកជើង​ចូល​ពោះ​ជាដាច់ខាត!៕

    ប្រភព៖ www.india.com
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • Meghan ភរិយា​អតីត​ព្រះអង្គម្ចាស់​អង់គ្លេស នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​ធិបតី​អាមេរិក នៅ​ឆ្នាំ 2024 ក្រោយ​កិច្ច​សម្ភាស​ចោទប្រកាន់​រាជវាំង

    Meghan ភរិយា​អតីត​ព្រះអង្គម្ចាស់​អង់គ្លេស នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​ធិបតី​អាមេរិក នៅ​ឆ្នាំ 2024 ក្រោយ​កិច្ច​សម្ភាស​ចោទប្រកាន់​រាជវាំង

    សារព័ត៌មាន​អង់គ្លេស Daily Mail ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅក្នុង​គណបក្ស​ការងារ​អង់គ្លេស (Labour Party) ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា Meghan Markle កំពុងតែ​រក​វិធី​ប្រើប្រាស់​ស្ថានការណ៍​ក្រោយ​កិច្ច​សម្ភាស​ដែល​បាន​ចោទប្រកាន់​រាជវង្ស​អង់គ្លេស​ថា «រើសអើង​ពូជសាសន៍» ដើម្បី​ចាប់ផ្ដើម​ជីវិត​នយោបាយ​របស់ខ្លួន ដែល​នេះ​អាច​នាំ​នាង​ចូលកាន់​កាប់​សេត​វិមាន។

    Meghan Markle ត្រូវបាន​គេ​ដឹងថា កំពុងត​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់​ប​ក្ស​ប្រជាធិបតេយ្យ​អាមេរិក ដើម្បី​ផ្ដើម​យុទ្ធនាការ និង​រក​វិធី​ប្រកួតប្រជែង​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី។ យោងតាម Daily Mail បណ្ដាញ​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Tony Blair និង​បក្ស​ប្រជាធិបតេយ្យ កំពុងតែ​ពិភាក្សាគ្នា​អំពី​មហិច្ឆតា​នយោបាយ​របស់ Meghan និង​ក្រុម​អ្នកគាំទ្រ​ប្រកបដោយ​សក្ដានុពល​រប​ស់​នាង។

    នាង​ Meghan Markle

    ប្រភពព័ត៌មាន​សម្ងាត់​របស់ Daily Mail សង្កត់ធ្ងន់ថា Meghan កំពុង​ពិចារណា​អំពី​ការ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​សម្រាប់​ឆ្នាំ 2024 នៅពេលដែល​លោក Joe Biden មាន​អាយុ 82 ឆ្នាំ ដែល​នឹង​អាច​ប្រជែង​ឆ្នោត​ក្នុង​អាណត្តិ​ទី​ពីរ។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង បន្ទាប់ពី Meghan និង​ស្វាមី Harry អតីត​ព្រះអង្គម្ចាស់​អង់គ្លេស​ដែលជា​ព្រះរាជ​នត្តា​នៃ​មហាក្សត្រី Elizabeth ទី​ពីរ បានធ្វើ​បទ​សម្ភាស​រយៈពេល​ជាង 2 ម៉ោង ជាមួយនឹង​ពិធី​ការិនី និង​ជាម​ហា​សេដ្ឋិនី Oprah Winfrey ដែល​បាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍​អាមេរិក កាលពី​ថ្ងៃទី 7 មីនា។

    ព្រះអង្គ​ម្ចាស់​ Harry (Henry Charles Albert David)

    ក្នុង​កិច្ច​សម្ភាស នាង Meghan បាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន ដូចជា​ថា នាង​ធ្លាប់​មានបំណង​ធ្វើអត្តឃាត​ដោយសារ​ទាល់ច្រក មិន​ទទួលបាន​ចម្លើយ ឬ​ជំនួយ​ពី​រាជវាំង ព្រមទាំង​បាន​ចោទប្រកាន់ថា រាជវង្ស​អង់គ្លេស​មានការ​រើសអើង​ពូជសាសន៍​នៅពេល​នាង​កំពុងមាន​គ័ភ៌, មិន​ចង់​ផ្ដល់​ឋានៈ​ជា​ព្រះអង្គម្ចាស់ ឬ​ព្រះ​នាង​ដល់​កូន​របស់​នាង និង​ថែមទាំង​យកចិត្តទុកដាក់​លើស​ម្បុ​រ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ​ទៀតផង។ល។

    ប្រភព៖ Daily Mail
    ប្រែ​សម្រួល៖ បុត្រា

  • តួលេខ​វិជ្ជមាន​នឹង Covid-19 ថ្មី​នៅ​កម្ពុជា សម្រាប់​ព្រឹក​ថ្ងៃទី 15មីនា បាន​ថយចុះ​ច្រើន​ធៀប​នឹង​ម្សិលមិញ

    តួលេខ​វិជ្ជមាន​នឹង Covid-19 ថ្មី​នៅ​កម្ពុជា សម្រាប់​ព្រឹក​ថ្ងៃទី 15មីនា បាន​ថយចុះ​ច្រើន​ធៀប​នឹង​ម្សិលមិញ

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 20 នាក់​ទៀត គិត​ត្រឹម​ព្រឹក​ថ្ងៃទី 15 មីនា 2021 ទន្ទឹមនឹងនេះ​ក៏មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន 83 នាក់​ផងដែរ។

    អ្នក​វិជ្ជមាន​ថ្មី​ខាងលើ រួមមាន 1 នាក់​ជា​ករណី​នាំចូល​ដែល​មិនមែនជា​ពលករ​ខ្មែរ​ត្រលប់​មកពី​ប្រទេស​ថៃ និង 1 ករណី​ជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ខណៈ 18 នាក់​ជា​ករណី​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍​សហគម 20កុម្ភៈ»។

    ចំណែក​ករណី​ជាសះស្បើយ​ទាំង 83 នាក់ រួមមាន 11 ករណី​ជា​អ្នកដំណើរ​មកពី​បរទេស មិនមែនជា​ពលករ​ខ្មែរ​មកពី​ថៃ, 72 នាក់ ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 20កុម្ភៈ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 15 មីនា 2021 នេះ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,325 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 730 នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 592 នាក់៕








    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់៖ បុត្រា

  • Covid-19 នៅ ASEAN គិត​ត្រឹម​ដំណាច់​ថ្ងៃទី 14/មីនា៖ អ្នក​ឆ្លង​ថ្មី​នៅ​ហ្វីលីពីន កើន​លើស​ឥណ្ឌូនេស៊ី

    Covid-19 នៅ ASEAN គិត​ត្រឹម​ដំណាច់​ថ្ងៃទី 14/មីនា៖ អ្នក​ឆ្លង​ថ្មី​នៅ​ហ្វីលីពីន កើន​លើស​ឥណ្ឌូនេស៊ី

    កាលពី​ថ្ងៃទី 14 មីនា បណ្ដា​ប្រទេស​នៅក្នុង​សមាគម ASEAN រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ជាង 11,200 នាក់ នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​ឡើង​ជិត​ដល់ 2.6 លាន​នាក់ ក្នុងនោះ អ្នក​វិជ្ជមាន​ថ្មី​នៅ​ប្រទេស​ហ្វីលីពីន បាន​កើន​លើស​ឥណ្ឌូនេស៊ី។

    យោងតាម​ទំព័រ Worldometers គិត​ត្រឹម​ម៉ោង 23 និង 59 នាទី នៃ​ថ្ងៃទី 14 មីនា បណ្ដា​ប្រទេស​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 11,203 ករណី និង​អ្នកស្លាប់​ចំនួន 164 ករណី។

    ដូច្នេះ បណ្ដា​ប្រទេស​ក្នុង​សមាគម ASEAN បច្ចុប្បន្ន មាន​អ្នក​វិ្ជ​មាន​នឹង Covid-19 សរុប​ចំនួន 2,598,168 នាក់ ក្នុងនោះ​មាន 55,821 នាក់ បាន​ស្លាប់ និង 2,330,813 នាក់​បានជា​សះស្បើយ។

    ក្នុង​ថ្ងៃទី 14 មីនា តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​ចំនួន 3 ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 ក្នុងនោះ ឥណ្ឌូនេស៊ី​មាន​រហូតដល់ 97 នាក់ ខណៈ​ហ្វីលីពីន មាន 63 នាក់ និង​ម៉ាឡេស៊ី​មាន 4 នាក់។

    ឥណ្ឌូនេស៊ី​បន្ត​ជា​សម្បុក​វីរុស Covid-19 ធំជាងគេ​ក្នុង​តំបន់ ASEAN ដោយមាន​អ្នកជំងឺ​សរុប 1,419,455 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន 4,714 នាក់ និង​អ្នកស្លាប់​សរុប 38,426 នាក់។

    ហ្វីលីពីន​កំពុង​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​ថ្មី ដោយមាន​ករណី​ឆ្លង​ថ្មី​ច្រើនជាង​ឥណ្ឌូនេស៊ី​ទៅទៀត ដោយមាន​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 4,899 នាក់ ក្នុងចំណោម​អ្នក​វិជ្ជមាន​សរុប​ចំនួន 621,498 នាក់ និង​អ្នកស្លាប់​សរុប 12,829 នាក់។ ចំណែក​ស្ថានការណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី កំពុង​ប្រសើរឡើង​ជាង​មុន​បន្តិច ដោយមាន​អ្នក​វិជ្ជមាន​ថ្មី​ក្នុង​ថ្ងៃទី 14 មីនា ចំនួន 1,354 នាក់ នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន ឡើងដល់ 621,498 និង​ស្លាប់​សរុប 12,829 នាក់៕

    ប្រភព៖ Worldometers/THX
    ប្រែសម្រួល​៖ បុត្រា​