Author: សឿន សំណាង

  • ឥណ្ឌា៖ សាកសពអ្នកជំងឺCovid-19 នៅទីបូជា ពេញហៀរដល់ច្រកចេញ-ចូល ខណៈអ្នកស្លាប់ចេះតែកើនឡើងមិនឈប់ឈរ

    ឥណ្ឌា៖ សាកសពអ្នកជំងឺCovid-19 នៅទីបូជា ពេញហៀរដល់ច្រកចេញ-ចូល ខណៈអ្នកស្លាប់ចេះតែកើនឡើងមិនឈប់ឈរ

    នៅ​ខាងក្រៅ​ទីតាំង​បូជាសព​នៅ​រដ្ឋធានី​រប​ស់​ប្រទេស​ឥណ្ឌា សាកសព​អ្នកជំងឺ​Covid-19 ដែល​រុំ​ជិត​ដោយ​ក្រណាត់​ពណ៌​ស ត្រូវបាន​គេ​ដាក់​ជា​ជួរ រង់ចាំ​ដល់​វេន​បូជា។

    ក្នុងពេលដែល​សាកសព​ចាស់​កំពុង​ត្រូវបាន​តម្រៀប​ជា​ជួរ សាកសព​ថ្មី​ក៏ត្រូវ​បាន​បញ្ជូន​មកកាន់​កន្លែង​បូជាសព​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ចំនួន​សាកសព ចេះតែ​វែង​អន្លាយឡើងៗ រហូត​ហៀរ​ដល់​ផ្លូវ​ចេញ-ចូល​នៃ​ទីតាំង​បូជាសព Shubhashnagar នៅ​រដ្ឋធានី New Delhi។ នេះ​បើតាម​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃទី26 ខែមេសា។

    នេះ​គឺជា​សោកនាដកម្ម​ដែល​បានកើត​ឡើង​នៅ​តំបន់​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា នៅពេលដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​យ៉ាង​អាក្រក់​បំផុត ពី​វីរុស​Covid-19។ ប្រទេស​ឥណ្ឌា ដែលជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក បច្ចុប្បន្ន មាន​អ្នក​ឆ្លង​ជាង 17.8លាន​នាក់ និង​ស្លាប់​ជាង 199,000នាក់។

    មុនពេល​ត្រូវបាន​យកទៅ​កាន់​តំបន់​បូជា សាកសព​ត្រូវបាន​ក្រុម​អ្នក​បូជាសព បាញ់ថ្នាំ​សម្លាប់​មេរោគ។ នៅក្បែរនោះ​គឺជា​ក្រុម​បុគ្គលិក​រៀបចំ​ពិធី​បូជាសព អ្នកស្ម័គ្រចិត្ត និង​សមាជិកគ្រួសារ​សព។ សាច់ញាតិ​របស់​សព ត្រូវ​និយាយ​ពាក្យ​ថា «លា» ជា​លើកចុងក្រោយ​ទៅកាន់​សាកសព ព្រោះតែ​ក្នុង​ទី​បូជាសព​នេះ​តែងតែ​ពេញ​ណែន​ដោយ​សាកសព។

    មាន​សាច់ញាតិ​របស់​សព​តិចតួច​ណាស់​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលមក​កាន់​កន្លែង​បូជាសព។ ប៉ុន្តែ ដោយសារ​មាន​សាកសព​ច្រើន​ដែល​ត្រូវ​បូជា ទីនេះ​ក៏មាន​មនុស្សម្នា​ច្រើន​ដូច្នេះ។

     

    «លឿងឡើង» គឺជា​សំឡេង​របស់​ក្រុមការងារ​នៅ​ទីតាំង​បូជាសព ដែល​គេ​តែងតែ​ស្ដាប់​ឮជា​ញឹកញាប់ នៅពេល​បាន​ចូលមក​កាន់​កន្លែង​ដ៏​គួរឱ្យខ្លាច​នេះ។

    មន្ទីរពេទ្យ​មួយចំនួន​បានឱ្យដឹងថា ពួកគេ​កំពុង​ញាប់ដៃ​ញាប់ជើង​សង្គ្រោះ​អ្នកជំងឺ​ដែល​ស្ថិតក្នុង​ស្ថានភាព​ខ្វះ​អុកស៊ីសែន​ធ្ងន់ធ្ងរ។ មន្ទីរពេទ្យ​ខ្លះ​ក៏បាន​ប្រកាសថា លែង​ទទួល​អ្នកជំងឺ​ទៀតហើយ ខណៈដែល​មន្ទីរពេទ្យ​មួយកន្លែង បានប្រកាសថា អ្នកជំងឺ​នឹងត្រូវ​ឱ្យចេញ​ពី​មន្ទីរពេទ្យ បើសិនជា​ពួកគេ​មិន​ត្រូវបាន​ផ្គត់ផ្គង់​អុកស៊ីសែន​បន្ថែម។

    ពហុកីឡាដ្ឋាន Yamuna នៅ New Delhi ជា​កន្លែង​ដែល​ត្រូវបាន​ប្ដូរ​ទៅជា​មណ្ឌល​ព្យាបាល​អ្នកជំងឺ​Covid-19 ដែលមាន​គ្រែ​ជិត 900 ក៏បាន​បិទទ្វារ បន្ទាប់ពី​បាន​បើកទ្វារ​បាន​ប៉ុន្មាន​ថ្ងៃ។ មូលហេតុ​ដែល​ត្រូវ​បិទ​គឺ​ដោយសារ «អស់​គ្រែ​ដែលមាន​បំពាក់​អុកស៊ីសែន»។

    យ៉ាងនេះ​ក្ដី ឥណ្ឌា ទំនងជា​មិនទាន់​ដល់​ដំណាក់កាល​អាក្រក់​បំផុត​នៅឡើយ។ ក្រុម​អ្នកជំនាញ​បាន​ព្យាករ​ថា តួលេខ​អ្នក​ឆ្លង​វីរុស​Covid-19 នៅ​ប្រទេស​ឥណ្ឌា នឹង​ឡើងដល់​ចំណុចកំពូល នៅ​ពាក់កណ្ដាល​ខែឧសភា ហើយនឹង​នៅតែ​បន្ត​កើនឡើង៕

    ប្រភព៖ Sky, Reuters, CNN
    ប្រែ​សម្រួល៖ បុត្រា

  • Covid-19! ឥណ្ឌា​អនុញ្ញាតឱ្យ​មនុស្ស 600,000នាក់ ធ្វើ​ធម្ម​យាត្រា ក្នុង​គ្រា​វីរុស កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្លា

    Covid-19! ឥណ្ឌា​អនុញ្ញាតឱ្យ​មនុស្ស 600,000នាក់ ធ្វើ​ធម្ម​យាត្រា ក្នុង​គ្រា​វីរុស កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្លា

    អាជ្ញាធរ​តំបន់ Kashmir នៃ​ប្រទេស​ឥណ្ឌា រៀប​ផែនការ​ត្រៀម​កន្លែង​ស្នាក់នៅ​សម្រាប់​ហិណ្ឌូ​សាសនិក​ចំនួន 600,000នាក់ ដែល​នឹងចូលរួម​ធ្វើ​ធម្ម​យាត្រា Amarnath ប្រព្រឹត្តទៅ​ចាប់ពី​ខែមិថុនា​ខាងមុខ។

    ក្រុមមន្ត្រី​នៅ​តំបន់ Kashmir បាន​ផ្អាក​ការអនុញ្ញាតឱ្យ​ពលរដ្ឋ​ចុះឈ្មោះ​តាម​គេហទំព័រ​ដើម្បី​ចូលរួម​ពិធី​ធម្ម​យាត្រា​ទៅកាន់​ប្រាសាទ​ទេព​ក្នុង​ល្អាង​ភ្នំ Amarnath (Shri Amarnath Cave Temple) ក៏ប៉ុន្តែ បានប្រកាសថា ព្រឹត្តិការណ៍​នេះ​នឹង​នៅតែ​ប្រព្រឹត្ត​ទៅតាម​កាលបរិច្ឆេទ ចាប់ពី​ថ្ងៃទី28 ខែមិថុនា ដល់​ថ្ងៃទី22 ខែសីហា ឆ្នាំ2021។

    អាជ្ញាធរ​តំបន់ Kashmir ក៏មាន​គម្រោង​សង់​ជំរំ​ស្នាក់នៅ​ចំនួន​ពីរ​កន្លែង​ដើម្បី​ធ្វើជា​កន្លែង​ឈប់សម្រាក​សម្រាប់​ហិណ្ឌូ​សាសនិក​ដែល​ចូលរួម​ធ្វើ​ធម្ម​យាត្រា​ទៅកាន់​ប្រាសាទ Amarnath។ ប្រាសាទ Amarnath ដែល​ស្ថិតនៅលើ​កម្ពស់ 3,880ម៉ែត្រ បើ​ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ​នេះ តែងតែ​ទទួលភ្ញៀវ​ដែលជា​ហិណ្ឌូ​សាសនិក រាប់សែន​នាក់​ជា​រៀងរាល់ឆ្នាំ។

    មនុស្ស​ម្នាក់​ចូល​រួម​ធម្មយាត្រា​ទៅ​កាន់​​ល្អាង​ភ្នំ Amarnath (Shri Amarnath Cave Temple)

    នៅក្នុង​គ្រា​ដែល​ប្រទេស​ឥណ្ឌា កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​វីរុស​Covid-19 មនុស្ស​ជាច្រើន​កំពុងមាន​ការព្រួយបារម្ភ ខ្លាច​ស្ថានភាព​កាន់តែ​អាក្រក់ឡើងៗ បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​ធម្ម​យាត្រា​នេះ។

    «ស្ថានការណ៍​កំពុង​អាក្រក់​នៅ​ពាសពេញ​ប្រទេស​ឥណ្ឌា។ នឹង​ជា​រឿង​ល្អ បើសិនជា​ធម្ម​យាត្រា Amarnath ឆ្នាំនេះ គ្រាន់តែ​ធ្វើ​ឡើងជា​និមិត្តរូប ដោយ​អនុញ្ញាតឱ្យ​មនុស្ស​តិចតួច ទៅកាន់​ប្រាសាទ។ មិន​ដូច្នេះ​ទេ ធម្ម​យាត្រា​នេះ​នឹង​ក្លាយទៅជា​សោកនាដកម្ម» អ្នកនយោបាយ Tanvir Sadiq និយាយ​ដូច្នេះ។

    Tanvir Sadiq បាន​ព្រមាន​ថា ធម្ម​យាត្រា​ដែលមាន​មនុស្ស​រាប់សែន​នាក់​ចូលរួម អាចជា «ព្រឹត្តិការណ៍​មហា​ចម្លង ដែល​គ្រោះថ្នាក់​ដល់​ជីវិត ខណៈដែល​សមត្ថភាពរ​បស់​ប្រព័ន្ធ​សុខាភិបាល​នៃ​តំបន់ Kashmir នៅមានកម្រិត​នៅឡើយ»។

    មនុស្ស​ម្នា​ចូលរួម​ពិធី​បុណ្យ​ Kumbh Mela នៅ​ Haridwar នៃ​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃតី​ 14/មេសា​/​2021

    គណៈកម្មការ​គ្រប់គ្រង​ប្រាសាទ Shri Amarnath (SASB) ដែលជា​អ្នក​ប្រារព្ធ​ពិធី​ធម្ម​យាត្រា បានឱ្យដឹងថា គិត​ដោយឡែក​ក្នុង​ខែ​នេះ ហិណ្ឌូ​សាសនិក​យ៉ាងតិច 30,000នាក់ បាន​ចុះឈ្មោះ​ចូលរួម​ធ្វើ​ធម្ម​យាត្រា​នេះ បើទោះជា​ពិធីបុណ្យ Kumbh Mela មុននេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​មហា​ចម្លង​វីរុស​ហើយ​ក្ដី។

    បច្ចុប្បន្ន (រសៀល​ថ្ងៃទី27 ខែមេសា) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 17,636,307នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 197,894នាក់, ជាសះស្បើយ 14,556,209នាក់ និង​កំពុង​ព្យាបាល 2,882,204នាក់៕

    ប្រភព៖ DW
    ប្រែ​សម្រួល៖ បុត្រា

  • ហ្វ៊ី​លី​ពី​ន ឆ្លង​ជំងឺ​ប្រចាំថ្ងៃ​កើន​ជិត 9ពាន់​នាក់ ក្លាយជា​ប្រទេស​ឆ្លង​ច្រើន ទី2 ក្នុង​អាស៊ាន

    ហ្វ៊ី​លី​ពី​ន ឆ្លង​ជំងឺ​ប្រចាំថ្ងៃ​កើន​ជិត 9ពាន់​នាក់ ក្លាយជា​ប្រទេស​ឆ្លង​ច្រើន ទី2 ក្នុង​អាស៊ាន

    ថ្ងៃទី26 មេសា សារព័ត៌មាន Straits Times បាន​រាយការណ៍​ថា ក្រសួងសុខាភិបាល​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ថ្លែង​នៅពេល​ល្ងាច តាម​ពេលវេលា​ក្នុង​តំបន់​ថា រកឃើញ​អ្នកជំងឺ​កូ​វីដ-19 ថ្មី​បន្ថែមទៀត 8,929នាក់ បណ្ដាលឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ឡើងដល់​ជាង 1លាន​នាក់​ហើយ។

    ឡើង​គ្រង​តំណែង​ជា​ប្រទេស​ទី2 ក្នុង​តំបន់​អាស៊ាន ដែលមាន​អ្នក​ឆ្លង​មេរោគ​លើស 1លាន​នាក់ តាម​ពីក្រោយ​ឥណ្ឌូនេស៊ី ដែលមាន​អ្នក​ឆ្លង​មេរោគ​ជាង 1.6លាន​នាក់ ចំណែក​អ្នកស្លាប់​ក្នុងប្រទេស​មួយ​នេះ​វិញ បាន​កើន​ឡើងដល់ 16,853នាក់។

    ខណៈពេល​ជាមួយគ្នា លំដាប់​លេខ3 សម្រាប់​ប្រទេស​ដែលមាន​អ្នកជំងឺ​កូ​វីដ-19ខ្ពស់បំផុត​ក្នុង​អាស៊ាន​នេះ គឺ​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​សរុប 395,718នាក់ ស្លាប់ 1,449នាក់។ មី​យ៉ាន់​ម៉ា មាន​អ្នកជំងឺ​សរុប 142,722នាក់ ស្លាប់ 3,207នាក់ ខណៈ​សិង្ហ​បុរី មាន​អ្នកជំងឺ​បន្ថែមទៀត 45នាក់ សរុប 61,051នាក់ និង​ស្លាប់ 30នាក់។

    ប្រទេស​ថៃ មាន​អ្នក​ឆ្លង​មេរោគ សរុប 57,508នាក់ ស្លាប់ 148នាក់។ ព្រះរាជាណាចក្រ​កម្ពុជា មាន​អ្នកជំងឺ​សរុប យ៉ាងតិច 9,975នាក់ ស្លាប់ 74នាក់ រីឯ​ប្រទេស​វៀតណាម មាន​អ្នកជំងឺ​សរុប 2,843នាក់ ស្លាប់ 35នាក់។

    សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ មាន​អ្នកជំងឺ​កើនឡើង​ដល់ 436នាក់ មិនទាន់មាន​អ្នកស្លាប់ និង​ប្រទេស​ប្រ៊ុយណេ មាន​អ្នក​ឆ្លង​មេរោគ សរុប 223នាក់ និង​ស្លាប់ 3នាក់៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • ទឹកចិត្ត​គួរឱ្យ​សរសើរ!! CEO របស់​ “Google និង Microsoft”  កើត​នៅ​ឥណ្ឌា ប្រកាស​ជួយ​ប្រទេស​កំណើត តស៊ូ​កូ​វីដ-19

    ទឹកចិត្ត​គួរឱ្យ​សរសើរ!! CEO របស់​ “Google និង Microsoft”  កើត​នៅ​ឥណ្ឌា ប្រកាស​ជួយ​ប្រទេស​កំណើត តស៊ូ​កូ​វីដ-19

    CEO 2នាក់ របស់​ក្រុមហ៊ុន​យក្សធំៗល្បីឈ្មោះ ដែល​កើត​នៅ​ប្រទេស​ឥណ្ឌា លោក សាន់​តា ភិ​ឆៃ របស់​ក្រុមហ៊ុន Google និង​លោក សា​តា​យ៉ា ណា​ដេ​ល​ឡា របស់ Microsoft បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា​ថា នឹង​ផ្ដល់​ការជួយ​សង្គ្រោះ​យ៉ាង​ប្រញាប់​ចំពោះ​ប្រទេស​ឥណ្ឌា ដើម្បី​តស៊ូ​ប្រឆាំងនឹង​វិបត្តិ​កូ​វីដ-19 ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាងធ្ងន់ធ្ងរ​ក្នុងខណៈ​ពេលនេះ។

    CNN ប្រព័ន្ធ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​នៅ​ថ្ងៃទី26 ម្សិលមិញ​ថា លោក​សាន​តា ភិ​ឆៃ និង​លោក សា​តា​យ៉ា ណា​ដេ​ល​ឡា អ្នកគ្រប់គ្រង​លំដាប់​ខ្ពស់​របស់​ក្រុមហ៊ុន ហ្គូ​ហ្គ​ល និង​ក្រុមហ៊ុន ម៉ៃ​ក្រូ​សូ​ហ្វ​ត៍ ដែល​កើត​នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា បាន​ចេញមក​ប្រកាស​ជួយ​ទីក្រុង​នី​វ​ដេលី ក្នុងការ​ដោះស្រាយ​វិបត្តិ​ការខ្វះខាត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​នខា​ង​វេជ្ជសាស្ត្រ ត្រៀម​ជាស្រេច​ក្នុងការ​ផ្ដល់ជំនួយ​ផ្នែក​តិច​និក​កម្រិត​ខ្ពស់ និង​រួមទាំង​ការ​ផ្ដុំ​កម្លាំង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន ក្នុងខណៈដែល​ប្រទេស​ឥណ្ឌា​កំពុង​ស្ថិតក្នុង​វិបត្តិ មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ដ៏​ច្រើន​រៀងរាល់ថ្ងៃ។

    លោក ណា​ដេ​ល​ឡា CEO ក្រុមហ៊ុន​មៃ​ក្រូ​សូ​ហ្វ​ត៍ បាន​ថ្លែង​តាម​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា “បេះដូង​ខ្ញុំ​ស្ទើរតែ​រលាយ ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​ឥណ្ឌា”

    និង​បាន​បន្ថែមថា “ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដែល​សហរដ្ឋអាមេរិក បានផ្ដល់​ការជួយ​សង្គ្រោះ ហើយ​ខាង​ម៉ៃ​ក្រូ​សូ​ហ្វ​ត៍ នឹង​ប្រើប្រាស់​សំឡេង​របស់ខ្លួន រួមទាំង​ធនធានមនុស្ស និង​តិច​ណូ​ឡូ​ជី​ដែលមាន ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក និង​គាំទ្រ​ការទិញ​ឧបករណ៍​អុក​ស៊ី​ហ្ស៊ែ​ន​ដែលមាន​ភាព​សំខាន់”

    ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក CEOធំ របស់​ក្រុមហ៊ុន​ហ្គូ​ហ្គ​ល លោក សាន​តា ភិ​ឆៃ បាន​សម្ដែង​ការសហការ ដោយ​ការ​ថ្លែង​តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ធើ​រថា លោក​មាន​អារម្មណ៍​សោកសៅ​យ៉ាងខ្លាំង នៅពេល​បានឃើញ​ភាព​ដ៏​អាក្រក់​របស់​ស្ថានការណ៍​កូ​វីដ-19 នៅក្នុង​ប្រទេស​ឥណ្ឌា ព្រមទាំង​ប្រកាស​ផ្ដល់ប្រាក់​ជួយសង្គ្រោះ​ប្រទេស​ឥណ្ឌា​ចំនួន 1.35ពាន់​លាន​រូពី ឬ​ប្រមាណ 18លាន​ដុល្លារ ដែលជា​ការជួយ​ដោយ​ក្រុមហ៊ុន Google និង​បុគ្គលិក Google ទាំងអស់។

    CNN បាន​រាយការណ៍​ថា Google នឹង​ប្រគល់​ជំនួយ តាមរយៈ​អង្គការ អ៊ុយ​នី​សេ​ហ្វ របស់​អង្គការសហប្រជាជាតិ សម្រាប់​ឧបករណ៍​ខាង​វេជ្ជសាស្ត្រ​ដែល​ចាំបាច់ ដែល​រួមទាំង​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន និង​ឧបករណ៍​ពិសោធន៍ ដែល​ឱ្យ​គ្រោងការ “Give India” ជា​ផ្លាត​ហ្វ៉​ម ការបរិច្ចាគ​អន​ឡាញ ឱ្យទៅ​ក្រុមគ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ-19។ ក្រៅពីនេះ ខាង Google នៅបាន​ផ្ដល់​បន្ថែម 15លាន​ដុល្លារ​ទៀត សម្រាប់​ការលើកលែង​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​ខាង​សុខភាព​សាធារណៈ។

    ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា លោក​ណា​ដេ​ល​ឡា និង​លោក​ភិ​ឆៃ គឺជា​អ្នកគ្រប់គ្រង​ខ្សែស្រឡាយ​ឥណ្ឌា ដែល​ទទួលបាន​ជោគជ័យ​លំដាប់​ពិភពលោក ដោយ​លោក​ណា​ដេ​ល​ឡា មកពី​ទីក្រុង​ហៃ​ដឺ​រ៉ា​បាត់ ភាគខាងត្បូង​របស់​ឥណ្ឌា និង​ចូលធ្វើការ​ជាមួយ​ម៉ៃ​ក្រូ​សូ​ហ្វ​ត៍​កាលពី​ឆ្នាំ1992 និង​ក្លាយជា​អ្នកគ្រប់គ្រង​ម៉ៃ​ក្រូ​សូ​ហ្វ​ត៍​នៅ​ឆ្នាំ2014។

    ចំណែក​លោក​ភិ​ឆៃ កើត​នៅ​រដ្ឋ​ទមិឡ​ណា​ឌូ លោក​មិនមាន​កុំព្យូទ័រ​ប្រើប្រាស់ រហូត​ទាល់តែ​ផ្លាស់​ទៅ​នៅ​អាមេរិក ដើម្បី​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ស្ទែ​ន​ហ្វ៉​ដ ដ៏​ល្បីល្បាញ និង​បាន​ចូលធ្វើ​ការឱ្យ Google ក្នុង​ឆ្នាំ2014 និង 1ឆ្នាំ​បន្ទាប់មក លោក​ក៏ត្រូវ​បានស្នើ​ឈ្មោះ ឱ្យ​គ្រង​តំណែង CEO នៅ​ទីនោះ និង​ក្រោយមក ក្នុង​ឆ្នាំ2019 លោក​ចូល​ទទួល​តំណែង​ជា CEO របស់​ក្រុមហ៊ុន Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google។

    ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា ចំនួន 352,991នាក់ និង​ស្លាប់​ក្នុង 24ម៉ោង​ចុងក្រោយ ចំនួន 2,812នាក់៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • ​វ៉ាក់សាំង Covid-19 ចំនួន 4សែន​ដូ​ស​ ជា​ជំនួយ​របស់​ចិន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី28មេសា

    ​វ៉ាក់សាំង Covid-19 ចំនួន 4សែន​ដូ​ស​ ជា​ជំនួយ​របស់​ចិន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី28មេសា

    វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ចំនួន 4សែន​ដូ​ស​ទៀត ដែលជា​ជំនួយ​របស់​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃស្អែក។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា។

    នៅ​ព្រឹក​ថ្ងៃទី27 ខែមេសា​នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា បានឱ្យដឹងថា វ៉ាក់សាំង​ប្រឆាំង Covid-19 ដែលជា​ជំនួយឥតសំណង​លើក​ទី​បី​របស់​ចិន នឹង​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី28 ខែមេសា ឆ្នាំ2021។ វ៉ាក់សាំង Sinopharm ចំនួន 4សែន​ដូ​ស​នេះ​គឺជា​វ៉ាក់សាំង​ដែល​ស្ថិតនៅ​ក្នុងចំណោម​កញ្ចប់​វ៉ាក់សាំង​ដែល​ចិន​បាន​សន្យាថា នឹង​ផ្ដល់​ជា​បន្តបន្ទាប់​ដល់​កម្ពុជា។

    ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី26 ខែមីនា ឆ្នាំ2021 លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា៖ «ខ្ញុំ​ធ្លាប់បាន​លើកឡើងថា ប្រសិនបើ​ជំងឺ​Covid-19 នៅតែ​បន្ត​រាតត្បាត​ក្នុងប្រទេស​កម្ពុជា កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា​លើ​ការប្រយុទ្ធប្រឆាំង​វីរុស​នេះ ក៏​នៅតែ​បន្ត​ឥតឈប់ឈរ។ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា ប្រទេស​ចិន​នៅតែ​បន្ត​ផ្តល់​ការគាំទ្រ​ក៏ដូចជា​ផ្តល់​ជំនួយឥតសំណង ដែលជា​វ៉ាក់សាំង ជូន​ដល់​ភាគី​កម្ពុជា ឬក៏​ផ្តល់​ភាពងាយស្រួល​ដល់​ការបញ្ជាទិញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

    កន្លងមក កម្ពុជា ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន​ពីរលើក​មកហើយ​ពី​ប្រទេស​ចិន រួមមាន លើកទីមួយ​ចំនួន 6សែន​ដូ​ស និង​លើក​ទី​ពីរ​ចំនួន 7សែន​ដូ​ស។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន​ជិត 4លាន​ដូ​ស​រួចហើយ ដែល​ភាគច្រើន​ជា​វ៉ាក់សាំង​ជា​ជំនួយឥតសំណង និង​ទិញ​ពី​ប្រទេស​ចិន។ វ៉ាក់សាំង​សរុប​ដែល​កម្ពុជា​ទទួល​បានក​ន្ល​ង​មក រួមមាន វ៉ាក់សាំង Sinopharm ចំនួន 1.3លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន, វ៉ាក់សាំង Sinovac ចំនួន 2លាន​ដូ​ស​ដែល​ទិញ​ពី​ប្រទេស​ចិន និង​វ៉ាក់សាំង AstraZeneca ចំនួន 324,000ដូ​ស ដែលជា​ជំនួយ​របស់​ពិភពលោក ក្នុង​កម្មវិធី Covac របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

    នៅក្នុង​ឆ្នាំ2021នេះ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 10លាន​ដូ​ស រួមមាន 1.5លាន​ដូ​សនឹង​មកដល់​នៅក្នុង​ខែឧសភា, 3លាន​ដូ​ស ក្នុង​ខែមិថុនា, 2លាន​ដូ​ស​ក្នុង​ខែកក្កដា និង 1លាន​ដូ​ស​ទៀត​នឹង​មកដល់​ក្នុង​ខែសីហា។ នេះ​បើតាម​ប្រកាស​កន្លងមក​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា៕

    ដោយ​៖ បុត្រា

  • រង​សម្ពាធ​ខ្លាំង!! អាមេរិក ត្រៀម​ចែករំលែក​វ៉ាក់សាំង “AstraZeneca” 60លាន​ដូ​ស ឱ្យ​ទូទាំង​ពិភពលោក

    រង​សម្ពាធ​ខ្លាំង!! អាមេរិក ត្រៀម​ចែករំលែក​វ៉ាក់សាំង “AstraZeneca” 60លាន​ដូ​ស ឱ្យ​ទូទាំង​ពិភពលោក

    សហរដ្ឋអាមេរិក នឹង​ចាប់ផ្ដើម​ចែករំលែក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-19របស់ AstraZeneca ច្រើន​បំផុត ចំនួន 60លាន​ដូ​ស ឱ្យទៅ​ប្រទេសផ្សេងៗទូទាំង​ពិភពលោក យ៉ាង​លឿន​បំផុត​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ ក្រោម​ការកៀបសង្កត់ បង្ខំ​ឱ្យ​ចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​ប្រទេស​ឥណ្ឌា និង​ប្រទេសផ្សេងៗ ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ទីរ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា។

    លោកស្រី ជេន សា​គី អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន បាន​ប្រាប់​ឱ្យដឹងថា សហរដ្ឋអាមេរិក នឹង​បញ្ចេញ​វ៉ាក់សាំង​ទៅឱ្យ​ប្រទេសផ្សេងៗ នៅពេលដែល​វ៉ាក់សាំង​ទាំងនោះ មាន​គ្រប់គ្រាន់ ដោយ​លោកស្រី​បញ្ជាក់ថា ប្រហែល​ជាមាន​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដែល​ត្រៀម​រួចជាស្រេច សម្រាប់​ការបញ្ជូន​ចេញ ប្រមាណ​ជា 10លាន​ដូ​ស ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ចំណែក​ប្រមាណ​ជា 60លាន​ដូ​ស​ទៀត​នោះ ពេលនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​ការផលិត និង​ប្រហែលជា​នឹង​បញ្ជូន​ចេញ​បាន ក្នុង​ខែឧសភា និង​មិថុនា។

    “ពេលនេះ​យើង​គ្មាន​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា នៅក្នុង​ដៃ​ឡើយ” លោកស្រី​សា​គី បាន​ថ្លែង​បែបនេះ ព្រមទាំង​បញ្ជាក់ថា គណៈ​អ្នកគ្រប់គ្រង​ច្បាប់​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​ពិនិត្យមើល​ឡើងវិញ​អំពី​គុណភាព​របស់​វ៉ាក់សាំង ដែល​ផលិត​ចេញមក​ទាំងនោះ​ផងដែរ។

    លោកស្រី​សា​គី បាន​ថ្លែងបន្តថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន កំពុងស្ថិត​ក្នុងការ​សម្រេច​ចិត្ត​ថា តើ​នឹង​បែងចែក​វ៉ាក់សាំង​ទៅឱ្យ​ប្រទេស​ណាខ្លះ និង​ច្រើន​តិច​ប៉ុនណា?  លោកស្រី​ថ្លែងថា “យើង​នឹង​ពិចារណា​ជម្រើសផ្សេងៗ ពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់​យើង និង​ប្រាកដ​ណាស់ យើង​យល់ថា វា​នឹង​ឆ្លងកាត់​សម្ព័ន្ធភាព​ដោយផ្ទាល់”

    បច្ចុប្បន្ន វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា មិនទាន់​បានទទួល​ការអនុម័ត​ពី​គណៈកម្មការ​អាហារ និង​ថ្នាំ​របស់​សហរដ្ឋអាមេរិក​នៅឡើយ សម្រាប់​ប្រើ​ក្នុងករណី​អាសន្ន។

    កាលពី​ខែមីនា រដ្ឋបាល​របស់លោក​បៃ​ដិ​ន ធ្លាប់បាន​ប្រាប់ថា នឹង​បញ្ជូន​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ប្រមាណ​ជា 4លាន​ដូ​ស ទៅឱ្យ​ប្រទេស​កាណាដា និង​មិ​ក​ស៊ិ​ក និង​ពេលនេះ កំពុងស្ថិត​ក្រោម​សម្ពាធ បង្ខំ​ឱ្យ​បែងចែក​វ៉ាក់សាំង​ដែលមាន​នៅក្នុង​ស្តុក ទៅឱ្យ​ប្រទេស​ឥណ្ឌា និង​ប្រទេសផ្សេងៗបន្ថែមទៀត។

    ក្រុម​អ្នក​រិះគន់ បាន​ចោទ​រដ្ឋបាល​សហរដ្ឋអាមេរិក​ថា បាន​ប្រមូល​ទុក​វ៉ាក់សាំង ក្នុងខណៈដែល​ប្រទេស​ដទៃ កំពុង​រើបម្រះ​យ៉ាងខ្លាំង​ក្លា ដើម្បី​ឱ្យបាន​វ៉ាក់សាំង ដែលមាន​ភាពចាំបាច់​បំផុត​សម្រាប់​ប្រទេស​ទាំងនោះ។

    ប្រទេស​ឥណ្ឌា កំពុង​ក្លាយជា​មជ្ឈមណ្ឌល​កណ្ដាល​ថ្មី​ក្រោយ​គេ​របស់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ ដែល​កំពុង​ប្រឈម ធ្វើឱ្យ​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​ប្រទេស​ឈានទៅរក​សភាវ​ដួលរលំ។

    អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា មិនបាន​សម្ដែង​ការយល់ឃើញ​យ៉ាងត្រង់ៗចំពោះ​ពាក្យ​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​នោះទេ តែ​បាន​ប្រាប់ថា “ការសម្រេចចិត្ត​បញ្ជូន​ស្តុក​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក ទៅកាន់​ប្រទេសផ្សេងៗនោះ គឺជា​ការសម្រេចចិត្ត​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក”

    កាលពី​ថ្ងៃ​ចន្ទ ទី26 មេសា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា នឹងមាន​ការបែងចែក​វ៉ាក់សាំង​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ បន្ទាប់ពី​បានទទួល​ភ្លើង​បៃតង ពី​ការិយាល័យ​គណៈកម្មការ​អាហារ និង​ថ្នាំ​របស់​សហរដ្ឋអាមេរិក​រួចហើយ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • (វីដេអូ)-ក្រុម​នាវិក​ឥណ្ឌូនេស៊ី ច្រៀង​ចម្រៀង​លាគ្នា មុនពេល​នាវាមុជទឹក​ជួប​គ្រោះថ្នាក់

    (វីដេអូ)-ក្រុម​នាវិក​ឥណ្ឌូនេស៊ី ច្រៀង​ចម្រៀង​លាគ្នា មុនពេល​នាវាមុជទឹក​ជួប​គ្រោះថ្នាក់

    វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​សកម្មភាព​ច្រៀង​ចម្រៀង​រួមគ្នា​របស់​ក្រុម​នាវិក​នៃ​នាវាមុជទឹក KRI Nanggala នាំឱ្យ​មនុស្ស​ជាច្រើន​មានការ​សោកស្ដាយ និង​អាណិតអាសូរ​ចំពោះ​ពួកគេ។

    វីដេអូ​នេះ​ត្រូវបាន​ថត​មុនពេល KRI Nanggala 402 ជួប​គ្រោះថ្នាក់ និង​បាន​បង្ហាញថា សមាជិក​មួយចំនួន​នៃ​ក្រុម​នាវិក​ចំនួន 53 ច្រៀង​ចម្រៀង «Sampai Jumpa» ជា​បទ​ចម្រៀង​ដែល​ល្បីល្បាញ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​វា​មានន័យថា «លាយ​ហើយ»។ Heri Oktavian ដែលជា​មេបញ្ជាការ និង​នាវិក​ជាច្រើនរូប កំពុង​ឈរ និង​អង្គុយ​ជុំវិញ​អ្នក​ដេញ​ហ្គី​តា។

    «បើទោះជា​ខ្ញុំ​មិនបាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចងចាំ ហើយក៏​មិនបាន​ត្រៀម​ដើម្បី​រស់​ដោយ​គ្មាន​រូប​អូន សូម​បួងសួង​ឱ្យ​អូន​ជួបតែ​ប្រការល្អៗបំផុត» ចម្រៀង​នេះ មាន​ឃ្លា​ច្រៀង​ដូច្នេះ។

    អ្នកនាំពាក្យ​របស់​កង​ទ័ព​ឥណ្ឌូនេស៊ី Djawara Whimbo បាន​និយាយថា វីដេអូ និង​សកម្មភាព​នេះ ត្រូវបាន​ធ្វើឡើង​ដូច​ជាការ​លាគ្នា​សម្រាប់​មេបញ្ជាការ ដែល​ជិត​អស់​អាណត្តិ​នៃ​កងកម្លាំង​នាវាមុជទឹក​របស់​ឥណ្ឌូនេស៊ី។ មេបញ្ជាការ​ថ្មី បាន​ចូលមក​កាន់តំណែង​នេះ កាលពីដើម​ខែមីនា ឆ្នាំ2021។

    នាវាមុជទឹក KRI Nanggala បាន​ទាក់ទង​លើកចុងក្រោយ​ទៅកាន់​ទីបញ្ជាការ​នៅវេលា​ម៉ោង 3ព្រឹក ថ្ងៃទី21 ខែមេសា និង​បាន​ដាច់​ទំនាក់ទំនង​ទាំងស្រុង​ចាប់ពី​ម៉ោង 4 និង30នាទី។ សាកសព​នាវា​ដែល​បាន​បែក​ជា​បួន​ចំណែកធំៗ​ ត្រូវ​បាន​​រកឃើញ​កាលពី​ថ្ងៃទី25 ខែមេសា និង​កំពុង​ស្ថិតនៅ​បាទសមុទ្រ Bali។ ក្រុម​នាវិក​ដែលមាន​សមាជិក​ចំនួន 53នាក់ ត្រូវ​បាន​​ប្រកាស​ថា ​បាន​បាត់​បង់ជីវិត។

    លោក​ Hadi Tjahjanto

    ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី មិនទាន់​កំណត់​បាន​មូលហេតុ​សំខាន់​ទាក់ទិន​នឹង​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ យល់ថា នាវា​នេះ​ទំនងជា​បាន​ជួប​បញ្ហា​ដាច់​ភ្លើង បណ្ដាលឱ្យ​ក្រុម​នាវិក​មិនអាច​បញ្ជា​ឱ្យ​នាវា​ផុស​ឡើងលើ​ផ្ទៃ​ទឹក។ Hadi Tjahjanto មេបញ្ជាការ​កងទ័ព​ឥណ្ឌូនេស៊ី បានឱ្យដឹងថា មិនមាន​ករណី​ផ្ទុះ​ណាមួយ​កើតឡើង​នោះទេ នៅក្នុង​អំឡុងពេល​នាវា​ត្រូវ​លិច។

    លោក Yudo Margono

    មេ​បញ្ជា​កងទ័ពជើងទឹក​ឥ​ណ្ដូ​នេ​ស៊ី លោក Yudo Margono ច្រានចោល​បញ្ហា​កំហុស​របស់​មនុស្ស ដោយ​និយាយថា ដំណើរការ​ដ៏​ត្រឹមត្រូវ ត្រូវបាន​ធ្វើឡើង​នៅពេល​នាវា​ចេញ​ប្រតិបត្តិការ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ប្រទេស​មហាអំណាច ចំណាយ​ថវិកា​ខាង​យោធា​កើនឡើង ទោះ​​​ពិភព​លោក​កំពុងមាន​ជំងឺ​រាតត្បាត

    ប្រទេស​មហាអំណាច ចំណាយ​ថវិកា​ខាង​យោធា​កើនឡើង ទោះ​​​ពិភព​លោក​កំពុងមាន​ជំងឺ​រាតត្បាត

    ថវិកា​ខាង​យោធា​របស់​ពិភពលោក បាន​កើន​ឡើងដល់​ជិត 2លាន​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​កន្លងទៅ ផ្ទុយគ្នា​ស្រឡះ​ពី​ខាង​វិបត្តិ​សេដ្ឋកិច្ច ដែលជា​ផលប៉ះពាល់​ពី​ស្ថានការណ៍​ជំងឺ​រាតត្បាត​កូ​វីដ-19។

    ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​ស្តុក​ហូ​ម ប្រទេស​ស៊ុយអែត នៅ​ថ្ងៃទី26 មេសា ថា សេចក្ដីរាយការណ៍​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ហូ​ម ពាក់ព័ន្ធ​នឹង​ការចាយវាយ​ខាង​យោធា​ទូទាំង​ពិភពលោក​កាលពី​ឆ្នាំ2020 បាន​កើនឡើង 2.6% ពី​ស្ថិតិ​កាលពី​ឆ្នាំមុន ឬ 1,981លាន​ដុល្លារ​អាមេរិក ទៅជា​ជិត 2លាន​លាន​ដុល្លារ​អាមេរិក ផ្ទុយគ្នា​ស្រឡះ​ពី GDP ទូទាំង​ពិភពលោក ដែលជា​មធ្យម​ថយចុះ 4.4% កាលពី​ឆ្នាំទៅ ដោយសារតែ​វិបត្តិ​កូ​វីដ-19។

    ទាំងអស់នេះ លោក ឌី​អេ​ហ្គោ ឡូ​ប៉េ​ហ្ស ដា ស៊ី​ល​វ៉ា អ្នករៀបចំ​ធ្វើ​របាយការណ៍​ម្នាក់ បាន​ទទួលស្គាល់ថា តួលេខ​ការចំណាយ​ដែល​ចេញមក “ហួស​ពី​ការ​នឹកស្មាន” និង​អាចធ្វើឱ្យ​ក្រុម​អ្នករៀបចំ​ធ្វើ​របាយការណ៍ សរុប​បាន​ថា វិបត្តិ​ការឆ្លង​រាលដាល​របស់​កូ​វីដ-19 “ស្ទើរតែ​គ្មាន​ផលប៉ះពាល់​អ្វី​ឡើយ” ចំពោះ​ការ​ដំណើរការ​នយោបាយ​ខាង​យោធា​របស់​ប្រទេស​ជាច្រើន ជាពិសេស​បណ្ដា​ប្រទេស​មហាអំណាច។

    សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ជា​ប្រទេស​មហាអំណាច​ខាង​យោធា​លំដាប់​លេខ1 និង2 របស់​ពិភពលោក នៅ​តែ​ជា​ប្រទេស2 ដែលមាន​ការចំណាយ​ខាង​យោធា​ច្រើន​បំផុត ដោយ​នៅក្នុង​ចំណែក​របស់​សហរដ្ឋអាមេរិក មាន​ចំណែក​គិត​ជា​ភាគរយ 39% តាម​ដោយ​ប្រទេស​ចិន មាន​ចំណែក 13% តែ​យ៉ាងណាក្ដី នៅពេល​វិភាគ​ស៊ីជម្រៅ​ក្នុង​សេចក្ដីលម្អិត គេ​បាន​រកឃើញថា ទោះជា​ថវិកា​ខាង​យោធា​របស់​ប្រទេស​ចិន នៅតែ​ជា​តួលេខ តិចជាង​ខាង​សហរដ្ឋអាមេរិក​ច្រើន​ក៏ដោយ តែ​ចំពោះ​ចំនួន​ទឹកប្រាក់​វិញ បាន​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​រយៈពេល​ពេល 26ឆ្នាំកន្លងមក រហូតមក​នៅត្រឹម 252,000លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំទៅ ចំណែក​សហរដ្ឋអាមេរិក​វិញ មាន​ថវិកា​ខាង​យោធា កើនឡើង​រហូត 3ឆ្នាំ​ចុងក្រោយ មកដល់​ឆ្នាំទៅ ក្រោយពី​ថយចុះ​ពេញ​មួយ​រយៈពេល 7ឆ្នាំមុន​ហ្នឹង។

    ម្យ៉ាងទៀត ថវិកា​ខាង​យោធា និង​ការចាយវាយ​ដែល​ពាក់ព័ន្ធ​វិស័យនេះ​របស់​សហរដ្ឋអាមេរិក គឺជា​រឿង​ដែល​គួរឱ្យ​តាម​សង្កេតមើល​បំផុត ពេញ​មួយ​រយៈពេល 4ឆ្នាំ​បន្ទាប់​ពីនេះ​ទៅ តាមរយៈ​ការដែល​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បច្ចុប្បន្ន របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៅ​មិនទាន់មាន​ឥរិយាបថ​ថា នឹង​កាត់បន្ថយ​ថវិកា​ក្នុង​រឿងនេះ​នៅឡើយ ទោះជា​មានការ​ត្រៀម​ដក​កងទ័ព ដែល​នៅ​សេសសល់​ប្រមាណ​ជា 2,500នាក់​ទៀត ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុងអំឡុង​ថ្ងៃទី11 កញ្ញា​ខាងមុខនេះ​ក្ដី ដែល​ផ្ទុយ​ពីថ្ងៃ​គម្រប់​ខួប 20ឆ្នាំ នៃ​ហេតុការណ៍​វិនាសកម្ម 911៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • តួលេខ​អ្នក​ឆ្លង​​ Covid-19 សរុប​នៅ​កម្ពុជា​ បាន​កើន​ឡើង​ដល់​ខ្ទង់​ម៉ឺន​នាក់​ហើយ​!

    តួលេខ​អ្នក​ឆ្លង​​ Covid-19 សរុប​នៅ​កម្ពុជា​ បាន​កើន​ឡើង​ដល់​ខ្ទង់​ម៉ឺន​នាក់​ហើយ​!

    នា​​​​ថ្ងៃទី 26​មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 580​​​នាក់​ និង​អ្នក​ជា​សះស្បើយ​ចំនួន​ 177​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 25​ ខែ​មេសា ឆ្នាំ2021។

    អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 580​​​នាក់​ខាងលើ​នេះ 579​នាក់​​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ និង​ 1​នាក់ជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ​។ ក្នុង​ថ្ងៃទី 2​5​ ខែ​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 5​​​​​​នាក់​បាន​ស្លាប់។​

    គិត​មកដល់បច្ចុប្បន្ន​ (26​ ខែ​​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់​ 10,555​​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 3,577​នាក់, អ្នកស្លាប់ 79​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 6,892​​​​​​​នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា

  • ប្រជាជន​ចិន 81% ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ ព្រោះ​ជឿថា អាច​ការពារ​មេរោគ​មរណៈ​នេះ​បាន

    ប្រជាជន​ចិន 81% ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ ព្រោះ​ជឿថា អាច​ការពារ​មេរោគ​មរណៈ​នេះ​បាន

    ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន បាន​រាយការណ៍​នៅថ្ងៃនេះ (ទី26 មេសា) ថា 81ភាគរយ នៃ​ក្រុម​អ្នកធ្វើ​ប្រជាមតិ បាន​រកឃើញថា ប្រជាជន​ចិន​ស្វាគមន៍​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-19 ជា​វ៉ាក់សាំង ដែល​ពួកគេ​ត្រូវ​ការចាក់ ខ្លាំង​ជាង​វ៉ាក់សាំង​ដទៃទៀត។

    ការធ្វើប្រជាមតិ​ការយល់ឃើញ​នេះ បានរៀបចំ​ធ្វើ​ដោយ​ទស្សនាវដ្ដី Southern Weekly និង DXY ផ្លាត​ហ្វ៉​ម ការមើល​ថែទាំ​សុខភាព​អន​ឡាញ ដែល​ធំជាងគេ​បំផុត​របស់​ប្រទេស​ចិន តាមរយៈ​ការសាកសួរ​គំនិត​យោបល់​ប្រជាជន​ជាង 12,674នាក់ ដែល​ក្នុង​ចំនួន​នេះ មាន​គ្រូពេទ្យ 622នាក់​ផង។

    អ្នកឆ្លើយ​ក្នុង​ទម្រង់​សួរ-ឆ្លើយ មាន 85% ជឿថា វ៉ាក់សាំង​អាច​ការពារ​ជំងឺ​កូ​វីដ-19បាន កើនឡើង​ពី​លទ្ធផល​ធ្វើ​ប្រជាមតិ​កាលពី​ឆ្នាំទៅ ដែលមាន​ចំនួន​ត្រឹមតែ 47%ប៉ុណ្ណោះ។

    ក្រៅពី​វ៉ាក់សាំង​កូ​វីដ-19ហើយ ក្រុម​ប្រជាមតិ ថែមទាំង​ត្រូវការ​បានទទួល​វ៉ាក់សាំង​ការពារ​វីរុស​រលាក​ថ្លើម B, HIV និង​គ្រុន​ផ្ដាសាយធំ​ផងដែរ។

    កាលពី​ថ្ងៃទី21 មេសា ឆ្នាំ2021 លោក មី ហ្វឹ​ង អ្នកនាំពាក្យ​ការិយាល័យ​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ឱ្យដឹងថា ប្រទេស​ចិន​កំពុង​បង្កើន​ការព្យាយាម​ក្នុងការ​ចាក់​វ៉ាក់សាំង ដោយមាន​ការចាក់​វ៉ាក់សាំង កូ​វីដ-19 បាន​ច្រើនជាង 200លាន​ដូ​ស​ហើយ។

    រឿងនេះ បានធ្វើឱ្យ​ប្រទេស​ចិន មាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​សហរដ្ឋអាមេរិក ក្នុង​រឿង​ការចាក់​វ៉ាក់សាំង ដោយ​​សហរដ្ឋ​អាមេរិក​ បាន​ចាក់​វ៉ាក់សាំង​រួចហើយ បាន​ចំនួន 200លាន​ដង​ដូចគ្នា តែ​យ៉ាងណាក្ដី ភាពខុសប្លែក​គ្នា​នៃ​ចំនួន​ប្រជាជន ធ្វើឱ្យ​ពេល​គិត​ជា​អត្រា​ភាគរយ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ទាំងអស់​វិញ ធ្វើឱ្យ​ប្រទេស​ចិន នៅតែ​តាម​ពីក្រោយ​សហរដ្ឋអាមេរិក​ដដែល។

    អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​វាយតម្លៃថា ត្រូវតែមាន​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​យ៉ាងតិចណាស់ 65-70% ទើប​អាច​សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុងសង្គម​បាន។

    កាលពី​សប្ដាហ៍​កន្លងទៅ លោក ជឹ​ង ចុង​វើ​យ អគ្គនាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​តិច​ណូ​ឡូ​ជី និង​ការិយាល័យ​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ថ្លែង​នៅក្នុង​ពិធី Boao Forum for Asia 2021 ថា “ប្រទេស​ចិន បាន​រៀប​ផែនការ​ក្នុង​ការផលិត​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-19 ជាង 3ពាន់​លាន​ដូ​ស ក្នុងអំឡុង​ដំណាច់​ឆ្នាំនេះ និង​បង្កើន​កម្លាំង​ការផលិត​ឱ្យបាន​ប្រមាណ 5ពាន់​លាន​ដូ​ស​ថែមទៀត”៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា